បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៣ ទំ. ១៤-១៩
  • យុវជនដែលនឹកចាំពីព្រះអាទិទេពរបស់គេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យុវជនដែលនឹកចាំពីព្រះអាទិទេពរបស់គេ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ចំពោះ​អ្នក?
  • ការ​នឹក​ចាំ​មាន​ន័យ​យ៉ាង​ណា
  • ការ​រៀន​សូត្រ​សំរាប់​គោល​បំណង
  • ហេតុ​អ្វី​ក៏​ត្រូវ​ចាត់​ចែង​លុយ​កាក់​របស់​អ្នក​ដោយ​ឈ្លាស​វៃ?
  • យុវជន​ដែល​គួរ​នឹង​យក​ត្រាប់​តាម
  • ការអប់រំ—ប្រើសំរាប់សរសើរព្រះយេហូវ៉ា
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ប្អូនៗទាំងឡាយអើយ! ចូរនឹកចាំពីព្រះយេហូវ៉ាចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • មាតាបិតាទាំងឡាយ! តើចង់ឲ្យកូនមានអនាគតបែបណា?
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
  • ការអប់រំពីព្រះមានតម្លៃលើសលប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៣ ទំ. ១៤-១៩

យុវជន​ដែល​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​គេ

«ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង»។—សាស្ដា ១២:១

១. តើ​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​និយាយ​អ្វី ដែល​បង្ហាញ​ថា​ព្រះ​អាទិទេព​ជា​បុគ្គល​ពិត​ជាក់​ស្តែង​ចំពោះ​គាត់?

ជា​ការ​ល្អ​ប្រសើរ​ម្ល៉េះ​ហ្ន៎ នៅ​ពេល​ដែល​ពួក​យុវជន​និយាយ​និង​ប្រព្រឹត្ត​តាម​របៀប​ដែល​បង្ហាញ​ថា ពួក​គេ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​ជាក់​ស្តែង ដែល​គេ​សរសើរ​និង​ចង់​ផ្គាប់​ព្រះ​ទ័យ! ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា៖ «កាល​ណា​ខ្ញុំ​នៅ​ម្នាក់​ឯង ហើយ​សម្លឹង​មើល​ទៅ​ក្រៅ​តាម​បង្អួច ខ្ញុំ​ឃើញ​ថា​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​អស្ចារ្យ​ណាស់។ រួច​មក ខ្ញុំ​ស្រមៃ​ឃើញ​សួន​មនោរម្យ​ដ៏​ល្អ​ស្អាត​ដែល​នឹង​មាន​នៅ​អនាគត ហើយ​អំពី​របៀប​ដែល​ខ្ញុំ​អាច​ពាល់​សត្វ​ផ្សេង​ៗ​នៅ​គ្រា​នោះ»។ (អេសាយ ១១:៦​-​៩) គាត់​និយាយ​ទៀត​ថា៖ «កាល​ណា​ខ្ញុំ​នៅ​ម្នាក់​ឯង ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ដឹង​ថា​ទ្រង់​នឹង​មិន​ខ្ញាល់​នឹង​ខ្ញុំ​ទេ ដែល​ខ្ញុំ​និយាយ​ជា​មួយ​ទ្រង់​រាល់​តែ​ដង​នោះ។ ខ្ញុំ​ដឹង​ថា​ទ្រង់​តែង​តែ​មើល​ឃើញ​ខ្ញុំ​ជា​និច្ច»។ តើ​ព្រះ​អាទិទេព​របស់​យើង​ជា​បុគ្គល​ពិត​ជាក់​ស្តែង​ចំពោះ​អ្នក ដូច​ជា​ទ្រង់​ចំពោះ​ក្មេង​ប្រុស​នេះ​ទេ?

តើ​ព្រះ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ចំពោះ​អ្នក?

២. (ក) តើ​ព្រះ​អាទិទេព​អាច​ទៅ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​ចំពោះ​អ្នក​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ឪពុក​ម្ដាយ​មាន​មុខ​នាទី​អ្វី​ខ្លះ ក្នុង​ការ​ជួយ​កូន​គេ​ឲ្យ​ដឹង​ថា​ព្រះ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​ម្នាក់?

២ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​និង​កិច្ច​សន្យា​របស់​ទ្រង់​ពិត​ជាក់​ស្តែង​ចំពោះ​អ្នក មុន​ដំបូង អ្នក​ត្រូវ​តែ​រៀន​អំពី​ទ្រង់​និង​អំពី​អនាគត​ដ៏​អស្ចារ្យ​ដែល​ទ្រង់​ផ្ដល់​ឲ្យ​អ្នក​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត ដែល​ព្រះ​គម្ពីរ​បាន​រៀប​រាប់​ប្រាប់។ (វិវរណៈ ២១:៣, ៤) បើ​ឪពុក​ម្ដាយ​របស់​អ្នក​បាន​បង្រៀន​អ្នក​អំពី​សេចក្ដី​នេះ​រួច​ហើយ អ្នក​មាន​ហេតុ​ដឹង​គុណ​ដល់​គេ ពី​ព្រោះ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​សេចក្ដី​បង្គាប់​នេះ៖ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន»។ (សាស្ដា ១២:១) ក្មេង​ម្នាក់​បាន​ប្រាប់​អំពី​ការ​អប់រំ​ពី​ឪពុក​ម្ដាយ​របស់​នាង​ថា៖ «អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត គឺ​តែង​តែ​ជាប់​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា។ នេះ​ជា​កូន​សោ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះ​អាទិទេព​របស់​ខ្ញុំ»។ ក្មេង​ស្រី​ម្នាក់​ទៀត​ជំ​រាប​ថា៖ «ខ្ញុំ​ដឹង​គុណ​ដល់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​រៀង​រហូត ពី​ព្រោះ​គេ​បាន​បង្រៀន​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ជាក់​ស្តែង​ម្នាក់។ ពួក​គេ​បាន​បង្ហាញ​ខ្ញុំនូវ​របៀប​ស្រឡាញ់​ទ្រង់ ហើយ​បាន​ប្រាប់​ខ្ញុំ​អំពី​អំណរ​នៃ​ការ​បំរើ​ទ្រង់​ពេញ​ពេល»។

៣, ៤. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​គិត​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​ជាក់​ស្តែង?

៣ ប៉ុន្តែ មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក​គិត ថា​ព្រះ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ។ តើ​អ្នក​គិត​ដូច​នេះ​ទេ? សេចក្ដី​ថ្លែង​មួយ​ក្នុង​ប៉ម​យាម​បាន​ជួយ​ក្មេង​ប្រុស​ម្នាក់​ឲ្យ​គិត​អំពី​ព្រះ​តាម​របៀប​ផ្ទាល់​ខ្លួន៖ «យើង​មិន​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​កាយ​ធំ​ប៉ុណ្ណា​ទេ»។ ពិត​មែន​ហើយ ឧត្តមភាព​របស់​ព្រះ​មិន​អាស្រ័យ​ទៅ​លើ​ទំហំ​ឬ​ទ្រង់​ទ្រាយ​ទេ ដូច​ប្រយោគ​ជា​បន្ទាប់​ក្នុង​ប៉ម​យាម​នោះ បាន​ចែង​ថា៖ «តេជានុភាព​ដ៏​ពិត​របស់​ទ្រង់​គឺ​ថា​ទ្រង់​ជា​ព្រះ​ប្រភេទ​ណា» ត្រូវ​ហើយ គឺ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ មេត្ដា​ករុណា មាន​សេចក្ដី​ស្រឡាញ់ និង​ជា​ព្រះ​ដ៏​ចេះ​អត់​ឱន​ទោស។a (និក្ខមនំ ៣៤:៦; ចោទិយកថា ៣២:៤; ទំនុកដំកើង ៨៦:៥; យ៉ាកុប ៥:១១) តើ​អ្នក​មាន​បាន​គិត​អំពី​ព្រះ​យេហូវ៉ា​ជា​បុគ្គល​បែប​នេះ​ទេ ជា​មិត្ត​ដែល​អាច​ទុក​ចិត្ត​បាន ដែល​អ្នក​អាច​មាន​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ​ជា​មួយ?—អេសាយ ៤១:៨; យ៉ាកុប ២:២៣

៤ ព្រះ​យេស៊ូ​បាន​ជួយ​ពួក​អ្នក​កាន់​តាម​ទ្រង់​ពី​ដើម​ឲ្យ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​សាវ័ក​យ៉ូហាន​សរសេរ​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​គាត់​ទៅ​នៅ​ស្ថាន​សួគ៌ យ៉ូហាន​និយាយ​ថា៖ «យើង​នឹង​បាន​ដូច​ជា[ព្រះ] ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង»។ (យ៉ូហាន​ទី​១ ៣:២; កូរិនថូស​ទី​១ ១៥:៤៤) នៅ​សព្វ​ថ្ងៃ​នេះ យើង​អាច​ជួយ​យុវជន​ទាំង​ឡាយ​ឲ្យ​ចាត់​ទុក​ព្រះ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​ម្នាក់​ដែរ ជា​បុគ្គល​ដែល​គេ​អាច​ស្គាល់​ច្បាស់​លាស់ ទោះ​បី​គេ​មើល​ទ្រង់​មិន​ឃើញ​ក៏​ដោយ។ យុវបុរស​ម្នាក់​និយាយ​ថា៖ «ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​នឹក​ចាំ​ព្រះ​យេហូវ៉ា ដោយ​សួរ​សំនួរ​ជា​ច្រើន​ដូច​ជា ‹តើ​ព្រះ​យេហូវ៉ា​នឹង​មាន​បន្ទូល​យ៉ាង​ណា? តើ​អ្នក​អាច​ពន្យល់​ដោយ​ប្រើ​ពាក្យ​របស់​ខ្លួន​បាន​ទេ? តើ​នោះ​មាន​ន័យ​យ៉ាង​ណា›»? តើ​សំនួរ​បែប​នេះ​មិន​ធ្វើ​ឲ្យ​យើង​គិត​អំពី​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​យើង​ជា​មួយ​ព្រះ​ទេ​ឬ?

ការ​នឹក​ចាំ​មាន​ន័យ​យ៉ាង​ណា

៥. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា ការ​នឹក​ចាំ​ពី​នរណា​ម្នាក់​គឺ​មិន​គ្រាន់​តែ​ចាំ​ឈ្មោះ​គាត់​ប៉ុណ្ណោះ?

៥ ការ​ធ្វើ​តាម​បង្គាប់​នេះ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន» នោះ​គឺ​មិន​គ្រាន់​តែ​គិត​អំពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ នេះ​ជាប់​ទាក់​ទង​ការ​ប្រព្រឹត្ត ការ​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ កាល​ដែល​ឧក្រិដ្ឋ​ជន​ម្នាក់​នោះ​បាន​ទូល​អង្វរ​ព្រះ​យេស៊ូ​ថា «ព្រះ​អម្ចាស់​អើយ កាល​ណា​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង» នោះ​គាត់​ចង់​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​អ្វី​មួយ គឺ​មិន​គ្រាន់​តែ​នឹក​ចាំ​ឈ្មោះ​គាត់​ប៉ុណ្ណោះ​ទេ។ គាត់​ចង់​ឲ្យ​ព្រះ​យេស៊ូ​ចាត់​វិធានការ​មួយដើម្បី​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ (លូកា ២៣:៤២) ស្រដៀង​គ្នា​នេះ​ដែរ យ៉ូសែប​ជា​អ្នក​ជាប់​គុក​ក៏​បាន​សង្ឃឹម​ឲ្យ​គេ​ជួយ​គាត់​ដែរ ពេល​គាត់​សូម​អ្នក​ថ្វាយ​ពែង​នៃ​ស្តេច​ផារ៉ោន​ឲ្យ​នឹក​ចាំ​ពី​គាត់ ហើយ​ប្រាប់​ដល់​ស្តេច​ផង។ ហើយ​កាល​ដែល​លោក​យ៉ូប​ទូល​អង្វរ​ដល់​ព្រះ​ថា «នឹក​ចាំ​ពី​ទូល​បង្គំ​ផង» នៅ​ទី​នេះ​លោក​យ៉ូប​បាន​សូម​ឲ្យ​ព្រះ​ជួយ​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ​នៅ​ក្នុង​គ្រា​អនាគត។—យ៉ូប ១៤:១៣; លោកុប្បត្តិ ៤០:១៤, ២៣

៦. តើ​ពាក្យ​ហេព្រើរ«នឹក​ចាំ​ពី»មាន​ន័យ​ថា​នឹក​ដោយ​សេចក្ដី​ជាប់​ចិត្ត​ដល់​របស់​ឬ​មនុស្ស​យ៉ាង​ដូច​ម្ដេច?

៦ ប្រភព​មួយ​ចែង​ថា​ពាក្យ​ហេព្រើរ​ដែល​ប្រែ​ថា «នឹក​ចាំ​ពី» តែង​តែ​ឲ្យ​ន័យ​ថា «ការ​នឹក​ឃើញ​អំពី​គំនិត​និង​សកម្មភាព​ដោយ​សេចក្ដី​ជាប់​ចិត្ត»។ អត្ថន័យ​នៃ«សេចក្ដី​ជាប់​ចិត្ត» ក្នុង​ពាក្យ«នឹក​ចាំ​ពី» អាច​ឃើញ​ប្រើ​ក្នុង​ការ​លាន់​មាត់​នៃ«ពួក​សាសន៍​ដទៃ»នៅ​ទី​រហោ​ស្ថាន​ថា៖ «យើង​នឹក​រឭក​ពី​ត្រី ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ»! ដូច​លោក​យ៉ូប​ដែល​បាន​ទូល​សុំ​ព្រះ​ឲ្យ​នឹក​ចាំ​គាត់​ដោយ​សំណប់​ព្រះ​ទ័យ ស្តេច​ហេសេគា លោក​នេហេមា ដាវីឌ និង​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ឥត​មាន​ឈ្មោះ​ម្នាក់​ទៀត ក៏​បាន​ទូល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​នឹក​ចាំ​ដោយ​សេចក្ដី​ជាប់​ចិត្ត​ដល់​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​ដែរ។—ជន​គណនា ១១:៤, ៥; ពង្សាវតារ​ក្សត្រ​ទី​២ ២០:៣; នេហេមា ៥:១៩; ១៣:៣១; ទំនុកដំកើង ២៥:៧; ១០៦:៤

៧. បើ​យើង​នឹក​ចាំ​ព្រះ​ដោយ​សេចក្ដី​ជាប់​ចិត្ត តើ​នេះ​មាន​ឥទ្ធិពល​មក​កិរិយា​យើង​យ៉ាង​ណា​ខ្លះ?

៧ ដោយ​ហេតុ​នេះ យើង​អាច​សួរ​ថា ‹តើ​យើង​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​យើង​ដោយ​សេចក្ដី​ជាប់​ចិត្ត ហើយ​ជៀស​វាង​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​ទេ›? យុវនារី​ម្នាក់​បាន​និយាយ​ថា៖ «ម្ដាយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍ ហើយ​កាល​នៅ​ពី​តូច ខ្ញុំ​ដឹង​ថា​សកម្មភាព​របស់​ខ្ញុំ​មាន​ឥទ្ធិពល​មក​លើ​ទ្រង់»។ (ទំនុកដំកើង ៧៨:៤០​-​៤២) ក្មេង​ម្នាក់​ទៀត​បាន​ពន្យល់​ថា៖ «ខ្ញុំ​បាន​ដឹង​ថា សកម្មភាព​របស់​ខ្ញុំ​អាច​ជួយ​ឬ​អាច​បង្អាក់​ដល់​ការ​តប​ឆ្លើយ​នឹង​ការ​ចោទ​របស់​សាតាំង​ដល់​ព្រះ​យេហូវ៉ា។ ខ្ញុំ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីករាយ ដូច្នេះ​នេះ​បាន​ជួយ​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។—សុភាសិត ២៧:១១

៨. (ក) តើ​សកម្មភាព​អ្វី​នឹង​បង្ហាញ​ថា​យើង​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​ជាប់​ចិត្ត? (ខ) តើ​យុវជន​នឹង​ពិនិត្យ​មើល​សំនួរ​អ្វី​ខ្លះ​ដោយ​ប្រាជ្ញា?

៨ នៅ​ក្នុង​លោក​ដ៏​អាក្រក់​នេះ មិន​តែង​តែ​ស្រួល​ទេ​ក្នុង​ការ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា ដោយ​ចូល​រួម​ពេញ​ទី​ក្នុង​សកម្មភាព​ដែល​ទ្រង់សព្វ​ព្រះ​ហឫទ័យ​នោះ។ ប៉ុន្តែ ជា​ការ​ល្អ​ប្រសើរ បើ​អ្នក​អាច​យក​ត្រាប់​តាម​គំរូ​ធីម៉ូថេ​នៅ​សតវត្ស​ទី​មួយ និង​យុវជន​ដែល​កោត​ខ្លាច​ព្រះ​រាប់​ពាន់​នាក់​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ—ដោយ​ទទួល​យក​កិច្ច​បំរើ​ពេញ​ពេល​ជា​អ្នក​ផ្សាយ​ត្រួស​ត្រាយ! (កិច្ច​ការ ១៦:១​-​៣; ថែស្សាឡូនីច​ទី​១ ៣:២) យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​សួរ​ថា តើ​អ្នក​អាច​ទំនុក​បំរុង​ខ្លួន​ឯង​បាន​ទេ ក្នុង​កាល​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​នោះ? ហើយ​បើ​អ្នក​យក​ប្ដី​ប្រពន្ធ តើ​អ្នក​មាន​ជំនាញ​ដែល​អាច​ជួយ​ទំនុក​បំរុង​ដល់​សមាជិក​នៃ​គ្រួសារ​របស់​អ្នក​បាន​ទេ? (ធីម៉ូថេ​ទី​១ ៥:៨) នេះ​ជា​សំនួរ​សំខាន់​ណាស់ ហើយ​អ្នក​ត្រូវ​តែ​គិត​អំពី​សំនួរ​ទាំង​នេះ​ឲ្យ​បាន​ហ្មត់​ចត់។

ការ​រៀន​សូត្រ​សំរាប់​គោល​បំណង

៩. តើ​យុវជន​ជួប​ប្រទះ​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ​អំពី​ការ​រៀន​សូត្រ​ខាង​លោក​នេះ?

៩ កាល​ដែល​សង្គម​មនុស្ស​កាន់​តែ​ស្មុគ​ស្មាញ​ឡើង ការ​រៀន​សូត្រ​ក៏​ត្រូវ​តែ​មាន​ច្រើន​ដែរ ដើម្បី​ឲ្យ​អាច​មាន​ការងារ​ធ្វើ​គ្រាប់​គ្រាន់​សំរាប់​ទំនុក​បំរុង​ខ្លួន​ក្នុង​កិច្ច​ការ​ត្រួស​ត្រាយ។ អ្នក​ប្រហែល​ជា​ដឹង​ស្រាប់​ហើយ​ថា សូម្បី​តែ​អ្នក​ខ្លះ​ដែល​មាន​ការ​រៀន​សូត្រ​នៅ​មហា​វិទ្យាល័យ ក៏​ត្រូវ​តែ​រៀន​សា​ឡើង​វិញ​ដើម្បី​ឲ្យ​ចេះ​ជំនាញ​ថ្មី​ៗ​ដែល​មាន​តម្លៃ​ដល់​និយោជក​នៅ​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ ចំពោះ​យុវជន​ដែល​ចង់​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា តើ​អ្នក​ត្រូវ​រៀន​សូត្រ​ដល់​កំរិត​ណា? ការ​សម្រេច​ចិត្ត​អំពី​រឿង​នេះ​គួរ​តែ​ធ្វើ​ឡើង​ដោយ​គិត​អំពី​ពាក្យ​បង្គាប់​របស់​ព្រះ​នេះ៖ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន»។

១០. តើ​អ្វី​ជា​ការ​រៀន​សូត្រ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ទទួល?

១០ ត្រូវ​ហើយ អ្នក​នឹង​ទទួល​យក​ការ​រៀន​សូត្រ​ដែល​ពួក​អាជ្ញាធរ​នៃ​លោក​នេះ​ចាត់​ទុក​ជា​ល្អ​ឯង—គឺ​ជា​ការ​ប្រិត​ប្រៀន​រៀន​សូត្រ​បន្ទូល​របស់​ព្រះ។ អ្នក​និពន្ធ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ​ចូហាន វូហ្គេង វន់ ហ្គោត មាន​ប្រសាសន៍​ថា៖ «កាល​ណា​មនុស្ស​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង នោះ​ព្រះ​គម្ពីរ​ក៏​អាច​យក​មក​ប្រើ​ពេញ​ទី​បាន​ដែរ គឺ​អាច​ប្រើ​ជា​មូលដ្ឋាន​និង​ជា​ឧបករណ៍​សំរាប់​រៀន​សូត្រ»។ មែន​ហើយ ការ​សិក្សា​ព្រះ​គម្ពីរ​នឹង​ជួយ​ប្រដាប់​អ្នក​សំរាប់​ជីវិត​បាន​ប្រសើរ​ជាង​ការ​រៀន​សូត្រ​ឯ​ណា​ទៅ​ទៀត!—សុភាសិត ២:៦​-​១៧; ធីម៉ូថេ​ទី​២ ៣:១៤​-​១៧

១១. (ក) តើ​អ្វី​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ? (ខ) ហេតុ​អ្វី​ក៏​យុវជន​ម្នាក់​រើស​យក​ការ​រៀន​សូត្រ​ទៀត?

១១ ដោយ​ព្រោះ​តែ​ចំណេះ​អំពី​ព្រះ​ជា​ការ​ផ្ដល់​ឲ្យ​ជីវិត ដូច្នេះ​កិច្ចការ​ដែល​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ការ​ចែក​ចាយ​ចំណេះ​នោះ​ដល់​អ្នក​ដទៃ។ (សុភាសិត ៣:១៣​-​១៨; យ៉ូហាន ៤:៣៤; ១៧:៣) ប៉ុន្តែ ដើម្បី​ធ្វើ​ការ​នេះ​ឲ្យ​បាន​ស័ក្ដិ​សិទ្ធិ អ្នក​ត្រូវ​តែ​រៀន​ចេះ​មូលដ្ឋាន​ខ្លះ​ៗ។ អ្នក​ត្រូវ​តែ​ឲ្យ​ចេះ​គិត​ច្បាស់​លាស់ និយាយ​សម​រម្យ ហើយ​ឲ្យ​ចេះ​អាន​និង​សរសេរ​បាន​ល្អ—នេះ​ជា​ជំនាញ​ដែល​បង្ហាត់​នៅ​សាលា។ ដូច្នេះ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​មុខ​វិជ្ជាសាលា​របស់​អ្នក​ឲ្យ​បាន​ហ្មត់​ចត់ ដូច​យុវនារី​ម្នាក់​ឈ្មោះ​ត្រេស៊ី នៅ​រដ្ឋ​ហ្វ័ររីដា ស.រ.អ​. ដែល​បាន​រៀន​ចប់​មធ្យម​សិក្សា​ហើយ​បាន​ទទួល​សញ្ញាប័ត្រ។ នាង​បាន​ប្រាប់​អំពី​បំណង​របស់​នាង​ថា៖ «ចំពោះ​គោល​ដៅ​របស់​ខ្ញុំ ខ្ញុំ​តែង​តែ​ចង់​ធ្វើ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល ហើយ​ខ្ញុំ​សង្ឃឹម​ថា​ការ​រៀន​សូត្រ​របស់​ខ្ញុំ​នេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​បាន​សម្រេច​គោល​ដៅ​នេះ»។

១២. បើ​រើស​យក​ការ​រៀន​សូត្រ​បន្ថែម តើ​នេះ​ជួយ​សម្រេច​បំណង​អ្វី?

១២ តើ​អ្នក​មាន​បាន​គិត​អំពី​ហេតុ​ដែល​អ្នក​ទៅ​សាលា​រៀន​ទេ? តើ​នេះ​សំរាប់​តែ​ប្រដាប់​ខ្លួន​អ្នក​ឲ្យ​បាន​ក្លាយ​ទៅ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដ៏​សក្ដិ​សិទ្ធ​ម្នាក់​ឬ? បើ​អញ្ចឹង​មែន អ្នក​គួរ​តែ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ហ្មត់​ចត់​នូវ​របៀប​ដែល​ការ​រៀន​សូត្រ​របស់​អ្នក​សម្រេច​គោល​បំណង​នេះ។ បន្ទាប់​ពី​បាន​ពិគ្រោះ​ជា​មួយ​ឪពុក​ម្ដាយ​របស់​អ្នក​ហើយ អ្នក​​ប្រហែល​ជា​សម្រេច​ចិត្ត​រៀន​សូត្រ​ត​ទៅ​ទៀត ហួស​កំរិត​អប្ប​បរិ​មា​នៃ​ការ​រៀន​សូត្រ​ដែល​ច្បាប់​តម្រូវ។ ការ​រៀន​សូត្រ​បន្ថែម​បែប​នេះ អាច​ជួយ​អ្នក​ឲ្យ​បាន​ទទួល​ការងារ​ដែល​ជួយ​ទំនុក​បំរុង​អ្នក ហើយ​នៅ​មាន​ពេល​និង​កម្លាំង​ក្នុង​ការ​ចូល​រួម​ពេញ​ទី​ក្នុង​សកម្មភាព​ព្រះ​រាជាណាចក្រ។—ម៉ាថាយ ៦:៣៣

១៣. តើ​យុវនារី​ជាតិ​រុស្ស៊ី​ពីរ​នាក់​ដែល​បាន​រើស​យក​ការ​រៀន​សូត្រ​បន្ថែម បាន​បង្ហាញ​យ៉ាង​ណា​អំពី​គោល​បំណង​នៃ​ជីវិត​របស់​គេ?

១៣ មាន​អ្នក​ខ្លះ​ដែល​ទទួល​យក​ការ​រៀន​សូត្រ​បន្ថែម បាន​ចូល​រួម​ក្នុង​កិច្ច​បំរើ​ពេញ​ពេល​ក្នុង​កាល​ដែល​គេ​កំពុង​តែ​រៀន​បន្ថែម​នេះ។ សូម​ពិចារណា​មើល​យុវនារី​ពីរ​នាក់​នៅ​ក្រុង​ម៉ូស្កូ ប្រទេស​រុស្ស៊ី ឈ្មោះ​នាឌា​និង​ម៉ារិនា។ អ្នក​ទាំង​ពីរ​នេះ​បាន​ជ្រមុជ​ទឹក​នៅ​ខែ​មេសា ឆ្នាំ​១៩៩៤ ហើយ​បាន​ចាប់​ផ្ដើម​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។ បន្ដិច​ក្រោយ​មក ពួក​គេ​បាន​រៀន​ចប់​មធ្យម​សិក្សា ហើយ​ក៏​បាន​ចុះ​ឈ្មោះ​ចូល​មុខ​វិជ្ជា​គណនេយ្យ​ដែល​មាន​រយៈ​ពេល​ពីរ​ឆ្នាំ។ ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៩៥ ពួក​គេ​បាន​ចាប់​ផ្ដើម​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​នៅ​តែ​អាច​ទទួល​ពិន្ទុ​បាន​លេខ​មួយ​ជា​មធ្យម​ចំពោះ​វិជ្ជា​គណនេយ្យ​របស់​គេ។ បន្ថែម​ទៅ​ទៀត រវាង​អ្នក​ទាំង​ពីរ គេ​មាន​សិស្ស​ព្រះគម្ពីរ​ប្រមាណ​១៤​នាក់ ដែល​គេ​បង្រៀន​រាល់​សប្ដាហ៍​ហើយ​អាច​ទៅ​សាលា​រៀន​ទៀត។ យុវនារី​ពីរ​នាក់​នេះ​សង្ឃឹម​ថា​ការ​រៀន​សូត្រ​វិជ្ជា​គណនេយ្យ​នេះ នឹង​ជួយ​ពួក​គេ​រក​ការងារ​ធ្វើ​បាន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​គេ​អាច​ទំនុក​បំរុង​ខ្លួន​គេ​ក្នុង​កិច្ច​បំរើ​ពេញ​ពេល។

១៤. ទោះ​ជា​យើង​រើស​យក​ការ​រៀន​សូត្រ​ច្រើន​ឬ​តិច​ក្ដី តើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង?

១៤ បើ​អ្នក​កំពុង​តែ​ទទួល​ការ​រៀន​សូត្រ​ដែល​ហួស​ពី​ការ​តម្រូវ​ខាង​ច្បាប់ សូម​អ្នក​ពិនិត្យ​មើល​មូលហេតុ​នៃ​ការ​ធ្វើ​ដូច្នេះ​ដោយ​ប្រាជ្ញា​ចុះ។ តើ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ខ្លួន​មាន​ឈ្មោះ​ល្អ​ហើយ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ឬ? (យេរេមា ៤៥:៥; ធីម៉ូថេ​ទី​១ ៦:១៧) ឬ​ក៏ តើ​អ្នក​មាន​បំណង​ប្រើ​ការ​រៀន​សូត្រ​បន្ថែម ដើម្បី​ចូល​រួម​ពេញ​ទី​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា? លីឌា​ជា​យុវនារី​ម្នាក់​ដែល​បាន​រើស​យក​ការ​រៀន​សូត្រ​បន្ថែម បាន​ប្រាប់​ចំណុច​ល្អ​ចំពោះ​បញ្ហា​ខាង​ផ្នែក​វិញ្ញាណ​ថា៖ «មាន​អ្នក​ខ្លះ​រើស​យក​ការ​រៀន​សូត្រ​បន្ថែម ហើយ​បណ្ដោយ​ឲ្យ​វត្ថុ​និយម​ជ្រៀត​ជ្រែក ដូច្នេះ​គេ​បោះ​បង់​ព្រះ​ចោល។ ចំពោះ​ខ្ញុំ​វិញ ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​ព្រះ​ជា​ការ​សំខាន់​បំផុត​ដល់​ខ្ញុំ»។ នេះ​ជា​អាកប្បកិរិយា​ដ៏​ជា​ទី​សរសើរ​មែន​សំរាប់​យើង​ទាំង​អស់​គ្នា!

១៥. តើ​ប្រវត្ដិរូប​ខាង​ការ​រៀន​សូត្រ​ខុស​ៗ​គ្នា​យ៉ាង​ណា​ខ្លះ​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ?

១៥ គួរ​ឲ្យ​អស្ចារ្យ​ដែរ ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​មាន​ប្រវត្ដិរូប​នៃ​ការ​រៀន​សូត្រ​ខុស​ៗ​គ្នា​ច្រើន។ ឧទាហរណ៍ សាវ័ក​ពេត្រុស​និង​យ៉ូហាន​ត្រូវ​គេ​ចាត់​ទុក​ជា«មនុស្ស​មិន​សូវ​ចេះ​ជ្រៅ​ជ្រះ ហើយ​ឥត​បាន​រៀន​សូត្រ» ពី​ព្រោះ​ពួក​គេ​មិន​បាន​រៀន​នៅ​សាលា​នៃ​ពួក​រ៉ាប៊ី។ (កិច្ច​ការ ៤:១៣) រីឯ​សាវ័ក​ប៉ុល​វិញ គាត់​បាន​ទទួល​ការ​រៀន​សូត្រ​ស្មើ​នឹង​មហា​វិទ្យាល័យ​នៅ​សម័យ​យើង​នេះ។ ប៉ុន្តែ ប៉ុល​មិន​បាន​ប្រើ​ការ​រៀន​សូត្រ​នេះ​ដើម្បី​លើក​ខ្លួន​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ នេះ​ជា​វត្ថុ​ដ៏​ល្អ​មួយ​នៅ​ពេល​ដែល​គាត់​បាន​ផ្សាយ​ទៅ​ពួក​មនុស្ស​ដែល​មាន​វណ្ណៈ​ខុស​ៗ​គ្នា​ច្រើន។ (កិច្ច​ការ ២២:៣; កូរិនថូស​ទី​១ ៩:១៩​-​២៣; ភីលីព ១:៧) ស្រដៀង​គ្នា​នេះ​ដែរ លោក​ម៉ាន៉ាអេន​ដែល​បាន​រៀន«ជា​មួយ​នឹង​ហេរ៉ូឌ ស្តេច​អនុរាជ» ក៏​បាន​ទទួល​ការ​ដឹក​នាំ​ក្រុម​ជំនុំ​អាន់ទីយ៉ូក។—កិច្ច​ការ ១៣:១

ហេតុ​អ្វី​ក៏​ត្រូវ​ចាត់​ចែង​លុយ​កាក់​របស់​អ្នក​ដោយ​ឈ្លាស​វៃ?

១៦. (ក) ហេតុ​អ្វី​ក៏​ពិបាក​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​យើង បើ​យើង​មាន​បំណុល​នោះ? (ខ) តើ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ណា​អំពី​សារៈ​សំខាន់​នៃ​ការ​គិត​មុន​ចាយ?

១៦ បើ​សិន​ជា​អ្នក​មិន​អាច​ចាត់​ចែង​លុយ​កាក់​របស់​អ្នក​ដោយ​ឈ្លាស​វៃ​ទេ ប្រហែល​ជា​អ្នក​ពិបាក​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​អ្នក​ដោយ​ធ្វើ​អ្វី​ៗ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ បើ​អ្នក​មាន​បំណុល នោះ​អាច​និយាយ​អ្នក​មាន​ចៅហ្វាយ​ម្នាក់​ទៀត។ ដ្បិត​ព្រះ​គម្ពីរ​ពន្យល់​ថា៖ «អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ»។ (សុភាសិត ២២:៧) រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​មួយ​ពន្យល់​ប្រាប់​អំពី​សារៈ​សំខាន់​នៃ​ការ​គិត​មុន​ចាយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ​លក​មើល​ជា​មុន​ទេ​ឬ​អី? ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ»។—លូកា ១៤:២៨, ២៩

១៧. ហេតុ​អ្វី​ក៏​ពិបាក​ទប់​ទល់​នឹង​ការ​ចំណាយ​ម្ល៉េះ?

១៧ ដូច្នេះ ចូរ​ឲ្យ​អ្នក​ខំ​ព្យាយាម​រស់​នៅ​តាម​គោល​ការណ៍​នៃ​ព្រះ​គម្ពីរ​ដោយ​ប្រាជ្ញា​ចុះ ហើយ​ចូរ‹កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ›។ (រ៉ូម ១៣:៨) ប៉ុន្តែ​នេះ​ពិបាក​កាន់​តាម ជា​ពិសេស​នៅ​ពេល​ប្រឈម​មុខ​នឹង​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ដែល​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អះអាង​ថា​ជា​របស់​ចាំ​បាច់។ ឪពុក​ម្នាក់​ដែល​បាន​ខំ​ជួយ​កូន​របស់​គាត់​ឲ្យ​ចេះ​ប្រើ​ការ​វិនិច្ឆ័យ បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​ពិគ្រោះ​អំពី​អ្វី​ដែល​ជា​សេចក្ដី​ចាំ​បាច់ និង​អ្វី​ដែល​ជា​ការ​ប្រាថ្នា​ចង់​បាន»។ តាម​ធម្មតា នៅ​សាលា​រៀន​គេ​មិន​បង្រៀន​អំពី​បញ្ហា​ទាំង​នេះ​ទេ បើ​មាន​ការ​បង្រៀន នោះ​មាន​តិច​តួច​ណាស់​អំពី​របៀប​លៃ​លក​លុយ​កាក់​តាម​វិធី​ដឹង​ខុស​ត្រូវ។ អ្នក​ធ្វើ​កិច្ច​ការ​សង្គមកិច្ច​ម្នាក់​មាន​ប្រសាសន៍​ថា៖ «យើង​បាន​រៀន​ចប់​មធ្យម​សិក្សា​ដោយ​យល់​ដឹង​ច្រើន​អំពី​ត្រី​កោណ​ផ្សេង​ៗ ជា​ជាង​ដឹង​អំពី​របៀប​សន្សំ​សំច័យ​លុយ»។ បើ​អញ្ចឹង តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ចំណាយ​ដោយ​ឈ្លាស​វៃ?

១៨. តើ​អ្វី​ជា​កូន​សោ​នៃ​ការ​ចាត់​ចែង​លុយ​កាក់​ដោយ​ឈ្លាស​វៃ ហើយ​ហេតុ​អ្វី?

១៨ ការ​ធ្វើ​តាម​សេចក្ដី​ដាស់​តឿន​ឲ្យ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន» ជា​កូន​សោ​មួយ​ចំពោះ​ការ​ចាត់​ចែង​លុយ​កាក់​ដោយ​ឈ្លាស​វៃ។ ដ្បិត​កាល​ណា​អ្នក​ធ្វើ​តាម​សេចក្ដី​បញ្ជា​នេះ នោះ​ការ​សំខាន់​បំផុត​គឺ​ត្រូវ​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​សេចក្ដី​ជាប់​ចិត្ត​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​នឹង​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ចំណាយ​លុយ​របស់​អ្នក។ ដោយ​ហេតុ​នេះ អ្នក​នឹង​មិន​បណ្ដោយ​ឲ្យ​ចំណង់​របស់​ខ្លួន​អ្នក​ផ្ទាល់​មក​ជ្រៀត​ជ្រែក​ក្នុង​ការ​ថ្វាយ​ភក្ដី​ភាព​ដ៏​អស់​ពី​ចិត្ត​របស់​អ្នក​ដល់​ព្រះ​ឡើយ។ (ម៉ាថាយ ១៦:២៤​-​២៦) អ្នក​នឹង​ខំ​រក្សា​ភ្នែក​របស់​អ្នក​ឲ្យ​បាន«ល្អ» គឺ​បាន​ភ្លឺ​ស្វាង​ចំពោះ​តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់។ (ម៉ាថាយ ៦:២២​-​២៤) ដោយ​ធ្វើ​យ៉ាង​នេះ អ្នក​នឹង​ចាត់​ទុក​ដំបូន្មាន​របស់​ព្រះ​ឲ្យ«ថ្វាយ​កិត្ដិនាម​ដល់​ព្រះ​យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្ដិ» ជា​ភារកិច្ច​ដ៏​មាន​អំណរ​មួយ។—សុភាសិត ៣:៩

យុវជន​ដែល​គួរ​នឹង​យក​ត្រាប់​តាម

១៩. តើ​ពួក​យុវជន​ពី​អតីតកាល​បាន​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​គេ​យ៉ាង​ដូច​ម្ដេច?

១៩ គួរ​ឲ្យ​រីករាយ​ដែរ មាន​យុវជន​ជា​ច្រើន​ពី​អតីតកាល​និង​ពី​បច្ចុប្បន្នកាល​នេះ ដែល​បាន​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​គេ។ ក្មេង​សាំយូអែល​បាន​បំរើ​នៅ​រោង​ឧបោសថ​យ៉ាង​ខ្ជាប់​ខ្ជួន ទោះ​បី​មាន​ឥទ្ធិពល​នៃ​អសីលធម៌​ពី​ពួក​អ្នក​ដែល​គាត់​បាន​បំរើ​ជា​មួយ​ក៏​ដោយ។ (សាំយូអែល​ទី​១ ២:១២​-​២៦) ស្រី​លួង​លោម​ម្នាក់ ដែល​ជា​ប្រពន្ធ​របស់​លោក​ប៉ូទីផារ មិន​អាច​ល្បួង​យ៉ូសែប​ឲ្យ​ប្រព្រឹត្ត​សហាយស្មន់​ជា​មួយ​បាន​ឡើយ។ (លោកុប្បត្តិ ៣៩:១​-​១២) ទោះ​បី​ជា​លោក​យេរេមា«ជា​មនុស្ស​ក្មេង​សុទ្ធ»ក៏​ដោយ លោក​បាន​ផ្សាយ​យ៉ាង​អង់អាច​នៅ​ចំពោះ​មុខ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ (យេរេមា ១:៦​-​៨) ក្មេង​ស្រី​អ៊ីស្រាអែល​ម្នាក់​បាន​ប្រាប់​មេ​ទ័ព​សាសន៍​ស៊ីរី​ដោយ​ឥត​ខ្លាច ឲ្យ​ទៅ​រក​ជំនួយ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​គាត់​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា។ (ពង្សាវតារ​ក្សត្រ​ទី​២ ៥:១​-​៤) ដានីយ៉ែល​និង​មិត្ត​របស់​គាត់​បាន​រក្សា​ជំនឿ​របស់​គេ​យ៉ាង​មុត​មាំ​នៅ​ពេល​ជួប​ការ​សាក​ល្បង​អំពី​ច្បាប់​ខាង​ចំណី​អាហារ​នៃ​ព្រះ។ ហើយ​យុវជន​សាដ្រាក់ មែសាក់ និង​អ័បេឌ​-​នេកោ សុខ​ចិត្ត​ឲ្យ​គេ​បោះ​ខ្លួន​ទៅ​ក្នុង​គុក​ភ្លើង ជា​ជាង​បោះ​បង់​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​ចំពោះ​ព្រះ ដោយ​ថ្វាយ​បង្គំ​រូប​ព្រះ។—ដានីយ៉ែល ១:៨, ១៧; ៣:១៦​-​១៨; និក្ខមនំ ២០:៥

២០. តើ​យុវជន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​គេ​យ៉ាង​ដូច​ម្ដេច?

២០ នៅ​សព្វ​ថ្ងៃ​នេះ មាន​យុវជន​ជាង​២.០០០​នាក់ ពី​អាយុ​១៩ ទៅ ២៥​ឆ្នាំ ដែល​កំពុង​តែ​បំរើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​រដ្ឋ​ញូវយ៉ក ស.រ.អា.។ ពួក​គេ​គ្រាន់​តែ​ជា​មួយ​ចំនួន​តូច​ក្នុង​ចំណោម​យុវជន​រាប់​ម៉ឺន​នាក់​ដែល​កំពុង​តែ​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​គេ​នៅ​ជុំ​វិញ​ពិភព​លោក។ ដូច​យ៉ូសែប​ពី​សម័យ​បុរាណ​ដែរ ពួក​គេ​ក៏​បាន​ប្ដេជ្ញា​មិន​បោះ​បង់​ចោល​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​គេ​ឡើយ។ ពួក​គេ​ជា​ច្រើន​បាន​ជ្រើស​រើស​យក​ការ​គោរព​ព្រះ​ជា​ជាង​មនុស្ស នៅ​ពេល​បង្ខំ​ឲ្យ​រើស​បំរើ​អ្នក​ណា​មួយ។ (កិច្ច​ការ ៥:២៩) នៅ​ក្នុង​ឆ្នាំ​១៩៤៦ នៅ​ប្រទេស​ប៉ូឡូញ ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៥​ឆ្នាំ​ឈ្មោះ​ហិនរីកា ហ្សូរ៍​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម នៅ​ពេល​ដែល​នាង​បដិសេធ​មិន​ព្រម​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ។ អ្នក​ធ្វើ​ទារុណកម្ម​ម្នាក់​បាន​ប្រាប់​នាង​ថា៖ «អ្នក​អាច​ជឿ​អ្វី​ក៏​បាន​ស្រេច​តែ​អ្នក​ចង់​ជឿ តែ​សូម​គ្រាន់​តែ​ធ្វើ​សញ្ញា​ឈើ​ឆ្កាង​កាតូលិក​បាន​ហើយ»។ ដោយ​សារ​តែ​នាង​បាន​បដិសេធ គេ​បាន​អូស​យក​នាង​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ​បាញ់​សម្លាប់​នាង​ទៅ តែ​ឥត​មាន​ខូច​ខាត​ដល់​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​អស់​កល្ប​ជា​និច្ច​របស់​នាង​ទេ!b

២១. តើ​ការ​អញ្ជើញ​អ្វី​ដែល​យើង​គួរ​តែ​ទទួល​យក​ដោយ​ប្រាជ្ញា ហើយ​នឹង​មាន​លទ្ធផល​អ្វី?

២១ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​ព្រះ​ទ័យ​កក់​ក្ដៅ​ណាស់ ដោយ​សារ​មាន​យុវជន​ជា​ច្រើន​ដែល​បាន​នឹក​ចាំ​ពី​ទ្រង់​ជា​ច្រើន​សតវត្ស​មក​នេះ! តើ​អ្នក​នឹង​ធ្វើ​តាម​ដល់​ការ​អញ្ជើញ​របស់​ទ្រង់ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន»នេះ​ទេ? មែន​ហើយ​ទ្រង់​សម​គួរ​នឹង​ការ​នឹក​ចាំ​របស់​អ្នក! សូម​គិត​រាល់​ថ្ងៃ​អំពី​អ្វី​ៗ​ដែល​ទ្រង់​បាន​ធ្វើ​សំរាប់​អ្នក​ហើយ​នឹង​ធ្វើ​នៅ​អនាគត ហើយ​សូម​ទទួល​យក​ការ​អញ្ជើញ​នេះ៖ «កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ»។—សុភាសិត ២៧:១១

[កំណត់​សម្គាល់]

a ប៉ម​យាម ១៥ ធ្នូ ១៩៥៣ ទំព័រ ៧៥០។ (ភាសា​អង់គ្លេស)

b សូម​មើល​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៤​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ទំព័រ ២១៧​-​១៨ បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ភាសា​អង់គ្លេស)

តើ​អ្នក​ចាំ​ទេ?

◻ តើ​អាច​ជួយ​យុវជន​ឲ្យ​ចាត់​ទុក​ព្រះ​ជា​បុគ្គល​ពិត​ជាក់​ស្តែង​យ៉ាង​ដូច​ម្ដេច?

◻ តើ​ការ​នឹក​ចាំ​ពី​ព្រះ​អាទិទេព​របស់​អ្នក​មាន​ន័យ​យ៉ាង​ណា?

◻ តើ​ការ​រៀន​សូត្រ​របស់​យើង​សំរាប់​គោល​បំណង​អ្វី?

◻ ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ក្នុង​ការ​ចាត់​ចែង​លុយ​កាក់​ដោយ​ឈ្លាស​វៃ?

◻ តើ​មាន​យុវជន​ណា​ខ្លះ​ដែល​គួរ​នឹង​យក​ត្រាប់​តាម?

[រូប​ភាព​នៅ​ទំព័រ​១៥]

តើ​អ្នក​មាន​បាន​គិត​អំពី​មូលហេតុ​ដែល​អ្នក​ទៅ​សាលា​រៀន​ទេ?

[រូប​ភាព​នៅ​ទំព័រ​១៦]

តើ​អ្នក​កំពុង​តែ​រៀន​ចាត់​ចែង​លុយ​កាក់​ដោយ​ឈ្លាស​វៃ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក