ការអប់រំ—ប្រើសំរាប់សរសើរព្រះយេហូវ៉ា
«អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ»។—យ៉ូហាន ៧:១៨
១. ពេលណាហើយតាមរបៀបណាដែលការអប់រំបានចាប់ផ្ដើមឡើង?
ការអប់រំបានចាប់ផ្ដើមជាយូរយារមកហើយ។ ដំណើរនៃការអប់រំបានចាប់ផ្ដើមឡើងមិនយូរប៉ុន្មានក្រោយពីព្រះយេហូវ៉ា ជាអ្នកអប់រំដ៏ឧត្តមនិងអ្នកបង្រៀន បានបង្កើតបុត្រាទីមួយរបស់ទ្រង់។ (អេសាយ ៣០:២០; កូល៉ុស ១:១៥) នេះជាបុគ្គលម្នាក់ដែលអាចរៀនផ្ទាល់ខ្លួនពីអ្នកអប់រំដ៏ឧត្តម! ក្នុងរយៈជាច្រើនសហស្សវត្សនៃការមានទំនាក់ទំនងដ៏ស្និទ្ធជាមួយព្រះវរបិតា—បុត្រនោះដែលមាននាមជាយេស៊ូគ្រីស្ទ—បានទទួលការអប់រំដែលរកតម្លៃប្រៀបពុំបាន អំពីគុណសម្បត្ដិទាំងឡាយ កិច្ចការ និងគោលបំណងរបស់ព្រះយេហូវ៉ា។ ក្រោយមក ជាបុរសនៅលើផែនដី ព្រះយេស៊ូអាចមានប្រសាសន៍ថា៖ «ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ»។—យ៉ូហាន ៨:២៨
២-៤. (ក) យោងទៅតាមយ៉ូហានជំពូក៧ តើមានស្ថានការណ៍យ៉ាងណា កាលដែលព្រះយេស៊ូទៅធ្វើបុណ្យរោងឧបោសថក្នុងឆ្នាំ៣២ ស.យ.? (ខ) ហេតុអ្វីក៏ពួកយូដាឆ្ងល់អំពីសមត្ថភាពនៃការបង្រៀនរបស់ព្រះយេស៊ូ?
២ តើតាមរបៀបណាដែលព្រះយេស៊ូបានប្រើការអប់រំដែលទ្រង់បានទទួលនោះ? ក្នុងរយ:៣ឆ្នាំកន្លះនៃកិច្ចបំរើរបស់ទ្រង់នៅលើផែនដី ទ្រង់បានប្រាប់អ្នកដទៃដោយឥតឈប់ឈរអំពីអ្វីៗដែលទ្រង់បានរៀន។ ប៉ុន្តែ ទ្រង់បានធ្វើការនេះដោយមានគោលបំណងដ៏សំខាន់មួយ។ តើនេះជាអ្វី? សូមឲ្យយើងពិចារណាមើលពាក្យបន្ទូលរបស់ព្រះយេស៊ូក្នុងយ៉ូហានជំពូក ៧ ដែលទ្រង់បានពន្យល់អំពីប្រភពនិងគោលបំណងនៃការបង្រៀនរបស់ទ្រង់។
៣ ចូរគិតអំពីការនេះ។ ជិតបីឆ្នាំក្រោយពីព្រះយេស៊ូបានធ្វើបុណ្យជ្រមុជទឹកហើយ ក្នុងសរទរដូវនៃឆ្នាំ៣២ស.យ. ពួកយូដាបានមកក្រុងយេរូសាឡិមសំរាប់ធ្វើបុណ្យរោងឧបោសថ។ ក្នុងកំឡុងបីបួនថ្ងៃមុនបុណ្យនេះ មានមនុស្សជាច្រើននិយាយអំពីព្រះយេស៊ូ។ ក្នុងពាក់កណ្ដាលនៃបុណ្យនោះ ព្រះយេស៊ូបានយាងទៅឯព្រះវិហារហើយក៏ចាប់ផ្ដើមបង្រៀន។ (យ៉ូហាន ៧:២, ១០-១៤) ទ្រង់បានសម្ដែងឲ្យឃើញថាទ្រង់ជាគ្រូដ៏ឧត្តមជានិច្ច។—ម៉ាថាយ ១៣:៥៤; លូកា ៤:២២
៤ យ៉ូហានជំពូក៧ ខ១៥ចែងថា៖ «ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ‹ធ្វើដូចម្ដេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ› »? តើអ្នកដឹងហេតុអ្វីបានជាពួកគេបានឆ្ងល់ទេ? ព្រះយេស៊ូមិនដែលបានរៀនសូត្រនៅសាលារ៉ាប៊ីនិកទេ ដូច្នេះ ទ្រង់ច្បាស់ជាមិនមែនអ្នកចេះដឹងឡើយ—យោងទៅតាមគំនិតរបស់គេ។ ប៉ុន្តែ ព្រះយេស៊ូអាចរកឃើញហើយអានផ្នែកព្រះគម្ពីរបរិសុទ្ធដោយងាយ។ (លូកា ៤:១៦-២១) ជាងឈើពីស្រុកកាលីឡេនេះព្រមទាំងបង្រៀនពួកគេពីក្រិត្យវិន័យរបស់លោកម៉ូសេផង! (យ៉ូហាន ៧:១៩-២៣) តើការនេះធ្វើទៅបានយ៉ាងដូចម្ដេច?
៥, ៦. (ក) តើព្រះយេស៊ូពន្យល់អំពីប្រភពនៃការបង្រៀនរបស់ទ្រង់យ៉ាងណា? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបានប្រើការអប់រំរបស់ទ្រង់?
៥ កាលដែលយើងអានខ១៦និង១៧ ព្រះយេស៊ូពន្យល់ថា៖ «សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ។ បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ»។ ពួកគេចង់ដឹងថាព្រះយេស៊ូត្រូវបានអប់រំដោយអ្នកណា ហើយទ្រង់មានបន្ទូលប្រាប់គេដោយត្រង់ៗថា ការអប់រំរបស់ទ្រង់គឺមកពីព្រះ!—យ៉ូហាន ១២:៤៩; ១៤:១០
៦ តើព្រះយេស៊ូបានប្រើការអប់រំរបស់ទ្រង់តាមរបៀបណា? ដូចបានកត់ទុកមកនៅយ៉ូហាន ៧:១៨ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ»។ ជាការដ៏ត្រឹមត្រូវណាស់ ដែលព្រះយេស៊ូបានប្រើការអប់រំរបស់ទ្រង់សំរាប់លើកដំកើងព្រះយេហូវ៉ា ជា«ព្រះដ៏មានដំរិះសព្វគ្រប់»!—យ៉ូប ៣៧:១៦
៧, ៨. (ក) តើត្រូវប្រើការអប់រំតាមរបៀបណាខ្លះ? (ខ) តើគោលដៅដ៏សំខាន់នៃការអប់រំដ៏មានការថ្លឹងថ្លែងមានអ្វីខ្លះ?
៧ ដូច្នេះ យើងបានរៀនមេរៀនដ៏មានតម្លៃមួយពីព្រះយេស៊ូ—ការអប់រំត្រូវតែប្រើ មិនមែនសំរាប់លើកដំកើងខ្លួនយើងទេ ប៉ុន្តែសំរាប់នាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ា។ គឺគ្មានវិធីល្អណាទៀតក្នុងការប្រើការអប់រំឡើយ។ បើអញ្ចឹង តើតាមរបៀបណាដែលអ្នកអាចប្រើការអប់រំសំរាប់សរសើរព្រះយេហូវ៉ា?
៨ អប់រំមានន័យថា«ហ្វឹកហ្វឺនដោយការបង្រៀនតាមផ្លូវការ ហើយប្រតិបត្ដិដោយមានការត្រួតត្រាមើល ជាពិសេសក្នុងជំនាញ មុខរបរ ឬវិជ្ជាជីវៈ»។ ឥឡូវនេះ ចូរឲ្យយើងពិចារណាមើលគោលដៅដ៏សំខាន់បួននៃការអប់រំដ៏មានការថ្លឹងថ្លែង ហើយរបៀបប្រើគោលដៅទាំងនេះសំរាប់សរសើរព្រះយេហូវ៉ា។ ការអប់រំដ៏មានការថ្លឹងថ្លែងត្រូវជួយយើង (១) ឲ្យអានបានល្អ (២) ឲ្យសរសេរបានច្បាស់ (៣) ឲ្យចិត្តគំនិតនិងសីលធម៌បានលូតលាស់ ហើយ (៤) ឲ្យទទួលការហ្វឹកហ្វឺនដ៏មានប្រយោជន៍សំរាប់ជីវភាពប្រចាំថ្ងៃ។
ការរៀនអានឲ្យបានល្អ
៩. ហេតុអ្វីក៏សំខាន់ម្ល៉េះក្នុងការអានឲ្យបានល្អ?
៩ ការអានឲ្យបានល្អជាអ្វីដែលបានកត់ទុកមកទីមួយ។ ហេតុអ្វីក៏សំខាន់ម្ល៉េះក្នុងការអានឲ្យបានល្អ? សព្វវចនាធិប្បាយសៀវភៅពិភពលោកពន្យល់ថា៖ «ការអាន . . . ជាអ្វីដ៏សំខាន់ក្នុងការរៀន ហើយជាជំនាញដ៏សំខាន់បំផុតមួយសំរាប់ជីវភាពប្រចាំថ្ងៃ។ . . . ពួកអ្នកអានដ៏ជំនាញជួយបង្កើតឲ្យមានសង្គមដ៏រីកចំរើន។ នៅពេលដំណាលគ្នានេះ ពួកគេសប្បាយនឹងជីវិតដ៏មានន័យពេញលេញ»។
១០. តើការអានបន្ទូលរបស់ព្រះជួយយើងឲ្យសប្បាយនឹងជីវិតដ៏មានន័យពេញលេញយ៉ាងដូចម្ដេច?
១០ បើការអានធម្មតាអាចជួយយើងឲ្យ«សប្បាយនឹងជីវិតដ៏មានន័យពេញលេញ» នោះការអានបន្ទូលរបស់ព្រះគឺច្បាស់ជាមានប្រយោជន៍ជាងនោះទៅទៀត! ការអានបែបនេះនឹងបើកចិត្តគំនិតរបស់យើងទៅនឹងគំនិត គោលបំណងរបស់ព្រះយេហូវ៉ា ហើយការយល់ដ៏ច្បាស់លាស់នៃសេចក្ដីទាំងនេះនឹងផ្ដល់ឲ្យយើងមានជីវិតដ៏ខ្លឹមសារ។ ម្យ៉ាងទៀត ហេព្រើរ ៤:១២ ចែងថា៖ «ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។ កាលដែលយើងអានបន្ទូលរបស់ព្រះហើយរំពឹងគិត យើងនឹងបានជិតស្និទ្ធអ្នកនិពន្ធ ហើយយើងនឹងកែប្រែជីវិតរបស់យើងដើម្បីឲ្យទ្រង់គាប់ព្រះហឫទ័យនឹងយើងថែមទៀត។ (កាឡាទី ៥:២២, ២៣; អេភេសូរ ៤:២២-២៤) យើងក៏មានចិត្តចង់ប្រាប់អ្នកដទៃអំពីសេចក្ដីពិតដ៏មានតម្លៃដែលយើងអានដែរ។ អ្វីៗទាំងនេះនឹងធ្វើឲ្យមានការសរសើរដល់ព្រះយេហូវ៉ា ជាអ្នកអប់រំដ៏ឧត្តមរបស់យើង។ យ៉ាងប្រាកដណាស់ គឺគ្មានផ្លូវដ៏ប្រសើរណាទៀតក្នុងការប្រើសមត្ថភាពអានរបស់យើងឡើយ!
១១. តើត្រូវរួមបញ្ចូលអ្វីក្នុងកម្មវិធីសិក្សាផ្ទាល់ខ្លួន?
១១ មិនថាចាស់ឬក្មេង យើងត្រូវបានលើកទឹកចិត្តឲ្យរៀនអានឲ្យបានល្អ ពីព្រោះការអានមានមុខនាទីដ៏សំខាន់ក្នុងជីវិតរបស់យើងជាគ្រីស្ទាន។ ក្រៅពីការអានបន្ទូលរបស់ព្រះដ៏ទៀងទាត់ កម្មវិធីដ៏ថ្លឹងថ្លែងនៃការសិក្សាផ្ទាល់ខ្លួនយើង គឺបញ្ចូលការពិចារណាមើលបទគម្ពីរ ដោយប្រើកូនសៀវភៅ ការពិចារណាបទគម្ពីររៀងរាល់ថ្ងៃ ការអានទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ហើយការរៀបចំសំរាប់កិច្ចប្រជុំគ្រីស្ទាន។ ហើយចុះយ៉ាងណាវិញដែរ ចំពោះកិច្ចបំរើគ្រីស្ទាន? យ៉ាងច្បាស់ណាស់ ការផ្សាយជាសាធារណៈ ការត្រឡប់ទៅជួបពួកអ្នកចាប់អារម្មណ៍ ហើយការបង្រៀនព្រះគម្ពីរតាមផ្ទះ ទាំងនេះតម្រូវឲ្យយើងមានសមត្ថភាពអានឲ្យបានល្អ។
ការរៀនសរសេរឲ្យបានច្បាស់
១២. (ក) ហេតុអ្វីក៏សំខាន់ម្ល៉េះក្នុងការរៀនសរសេរឲ្យច្បាស់? (ខ) តើអ្វីជាឯកសារដ៏ឧត្តមដែលបានតែង?
១២ គោលដៅទីពីរគឺថា ការអប់រំដ៏មានការថ្លឹងថ្លែងនឹងជួយយើងឲ្យរៀនសរសេរឲ្យច្បាស់។ ការសរសេរមិនគ្រាន់តែសម្ដែងពាក្យនិងគំនិតរបស់យើងប៉ុណ្ណោះទេ តែរក្សាទុកសេចក្ដីទាំងនោះ។ ជាច្រើនសតវត្សកន្លងទៅនេះ បុរសជាតិយូដាប្រមាណ៤០នាក់បានសរសេរលើក្រដាសផែបផាយរ៉ុសឬស្បែកសត្វ ដែលបានក្លាយទៅជាព្រះគម្ពីរដែលព្រះបានបណ្ដាល។ (ធីម៉ូថេទី២ ៣:១៦) ប្រាកដណាស់ នេះជាឯកសារដ៏ឧត្តមដែលបានតែងមក! គឺគ្មានការសង្ស័យទេ ដែលព្រះយេហូវ៉ាបានដឹកនាំការចម្លងពាក្យបរិសុទ្ធម្ដងហើយម្ដងទៀតក្នុងកំឡុងជាច្រើនសតវត្សកន្លងទៅនេះ ដែលមានមកដល់សម័យយើងតាមបែបបទដែលអាចទុកចិត្តបាន។ តើយើងមិនមានអំណរគុណទេឬ ដែលព្រះយេហូវ៉ាបានផ្ដល់ពាក្យបន្ទូលរបស់ទ្រង់ដោយការសរសេរ ជាជាងពឹងទៅលើការបញ្ជូនមកតាមពាក្យសំដី?—ប្រៀបធៀប និក្ខមនំ ៣៤:២៧, ២៨
១៣. តើអ្វីបង្ហាញថា ពួកអ៊ីស្រាអែលចេះសរសេរ?
១៣ ក្នុងសម័យបុរាណ មានតែមនុស្សដែលមានវណ្ណៈពិសេស ដូចជាពួកអាចារ្យខាងវិន័យក្នុងប្រទេសមែសូផូតាមានិងប្រទេសអេស៊ីបទេ ដែលចេះអានហើយសរសេរ។ ផ្ទុយស្រឡះនឹងសាសន៍ទាំងនេះ ក្នុងប្រទេសអ៊ីស្រាអែលមនុស្សគ្រប់គ្នាត្រូវបានលើកទឹកចិត្តឲ្យរៀនអានហើយសរសេរ។ បញ្ជានៅចោទិយកថា ៦:៨, ៩ ចំពោះជនជាតិអ៊ីស្រាអែលឲ្យសរសេរលើទ្វារផ្ទះរបស់គេ ថ្វីបើជាអត្ថបដិរូបក៏ដោយ បង្ហាញប្រាប់ថាពួកគេចេះសរសេរ។ ពីវ័យក្មេង កូនចៅត្រូវបានបង្រៀនឲ្យសរសេរ។ ប្រក្រតីទិនហ្គេហ្សឺ ជាគំរូដ៏ចាស់បំផុតមួយនៃអក្សរហេព្រើរ ដែលពួកអ្នកវិជ្ជាករខ្លះគិតថា ជាការហាត់សតិនៃកូនសិស្ស។
១៤, ១៥. តើអ្វីខ្លះជាវិធីដ៏មានប្រយោជន៍ហើយត្រឹមត្រូវ ក្នុងការប្រើសមត្ថភាពសរសេរ?
១៤ ប៉ុន្តែ តើតាមរបៀបណាដែលយើងអាចប្រើសមត្ថភាពសរសេរ ក្នុងវិធីដ៏មានប្រយោជន៍ហើយត្រឹមត្រូវ? ប្រាកដណាស់ គឺតាមរយៈការកត់ទុកចំណុចក្នុងកិច្ចប្រជុំគ្រីស្ទាន សន្និបាត និងនៅឯមហាសន្និបាត។ ការសរសេរសំបុត្រមួយ ទោះបីជា«បីបួនពាក្យ»ក៏ដោយ ក៏អាចផ្ដល់ការលើកទឹកចិត្តទៅបុគ្គលដែលឈឺ ឬអាចថ្លែងអំណរគុណដល់បងប្អូនប្រុសស្រីខាងវិញ្ញាណដែលមានចិត្តដ៏សប្បុរសឬយ៉ាងរាក់ទាក់ដល់យើង។ (ពេត្រុសទី១ ៥:១២) បើសិនជាអ្នកណាម្នាក់ក្នុងក្រុមជំនុំមានបុគ្គលស្ងួនភ្ងារបស់គេបានស្លាប់ទៅ ការសរសេរសំបុត្រដ៏សង្ខេបមួយអាច«ជួយកំសាន្ត»ដល់បុគ្គលនោះ។ (ថែស្សាឡូនីចទី១ ៥:១៤) បងស្រីគ្រីស្ទានម្នាក់ដែលម្ដាយបានស្លាប់ដោយរោគមហារីក បានពន្យល់ថា៖ «មិត្តម្នាក់បានសរសេរសំបុត្រឲ្យខ្ញុំដ៏ល្អមួយ។ សំបុត្រនោះគឺមានប្រយោជន៍ណាស់ ពីព្រោះខ្ញុំអាចយកមកអានម្ដងហើយម្ដងទៀត»។
១៥ វិធីដ៏ប្រសើរបំផុតក្នុងការប្រើសមត្ថភាពសរសេរ គឺសំរាប់ផ្ដល់ការសរសើរដល់ព្រះយេហូវ៉ា តាមរយៈការសរសេរសំបុត្រផ្សាយអំពីព្រះរាជាណាចក្រ។ ជួនកាល នេះជាការចាំបាច់ណាស់ក្នុងការទាក់ទងជាមួយបុគ្គលចាប់អារម្មណ៍ថ្មី ដែលរស់នៅកន្លែងដ៏ឆ្ងាយដាច់ពីគេ។ ជម្ងឺអាចធ្វើឲ្យអ្នកមានការពិបាកទៅផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ដូច្នេះសំបុត្រអាចនិយាយតាមរបៀបដែលអ្នកនឹងនិយាយផ្ទាល់ខ្លួន។
១៦, ១៧. (ក) តើការពិសោធអ្វីដែលសម្ដែងប្រាប់នូវតម្លៃនៃការសរសេរសំបុត្រផ្សាយអំពីព្រះរាជាណាចក្រ? (ខ) តើអ្នកអាចដំណាលប្រាប់ការពិសោធស្រដៀងនេះទេ?
១៦ ចូរពិចារណាអំពីការពិសោធមួយ។ ជាច្រើនឆ្នាំកន្លងទៅនេះ ស្មរបន្ទាល់ម្នាក់បានសរសេរសំបុត្រផ្សាយអំពីព្រះរាជាណាចក្រទៅស្ត្រីមេម៉ាយម្នាក់ ដែលប្ដីបានស្លាប់ ហើយដែលបានចុះផ្សាយក្នុងកាសែតប្រចាំតំបន់នោះ។ ប៉ុន្តែគាត់មិនបានទទួលការតបឆ្លើយទេ។ រួចមក ក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៤ គឺ២១ឆ្នាំក្រោយមក ស្មរបន្ទាល់នេះបានទទួលសំបុត្រមួយពីកូនស្រីនៃស្ត្រីនោះ។ កូនស្រីនេះបានសរសេរថា៖
១៧ «ក្នុងខែមេសាឆ្នាំ១៩៧៣ អ្នកបានសរសេរមកម្ដាយខ្ញុំដើម្បីជួយសម្រាលទុក្ខគាត់ក្រោយពីឪពុករបស់ខ្ញុំបានស្លាប់ទៅ។ ពេលនោះ ខ្ញុំមានអាយុតែប្រាំបួនឆ្នាំប៉ុណ្ណោះ។ ម្ដាយខ្ញុំបានសិក្សាព្រះគម្ពីរ តែគាត់មិនទាន់ជាអ្នកបំរើព្រះយេហូវ៉ាទេ។ ប៉ុន្តែ ការសិក្សារបស់គាត់ ក្រោយមកក៏បានធ្វើឲ្យខ្ញុំចូលរួមនឹងសេចក្ដីពិតដែរ។ ក្នុងឆ្នាំ១៩៨៨ ខ្ញុំបានចាប់ផ្ដើមសិក្សាព្រះគម្ពីរ—គឺ១៥ឆ្នាំក្រោយពីបានទទួលសំបុត្ររបស់អ្នក។ ខ្ញុំបានធ្វើបុណ្យជ្រមុជទឹកក្នុងខែមីនា ឆ្នាំ១៩៩០។ ខ្ញុំសូមអរគុណចំពោះសំបុត្ររបស់អ្នកជាច្រើនឆ្នាំមកហើយនេះ ហើយខ្ញុំសប្បាយចិត្តនឹងប្រាប់អ្នកថាពូជដែលអ្នកបានដាំ គឺបានដុះដោយមានជំនួយពីព្រះយេហូវ៉ា។ ម្ដាយខ្ញុំបានឲ្យសំបុត្ររបស់អ្នកឲ្យខ្ញុំរក្សាទុក ហើយខ្ញុំចង់ស្គាល់អ្នកណាស់។ ខ្ញុំសង្ឃឹមថាសំបុត្រនេះនឹងមកដល់អ្នក»។ សំបុត្ររបស់កូនស្រីនេះ ដែលមានអាស័យដ្ឋាននិងលេខទូរស័ព្ទ បានមកដល់ស្មរបន្ទាល់ដែលបានសរសេរជាយូរយារមកហើយមែន។ ចូរគិតអំពីការភ្ញាក់ផ្អើលរបស់ក្មេងស្រីនេះ ពេលដែលនាងបានទទួលទូរស័ព្ទពីស្មរបន្ទាល់នោះ—ដែលនៅសរសេរសំបុត្រប្រាប់អំពីសេចក្ដីសង្ឃឹមរបស់ព្រះរាជាណាចក្រដល់អ្នកដទៃ!
ការលូតលាស់ខាងគំនិត សីលធម៌និងវិញ្ញាណ
១៨. ក្នុងជំនាន់ព្រះគម្ពីរ តើឪពុកម្ដាយមានមុខនាទីយ៉ាងណាខ្លះ ក្នុងការអប់រំកូនចៅរបស់គេខាងគំនិតនិងសីលធម៌?
១៨ គោលដៅទីបី គឺការអប់រំដ៏មានការថ្លឹងថ្លែងនឹងជួយយើងឲ្យលូតលាស់ខាងគំនិតនិងសីលធម៌។ ក្នុងជំនាន់ព្រះគម្ពីរ ការអប់រំកូនចៅខាងគំនិតនិងសីលធម៌ជាមុខនាទីដ៏សំខាន់បំផុតរបស់ឪពុកម្ដាយ។ កូនចៅមិនគ្រាន់តែបង្រៀនឲ្យចេះអាននិងសរសេរប៉ុណ្ណោះទេ តែអ្វីដ៏សំខាន់ជាងនោះទៅទៀត គឺការអប់រំក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដែលទាក់ទងដល់សកម្មភាពនៃជីវិតរបស់គេ។ ដូច្នេះហើយ ការអប់រំរួមបញ្ចូលការបង្រៀនអំពីកាតព្វកិច្ចខាងសាសនា និងគោលការណ៍សំរាប់អាពាហ៍ពិពាហ៍ ទំនាក់ទំនងក្នុងគ្រួសារ និងកាមសីលធម៌ ហើយព្រមទាំងកាតព្វកិច្ចរបស់គេចំពោះមនុស្សគ្នីគ្នា។ ការអប់រំបែបនេះជួយពួកគេឲ្យលូតលាស់មិនគ្រាន់តែខាងគំនិតនិងសីលធម៌ប៉ុណ្ណោះទេ តែខាងវិញ្ញាណដែរ។—ចោទិយកថា ៦:៤-៩, ២០,២១; ១១:១៨-២១
១៩. តើនៅទីណាដែលយើងអាចរកឃើញការអប់រំ ដែលបង្ហាញយើងអំពីកំរិតសីលធម៌ដ៏ប្រសើរសំរាប់រស់នៅ ហើយជួយយើងឲ្យលូតលាស់ខាងវិញ្ញាណ?
១៩ ចុះយ៉ាងណាវិញសព្វថ្ងៃនេះ? ការអប់រំដ៏ល្អគឺសំខាន់ណាស់។ នេះនឹងជួយឲ្យយើងលូតលាស់ខាងគំនិត។ ប៉ុន្តែតើនៅទីណាដែលយើងអាចរកការអប់រំ ដែលជួយយើងឲ្យលូតលាស់ខាងវិញ្ញាណ? ក្នុងក្រុមជំនុំគ្រីស្ទាន យើងមានកម្មវិធីនៃការអប់រំខាងព្រះធិបតេយ្យ ដែលមិនមាននៅទីណាទៀតលើផែនដីនេះ។ តាមរយៈការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួននិងប្រកាសនវត្ថុផ្សេងៗដែលមានមូលដ្ឋានពីព្រះគម្ពីរ ព្រមទាំងការបង្រៀនដែលបានផ្ដល់មកតាមកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត យើងអាចទទួលការអប់រំដ៏មានតម្លៃបំផុត—ការអប់រំរបស់ព្រះ—ដែលឥតគិតថ្លៃ! តើនេះបង្រៀនយើងអំពីអ្វីខ្លះ?
២០. តើការអប់រំនៃព្រះបង្រៀនយើងអ្វីខ្លះ ហើយមានលទ្ធផលយ៉ាងណា?
២០ នៅពេលដែលយើងចាប់ផ្ដើមសិក្សាព្រះគម្ពីរ យើងរៀនអំពីសេចក្ដីបង្រៀននៃព្រះគម្ពីរដ៏សំខាន់ គឺ‹សេចក្ដីបឋមសិក្សា›។ (ហេព្រើរ ៦:១) កាលដែលយើងបន្តសិក្សា យើងទទួលយក«អាហាររឹង»—នោះគឺសេចក្ដីពិតជ្រៅថែមទៀត។ (ហេព្រើរ ៥:១៤) ប៉ុន្តែច្រើនជាងនោះទៅទៀត យើងរៀនអំពីគោលការណ៍ព្រះគម្ពីរដែលបង្រៀនយើងអំពីរបៀបរស់នៅដែលព្រះសព្វព្រះហឫទ័យ។ ជាឧទាហរណ៍ យើងខំចៀសវាងពីទម្លាប់និងការប្រព្រឹត្តដែលធ្វើឲ្យ‹ប្រឡាក់ខាងសាច់ឈាម› ហើយគោរពដល់អាជ្ញាធរ មនុស្សនិងទ្រព្យសម្បត្ដិរបស់អ្នកដទៃ។ (កូរិនថូសទី២ ៧:១; ទីតុស ៣:១, ២; ហេព្រើរ ១៣:៤) ម្យ៉ាងទៀត យើងទទួលស្គាល់សារៈសំខាន់នៃការទៀងត្រង់និងការឧស្សាហ៍ក្នុងកិច្ចការរបស់យើង ហើយនូវតម្លៃនៃការរស់នៅតាមបញ្ញត្តព្រះគម្ពីរដែលស្តីអំពីកាមសីលធម៌។ (កូរិនថូសទី១ ៦:៩, ១០; អេភេសូរ ៤:២៨) កាលដែលយើងអនុវត្តគោលការណ៍ទាំងនេះក្នុងជីវិតរបស់យើង យើងនឹងលូតលាស់ខាងវិញ្ញាណ ហើយទំនាក់ទំនងរបស់យើងជាមួយព្រះនឹងបានជ្រាលជ្រៅ។ ថែមទៅទៀត ចរិយានៃព្រះរបស់យើងនឹងធ្វើឲ្យយើងជារាស្ត្រដ៏ល្អ មិនថាយើងរស់នៅទីណាក៏ដោយ។ ហើយនេះនឹងធ្វើឲ្យអ្នកដទៃដំកើងដល់ប្រភពនៃការអប់រំរបស់ព្រះ—គឺព្រះយេហូវ៉ា។—ពេត្រុសទី១ ២:១២
ការហ្វឹកហ្វឺនដ៏មានប្រយោជន៍សំរាប់ជីវភាពប្រចាំថ្ងៃ
២១. ក្នុងសម័យព្រះគម្ពីរ តើការហ្វឹកហ្វឺនដ៏មានប្រយោជន៍អ្វីដែលកូនចៅបានទទួល?
២១ គោលដៅទីបួននៃការអប់រំដ៏មានការថ្លឹងថ្លែងគឺ ការផ្ដល់ឲ្យបុគ្គលនូវការហ្វឹកហ្វឺនដ៏មានប្រយោជន៍ដែលត្រូវការចាំបាច់សំរាប់ជីវភាពប្រចាំថ្ងៃ។ ការអប់រំពីឪពុកម្ដាយក្នុងសម័យព្រះគម្ពីរ រួមបញ្ចូលការហ្វឹកហ្វឺនដ៏មានប្រយោជន៍។ ក្មេងស្រីៗត្រូវបានបង្រៀនអំពីជំនាញខាងផ្ទះសម្បែង។ ជំពូកចុងបញ្ចប់នៃសុភាសិតបង្ហាញថា ការទាំងនេះច្បាស់ជាមានច្រើនយ៉ាង។ ដូច្នេះ ក្មេងស្រីៗចេះរវៃអំបោះ ត្បាញ ចំអិនអាហារ មើលថែរក្សាផ្ទះសម្បែងទូទៅ ការធ្វើជំនួញ និងកិច្ចការអសង្ហាររិមភណ្ឌ។ ជាធម្មតា ក្មេងប្រុសៗត្រូវបានបង្រៀនពីមុខងាររបស់ឪពុក ដូចជាការធ្វើស្រែ ឬការធ្វើជំនួញឬរបររកស៊ី។ ព្រះយេស៊ូបានរៀនធ្វើជាងឈើពីយ៉ូសែបជាឪពុកចិញ្ចឹម ហើយគេមិនគ្រាន់តែហៅទ្រង់ជា«កូនរបស់ជាងឈើ» តែជា«ជាងឈើ»។—ម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣
២២, ២៣. (ក) តើការអប់រំត្រូវរៀបចំកូនចៅសំរាប់អ្វី? (ខ) តើអ្វីជាបំណងចិត្តរបស់យើង ក្នុងការជ្រើសរើសការអប់រំបន្ថែម ដែលខ្លួនគិតថាជាចាំបាច់?
២២ សព្វថ្ងៃនេះក៏ដូច្នេះដែរ ការអប់រំដ៏មានការថ្លឹងថ្លែងរួមបញ្ចូលទាំងការរៀបចំសំរាប់បំពេញការខ្វះខាតនៃគ្រួសារនៅថ្ងៃណាមួយ។ ពាក្យរបស់សាវ័កប៉ុលក្នុងធីម៉ូថេទី១ ៥:៨ បញ្ជាក់ថាការចិញ្ចឹមគ្រួសារខ្លួនជាកាតព្វកិច្ចពីព្រះ។ គាត់បានសរសេរថា៖ «បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។ បើដូច្នេះ ការអប់រំត្រូវរៀបចំកូនចៅសំរាប់ភារកិច្ចដែលគេនឹងមានក្នុងជីវិត ព្រមទាំងប្រដាប់គេឲ្យទៅជាសមាជិកដ៏ស្វាហាប់ម្នាក់នៃសហគមន៍។
២៣ តើយើងត្រូវស្វែងរកការអប់រំពីលោកីយ៍ដល់កំរិតណា? នេះអាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ ប៉ុន្តែ បើការងារតម្រូវឲ្យមានការហ្វឹកហ្វឺនថែមទៀត លើសពីការអប់រំអប្បបរិមាដែលច្បាប់តម្រូវ នោះគឺស្រេចទៅលើឪពុកម្ដាយក្នុងការណែនាំកូនចៅគេឲ្យសម្រេចចិត្តចំពោះការអប់រំបន្ថែមឬនិងការហ្វឹកហ្វឺន ដោយគិតវែកញែកអំពីប្រយោជន៍និងទំនាស់ការអប់រំបែបនេះ។ ប៉ុន្តែ តើអ្វីជាបំណងចិត្តរបស់ខ្លួនក្នុងការជ្រើសរើសការអប់រំបន្ថែម ដែលខ្លួនគិតថាជាចាំបាច់នោះ? គឺមិនគួរសំរាប់ទ្រព្យសម្បត្ដិ ការដំកើងខ្លួន ឬការសរសើរខ្លួននោះទេ។ (សុភាសិត ១៥:២៥; ធីម៉ូថេទី១ ៦:១៧) ចូរចាំនូវមេរៀនដែលយើងរៀនពីព្រះយេស៊ូ—ការអប់រំត្រូវប្រើសំរាប់សរសើរព្រះយេហូវ៉ា។ បើសិនជាយើងជ្រើសរើសការអប់រំបន្ថែម បំណងចិត្តរបស់យើងគួរតែសំរាប់ទ្រយើងខាងប្រាក់កាសឲ្យគ្រប់គ្រាន់ ដើម្បីឲ្យយើងអាចបំរើព្រះយេហូវ៉ាឲ្យបានពេញលេញក្នុងកិច្ចបំរើគ្រីស្ទាន។—កូល៉ុស ៣:២៣, ២៤
២៤. តើមេរៀនអ្វីដែលបានរៀនពីព្រះយេស៊ូ ដែលយើងមិនត្រូវភ្លេច?
២៤ ដូច្នេះ សូមឲ្យយើងខំខ្នះខ្នែងឲ្យបានហ្មត់ចត់ក្នុងការជ្រើសរើសការអប់រំដ៏មានការថ្លឹងថ្លែង។ សូមឲ្យយើងឆ្លៀតយកប្រយោជន៍ពេញលេញពីកម្មវិធីអប់រំរបស់ព្រះ ដែលផ្ដល់មកតាមរយៈអង្គការរបស់ព្រះយេហូវ៉ា។ ហើយសូមឲ្យយើងកុំភ្លេចអំពីមេរៀនដ៏សំខាន់ដែលយើងបានរៀនពីព្រះយេស៊ូគ្រីស្ទ ជាបុគ្គលដ៏ចេះដឹងជាងគេបំផុតដែលធ្លាប់រស់នៅលើផែនដីនេះ—ការអប់រំត្រូវប្រើ មិនមែនសំរាប់ដំកើងខ្លួនយើងទេ តែសំរាប់សរសើរអ្នកអប់រំដ៏ឧត្តមបំផុត គឺព្រះយេហូវ៉ា!
តើអ្វីជាចម្លើយរបស់អ្នក?
◻ តើព្រះយេស៊ូបានប្រើការអប់រំរបស់ទ្រង់យ៉ាងដូចម្ដេច?
◻ ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះក្នុងការរៀនអានឲ្យបានល្អ?
◻ តើតាមរបៀបណាដែលយើងអាចប្រើសមត្ថភាពសរសេរ ដើម្បីសរសើរព្រះយេហូវ៉ា?
◻ តើការអប់រំរបស់ព្រះជួយយើងឲ្យលូតលាស់ខាងសីលធម៌និងវិញ្ញាណយ៉ាងដូចម្ដេច?
◻ តើការហ្វឹកហ្វឺនដ៏មានប្រយោជន៍ណា ដែលការអប់រំដ៏មានការថ្លឹងថ្លែងត្រូវរួមបញ្ចូល?
[ប្រអប់នៅទំព័រ១០]
ជំនួយដ៏មានប្រយោជន៍សំរាប់ពួកអ្នកអប់រំ
នៅឯមហាសន្និបាត«ពួកអ្នកសរសើរដ៏រីករាយ»ក្នុងកំឡុងឆ្នាំ១៩៩៥/៩៦ សមាគមប៉មយាមបានបញ្ចេញសៀវភៅស្តើងមួយដែលមានចំណងជើង ស្មរបន្ទាល់ព្រះយេហូវ៉ានិងការអប់រំ។ សៀវភៅស្តើងដែលមាន៣២ទំព័រ ហើយច្រើនពណ៌នេះ បានបោះពុម្ពមកសំរាប់ពួកអ្នកអប់រំ។ មកដល់ឥឡូវនេះគឺត្រូវបានបកប្រែជាង៥៨ភាសា។
ហេតុអ្វីក៏មានសៀវភៅស្តើងសំរាប់ពួកអ្នកអប់រំដូច្នេះ? គឺដើម្បីជួយពួកគេឲ្យយល់ច្បាស់លាស់ថែមទៀតអំពីជំនឿរបស់សិស្ស ដែលជាកូនចៅរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ តើសៀវភៅស្តើងនេះមានអ្វីខ្លះ? តាមវិធីដ៏ស្រួលយល់ហើយតាមបែបបទដ៏មានប្រយោជន៍ សៀវភៅនេះពន្យល់អំពីទស្សនៈរបស់យើងចំពោះបញ្ហាដូចជា ការអប់រំបន្ថែម ខួបកំណើត និងបុណ្យណូអែល ហើយការគោរពទង់ជ័យ។ សៀវភៅស្តើងនេះក៏ធានារ៉ាប់រងពួកអ្នកអប់រំថា យើងចង់ឲ្យកូនចៅរបស់យើងទទួលយកប្រយោជន៍ដ៏ល្អពីសាលា ហើយយើងស្ម័គ្រចិត្តធ្វើតាមពួកអ្នកអប់រំ ដោយយកចិត្តទុកដាក់នឹងការអប់រំរបស់កូនចៅរបស់យើង។
តើសៀវភៅការអប់រំស្តើងនេះនឹងអាចប្រើបានយ៉ាងដូចម្ដេច? ដោយសារសៀវភៅនេះបានរៀបចំមកសំរាប់ពួកអ្នកអប់រំ ចូរឲ្យយើងចែកចាយទៅពួកគ្រូ ចាងហ្វាង និងពួកអ្នកផ្លូវការឯទៀតនៅឯសាលា។ សូមឲ្យសៀវភៅស្តើងថ្មីនេះ ជួយពួកអ្នកអប់រំឲ្យយល់អំពីទស្សនៈនិងជំនឿរបស់យើង ហើយអំពីមូលហេតុដែលជួនកាលយើងទាមទារចង់បានសិទ្ធិឲ្យប្លែកពីគេ។ ឪពុកម្ដាយបានត្រូវដាស់តឿនឲ្យប្រើសៀវភៅស្តើងនេះ ជាមូលដ្ឋានសំរាប់ការពិគ្រោះផ្ទាល់ខ្លួន ជាមួយពួកអ្នកអប់រំរបស់កូនចៅគេ។
[រូបភាពនៅទំព័រ៧]
ក្នុងអ៊ីស្រាអែលពីសម័យបុរាណការអប់រំត្រូវបានចាត់ទុកជាសំខាន់ណាស់