ការទប់ទល់នឹងការរងទុក្ខនូវភាពមិនស្មើគ្នា
ព្រះអាទិទេពមិនយូរប៉ុន្មានទៀតនឹងនាំឲ្យមានភាពស្មើគ្នា ដែលមនុស្សចង់បានជាខ្លាំងនោះ។ ទំរាំដល់ពេលនោះ យ៉ាងហោចណាស់ យើងអាចចាត់វិធានការដើម្បីទប់ទល់នឹងការរងទុក្ខនូវភាពមិនស្មើគ្នា ដែលមានឥទ្ធិពលលើយើងនិងក្រុមគ្រួសាររបស់យើង។ ដូចជា នែលសិន ម៉ាន់ដិល្លា អតីតប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង បានសង្កេតឃើញថា «នេះជាអ្វីដែលយើងធ្វើនឹងអ្វីដែលយើងមាន មិនមែនជាអ្វីដែលបានផ្ដល់មកឲ្យយើង ដែលញែកបុគ្គលម្នាក់ចេញពីម្នាក់ទៀតនោះទេ»។
ប្រវត្ដិសាស្ត្របញ្ជាក់ពាក្យរបស់លោក។ ពួកបុរសនិងស្ត្រីជាច្រើន ដែលបានទទួលតិចតួចនៅពេលកើតមក ក៏ប៉ុន្តែដោយខំប្រើប្រាស់នូវអ្វីដែលគេមាន ក៏បានទទួលជោគជ័យ ដែលញែកគេចេញពីគូកនដែលប្រហែលជាមានសមត្ថភាពជាងគេនោះ។ ផ្ទុយទៅវិញ ពួកបុគ្គលឯទៀតដែលបានពរយ៉ាងវិសេស ហើយមានទទួលប្រយោជន៍ពីកំណើត បានខ្ជះខ្ជាយនូវអ្វីដែលគេមាន ហើយឥតបានប្រើប្រាស់ឲ្យបានពេញលេញឡើយ។
ឆ្លៀតយកប្រយោជន៍នូវអ្វីដែលអ្នកមាន!
ស្មរបន្ទាល់ព្រះយេហូវ៉ាគឺចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជួយមនុស្ស ឲ្យទទួលចំណេះអំពីគោលបំណងរបស់ព្រះតាមរយៈការសិក្សាព្រះគម្ពីរ។ ក៏ប៉ុន្តែ ពួកគេដឹងថា ដើម្បីឲ្យបានប្រយោជន៍ច្រើនពីពត៌មានក្នុងព្រះគម្ពីរ មនុស្សត្រូវតែចេះអក្សរ។ ចំពោះមូលហេតុនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្រៀនមនុស្សរាប់ម៉ឺននាក់ឲ្យចេះអានចេះសរសេរ ដែលរួមបញ្ចូលមនុស្ស២៣.០០០នាក់ (នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៩០) គ្រាន់តែនៅក្នុងប្រទេសមួយនៅទ្វីបអាហ្វ្រិកខាងលិចប៉ុណ្ណោះ។ ក្នុងការសំដៅទៅកិច្ចការដ៏អស្ចារ្យក្នុងសង្គម ដែលស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើនោះ សារពត៌មានសានហ្វ្រានស៊ីសកូអ៊ិហ្កហ៊ែ<mc987>មិណឺ (ភាសាអង់គ្លេស) បានកត់សម្គាល់ថា៖ «អ្នកប្រហែលជាចាត់ទុកគេជាពលរដ្ឋដែលធ្វើជាគំរូឲ្យគេ។ ពួកគេបង់ពន្ធដោយយកចិត្តទុកដាក់ មើលពួកអ្នកឈឺ ទប់ស្កាត់នឹងភាពមិនចេះអក្សរ»។
បន្ថែមទៀតនោះ តាមរយៈមុខវិជ្ជាដែលនាំឲ្យជឿនលឿនក្នុងការនិយាយជាសាធារណៈ នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានអប់រំមនុស្សរាប់រយពាន់នាក់ ឲ្យក្លាយទៅជាអ្នកអធិប្បាយដែលមានសមត្ថភាព ដែលអាចនិយាយយ៉ាងថ្នឹកតាមសាធារណៈ។ ក្នុងចំណោមពួកមនុស្សរាប់ពាន់នាក់ទាំងនេះ គឺជាមនុស្សខ្លះ ដែលពីមុនមានបញ្ហាយ៉ាងខ្លាំងខាងការនិយាយ។ ចូរពិចារណាមើលបុរសម្នាក់ពីប្រទេសអាហ្វ្រិកខាងត្បូង ដែលសរសេរថា៖ «សំដីត្រដិតរបស់ខ្ញុំគឺនាំឲ្យអាក្រក់ដល់ម្ល៉េះ ដែលខ្ញុំបានក្លាយទៅជាមនុស្សដែលខ្វល់តែនឹងខ្លួនឯង ដែលជាធម្មតាពឹងលើអ្នកដទៃឲ្យនិយាយជំនួសខ្ញុំ។ . . . នៅពេលដែលខ្ញុំបានចុះឈ្មោះនៅសាលាកិច្ចបំរើព្រះធិបតេយ្យ ហើយត្រូវតែធ្វើអំនានព្រះគម្ពីរនៅពីមុខពួកអ្នកស្ដាប់តិចតួចនោះ . . . ខ្ញុំបាននិយាយត្រដិតដល់ម្ល៉េះ ដែលខ្ញុំមិនអាចបញ្ចប់អំនាននោះក្នុងពេលដែលកំណត់ឲ្យ។ ក្រោយពីកិច្ចប្រជុំ នោះ[អ្នកឲ្យឱវាទ] ដោយសប្បុរសបានឲ្យខ្ញុំនូវយោបល់ដ៏មានប្រយោជន៍។ គាត់បានឲ្យយោបល់ថា ឲ្យខ្ញុំហាត់អានឲ្យឮៗដោយខ្លួនឯង។ ខ្ញុំបានធ្វើដូចនេះ ដោយចំណាយពេលរៀងរាល់ថ្ងៃ អានឮៗពីព្រះគម្ពីរ និងពីទស្សនាវដ្ដីប៉មយាម»។ បុរសនេះបានរីកចំរើនល្អដល់ម្ល៉េះ ដែលឥឡូវគាត់ថ្លែងសុន្ទរកថាតាមសាធារណៈ ដែលមានពួកអ្នកស្ដាប់រហូតដល់រាប់រយ ព្រមទាំងរាប់ពាន់នាក់ផង។
មានភាពស្មើគ្នាក្នុងចំណោមបងប្អូន
បើស្តីអំពីការអប់រំ ការមើលថែរក្សាខាងសុខភាព សេដ្ឋកិច្ច និងឋានៈក្នុងសង្គម នោះកាលៈទេសៈក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាគឺមានខុសៗគ្នាយ៉ាងខ្លាំង។ ការខុសគ្នាទាំងនេះ គ្រាន់តែជាការបង្ហាញឲ្យឃើញនូវស្ថានភាពដ៏ឥតគ្រប់ល័ក្ខណ៍ក្នុងលោកីយ៍ ដែលគេកំពុងរស់នៅនេះ។ ក៏ប៉ុន្តែ បើប្រៀបធៀបនឹងក្រុមសាសនាឯទៀត នោះការប្រកាន់ខាងសាសន៍ សង្គម និងសេដ្ឋកិច្ច បានត្រូវបំបាត់ចោលយ៉ាងច្រើនពីពួកគេ។
ពួកគេបានសម្រេចការនេះ ដោយខំធ្វើអស់ពីសមត្ថភាពក្នុងការអនុវត្តន៍អ្វីដែលគេបានរៀនពីព្រះគម្ពីរ។ ពួកគេទទួលយកគោលការណ៍ព្រះគម្ពីរដោយអស់ពីចិត្ត ដែលមានដូចជា៖ «ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។ (សាំយូអែលទី១ ១៦:៧) «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន»។—រ៉ូម ១២:១៧, ១៨; សូមមើលដែរនូវធីម៉ូថេទី១ ៦:១៧-១៩; យ៉ាកុប ២:៥, ៩
ការកាន់ឲ្យបានល្អិតល្អន់នឹងគោលការណ៍ព្រះគម្ពីរទាំងនេះ ដែលបណ្ដាលឲ្យមានសាមគ្គីភាព នោះស្មរបន្ទាល់ព្រះយេហូវ៉ាបដិសេធមិនបណ្ដោយឲ្យមានក្នុងចំណោមពួកគេ នូវការប្រព្រឹត្តនៃភាពមិនស្មើគ្នា ដែលមានមូលដ្ឋានលើការខុសគ្នាខាងពូជសាសន៍ សង្គម ឬខាងសេដ្ឋកិច្ចនោះឡើយ។ ជាឧទាហរណ៍ កត្ដាទាំងនេះឥតមានចំណែកក្នុងការសម្រេច ថានរណានឹងឲ្យឯកសិទ្ធិនៃកិច្ចបំរើទៅអ្នកណាមួយនៅក្នុងក្រុមជំនុំគ្រីស្ទានឡើយ។ ឋានៈនៃការមើលទទួលខុសត្រូវ ដូចជាការបង្រៀននិងការត្រួតពិនិត្យ គឺផ្ដល់ឲ្យដែលមានមូលដ្ឋានលើគុណវុឌ្ឍិខាងវិញ្ញាណប៉ុណ្ណោះ។—ធីម៉ូថេទី១ ៣:១-១៣; ទីតុស ១:៥-៩
ចំពោះបុគ្គលដែលបានរងទុក្ខនឹងភាពមិនស្មើគ្នានៃពិភពលោកដ៏ល្អៀងនេះ ជាការគួរឲ្យត្រជាក់ចិត្តយ៉ាងណាទៅហ្ន៎ ដោយមានអ្នកដទៃប្រព្រឹត្តនឹងគេជាបងប្អូនប្រុសស្រី ដែលមានឋានៈស្មើគ្នានៅពីមុខព្រះដ៏ជាអ្នកបង្កើតរបស់គេ! ម៉ាធីនាអាចបញ្ជាក់នឹងរឿងនេះ។ ក្រោយពីឪពុករបស់នាងបានរត់ចោលក្រុមគ្រួសារ នោះនាងបានចិញ្ចឹមក្នុងគ្រួសារដ៏ក្រមួយ ដែលមានតែម្ដាយ។ គេបានប្រព្រឹត្តនឹងនាងដូចជាអ្នកដែលគេបន្សាត់ចោលក្នុងសង្គម ហើយឥតសូវមានការទុកចិត្តនឹងខ្លួន និងមានការពិបាកចុះចូលជាមួយអ្នកដទៃ។ នាងបានបណ្ដុះបណ្ដាលអាកប្បកិរិយា មិនចេះខ្វល់នឹងអ្វីឡើយ។ ក៏ប៉ុន្តែ រឿងនេះបានប្រែប្រួល ក្រោយពីនាងបានចាប់ផ្ដើមរៀនព្រះគម្ពីរ ហើយបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា។ នាងនិយាយថា៖ «ខ្ញុំនៅតែប្រយុទ្ធនឹងគំនិតអវិជ្ជមាន ក៏ប៉ុន្តែឥឡូវខ្ញុំអាចប្រឈមនឹងបញ្ហានេះបានប្រសើរជាង។ ការគោរពខ្លួនខ្ញុំក៏បានប្រសើរឡើង ហើយខ្ញុំអាចនិយាយដោយមានការទុកចិត្តខ្លាំងជាង។ សេចក្ដីពិតបានឲ្យខ្ញុំមាននូវការទទួលខុសត្រូវ។ ឥឡូវខ្ញុំដឹងថា ព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ ហើយថា ជីវិតគឺគួរឲ្យចង់រស់នៅ»។
ជាក្រុមគ្រីស្ទានអន្តរជាតិ នោះស្មរបន្ទាល់ព្រះយេហូវ៉ាដែលនៅជាង២៣០ប្រទេស មានភាពស្មើគ្នាមួយកំរិត ដែលពិតជាចម្លែកអស្ចារ្យនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ តើអង្គការសាសនាណាមួយអាចធ្វើការអះអាងដូចនេះ ហើយគាំទ្រដោយហេតុការណ៍បានឬទេ?
ប្រាកដហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាគឺប្រាកដនិយម។ ពួកគេសារភាពដោយឥតស្ទាក់ស្ទើរ ថាជាផលិតផលក្នុងបរិវេណដែលឥតគ្រប់ល័ក្ខណ៍ នោះគេមិនអាចដកចោលភាពមិនស្មើគ្នា ជាងបុគ្គលណាដែលខំប្រឹងធ្វើដូចនេះជាច្រើនសតវត្សមកហើយនេះ ហើយបានទទួលបរាជ័យនោះទេ។ យ៉ាងណាក៏ដោយ ពួកគេមានការរីករាយនៅក្នុងចំណោមគេ ពួកគេបានធ្វើច្រើនដើម្បីធ្វើឲ្យមិនមុតដល់មុខរបស់វា។ ហើយដោយមានជំនឿដ៏មុតមាំលើសេចក្ដីសន្យារបស់ព្រះ នោះពួកគេសង្ឃឹមទៅពិភពលោកថ្មីនៃសេចក្ដីសុចរិត ដែលភាពមិនស្មើគ្នានឹងជារបស់នៅអតីតកាលរៀងរហូតទៅ។
ត្រូវហើយ មនុស្សដែលស្ដាប់បង្គាប់ទាំងអស់ មិនយូរប៉ុន្មានទៀតនឹងត្រូវស្ដារឡើងវិញដល់ភាពស្មើគ្នា ដែល«មានសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ» ដែលព្រះអាទិទេពរបស់គេបានមានបំណងសំរាប់គេ ឲ្យទទួលនៅដើមដំបូងនោះ។ តើនេះជាគំនិតដ៏ល្អអស្ចារ្យយ៉ាងណាទៅហ្ន៎! ហើយម្ដងនេះ គឺនឹងជាការណ៍ពិតមែន!
[រូបភាពនៅទំព័រ៧]
ស្មរបន្ទាល់ព្រះយេហូវ៉ាទប់ស្កាត់នឹងការឥតចេះអក្សរ ដោយបង្រៀនមនុស្សរាប់ពាន់នាក់ឲ្យចេះអាននិងចេះសរសេរ
[រូបភាពនៅទំព័រ៨]
សេចក្ដីពិតក្នុងព្រះគម្ពីរជួយបំបាត់ចោលនូវការប្រកាន់ខាងពូជសាសន៍ ខាងសង្គម និងខាងសេដ្ឋកិច្ច