ភាពមិនស្មើគ្នា—តើព្រះមានបំណងបែបនេះឬ?
ចម្លើយក្នុងពាក្យមួយម៉ាត់គឺ ទេ។ សូមឲ្យយើងពិនិត្យមើលមូលហេតុ។
ព្រះទ្រង់បានមានបំណងឲ្យមនុស្សគ្រប់រូប មានឱកាសស្មើគ្នា ដើម្បីឲ្យសប្បាយនឹងជីវិត ហើយបានសុភមង្គល។ ស្តីអំពីការបង្កើតរបស់មនុស្ស នោះយើងអានថា៖ «ទ្រង់ក៏មានបន្ទូលថា៖ ‹ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅផែនដីផង›»។ បន្ទាប់ពីទីបញ្ចប់នៃការបង្កើតនៅលើផែនដី «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្តិ ១:២៦, ៣១
តើព្រះអាចប្រកាសសភាពដ៏អភ័ព្វនៃភាពមិនស្មើគ្នាសព្វថ្ងៃនេះ«ជាការល្អប្រពៃ»ឬទេ? មិនទាល់តែសោះ ដ្បិត«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) គឺបាននិយាយអំពីទ្រង់ ថាទ្រង់«មិនរើសមុខនរណាឡើយ» ហើយថា«ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ១០:១៧, ព្រះគម្ពីរខ្មែរសម្រាយ; ចោទិយកថា ៣២:៤; ប្រៀបមើល យ៉ូប ៣៤:១៩) ហើយសាវ័កពេត្រុសបានសន្និដ្ឋានថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។—កិច្ចការ ១០:៣៤, ៣៥
ដោយព្រោះព្រះប្រកបដោយសេចក្ដីស្រឡាញ់ ឥតរើសមុខ យុត្ដិធម៌ ទៀងត្រង់ និងសុចរិត តើយ៉ាងដូចម្ដេចដែលទ្រង់បានបង្កើតមនុស្សដោយមានភាពមិនស្មើគ្នាពីកំណើត ស្តីអំពីសិទ្ធិរបស់គេចំពោះការមានសុភមង្គលនោះ? ការអនុញ្ញាតឲ្យមានការប្រកាន់សាសន៍ក្នុងចំណោមមនុស្ស ហើយការទុកគេក្នុងរបបនៃភាពមិនស្មើគ្នា គឺជាអ្វីដែលខុសស្រឡះនឹងបុគ្គលិកលក្ខណៈរបស់ទ្រង់ហើយ។ ទ្រង់បានមានបំណងថា ពួកគេត្រូវ«កើតមកដោយមានសេរីភាព ហើយមានសេចក្ដីថ្លៃថ្នូរនិងសិទ្ធិស្មើគ្នា»។ ក៏ប៉ុន្តែ សព្វថ្ងៃនេះគឺមិនឃើញថាអ៊ីចឹងនោះឡើយ។ ហេតុអ្វីក៏ដូច្នេះ?
ដើមហេតុនៃភាពមិនស្មើគ្នា
ដែលព្រះបានបង្កើតមនុស្សឲ្យស្មើគ្នា មិនមានសេចក្ដីថា ទ្រង់បានមានបំណងឲ្យគេបានស្មើគ្នាក្នុងគ្រប់ប្រការនោះទេ។ ពួកគេអាចខុសគ្នាក្នុងការប៉ិនប្រសប់ ការចាប់អារម្មណ៍ និងបុគ្គលិកលក្ខណៈ។ ពួកគេក៏អាចខុសគ្នាស្តីអំពីឋានៈឬកំរិតនៃអំណាចនោះដែរ។ ជាឧទាហរណ៍ បុរសនិងស្ត្រីឥតស្មើគ្នាក្នុងគ្រប់ប្រការឡើយ ក៏ប៉ុន្តែព្រះបានបង្កើតស្ត្រី«ជាគូបង្គ្រប់»របស់បុរស។ (លោកុប្បត្តិ ២:១៨, ព.ថ.) ឪពុកម្ដាយនិងកូនៗគឺខុសគ្នាស្តីអំពីអំណាច។ ក៏ប៉ុន្តែ ទោះជាមានការខុសគ្នានេះក៏ដោយ ទាំងអស់គ្នា បុរស ស្ត្រី និងកូនៗ បានត្រូវបង្កើតមកឲ្យមាននូវសិទ្ធិដែលព្រះបានប្រទានឲ្យ គឺឱកាសស្មើគ្នា ដើម្បីធ្វើឲ្យស្កប់នូវតម្រូវការសំរាប់សុភមង្គល។ ពួកគេទាំងអស់គ្នានឹងមានសេចក្ដីថ្លៃថ្នូរនិងឋានៈស្មើគ្នានៅចំពោះព្រះ។
ស្រដៀងគ្នាដែរ ពួកបុត្រាខាងវិញ្ញាណរបស់ទ្រង់ ដែលបានបង្កើតមុនមនុស្សជាតិ បានត្រូវផ្ដល់ឲ្យនូវកិច្ចការនិងភារកិច្ចផ្សេងៗគ្នា។ (លោកុប្បត្តិ ៣:២៤; ១៦:៧-១១; អេសាយ ៦:៦; យូដាស ៩) យ៉ាងណាក៏ដោយ នៅក្នុងកំរិតនៃអ្វីដែលគេបានត្រូវផ្ដល់ឲ្យនោះ ទាំងអស់គ្នាអាចមានសំវិធានការរបស់ព្រះចំពោះជីវិត និងសុភមង្គល ដែលមានកំរិតស្មើគ្នា។ ដូច្នេះហើយពួកគេនេះបង្ហាញឲ្យឃើញនូវភាពឥតរើសមុខរបស់ព្រះ តាមរបៀបដ៏អស្ចារ្យ។
គួរឲ្យសោកស្ដាយណាស់ បុគ្គលវិញ្ញាណម្នាក់ឥតស្កប់ចិត្តនឹងរបៀបរៀបចំដ៏ឥតរើសមុខនេះរបស់ព្រះឡើយ។ វាចង់បានច្រើនជាងអ្វីដែលព្រះបានប្រទានឲ្យវា ចង់បានខ្លាំងនូវឋានៈដ៏ខ្ពស់ជាងមួយ។ ដោយបណ្ដុះបណ្ដាលសេចក្ដីប្រាថ្នាដ៏ខុសនេះ វាក៏លើកខ្លួនវាជំទាស់នឹងព្រះយេហូវ៉ា ដែលជាព្រះអាទិទេព ដែលមានឋានៈយ៉ាងឧត្តមត្រឹមត្រូវបំផុត។ រាជបុត្រាវិញ្ញាណដ៏បះបោរនេះរបស់ព្រះ ក្រោយមកបានល្បួងមនុស្សឲ្យទាមទារពីព្រះ ច្រើនជាងអ្វីដែលទ្រង់បានប្រទានឲ្យដល់គេ។ (លោកុប្បត្តិ ៣:១-៦; ប្រៀបមើល អេសាយ ១៤:១២-១៤) ដូច្នេះហើយ សំវិធានការរបស់ព្រះយេហូវ៉ាសំរាប់មនុស្សជាតិឲ្យមានជីវិតនិងសុភមង្គល បានក្លាយទៅជាមានការលំអៀងយ៉ាងខ្លាំង។ បុគ្គលវិញ្ញាណដ៏បះបោរនេះ ដែលបានត្រូវសម្គាល់នៅវិវរណៈ ២០:២ ជា«អារក្សឈ្មោះថា សាតាំង» បានក្លាយទៅជាអ្នកអាក្រក់ដែលបានញុះញង់ឲ្យមានភាពមិនស្មើគ្នារបស់មនុស្សជាតិ។
តើស្ថានភាពនេះនឹងផ្លាស់ប្ដូរបានឬទេ?
ចម្លើយក្នុងពាក្យមួយម៉ាត់ គឺអាច!
ក៏ប៉ុន្តែ តើអ្នកណាដែលអាចនាំឲ្យមានការផ្លាស់ប្ដូរដែលជាទីចង់បាននេះ? ពួកមេដឹកនាំខ្លះរបស់មនុស្ស ដោយស្មោះអស់ពីចិត្ត បានខំប្រឹងធ្វើជាច្រើនសតវត្សមកហើយ។ ការជោគជ័យរបស់គេគឺមានតិចតួច ដែលនាំឲ្យមនុស្សជាច្រើនសន្និដ្ឋានថា គឺមិនជាសមហេតុផលក្នុងការសង្ឃឹមថា បញ្ហានៃភាពមិនស្មើគ្នារបស់មនុស្សនឹងអាចដោះស្រាយបាននោះ។ ក៏ប៉ុន្តែ តាមទស្សនៈរបស់ព្រះ ដែលបានកត់ទុកនៅក្នុងអេសាយ ៥៥:១០, ១១ គឺថា៖ «ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។
គឺគួរឲ្យសម្រាលទុក្ខមែន ដោយដឹងថាព្រះយេហូវ៉ាបានប្រកាសថា ទ្រង់នឹងសម្រេចគោលបំណងដើមរបស់ទ្រង់ ដើម្បីផ្ដល់ឲ្យមនុស្សគ្រប់រូបនូវឱកាសស្មើគ្នា ចំពោះជីវិតនិងសុភមង្គល! ជាព្រះនៃសេចក្ដីពិត ទ្រង់បានជំរុញអង្គទ្រង់ដើម្បីបំពេញអ្វីៗដែលទ្រង់បានសន្យា។ គួរឲ្យសប្បាយមែន ទ្រង់មានទាំងបំណងនិងអំណាចដើម្បីនឹងធ្វើអ៊ីចឹង។ តើទ្រង់នឹងសម្រេចការនេះយ៉ាងដូចម្ដេច?
ចម្លើយគឺទាក់ទងនឹងព្រះរាជាណាចក្រ ដែលព្រះយេស៊ូគ្រីស្ទបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋាន ដែលថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ . . . សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) ត្រូវហើយ ព្រះរាជាណាចក្រនៃព្រះគឺជាខ្សែរយៈដែលព្រះយេហូវ៉ានឹងប្រើ ដើម្បី«នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[ដែលមានអត្ថិភាពសព្វថ្ងៃ]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្រនេះដែលនៅស្ថានសួគ៌ នោះសង្គមមនុស្សថ្មីនឹងមានឡើង។ ស្តីអំពីករណីនេះ សាវ័កយ៉ូហានបានសរសេរនៅក្នុងសៀវភៅព្រះគម្ពីរវិវរណៈ ដែលជាសៀវភៅចុងក្រោយគេ ដោយថា៖ «រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:១) ភាពមិនស្មើគ្នាដ៏អាក្រក់ទាំងឡាយនឹងសាបសូន្យបាត់អស់ហើយ ដូចជា ភាពក្រីក្រ ជម្ងឺ ភាពល្ងង់ខ្លៅ ការប្រកាន់ពូជសាសន៍ និងសេចក្ដីវេទនាឯទៀតរបស់មនុស្ស។a
អស់ជាងមួយសតវត្សហើយ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានបំបែរអារម្មណ៍របស់មនុស្សទៅឯព្រះរាជាណាចក្រនោះ។ (ម៉ាថាយ ២៤:១៤) តាមរយៈប្រកាសនវត្ថុនិងជំនួយផ្ទាល់ខ្លួន នោះគេបានខំប្រឹងជួយមនុស្សឲ្យក្រេបយកចំណេះអំពីគោលបំណងរបស់ព្រះ ដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ។ ក៏ប៉ុន្តែ កិច្ចការអប់រំរបស់គេនៅក្នុងពិភពលោក មិនគ្រាន់តែឲ្យមនុស្សនូវសេចក្ដីសង្ឃឹមនៃការរស់នៅ ដោយស្មើគ្នានិងដោយសុភមង្គលនៅអនាគតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បាននាំឲ្យមានប្រយោជន៍ក្នុងគ្រាឥឡូវនេះ ក្នុងការទប់ទល់នឹងទុក្ខវេទនាដោយព្រោះមានភាពមិនស្មើគ្នា។ សូមឲ្យយើងពិនិត្យមើលតើតាមរបៀបណា?
[កំណត់សម្គាល់]
a ចំពោះការពិគ្រោះដ៏ពេញលេញទៀត អំពីរបៀបដែលព្រះរាជាណាចក្រនៃព្រះ មិនយូរប៉ុន្មាននឹងនាំឲ្យមានភាពស្មើគ្នាដល់មនុស្សគ្រប់រូប សូមមើលជំពូក១០ និងជំពូក១១ នៃសៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
[ឃ្លាអក្សរធំនៅទំព័រ៥]
ព្រះបានមានបំណងថា មនុស្សគ្រប់រូបត្រូវមានឱកាសស្មើគ្នាចំពោះជីវិតនិងសុភមង្គល