ការរងទុក្ខនាបច្ចុប្បន្ននេះនូវភាពមិនស្មើគ្នា
«យើងកាន់សេចក្ដីពិតទាំងនេះជាអ្វីដែលឃើញច្បាស់ក្រឡែតថាមនុស្សទាំងអស់បានត្រូវបង្កើតមកមានភាពស្មើគ្នា ព្រះដ៏ជាអ្នកបង្កើតរបស់គេ ប្រគល់ឲ្យពួកគេ មានសិទ្ធិខ្លះដែលហូតចេញមិនបានទេ ហើយក្នុងចំណោមសិទ្ធិទាំងនេះ គឺជាជីវិត សេរីភាព និងការស្វះស្វែងរកសុភមង្គល»។—ការប្រកាសនូវឯករាជ្យភាព ដែលបានអនុម័តយកដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៧៧៦។
«មនុស្សទាំងអស់កើតមកដោយមានសេរីភាពនិងមានសិទ្ធិស្មើគ្នា»។—ការប្រកាសនូវសិទ្ធិរបស់មនុស្សនិងប្រជាពលរដ្ឋ ដែលបានអនុម័តយកដោយសភាជាតិនៅប្រទេសបារាំងក្នុងឆ្នាំ១៧៨៩។
«មនុស្សជាតិទាំងអស់កើតមកដោយមានសេរីភាព ហើយមានសេចក្ដីថ្លៃថ្នូរនិងសិទ្ធិស្មើគ្នា»។—ការប្រកាសនូវសិទ្ធិរបស់មនុស្សក្នុងសកលលោក ដែលបានអនុម័តយកដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៤៨។
គឺគ្មានការសង្ស័យអំពីរឿងនេះឡើយ។ ក្នុងចំណោមមនុស្សជាតិ សេចក្ដីប្រាថ្នាចង់បានភាពស្មើគ្នាគឺមានទូទាំងសកលលោកនេះ។ ក៏ប៉ុន្តែគួរឲ្យស្ដាយណាស់ ហេតុការណ៍ដែលគំនិតនេះអំពីភាពស្មើគ្នារបស់មនុស្ស ត្រូវតែធ្វើឡើងម្ដងហើយម្ដងទៀតយ៉ាងញឹកញាប់ នេះបង្ហាញភស្តុតាងថា មកដល់ឥឡូវភាពស្មើគ្នាមិនអាចយកជាការបានក្នុងមនុស្សជាតិទេ។
តើមានបុគ្គលណាម្នាក់ដែលអាចប្រកែកដោយមានហេតុ ថាឥឡូវនៅជិតទីបញ្ចប់នៃសតវត្សទី២០នេះ រឿងនេះបានប្រែប្រួលឲ្យបានប្រសើរឡើងឬទេ? តើប្រជាពលរដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកនិងប្រទេសបារាំង ឬប្រជាពលរដ្ឋនៅក្នុង១៨៥ប្រទេសដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ពិតជាមានសិទ្ធិស្មើគ្នា ដែលគេបានអះអាងថាមានពីកំណើតមកឬ?
ទោះជាមតិខាងភាពស្មើគ្នាក្នុងចំណោមមនុស្សជាតិ ប្រហែលជា«ឃើញច្បាស់ក្រឡែត» នោះសិទ្ធិចំពោះ«ជីវិត សេរីភាព និងការស្វះស្វែងរកសុភមង្គល» ក៏គ្មានភាពស្មើគ្នាក្នុងករណីមនុស្សគ្រប់រូបឡើយ។ ជាឧទាហរណ៍ តើយើងអាចនិយាយយ៉ាងណាអំពីសិទ្ធិស្មើគ្នាក្នុងជីវិត កាលដែលកូនម្នាក់នៅក្នុងទ្វីបអាហ្វ្រិកមានគ្រូពេទ្យម្នាក់ចែកជាមួយនឹងមនុស្ស២៥៦៩នាក់ឯទៀត ចំណែកឯកូនម្នាក់នៅទ្វីបអឺរ៉ុបមានគ្រូពេទ្យម្នាក់ចែកជាមួយនឹង២៨៩នាក់នោះ? ឬក៏តើមានសិទ្ធិស្មើគ្នាក្នុងសេរីភាព និងការស្វែងរកសុភមង្គលនៅឯណា ពេលដែលមួយភាគបីនៃក្មេងប្រុសនិងពីរភាគបីនៃក្មេងស្រីនៅក្នុងប្រទេសឥណ្ឌា នឹងធំឡើងដោយឥតចេះអក្សរ ចំណែកឯនៅក្នុងកន្លែងដូចជាប្រទេសជប៉ុន ប្រទេសអាល្លឺម៉ង់ និងប្រទេសអង់គ្លេស សឹងតែកូនក្មេងគ្រប់គ្នាគឺបានធានាថានឹងទទួលនូវការអប់រំនោះ?
តើមនុស្សក្នុងប្រទេសទាំងប៉ុន្មាននៅកណ្ដាលទ្វីបអាមេរិក ដែលចំណូលមធ្យមនៃមនុស្សម្នាក់ៗជា១.៣៨០ដុល្លា ទទួលនូវ«សេចក្ដីថ្លៃថ្នូរនិងសិទ្ធិ»ដូចគ្នានៅក្នុងជីវិត ដូចពួកអ្នកនៅក្នុងប្រទេសបារាំង ចំណែកចំណូលមធ្យមនៃមនុស្សម្នាក់ៗជា២៤.៩៩០ដុល្លានោះ? តើមានភាពស្មើគ្នាណា បើកូនភេទស្រីនៅទ្វីបអាហ្វ្រិកដែលអាចសង្ឃឹមនឹងរស់បានតែអាយុ៥៦ឆ្នាំ បើប្រៀបធៀបជាមួយនឹងកូនភេទស្រីនៅទ្វីបអាមេរិកខាងជើង ដែលអាចសង្ឃឹមនឹងរស់បានអាយុ៧៩ឆ្នាំនោះ?
ភាពមិនស្មើគ្នាគឺមានទិដ្ឋភាពជាច្រើន ហើយទាំងអស់សុទ្ធតែអាក្រក់។ ភាពមិនស្មើគ្នាខាងកំរិតជីវភាពនិងខាងឱកាសសំរាប់ការថែរក្សាសុខភាព និងការរៀនសូត្រ គឺគ្រាន់តែភាពមិនស្មើគ្នាខ្លះៗប៉ុណ្ណោះ។ ជួនកាលការខុសគ្នាខាងនយោបាយ ជាតិសាសន៍ និងសាសនា ក៏មានមុខនាទីចុងក្រោយ ក្នុងការដកហូតសេចក្ដីថ្លៃថ្នូរនិងសេរីភាពពីមនុស្ស។ ទោះជាមានការនិយាយជាច្រើនអំពីភាពស្មើគ្នាក៏ដោយ តែយើងរស់នៅក្នុងពិភពលោកនៃភាពមិនស្មើគ្នា។ ដូចជាទុក្ខវេទនាដែលបកស្រាយជា «អ្វីដែលបណ្ដាលឲ្យមានសេចក្ដីលំបាកដ៏ពាសពេញឬយ៉ាងខ្លាំង» នោះភាពមិនស្មើគ្នាគឺមានក្នុងគ្រប់វណ្ណៈនៃសង្គមមនុស្ស។ ការឈឺចាប់ដែលវាបណ្ដាលឲ្យមានក្នុងសណ្ឋានជាភាពក្រីក្រ ជម្ងឺ ភាពល្ងង់ខ្លៅ ភាពអត់ការធ្វើ និងការប្រកាន់ពូជសាសន៍ គឺធ្វើឲ្យឈឺចុកចាប់ខ្លាំងណាស់។
«មនុស្សទាំងអស់បានត្រូវបង្កើតមកមានភាពស្មើគ្នា»។ នេះជាគំនិតដ៏ល្អមែនហ្ន៎! ជាទីសោកស្ដាយណាស់ ដែលហេតុការណ៍ពិតគឺខុសស្រឡះទៅវិញ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
UN PHOTO 152113/SHELLEY ROTNER