បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១១ ទំ. ២៦-៣១
  • ព្រះយេហូវ៉ារៀបចំផ្លូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ារៀបចំផ្លូវ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ច​ការ​ដ៏​ពិបាក​មួយ
  • វិស័យ​ខាង​សាសនា
  • ផល​ប្រយោជន៍​នៃ​ច្បាប់
  • កំឡុង​ពេល​មាន​សន្ដិភាព​និង​ការ​ត្រា​ប្រណី
  • មុខ​នាទី​នៃ​វិទ្យា​សាស្ត្រ​បច្ចេកទេស
  • ការរៀបចំដើម្បីឲ្យ«សេចក្ដីបង្រៀននៃព្រះយេហូវ៉ា»អាចផ្សាយដល់ប្រជាជាតិនានា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • «ទីបន្ទាល់ដល់អស់ទាំងសាសន៍»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សាសនាគ្រីស្ទានពិតកំពុងតែឈ្នះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១១ ទំ. ២៦-៣១

ព្រះ​យេហូវ៉ា​រៀបចំ​ផ្លូវ

«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់»។—ម៉ាថាយ ២៤:១៤

១. តើ​អ្វី​ដែល​បាន​សម្រេច​ដោយ​កិច្ច​ការ​ផ្សព្វ​ផ្សាយ នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​សតវត្ស​ទី​២០​នេះ?

ពី​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ គឺ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដែល«មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ២:៤) នេះ​គឺ​បាន​តម្រូវ​ឲ្យ​មាន​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​និង​ការ​បង្រៀន​ជា​អន្តរជាតិ។ នៅ​ក្នុង​សតវត្ស​ទី​មួយ ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​គ្រីស្ទាន«ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ៣:១៥) ក្រោយ​មក​ក៏​មាន​កំឡុង​ពេល​មួយ​រយៈ​យូរ​នៃ​សេចក្ដី​ក្បត់​ជំនឿ ដែល​ធ្វើ​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​បាន​ទៅ​ជា​ស្រអាប់។ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្នុង​កំឡុង‹គ្រា​ចុង​បញ្ចប់› ‹ចំណេះ​ពិត›ក៏​មាន​ច្រើន​ឡើង​វិញ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម នៃ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជា​និច្ច ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ។—ដានីយ៉ែល ១២:៤

២. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​សកម្មភាព​ផ្សព្វ​ផ្សាយ?

២ ទោះ​ជា​មាន​ការ​ប្រឹង​ប្រែង​ដ៏​ឥត​ឈប់​ឈរ​របស់​សាតាំង ក្នុង​ការ​ធ្វើ​ឲ្យ​ខូច​ដល់​បំណង​របស់​ព្រះ​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សតវត្ស​ទី​មួយ និង​នៅ​ក្នុង​សតវត្ស​ទី​២០​នេះ បាន​មាន​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ។ នេះ​គឺ​រំឭក​យើង​អំពី​ទំនាយ​របស់​អេសាយ។ ស្តី​អំពី​ការ​ត្រឡប់​មក​វិញ​នៃ​ពួក​និរទេស​ទៅ​ស្រុក​យូដា​នៅ​ក្នុង​សតវត្ស​ទី​ប្រាំ​មួយ ម.​ស.យ. នោះ​អេសាយ​បាន​សរសេរ​ថា៖ «ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រ​លិ​ក​គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប​រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ»។ (អេសាយ ៤០:៤) ព្រះ​យេហូវ៉ាក៏​បាន​រៀបចំ​ហើយ​បាន​បង្ហាញ​ផ្លូវ​សំរាប់​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​ដ៏​ធំ នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​សតវត្ស​ទី​២០​នេះ។

៣. តើ​តាម​វិធី​ណា ដែល​ព្រះ​យេហូវ៉ា​អាច​សម្រេច​គោល​បំណង​របស់​ទ្រង់​នោះ?

៣ នេះ​មិន​មាន​សេចក្ដី​ថា ព្រះ​យេហូវ៉ា​បាន​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​គ្រប់​ព្រឹត្ដិការណ៍​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ជឿន​ទៅ​មុខ​នៃ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ ហើយ​នេះ​ក៏​មិន​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​បាន​ប្រើ​ការ​យល់​ហេតុ​ការណ៍​ទុក​ជា​មុន​របស់​ទ្រង់ ដើម្បី​ឲ្យ​ដឹង​នូវ​ពត៌មាន​ល្អិត​ល្អន់​អំពី​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នោះ​ឡើយ។ ពិត​មែន ទ្រង់​អាច​ឃើញ​ជា​មុន ហើយ​ព្រម​ទាំង​អាច​រៀបចំ​ព្រឹត្ដិការណ៍​នៅ​អនាគត​ផង។ (អេសាយ ៤៦:៩​-​១១) ក៏​ប៉ុន្តែ ព្រះ​ទ្រង់​ក៏​អាច​ប្រតិកម្ម​នឹង​ព្រឹត្ដិការណ៍​កាល​ដែល​កំពុង​កើត​ឡើង​ដែរ។ ដូច​ជា​អ្នក​គង្វាល​ដែល​មាន​បទ​ពិសោធន៍​ម្នាក់ ដែល​ដឹង​នូវ​របៀប​ដឹក​នាំ ព្រម​ទាំង​ចេះ​ការ​ពារ​ហ្វូង​ចៀម​របស់​គាត់ នោះ​ព្រះ​យេហូវ៉ា​ក៏​ដឹក​នាំ​រាស្ត្រ​របស់​ទ្រង់​ដែរ។ ទ្រង់​បាន​នាំ​គេ​ឆ្ពោះ​ទៅ​សេចក្ដី​សង្គ្រោះ ដោយ​ការ​ពារ​ភាព​វិញ្ញាណ​របស់​គេ ហើយ​ជំរុញ​គេ​ឲ្យ​ឆ្លៀត​យក​ប្រយោជន៍​ពី​ព្រឹត្ដិការណ៍​និង​ស្ថានការណ៍ ដែល​នាំ​ឲ្យ​មាន​ការ​ជោគ​ជ័យ​ដល់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក។—ទំនុកដំកើង ២៣:១​-​៤

កិច្ច​ការ​ដ៏​ពិបាក​មួយ

៤, ៥. ហេតុ​អ្វី​ក៏​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​កិច្ច​ការ​ដ៏​ពិបាក​មួយ?

៤ ដូច​នឹង​ការ​សាង​សង់​ទូក​ធំ​នៅ​សម័យ​របស់​លោក​ណូអេ នោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​សារ​ដំណឹង​ព្រះ​រាជាណាចក្រ ក៏​ជា​គម្រោង​ដ៏​ធំ​មួយ​ដែរ—គឺ​នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​សម័យ​ទំនើប​នេះ។ កិច្ចការ​ដែល​ចង់​ឲ្យ​បាន​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា ដោយ​ប្រើ​សារ​ដំណឹង​ណា​មួយ​គឺ​ពិបាក​ទៅ​ហើយ ក៏​ប៉ុន្តែ​កិច្ច​ការ​នេះ​គឺ​ពិបាក​ហួស​ពី​ធម្មតា។ នៅ​ក្នុង​សតវត្ស​ទី​មួយ​ពួក​សិស្ស​គឺ​មាន​តែ​បន្ដិច​ទេ។ ព្រះ​យេស៊ូ​ជា​អ្នក​ដឹក​នាំ បាន​ត្រូវ​គេ​ធ្វើ​គុត​ដោយ​បាន​គេ​ចោទ​ថា​ជា​អ្នក​នាំ​បំបះ​បំបោរ។ សាសនា​របស់​សាសន៍​យូដា​បាន​ស្ថាបនា​យ៉ាង​មាំ​មួន។ ព្រះ​វិហារ​ដ៏​អស្ចារ្យ​មួយ​បាន​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ សាសនា​ឯ​ទៀត​នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ ក៏​បាន​ស្ថាបនា​ឡើង​បាន​ល្អ​ដែរ ដែល​មាន​ព្រះ​វិហារ​និង​ពួក​សង្ឃ។ ស្រដៀង​គ្នា​ដែរ កាល​ដែល‹គ្រា​ចុង​បញ្ចប់›បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​១៩១៤ ពួក​គ្រីស្ទាន​ចាប់​ប្រេង​តាំង​ក៏​មាន​តិច​តួច​ដែរ ហើយ​ពួក​កាន់​សាសនា​ឯ​ទៀត ដែល​អះអាង​ថា​បំរើ​ព្រះ ក៏​មាន​ជា​ច្រើន​ផង​ដែរ។—ដានីយ៉ែល ១២:៩

៥ ព្រះ​យេស៊ូ​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​ទ្រង់ ថា​គេ​នឹង​ទទួល​ការ​បៀត​បៀន។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ (ម៉ាថាយ ២៤:៩) អ្វី​ដែល​បន្ថែម​ពី​លើ​បញ្ហា​បែប​នេះ ជា​ពិសេស​នៅ​ក្នុង‹ថ្ងៃ​ជាន់​ក្រោយ​បង្អស់› ពួក​គ្រីស្ទាន​ក៏​ដឹង​ថា​ពួក​គេ​នៅ​ក្នុង«គ្រា​លំបាក​ណាស់»។ (ធីម៉ូថេ​ទី​២ ៣:១) ទំហំ​នៃ​កិច្ច​ការ​នេះ ភាព​ប្រាកដ​នៃ​ការ​បៀត​បៀន និង​ភាព​ពិបាក​នៅ​ក្នុង​គ្រា​នោះ ក៏​បាន​ធ្វើ​ឲ្យ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​ត្រូវ​ខិត​ខំ​អស់​ពី​សមត្ថភាព។ នេះ​គឺ​តម្រូវ​ឲ្យ​មាន​ជំនឿ​មាំ​មួន​មែន​ទែន។

៦. តើ​ការ​ធានា​រ៉ាប់​រង​អំពី​ជោគ​ជ័យ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​រាស្ត្រ​ទ្រង់​នោះ?

៦ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ដឹង​ថា នឹង​មាន​ការ​ពិបាក នោះ​ទ្រង់​ក៏​ដឹង​ថា នឹង​គ្មាន​អ្វី​ដែល​នឹង​បញ្ឈប់​កិច្ច​ការ​នេះ​ឡើយ។ ការ​មាន​ជោគ​ជ័យ​បាន​ត្រូវ​ទាយ​ប្រាប់​នៅ​ក្នុង​ទំនាយ​ដ៏​ល្បី​មួយ ដែល​មាន​ការ​សម្រេច​ដ៏​អស្ចារ្យ​នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​សតវត្ស​ទី​២០​នេះ គឺ​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ»។—ម៉ាថាយ ២៤:១៤

៧. តើ​សកម្មភាព​ផ្សព្វ​ផ្សាយ​មាន​ទំហំ​ប៉ុន​ណា​នៅ​ក្នុង​សតវត្ស​ទី​មួយ?

៧ ដោយ​បាន​ពេញ​ដោយ​ជំនឿ​និង​វិញ្ញាណ​បរិសុទ្ធ នោះ​ពួក​អ្នក​បំរើ​របស់​ព្រះ​នៅ​ក្នុង​សតវត្ស​ទី​មួយ បាន​ចេញ​ទៅ​បំពេញ​មុខ​ងារ​របស់​គេ។ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​ថា​ទ្រង់​នៅ​គង់​ជា​មួយ​នឹង​ពួក​គេ ពួក​គេ​ក៏​បាន​ជោគ​ជ័យ​លើស​ពី​អ្វី​ដែល​គេ​ប្រហែល​ជា​សង្ឃឹម​នឹង​បាន​ទៅ​ទៀត។ ទំរាំ​ដល់​ពេល​ប៉ុល​បាន​សរសេរ​ជូន​ទៅ​ពួក​កូល៉ុស ប្រមាណ​២៧​ឆ្នាំ​ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ នោះ​គាត់​អាច​និយាយ​អំពី​ដំណឹង​ល្អ​ថា «បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។ (កូល៉ុស ១:២៣) យ៉ាង​ប្រហាក់​ប្រហែល​ដូច​នេះ មក​ដល់​ចុង​សតវត្ស​ទី​២០ នោះ​ដំណឹង​ល្អ​នេះ​កំពុង​តែ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​២៣៣​ប្រទេស។

៨. តើ​នៅ​ក្រោម​កាលៈទេសៈ​បែប​ណា ដែល​មនុស្ស​ជា​ច្រើន​បាន​ទទួល​យក​ដំណឹង​ល្អ? សូម​ឲ្យ​ឧទាហរណ៍។

៨ មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​យក​ដំណឹង​ល្អ​នៅ​ក្នុង​ទសវត្ស​ថ្មី​ៗ​នេះ។ មនុស្ស​ជា​ច្រើន​នាក់​បាន​ធ្វើ​នេះ​នៅ​ក្រោម​កាលៈទេសៈ​ដ៏​ពិបាក​បំផុត ដូច​ជា​ក្នុង​កំឡុង​សង្គ្រាម ការ​ហាមឃាត់ និង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ផង។ នៅ​ក្នុង​សតវត្ស​ទី​មួយ​ក៏​មាន​ដូច​នេះ​ដែរ។ នៅ​គ្រា​មួយ នោះ​ប៉ុល​និង​ស៊ីឡាស​បាន​ត្រូវ​គេ​វាយ​យ៉ាង​ឃោរ​ឃៅ​ដោយ​ប្រើ​រំពាត់ ព្រម​ទាំង​ចាប់​គេ​ដាក់​គុក​ផង។ នេះ​គឺ​ជា​ស្ថានការណ៍ដែល​ប្រហែល​មិន​អាច​ធ្វើ​ឲ្យ​មាន​សិស្ស​នោះ​ទេ! ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រើ​ស្ថានការណ៍​នោះ ដើម្បី​ធ្វើ​អ៊ីចឹង។ ប៉ុល​និង​ស៊ីឡាស​បាន​ត្រូវ​ចេញ​ពី​គុក ហើយ​មេ​ភូ​ឃុំ​និង​ក្រុម​គ្រួសារ​របស់​គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ (កិច្ច​ការ ១៦:១៩​-​៣៣) បទ​ពិសោធន៍​បែប​នេះ​បង្ហាញ​ថា ពួក​អ្នក​ប្រឆាំង​ជំទាស់​មិន​អាច​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ស្ងាត់​ឡើយ។ (អេសាយ ៥៤:១៧) ក៏​ប៉ុន្តែ ប្រវត្ដិសាស្ត្រ​នៃ​សាសនា​គ្រីស្ទាន មិន​មែន​មាន​តែ​ភាព​មិន​អនុគ្រោះ​ដ៏​ឥត​ឈប់​ឈរ​និង​ការ​បៀត​បៀន​នោះ​ទេ។ ឥឡូវ​សូម​ឲ្យ​យើង​សំដៅ​មើល​នៅ​ព្រឹត្ដិការណ៍​ដ៏​អនុគ្រោះ​ខ្លះ​ៗ ដែល​បាន​ជួយ​រៀបចំ​ផ្លូវ​សំរាប់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ជោគ​ជ័យ នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​សតវត្ស​ទី​២០​នេះ។

វិស័យ​ខាង​សាសនា

៩, ១០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បង្កើត​ឲ្យ​មាន​ការ​រង់​ចាំ​ដោយ​សង្ឃឹម សំរាប់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​ទី​២០​នេះ?

៩ ចូរ​ពិចារណា​មើល​អំពី​ពេល​វេលា​នៃ​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​ទូទាំង​ពិភព​លោក​នោះ។ ចំពោះ​វិស័យ​នៅ​ក្នុង​សតវត្ស​ទី​មួយ ទំនាយ​នៃ​៧០​អាទិត្យ​នៃ​ឆ្នាំ ដែល​មាន​នៅ​ក្នុង​ដានីយ៉ែល ៩:២៤​-​២៧ បាន​ចង្អុល​ប្រាប់​នៅ​ឆ្នាំ​ដែល​ព្រះ​មេស្ស៊ី​នឹង​លេច​ខ្លួន គឺ​នៅ​ឆ្នាំ​២៩ ស.យ.។ ទោះ​បី​ពួក​សាសន៍​យូដា​នៅ​សតវត្ស​ទី​មួយ​មិន​បាន​យល់​នូវ​ពេល​វេលា​ចំ​ៗ​នៃ​រឿង​នេះ​ក៏​ដោយ ពួក​គេ​បាន​រង់​ចាំ​ព្រះ​មេស្ស៊ី​ដោយ​សង្ឃឹម។ (លូកា ៣:១៥) សៀវភៅ​បារាំង ម៉ាញូអែល ប៊ីប្លិក ចែង​ថា៖ «បណ្ដា​មនុស្ស​បាន​ដឹង​ថា ចិតសិប​អាទិត្យ​ដែល​ជា​ឆ្នាំ​ដែល​បាន​តាំង​ឡើង​ដោយ​ដានីយ៉ែល បាន​កំពុង​ឆ្ពោះ​ទៅ​ទី​បញ្ចប់​ហើយ។ គ្មាន​អ្នក​ណា​ម្នាក់​ដែល​បាន​ភ្ញាក់ ពេល​ឮ​យ៉ូហាន​-​បាទីស្ទ​ប្រកាស​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជិត​ដល់​ហើយ»។

១០ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​វិស័យ​នៅ​ក្នុង​សម័យ​ទំនើប​នេះ? ការ​លើក​ព្រះ​យេស៊ូ​ឲ្យ​សោយ​រាជ្យ​នៅ​លើ​ស្ថាន​សួគ៌ ដែល​បាន​គូស​សម្គាល់​ការ​ចាប់​ផ្ដើម​នៃ​វត្តមាន​របស់​ទ្រង់ ដែល​កាន់​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ។ បទ​ទំនាយ​ពី​ព្រះ​គម្ពីរ​បង្ហាញ​ថា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១៤។ (ដានីយ៉ែល ៤:១៣​-​១៧) ការ​ទន្ទឹង​ចាំ​ព្រឹត្ដិការណ៍​នេះ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​កាន់​សាសនា​ខ្លះ​ៗ​នៅ​ក្នុង​សតវត្ស​ទំនើប​នេះ បាន​ពេញ​ដោយ​សង្ឃឹម។ ការ​រង់​ចាំ​នេះ​បាន​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​ចំណោម​ពួក​សិស្ស​ដ៏​ស្មោះ​នៃ​ព្រះ​គម្ពីរ ដែល​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ​នៅ​ក្នុង​ឆ្នាំ​១៨៧៩ ដែល​មាន​ចំណង​ជើង​ជា​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ប្រកាស​វត្តមាន​របស់​ព្រះ​គ្រីស្ទ។ ដូច្នេះ​ហើយ នៅ​ក្នុង​សតវត្ស​ទី​មួយ​និង​នៅ​ក្នុង​សម័យ​ទំនើប​នេះ នោះ​ការ​រង់​ចាំ​ខាង​សាសនា បាន​រៀបចំ​បរិយាកាស​សំរាប់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។a

១១. តើ​គ្រឹះ​អ្វី​ខាង​សាសនា ដែល​បាន​ស្ថាបនា​ឡើង​ដើម្បី​ជួយ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ?

១១ កត្ដា​មួយ​ទៀត ដែល​បាន​ជួយ​កិច្ច​ការ​របស់​ពួក​គ្រីស្ទាន​នៅ​ក្នុង​សម័យ​ទាំង​ពីរ គឺ​ថា​មនុស្ស​ជា​ច្រើន​ធ្លាប់​ស្គាល់​បទ​គម្ពីរ​ពិសិដ្ឋ។ នៅ​ក្នុង​សតវត្ស​ទី​មួយ សហគមន៍​សាសន៍​យូដា​បាន​រស់​នៅ​បែក​ខ្ញែក​នៅ​ទូទាំង​សាសន៍​ដទៃ។ សហគមន៍​ទាំង​នោះ​មាន​សាលា​ប្រជុំ ដែល​បណ្ដា​មនុស្ស​មក​ជួប​គ្នា​ជា​រឿយ​ៗ ដើម្បី​ស្ដាប់​ការ​អាន​និង​ការ​ពិគ្រោះ​បទ​គម្ពីរ។ ដូច្នេះ​ហើយ ពួក​គ្រីស្ទាន​សម័យ​ដើម​អាច​បន្ថែម​ចំណេះ​ខាង​សាសនា ដែល​មនុស្ស​មាន​រួច​ទៅ​ហើយ​នេះ។ (កិច្ច​ការ ៨:២៨​-​៣៦; ១៧:១, ២) នៅ​ដើម​សម័យ​យើង​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ព្រះ​គម្ពីរ​គឺ​មាន​ទូទៅ​ពាស​ពេញ​វិស័យ​នៃ​ពិភព​គ្រីស្ទ​សាសនា ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​កាន់​សាសនា​ប្រូតេស្តង់។ គេ​បាន​អាន​បទ​គម្ពីរ​នៅ​ក្នុង​ព្រះ​វិហារ​ជា​ច្រើន មនុស្ស​រាប់​លាន​នាក់​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល​ៗ​ម្នាក់។ ព្រះ​គម្ពីរ​គឺ​មាន​នៅ​ក្នុង​ដៃ​មនុស្ស​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ជំនួយ ដើម្បី​ឲ្យ​យល់​នូវ​អ្វី​ដែល​គេ​មាន​នោះ។

ផល​ប្រយោជន៍​នៃ​ច្បាប់

១២. តើ​តាម​របៀប​ណា​ដែល​ច្បាប់​របស់​សាសន៍​រ៉ូម​ធម្មតា​ជា​ការ​ការ​ពារ​នៅ​ក្នុង​សតវត្ស​ទី​មួយ?

១២ ការ​ផ្សព្វ​ផ្សាយ​របស់​គ្រីស្ទាន ក៏​តែង​បាន​ប្រយោជន៍​ពី​ច្បាប់​របស់​រដ្ឋាភិបាល។ ចក្រភព​រ៉ូម៉ាំង​បាន​គ្រប​សង្កត់​ពិភព​លោក​នៅ​ក្នុង​សតវត្ស​ទី​មួយ ហើយ​ច្បាប់​របស់​គេ​គឺ​មាន​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ។ ច្បាប់​ទាំង​នេះ​បាន​ផ្ដល់​មក​ដើម្បី​ការ​ពារ ហើយ​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ទទួល​ប្រយោជន៍​ពី​ច្បាប់​ទាំង​នោះ។ ជា​ឧទាហរណ៍ ប៉ុល​បាន​ពឹង​ច្បាប់​រ៉ូម៉ាំង​ហើយ​បាន​នាំ​ឲ្យ​គេ​បញ្ចេញ​គាត់​ពី​គុក ហើយ​គាត់​បាន​រួច​ផុត​ពី​ការ​វាយ​ធ្វើ​បាប។ (កិច្ច​ការ ១៦:៣៧​-​៣៩; ២២:២៥, ២៩) ការ​សំដៅ​ទៅ​សំ​វិធានការ​នៃ​ប្រព័ន្ធ​ច្បាប់​រ៉ូម៉ាំង បាន​ជួយ​ធ្វើ​ឲ្យ​មនុស្ស​ខឹង​មួយ​ហ្វូង​នៅ​ក្រុង​អេភេសូរ​នៅ​ស្ងៀម។ (កិច្ច​ការ ១៩:៣៥​-​៤១) ម្ដង​នោះ ប៉ុល​បាន​ត្រូវ​រំដោះ​ចេញ​ពី​អំពើ​ឃោរឃៅ​នៅ​ក្នុង​ក្រុង​យេរូសាឡិម ពី​ព្រោះ​គាត់​ជាសញ្ជាតិ​រ៉ូម៉ាំង។ (កិច្ច​ការ ២៣:២៧) ក្រោយ​មក ច្បាប់​របស់​រ៉ូម៉ាំង​បាន​អនុញ្ញាត​ឲ្យ​គាត់​ចាត់​វិធានការ ដើម្បី​ធ្វើ​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់​មួយ​នូវ​ជំនឿ​របស់​គាត់​ពី​មុខ​សេសារ។ (កិច្ច​ការ ២៥:១១) ទោះ​បី​ពួក​សេសារ​ពីរ​បី​នាក់​បាន​គ្រប់​គ្រង​ជា​ពួក​ប្រើ​អំណាច​ផ្ដាច់​ការ​ក៏​ដោយ ច្បាប់​ទាំង​ឡាយ​នៅ​ក្នុង​សតវត្ស​ទី​មួយ​តាម​ធម្មតា​បាន​អនុញ្ញាត​ឲ្យ«ការ​ពារ​ហើយ​ស្ថាបនា​ដំណឹង​ល្អ​តាម​ច្បាប់»។—ភីលីព ១:៧, ព.ថ.

១៣. តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សម័យ​យើង​នេះ តែង​តែ​បាន​ទទួល​ប្រយោជន៍​ពី​ច្បាប់​យ៉ាង​ដូច​ម្ដេច?

១៣ សព្វ​ថ្ងៃ​នេះ​ក៏​មាន​សភាព​ដូច​នេះ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែរ។ ទោះ​ជា​មាន​អស់​អ្នក​ខ្លះ​ដែល​នឹង‹គ្រោង​រឿង​ដោយ​ប្រើ​ក្រិត្យ› ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក៏​ដោយ ស្តី​អំពី​សេរី​ភាព​ខាង​សាសនា​គឺ​ជា​សិទ្ធិ​ដ៏​សំខាន់​មួយ។ (ទំនុកដំកើង ៩៤:២០) ដោយ​ទទួល​ស្គាល់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឥត​មាន​គំរាម​កំហែង​ដល់​សណ្ដាប់​ធ្នាប់​ក្នុង​សង្គម នោះ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពេញ​ច្បាប់​ដល់​កិច្ច​ការ​របស់​យើង។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​បោះពុម្ព​ជា​ច្រើន​របស់​ស្មរបន្ទាល់​បាន​ធ្វើ​ឡើង​នៅ​ទី​នោះ ធរមាន​ច្បាប់​បាន​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​ប៉ម​យាម​អាច​ផលិត​ឡើង​ឥត​ដាច់​ក្នុង​១២០​ឆ្នាំ​មក​ហើយ ដើម្បី​ឲ្យ​អាច​អាន​នៅ​ទូទាំង​ពិភព​លោក។

កំឡុង​ពេល​មាន​សន្ដិភាព​និង​ការ​ត្រា​ប្រណី

១៤, ១៥. តើ​ស្ថេរ​ភាព​ក្នុង​សង្គម​ដែល​មាន​មួយ​កំរិត​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច ដល់​សកម្មភាព​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សតវត្ស​ទី​មួយ?

១៤ សកម្មភាព​ផ្សព្វ​ផ្សាយ​ក៏​បាន​ទទួល​ប្រយោជន៍​ពី​កំឡុង​ពេល​មាន​សន្ដិភាព​មួយ​កំរិត។ ទោះ​ជា​ព្រះ​យេស៊ូ​បាន​ទាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​នៅ​ក្នុង​គ្រា​ដែល​ជាប់​ទាក់​ទង​នេះ នោះ‹សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ› ប៉ុន្តែ​ក៏​មាន​ចន្លោះ​ពេល​នៃ​ស្ថេរ​ភាព ដែល​អាច​ធ្វើ​ឲ្យ​បន្ថែម​កម្លាំង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ។ (ម៉ាថាយ ២៤:៧) ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​បាន​រស់​នៅ​ក្រោម ផាក្ស​រ៉ូម៉ាណា ឬ សន្ដិភាព​រ៉ូម៉ាំង។ អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​បាន​សរសេរ​ថា៖ «ប្រទេស​រ៉ូម​បាន​បង្ក្រាប​ប្រជាជន​នៅ​ក្នុង​ពិភព​មេឌីទែរ៉ាណេ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ ដែល​ប្រទេស​រ៉ូម​បាន​បញ្ចប់​សង្គ្រាម​ឲ្យ​ពួក​គេ ដែល​មាន​សឹង​តែ​មិន​ចេះ​ចប់​នោះ»។ ស្ថេរ​ភាព​នេះ​បាន​បើក​ផ្លូវ​ឲ្យ​ពួក​គ្រីស្ទាន​សម័យ​ដើម ឲ្យ​ធ្វើ​ដំណើរ​ដែល​មាន​សុវត្ថិភាព​មួយ​កំរិត​ទូទាំង​ចក្រភព​រ៉ូម។

១៥ ចក្រភព​រ៉ូម៉ាំង​បាន​ខំ​ប្រឹង​បង្រួប​បង្រួម​ប្រជាជន ដោយ​ប្រើ​អំណាច​ដ៏​ខ្លាំង​របស់​ខ្លួន។ នយោបាយ​នេះ​មិន​គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ ការ​ត្រា​ប្រណី និង​គំនិត​នៃ​ការ​ចេះ​អត់​ទ្រាំ ក៏​ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មាន​គំនិត​នៃ​ភាតរភាព​អន្តរជាតិ​ផង​ដែរ។ សៀវភៅ តាម​ផ្លូវ​ទៅ​អារ្យធម៌ ចែង​ថា៖ «សាមគ្គីភាព​នៃ​ចក្រភព[រ៉ូម៉ាំង] បាន​ធ្វើ​ឲ្យ​វិស័យ[សំរាប់​ការ​ផ្សព្វ​ផ្សាយ​គ្រីស្ទាន]បាន​ស្រួល​ឡើង។ ឧបសគ្គ​នៃ​ជាតិ​សាសន៍​បាន​ត្រូវ​បំបាក់​បំបែក​ចោល។ ប្រជា​ពលរដ្ឋ​សាសន៍​រ៉ូម៉ាំង​គឺ​ជា​ប្រជា​ពលរដ្ឋ​នៃ​ពិភព​លោក។ . . . ម្យ៉ាង​វិញ​ទៀត សាសនា​មួយ​ដែល​បាន​បង្រៀន​អំពី​ភាតរភាព​នៃ​មនុស្ស អាច​បាន​យល់​នៅ​ក្នុង​រដ្ឋាភិបាល ដែល​បាន​បង្កើត​គំនិត​នៃ​ភាព​ជា​ពលរដ្ឋ​ក្នុង​សកល​លោក»។—ប្រៀប​មើល កិច្ច​ការ ១០:៣៤, ៣៥; ពេត្រុស​ទី​១ ២:១៧

១៦, ១៧. តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ខំ​ប្រឹង​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិភាព​នៅ​ក្នុង​សម័យ​ទំនើប​នេះ ហើយ​តើ​មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​យ៉ាង​ណា?

១៦ ចុះ​យ៉ាង​ណា​វិញ​នៅ​សម័យ​យើង​នេះ? សតវត្ស​ទី​២០​នេះ​បាន​មាន​សង្គ្រាម ដែល​មាន​ឥទ្ធិពល​ដ៏​ហិនហោច​ជាង​គេ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​សង្គ្រាម​នៅ​តាម​ភូមិ​ភាគ​បន្ត​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ខ្លះ​ៗ។ (វិវរណៈ ៦:៤) ក៏​ប៉ុន្តែ គឺ​មាន​កំឡុង​ពេល​ដែល​មាន​សន្ដិភាព​មួយ​កំរិត​នោះ​ដែរ។ ប្រទេស​មហា​អំណាច​ក្នុង​ពិភព​លោក​មិន​បាន​ច្បាំង​គ្នា​ដោយ​ប្រើ​គ្រប់​ថាមពល​ដ៏​ខ្លាំង​ក្លា​អស់​រយៈ​ជាង​៥០​ឆ្នាំ​មក​ហើយ​នោះ​ទេ។ ស្ថានការណ៍​នេះ​បាន​ជួយ​យ៉ាង​ខ្លាំង ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ប្រទេស​ទាំង​នោះ។

១៧ អំពើ​អាក្រក់​នៃ​ការ​ច្បាំង​គ្នា​ក្នុង​សតវត្ស​ទី​២០​នេះ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​នូវ​តម្រូវ​ការ​នៃ​រដ្ឋាភិបាល​មួយ​ក្នុង​ពិភព​លោក។ ការ​ខ្លាច​សង្គ្រាម​ក្នុង​លោក​នេះ បាន​នាំ​ឲ្យ​មាន​ការ​បង្កើត​នៃ​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​និង​អង្គការ​សហប្រជាជាតិ។ (វិវរណៈ ១៣:១៤) គោល​បំណង​ដែល​បាន​ប្រកាស​មក​នៃ​អង្គការ​ទាំង​ពីរ​នេះ គឺ​ដើម្បី​នាំ​ឲ្យ​មាន​សហប្រតិបត្ដិការ​និង​សន្ដិភាព​អន្តរជាតិ។ មនុស្ស​ដែល​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​នេះ តែង​តប​ឆ្លើយ​យ៉ាង​ល្អ​ដល់​ដំណឹង​ល្អ​នៃ​រដ្ឋាភិបាល​មួយ​ក្នុង​ពិភព​លោក ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​មែន​ទែន​និង​ជា​ស្ថាពរ​ផង ដែល​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។

១៨. តើ​មាន​អាកប្បកិរិយា​អ្វី​នឹង​សាសនា ដែល​បាន​ធ្វើ​ឲ្យ​មាន​កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​ល្អ​នោះ?

១៨ ទោះ​ជា​នៅ​ពេល​ខ្លះ​ពួក​គ្រីស្ទាន​បាន​ត្រូវ​បៀត​បៀន​យ៉ាង​កំណាច​ក៏​ដោយ ប៉ុន្តែ​នៅ​សតវត្ស​ទី​មួយ​និង​សតវត្ស​ទី​២០​នេះ ក៏​បាន​មាន​កំឡុង​ពេល​នៃ​ការ​ត្រា​ប្រណី​សាសនា​ផង​ដែរ។ (យ៉ូហាន ១៥:២០; កិច្ច​ការ ៩:៣១) ពួក​រ៉ូម៉ាំង​បាន​យល់​ព្រម​និង​បាន​ប្រែ​ប្រួល​ទៅ​តាម​ព្រះ និង​ទេព​ធីតា​ដែល​ជា​ព្រះ​របស់​ប្រជាជន​ដែល​គេ​បាន​គ្រប់​គ្រង​នោះ។ សាស្ដ្រាចារ្យ រ៉ុតនី ស៊្ទាក បាន​សរសេរ​ថា៖ «ក្នុង​ករណី​ជា​ច្រើន ប្រទេស​រ៉ូម​បាន​ផ្ដល់​ឲ្យ​សេរី​ភាព​ខាង​សាសនា​មួយ​កំរិត​ខ្ពស់​ជាង​ដែល​មិន​ធ្លាប់​ឃើញ រហូត​ដល់​ក្រោយ​ពី​បដិវត្តន៍​អាមេរិក»។ នៅ​ក្នុង​សម័យ​ទំនើប​នេះ មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​មាន​សម្មាន​ចិត្ត​នឹង​ទស្សនៈ​របស់​អ្នក​ដទៃ ដែល​ជា​លទ្ធផល ពួក​គេ​បាន​សុខ​ចិត្ត​ស្ដាប់​សារ​ដំណឹង​ព្រះ​គម្ពីរ ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នាំ​មក​នោះ។

មុខ​នាទី​នៃ​វិទ្យា​សាស្ត្រ​បច្ចេកទេស

១៩. តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​សម័យ​ដើម​ឆ្លៀត​យក​ការ​ប្រើ​សៀវភៅ​សរសេរ​នោះ?

១៩ នៅ​ទី​បំផុត សូម​ពិចារណា​មើល​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អាច​ទទួល​ប្រយោជន៍​ពី​ការ​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​បច្ចេកទេស។ ទោះ​ជា​ពួក​គ្រីស្ទាន​សម័យ​ដើម​មិន​បាន​រស់​នៅ​ក្នុង​សម័យ ដែល​មាន​ការ​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​បច្ចេកទេស​ក៏​ដោយ តែ​របស់​មួយ​ដែល​គេ​បាន​ប្រើ នោះ​គឺ​សៀវភៅ​សរសេរ ឬ​ក៏​សៀវភៅ​ដែល​មាន​សន្លឹក។ សៀវភៅ​សរសេរ​បាន​យក​មក​ប្រើ​ជំនួស​នឹង​រមូរ​ក្រដាស​ដ៏​ពិបាក​កាន់។ សៀវភៅ កំណើត​នៃ​សៀវភៅ​សរសេរ ចែង​ថា៖ «បើ​ប្រៀប​ធៀប​នឹង​ដំណើរ​ដ៏​យឺត​និង​មួយ​ចំណែក​ម្ដង ដែល​សៀវភៅ​សរសេរ​បាន​យក​ប្រើ​ជំនួស​នឹង​រមូរ​ក្រដាស នៅ​ក្នុង​អក្សរ​សាស្ត្រ​ខាង​លោកីយ៍​នេះ នោះ​ការ​ប្រើ​សៀវភៅ​សរសេរ​របស់​ពួក​គ្រីស្ទាន ហាក់​ដូច​មាន​មួយ​រំពេច​ហើយ​មាន​ទូទៅ​ផង»។ ឯកសារ​យោង​នេះ​ក៏​ចែង​ថា៖ «ពួក​គ្រីស្ទាន​ប្រើ​សៀវភៅ​សរសេរ​នេះ​នៅ​ក្នុង​សតវត្ស​ទី​ពីរ មាន​ទូទៅ​ច្រើន​ដល់​ម្ល៉េះ ដែល​ការ​ផ្ដើម​ប្រើ​នេះ​ច្បាស់​ជា​មាន​មុន​ឆ្នាំ​១០០​គ្រីស្ទ​សករាជ»។ សៀវភៅ​សរសេរ​នេះ​គឺ​ស្រួល​ប្រើ​ជាង​រមូរ​ក្រដាស។ គឺ​អាច​រក​ឃើញ​បទ​គម្ពីរ​លឿន​ជាង។ នេះ​ប្រាកដ​ជា​បាន​ជួយ​ពួក​គ្រីស្ទាន​សម័យ​ដើម ដែល​ដូច​ប៉ុល មិន​គ្រាន់​តែ​បាន​ពន្យល់​បទ​គម្ពីរ ប៉ុន្តែ​ក៏‹បាន​ផ្ដល់​ភស្តុ​តាង​ដោយ​ឯកសារ​យោង›នូវ​អ្វី​ៗ​ដែល​គេ​បង្រៀន។—កិច្ច​ការ ១៧:២, ៣

២០. តើ​តាម​របៀប​ណា​ដែល​រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​វិទ្យា​សាស្ត្រ​បច្ចេកទេស​សម័យ​នេះ ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ក្នុង​ពិភព​លោក ហើយ​ហេតុ​អ្វី?

២០ ការ​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​បច្ចេកទេស​នៅ​ក្នុង​សតវត្ស​យើង​នេះ គឺ​អស្ចារ្យ​ណាស់។ ម៉ាស៊ីន​បោះ​ពុម្ព​ដែល​មាន​ល្បឿន​លឿន បាន​ជួយ​ឲ្យ​អាច​មាន​ដំណាល​គ្នា​នូវ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ក្នុង​ភាសា​ជា​ច្រើន។ វិទ្យា​សាស្ត្រ​បច្ចេកទេស​ទំនើប​នេះ​បាន​ជួយ​បង្កើន​ល្បឿន​នៃ​កិច្ច​ការ​បក​ប្រែ​ព្រះ​គម្ពីរ។ ឡាន​ដឹក​ទំនិញ រទេះ​ភ្លើង កប៉ាល់ និង​យន្ត​ហោះ​អាច​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​បាន​យ៉ាង​លឿន​ទូទាំង​ផែនដី​នេះ។ ទូរស័ព្ទ​និង​ទូរសារ​បាន​ធ្វើ​ឲ្យ​ការ​និយាយ​ឆ្លង​ឆ្លើយ​មួយ​រំពេច​ជា​ហេតុ​ការណ៍​ដែល​មាន​មែន​ទែន។ តាម​រយៈ​វិញ្ញាណ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ឲ្យ​ឆ្លៀត​យក​ប្រយោជន៍ ពី​វិទ្យា​សាស្ត្រ​បច្ចេកទេស​បែប​នេះ ដើម្បី​នាំ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក។ ពួក​គេ​មិន​ប្រើ​វិទ្យា​សាស្ត្រ​បច្ចេកទេស​បែប​នេះ ដោយ​មាន​ចិត្ត​ប្រាថ្នា​ចង់​ដឹង​ប្រើ​អ្វី​ៗ​ដែល​ទើប​តែ​ចេញ​ថ្មី​ៗ​នៅ​ក្នុង​ពិភព​លោក​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ គោល​បំណង​ដ៏​សំខាន់​បំផុត​របស់​គេ នោះ​គឺ​ប្រើ​អ្វី​ដែល​នឹង​ជួយ​គេ​ឲ្យ​ប្រតិបត្ដិ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ឲ្យ​មាន​ប្រសិទ្ធិភាព​ជា​ទី​បំផុត។

២១. តើ​យើង​អាច​ទុក​ចិត្ត​នឹង​រឿង​អ្វី?

២១ ព្រះ​យេស៊ូ​បាន​ទាយ​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ»។ (ម៉ាថាយ ២៤:១៤) ដូច​ជា​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ឃើញ​នូវ​ការ​សម្រេច​នៃ​ទំនាយ​នោះ សព្វ​ថ្ងៃ​នេះ​យើង​ក៏​ឃើញ​ការ​សម្រេច​ទំនាយ​នេះ​ក្នុង​ទំហំ​ដ៏​ធំ​មួយ។ ទោះ​ជា​កិច្ច​ការ​នេះ​មាន​ភាព​ធំ​សម្បើម​និង​ពិបាក ក្នុង​កំឡុង​ពេល​ល្អ​ឬ​ក៏​មិន​ល្អ នៅ​ពេល​ផ្លាស់​ប្ដូរ​ច្បាប់​និង​អាកប្បកិរិយា នៅ​ក្នុង​សង្គ្រាម​និង​ពេល​មាន​សន្ដិភាព ហើយ​នៅ​ពេល​មាន​ការ​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​បច្ចេកទេស​សព្វ​គ្រប់​ក្ដី ក៏​ដំណឹង​ល្អ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ ហើយ​ក៏​កំពុង​តែ​ផ្សព្វ​ផ្សាយ​ឥឡូវ​នេះ​ដែរ។ តើ​នេះ​មិន​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ស្ងើច​ទេ​ឬ នូវ​ប្រាជ្ញា​និង​ការ​យល់​ហេតុ​ការណ៍​ជា​មុន​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​នោះ? យើង​ប្រហែល​ជា​មាន​ចិត្ត​ប្រាកដ​ទាំង​ស្រុង​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​នឹង​ត្រូវ​បាន​សម្រេច​យោង​ទៅ​តាម​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​គោល​បំណង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ នឹង​បាន​សម្រេច ដែល​នឹង​ប្រទាន​ពរ​ឲ្យ​ពួក​សុចរិត។ ពួក​គេ​នឹង​បាន​ផែនដី​ជា​មរតក​ហើយ​រស់​នៅ​លើ​នោះ​ជា​និរន្តរ៍។ (ទំនុកដំកើង ៣៧:២៩; ហាបាគុក ២:៣) ប្រសិន​បើ​យើង​សម្រប​ជីវិត​របស់​យើង​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។—ធីម៉ូថេ​ទី​១ ៤:១៦

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ការ​ពន្យល់​ល្អិត​ល្អន់​ថែម​ទៀត​អំពី​ទំនាយ​ពីរ​ដែល​ទាក់​ទង​ព្រះ​មេស្ស៊ី សូម​មើល​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ទំព័រ​៣៦, ៩៧ និង​៩៨​-​១០៧ ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

ចំណុច​សំរាប់​មើល​សារ​ឡើង​វិញ

◻ ហេតុ​អ្វី​ក៏​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​កិច្ច​ការ​ដ៏​ពិបាក​មួយ?

◻ តើ​តាម​វិធី​ណា​ដែល​កិច្ច​ការ​គ្រីស្ទាន​បាន​ទទួល​ប្រយោជន៍​ពី​របៀប​រៀបចំ​របស់​រដ្ឋាភិបាល និង​ស្ថេរ​ភាព​នៅ​ក្នុង​សង្គម​មួយ​កំរិត​នោះ?

◻ តើ​ការ​ប្រទាន​ពរ​របស់​ព្រះ​យេហូវ៉ា​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ធានា​រ៉ាប់​រង​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក