បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១២ ទំ. ២៣-២៧
  • តើព្រះយេហូវ៉ាតម្រូវច្រើនពេកពីយើងឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេហូវ៉ាតម្រូវច្រើនពេកពីយើងឬ?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ​នៅ​អតីតកាល
  • ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​សំរាប់​ប្រទេស​អ៊ីស្រាអែល
  • តើ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​បន្ទុក​ដ៏​ធ្ងន់​ឬ?
  • អ្វី​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​តម្រូវ​នោះ
  • គឺ​មិន​មែន​ច្រើន​ពេក​នោះ​ទេ
  • មេទ័ពនិងក្មេងស្រី
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ដំបូងរឹងចចេស តែទីបំផុតស្ដាប់បង្គាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • នាងមានចិត្ដចង់ជួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ក្មេងស្រីជួយបុរសខ្លាំងពូកែម្នាក់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១២ ទំ. ២៣-២៧

តើ​ព្រះ​យេហូវ៉ា​តម្រូវ​ច្រើន​ពេក​ពី​យើង​ឬ?

«តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ»។—មីកា ៦:៨

១. តើ​ប្រហែល​ជា​មាន​មូលហេតុ​អ្វី ដែល​មនុស្ស​ខ្លះ​មិន​បំរើ​ព្រះ​យេហូវ៉ា​នោះ?

ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​មួយ​ពី​រាស្ត្រ​របស់​ទ្រង់។ ក៏​ប៉ុន្តែ​ក្រោយ​ពី​អាន​ពាក្យ​ខាង​លើ​នេះ​របស់​ទំនាយ​នៃ​លោក​មីកា នោះ​អ្នក​ប្រហែល​ជា​សន្និដ្ឋាន​ថា តម្រូវ​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ​គឺ​សម​ហេតុ​ផល។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​មិន​បំរើ​ព្រះ​ដ៏​ជា​អ្នក​បង្កើត​ដ៏​ខ្ពង់​ខ្ពស់​របស់​យើង​ទេ ហើយ​អ្នក​ខ្លះ​ដែល​ធ្លាប់​បំរើ​ទ្រង់ ក៏​បាន​លែង​បំរើ​ទៀត​ហើយ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​គិត​ថា ព្រះ​ទ្រង់​តម្រូវ​ច្រើន​ពេក​ពី​ពួក​យើង។ តើ​ទ្រង់​ពិត​ជា​តម្រូវ​ច្រើន​ពី​យើង​មែន​ឬ? ឬ​ក៏​តើ​ប្រហែល​ជា​មាន​បញ្ហា​ជា​មួយ​នឹង​អាកប្បកិរិយា​របស់​បុគ្គល​ម្នាក់ ស្តី​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​នោះ? ដំណើរ​រឿង​ដែល​មាន​ក្នុង​ប្រវត្ដិសាស្ត្រ​នឹង​ផ្ដល់​ឲ្យ​យល់​ធ្លុះ​ជ្រៅ​នឹង​រឿង​នេះ។

២. តើ​លោក​ណាម៉ាន់​ជា​នរណា ហើយ​តើ​ព្យាការី​របស់​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​លោក​ធ្វើ​អ្វី?

២ លោក​ណាម៉ាន់ ដែល​ជា​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​សាសន៍​ស៊ីរី គឺ​មាន​រោគ​ឃ្លង់។ ក៏​ប៉ុន្តែ គេ​បាន​ត្រូវ​ឲ្យ​យោបល់​ដល់​លោក​ថា នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​គឺ​មាន​ព្យាការី​ម្នាក់​របស់​ព្រះ​យេហូវ៉ា ដែល​អាច​ព្យាបាល​គាត់។ ដូច្នេះ លោក​ណាម៉ាន់​និង​ពួក​បរិវារ​របស់​លោក ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អ៊ីស្រាអែល ហើយ​នៅ​ទី​បំផុត ក៏​បាន​មក​ដល់​ផ្ទះ​របស់​លោក​អេលីសេ ដែល​ជា​ព្យាការី​របស់​ព្រះ។ ជា​ជាង​ចេញ​ពី​ផ្ទះ​របស់​លោក​ដើម្បី​ទៅ​ទទួល​ភ្ញៀវ​ដ៏​ធំ​ដុំ​នេះ នោះ​លោក​អេលីសេ​បាន​ចាត់​អ្នក​បំរើ​ម្នាក់​ឲ្យ​ទៅ​ជំរាប​លោក​ណាម៉ាន់​ថា៖ «សូម​ឲ្យ​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។—ពង្សាវតារ​ក្សត្រ​ទី​២ ៥:១០

៣. នៅ​ដើម​ដំបូង ហេតុ​អ្វី​ក៏​លោក​ណាម៉ាន់​បដិសេធ​នឹង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​នោះ?

៣ ប្រសិន​បើ​លោក​ណាម៉ាន់​ធ្វើ​តាម​តម្រូវ​ការ​នេះ​ដែល​បាន​ថ្លែង​ដោយ​ព្យាការី​របស់​ព្រះ នោះ​លោក​នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​ពី​រោគ​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម​នេះ។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ច្រើន​ពេក​ពី​លោក​ឬ? គឺ​មិន​មែន​ទេ។ ក៏​ប៉ុន្តែ លោក​ណាម៉ាន់​នឹង​មិន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ​នោះ​ឡើយ។ លោក​បាន​ជំទាស់​ថា៖ «ឯ​ទន្លេ​អាបាណា នឹង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក​ទាំង​ឡាយ នៅ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ​អី បើ​អញ​មុជ​ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ​អី»? រួច​មក​លោក​ណាម៉ាន់​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ ទាំង​ក្រេវ​ក្រោធ។—ពង្សាវតារ​ក្សត្រ​ទី​២ ៥:១២

៤, ៥. (ក) តើ​អ្វី​ទៅ​ជា​រង្វាន់​ដោយ​សារ​ការ​ស្ដាប់​បង្គាប់​របស់​លោក​ណាម៉ាន់ ហើយ​តើ​លោក​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ពេល​ទទួល​រង្វាន់​នោះ? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ឥឡូវ​នេះ?

៤ តើ​អ្វី​ទៅ​ដែល​ពិត​ជា​បញ្ហា​របស់​លោក​ណាម៉ាន់​នោះ? នេះ​គឺ​មិន​មែន​ថា​តម្រូវ​ការ​នោះ គឺ​ពិបាក​ដល់​ម្ល៉េះ​នឹង​បំពេញ​នោះ​ឡើយ។ អ្នក​បំរើ​របស់​លោក​ណាម៉ាន់​បាន​និយាយ​យ៉ាង​ប៉ិន​ប្រសប់​ថា៖ «បើ​សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាលម៉ាន​ទៅ​ទៀត»? (ពង្សាវតារ​ក្សត្រ​ទី​២ ៥:១៣) បញ្ហា​នោះ​គឺ​ជា​អាកប្បកិរិយា​របស់​លោក​ណាម៉ាន់។ លោក​បាន​មាន​អារម្មណ៍​ថា គេ​មិន​បាន​ប្រព្រឹត្ត​មក​លើ​លោក​ដោយ​ថ្លៃ​ថ្នូរ ដែល​លោក​សម​ទទួល ហើយ​ថា​លោក​បាន​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​លោក​ចាត់​ទុក​ថា​ជា​អ្វី​ដែល​ឥត​មាន​ប្រសិទ្ធិភាព​និង​គួរ​ឲ្យ​អាម៉ាស់​មុខ។ ក៏​ប៉ុន្តែ លោក​ណាម៉ាន់​បាន​ធ្វើ​តាម​ឱវាទ​ដ៏​ប៉ិន​ប្រសប់​របស់​អ្នក​បំរើ​លោក ហើយ​ក៏​មុជ​នៅ​ក្នុង​ទន្លេ​យ័រដាន់​ប្រាំ​ពីរ​ដង​ទៅ។ ចូរ​គិត​ទៅ​មើល លោក​នឹង​មាន​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎ នៅ​ពេល​ដែល«សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង​ៗ ហើយ​លោក​បាន​ជា​ស្អាត»! លោក​មាន​ចិត្ត​ពេញ​ដោយ​កតញ្ញូ​ធម៌​ណាស់។ ម្យ៉ាង​វិញ​ទៀត លោក​ណាម៉ាន់​បាន​ប្រកាស​ថា តាំង​ពី​ពេល​នោះ​មក លោក​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ​ឯ​ណា​ទៀត​ឡើយ ក្រៅ​ពី​ព្រះ​យេហូវ៉ា។—ពង្សាវតារ​ក្សត្រ​ទី​២ ៥:១៤​-​១៧

៥ ទូទាំង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស នោះ​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​តាម​បទ​បញ្ជា​ផ្សេង​ៗ។ យើង​សូម​អញ្ជើញ​អ្នក​រាល់​គ្នា​ឲ្យ​ពិនិត្យមើល​នូវ​បទ​បញ្ជា​មួយ​ចំនួន​នេះ។ កាល​ដែល​អ្នក​ធ្វើ​អ៊ីចឹង សូម​សួរ​ខ្លួន​អ្នក​នូវ​របៀប​ដែល​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ណា បើ​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​របស់​បែប​នេះ។ ក្រោយ​មក យើង​នឹង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​សព្វ​ថ្ងៃ​នេះ។

អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ​នៅ​អតីតកាល

៦. តើ​មនុស្ស​មួយ​គូ​ដំបូង​បាន​តម្រូវ​ឲ្យ​ធ្វើ​អ្វី ហើយ​បើ​អ្នក​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​អ៊ីចឹង តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ដែរ?

៦ ព្រះ​យេហូវ៉ា​បាន​បង្គាប់​មនុស្ស​មួយ​គូ​ដំបូង អ័ដាម​និង​អេវ៉ា ឲ្យ​ចិញ្ចឹម​អប់រំ​កូន​ចៅ និង​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ។ បុរស​នេះ​និង​ភរិយា​របស់​គាត់​ក៏​បាន​ទទួល​ជា​ប្រសិទ្ធិពរ​នូវ​ទី​លំនៅ​ដ៏​ទូលំ​ទូលាយ ដែល​មាន​សភាព​ដូច​សួន​មួយ។ (លោកុប្បត្តិ ១:២៧, ២៨; ២:៩​-​១៥) ប៉ុន្តែ​ក៏​មាន​លក្ខខ័ណ្ឌ​មួយ​ដែរ។ ពួក​គេ​មិន​ត្រូវ​ឲ្យ​បរិភោគ​ពី​ដើម​ឈើ​មួយ ក្នុង​ចំណោម​ដើម​ឈើ​ជា​ច្រើន​ដែល​មាន​ផ្លែ​នៅ​ក្នុង​សួន​ច្បារ​អេដែន។ (លោកុប្បត្តិ ២:១៦, ១៧) នេះ​គឺ​មិន​បាន​តម្រូវ​ច្រើន​ពេក​ពី​គេ​ទេ មែន​ទេ? តើ​អ្នក​នឹង​ពេញ​ចិត្ត​ធ្វើ​តាម​កិច្ច​ការ​នេះ ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​និរន្តរ៍ ហើយ​មាន​សុខភាព​ល្អ​ពេញ​កម្លាំង​នោះ​ឬ​ទេ? ទោះ​ជា​មាន​អ្នក​ល្បួង​ម្នាក់​បាន​លេច​ខ្លួន​មក​នៅ​ក្នុង​សួន​នេះ តើ​អ្នក​នឹង​បដិសេធ​ចោល​នូវ​ពាក្យ​សំអាង​របស់​វា​មែន​ឬ? ហើយ​តើ​អ្នក​នឹង​មិន​យល់​ស្រប​ទេ​ឬ ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​លក្ខខ័ណ្ឌ​តែ​មួយ​ដ៏​ស្រួល​នេះ?—លោកុប្បត្តិ ៣:១​-​៥

៧. (ក) តើ​កិច្ច​ការ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​លោក​ណូអេ ហើយ​តើ​លោក​បាន​ពិសោធ​នឹង​ការ​ជំទាស់​យ៉ាង​ណា? (ខ) តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ពី​លោក​ណូអេ​នោះ?

៧ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​លោក​ណូអេ​សាង​សង់​ទូក​ធំ​មួយ ជា​ខ្សែ​រយៈ​ដើម្បី​ការ​ពារ​ពី​ទឹក​ជំនន់​ដ៏​ពេញ​ពិភព​លោក។ ដោយ​ដឹង​នូវ​ទំហំ​ដ៏​សម្បើម​នៃ​ទូក​នេះ នោះ​កិច្ច​ការ​សង់​គឺ​មិន​ជា​ស្រួល​ធ្វើ​ឡើយ ហើយ​ប្រហែល​ជា​បាន​ធ្វើ​ឡើង ដោយ​ប្រឈម​មុខ​នឹង​ការ​ចំអក​និង​ការ​ជំទាស់​ជា​ច្រើន​ទៀត​ផង។ ក៏​ប៉ុន្តែ គឺ​មាន​ឯកសិទ្ធិ​ដ៏​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​លោក​ណូអេ​អាច​សង្គ្រោះ​ក្រុម​គ្រួសារ​លោក ហើយ​បន្ថែម​ពី​លើ​នេះ គឺ​អាច​សង្គ្រោះ​សត្វ​ជា​ច្រើន​នោះ! (លោកុប្បត្តិ ៦:១​-​៨, ១៤​-​១៦; ហេព្រើរ ១១:៧; ពេត្រុស​ទី​២ ២:៥) ប្រសិន​បើ​បាន​ផ្ដល់​ឲ្យ​កិច្ច​ការ​បែប​នេះ តើ​អ្នក​នឹង​ខំ​ប្រឹង​ធ្វើ​ដើម្បី​នឹង​បំពេញ​នោះ​ឬ​ទេ? ឬ​ក៏​តើ​អ្នក​នឹង​សន្និដ្ឋាន​ថា ព្រះ​យេហូវ៉ា​តម្រូវ​ច្រើន​ពេក​ពី​អ្នក​ទៅ​វិញ?

៨. តើ​លោក​អ័ប្រាហាំ​បាន​តម្រូវ​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​ការ​ធ្វើ​តាម​របស់​លោក​នោះ បាន​ទុក​ជា​គំរូ​ពី​អ្វី?

៨ ព្រះ​ទ្រង់​បាន​តម្រូវ​ឲ្យ​លោក​អ័ប្រាហាំ​ធ្វើ​អ្វី​ដ៏​ពិបាក​មួយ ដោយ​មាន​បន្ទូល​ប្រាប់​លោក​ថា៖ «ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត»។ (លោកុប្បត្តិ ២២:២) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា អ៊ីសាក​ដែល​នៅ​ពេល​នោះ​គាត់​គ្មាន​កូន​នៅ​ឡើយ តែ​នឹង​មាន​កូន​វិញ នោះ​ជំនឿ​របស់​លោក​អ័ប្រាហាំ​លើ​សមត្ថភាព​របស់​ព្រះ ដើម្បី​ធ្វើ​អ៊ីសាក​ឲ្យ​មាន​ជីវិត​ឡើង​វិញ​បាន​ត្រូវ​សាក​ល្បង។ នៅ​ពេល​ដែល​លោក​អ័ប្រាហាំ​បាន​ប៉ុន​ប៉ង​នឹង​ធ្វើ​យញ្ញ​បូជា​ដល់​អ៊ីសាក នោះ​ព្រះ​បាន​ការ​ពារ​យុវបុរស​នេះ។ ព្រឹត្ដិការណ៍​នេះ​បង្ហាញ​ថា​ព្រះ​នឹង​ថ្វាយ​រាជបុត្រា​ផ្ទាល់​របស់​ទ្រង់​សំរាប់​មនុស្ស​លោក ហើយ​ក្រោយ​មក​នឹង​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ។—លោកុប្បត្តិ ១៧:១៩; ២២:៩​-​១៨; យ៉ូហាន ៣:១៦; កិច្ច​ការ ២:២៣, ២៤, ២៩​-​៣២; ហេព្រើរ ១១:១៧​-​១៩

៩. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​បាន​តម្រូវ​ច្រើន​ពេក​ពី​លោក​អ័ប្រាហាំ?

៩ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ច្រើន​ណាស់​ពី​លោក​អ័ប្រាហាំ។ ប៉ុន្តែ​តើ​ទ្រង់​តម្រូវ​ច្រើន​មែន​ឬ? តើ​ពិត​ជា​ការ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ឬ ដែល​ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​យើង ដែល​អាច​ប្រោស​ពួក​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នោះ​សុំ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់ ទោះ​ជា​នេះ​នឹង​មាន​លទ្ធផល​ជា​ការ​ដេក​លក់​ជា​បណ្ដោះ​អាសន្ន​ក្នុង​សេចក្ដី​ស្លាប់​នោះ? ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​អ្នក​កាន់​តាម​ទ្រង់​ពី​ដើម ឥត​បាន​គិត​អ៊ីចឹង​ឡើយ។ ពួក​គេ​បាន​សុខ​ចិត្ត​រង​ទុក្ខ​ទទួល​អំពើ​ហិង្សា ព្រម​ទាំង​ស្លាប់​ផង ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (យ៉ូហាន ១០:១១, ១៧, ១៨; កិច្ច​ការ ៥:៤០​-​៤២; ២១:១៣) ប្រសិន​បើ​នៅ​ក្នុង​កាលៈទេសៈ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ តើ​អ្នក​នឹង​សុខ​ចិត្ត​ទទួល​ទុក្ខ​ស្រដៀង​នេះ​ឬ​ទេ? ចូរ​ពិចារណា​មើល​នូវ​របស់​ខ្លះ​ៗ ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ពី​អស់​អ្នក​ដែល​សុខ​ចិត្ត​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់។

ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​សំរាប់​ប្រទេស​អ៊ីស្រាអែល

១០. តើ​អ្នក​ណា​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ ហើយ​តើ​ទ្រង់​ប្រទាន​អ្វី​ដល់​គេ?

១០ កូន​ចៅ​របស់​លោក​អ័ប្រាហាំ​តាម​រយៈ​អ៊ីសាក​ជា​កូន​ប្រុស​របស់​គាត់ និង​ចៅ​គាត់​ឈ្មោះ​យ៉ាកុប​ឬ​អ៊ីស្រាអែល នោះ​បាន​រីក​ចំរើន​ក្លាយ​ទៅ​ជា​សាសន៍​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព​ក្នុង​ស្រុក​អេស៊ីប។ (លោកុប្បត្តិ ៣២:២៨; ៤៦:១​-​៣; សាំយូអែល​ទី​២ ៧:២៣, ២៤) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​គេ​បាន​សន្យា​នឹង​ធ្វើ​អ្វី​ក៏​ដោយ ដែល​ព្រះ​តម្រូវ​ឲ្យ​គេ​ធ្វើ។ ពួក​គេ​បាន​និយាយ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក»។ (និក្ខមនំ ១៩:៨) ក្នុង​ការ​បំពេញ​នូវ​សេចក្ដី​ប្រាថ្នា​របស់​ពួក​អ៊ីស្រាអែល​ឲ្យ​ទ្រង់​គ្រប់​គ្រង​លើ​គេ នោះ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​សាសន៍​នេះ​នូវ​ក្រិត្យ​វិន័យ​៦០០​ច្បាប់ រួម​បញ្ចូល​ក្រិត្យ​វិន័យ​ដប់​ប្រការ​ដែរ។ នៅ​ក្រោយ​មក ក្រិត្យ​វិន័យ​ទាំង​នេះ​របស់​ព្រះ ដែល​បាន​ផ្ដល់​មក​តាម​រយៈលោក​ម៉ូសេ ក៏​បាន​គេ​ហៅ​យ៉ាង​ស្រួល​ថា ក្រិត្យ​វិន័យ។—អែសរ៉ា ៧:៦; លូកា ១០:២៥​-​២៧; យ៉ូហាន ១:១៧

១១. តើ​គោល​បំណង​មួយ​នៃ​ក្រិត្យ​វិន័យ​ជា​អ្វី ហើយ​តើ​មាន​បទ​បញ្ជា​ណា​ខ្លះ ដែល​បាន​ជួយ​សម្រេច​ការ​នេះ?

១១ គោល​បំណង​មួយ​នៃ​ក្រិត្យ​វិន័យ នោះ​គឺ​ដើម្បី​ការ​ពារ​ពួក​អ៊ីស្រាអែល ដោយ​ផ្ដល់​នូវ​បទ​បញ្ជា​ត្រឹម​ត្រូវ​ដែល​កាន់​កាប់​លើ​រឿង​ដូច​ជា​កាម​សីលធម៌ កិច្ច​ការ​ជំនួញ និង​ការ​មើល​ថែ​រក្សា​កូន​ក្មេង។ (និក្ខមនំ ២០:១៤; លេវីវិន័យ ១៨:៦​-​១៨, ២២​-​២៤; ១៩:៣៥, ៣៦; ចោទិយកថា ៦:៦​-​៩) វិន័យ​បាន​ត្រូវ​ផ្ដល់​មក​ពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​លើ​មនុស្ស​គ្នី​គ្នា ព្រម​ទាំង​របៀប​ប្រព្រឹត្ត​លើ​សត្វ​របស់​ខ្លួន​ផង។ (លេវីវិន័យ ១៩:១៨; ចោទិយកថា ២២:៤, ១០) តម្រូវ​ការ​ខាង​បុណ្យ​ប្រចាំ​ឆ្នាំ និង​ការ​ប្រជុំ​ជា​មួយ​គ្នា​សំរាប់​ការ​ថ្វាយ​បង្គំ បាន​ជួយ​ការ​ពារ​ពួក​បណ្ដា​ជន​ខាង​វិញ្ញាណ។—លេវីវិន័យ ២៣:១​-​៤៣; ចោទិយកថា ៣១:១០​-​១៣

១២. តើ​គោល​បំណង​ធំ​នៃ​ក្រិត្យ​វិន័យ​ជា​អ្វី?

១២ គោល​បំណង​ធំ​នៃ​ក្រិត្យ​វិន័យ​បាន​ត្រូវ​កត់​សម្គាល់​ដោយ​សាវ័ក​ប៉ុល ដែល​បាន​សរសេរ​ថា៖ «ព្រះ​ជា​ម្ចាស់​ប្រទាន​វិន័យ​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​អំពើ​ទុច្ចរិត​របស់​មនុស្ស ហើយ​វិន័យ​នេះ​មាន​ខ្លឹម​សារ រហូត​ទាល់​តែ​ពូជ​ពង្ស[ព្រះ​គ្រីស្ទ] ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ​បន្ទូល​សន្យា យាង​មក​ដល់»។ (កាឡាទី ៣:១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ក្រិត្យ​វិន័យ​នោះ​បាន​រំឭក​ពួក​អ៊ីស្រាអែល​ថា​ពួក​គេ​គឺ​ឥត​គ្រប់ល័ក្ខណ៍។ ដូច្នេះ ជា​ការ​សម​ហេតុ​ផល ថា​ពួក​គេ​ត្រូវ​ការ​យញ្ញ​បូជា​ដ៏​ល្អ​គ្រប់ល័ក្ខណ៍​មួយ ដែល​អាច​ដក​បាប​របស់​គេ​ចេញ​ទាំង​ស្រុង។ (ហេព្រើរ ១០:១​-​៤) ដូច្នេះ ក្រិត្យ​វិន័យ​នេះ​បាន​មាន​បំណង​ដើម្បី​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ព្រះ​យេស៊ូ ដែល​ជា​ព្រះ​មេស្ស៊ី ឬ​ព្រះ​គ្រីស្ទ។ ប៉ុល​បាន​សរសេរ​ថា៖ «ក្រិត្យ​វិន័យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ»។—កាឡាទី ៣:២៤

តើ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​បន្ទុក​ដ៏​ធ្ងន់​ឬ?

១៣. (ក) តើ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​បាន​ចាត់​ទុក​ក្រិត្យ​វិន័យ​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី? (ខ) តើ​ក្រិត្យ​វិន័យ​នេះ​ពិត​ជា​មាន​បន្ទុក​ដ៏​ធ្ងន់​ឬ?

១៣ ទោះ​ជា​ក្រិត្យ​វិន័យ​ជា«បរិសុទ្ធ សុចរិត ល្អ​ដែរ» មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ជា​បន្ទុក​ដ៏​ធ្ងន់។ (រ៉ូម ៧:១២) ពី​ព្រោះ​ក្រិត្យ​វិន័យ​គឺ​ល្អ​គ្រប់ល័ក្ខណ៍ នោះ​ពួក​អ៊ីស្រាអែល​មិន​អាច​បំពេញ​តាម​ខ្នាត​តម្រា​ដ៏​ខ្ពស់​នោះ​ឡើយ។ (ទំនុកដំកើង ១៩:៧) ហេតុ​នោះ​ហើយ​បាន​ជា​សាវ័ក​ពេត្រុស​បាន​ហៅ​ក្រិត្យ​វិន័យ​ថា​ជា«នឹម . . . ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ​ទ្រាំ​បាន​ផង»។ (កិច្ច​ការ ១៥:១០) ប្រាកដ​ហើយ ក្រិត្យ​វិន័យ​នេះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​នោះ​ទេ ហើយ​ការ​គោរព​តាម​បាន​មាន​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​នោះ។

១៤. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ដែល​បង្ហាញ​ថា ក្រិត្យ​វិន័យ​បាន​មាន​បំណង​ប្រទាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ឲ្យ​ពួក​អ៊ីស្រាអែល​នោះ?

១៤ ជា​ឧទាហរណ៍ នៅ​ក្រោម​ក្រិត្យ​វិន័យ ចោរ​ម្នាក់​នឹង​មិន​ត្រូវ​ជាប់​គុក​ទេ ក៏​ប៉ុន្តែ​គឺ​ត្រូវ​តែ​ធ្វើ​ការ​ដើម្បី​បង់​មួយ​ជា​ពីរ​ឬ​ច្រើន​ជាង ដើម្បី​សង​នូវ​អ្វី​ដែល​គាត់​បាន​លួច។ ដូច្នេះ​អ្នក​រង​គ្រោះ​នឹង​ឥត​មាន​ការ​បាត់​បង់ ហើយ​ក៏​គ្មាន​បន្ទុក​ដាក់​លើ​មនុស្ស​ដែល​ខំ​ប្រឹង​ធ្វើ​ការ ឲ្យ​គាំទ្រ​ប្រព័ន្ធ​គុក​នោះ​ឡើយ។ (និក្ខមនំ ២២:១, ៣, ៤, ៧) អាហារ​ដែល​គ្មាន​សុវត្ថិភាព​បាន​ហាម​ឃាត់។ សាច់​ជ្រូក ប្រសិន​បើ​មិន​បាន​ចំអិន​ល្អ​ទេ អាច​មាន​រោគ​ត្រែឃីណូសិច (trichinosis) ហើយ​សាច់​ទន្សាយ​ក៏​អាច​មាន​រោគ​ទូឡារីមា (tularemia)។ (លេវីវិន័យ ១១:៤​-​១២) ស្រដៀង​គ្នា​នេះ ក្រិត្យ​វិន័យ​គឺ​ជា​ការ​ការ​ពារ​ដោយ​ហាម​នូវ​ការ​ប៉ះ​សាក​សព​ណា។ ប្រសិន​បើ​បុគ្គល​ម្នាក់​បាន​ប៉ះ​សាក​សព​មួយ នោះ​គឺ​តម្រូវ​ឲ្យ​គាត់​សំអាត​ខ្លួន ព្រម​ទាំង​សំលៀក​បំពាក់​របស់​គាត់​ផង។ (លេវីវិន័យ ១១:៣១​-​៣៦; ជន​គណនា ១៩:១១​-​២២) គេ​ត្រូវ​កប់​ចោល​លាមក ដើម្បី​ការ​ពារ​ប្រជារាស្ត្រ​ពី​ការ​ឆ្លង​រាល​ដាល​នូវ​មេ​រោគ ហើយ​រឿង​មេ​រោគ​នេះ​គឺ​បាន​ត្រូវ​រក​ឃើញ​ដោយ​ពួក​អ្នក​វិទ្យា​សាស្ត្រ ទើប​តែ​នៅ​សតវត្ស​ថ្មី​ៗ​នេះ​ទេ។—ចោទិយកថា ២៣:១៣

១៥. តើ​អ្វី​ដែល​បាន​ស​ឲ្យ​ឃើញ​ជា​បន្ទុក​ដល់​ពួក​អ៊ីស្រាអែល​ទៅ​វិញ?

១៥ ក្រិត្យ​វិន័យ​នេះ​មិន​បាន​តម្រូវ​ច្រើន​ពេក​ពី​រាស្ត្រ​នោះ​ទេ។ ក៏​ប៉ុន្តែ​មិន​អាច​និយាយ​អ៊ីចឹង​បាន​ឡើយ ស្តី​អំពី​ពួក​បុរស​ដែល​បាន​ចាប់​មុខ​នាទី​ជា​អ្នក​បក​ប្រែ​នូវ​ក្រិត្យ​វិន័យ​នោះ។ ស្តី​អំពី​ក្រិត្យ​ដែល​គេ​បាន​ដាក់​នោះ វចនានុក្រម​នៃ​ព្រះ​គម្ពីរ ដែល​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ដោយ​លោក ជេម្ស ហេស្ទីង កត់​សម្គាល់​ថា៖ «បទ​បញ្ជា​ទាំង​អស់​នៅ​ក្នុង​ព្រះ​គម្ពីរ បាន​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​ប្រព័ន្ធ​នៃ​បទ​បញ្ជា​កំប៊ិកកំប៉ុក។ . . . ដូច្នេះ​មាន​ការ​ប៉ុន​ប៉ង​យក​ករណី​ទាំង​អស់​ដែល​អាច​គិត​ឃើញ​នៅ​ក្នុង​វិស័យ​នៃ​ក្រិត្យ​វិន័យ ហើយ​រួម​នឹង​វិជ្ជា​ត្រិះរិះ​ដោយ​គ្មាន​មេត្ដា ដើម្បី​នឹង​ដាក់​កំរិត​ចរិយា​របស់​មនុស្ស ដោយ​ការ​ពិសោធន៍​ដ៏​តឹង​រឹង។ . . . សម្លេង​ពី​មនសិការ​បាន​ត្រូវ​គាប​សង្កត់។ អំណាច​ដ៏​រស់​រវើក​នៃ​បន្ទូល​របស់​ព្រះ​បាន​ត្រូវ​ធ្វើ​ឲ្យ​គ្មាន​ប្រសិទ្ធិភាព ហើយ​បាន​ត្រូវ​បង្ក្រាប​នៅ​ក្រោម​ក្រិត្យ​ជា​ច្រើន​នៅ​ខាង​ក្រៅ»។

១៦. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា ស្តី​អំពី​វិន័យ​និង​ទំនៀម​ទម្លាប់​ដ៏​ជា​បន្ទុក​ពី​ពួក​មេ​ដឹក​នាំ​សាសនា​នោះ?

១៦ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ផ្ដន្ទា​ទោស​ពួក​មេ​ដឹក​នាំ​សាសនា ដែល​បាន​ដាក់​ក្រិត្យ​ជា​ច្រើន​នេះ ដោយ​មាន​បន្ទូល​ថា៖ «គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដាក់​លើ​ស្មា​មនុស្ស ជា​បន្ទុក​ដែល​ពិបាក​ទទួល តែ​ខ្លួន​គេ​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង»។ (ម៉ាថាយ ២៣:២, ៤) ទ្រង់​បាន​ចង្អុល​ប្រាប់​ថា វិន័យ​និង​ទំនៀម​ទម្លាប់​របស់​គេ ដែល​បាន​បង្កើត​ដោយ​មនុស្ស ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​នេះ ដែល​រួម​បញ្ចូល​ការ​សំអាត​ដ៏​ស្មុគ​ស្មាញ នោះ​បាន«លើក​ព្រះ​បន្ទូល​ចោល»។ (ម៉ាកុស ៧:១​-​១៣; ម៉ាថាយ ២៣:១៣, ២៤​-​២៦) ក៏​ប៉ុន្តែ មុន​ព្រះ​យេស៊ូ​បាន​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ គ្រូ​អាចារ្យ​ខាង​សាសនា​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ក៏​បាន​បង្ហាញ​ខុស​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​តម្រូវ​នោះ​ដែរ។

អ្វី​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​តម្រូវ​នោះ

១៧. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​ផ្គាប់​ព្រះ​ហឫទ័យ នឹង​ដង្វាយ​ដុត​របស់​ពួក​អ៊ីស្រាអែល​ដ៏​ឥត​មាន​ជំនឿ​នោះ?

១៧ តាម​រយៈ​ព្យាការី​អេសាយ នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ «អញ​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ»។ (អេសាយ ១:១០, ១១) ហេតុ​អ្វី​ក៏​ព្រះ​មិន​ផ្គាប់​ព្រះ​ហឫទ័យ​នឹង​តង្វាយ ដែល​ទ្រង់​បាន​តម្រូវ​ដោយ​សារ​ក្រិត្យ​វិន័យ​នោះ? (លេវីវិន័យ ១:១–៤:៣៥) ពី​ព្រោះ​ពួក​បណ្ដា​ជន​បាន​ប្រព្រឹត្ត​លើ​ទ្រង់​ដោយ​ឥត​គោរព។ ដូច្នេះ​ពួក​គេ​បាន​ត្រូវ​ព្រមាន​ថា៖ «ចូរ​លាង​ចេញ ចូរ​ជំ​រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្ដិធម៌ ចូរ​ជួយ​ការ​ពារ​ចំពោះ​មនុស្ស​ដែល ត្រូវ​គេ​សង្កត់​សង្កិន ចូរ​កាត់​ក្ដី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្ដី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ»។ (អេសាយ ១:១៦, ១៧) តើ​នេះ​មិន​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បាន​ពី​ពួក​អ្នក​បំរើ​ទ្រង់​ទេ​ឬ?

១៨. តើ​ព្រះ​យេហូវ៉ា​ពិត​ជា​តម្រូវ​អ្វី​ពី​ពួក​អ៊ីស្រាអែល?

១៨ ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​បាន។ ទ្រង់​បាន​ធ្វើ​ដូច្នេះ​ពេល​ដែល​ទ្រង់​បាន​ត្រូវ​សួរ​ថា៖ «ក្នុង​បណ្ដា​ក្រិត្យ​វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត»? ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ថា៖ «‹ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង› នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា‹ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង› បណ្ដា​ក្រិត្យ​វិន័យ នឹង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២ប្រ​ការ​នេះ​ឯង›»។ (ម៉ាថាយ ២២:៣៦​-​៤០; លេវីវិន័យ ១៩:១៨; ចោទិយកថា ៦:៤​-​៦) ព្យាការី​ម៉ូសេ​បាន​បញ្ជាក់​ចំណុច​ដូច​នេះ ពេល​លោក​បាន​និយាយ​ថា៖ «សេចក្ដី​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ​យេហូវ៉ា នឹង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់»។—ចោទិយកថា ១០:១២, ១៣; ១៥:៧, ៨

១៩. តើ​ពួក​អ៊ីស្រាអែល​ខំ​ធ្វើ​ឲ្យ​ឃើញ​ជា​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ​តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​យ៉ាង​ណា​ទៅ​ពួក​គេ?

១៩ ទោះ​ជា​មាន​អំពើ​ខុស​ទំនង​ក៏​ដោយ នោះ​ពួក​អ៊ីស្រាអែល​បាន​ចង់​ធ្វើ​ឲ្យ​ឃើញ​ជា​បរិសុទ្ធ។ ទោះ​ជា​ក្រិត្យ​វិន័យ​តម្រូវ​ឲ្យ​តម​អាហារ​នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ប៉ុណ្ណោះ តែ​ពួក​គេ​បាន​ចាប់​ផ្ដើម​តម​អាហារ​ជា​រឿយ​ៗ។ (លេវីវិន័យ ១៦:៣០, ៣១) ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ស្តី​បន្ទោស​គេ ដោយ​មាន​បន្ទូល​ថា៖ «តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់​សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀក​បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់​ញាតិ​របស់​ឯង​ទេ​ឬ​អី»?—អេសាយ ៥៨:៣​-​៧

២០. ព្រះ​យេស៊ូ​បាន​ស្តី​បន្ទោស​ពួក​លាក់​ពុត​ខាង​សាសនា ដោយ​ព្រោះ​រឿង​អ្វី?

២០ ពួក​អ៊ីស្រាអែល​ទាំង​នោះ​ដែល​រាប់​ខ្លួន​ជា​សុចរិត មាន​បញ្ហា​មួយ​ស្រដៀង​នឹង​ពួក​លាក់​ពុត​ខាង​សាសនា ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ពួក​គេ​ថា៖ «ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ​អង្កាម ជីរ​លីង​លាក់ នឹង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ​វិញ ដូច​ជា​សេចក្ដី​យុត្ដិធម៌ សេចក្ដី​មេត្ដា​ករុណា នឹង​សេចក្ដី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង»។ (ម៉ាថាយ ២៣:២៣; លេវីវិន័យ ២៧:៣០) តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​មិន​ជួយ​យើង​ឲ្យ​យល់ អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​បាន​ពី​យើង​នោះ​ទេ​ឬ?

២១. តើ​ព្យាការី​មីកា​បាន​សង្ខេប នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​និង​មិន​តម្រូវ​ពី​យើង​នោះ យ៉ាង​ណា​ទៅ?

២១ ដើម្បី​បញ្ជាក់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឬ​មិន​តម្រូវ​ពី​យើង នោះ​ព្យាការី​របស់​ព្រះ ឈ្មោះ​មីកា​បាន​សួរ​ថា៖ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​ដង្វាយ​ដុត ជា​កូន​គោ​អាយុ​១​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ទ្រង់​ឬ? តើ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ​អី តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត​គឺ​ជា​ផល​នៃ​រូប​កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ? ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ»។—មីកា ៦:៦​-​៨

២២. តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​បាន​អ្វី​ពី​អស់​អ្នក​ដែល​នៅ​ក្រោម​ក្រិត្យ​វិន័យ​នោះ?

២២ បើ​អ៊ីចឹង តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​អស់​អ្នក​ដែល​បាន​រស់​នៅ​ក្រោម​ក្រិត្យ​វិន័យ​នោះ? ប្រាកដ​ហើយ ពួក​គេ​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ក្រិត្យ​វិន័យ​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា ‹ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង›»។ (កាឡាទី ៥:១៤) ស្រដៀង​គ្នា​នេះ ប៉ុល​ក៏​បាន​ប្រាប់​ពួក​គ្រីស្ទាន​នៅ​ក្នុង​ក្រុង​រ៉ូម​ថា៖ «ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ​វិន័យ​ហើយ . . . សេចក្ដី​ស្រឡាញ់ ជា​កិច្ច​សំរេច​តាម​ក្រិត្យ​វិន័យ​ហើយ»។—រ៉ូម ១៣:៨​-​១០

គឺ​មិន​មែន​ច្រើន​ពេក​នោះ​ទេ

២៣, ២៤. (ក) ហេតុ​អ្វី​ក៏​ការ​ធ្វើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​នោះ មិន​មែន​ជា​អ្វី​ច្រើន​ពេក​ចំពោះ​យើង? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ជា​បន្ទាប់?

២៣ ដែល​ព្រះ​យេហូវ៉ា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ប្រកប​ដោយ​ការ​ពិចារណា និង​មេត្ដា​ករុណា នោះ​តើ​យើង​ត្រេក​អរ​នឹង​ទ្រង់​ទេ​ឬ? រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់​ព្រះ​យេស៊ូ​គ្រីស្ទ បាន​យាង​មក​ផែនដី​ដើម្បី​លើក​ដំកើង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដើម្បី​ឲ្យ​មនុស្ស​ដឹង​ថា​គេ​មាន​តម្លៃ​ណាស់​ដល់​ព្រះ​យេហូវ៉ា។ ដោយ​ពន្យល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​សត្វ​ចាប​ដ៏​ទន់​ខ្សោយ​នេះ​ថា៖ «តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ»។ ដូច្នេះ​ទ្រង់​បាន​សន្និដ្ឋាន​ថា៖ «មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ (ម៉ាថាយ ១០:២៩​-​៣១) យ៉ាង​ប្រាកដ​ហើយ ការ​ធ្វើ​អ្វី​ក៏​ដោយ ដែល​ព្រះ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​តម្រូវ​ឲ្យ​យើង​ធ្វើ​នោះ គឺ​មិន​មែន​ច្រើន​ពេក​នោះ​ឡើយ។

២៤ ក៏​ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង​សព្វ​ថ្ងៃ​នេះ? ហើយ​ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​ហាក់​ដូច​ជា​គិត​ថា ព្រះ​តម្រូវ​ច្រើន​ពេក​ពី​យើង​នោះ? ដោយ​ពិនិត្យ​មើល​សំនួរ​ទាំង​នេះ នោះ​យើង​នឹង​អាច​ឃើញ​នូវ​ហេតុ​ដែល​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន ក្នុង​ការ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​នោះ។

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

◻ ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​មិន​ចង់​បំរើ​ព្រះ​យេហូវ៉ា?

◻ នៅ​គ្រា​ផ្សេង តើ​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​នោះ​ផ្សេង​ៗ​ពី​គ្នា​យ៉ាង​ណា?

◻ តើ​គោល​បំណង​អ្វី​ដែល​បាន​ទុក​មក​ដោយ​ក្រិត្យ​វិន័យ​នោះ?

◻ ហេតុ​អ្វី​ក៏​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា មិន​មែន​ច្រើន​ពេក​សំរាប់​យើង​នោះ?

[រូប​ភាព​នៅ​ទំព័រ​២៦]

វិន័យ​ដែល​បង្កើត​ដោយ​មនុស្ស ដូច​ជា​ការ​សំអាត​ខ្លួន​ដ៏​ស្មុគ​ស្មាញ បាន​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​ទៅ​ជា​បន្ទុក​ដ៏​ធ្ងន់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក