បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១២ ទំ. ២៨-៣២
  • តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងសព្វថ្ងៃនេះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងសព្វថ្ងៃនេះ?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ
  • សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់
  • របៀប​ដែល​យើង​បង្ហាញ​ភស្តុ​តាង​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង
  • ហេតុ​ដែល​ប្រហែល​ហាក់​ដូច​ជា​ពិបាក
  • ក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ចារឹកទុកក្នុងចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • សេចក្ដីស្រឡាញ់និងយុត្ដិធម៌ក្នុងក្រុមជំនុំគ្រិស្តសាសនិក (ភាគទី២/៤)
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើអ្នកស្ថិតក្នុងចំណោមអ្នកដែលព្រះស្រឡាញ់ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១២ ទំ. ២៨-៣២

តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​សព្វ​ថ្ងៃ​នេះ?

«ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា៖ ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ›»។—ម៉ាថាយ ១៧:៥

១. តើ​នៅ​ពេល​ណា​ដែល​ក្រិត្យ​វិន័យ​បំពេញ​គោល​បំណង​របស់​វា?

ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​សាសន៍​អ៊ីស្រាអែល​នូវ​ក្រិត្យ​វិន័យ ដែល​មាន​លក្ខណៈ​ជា​ច្រើន។ ស្តី​អំពី​ក្រិត្យ​វិន័យ នោះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​មាន​តែ​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ . . . ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀបចំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ»។ (ហេព្រើរ ៩:១០) នៅ​ពេល​ដែល​ក្រិត្យ​វិន័យ​បាន​នាំ​ពួក​អ៊ីស្រាអែល​ដែល​នៅ​សល់ ឲ្យ​ទទួល​យក​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី ឬ​ព្រះ​គ្រីស្ទ នោះ​ក្រិត្យ​វិន័យ​នេះ​បាន​បំពេញ​គោល​បំណង​ហើយ។ ដូច្នេះ​ហើយ ប៉ុល​បាន​ប្រកាស​ថា៖ «ព្រះ​គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ​វិន័យ»។—រ៉ូម ១០:៤; កាឡាទី ៣:១៩​-​២៥; ៤:៤, ៥

២. តើ​អ្នក​ណា​ដែល​នៅ​ក្រោម​ក្រិត្យ​វិន័យ​នោះ ហើយ​តើ​នៅ​ពេល​ណា​ដែល​គេ​រួច​ផុត​ពី​ក្រិត្យ​វិន័យ?

២ តើ​នេះ​មាន​សេចក្ដី​ថា ក្រិត្យ​វិន័យ​ឥត​ជាប់​ទាក់​ទង​លើ​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? តាម​ការ​ពិត មនុស្ស​លោក​ភាគ​ច្រើន មិន​ដែល​នៅ​ក្រោម​ក្រិត្យ​វិន័យ​នេះ​ទេ ដូច្នេះ​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ពន្យល់​ថា៖ «[ព្រះ​យេហូវ៉ា]ទ្រង់​សំដែង​ព្រះ​បន្ទូល​ដល់​យ៉ាកុប ហើយ​បញ្ញត្ត នឹង​ច្បាប់​របស់​ទ្រង់ ដល់​អ៊ីស្រាអែល ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀត​យ៉ាង​នោះ​ឡើយ ឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេ»។ (ទំនុកដំកើង ១៤៧:១៩, ២០) នៅ​ពេល​ដែល​ព្រះ​បាន​ស្ថាបនា​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ សូម្បី​តែ​សាសន៍​អ៊ីស្រាអែល​ក៏​ឥត​មាន​ចាំ​បាច់​គោរព​តាម​ក្រិត្យ​វិន័យ​នេះ​ដែរ។ (កាឡាទី ៣:១៣; អេភេសូរ ២:១៥; កូល៉ុស ២:១៣, ១៤, ១៦) បើ​អ៊ីចឹង ប្រសិន​បើ​ក្រិត្យ​វិន័យ​លែង​ដំណើរ​ការ តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​អស់​អ្នក​ដែល​មាន​សេចក្ដី​ប្រាថ្នា​ចង់​បំរើ​ទ្រង់​សព្វ​ថ្ងៃ​នេះ?

អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ

៣, ៤. (ក) ជា​គោល​តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​សព្វ​ថ្ងៃ​នេះ? (ខ) ហេតុ​អ្វី​ក៏​យើង​គួរ​តែ​ដើរ​តាម​លំអាន​ដាន​របស់​ព្រះ​យេស៊ូ?

៣ ក្នុង​កំឡុង​ឆ្នាំ​ក្រោយ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ នោះ​ពួក​សាវ័ក​របស់​ទ្រង់ ពេត្រុស យ៉ាកុប និង​យ៉ូហាន​បាន​ទៅ​ជា​មួយ​ទ្រង់​ដល់​កំពូល​ភ្នំ ប្រហែល​ជា​ជួរ​ភ្នំ​ហ៊ើម៉ូន។ នៅ​ទី​នោះ ពួក​គេ​បាន​ឃើញ​នូវ​ចក្ខុនិមិត្ត​ជា​ទំនាយ​មួយ​អំពី​ព្រះ​យេស៊ូ នៅ​ក្នុង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ​របស់​ទ្រង់ ហើយ​បាន​ឮ​បន្ទូល​របស់​ព្រះ​ប្រកាស​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ»។ (ម៉ាថាយ ១៧:១​-​៥) ជា​គោល នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​តម្រូវ​ពី​យើង គឺ​ឲ្យ​ស្ដាប់​តាម​រាជបុត្រា​របស់​ទ្រង់ ហើយ​ធ្វើ​តាម​គំរូ​និង​ការ​បង្រៀន​របស់​ទ្រង់។ (ម៉ាថាយ ១៦:២៤) ដូច្នេះ​ហើយ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។—ពេត្រុស​ទី​១ ២:២១

៤ ហេតុ​អ្វី​ក៏​យើង​ត្រូវ​ដើរ​តាម​លំអាន​ដាន​របស់​ព្រះ​យេស៊ូ? ពី​ព្រោះ​ដោយ​យក​តម្រាប់​តាម​ទ្រង់ នោះ​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​ស្គាល់​ព្រះ​វរបិតា​យ៉ាង​ជិត​ស្និទ្ធ ដោយ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​មិន​អាច​រាប់​បាន ជា​មួយ​នឹង​ទ្រង់​នៅ​លើ​ស្ថាន​សួគ៌ មុន​នឹង​ទ្រង់​យាង​មក​ផែនដី​នេះ។ (សុភាសិត ៨:២២​-​៣១; យ៉ូហាន ៨:២៣; ១៧:៥; កូល៉ុស ១:១៥​-​១៧) កាល​ដែល​នៅ​លើ​ផែនដី ព្រះ​យេស៊ូ​បាន​តំណាង​ព្រះ​វរបិតា​របស់​ទ្រង់​យ៉ាង​ស្មោះ​ត្រង់។ ទ្រង់​បាន​ពន្យល់​ថា៖ «ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះ​វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ»។ តាម​ការ​ពិត ព្រះ​យេស៊ូ​បាន​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ដូច​បេះ​បិទ​ដល់​ម្ល៉េះ ដែល​ទ្រង់​អាច​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ​វរបិតា​ដែរ»។—យ៉ូហាន ៨:២៨; ១៤:៩

៥. តើ​ពួក​គ្រីស្ទាន​នៅ​ក្រោម​ក្រិត្យ​វិន័យ​ណា​មួយ ហើយ​តើ​នៅ​ពេល​ណា​ដែល​ក្រិត្យ​វិន័យ​នោះ​បាន​ក្លាយ​មក​សំរាប់​ប្រតិបត្ដិ​នោះ?

៥ តើ​ការ​ស្ដាប់​តាម​ព្រះ​យេស៊ូ​និង​យក​តម្រាប់​តាម​ទ្រង់​ជាប់​ទាក់​ទង​អ្វី​ខ្លះ? តើ​នេះ​មាន​ន័យ​ថា​នៅ​ក្រោម​ក្រិត្យ​វិន័យ​មួយ​ឬ? ប៉ុល​បាន​សរសេរ​ថា៖ «ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រិត្យ​វិន័យ​ទេ»។ លោក​បាន​សំដៅ​ទៅ​ឯ‹កិច្ច​ព្រម​ព្រៀង​ចាស់› ជា​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ដែល​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល។ ប៉ុល​បាន​ទទួល​ស្គាល់​ថា«នៅ​ក្នុង​ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ»។ (កូរិនថូស​ទី​១ ៩:២០, ២១; កូរិនថូស​ទី​២ ៣:១៤) ដោយ​កិច្ច​ព្រម​ព្រៀងខាង​ក្រិត្យ​វិន័យ​ចាស់​ចប់​ហើយ នោះ‹កិច្ច​ព្រម​ព្រៀង​ថ្មី›មួយ​ក៏​បាន​ក្លាយ​មក​សំរាប់​ឲ្យ​ប្រតិបត្ដិ​តាម​គឺ​ជា«ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ» ដែល​ពួក​អ្នក​បំរើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ តម្រូវ​ឲ្យ​ស្ដាប់​បង្គាប់​តាម​នោះ។—លូកា ២២:២០; កាឡាទី ៦:២; ហេព្រើរ ៨:៧​-​១៣

៦. តើ«ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ» ប្រហែល​ជា​អាច​រៀប​រាប់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​ស្ដាប់​បង្គាប់​តាម​នោះ?

៦ ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​ឲ្យ«ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ» សរសេរ​តាម​បែប​បទ​ជា​ក្រម រៀបចំ​ឡើង​តាម​ផ្នែក​ផ្សេង​ៗ ដូច​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ចាស់​នោះ​ឡើយ។ ក្រិត្យ​វិន័យ​ថ្មី​នេះ​សំរាប់​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ មិន​រួម​បញ្ចូល​បញ្ជី​យ៉ាង​វែង​នូវ​អ្វី​ដែល​ធ្វើ​និង​មិន​គួរ​ធ្វើ​នោះ​ទេ។ ក៏​ប៉ុន្តែ តាម​បន្ទូល​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​ដំណើរ​រឿង​បួន​ដ៏​ទូលំ​ទូលាយ ស្តី​អំពី​ជីវិត​និង​ការ​បង្រៀន​របស់​រាជបុត្រា​ទ្រង់។ ម្យ៉ាង​វិញ​ទៀត ព្រះ​បាន​បណ្ដាល​ពួក​អ្នក​កាន់​តាម​ដំបូង​ខ្លះ​ៗ​របស់​ព្រះ​យេស៊ូ ឲ្យ​ផ្ដល់​នូវ​សេចក្ដី​បង្គាប់​ជា​លាយ​ល័ក្ខណ៍​អក្សរ ស្តី​អំពី​មារយាទ​ផ្ទាល់​ខ្លួន រឿង​ខាង​ក្រុម​ជំនុំ ចរិយា​នៅ​ក្នុង​ក្រុម​គ្រួសារ និង​រឿង​ផ្សេង​ៗ​ទៀត។ (កូរិនថូស​ទី​១ ៦:១៨; ១៤:២៦​-​៣៥; អេភេសូរ ៥:២១​-​៣៣; ហេព្រើរ ១០:២៤, ២៥) នៅ​ពេល​ដែល​យើង​អនុលោម​ជីវិត​របស់​យើង​តាម​គំរូ​និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ធ្វើ​តាម​ឱវាទ​នៃ​ពួក​សរសេរ​ព្រះ​គម្ពីរ​នៅ​សតវត្ស​ទី​មួយ ដែល​បាន​ត្រូវ​បណ្ដាល​ដោយ​ព្រះ នោះ​យើង​កំពុង​តែ​ស្ដាប់​បង្គាប់​តាម«ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ»។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​ឲ្យ​ធ្វើ​អ៊ីចឹង។

សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់

៧. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​ខ្លឹម​សារ​នៃ​ក្រិត្យ​វិន័យ​ទ្រង់ ក្នុង​កំឡុង​ធ្វើ​បុណ្យ​រំលង​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​សាវ័ក​ទ្រង់​នោះ?

៧ កាល​ដែល​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​នៅ​ក្រោម​ក្រិត្យ​វិន័យ​ក៏​ដោយ តែ​សេចក្ដី​ស្រឡាញ់​ជា​គោល ឬ​ក៏​ជា​លក្ខណៈ​ដ៏​សំខាន់​បំផុត​នៅ​ក្រោម​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ។ ហេតុ​ការណ៍​ពិត​នេះ​បាន​ត្រូវ​បញ្ជាក់​ដោយ​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ទ្រង់​បាន​ជួប​ពួក​សាវ័ក​របស់​ទ្រង់ ដើម្បី​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ ស.យ.។ យោង​ទៅ​តាម​សេចក្ដី​សង្ខេប​របស់​សាវ័ក​យ៉ូហាន​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​ហ្នឹង នោះ​បន្ទូល​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​ព្រះ​យេស៊ូ រួម​បញ្ចូល​ឯកសារ​យោង​២៨​ដង​អំពី​សេចក្ដី​ស្រឡាញ់។ នេះ​បាន​បញ្ជាក់​ដល់​ពួក​សាវ័ក​ទ្រង់​នូវ​ខ្លឹម​សារ​ឬ​គតិ​នៃ​ក្រិត្យ​វិន័យ​របស់​ទ្រង់។ គួរ​ឲ្យ​សំខាន់​ដែរ យ៉ូហាន​បាន​ចាប់​ផ្ដើម​រាយ​ការណ៍ ស្តី​អំពី​ព្រឹត្ដិការណ៍​នៃ​រាត្រី​ដ៏​សំខាន់​នោះ? ដោយ​មាន​ប្រសាសន៍​ថា៖ «កាល​មុន​បុណ្យ​រំលង នោះ​ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ​ទៅ​ឯ​ព្រះ​វរបិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ​ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត»។—យ៉ូហាន ១៣:១

៨. (ក) តើ​មាន​ការ​បង្ហាញ​អ្វី​អំពី​ការ​ឈ្លោះ​ប្រកែក ដែល​មាន​ឥត​ដាច់​ក្នុង​ចំណោម​ពួក​សាវ័ក? (ខ) តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​សាវ័ក​ទ្រង់​នូវ​មេ​រៀន​មួយ អំពី​ការ​បន្ទាប​ខ្លួន​យ៉ាង​ណា?

៨ ព្រះ​យេស៊ូ​បាន​ស្រឡាញ់​ពួក​សាវ័ក​ទ្រង់ ទោះ​ជា​ទ្រង់​បាន​ខំ​ប្រឹង​ដោយ​ឥត​ឃើញ​ការ​មាន​ជោគ​ជ័យ​ដ៏​ជាក់​លាក់​ក៏​ដោយ គឺ​ជួយ​គេ​ឲ្យ​ឈ្នះ​លើ​សេចក្ដី​ប្រាថ្នា​ដ៏​ហួស​ហេតុ​របស់​គេ​ស្តី​អំពី​អំណាច​និង​ឋានៈ​នោះ។ ជា​យូរ​ខែ​មុន​នឹង​ពួក​គេ​មក​ដល់​ទី​ក្រុង​យេរូសាឡិម «គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង»។ ហើយ​គ្រាន់​តែ​មុន​ពួក​គេ​បាន​មក​ដល់​ទី​ក្រុង​នេះ ដើម្បី​ធ្វើ​បុណ្យ​រំលង នោះ​ការ​ឈ្លោះ​ប្រកែក​អំពី​ឋានៈ​ក៏​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត។ (ម៉ាកុស ៩:៣៣​-​៣៧; ១០:៣៥​-​៤៥) ដែល​ថា​នេះ​ជា​បញ្ហា​ដែល​មាន​ឥត​ដាច់ គឺ​បាន​ត្រូវ​បង្ហាញ​ដោយ​អ្វី​ដែល​បាន​កើត​ឡើង មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពួក​សាវ័ក​បាន​ចូល​ទៅ​បន្ទប់​លើ ដើម្បី​ចូល​រួម​នឹង​បុណ្យ​រំលង​ចុង​បំផុត​ជា​មួយ​គ្នា។ នៅ​ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ឆ្លៀត​យក​ឱកាស​ដើម្បី​ផ្ដល់​កិច្ច​បំរើ​ដ៏​រាក់​ទាក់ ដែល​មាន​ជា​ទំនៀម​ទម្លាប់ នៃ​ការ​លាង​ជើង​ឲ្យ​អ្នក​ដទៃ​នោះ​ទេ។ ដើម្បី​បង្រៀន​ពួក​គេ​នូវ​មេ​រៀន​មួយ​អំពី​ការ​បន្ទាប​ខ្លួន នោះ​ព្រះ​យេស៊ូ​ទ្រង់​បាន​លាង​ជើង​ឲ្យ​ពួក​គេ។—យ៉ូហាន ១៣:២​-​១៥; ធីម៉ូថេ​ទី​១ ៥:៩, ១០

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រឈម​ដោះ​ស្រាយ​នឹង​ស្ថានការណ៍ ដែល​បាន​កើត​ឡើង​ក្រោយ​ពី​បុណ្យ​រំលង​ចុង​ក្រោយ​នោះ?

៩ ថ្វី​បើ​បាន​ទទួល​មេ​រៀន​នោះ ក្រោយ​ពី​បាន​ធ្វើ​បុណ្យ​រំលង​ហើយ បន្ទាប់​មក​ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​ដែល​ជិត​មក​ដល់ ចូរ​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ម្ដង​ទៀត។ សៀវភៅ​ដំណឹង​ល្អ​របស់​លូកា​ចែង​ថា៖ «ក៏​កើត​មាន​សេចក្ដី​ទាស់​ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ»។ ជា​ជាង​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​សាវ័ក ហើយ​ស្តី​បន្ទោស​ឲ្យ​គេ នោះ​ព្រះ​យេស៊ូ​បាន​ឲ្យ​ឱវាទ​យ៉ាង​សប្បុរស អំពី​តម្រូវ​ការ​ឲ្យ​ខុស​ប្លែក​ពី​ពួក​អ្នក​គ្រប់​គ្រង​នៃ​លោកីយ៍ ដែល​ល្មោភ​តែ​អំណាច​នោះ។ (លូកា ២២:២៤​-​២៧) រួច​មក ទ្រង់​ក៏​ផ្ដល់​នូវ​អ្វី​មួយ ដែល​ប្រហែល​ជា​អាច​ហៅ​ថា ថ្ម​ជ្រុង​នៃ​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ»។—យ៉ូហាន ១៣:៣៤

១០. តើ​បទ​បញ្ជា​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ដល់​ពួក​សិស្ស​ទ្រង់ ហើយ​តើ​នេះ​ជាប់​ទាក់​ទង​អ្វី​ខ្លះ?

១០ ក្រោយ​មក​ក្នុង​រាត្រី​នោះ ព្រះ​យេស៊ូ​បាន​ចង្អុល​ប្រាប់​នូវ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រីស្ទ នេះ​គួរ​តែ​មាន​ដល់​កំរិត​ណា។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ»។ (យ៉ូហាន ១៥:១២, ១៣) តើ​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​គួរ​តែ​សុខ​ចិត្ត​ស្លាប់​ជា​ប្រយោជន៍​នៃ​អ្នក​ជឿ​គ្នី​គ្នា ប្រសិន​បើ​មាន​សេចក្ដី​តម្រូវឲ្យ​ធ្វើ​នោះ​ឬ? នេះ​ហើយ​ជា​ការ​យល់​របស់​យ៉ូហាន ដែល​ជា​សាក្សី​នៅ​គ្រា​នោះ ដ្បិត​ក្រោយ​មក​គាត់​បាន​សរសេរ​ថា៖ «ដោយ​សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់[ព្រះ​យេស៊ូ​គ្រីស្ទ]បាន​ស៊ូ​ប្ដូរ​ព្រះ​ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្ដូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ»។—យ៉ូហាន​ទី​១ ៣:១៦

១១. (ក) តើ​យើង​បំពេញ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​នូវ​គំរូ​អ្វី?

១១ ដូច្នេះ​យើង​មិន​បំពេញ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ ដោយ​គ្រាន់​តែ​បង្រៀន​អ្នក​ដទៃ​អំពី​ទ្រង់​នោះ​ទេ។ យើង​ក៏​ត្រូវ​តែ​រស់​នៅ​ហើយ​កាន់​មារយាទ​ដូច​ព្រះ​យេស៊ូ​ដែរ។ ពិត​មែន ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​បន្ទូល​យ៉ាង​ពីរោះ ដែល​បាន​ជ្រើស​រើស​ត្រឹម​ត្រូវ​នៅ​ក្នុង​សុន្ទរកថា​របស់​ទ្រង់។ ក៏​ប៉ុន្តែ ទ្រង់​ក៏​បាន​បង្រៀន​ដោយ​គំរូ​ផង​ដែរ។ ទោះ​ជា​ព្រះ​យេស៊ូ​ធ្លាប់​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​ស្ថាន​សួគ៌​ក៏​ដោយ នោះ​ទ្រង់​បាន​ឆ្លៀត​យក​នូវ​ឱកាស​ដើម្បី​បំរើ​ប្រយោជន៍​របស់​ព្រះ​វរបិតា​ទ្រង់​នៅ​លើ​ផែនដី ហើយ​ដើម្បី​បង្ហាញ​នូវ​របៀប​ដែល​យើង​ត្រូវ​រស់​នៅ។ ទ្រង់​មាន​ព្រះ​ទ័យ​រាប​ទាប សប្បុរស និង​ចេះ​គិត​ដល់​អ្នក​ដទៃ ជួយ​អស់​អ្នក​ដែល​បាន​មាន​បន្ទុក​និង​បាន​ត្រូវ​ជិះ​ជាន់។ (ម៉ាថាយ ១១:២៨​-​៣០; ២០:២៨; ភីលីព ២:៥​-​៨; យ៉ូហាន​ទី​១ ៣:៨) ហើយ​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​ស្រឡាញ់​ពួក​គេ។

១២. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ​មិន​បន្ថយ​នូវ​តម្រូវ​ការ​នៃ​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​នោះ?

១២ តើ​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដែល​ជា​បទ​បញ្ជា​ដ៏​សំខាន់​បំផុត មាន​យ៉ាង​ឋាន:បែប​ណា​នៅ​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ? (ម៉ាថាយ ២២:៣៧, ៣៨; កាឡាទី ៦:២) តើ​មាន​សារៈ​សំខាន់​ទី​ពីរ​ឬ? គឺ​អត់​ទាល់​តែ​សោះ! ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ស្រឡាញ់​បង​ប្អូន​គ្រីស្ទាន​របស់​យើង គឺ​ជាប់​គ្នា​ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន។ បុគ្គល​ម្នាក់​មិន​អាច​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ឥត​ស្រឡាញ់​បង​ប្អូន​របស់​គាត់​នោះ​ឡើយ ដ្បិត​សាវ័ក​យ៉ូហាន​បាន​កត់​សម្គាល់​ថា៖ «បើ​អ្នក​ណា​ថា៖ ‹ខ្លួន​ស្រឡាញ់​ព្រះ› តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្ដេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន»។—យ៉ូហាន​ទី​១ ៤:២០; ប្រៀប​មើល យ៉ូហាន​ទី​១ ៣:១៧, ១៨

១៣. តើ​មាន​ឥទ្ធិពល​យ៉ាង​ណា​ដោយ​សារ​ពួក​សិស្ស​ស្ដាប់​បង្គាប់​តាម​បញ្ញត្ត​ថ្មី​របស់​ព្រះ​យេស៊ូ?

១៣ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​សិស្ស​ទ្រង់​នូវ​បទ​បញ្ជា​ថ្មី ដើម្បី​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ទ្រង់​បាន​ស្រឡាញ់​គេ នោះ​ទ្រង់​បាន​រៀប​រាប់​នូវ​ឥទ្ធិពល​ដែល​នេះ​នឹង​មាន។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) យោង​ទៅ​តាម​ធូថឺលាន ដែល​បាន​រស់​នៅ​ជាង​មួយ​រយ​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត នោះ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​នៃ​ពួក​គ្រីស្ទាន​សម័យ​ដើម គឺ​មាន​ឥទ្ធិពល​បែប​នោះ​មែន។ លោក​ធូថឺលាន​បាន​ស្រង់​ពាក្យ​របស់​ពួក​អ្នក​មិន​កាន់​សាសនា​គ្រីស្ទាន ដែល​ពួក​គេ​និយាយ​អំពី​ពួក​អ្នក​កាន់​តាម​របស់​ព្រះ​គ្រីស្ទ​ថា៖ ‹ឃើញ​នូវ​របៀប​ដែល​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​នូវ​របៀប​ដែល​គេ​ប្រុង​នឹង​ស្លាប់​សំរាប់​គ្នា›។ យើង​ប្រហែល​ជា​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​សំរាប់​គ្រីស្ទាន​គ្នី​គ្នា ដែល​ជា​ភស្តុ​តាង​ថា​ខ្ញុំ​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ឬ​ទេ›?

របៀប​ដែល​យើង​បង្ហាញ​ភស្តុ​តាង​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង

១៤, ១៥. តើ​អ្វី​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​ពិបាក​នឹង​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ ក៏​ប៉ុន្តែ​តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

១៤ គឺ​ជា​ការ​ចាំ​បាច់​ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា សម្ដែង​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រីស្ទ។ ក៏​ប៉ុន្តែ តើ​អ្នក​មាន​ការ​ពិបាក​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្រីស្ទាន​គ្នី​គ្នា ដែល​មាន​លក្ខណៈ​ដ៏​កំណាញ់​ឬ​ទេ? បើ​អ៊ីចឹង ដូច​ជា​យើង​បាន​ឃើញ​មក​ហើយ សូម្បី​តែ​ពួក​សាវ័ក​ក៏​បាន​ប្រកែក ហើយ​បាន​ខំ​បណ្ដុះ​បណ្ដាល​នូវ​ផល​ប្រយោជន៍​របស់​គេ​ដែរ។ (ម៉ាថាយ ២០:២០​-​២៤) ពួក​កាឡាទី​ក៏​បាន​ឈ្លោះ​គ្នា​ដែរ។ ក្រោយ​ពី​បាន​ចង្អុល​ប្រាប់​ថា សេចក្ដី​ស្រឡាញ់​នៃ​អ្នក​ជិត​ខាង​បាន​បំពេញ​ក្រិត្យ​វិន័យ នោះ​ប៉ុល​បាន​ព្រមាន​ពួក​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ»។ ក្រោយ​ពី​ធ្វើ​ឲ្យ​ឃើញ​នូវ​ភាព​ខុស​គ្នា រវាង​កិច្ច​ការ​ខាង​សាច់​ឈាម​ជា​មួយ​នឹង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ នោះ​ប៉ុល​បាន​បន្ថែម​សេចក្ដី​ដាស់​តឿន​នេះ​ថា៖ «កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្ដិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់​រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ»។ រួច​មក សាវ័ក​ប៉ុល​ក៏​បាន​ដាស់​តឿន​ថា៖ «ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»។—កាឡាទី ៥:១៤–៦:២

១៥ ដោយ​តម្រូវ​នូវ​ការ​ស្ដាប់​បង្គាប់​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ តើ​ព្រះ​យេហូវ៉ា​កំពុង​តម្រូវ​ពី​យើង​ច្រើន​ពេក​ឬ? ថ្វី​បើ​ប្រហែល​ជា​ពិបាក​ដោយ​មាន​ចិត្ត​សប្បុរស​ដល់​អស់​អ្នក បើ​និយាយ​ឲ្យ​ចំ​ទៅ​ចំពោះ​អ្នក​ដែល​បាន​និយាយ​ដ៏​ទ្រ​គោះ​នឹង​យើង ហើយ​បាន​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ខាង​អារម្មណ៍​ក៏​ដោយ តែ​យើង​បាន​ត្រូវ​តម្រូវ​ឲ្យ«ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា ហើយ​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់»។ (អេភេសូរ ៥:១, ២) យើង​ត្រូវ​ការ​បន្ត​មើល​នូវ​គំរូ​របស់​ព្រះ ដែល«សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ (រ៉ូម ៥:៨) ដោយ​ការ​ផ្ដើម​គំនិត​ចាត់​វិធានការ​ដើម្បី​ជួយ​អ្នក​ដទៃ រួម​បញ្ចូល​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ទោស​ដល់​យើង នោះ​យើងអាច​មាន​សេចក្ដី​ស្កប់​ស្កល់ ដោយ​ដឹង​ថា​យើង​កំពុង​តែ​យក​តម្រាប់​តាម​ព្រះ ហើយ​មាន​ចិត្ត​ស្ដាប់​បង្គាប់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ។

១៦. តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ភស្តុ​តាង​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង ចំពោះ​ព្រះ​និង​ព្រះ​គ្រីស្ទ​នោះ

១៦ យើង​គួរ​តែ​នឹក​ចាំ​ថា យើង​បង្ហាញ​ភស្តុ​តាង​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង ដោយ​អ្វី​ដែល​យើង​ធ្វើ មិន​គ្រាន់​តែ​អ្វី​ដែល​យើង​និយាយ​នោះ​ទេ។ នៅ​ពេល​មួយ សូម្បី​តែ​ព្រះ​យេស៊ូ​ក៏​បាន​ឃើញ​ថា​លក្ខណៈ​មួយ​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ក៏​ពិបាក​នឹង​ទទួល​ផង​ដែរ ដោយ​ព្រោះ​នូវ​អ្វី​ៗ​ដែល​បាន​ជាប់​ទាក់​ទង​នោះ។ ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​វរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ»។ ក៏​ប៉ុន្តែ​ទ្រង់​បាន​មាន​បន្ទូល​បន្ថែម​យ៉ាង​លឿន​ថា៖ «ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ (លូកា ២២:៤២) ទោះ​ជា​ព្រះ​យេស៊ូ​បាន​រង​ទុក្ខ​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​នៅ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែរ។ (ហេព្រើរ ៥:៧, ៨) សេចក្ដី​ស្ដាប់​បង្គាប់​ជា​ភស្តុ​តាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង ហើយ​បង្ហាញ​ថា​យើង​ទទួល​ស្គាល់​ថា​ផ្លូវ​របស់​ព្រះ គឺ​ប្រសើរ​បំផុត។ ព្រះ​គម្ពីរ​ចែង​ថា៖ «ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់»។ (យ៉ូហាន​ទី​១ ៥:៣) ហើយ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ទ្រង់​ថា៖ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ»។—យ៉ូហាន ១៤:១៥

១៧. តើ​បញ្ញត្ត​ដ៏​ពិសេស​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់ ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា វា​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ?

១៧ ក្រៅ​ពី​បញ្ជា​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តើ​បញ្ញត្ត​ដ៏​ពិសេស​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​គេ​នោះ? ទ្រង់​បាន​បង្គាប់​ឲ្យ​គេ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ដែល​ទ្រង់​បាន​បង្ហាត់​បង្រៀន​ពួក​គេ​នោះ។ ពេត្រុស​បាន​មាន​ប្រសាសន៍​ថា៖ «ទ្រង់​ក៏​ផ្ដាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្ដា​ជន​ទាំង​ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់»។ (កិច្ច​ការ ១០:៤២) ព្រះ​យេស៊ូ​បាន​បង្គាប់​យ៉ាង​ជាក់​លាក់​ថា៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០; កិច្ច​ការ ១:៨) ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​ថា​សេចក្ដី​បង្គាប់​បែប​នេះ ក៏​ទាក់​ទង​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់​សព្វ​ថ្ងៃ​ដែរ នៅ​ក្នុង«គ្រា​ចុង​បំផុត»នេះ។ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:១៤) ប្រាកដ​ហើយ គឺ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែល​យើង​ត្រូវ​ផ្សព្វ​ផ្សាយ។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ការ​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ច​ការ​នេះ​គឺ​ច្រើន​ពេក ដែល​ព្រះ​តម្រូវ​ពី​យើង​នោះ។ ក៏​ប៉ុន្តែ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ?

ហេតុ​ដែល​ប្រហែល​ហាក់​ដូច​ជា​ពិបាក

១៨. តើ​យើង​គួរ​តែ​នឹក​ចាំ​អ្វី​ពេល​ដែល​យើង​រង​ទុក្ខ​នឹង​ការ​ធ្វើ​អ្វី ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​នោះ?

១៨ ដូច​យើង​បាន​ឃើញ​ស្រាប់​ហើយ ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​មនុស្ស​ធ្វើ​តាម​តម្រូវ​ការ​ផ្សេង​ៗ​ទូទាំង​ប្រវត្ដិសាស្ត្រ។ ហើយ​ដូច​ជា​អ្វី​ដែល​បាន​តម្រូវ​ឲ្យ​គេ​ធ្វើ​គឺ​មាន​ខុស​ៗ​គ្នា នោះ​ក៏​ជា​សភាព​នៃ​សេចក្ដី​ទុក្ខ​លំបាក​ដែល​គេ​បាន​ពិសោធន៍​គឺ​មាន​ផ្សេង​ៗ​គ្នា​ដែរ។ បុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ព្រះ​បាន​រង​ទុក្ខ​សេចក្ដី​ទុក្ខ​លំបាក​ជា​ទី​បំផុត ហើយ​ជា​យថាហេតុ​ក៏​បាន​ត្រូវ​សោយ​ទិវង្គត​តាម​របៀប​ដ៏​ឃោរ​ឃៅ​ណាស់ ដោយ​ព្រោះ​តែ​ធ្វើ​អ្វី​ដែល​ព្រះ​បាន​តម្រូវ​នោះ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​រង​ទុក្ខ​ពី​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង នោះ​យើង​គួរ​តែ​នឹក​ចាំ​ថា ទ្រង់​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​យើង​នោះ​ទេ។ (យ៉ូហាន ១៥:១៨​-​២០; យ៉ាកុប ១:១៣​-​១៥) ការ​បះ​បោរ​របស់​សាតាំង​បាន​នាំ​ឲ្យ​មាន​អំពើ​បាប សេចក្ដី​រង​ទុក្ខ​វេទនា និង​សេចក្ដី​ស្លាប់ ហើយ​វា​ជា​អ្នក​ដែល​បាន​បង្កើត​ឲ្យ​មាន​កាលៈទេសៈ ដែល​តែង​តែ​ធ្វើ​ឲ្យ​ពិបាក​ណាស់ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​ពួក​អ្នក​បំរើ​របស់​ទ្រង់។—យ៉ូប ១:៦​-​១៩; ២:១​-​៨

១៩. ហេតុ​អ្វី​ក៏​ជា​ឯកសិទ្ធិ​មួយ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​បាន​តម្រូវ​ពី​យើង តាម​រយៈ​បុត្រា​របស់​ទ្រង់​នោះ?

១៩ តាម​រយៈ​បុត្រា​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ថា​នៅ​គ្រា​ចុង​បញ្ចប់​នេះ ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ធ្វើ​ការ​ផ្សាយ​ប្រកាស​ពាស​ពេញ​ផែនដី ថា​ជា​អ្វី​សំរាប់​ដោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​សេចក្ដី​រង​ទុក្ខ​វេទនា​ទាំង​អស់​របស់​មនុស្ស គឺ​ជា​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ។ រដ្ឋាភិបាល​នេះ​របស់​ព្រះ​នឹង​បំបាត់​ចោល​នូវ​បញ្ហា​ទាំង​អស់​នៅ​លើ​ផែនដី ដូច​ជា​សង្គ្រាម ឧក្រិដ្ឋកម្ម ភាព​ក្រី​ក្រ ភាព​ចាស់​ជរា ជម្ងឺ និង​សេចក្ដី​ស្លាប់។ ព្រះ​រាជាណាចក្រ​នេះ​ក៏​នឹង​នាំ​ឲ្យ​មាន​សួន​មនោរម្យ​ដ៏​រុង​រឿង​នៅ​លើ​ផែនដី ដែល​សូម្បី​តែ​ពួក​មនុស្ស​ស្លាប់​ក៏​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មក​ដែរ។ (ម៉ាថាយ ៦:៩, ១០; លូកា ២៣:៤៣; កិច្ច​ការ ២៤:១៥; វិវរណៈ ២១:៣, ៤) នេះ​គឺ​ជា​ឯកសិទ្ធិ​ដ៏​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​រឿង​ដូច​នេះ! បើ​អ៊ីចឹង​គឺ​ឃើញ​យ៉ាង​ច្បាស់​ថា​ឥត​មាន​បញ្ហា​ជា​មួយ​នឹង​អ្វី ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​នោះ​ទេ។ យើង​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង ក៏​ប៉ុន្តែ​អារក្ស​សាតាំង​និង​លោកីយ៍​នេះ​គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។

២០. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដោះ​ស្រាយ​នូវ​ការ​ប្រឆាំង​ណា​មួយ​ពី​សាតាំង​នោះ?

២០ តើ​តាម​របៀប​ណា​ដែល​យើង​ដោះ​ស្រាយ​ដោយ​ជោគ​ជ័យ នូវ​ការ​ប្រឆាំង​ណា​មួយ​ពី​សាតាំង​នោះ? គឺ​ដោយ​នឹក​ចាំ​នូវ​ពាក្យ​ទាំង​នេះ៖ «កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ»។ (សុភាសិត ២៧:១១) ព្រះ​យេស៊ូ​បាន​ផ្ដល់​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​ចម្លើយ​នៃ​ការ​ដៀល​តិះ​របស់​សាតាំង ដោយ​ចាក​ចេញ​ពី​សុវត្ថិភាព​នៃ​ជីវិត​នៅ​ស្ថាន​សួគ៌ ដើម្បី​មក​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​នៅ​លើ​ផែនដី​នេះ។ (អេសាយ ៥៣:១២; ហេព្រើរ ១០:៧) ជា​មនុស្ស​ម្នាក់ នោះ​ព្រះ​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ទាំង​អស់ ដែល​បាន​ដាក់​មក​លើ​ទ្រង់ ព្រម​ទាំង​សោយ​ទិវង្គត​នៅ​លើ​បង្គោល​ឈើ​ទារុណកម្ម​ផង។ ប្រសិន​បើ​យើង​ធ្វើ​តាម​ទ្រង់​ដែល​ជា​អ្នក​ឲ្យ​គំរូ​ដល់​យើង នោះ​យើង​អាច​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​រង​ទុក្ខ​វេទនា ហើយ​ធ្វើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង។—ហេព្រើរ ១២:១​-​៣

២១. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់ ដែល​បាន​បង្ហាញ​មក​ដោយ​ព្រះ​យេហូវ៉ា​និង​បុត្រា​របស់​ទ្រង់​នោះ?

២១ នេះ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​ព្រះ​និង​បុត្រា​របស់​ទ្រង់​បាន​បង្ហាញ​សំរាប់​យើង​នោះ! ដោយ​ព្រោះ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ នោះ​មនុស្ស​លោក​ដែល​ចេះ​ស្ដាប់​បង្គាប់ មាន​សេចក្ដី​សង្ឃឹម​នៃ​ការ​រស់​នៅ​ជា​និរន្តរ៍​នៅ​ក្នុង​សួន​មនោរម្យ។ ដូច្នេះ​កុំ​អនុញ្ញាត​អ្វី​ឲ្យ​សោះ មក​ធ្វើ​ឲ្យ​ស្រអាប់​ដល់​សេចក្ដី​សង្ឃឹម​របស់​យើង។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​ម្នាក់​ៗ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​មាន​លទ្ធភាព​នោះ ដូច​ប៉ុល​បាន​និយាយ​ថា៖ «ព្រះ​រាជបុត្រា​នៃ​ព្រះ . . . ទ្រង់​ស្រឡាញ់​ខ្ញុំ​ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ»។ (កាឡាទី ២:២០) ហើយ​សូម​ឲ្យ​យើង​បង្ហាញ​នូវ​ការ​ដឹង​គុណ​ដ៏​អស់​ពី​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ទ្រង់​មិន​ដែល​តម្រូវ​ច្រើន​ពេក​ពី​យើង​នោះ​ឡើយ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង​សព្វ​ថ្ងៃ​នេះ?

◻ ក្នុង​កំឡុង​រាត្រី​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​សាវ័ក តើ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ភស្តុ​តាង​ថា​យើង​ស្រឡាញ់​ព្រះ​នោះ?

◻ ហេតុ​អ្វី​ក៏​ជា​ឯកសិទ្ធិ​មួយ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​នោះ?

[រូប​ភាព​នៅ​ទំព័រ​៣១]

តើ​មេ​រៀន​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន ពេល​ទ្រង់​លាង​ជើង​ពួក​សាវ័ក​របស់​ទ្រង់​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក