ក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ចារឹកទុកក្នុងចិត្ត
«អញនឹងដាក់ក្រិត្យវិន័យរបស់អញនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ»។—យេរេមា ៣១:៣៣
១, ២. (ក) តើយើងនឹងពិនិត្យមើលអ្វី? (ខ) តើព្រះយេហូវ៉ាបានសម្ដែងតេជានុភាពរបស់ទ្រង់យ៉ាងអស្ចារ្យនៅភ្នំស៊ីណាយយ៉ាងដូចម្ដេច?
នៅអត្ថបទពីរមុននេះ យើងបានរៀនថាពេលដែលម៉ូសេបានចុះពីលើភ្នំស៊ីណាយមកវិញ នោះផ្ទៃមុខរបស់គាត់មានរស្មីដែលមកពីសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ យើងក៏បានពន្យល់អំពីស្បៃដែលម៉ូសេយកមកបាំងមុខនោះដែរ។ ឥឡូវយើងនឹងពិនិត្យមើលរឿងមួយទៀតដែលជាប់ទាក់ទងនឹងនេះ ហើយដែលមានន័យខ្លឹមសារចំពោះគ្រីស្ទានសព្វថ្ងៃ។
២ ពេលដែលម៉ូសេបាននៅលើភ្នំស៊ីណាយ នោះគាត់បានទទួលការបង្គាប់ពីព្រះយេហូវ៉ា។ ពួកអ៊ីស្រាអែលបានប្រមូលគ្នានៅឯជើងភ្នំស៊ីណាយ ហើយបានឃើញការសម្ដែងដ៏អស្ចារ្យពីតេជានុភាពរបស់ព្រះយេហូវ៉ា។ «នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ នឹងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្ដាជនទាំងឡាយ ដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា . . . ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង»។—និក្ខមនំ ១៩:១៦-១៨
៣. តើតាមវិធីណាដែលព្រះយេហូវ៉ាប្រទានក្រឹត្យវិន័យដប់ប្រការដល់សាសន៍អ៊ីស្រាអែល? តើសាសន៍នោះបានយល់យ៉ាងណាចំពោះក្រឹត្យវិន័យនេះ?
៣ តាមរយៈទេវតាមួយរូបព្រះយេហូវ៉ាបានមានបន្ទូលដល់ប្រជាជនដោយប្រទាននូវច្បាប់ដែលត្រូវហៅថាក្រឹត្យវិន័យដប់ប្រការ។ (និក្ខមនំ ២០:១-១៧) ហេតុដូច្នេះហើយ ពួកគេឃើញច្បាស់ណាស់ថា ព្រះដ៏មានព្រះចេស្ដាបំផុតជាអ្នកប្រទានក្រឹត្យវិន័យទាំងនោះ។ ព្រះយេហូវ៉ាបានចារឹកក្រឹត្យវិន័យទាំងនោះលើបន្ទះថ្ម ពោលគឺបន្ទះថ្មដែលម៉ូសេកំទេចចោល ពេលដែលគាត់ឃើញពួកអ៊ីស្រាអែលកំពុងតែថ្វាយបង្គំរូបកូនគោមាស។ ព្រះយេហូវ៉ាបានចារឹកក្រឹត្យវិន័យនោះលើថ្មជាមួយលើកទៀត។ ម្ដងនេះ ពេលដែលម៉ូសេកាន់បន្ទះថ្មនោះចុះមកពីភ្នំវិញ ផ្ទៃមុខគាត់មានពន្លឺត្រចះត្រចង់។ ដោយឃើញដូចនោះហើយ មនុស្សគ្រប់គ្នាយល់ថាក្រឹត្យវិន័យទាំងនោះពិតជាមានសារៈសំខាន់ណាស់។—និក្ខមនំ ៣២:១៥-១៩; ៣៤:១, ៤, ២៩, ៣០
៤. ហេតុអ្វីក៏ក្រឹត្យវិន័យដប់ប្រការមានសារៈសំខាន់ម្ល៉េះ?
៤ ថ្មពីរបន្ទះនោះដែលបានចារឹកក្រឹត្យវិន័យដប់ប្រការត្រូវបានទុកនៅក្នុងហឹបនៃសេចក្ដីសញ្ញាក្នុងបន្ទប់បរិសុទ្ធបំផុតនៃរោងឧបោសថ ហើយក្រោយមកត្រូវទុកក្នុងបន្ទប់បរិសុទ្ធបំផុតនៅព្រះវិហារ។ ក្រឹត្យវិន័យដែលមានក្នុងបន្ទះថ្មពីរនោះចែងនូវគោលការណ៍ដ៏សំខាន់នៃក្រឹត្យវិន័យម៉ូសេ ហើយព្រះបានគ្រប់គ្រងសាសន៍អ៊ីស្រាអែលដោយផ្អែកលើក្រឹត្យវិន័យទាំងនោះ។ ក្រឹត្យវិន័យនោះផ្ដល់ភស្តុតាងថាព្រះយេហូវ៉ាមានទំនាក់ទំនងនឹងសាសន៍តែមួយ គឺសាសន៍ដែលទ្រង់បានជ្រើសរើស។
៥. តើតាមរបៀបណាដែលក្រឹត្យវិន័យរបស់ព្រះសំរាប់សាសន៍អ៊ីស្រាអែល បង្ហាញនូវសេចក្ដីស្រឡាញ់របស់ទ្រង់?
៥ ក្រឹត្យវិន័យទាំងនោះបង្ហាញប្រាប់ច្រើនអំពីព្រះយេហូវ៉ា ជាពិសេសអំពីសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះរាស្ត្រទ្រង់។ ក្រឹត្យវិន័យនោះគឺជាអំណោយទានដ៏មានតម្លៃណាស់ចំពោះអស់អ្នកដែលបានស្ដាប់បង្គាប់តាម! បណ្ឌិតម្នាក់បានសរសេរថា៖ «គ្មានក្រឹត្យក្រមសីលធម៌ណាដែលបានបង្កើតដោយមនុស្សមុនឬតាំងពីនោះ . . . អាចស្មើឬជិតស្មើ ឬប្រសើរជាងក្រិត្យវិន័យដប់ប្រការរបស់ព្រះឡើយ»។ ស្តីអំពីក្រឹត្យវិន័យម៉ូសេទាំងមូល ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ដូច្នេះបើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ»។—និក្ខមនំ ១៩:៥, ៦
ក្រឹត្យវិន័យដែលចារឹកទុកក្នុងចិត្ត
៦. តើក្រឹត្យវិន័យអ្វីដែលសបញ្ជាក់ថាមានតម្លៃជាងក្រឹត្យវិន័យដែលចារឹកលើបន្ទះថ្មនោះ?
៦ ពិតមែន ក្រឹត្យវិន័យទាំងនោះមានប្រយោជន៍យ៉ាងក្រៃលែង។ ប៉ុន្តែ តើអ្នកដឹងទេថា ពួកគ្រីស្ទានចាក់ប្រេងតាំងមានអ្វីដែលប្រសើរជាងក្រឹត្យវិន័យដែលចារឹកលើបន្ទះថ្មនោះ? ព្រះយេហូវ៉ាបានទាយអំពីការបង្កើតកិច្ចព្រមព្រៀងថ្មី ដែលមិនដូចកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យជាមួយនឹងសាសន៍អ៊ីស្រាអែលទេ។ «អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ»។ (យេរេមា ៣១:៣១-៣៤) ព្រះយេស៊ូដែលជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងថ្មី មិនបានប្រទានក្រឹត្យក្រមជាលាយល័ក្ខណ៍អក្សរសំរាប់អ្នកកាន់តាមទ្រង់ទេ។ តាមរយៈបន្ទូលនិងទង្វើរបស់ព្រះយេស៊ូ នោះទ្រង់បានធ្វើឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដិតជាប់ជ្រៅក្នុងចិត្តគំនិតនៃសិស្សទ្រង់។
៧. មុនដំបូង តើ«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»ត្រូវបានផ្ដល់ឲ្យអ្នកណា? ហើយក្រោយមក តើអ្នកណាបានទទួលយកដែរ?
៧ ក្រឹត្យវិន័យនេះត្រូវហៅថា«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។ មុនដំបូង ក្រឹត្យវិន័យនេះត្រូវផ្ដល់ឲ្យសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ ពោលគឺ«សាសន៍អ៊ីស្រាអែលនៃព្រះ» មិនមែនជនជាតិអ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបនោះទេ។ (កាឡាទី ៦:២, ១៦; រ៉ូម ២:២៨, ២៩) សាសន៍អ៊ីស្រាអែលនៃព្រះគឺជាពួកគ្រីស្ទានដែលបានត្រូវតែងតាំងដោយវិញ្ញាណ។ ក្រោយៗមក «ហ្វូងធំ»ពីគ្រប់សាសន៍ក៏បានចូលរួមជាមួយនឹងសាសន៍អ៊ីស្រាអែលនៃព្រះ ដ្បិតពួកគេក៏ខំព្យាយាមថ្វាយបង្គំព្រះយេហូវ៉ាដែរ។ (វិវរណៈ ៧:៩, ១០; សាការី ៨:២៣) ដោយរួបរួមជា«ហ្វូងតែ១» ក្រោមការគ្រប់គ្រងនៃ«អ្នកគង្វាលតែ១» នោះក្រុមទាំងពីរកាន់តាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»ដោយអនុញ្ញាតឲ្យក្រឹត្យវិន័យនោះដឹកនាំពួកគេក្នុងគ្រប់ប្រការ។—យ៉ូហាន ១០:១៦
៨. តើក្រឹត្យវិន័យម៉ូសេនិងក្រឹត្យវិន័យនៃព្រះគ្រីស្ទមានលក្ខណៈខុសគ្នាយ៉ាងណា?
៨ ជនជាតិអ៊ីស្រាអែលត្រូវកាន់តាមក្រឹត្យវិន័យម៉ូសេ ពីព្រោះពួកគេកើតក្នុងសាសន៍នោះតែម្ដង។ តែជនគ្រីស្ទានកាន់តាមក្រឹត្យវិន័យនៃព្រះគ្រីស្ទដោយសារពួកគេជ្រើសរើសកាន់តាមក្រឹត្យវិន័យនោះ មិនមែនដោយសារសញ្ជាតិឬប្រទេសកំណើតនោះទេ។ ពួកគេរៀនអំពីព្រះយេហូវ៉ានិងផ្លូវរបស់ទ្រង់ និងខំព្យាយាមធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ដោយមានក្រឹត្យវិន័យរបស់ព្រះ«នៅខាងក្នុងខ្លួនគេ» បើនិយាយជាអត្ថបដិរូបគឺ«ចារឹកទុកក្នុងចិត្តគេ» នោះពួកអ្នកចាក់ប្រេងតាំងមិនមែនគ្រាន់តែស្ដាប់បង្គាប់ព្រះ ពីព្រោះទ្រង់អាចដាក់ទោសអស់អ្នកដែលមិនស្ដាប់តាមនោះ។ ពួកគេក៏មិនមែនស្ដាប់បង្គាប់ទ្រង់ដោយសារគ្រាន់តែបង្គ្រប់កិច្ចនោះដែរ។ ការស្ដាប់បង្គាប់របស់គេផ្អែកលើអ្វីដែលសំខាន់ជាងហើយនិងខ្លាំងជាងនេះឆ្ងាយណាស់ ហើយចៀមឯទៀតក៏ស្ដាប់បង្គាប់ដោយសារមានក្រឹត្យវិន័យនៅខាងក្នុងចិត្តរបស់ពួកគេ។
ក្រឹត្យវិន័យដែលផ្អែកលើសេចក្ដីស្រឡាញ់
៩. តើព្រះយេស៊ូបានបញ្ជាក់ថាខ្លឹមសារនៃក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាផ្អែកលើសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
៩ ខ្លឹមសារនៃក្រឹត្យវិន័យទាំងអស់របស់ព្រះយេហូវ៉ាអាចសង្ខេបបានដោយប្រើពាក្យមួយម៉ាត់ថា សេចក្ដីស្រឡាញ់។ តាំងពីដំបូង នោះរមែងជាផ្នែកដ៏សំខាន់នៃការថ្វាយបង្គំបរិសុទ្ធ ហើយក៏នឹងនៅជាផ្នែកដ៏សំខាន់ជារៀងរហូតទៅ។ នៅពេលដែលគេសួរព្រះយេស៊ូថាក្នុងក្រឹត្យវិន័យ តើបញ្ញត្ដិអ្វីដែលសំខាន់ជាងគេបំផុត នោះទ្រង់តបឆ្លើយថា៖ «‹ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង›។ . . . ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា‹ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង›»។ រួចមកទ្រង់បានមានបន្ទូលថា៖ «បណ្ដាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង»។ (ម៉ាថាយ ២២:៣៥-៤០) ដូច្នេះ ព្រះយេស៊ូបានបញ្ជាក់ថា បទគម្ពីរភាសាហេព្រើរទាំងមូលផ្អែកទៅលើសេចក្ដីស្រឡាញ់ មិនមែនគ្រាន់តែក្រឹត្យវិន័យម៉ូសេដែលមានក្រឹត្យដប់ប្រការនោះទេ។
១០. តើដូចម្ដេចយើងដឹងថាសេចក្ដីស្រឡាញ់ជាផ្នែកដ៏សំខាន់ក្នុងក្រឹត្យវិន័យនៃព្រះគ្រីស្ទ?
១០ តើការស្រឡាញ់ព្រះនិងអ្នកជិតខាងជាផ្នែកដ៏សំខាន់នៃក្រឹត្យវិន័យដែលត្រូវចារឹកក្នុងចិត្តគ្រីស្ទានឬទេ? មែនហើយ! ក្រឹត្យវិន័យនៃព្រះគ្រីស្ទរួមបញ្ចូលការស្រឡាញ់ព្រះអស់ពីចិត្ត និងរួមបញ្ចូលបញ្ញត្ដិថ្មីមួយ ពោលគឺជនគ្រីស្ទានត្រូវមានសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនចំពោះគ្នាទៅវិញទៅមក។ ពួកគេត្រូវចេះស្រឡាញ់គ្នាដូចព្រះយេស៊ូបានស្រឡាញ់សិស្សទ្រង់ដែរ ដ្បិតទ្រង់បានសោយទិវង្គតជំនួសមិត្តៗរបស់ទ្រង់ដោយស្ម័គ្រព្រះទ័យ។ ទ្រង់បានបង្រៀនសិស្សទ្រង់ឲ្យស្រឡាញ់ព្រះនិងស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានស្រឡាញ់ពួកគេដែរ។ សេចក្ដីស្រឡាញ់ដ៏អស្ចារ្យដែលពួកគេបង្ហាញចំពោះគ្នីគ្នា គឺជាគុណសម្បត្ដិដ៏សំខាន់ដែលសម្គាល់ជនគ្រីស្ទានពិត។ (យ៉ូហាន ១៣:៣៤, ៣៥; ១៥:១២, ១៣) ព្រះយេស៊ូថែមទាំងបង្រៀនពួកគេឲ្យស្រឡាញ់ពួកសត្រូវរបស់គេទៀត។—ម៉ាថាយ ៥:៤៤
១១. តើព្រះយេស៊ូសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះនិងមនុស្សជាតិយ៉ាងដូចម្ដេច?
១១ ព្រះយេស៊ូតាំងគំរូដ៏ល្អឥតខ្ចោះស្តីពីការបង្ហាញសេចក្ដីស្រឡាញ់។ ជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅស្ថានសួគ៌ ទ្រង់មានព្រះទ័យរីករាយដើម្បីធ្វើឲ្យបានរីកចំរើនដល់កិច្ចការរបស់ព្រះវរបិតានៅផែនដី។ ក្រៅពីការបូជាព្រះជន្មទ្រង់ជាមនុស្សដើម្បីឲ្យអ្នកដទៃទទួលជីវិតជារៀងរហូតនោះ ទ្រង់ក៏បានបង្ហាញមនុស្សនូវរបៀបរស់នៅយ៉ាងត្រូវត្រឹមផងដែរ។ ទ្រង់មានព្រះទ័យរាបទាប សប្បុរសនិងចេះគិតដល់អ្នកដទៃ ថែមទាំងបានជួយអស់អ្នកដែលមានបន្ទុកធ្ងន់និងត្រូវគេជិះជាន់។ ទ្រង់ក៏ប្រទាននូវ«ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច» ដោយខំព្យាយាមជួយអ្នកដទៃឲ្យស្គាល់ព្រះយេហូវ៉ាដោយមិននឿយណាយ។—យ៉ូហាន ៦:៦៨
១២. ហេតុអ្វីក៏អាចនិយាយថា សេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងគឺផ្សាជាប់គ្នា?
១២ តាមការពិត សេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងគឺផ្សាជាប់គ្នា។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា៖ «ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ . . . បើអ្នកណាថា ‹ខ្លួនស្រឡាញ់ព្រះ› តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក។ ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្ដេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន»។ (យ៉ូហានទី១ ៤:៧, ២០) ព្រះយេហូវ៉ាជាប្រភពនិងជាគំរូដ៏ប្រសើរឧត្តមបំផុតស្តីពីសេចក្ដីស្រឡាញ់។ អ្វីៗទាំងអស់ដែលទ្រង់ធ្វើគឺដោយសារសេចក្ដីស្រឡាញ់។ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ពីព្រោះយើងត្រូវបានបង្កើតមកឲ្យមានភាពដូចទ្រង់។ (លោកុប្បត្តិ ១:២៧) ដោយបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកជិតខាង យើងក៏បង្ហាញថាយើងស្រឡាញ់ព្រះដែរ។
ការស្រឡាញ់ព្រះរួមបញ្ចូលការស្ដាប់បង្គាប់
១៣. បើយើងចង់ស្រឡាញ់ព្រះ តើយើងត្រូវធ្វើអ្វីជាមុនសិន?
១៣ តើយើងអាចស្រឡាញ់ព្រះដែលយើងមើលពុំឃើញយ៉ាងដូចម្ដេចបាន? មុនបង្អស់ ជំហានដ៏សំខាន់គឺយើងត្រូវស្គាល់ទ្រង់។ យើងមិនអាចស្រឡាញ់ឬទុកចិត្តអ្នកដែលយើងមិនស្គាល់បានឡើយ។ ហេតុដូច្នេះហើយ ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យស្គាល់ព្រះ តាមរយៈការអានព្រះគម្ពីរ តាមរយៈការអធិស្ឋាន និងដោយចូលរួមជាមួយអស់អ្នកដែលស្គាល់និងស្រឡាញ់ទ្រង់រួចហើយ។ (ទំនុកដំកើង ១:១, ២; ភីលីព ៤:៦; ហេព្រើរ ១០:២៥) សៀវភៅដំណឹងល្អទាំងបួនក្បាលពិតជាមានប្រយោជន៍មែន ដ្បិតនោះប្រាប់នូវបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ដូចសឲ្យឃើញក្នុងព្រះជន្មនិងកិច្ចបំរើរបស់ព្រះយេស៊ូគ្រីស្ទ។ កាលណាយើងស្គាល់ទ្រង់និងដឹងគុណចំពោះសេចក្ដីស្រឡាញ់ដែលទ្រង់បានសម្ដែងចំពោះយើង នោះយើងកាន់តែចង់ស្ដាប់បង្គាប់ព្រះនិងយកតម្រាប់តាមទ្រង់ដែរ។ មែនហើយ ការស្រឡាញ់ព្រះរួមបញ្ចូលការស្ដាប់បង្គាប់។
១៤. ហេតុអ្វីក៏អាចនិយាយថា ក្រឹត្យវិន័យរបស់ព្រះមិនមែនជាបន្ទុកធ្ងន់ដល់យើងនោះ?
១៤ នៅពេលដែលយើងស្រឡាញ់បុគ្គលណាម្នាក់ នោះយើងដឹងនូវអ្វីដែលគេចូលចិត្តនិងអ្វីដែលគេមិនចូលចិត្ត ហើយយើងប្រព្រឹត្តដោយត្រឹមត្រូវ។ យើងមិនចង់ធ្វើឲ្យបុគ្គលដែលយើងស្រឡាញ់តូចចិត្តនឹងយើងឡើយ។ សាវ័កយ៉ូហានបានសរសេរថា៖ «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) ក្រឹត្យវិន័យនោះគឺមិនមែនជាបន្ទុកទេ ហើយក៏មិនច្រើននោះដែរ។ សេចក្ដីស្រឡាញ់ដឹកនាំជីវិតរបស់យើង។ យើងមិនចាំបាច់ទន្ទេញនូវក្រឹត្យវិន័យជាច្រើនដើម្បីដឹកនាំការប្រព្រឹត្តទាំងអស់របស់យើងទេ តែសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះដឹកនាំយើងវិញ។ ក្រឹត្យវិន័យរបស់ព្រះមិនមែនជាបន្ទុកទេ ដ្បិតយើងមានអំណរពេលអាចបំរើអ្នកដែលយើងស្រឡាញ់ពិត។ ប្រសិនបើយើងស្រឡាញ់ព្រះ នោះយើងសប្បាយចិត្តធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ហេតុដូច្នេះ ទ្រង់នឹងសព្វព្រះហឫទ័យនឹងយើង។ ហើយយើងក៏ទទួលប្រយោជន៍ដែរ ដ្បិតការដឹកនាំរបស់ទ្រង់តែងតែជាប្រយោជន៍ដល់យើងជានិច្ច។—អេសាយ ៤៨:១៧
១៥. តើអ្វីនឹងជំរុញយើងឲ្យយកតម្រាប់តាមព្រះយេហូវ៉ា? សូមពន្យល់។
១៥ ការស្រឡាញ់ព្រះជំរុញចិត្តយើងឲ្យយកតម្រាប់តាមគុណសម្បត្ដិរបស់ទ្រង់។ នៅពេលដែលយើងស្រឡាញ់បុគ្គលណាម្នាក់ យើងសរសើរគុណសម្បត្ដិគាត់និងខំព្យាយាមឲ្យបានដូចគាត់ដែរ។ ចូរគិតនូវចំណងមេត្រីភាពរវាងព្រះយេហូវ៉ានិងព្រះយេស៊ូ។ ទ្រង់ទាំងពីរអង្គនៅស្ថានសួគ៌ជាមួយគ្នាអស់ច្រើនពាន់លានឆ្នាំ។ ទ្រង់ទាំងពីរអង្គច្បាស់ជាមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគ្នា។ ព្រះយេស៊ូយកតម្រាប់តាមព្រះវរបិតាល្អបេះបិទដល់ម្ល៉េះ ដែលទ្រង់អាចមានបន្ទូលដល់សិស្សទ្រង់ថា៖ «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ»។ (យ៉ូហាន ១៤:៩) កាលដែលយើងបណ្ដុះនូវចំណេះនិងចេះដឹងគុណចំពោះព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់ នោះយើងនឹងត្រូវជំរុញឲ្យមានលក្ខណៈសម្បត្ដិដូចព្រះយេហូវ៉ានិងព្រះយេស៊ូ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងជំនួយពីវិញ្ញាណបរិសុទ្ធ នឹងជួយយើងឲ្យ«ដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ»។—កូល៉ុស ៣:៩, ១០; កាឡាទី ៥:២២, ២៣
ការសម្ដែងសេចក្ដីស្រឡាញ់
១៦. តើសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងត្រូវបង្ហាញដោយការផ្សព្វផ្សាយនិងការបង្រៀនយ៉ាងដូចម្ដេច?
១៦ ជាជនគ្រីស្ទាន យើងអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងអ្នកជិតខាងជំរុញយើងឲ្យចូលរួមផ្សព្វផ្សាយសារព្រះរាជាណាចក្រ និងចូលរួមកិច្ចការបង្កើតឲ្យមានសិស្ស។ កាលណាយើងធ្វើដូច្នេះ យើងផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា«ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៣, ៤) ហេតុដូច្នេះ យើងអាចមានអំណរក្នុងការជួយអ្នកដទៃឲ្យមានក្រឹត្យវិន័យនៃព្រះគ្រីស្ទចារឹកក្នុងចិត្តរបស់ពួកគេ។ ហើយយើងសប្បាយរីករាយដោយឃើញពួកគេកែប្រែបុគ្គលិកលក្ខណៈដើម្បីសម្ដែងគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ (កូរិនថូសទី២ ៣:១៨) ពិតមែន ការជួយអ្នកដទៃឲ្យស្គាល់ព្រះ គឺជាអំណោយដ៏មានតម្លៃបំផុតដែលយើងអាចឲ្យគេបាន។ អស់អ្នកដែលទទួលយកមិត្តភាពរបស់ព្រះយេហូវ៉ាអាចមានអំណោយនោះជារៀងរហូត។
១៧. ហេតុអ្វីជាការប្រកបដោយប្រាជ្ញា បើបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ជាជាងគិតតែពីរកទ្រព្យសម្បត្ដិនោះ?
១៧ យើងរស់នៅក្នុងលោកីយ៍ដែលមនុស្សចាត់ទុកទ្រព្យសម្បត្ដិជាអ្វីដ៏សំខាន់បំផុត ហើយមនុស្សខ្លះរហូតដល់ស្រឡាញ់ទ្រព្យសម្បត្ដិហួសហេតុទៀត។ ប៉ុន្តែ ទ្រព្យសម្បត្ដិមិនស្ថិតស្ថេររហូតនោះឡើយ។ ចោរអាចលួចទ្រព្យសម្បត្ដិឬក៏ទ្រព្យសម្បត្ដិនោះអាចខូចបង់ទៅក៏ថាបាន។ (ម៉ាថាយ ៦:១៩) ព្រះគម្ពីរព្រមានយើងថា៖ «ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៦, ១៧) មែនហើយ ព្រះយេហូវ៉ានឹងគង់នៅរហូត ហើយអស់អ្នកដែលស្រឡាញ់និងបំរើទ្រង់ក៏នៅជារៀងរហូតដែរ។ ដូច្នេះ គឺសមហេតុផលឲ្យបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះមនុស្ស ជាជាងគិតតែរកទ្រព្យសម្បត្ដិក្នុងលោកីយ៍ ដែលមិនស្ថិតស្ថេររហូតនោះ មែនទេ?
១៨. តើសាសនទូតម្នាក់សម្ដែងនូវសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនយ៉ាងដូចម្ដេច?
១៨ អស់អ្នកដែលស្វែងរកសេចក្ដីស្រឡាញ់នាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ា។ ចូរគិតអំពីសុញ៉ាដែលបំរើជាសាសនទូតនៅប្រទេសសេនេកាល់។ គាត់បានសិក្សាព្រះគម្ពីរជាមួយនឹងស្ត្រីម្នាក់ឈ្មោះហៃឌី ដែលបានឆ្លងមេរោគហេច្ចអាយវី ពីប្ដីរបស់គាត់ដែលជាអ្នកមិនរួមជំនឿ។ ក្រោយពីប្ដីបានស្លាប់ នោះហៃឌីបានទទួលបុណ្យជ្រមុជទឹក ប៉ុន្តែ មិនយូរប៉ុន្មាននោះគាត់មានសុខភាពមិនល្អ ហើយគាត់ក៏ត្រូវដេកពេទ្យដោយសាររោគអេដស៍។ សុញ៉ារៀបរាប់ថា៖ «បុគ្គលិកនៅពេទ្យខំប្រឹងអស់សមត្ថភាព ប៉ុន្តែមានបុគ្គលិកតិចណាស់។ បងប្អូនក្នុងក្រុមជំនុំបានស្ម័គ្រចិត្តមកជួយមើលគាត់នៅឯពេទ្យ។ នៅយប់ទីពីរ ខ្ញុំបានដេកលើកន្ទេលជិតគ្រែគាត់ ហើយបានជួយមើលគាត់រហូតដល់គាត់ស្លាប់។ គ្រូពេទ្យដែលមើលខុសត្រូវបាននិយាយថា៖ ‹បញ្ហាដ៏ធំមួយគឺថាសូម្បីតែសាច់ញាតិក៏បោះបង់ចោលសមាជិកគ្រួសារខ្លួនដែរ ពេលដែលដឹងថាមានជម្ងឺអេដស៍។ ហេតុអ្វីក៏អ្នកដែលមិនមែនជាសាច់ញាតិផង មិនមែនជាសាសន៍ដូចគ្នាផង សម្បុរក៏ខុសគ្នាទៀត សុខចិត្តប្រថុយខ្លួនយ៉ាងដូច្នេះ?› ខ្ញុំបានពន្យល់ប្រាប់គ្រូពេទ្យថា ខ្ញុំរាប់ហៃឌីដូចជាបងស្រីខ្ញុំ ហាក់ដូចថាយើងជាបងប្អូនបង្កើត។ ដោយសារខ្ញុំមានចំណងមិត្តភាពនឹងហៃឌី ដែលខ្ញុំរាប់ជាប្អូនស្រី ខ្ញុំសប្បាយរីករាយមើលថែរក្សាគាត់ណាស់»។ តាមពិត ការមើលថែរក្សាដែលប្រកបដោយក្ដីស្រឡាញ់ចំពោះហៃឌី ឥតមានឥទ្ធិពលអាក្រក់លើសុញ៉ាទេ។
១៩. ដោយមានក្រឹត្យវិន័យរបស់ព្រះក្នុងចិត្តយើង តើយើងគួរឆ្លៀតធ្វើអ្វី?
១៩ ក្នុងចំណោមអ្នកបំរើរបស់ព្រះយេហូវ៉ា គឺមានគំរូជាច្រើនចំពោះការបង្ហាញសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន។ គ្មានក្រឹត្យក្រមជាលាយល័ក្ខណ៍អក្សរសំរាប់សម្គាល់រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះទេ។ ផ្ទុយទៅវិញ យើងឃើញនូវសេចក្ដីសម្រេចចំពោះអ្វីដែលបានសរសេរនៅហេព្រើរ ៨:១០ ដែលថា៖ «ព្រះអម្ចាស់មានបន្ទូលថា ‹ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងគំនិតគេ ហើយនឹងកត់ទុកនៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ›»។ សូមឲ្យយើងរមែងស្រឡាញ់ក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ ដែលព្រះយេហូវ៉ាបានចារឹកក្នុងចិត្តយើង ដោយឆ្លៀតគ្រប់ឱកាសដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើង។
២០. ហេតុអ្វីក៏ក្រឹត្យវិន័យរបស់ព្រះគ្រីស្ទជាទ្រព្យដ៏មានតម្លៃបំផុត?
២០ យើងមានអំណរមែនក្នុងការបំរើព្រះជាមួយនឹងបងប្អូននៅទូទាំងពិភពលោក ដែលសម្ដែងនូវសេចក្ដីស្រឡាញ់! អស់អ្នកដែលមានក្រឹត្យវិន័យរបស់ព្រះគ្រីស្ទក្នុងចិត្តមានទ្រព្យដ៏មានតម្លៃបំផុតនៅក្នុងលោកីយ៍ដែលគ្មានសេចក្ដីស្រឡាញ់។ ពួកគេមានសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ហើយក៏រីករាយនឹងចំណងភាតរភាពប្រកបដោយសេចក្ដីស្រឡាញ់ដ៏រឹងមាំ។ «មើល! ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។ ទោះជាស្មរបន្ទាល់ព្រះយេហូវ៉ារស់នៅប្រទេសខុសៗគ្នា និយាយភាសាផ្សេងៗគ្នា និងមានវប្បធម៌ផ្សេងៗគ្នាក៏ដោយ តែពួកគេមានសាមគ្គីភាពដ៏ល្អបំផុត ដែលគ្មានអ្វីប្រៀបផ្ទឹមបាន។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសាមគ្គីភាពដែលយើងមាន។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ដ្បិតនៅទីនោះ[ក្នុងចំណោមរាស្ត្រដែលមានសេចក្ដីស្រឡាញ់និងសាមគ្គីភាព] ព្រះយេហូវ៉ាបានប្រទានព្រះពរ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច»។—ទំនុកដំកើង ១៣៣:១-៣
តើអ្នកអាចពន្យល់បានឬទេ?
• តើក្រឹត្យវិន័យដប់ប្រការមានសារៈសំខាន់យ៉ាងណា?
• តើក្រឹត្យវិន័យដែលចារឹកក្នុងចិត្តជាអ្វី?
• តើសេចក្ដីស្រឡាញ់មានតួនាទីយ៉ាងណាក្នុង«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»?
• តើតាមរបៀបណាដែលយើងអាចសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង?
[រូបភាពនៅទំព័រ២៩]
ពួកអ៊ីស្រាអែលមានក្រឹត្យវិន័យដែលចារឹកលើបន្ទះថ្ម
[រូបភាពនៅទំព័រ៣១]
ជនគ្រីស្ទានមានក្រឹត្យវិន័យរបស់ព្រះនៅក្នុងចិត្តគេ