បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២៤ ទំ. ២០៣-២០៧
  • តើយើងនៅក្រោមក្រិត្យទាំងដប់ប្រការឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងនៅក្រោមក្រិត្យទាំងដប់ប្រការឬទេ?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឲ្យ​ទៅ​សាសន៍​អ៊ីស្រាអែល​សំរាប់​គោល បំណង​ពិសេស​មួយ
  • ​«​ព្រះ​គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ​វិន័យ​»​
  • ក្រិត្យ​វិន័យ​ដែល​ទាក់ទង​ពួក​គ្រីស្ទាន
  • ក្រិត្យវិន័យព្រះគ្រីស្ទ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ក្រិត្យវិន័យមុនព្រះគ្រីស្ទ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ចារឹកទុកក្នុងចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • «ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២៤ ទំ. ២០៣-២០៧

ជំពូក​ទី២៤

តើ​យើង​នៅ​ក្រោម​ក្រិត្យ​ទាំង​ដប់​ប្រការ​ឬ​ទេ?

១ តើ​ក្រិត្យ​វិន័យ​អ្វី ដែល​លោក​ម៉ូសេ​នាំ​យក​ទៅ​ឲ្យ​ប្រជាជន​នោះ?

តើ​ក្រិត្យ​វិន័យ​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​គោរព​តាម? តើ​យើង​ត្រូវ​តែ​កាន់​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ថា ​«​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ​»​ ឬ​ក៏​ជួនកាល​ជា ​«​ក្រិត្យ​វិន័យ​»​ឬ? (​ពង្សាវតារក្សត្រទី១ ២:៣; ទីតុស ៣:៩​) ក្រិត្យ​វិន័យ​នេះ​ក៏​ហៅ​ថា ​«​ក្រិត្យ​វិន័យ​ព្រះ​យេហូវ៉ា​»​ដែរ ពីព្រោះ​ទ្រង់​ជា​ព្រះ​អង្គ​ដែល​បាន​ប្រទាន​ទាំង​នេះ​មក។ (​របាក្សត្រទី១ ១៦:៤០​) លោក​ម៉ូសេ​គ្រាន់​តែ​នាំ​យក​ក្រិត្យ​វិន័យ​នេះ​ទៅ​ឲ្យ​ប្រជាជន​ប៉ុណ្ណោះ។

២ តើ​ក្រិត្យ​វិន័យ​នេះ​ផ្គុំ​ឡើង​ពី​អ្វី?

២ ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ ផ្គុំ​ឡើង​ពី​វិន័យ​ផ្សេង​ៗ​គ្នា​ច្រើន​ជាង​៦០០​ច្បាប់ ឬ​ក៏​ក្រិត្យ ដែល​រួម​បញ្ចូល​ទាំង​ក្រិត្យ​១០​ប្រការ​ដ៏​សំខាន់​បំផុត​ផង។ ដូច​ជា​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​មក​ថា​៖ ​«​ទ្រង់​[​ព្រះ​យេហូវ៉ា​]​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រិត្យ​ទាំង ១០ ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រិត្យ​ទាំង​នោះ ចុះ​នៅ​បន្ទះថ្ម ២ ផ្ទាំង​»។ (​ចោទិយកថា ៤:១៣; និក្ខមនំ ៣១:១៨​) ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​នោះ ព្រម​ទាំង​ក្រិត្យ​ទាំង​ដប់​ប្រការ​ទៅ​ឲ្យ​អ្នក​ណា? តើ​ទ្រង់​បាន​ប្រទាន​ទៅ​មនុស្ស​លោក​ទាំងអស់​ឬ? តើ​គោល​បំណង​នៃ​ក្រិត្យ​វិន័យ​នោះ​ជា​អ្វី?

ឲ្យ​ទៅ​សាសន៍​អ៊ីស្រាអែល​សំរាប់​គោល បំណង​ពិសេស​មួយ

៣ តើ​យ៉ាង​ណា​បាន​ជា​យើង​ដឹង​ថា ក្រិត្យ​វិន័យ​នោះ​បាន​ត្រូវ​ប្រទាន​មក​​សំរាប់​តែ​សាសន៍​អ៊ីស្រាអែល​ប៉ុណ្ណោះ?

៣ ក្រិត្យ​វិន័យ​មិន​បាន​ប្រទាន​មក​សំរាប់​មនុស្ស​លោក​ទាំងអស់​ទេ។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង ឬ​កិច្ច​សន្យា​មួយ ជា​មួយ​នឹង​កូនចៅ​របស់​លោក​យ៉ាកុប ដែល​បាន​ទៅ​ជា​សាសន៍​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​របស់​ទ្រង់ សំរាប់​តែ​ប្រជាជាតិ​នេះ​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​នៅ​ក្នុង ​ចោទិយកថា ៥:១​-​៣ និង ទំនុកដំកើង ១៤៧:១៩, ២០។

៤ ហេតុ​អ្វី​ក៏​ក្រិត្យ​វិន័យ​បាន​ត្រូវ​ប្រទាន​ទៅ​សាសន៍​អ៊ីស្រាអែល?

៤ សាវក​ប៉ុល​បាន​សួរ​ថា​៖ ​«​ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ​វិន័យ​»​? មែន​ហើយ តើ​សំរាប់​គោល​បំណង​អ្វី ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​ទៅ​ជន​ជាតិ​​អ៊ីស្រាអែល​នោះ? ប៉ុល​បាន​ឆ្លើយ​ថា​៖ ​«​នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ . . . បាន​ជា​ក្រិត្យ​វិន័យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​[​ឬ​ក៏​គ្រូ​]​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ​គ្រីស្ទ​»។ (​កាឡាទី ៣:១៩​-​២៤​) គោល​បំណង​​ពិសេស​នៃ​ក្រិត្យ​វិន័យ​នេះ​គឺ សំរាប់​ការពារ​និង​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រៀម​ខ្លួន​ចាំ​ទទួល​ព្រះ​គ្រីស្ទ​ពេល​ដែល​ទ្រង់​បាន​យាង​មក។ យញ្ញបូជា​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ដោយសារ​ក្រិត្យ​វិន័យ​នោះ បាន​រំឭក​ជន​ជាតិ​​អ៊ីស្រាអែល​ឲ្យ​ដឹង​ថា ពួកគេ​ជា​មនុស្ស​មាន​បាប​ដែល​ត្រូវ​ការ​អ្នក​សង្គ្រោះ​ម្នាក់​ជា​ចាំបាច់។—ហេព្រើរ ១០:១​-​៤

​«​ព្រះ​គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ​វិន័យ​»​

៥ ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​មក ហើយ​បាន​ទទួល​មរណភាព​សំរាប់​យើង​នោះ តើ​មាន​អ្វី​កើត​ឡើង​ដល់​ក្រិត្យ​វិន័យ​នោះ?

៥ ត្រូវ​ហើយ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្នក​សង្គ្រោះ​១​អង្គ ដែល​បាន​សន្យា​មក​នោះ សូម្បី​តែ​ទេវតា​ក៏​បាន​ប្រកាស​ដូច្នេះ​នៅ​ទី​កំណើត​របស់​ទ្រង់​ដែរ។ (​លូកា ២:៨​-​១៤​) ដូច្នេះ​ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​មក ហើយ​បាន​ប្រទាន​ព្រះ​ជន្ម​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ជា​យញ្ញបូជា​នោះ តើ​មាន​អ្វី​កើត​ឡើង​ដល់​ក្រិត្យ​វិន័យ​នោះ? គឺ​បាន​ត្រូវ​ដក​យក​ចេញ។ ប៉ុល​បាន​ពន្យល់​ថា​៖ ​«​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក​នាំ​នោះ​ទៀត​ទេ​»។ (​កាឡាទី ៣:២៥​) ការ​ដក​យក​ចេញ​នូវ​ក្រិត្យ​វិន័យ​នេះ ជា​ការ​ធូរ​ស្បើយ​មួយ​ចំពោះ​ជនជាតិ​អ៊ីស្រាអែល។ ក្រិត្យ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​ជា​មនុស្ស​មាន​បាប ពីព្រោះ​ពួកគេ​ទាំងអស់​មិន​អាច​កាន់​តាម​ក្រិត្យ​វិន័យ​នោះ​ឲ្យ​បាន​ល្អ​គ្រប់​សព្វ​ឡើយ។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្ដាសា​របស់​ក្រិត្យ​វិន័យ​»។ (​កាឡាទី ៣:១០​-​១៤​) ដូច្នេះ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ទៀត​ថា​៖ ​«​ព្រះ​គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ​វិន័យ​»។—រ៉ូម ១០:៤; ៦:១៤

៦ (​ក​) នៅ​ពេល​ដែល​ក្រិត្យ​វិន័យ​នេះ​បាន​ចប់​ទៅ តើ​មាន​លទ្ធផល​យ៉ាង​ណា​ទៅ​លើ​ជនជាតិ​អ៊ីស្រាអែល​និង​ជនជាតិ​ផ្សេង​ទៀត ហើយ​មក​ពី​ហេតុ​អ្វី? (​ខ​) តើ​សកម្មភាព​អ្វី ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ក្រិត្យ​វិន័យ​នេះ?

៦ តាម​ពិត​ទៅ ក្រិត្យ​វិន័យ​នេះ​បាន​ធ្វើ​ជា​របាំង ឬ​ក៏​«​ជញ្ជាំង​»​មួយ​រវាង​ជនជាតិ​អ៊ីស្រាអែល និង​ជនជាតិ​ផ្សេង​ទៀត ដែល​មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​នេះ។ ប៉ុន្តែ ដោយសារ​យញ្ញបូជា​នៃ​ព្រះ​ជន្ម​របស់​ទ្រង់ ព្រះ​គ្រីស្ទ ​«​បំបាត់​ក្រិត្យ​វិន័យ​ដែល​មាន​បញ្ញត្ត នឹង​សេចក្ដី​ហាមប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង ២ [​ជនជាតិ​អ៊ីស្រាអែល និង​ក្រៅ​ពី​ជនជាតិ​អ៊ីស្រាអែល​]​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ ១ ក្នុង​ព្រះ​អង្គ​ទ្រង់​»។ (​អេភេសូរ ២:១១​-​១៨​) ចំពោះ​សកម្មភាព​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដោយ​អង្គ​ទ្រង់ ទៅ​លើ​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ យើង​អាន​ថា​៖ ​«​ទ្រង់ . . . បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត​[​រួម​ទាំង​ក្រិត្យ​ដប់​ប្រការ​] ដែល​ប្រទាំង​នឹង​យើង​[​ពីព្រោះ​តែ​ការ​ថ្កោល​ថា​ជនជាតិ​អ៊ីស្រាអែល​ជា​មនុស្ស​មាន​បាប​] ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើឆ្កាង​»។ (​កូល៉ុស ២:១៣, ១៤​) ដូច្នេះ ដោយសារ​យញ្ញបូជា​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ព្រះ​គ្រីស្ទ ក្រិត្យ​វិន័យ​នេះ​បាន​ត្រូវ​ដល់​ទីបញ្ចប់។

៧, ៨ តើ​មាន​ភស្តុតាង​អ្វី ដែល​បញ្ជាក់​ថា​ក្រិត្យ​វិន័យ​មិន​បាន​ចែក​ទៅ​ជា​ពីរ​ផ្នែក​ទេ​នោះ?

៧ ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា ក្រិត្យ​វិន័យ​បាន​ត្រូវ​ចែក​ជា​ពីរ​ផ្នែក​គឺ​៖ ក្រិត្យ​ទាំង​ដប់​ប្រការ និង​ក្រិត្យ​វិន័យ​ឯ​ទៀត។ ពួកគេ​ថា ក្រិត្យ​វិន័យ​ឯ​ទៀត​នោះ​បាន​ត្រូវ​ចប់​ហើយ តែ​ក្រិត្យ​ទាំង​ដប់​ប្រការ​នៅ​ធរមាន​នៅ​ឡើយ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ នៅ​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​ស្រង់​ពាក្យ​ពី​ក្រិត្យ​ទាំង​ដប់​ប្រការ ហើយ​ព្រម​ទាំង​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ក្រិត្យ​វិន័យ​ដែរ តែ​មិន​បាន​ធ្វើ​ការ​បែង​ចែក​ពី​គ្នា​ឡើយ។ ដូច្នេះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ថា ក្រិត្យ​វិន័យ​របស់​លោក​​ម៉ូសេ​មិន​បាន​ចែក​ជា​ពីរ​ផ្នែក​ទេ។—ម៉ាថាយ ៥:២១​-​៤២

៨ សូម​កត់សម្គាល់​ទៀត អំពី​អ្វី​ដែល​សាវក​ប៉ុល​ត្រូវ​បាន​ញ៉ាំង​ដោយ​វិញ្ញាណ​ព្រះ​ឲ្យ​សរសេរ​ថា​៖ ​«​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រិត្យ​វិន័យ​ហើយ​»។ តើ​នេះ​គ្រាន់​តែ​ជា​ក្រិត្យ​វិន័យ​ផ្សេង​ទៀត​ក្រៅ​ពី​ក្រិត្យ​ទាំង​ដប់​ប្រការ​ឬ ដែល​ជនជាតិ​យូដា​បាន​រួច​នោះ? មិន​មែន​ទេ ពីព្រោះ​ប៉ុល​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​ថា​៖ ​«​មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយសារ​ក្រិត្យ​វិន័យ​ចេញ ដ្បិត​បើសិន​ក្រិត្យ​វិន័យ​មិន​បាន​ថា ‹កុំ​ឲ្យ​លោភ› នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ​»។ (​រ៉ូម ៧:៦, ៧; និក្ខមនំ ២០:១៧​) ដោយ​ព្រោះ​«​កុំ​ឲ្យ​លោភ​»​ ជា​ក្រិត្យ​ចុង​ក្រោយ​បង្អស់​នៃ​ក្រិត្យ​ទាំង​ដប់​ប្រការ​នោះ រឿង​នេះ​បាន​សេចក្ដី​ថា ជនជាតិ​អ៊ីស្រាអែល​ក៏​បាន​រួច​ពី​ក្រិត្យ​វិន័យ​ទាំង​ដប់​ប្រការ​ដែរ។

៩ អ្វី​ដែល​បង្ហាញ​ថា​ក្រិត្យ​វិន័យ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍ បាន​ត្រូវ​លប់​ចោល​ដែរ​នោះ?

៩ តើ​រឿង​នេះ​មាន​ន័យ​ថា​ក្រិត្យ​វិន័យ​នៃ​ការ​កាន់​ថ្ងៃ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍ ដែល​ជា​ក្រិត្យ​វិន័យ​ទី​បួន​នៃ​ក្រិត្យ​ទាំង​ដប់​ប្រការ​នោះ ក៏​បាន​ដក​យក​ចេញ​ដែរ​ឬ? មែន​ហើយ គឺ​ពិត​ជា​បាន​ដក​យក​ចេញ​មែន។ អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បាន​ចែង​នៅ​ក្នុង កាឡាទី ៤:៨​-​១១ និង កូល៉ុស ២:១៦, ១៧ បាន​បង្ហាញ​ថា គ្រីស្ទាន​មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​របស់​ព្រះ​ដែល​បាន​ប្រទាន​ទៅ​ជនជាតិ​អ៊ីស្រាអែល​ទេ ព្រម​ទាំង​ការ​តម្រូវ​ឲ្យ​កាន់​ថ្ងៃ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍ និង​ការ​កាន់​ថ្ងៃ​ពិសេស​ផ្សេង​ទៀត​ប្រចាំ​ឆ្នាំ​ដែរ។ ការ​កាន់​ថ្ងៃ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍ មិន​មែន​ជា​សេចក្ដី​តម្រូវ​សំរាប់​ពួក​គ្រីស្ទាន​ទេ ហើយ​រឿង​នេះ​ក៏​អាច​ឃើញ​នៅ​ក្នុង រ៉ូម ១៤:៥​ដែរ។

ក្រិត្យ​វិន័យ​ដែល​ទាក់ទង​ពួក​គ្រីស្ទាន

១០ (​ក​) តើ​ពួក​គ្រីស្ទាន​ស្ថិត​នៅ​ក្រោម​ក្រិត្យ​វិន័យ​ណា? (​ខ​) តើ​ក្រិត្យ​វិន័យ​ភាគ​ច្រើន​ត្រូវ​បាន​យក​ចេញ​ពី​ទីណា ហើយ​ហេតុ​អ្វី​ក៏​ជា​ការ​សម​ហេតុ​សម​ផល ដែល​ក្រិត្យ​វិន័យ​ទាំង​នេះ​បាន​យក​ចេញ​ពី​ទីនោះ?

១០ ដោយ​ពួក​គ្រីស្ទាន​មិន​នៅ​ក្រោម​ក្រិត្យ​ទាំង​ដប់​ប្រការ​នោះ តើ​នេះ​មាន​ន័យ​ថា ពួកគេ​មិន​បាច់​កាន់​ក្រិត្យ​ណា​សោះ​ឬ? មិន​មែន​ដូច្នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​‹កិច្ច​ព្រម​ព្រៀង​ថ្មី›​មួយ ដែល​មាន​មូលដ្ឋាន​ទៅ​លើ​យញ្ញបូជា​ដ៏​ប្រសើរ គឺ​ជា​ជីវិត​មនុស្ស​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ផ្ទាល់។ ពួក​គ្រីស្ទាន​បាន​មក​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ ហើយ​ស្ថិត​នៅ​ក្រោម​ក្រិត្យ​វិន័យ​របស់​គ្រីស្ទាន។ (​ហេព្រើរ ៨:៧​-​១៣; លូកា ២២:២០​) ភាគ​ច្រើន​នៃ​ក្រិត្យ​វិន័យ​ទាំង​នេះ​បាន​យក​មក​ពី​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ។ ហើយ​នេះ​ជា​ការ​ធម្មតា​ទេ។ រឿង​ស្រដៀង​គ្នា​តែង​តែ​កើត​ឡើង​ដែរ នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​មួយ​បាន​ទទួល​ការ​គ្រប់​គ្រង​ទៅ​លើ​ប្រទេស​មួយ។ រដ្ឋ​ធម្មនុញ្ញ​នៅ​ក្រោម​រដ្ឋាភិបាល​ចាស់​អាច​លប់​ចោល​ឬ​ក៏​ប្ដូរ​បាន ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​អាច​រក្សា​ទុក​ច្បាប់​ជា​ច្រើន​របស់​រដ្ឋ​ធម្មនុញ្ញ​ចាស់។ តាម​របៀប​ស្រដៀង​គ្នា កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​បាន​មក​ដល់​ទីបញ្ចប់ ប៉ុន្តែ​ក្រិត្យ​វិន័យ​សំខាន់​ៗ និង​គោលការណ៍​ភាគ​ច្រើន ត្រូវ​បាន​យក​មក​ប្រើ​ក្នុង​សាសនា​គ្រីស្ទាន។

១១ តើ​ក្រិត្យ​វិន័យ​ឬ​សេចក្ដី​បង្រៀន​ណា​ខ្លះ​ដែល​បាន​ផ្ដល់​មក​ពួក​គ្រីស្ទាន ដែល​ស្រដៀង​នឹង​ក្រិត្យ​ទាំង​ដប់​ប្រការ​នោះ?

១១ សូម​កត់​ចំណាំ​ការ​ពិត​អំពី​រឿង​នេះ នៅ​ពេល​ដែល​លោក​អ្នក​អាន​ក្រិត្យ​ទាំង​ដប់​ប្រការ​នៅ​ទំព័រ​២០៣ ហើយ​បន្ទាប់​មក សូម​ប្រៀបធៀប​ជា​មួយ​នឹង​ក្រិត្យ​វិន័យ និង​សេចក្ដី​បង្រៀន​គ្រីស្ទាន​ដូច​តទៅ​នេះ​៖ ​«​ឯង​ត្រូវ​ថ្វាយបង្គំ​ដល់​ព្រះ​អម្ចាស់​[​ព្រះ​យេហូវ៉ា, ពថ​] ជា​ព្រះ​នៃ​ឯង​»​ (​ម៉ាថាយ ៤:១០; កូរិនថូសទី១ ១០:២០​-​២២​) ​«​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ​»។ (​យ៉ូហានទី១ ៥:២១; កូរិនថូសទី១ ១០:១៤​) ​«​ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ​[​កុំ​ឲ្យ​ប្រើ​ជា​អសារ​ឥត​ការ​ឡើយ​]​»។ (​ម៉ាថាយ ៦:៩​) ​«​ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​មាតា​បិតា​ខ្លួន​»។ (​អេភេសូរ ៦:១, ២​) ហើយ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ឃាតករ ការ​ប្រព្រឹត្ត​អំពើ​កំផិត ចោរ​កម្ម ការ​ភូត​កុហក និង​ការ​លោភ ក៏​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​សំរាប់​គ្រីស្ទាន​ដែរ។—វិវរណៈ ២១:៨; យ៉ូហានទី១ ៣:១៥; ហេព្រើរ ១៣:៤; ថែស្សាឡូនីចទី១ ៤:៣​-​៧; អេភេសូរ ៤:២៥, ២៨; កូរិនថូសទី១ ៦:៩​-​១១; លូកា ១២:១៥; កូល៉ុស ៣:៥

១២ តើ​គោលការណ៍​នៃ​ក្រិត្យ​វិន័យ​សំរាប់​ថ្ងៃ​ឈប់​សំរាក​បន្ត​ទៅ​ក្នុង​របៀប​រៀបចំ​គ្រីស្ទាន​យ៉ាង​ណា?

១២ ទោះបី​ពួក​គ្រីស្ទាន​មិន​បាន​ត្រូវ​បញ្ជា​ឲ្យ​កាន់​ថ្ងៃ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍​ក៏​ដោយ ក៏​យើង​បាន​រៀន​ដឹង​ខ្លះ​ៗ​ពី​របៀប​រៀបចំ​នេះ​ដែរ។ ជនជាតិ​អ៊ីស្រាអែល​បាន​សំរាក​ក្នុង​ន័យ​មែនទែន ប៉ុន្តែ​ពួក​គ្រីស្ទាន​ត្រូវ​សំរាក​ក្នុង​ន័យ​វិញ្ញាណ​វិញ។ តើ​យ៉ាង​ណា​ទៅ? ដោយ​ព្រោះ​តែ​សេចក្ដី​ជំនឿ​និង​ការ​គោរព​ស្ដាប់បង្គាប់ ជន​គ្រីស្ទាន​ពិត​ត្រូវ​បោះបង់​ចោល​នូវ​ការ​ប្រព្រឹត្ត​កិច្ចការ​អញនិយម។ កិច្ចការ​អញនិយម​ទាំង​នេះ រួម​បញ្ចូល​ទាំង​ការ​ខំ​ប្រឹងប្រែង​បង្កើត​សេចក្ដី​សុចរិត​សំរាប់​ខ្លួន​ឯង​ដែរ។ ​(​ហេព្រើរ ៤:១០​) ការ​សំរាក​ខាង​ឯ​វិញ្ញាណ​នេះ​មិន​គ្រាន់​តែ​កាន់​មួយ​ថ្ងៃ​ក្នុង​មួយ​អាទិត្យ​ទេ គឺ​ទាំង​ប្រាំ​ពីរ​ថ្ងៃ។ សេចក្ដី​តម្រូវ​នៃ​ក្រិត្យ​វិន័យ​សំរាប់​ថ្ងៃ​ឈប់​សំរាក​មែនទែន​នោះ គឺ​ឲ្យ​លើក​យក​មួយ​ថ្ងៃ​សំរាប់​ប្រយោជន៍​ខាង​ឯ​វិញ្ញាណ ដើម្បី​ការពារ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ការ​ប្រើ​ពេល​វេលា​ទាំងអស់​របស់​ពួកគេ​ដោយ​អញនិយម ក្នុង​ការ​ស្វែងរក​នូវ​ផល​ប្រយោជន៍​ខាង​វត្ថុ​សំរាប់​ខ្លួន​នោះ។ ការ​​អនុវត្តន៍​នូវ​គោលការណ៍​នេះ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ផ្លូវ​វិញ្ញាណ អាច​ការពារ​នឹង​វត្ថុ​និយម​កាន់​តែ​ស័ក្ដិ​សិទ្ធិ​ខ្លាំង​ឡើង។

១៣ (​ក​) តើ​ក្រិត្យ​វិន័យ​ណា ដែល​ពួក​គ្រីស្ទាន​បាន​ត្រូវ​ណែនាំ​ឲ្យ​សម្រេច​តាម ហើយ​តើ​ពួកគេ​សម្រេច​ការ​នេះ​បាន​យ៉ាង​ណា? (​ខ​) តើ​ក្រិត្យ​វិន័យ​ណា ដែល​ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ថា​ជា​ការ​សំខាន់​នោះ? (​គ​) តើ​ក្រិត្យ​វិន័យ​ណា​ជា​មូលដ្ឋាន​នៃ​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ​ទាំងមូល​នោះ?

១៣ ដូច្នេះ ពួក​គ្រីស្ទាន​បាន​ត្រូវ​ណែនាំ​ឲ្យ​«​សំរេច​តាម​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ​»​ ជាជាង​កាន់​ក្រិត្យ​ទាំង​ដប់​ប្រការ​នោះ។ (​កាឡាទី ៦:២​) ព្រះ​យេស៊ូវ​បាន​ប្រទាន​នូវ​បទ​បញ្ជា​និង​គោលការណ៍​ជា​ច្រើន ហើយ​ដោយសារ​ការ​គោរព​ស្ដាប់បង្គាប់​តាម​ការ​ទាំង​នោះ យើង​នឹង​កាន់​តាម​ឬ​សម្រេច​តាម​ក្រិត្យ​​វិន័យ​របស់​ទ្រង់។ ជា​ពិសេស ព្រះ​យេស៊ូវ​បាន​បញ្ជាក់​អំពី​ការ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់។ (​ម៉ាថាយ ២២:៣៦​-​៤០; យ៉ូហាន ១៣:៣៤, ៣៥​) មែន​ហើយ ស្រឡាញ់​អ្នក​ដទៃ ជា​ក្រិត្យ​វិន័យ​មួយ​របស់​គ្រីស្ទាន។ នេះ​ជា​មូលដ្ឋាន​នៃ​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ​ទាំងមូល ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ក្រិត្យ​វិន័យ​ទាំងមូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ ១ ម៉ាត់​នេះ​ថា ‹ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង›​»។—កាឡាទី ៥:១៣, ១៤; រ៉ូម ១៣:៨​-​១០

១៤ (​ក​) តើ​នឹង​មាន​លទ្ធផល​ល្អ​ណា ពី​ការ​សិក្សា​និង​ការ​អនុវត្តន៍​របស់​យើង នូវ​គោលការណ៍​នៃ​ក្រិត្យ​វិន័យ​របស់​លោក​​ម៉ូសេ​នោះ? (​ខ​) តើ​សេចក្ដី​ស្រឡាញ់​ជម្រុញ​យើង​ឲ្យ​ធ្វើ​អ្វី?

១៤ ក្រិត្យ​វិន័យ​ដែល​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ ជា​មួយ​នឹង​ក្រិត្យ​ទាំង​ដប់​ប្រការ គឺ​ជា​ក្រិត្យ​វិន័យ​ដ៏​សុចរិត​មួយ​ច្បាប់​ពី​ព្រះ។ ហើយ​សព្វ​ថ្ងៃ​នេះ ទោះបី​ជា​យើង​មិន​នៅ​ក្រោម​ក្រិត្យ​វិន័យ​នោះ​ក៏​ដោយ តែ​គោលការណ៍​របស់​ព្រះ​ដែល​សំអាង​លើ​ក្រិត្យ​នោះ ក៏​នៅ​មាន​តម្លៃ​ដ៏​ធំធេង​សំរាប់​យើង​ដែរ។ ដោយសារ​ការ​សិក្សា​និង​ការ​អនុវត្តន៍​ក្រិត្យ​វិន័យ​ទាំង​នោះ សេចក្ដី​អំណរគុណ​របស់​យើង​នឹង​លូត​លាស់​ឡើង​ចំពោះ​អ្នក​ផ្ដល់​នូវ​ក្រិត្យ​វិន័យ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នេះ គឺ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ជា​​ពិសេស យើង​ត្រូវ​សិក្សា និង​អនុវត្ត​ក្នុង​ជីវិត​របស់​យើង នូវ​ក្រិត្យ​វិន័យ​និង​សេចក្ដី​បង្រៀន​របស់​គ្រីស្ទាន។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា នឹង​ជម្រុញ​យើង​ឲ្យ​គោរព​អ្វី​ទាំងអស់ ដែល​ឥឡូវ​នេះ​ទ្រង់​តម្រូវ​ពី​យើង។—យ៉ូហានទី១ ៥:៣

[​ប្រអប់​នៅ​ទំព័រ​២០៣​]

ក្រិត្យ​ទាំង​ដប់​ប្រការ

១. ​«​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង . . . កុំ​ឲ្យ​មាន​ព្រះ​ឯណា​ទៀត​នៅ​ចំពោះ​មុខ​អញ​ឲ្យ​សោះ។

២. ​«​កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថានសួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិបត្ដិ​តាម នោះ​ឡើយ . . .

៣. ​«​កុំ​ឲ្យ​ចេញ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ . . .

៤. ​«​ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង ៦ ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ឯ​ថ្ងៃ​ទី ៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្ដី . . .

៥. ​«​ចូរ​ឲ្យ​គោរព​ប្រតិបត្ដិ​ដល់​ឪពុក​ម្ដាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។

៦. ​«​កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។

៧. ​«​កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។

៨. ​«​កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។

៩. ​«​កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

១០. ​«​កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្ដី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ​»។—និក្ខមនំ ២០:២​-​១៧

[​រូបភាព​នៅ​ទំព័រ​២០៤, ២០៥​]

ក្រិត្យ​វិន័យ​បាន​ប្រើ​ជា​ជញ្ជាំង​មួយ​រវាង​ជនជាតិ​អ៊ីស្រាអែល​និង​ជនជាតិ​ដទៃ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក