ក្រិត្យវិន័យមុនព្រះគ្រីស្ទ
«ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎! ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។—ទំនុកដំកើង ១១៩:៩៧
១. តើអ្វីដឹកនាំចលនានៃវត្ថុធាតុនៅលើមេឃ?
តាំងពីក្មេងមក លោកយ៉ូបប្រហែលជាសម្លឹងមើលផ្កាយទាំងឡាយដោយចិត្តអស្ចារ្យ។ ប្រហែលជាឪពុកម្ដាយរបស់គាត់បានប្រាប់គាត់ពីឈ្មោះតារានិករធំៗទាំងឡាយ ហើយពីអ្វីៗដែលគេដឹងអំពីច្បាប់ដែលដឹកនាំចលនានៃតារានិករទាំងនោះក្នុងផ្ទៃមេឃ។ ដ្បិតមនុស្សនៅសម័យបុរាណបានប្រើចលនានៃតារានិករដ៏ធំអស្ចារ្យទាំងនេះ ដើម្បីសម្គាល់ការផ្លាស់ប្ដូររដូវ។ ប៉ុន្តែ ទោះបីជាយ៉ូបសម្លឹងមើលផ្កាយទាំងឡាយដោយចិត្តអស្ចារ្យក្ដី ក៏គាត់នៅតែមិនដឹងថាតើមានកម្លាំងដ៏ខ្លាំងអ្វី ដែលបានទ្រទ្រង់លំដាប់ក្បួនផ្កាយទាំងនេះឲ្យនៅជាមួយគ្នានោះ។ ម្ល៉ោះហើយបានជាគាត់មិនអាចឆ្លើយបាន ពេលព្រះយេហូវ៉ាសួរគាត់ថា៖ «តើឯងស្គាល់របៀប[ច្បាប់]នៅលើផ្ទៃមេឃហើយឬ»? (យ៉ូប ៣៨:៣១-៣៣) ត្រូវហើយ ផ្កាយទាំងនោះត្រូវបានដឹកនាំដោយច្បាប់—គឺជាច្បាប់ដ៏ទៀងទាត់និងស្មុគស្មាញដល់ម្ល៉េះ ដែលពួកអ្នកវិទ្យាសាស្ត្រនៅសម័យនេះ មិនអាចយល់ពេញលេញបានឡើយ។
២. ហេតុអ្វីក៏អាចនិយាយថាការបង្កើតទាំងអស់ត្រូវបានដឹកនាំដោយច្បាប់?
២ ព្រះយេហូវ៉ាជាអ្នកប្រទានឲ្យច្បាប់ដ៏ឧត្តមក្នុងសកលលោក។ កិច្ចការទាំងអស់របស់ទ្រង់ត្រូវបានដឹកនាំដោយច្បាប់។ បុត្រាស្ងួនភ្ងារបស់ទ្រង់ ដែលជា«បងច្បងនៃគ្រប់ទាំងអស់» បានគោរពតាមច្បាប់របស់ព្រះវរបិតាយ៉ាងស្មោះត្រង់ មុននឹងសកលលោកនេះត្រូវបានបង្កើតមកផង! (កូល៉ុស ១:១៥) ពួកទេវតាក៏បានដឹកនាំដោយច្បាប់ដែរ។ (ទំនុកដំកើង ១០៣:២០) សូម្បីតែពពួកសត្វក៏បានដឹកនាំដោយច្បាប់ដែរ ពេលដែលពួកវាធ្វើតាមបញ្ជាសុភាវគតិរបស់វា ដែលព្រះអាទិទេពបានដាក់នៅក្នុងវា។—សុភាសិត ៣០:២៤-២៨; យេរេមា ៨:៧
៣. (ក) ហេតុអ្វីក៏មនុស្សលោកត្រូវការច្បាប់? (ខ) តើព្រះយេហូវ៉ាបានដឹកនាំសាសន៍អ៊ីស្រាអែលតាមរបៀបណា?
៣ ចុះមនុស្សលោកវិញយ៉ាងណាដែរ? ថ្វីបើយើងមានអំណោយដូចជា ប្រាជ្ញា សីលធម៌ និងភាពវិញ្ញាណក៏ដោយ ក៏យើងនៅតែត្រូវការច្បាប់ពីព្រះ ដើម្បីដឹកនាំយើងឲ្យចេះប្រើញាណសតិទាំងនេះ។ ឪពុកម្ដាយដំបូងរបស់យើង អ័ដាមនិងអេវ៉ា ជាមនុស្សគ្រប់ល័ក្ខណ៍ ដូច្នេះគេត្រូវការច្បាប់តែបន្ដិចបន្តួចសំរាប់ដឹកនាំពួកគេ។ សេចក្ដីស្រឡាញ់ដល់ព្រះវរបិតានៃស្ថានសួគ៌របស់គេ ជាមូលហេតុគ្រប់គ្រាន់សំរាប់ឲ្យគេគោរពធ្វើតាមដោយរីករាយ។ ប៉ុន្តែពួកគេមិនបានគោរពធ្វើតាមទេ។ (លោកុប្បត្តិ ១:២៦-២៨; ២:១៥-១៧; ៣:៦-១៩) ជាលទ្ធផល កូនចៅរបស់គេបានក្លាយទៅជាមនុស្សមានបាប ដែលត្រូវការច្បាប់ជាច្រើនថែមទៀតសំរាប់ដឹកនាំគេ។ ក្រោយមកដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបំពេញសេចក្ដីត្រូវការនេះ។ ទ្រង់បានប្រទានឲ្យលោកណូអេនូវច្បាប់ខ្លះៗ ដែលលោកត្រូវតែបង្រៀនដល់ក្រុមគ្រួសារលោក។ (លោកុប្បត្តិ ៩:១-៧) ជាច្រើនសតវត្សក្រោយមក តាមរយៈលោកម៉ូសេ ព្រះបានប្រទានឲ្យសាសន៍អ៊ីស្រាអែលថ្មីនេះនូវក្រិត្យក្រមដ៏ល្អិតល្អន់។ នេះជាលើកទីមួយដែលព្រះយេហូវ៉ាបានដឹកនាំសាសន៍ទាំងមួលមួយដោយច្បាប់របស់ទ្រង់។ ការពិនិត្យមើលក្រិត្យនេះ នឹងជួយយើងឲ្យយល់អំពីមុខនាទីដ៏សំខាន់នៃច្បាប់របស់ព្រះ ក្នុងជីវិតនៃពួកគ្រីស្ទាននៅសម័យនេះ។
ក្រិត្យវិន័យម៉ូសេ—គោលបំណងនៃវិន័យនេះ
៤. ហេតុអ្វីក៏កូនចៅរើសតាំងនៃលោកអ័ប្រាហាំពិបាកបង្កើតពូជសន្យាម្ល៉េះ?
៤ សាវ័កប៉ុល ជាសិស្សដែលចេះដឹងជ្រៅជ្រះអំពីក្រិត្យវិន័យ សួរថា៖ «តើហេតុអ្វីបានជាមានក្រិត្យវិន័យ»? (កាឡាទី ៣:១៩) ដើម្បីឆ្លើយសំនួរនេះ យើងត្រូវតែរំឭកឡើងវិញអំពីកិច្ចសន្យារបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំ ជាមិត្តសំឡាញ់របស់ទ្រង់ ដែលថាគ្រួសាររបស់លោកនឹងបង្កើតពូជមួយដែលនឹងនាំមកពរជាច្រើនដល់អស់ទាំងសាសន៍។ (លោកុប្បត្តិ ២២:១៨) ក៏ប៉ុន្តែនៅត្រង់នេះមានការពិបាកមួយ៖ គឺថាកូនចៅរើសតាំងនៃអ័ប្រាហាំ សាសន៍អ៊ីស្រាអែល ពុំបានស្រឡាញ់ព្រះយេហូវ៉ាទាំងអស់គ្នាទេ។ កាលដែលពេលវេលាកន្លងទៅ ពួកគេក្លាយទៅជាមានចិត្តរឹងទទឹង ដែលបះបោរប្រឆាំង—ថែមទាំងមានអ្នកខ្លះមិនអាចដឹកនាំបានទេ! (និក្ខមនំ ៣២:៩; ចោទិយកថា ៩:៧) ចំពោះបុគ្គលបែបនេះ ការចូលក្នុងចំណោមប្រជារាស្ត្រនៃព្រះ គឺដោយសារតែកើតមកជាសាសន៍អ៊ីស្រាអែល មិនមែនដោយសារគេរើសយកនោះទេ។
៥. (ក) តាមរយៈក្រិត្យវិន័យម៉ូសេ តើព្រះយេហូវ៉ាបានបង្រៀនអ៊ីស្រាអែលអ្វីខ្លះ? (ខ) តើតាមរបៀបណាដែលក្រិត្យវិន័យត្រូវបានរចនាឲ្យមានឥទ្ធិពលលើចរិយានៃអ្នកកាន់តាមនោះ?
៥ តើឲ្យប្រជារាស្ត្របែបនេះ បង្កើតផលនិងទទួលប្រយោជន៍ពីពូជសន្យានេះយ៉ាងដូចម្ដេច? ជាជាងកាន់កាប់លើពួកគេដូចម៉ាស៊ីនរូបយន្ត ព្រះយេហូវ៉ាបានបង្រៀនពួកគេតាមរយៈក្រិត្យវិន័យ។ (ទំនុកដំកើង ១១៩:៣៣-៣៥; អេសាយ ៤៨:១៧) តាមការពិត ពាក្យហេព្រើរដែលប្រែថា «ក្រិត្យវិន័យ» គឺថូរ៉ា មានន័យថា «សេចក្ដីបង្រៀន»។ តើក្រិត្យវិន័យនេះបង្រៀនអ្វីខ្លះ? សំខាន់បំផុត ក្រិត្យវិន័យនេះបង្រៀនពួកអ៊ីស្រាអែលអំពីសេចក្ដីត្រូវការរបស់គេនូវព្រះមេស្ស៊ី ដែលនឹងលោះពួកគេចេញពីបាប។ (កាឡាទី ៣:២៤) ក្រិត្យវិន័យក៏បង្រៀនអំពីការកោតខ្លាចព្រះនិងការគោរពតាម។ ស្របទៅតាមកិច្ចសន្យានៃអ័ប្រាហាំ សាសន៍អ៊ីស្រាអែលត្រូវបំរើជាស្មរបន្ទាល់នៃព្រះយេហូវ៉ា ដល់សាសន៍ដទៃទាំងអស់។ ដូច្នេះ ក្រិត្យវិន័យត្រូវតែបង្រៀនពួកគេអំពីច្បាប់កិរិយាដ៏ខ្ពស់ថ្លៃថ្នូរ ដែលនាំឲ្យមានកិត្ដិនាមល្អដល់ព្រះយេហូវ៉ា។ ក្រិត្យវិន័យជួយអ៊ីស្រាអែលឲ្យញែកខ្លួនចេញពីការប្រព្រឹត្តពុករលួយនៃសាសន៍ដែលនៅជុំវិញគេ។—លេវីវិន័យ ១៨:២៤, ២៥; អេសាយ ៤៣:១០-១២
៦. (ក) តើក្រិត្យវិន័យម៉ូសេមានបទបញ្ញត្ដិតូចៗប្រហែលប៉ុន្មាន ហើយហេតុអ្វីក៏នេះមិនច្រើនពេកនោះ? (សូមមើលកំណត់ចំណាំ) (ខ) តើយើងអាចទទួលការចេះដឹងជ្រៅជ្រះអ្វីពីការសិក្សាក្រិត្យវិន័យម៉ូសេ?
៦ ដោយហេតុនេះហើយបានជាក្រិត្យវិន័យម៉ូសេមានបទបញ្ញត្ដិតូចៗជាច្រើន—គឺមានជាង៦០០។a ច្បាប់ដែលសរសេរមកនេះដឹកនាំវិស័យនៃការថ្វាយបង្គំ រដ្ឋាភិបាល សីលធម៌ យុត្ដិធម៌ ថែមទាំងចំណីអាហារនិងអនាម័យផង។ តើនេះមានន័យថា ក្រិត្យវិន័យគ្រាន់តែជាបទបញ្ញត្ដិដែលសោះកក្រោះនិងជាសេចក្ដីបង្គាប់ដ៏ខ្លីកំបុតឬ? មិនមែនទេ! ការសិក្សាអំពីក្រិត្យក្រមនេះនឹងបើកឲ្យយើងមានចំណេះជ្រៅជ្រះអំពីបុគ្គលិកលក្ខណៈដ៏មានសេចក្ដីស្រឡាញ់នៃព្រះយេហូវ៉ា។ សូមឲ្យយើងពិនិត្យមើលឧទាហរណ៍ខ្លះៗ។
ក្រិត្យវិន័យដែលសម្ដែងការប្រោសប្រណីនិងមេត្ដាធម៌
៧, ៨. (ក) តើវិន័យនេះដាក់ទម្ងន់យ៉ាងណាខ្លះទៅលើការប្រោសប្រណីនិងមេត្ដាធម៌? (ខ) តើព្រះយេហូវ៉ាអនុវត្តវិន័យនេះដោយប្រោសប្រណីយ៉ាងណាក្នុងករណីដាវីឌ?
៧ ក្រិត្យវិន័យដាក់ទម្ងន់ទៅលើការប្រោសប្រណីនិងមេត្ដាធម៌ ជាពិសេសចំពោះមនុស្សទ័លក្រនិងមនុស្សទ័លច្រក។ ពួកមេម៉ាយនិងពួកក្មេងកំព្រាត្រូវបានទទួលការការពារពីក្រិត្យវិន័យ។ (និក្ខមនំ ២២:២២-២៤) សត្វពាហនៈត្រូវបានការពារពីអំពើឃោរឃៅ។ សិទ្ធិនៃកម្មសិទ្ធិត្រូវបានគេគោរព។ (ចោទិយកថា ២៤:១០; ២៥:៤) ទោះបីជាក្រិត្យវិន័យទាមទារឲ្យមានទោសប្រហារជីវិតចំពោះឃាតកម្មក្ដី ក៏វាបើកឲ្យមានការប្រោសប្រណីដែរចំពោះការសម្លាប់ដោយចៃដន្យ។ (ជនគណនា ៣៥:១១) ដូចបានឃើញស្រាប់ហើយ ពួកចៅក្រមអ៊ីស្រាអែលមានសិទ្ធិសម្រេចពិន័យសំរាប់ទោសខ្លះ អាស្រ័យទៅលើអាកប្បកិរិយានៃអ្នកជាប់ទោស។—ប្រៀបធៀប និក្ខមនំ ២២:៧ និង លេវីវិន័យ ៦:១-៧
៨ ព្រះយេហូវ៉ាជាគំរូសំរាប់ពួកចៅក្រមទាំងឡាយ ក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់កាលណាត្រូវការ ហើយដោយប្រោសប្រណីកាលណាអាចធ្វើទៅបាន។ ស្តេចដាវីឌ ដែលបានប្រព្រឹត្តការផិតនិងឃាតកម្ម ត្រូវបានប្រោសប្រណីឲ្យ។ នេះមិនមែនថាទ្រង់រួចពីទណ្ឌកម្មនោះទេ ដ្បិតព្រះយេហូវ៉ាពុំបានការពារស្តេចដាវីឌពីផលកម្មដ៏អាក្រក់នៃបាបឡើយ។ ប៉ុន្តែ ដោយសារតែកិច្ចព្រមព្រៀងព្រះរាជាណាចក្រ ហើយដោយសារតែដាវីឌជាមនុស្សមានមេត្ដាធម៌ ហើយមានចិត្តផ្លាស់ប្ដូរដ៏ជ្រៅ នោះបានជាទ្រង់មិនបានសម្លាប់ចោល។—សាំយូអែលទី១ ២៤:៤-៧; សាំយូអែលទី២ ៧:១៦; ទំនុកដំកើង ៥១:១-៤; យ៉ាកុប ២:១៣
៩. តើសេចក្ដីស្រឡាញ់មានមុខនាទីយ៉ាងណាក្នុងក្រិត្យវិន័យម៉ូសេ?
៩ ម្យ៉ាងទៀត ក្រិត្យវិន័យម៉ូសេដាក់ទម្ងន់ទៅលើសេចក្ដីស្រឡាញ់។ សូមនឹកស្មានថាសាសន៍មួយនៅសម័យនេះមានច្បាប់ដែលតម្រូវឲ្យមានសេចក្ដីស្រឡាញ់! ដូច្នេះ ក្រិត្យវិន័យម៉ូសេមិនត្រឹមតែហាមប្រាមមិនឲ្យសម្លាប់ គឺបញ្ជាទៀតថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ (លេវីវិន័យ ១៩:១៨) វាមិនគ្រាន់តែហាមមិនឲ្យធ្វើបាបដោយអយុត្ដិធម៌ដល់ពួកអាណិកជន តែបញ្ជាថា៖ «ត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ»។ (លេវីវិន័យ ១៩:៣៤) វាមិនគ្រាន់តែហាមកុំឲ្យផិតគ្នា តែថែមទាំងបញ្ជាឲ្យប្ដីធ្វើយ៉ាងណាឲ្យប្រពន្ធបានសប្បាយចិត្តផង! (ចោទិយកថា ២៤:៥) គ្រាន់តែក្នុងសៀវភៅចោទិយកថាប៉ុណ្ណោះ មានប្រើពាក្យហេព្រើរដែលប្រែថាសេចក្ដីស្រឡាញ់ ជិត២០ដងទៅហើយ។ ព្រះយេហូវ៉ាបានធានារ៉ាប់រងដល់អ៊ីស្រាអែលអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ—នៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ (ចោទិយកថា ៤:៣៧; ៧:១២-១៤) តាមការពិត បញ្ញត្ដិដ៏សំខាន់ជាងគេបង្អស់ក្នុងក្រិត្យវិន័យម៉ូសេគឺ៖ «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង»។ (ចោទិយកថា ៦:៥) ព្រះយេស៊ូមានបន្ទូលថា ក្រិត្យវិន័យទាំងអស់អាស្រ័យទៅលើបញ្ញត្ដិនេះឯង និងបញ្ញត្ដិដែលឲ្យស្រឡាញ់អ្នកជិតខាង។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧-៤០) ដោយហេតុនេះ បានជាអ្នកតែងបទទំនុកដំកើងសរសេរថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎! ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។—ទំនុកដំកើង ១១៩:៩៧
ការប្រើក្រិត្យវិន័យខុសទំនង
១០. តើពួកយូដាភាគច្រើនចាត់ទុកក្រិត្យវិន័យម៉ូសេយ៉ាងដូចម្ដេច?
១០ គួរឲ្យសោកស្ដាយណាស់ ដែលពួកអ៊ីស្រាអែលភាគច្រើនពុំបានអបអរដល់ក្រិត្យវិន័យម៉ូសេឡើយ! ប្រជារាស្ត្រពុំបានគោរពតាមក្រិត្យវិន័យ ធ្វើជាព្រងើយ ឬក៏បំភ្លេចចោលទៀតផង។ ពួកគេបានប្រឡូកប្រឡាក់ការថ្វាយបង្គំបរិសុទ្ធ ជាមួយនឹងទំលាប់សាសនាដ៏ស្អប់ខ្ពើមនៃសាសន៍ដទៃ។ (ពង្សាវតារក្សត្រទី២ ១៧:១៦, ១៧; ទំនុកដំកើង ១០៦:១៣, ៣៥-៣៨) ហើយពួកគេក៏បានក្បត់នឹងក្រិត្យវិន័យតាមវិធីផ្សេងៗទៀតដែរ។
១១, ១២. (ក) ក្រោយពីសម័យលោកអែសរ៉ា តើតាមរបៀបណាដែលក្រុមមេដឹកនាំសាសនាធ្វើការបង្ហិនបង្ហោច? (សូមមើលប្រអប់) (ខ) ហេតុអ្វីក៏ពួកគ្រូអាចារ្យពីសម័យបុរាណគិតថាជាការចាំបាច់ក្នុងការ«ធ្វើរបងដាក់ជុំវិញក្រិត្យវិន័យ»?
១១ ការខូចខាតជាងគេបង្អស់ដល់ច្បាប់ត្រូវបានធ្វើដោយពួកអ្នកដែលអះអាងថា គេជាអ្នកបង្រៀននិងជាអ្នករក្សាក្រិត្យវិន័យ។ ហេតុការណ៍នេះបានកើតឡើងក្រោយពីសម័យនៃលោកអែសរ៉ា ជាស្មៀនដ៏ស្មោះត្រង់នៅសតវត្សទីប្រាំ ម.ស.យ.។ លោកអែសរ៉ាបានខំតយុទ្ធនឹងអានុភាពពុករលួយនៃសាសន៍ដទៃ ហើយខំលើកផ្សព្វផ្សាយការអាននិងការបង្រៀនក្រិត្យវិន័យ។ (អែសរ៉ា ៧:១០; នេហេមា ៨:៥-៨) មានគ្រូអាចារ្យខ្លះនៃក្រិត្យវិន័យអះអាងថាខ្លួនយកតម្រាប់តាមលោកអែសរ៉ា ហើយបង្កើតសាលាប្រជុំមួយហៅថា «មហាសាលាប្រជុំ»។ ក្នុងចំណោមសេចក្ដីទាំងនោះ មានសេចក្ដីបង្គាប់មួយថា៖ «ចុះធ្វើរបងដាក់ជុំវិញក្រិត្យវិន័យ»។ ពួកគ្រូអាចារ្យទាំងនេះពន្យល់ថា ក្រិត្យវិន័យប្រៀបដូចជាសួនច្បារដ៏មានតម្លៃមួយ។ ដើម្បីកុំឲ្យមនុស្សណាដើរចូលក្នុងសួននេះដោយបំពានក្រិត្យវិន័យនោះ ពួកគេបង្កើតច្បាប់ថែមទៀត គឺ«វិន័យវាចា» ដើម្បីកុំឲ្យមនុស្សមកជិតកំហុសនេះឲ្យសោះ។
១២ អ្នកខ្លះប្រហែលជាប្រកែកថា ការមានអារម្មណ៍បែបនេះនៃពួកមេដឹកនាំយូដា នោះជាការសមត្រឹមត្រូវ។ ដ្បិតក្រោយពីសម័យលោកអែសរ៉ា ពួកយូដាបាននៅក្រោមអំណាចនៃប្រទេសដទៃ ជាពិសេសប្រទេសក្រិក។ ដើម្បីទប់ទល់នឹងអានុភាពនៃទស្សនវិជ្ជានិងវប្បធម៌នៃសាសន៍ក្រិក ពួកមេដឹកនាំសាសនាជាច្រើនក្រុមបានផុសចេញឡើងពីចំណោមពួកយូដា។ (សូមមើលប្រអប់ ទំព័រ ៨) ក្រោយមក ក្រុមខ្លះនេះបានប្រជែង ហើយថែមទាំងមានអំណាចខ្លាំងជាងបព្វជិតភាពលេវីទៅទៀត ក្នុងការធ្វើជាគ្រូនៃក្រិត្យវិន័យ។ (ប្រៀបធៀប ម៉ាឡាគី ២:៧) មកដល់ឆ្នាំ២០០ ម.ស.យ. គម្ពីរវិន័យវាចាបានចាប់ផ្ដើមមានឥទ្ធិពលលើជីវិតនៃបណ្ដាជនយូដា។ មុនដំបូងវិន័យនេះមិនត្រូវបានកត់ទុកទេ ក្រែងលោវាស្មើនឹងវិន័យសរសេរ។ ប៉ុន្តែ បន្ដិចម្ដងៗ គំនិតមនុស្សត្រូវបានដាក់មុនគំនិតព្រះ ដូច្នេះនៅទីបំផុត «របង»នេះ បែរជាបំផ្លាញ«សួន»នោះទៅវិញ ជាជាងការពារវា។
ភាពក្រខ្វក់នៃលទ្ធិផារីស៊ី
១៣. តើតាមរបៀបណាដែលពួកមេដឹកនាំសាសនាយូដាខ្លះ ដោះសារនៃការធ្វើវិន័យ?
១៣ ពួកអាចារ្យបានវែកញែកថាថូរ៉ា ឬក្រិត្យវិន័យម៉ូសេ ជាអ្វីល្អគ្រប់ល័ក្ខណ៍ ដូច្នេះវាមុខជាមានចម្លើយចំពោះសំនួរគ្រប់បែបយ៉ាង។ ការយល់បែបនេះគឺពិតជាមិនគួរសមទេ។ ជាការពិត នេះបណ្ដាលឲ្យពួកអាចារ្យមានសិទ្ធិប្រើគំនិតឈ្លាសវៃ ដើម្បីធ្វើឲ្យឃើញថាពាក្យបន្ទូលរបស់ព្រះជាមូលដ្ឋានសំរាប់ការដាក់ច្បាប់ទៅលើបញ្ហាគ្រប់ប្រភេទ—ខ្លះជាបញ្ហាផ្ទាល់ខ្លួន ខ្លះទៀតជារឿងមិនសំខាន់។
១៤. (ក) តើតាមរបៀបណាដែលមេដឹកនាំសាសនាយូដា ពន្លើសសិក្ខាបទនៃព្រះគម្ពីរនៃការញែកចេញពីសាសន៍ដទៃ? (ខ) តើអ្វីដែលបង្ហាញថា វិន័យនៃពួកគ្រូអាចារ្យមិនបានការពាររាស្ត្រយូដាពីឥទ្ធិពលនៃពួកពាហិរជន?
១៤ ម្ដងហើយម្ដងទៀត ពួកមេដឹកនាំសាសនាយកសិក្ខាបទនៃព្រះគម្ពីរ ហើយពន្លើសសិក្ខាបទនោះយ៉ាងហួសហេតុ។ ឧទាហរណ៍ ក្រិត្យវិន័យម៉ូសេបានលើកផ្សព្វផ្សាយឲ្យមានការញែកចេញពីសាសន៍ដទៃ តែពួកអាចារ្យបង្រៀនថាអ្វីទាំងអស់ដែលមិនជារបស់យូដា នោះជាទីស្អប់ខ្ពើម។ ពួកគេបង្រៀនថាជនយូដាម្នាក់មិនត្រូវទុកគោរបស់គាត់ក្នុងក្រោលរបស់មនុស្សសាសន៍ដទៃឡើយ ដ្បិតពួកសាសន៍ដទៃ «ត្រូវបានគេសង្ស័យថារួមសង្វាសជាមួយនឹងសត្វ»។ ស្ត្រីយូដាមិនត្រូវអនុញ្ញាតឲ្យជួយស្ត្រីសាសន៍ដទៃក្នុងការសម្រាលកូនទេ ពីព្រោះដោយធ្វើដូច្នោះ នោះ«ជួយសម្រាលកូនមកសំរាប់សរណវត្ថុបូជា»។ ដោយសារតែពួកគ្រូអាចារ្យមិនទុកចិត្តនឹងកីឡាហាត់ប្រាណនៃសាសន៍ក្រិក ដូច្នេះពួកគេបានហាមឃាត់ការហាត់ប្រាណទាំងអស់។ ប្រវត្ដិសាស្ត្របង្ហាញថា រឿងទាំងអស់នេះពុំបានជួយការពារពួកយូដាពីជំនឿរបស់សាសន៍ដទៃឡើយ។ តាមការពិត ពួកផារីស៊ីបានបង្រៀនដោយខ្លួនគេផ្ទាល់នូវលទ្ធិនៃព្រលឹងអមតៈដែលជាលទ្ធិក្រិក!—អេសេគាល ១៨:៤
១៥. តើតាមរបៀបណាដែលមេដឹកនាំសាសនាយូដា បង្ខូចវិន័យនៃភាពបរិសុទ្ធនិងការស្មន់?
១៥ ពួកផារីស៊ីក៏បានបង្ខូចវិន័យនៃភាពបរិសុទ្ធដែរ។ មានគេនិយាយថា ពួកផារីស៊ីនឹងធ្វើឲ្យបរិសុទ្ធដល់ព្រះអាទិត្យទៀតផង បើគេមានឱកាសនោះ។ វិន័យរបស់គេចែងថា ការពន្យារពេល«ទៅបង្គន់» ក៏ធ្វើឲ្យមនុស្សមិនស្អាតដែរ! ការលាងដៃបានក្លាយទៅជារឿងដ៏ស្មុគស្មាញមួយ ដោយមានវិន័យចែងថាដៃមួយណាត្រូវលាងមុនគេ ហើយរបៀបដែលត្រូវលាងដៃ។ មនុស្សស្រីត្រូវបានគេចាត់ទុកថាមិនបរិសុទ្ធ។ ទៅលើមូលដ្ឋាននៃបទគម្ពីរដែលបង្គាប់កុំឲ្យ«ចូលទៅជិត»សាច់ញាតិណា (តាមការពិត នេះជាវិន័យប្រឆាំងនឹងការស្មន់) ពួកគ្រូអាចារ្យបានដាក់វិន័យកុំឲ្យប្ដីដើរពីក្រោយប្រពន្ធគាត់ ហើយក៏មិនត្រូវនិយាយជាមួយប្រពន្ធគាត់នៅទីផ្សារឡើយ។—លេវីវិន័យ ១៨:៦
១៦, ១៧. តើតាមរបៀបណាដែលវិន័យវាចាពង្រីកទៅលើបញ្ជាឲ្យធ្វើថ្ងៃឈប់សំរាកប្រចាំអាទិត្យ ហើយមានលទ្ធផលយ៉ាងណា?
១៦ អ្វីគួរឲ្យចាប់អារម្មណ៍ជាងគេ នោះគឺការចំអកខាងវិញ្ញាណដែលវិន័យវាចាបានធ្វើដល់វិន័យខាងថ្ងៃឈប់សំរាក។ ព្រះបានប្រទានឲ្យសេចក្ដីបង្គាប់ដ៏ស្រួលមួយថា៖ កុំឲ្យធ្វើកិច្ចការអ្វីឲ្យសោះនៅថ្ងៃទីប្រាំពីរនៃសប្ដាហ៍។ (និក្ខមនំ ២០:៨-១១) ប៉ុន្តែ វិន័យវាចាបានពង្រីកសេចក្ដីដោយបន្ថែមកិច្ចការដែលហាមឃាត់ប្រមាណ៣៩មុខទៀត រួមបញ្ចូលទាំងការចងឬការដោះខ្សែ ការដេរពីរថ្នេរ ការសរសេរតួអក្សរហេព្រើរពីរតួ ហើយមានការហាមឃាត់តទៅទៀត។ រួចកិច្ចការមួយមុខៗទាំងនេះតម្រូវឲ្យមានវិន័យច្រើនមិនចេះអស់។ តើចំណងមួយណាដែលហាមឃាត់ ហើយមួយណាដែលឲ្យធ្វើ? វិន័យវាចាបានឆ្លើយសំនួរនេះតាមច្បាប់ដែលចេញពីអំពើចិត្ត។ ការប្រោសលោះ ក៏គេចាត់ទុកជាកិច្ចការដែលហាមឃាត់ដែរ។ ឧទាហរណ៍ ការតម្រង់ដៃជើងដែលបាក់នៅថ្ងៃឈប់សំរាកជាកិច្ចការដែលគេហាមឃាត់។ ចំពោះមនុស្សដែលឈឺធ្មេញអាចប្រើទឹកខ្មេះដាក់ក្នុងអាហាររបស់គាត់ឲ្យមានរសជាតិ តែគាត់មិនត្រូវបឺតទឹកខ្មេះតាមធ្មេញរបស់គាត់ឡើយ។ ដ្បិតនោះអាចធ្វើឲ្យធ្មេញគាត់ជា!
១៧ ដូច្នេះហើយ បុណ្យថ្ងៃឈប់សំរាកបាត់មានន័យខ្លឹមសារខាងវិញ្ញាណអស់រលីងចំពោះពួកយូដាភាគច្រើន។ នេះគឺដោយសារតែបុណ្យថ្ងៃឈប់សំរាកបានកប់នៅក្រោមវិន័យរាប់រយដែលមនុស្សបានតែងមក។ នៅពេលដែលព្រះយេស៊ូគ្រីស្ទ ជា«ម្ចាស់លើថ្ងៃឈប់សំរាក» បានធ្វើអព្ភូតហេតុដ៏អស្ចារ្យនៅថ្ងៃឈប់សំរាក ពួកស្ក្រែបនិងពួកផារីស៊ីមិនសប្បាយចិត្តសោះឡើយ។ ពួកគេខ្វល់ខ្វាយចំពោះតែវិន័យរបស់គេដែលទ្រង់ហាក់បីដូចបំពានទៅលើនោះប៉ុណ្ណោះ។—ម៉ាថាយ ១២:៨, ១០-១៤
ការរៀនពីកំហុសរបស់ពួកផារីស៊ី
១៨. តើមានឥទ្ធិពលយ៉ាងណាពីការបន្ថែមច្បាប់វាចារនិងសេចក្ដីទំនៀមទំលាប់នៃក្រិត្យវិន័យម៉ូសេ? សូមពន្យល់។
១៨ បើនិយាយឲ្យខ្លីទៅ យើងអាចនិយាយថាវិន័យនិងទំនៀមទំលាប់ដែលបន្ថែមមកនេះ បានតោងស្អិតជាប់ទៅនឹងក្រិត្យវិន័យម៉ូសេ ប្រៀបដូចជាខ្ចៅសមុទ្រម្យ៉ាងដែលតោងស្អិតជាប់នឹងបាតទូក។ ម្ចាស់ទូកខំព្យាយាមចំណាយពេលនិងកម្លាំងក្នុងការកោសខ្ចៅដ៏ចង្រៃទាំងនេះចេញពីទូករបស់គាត់ ពីព្រោះវាធ្វើឲ្យទូកយឺតហើយវាស៊ីបំផ្លាញថ្នាំលាបសំរាប់ការពារច្រេះ។ យ៉ាងដូច្នេះដែរ វិន័យវាចានិងទំនៀមទំលាប់បានធ្វើឲ្យក្រិត្យវិន័យទៅជាស្មុគស្មាញ ហើយបើកឲ្យមានការប្រើប្រាសមិនត្រឹមត្រូវដែលធ្វើឲ្យឱនថយអស់។ ប៉ុន្តែ ជាជាងកោសវិន័យឥតបានការនេះចេញ ពួកគ្រូអាចារ្យបែរទៅជាបន្ថែមរឹតតែច្រើនទៀតទៅវិញ។ មកដល់ពេលដែលព្រះមេស្ស៊ីត្រូវមកសម្រេចក្រិត្យវិន័យ «ទូក»នោះពោរពេញទៅដោយ«ខ្ចៅ» ដែលវាសឹងតែអណ្ដែតលែងរួច! (ប្រៀបធៀប សុភាសិត ១៦:២៥) ជាជាងការពារកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ពួកមេដឹកនាំសាសនាទាំងនេះបានប្រព្រឹត្តកំហុសនៃការបំពានវិន័យទៅវិញ។ ចុះហេតុអ្វីបានជា«របង»នៃវិន័យរបស់គេបានបរាជ័យដូច្នេះ?
១៩. (ក) ហេតុអ្វីក៏«របងដាក់ជុំវិញក្រិត្យវិន័យ»មានបរាជ័យ? (ខ) តើអ្វីដែលបង្ហាញថា ពួកមេដឹកនាំសាសនាយូដាឥតមានជំនឿនោះ?
១៩ ពួកមេដឹកនាំនៃលទ្ធិយូដាពុំបានយល់ថាការតយុទ្ធនឹងភាពពុករលួយពីកំណើត គឺត្រូវធ្វើឡើងពីក្នុងចិត្ត មិនមែនធ្វើឡើងដោយបន្ថែមវិន័យមនុស្សរាប់មិនអស់នោះទេ។ (យេរេមា ៤:១៤) កូនសោនៃការបានជោគជ័យគឺសេចក្ដីស្រឡាញ់—ស្រឡាញ់ព្រះយេហូវ៉ា វិន័យ និងគោលការណ៍សុចរិតរបស់ទ្រង់។ សេចក្ដីស្រឡាញ់បែបនេះផលិតឲ្យមានការស្អប់ដល់អ្វីដែលព្រះយេហូវ៉ាស្អប់។ (ទំនុកដំកើង ៩៧:១០; ១១៩:១០៤) ដូច្នេះ ចំពោះពួកអ្នកដែលចិត្តរបស់គេពោរពេញទៅដោយសេចក្ដីស្រឡាញ់ នោះគេនឹងនៅស្មោះត្រង់ចំពោះវិន័យរបស់ព្រះយេហូវ៉ាក្នុងលោកីយ៍ដ៏ពុករលួយនេះ។ ពួកមេដឹកនាំសាសនាយូដាមានឯកសិទ្ធិធំក្នុងការបង្រៀនបណ្ដាជន ដើម្បីលើកផ្សព្វផ្សាយនិងបណ្ដុះសេចក្ដីស្រឡាញ់បែបនេះ។ ហេតុអ្វីបានជាគេបានបរាជ័យដូច្នេះ? យ៉ាងជាក់ស្តែងណាស់ ពួកគេខ្វះជំនឿ។ (ម៉ាថាយ ២៣:២៣) បើសិនជាគេមានជំនឿទៅលើឥទ្ធិឫទ្ធិនៃព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ក្នុងការបើកចិត្តមនុស្សស្មោះត្រង់ នោះពួកគេនឹងមិនត្រូវការឲ្យមានការកាន់កាប់ដ៏តឹងតែងដល់ជីវិតនៃមនុស្សឯទៀតឡើយ។ (អេសាយ ៥៩:១; អេសេគាល ៣៤:៤) ដោយខ្វះជំនឿ ពួកគេមិនបានចែកឲ្យជំនឿទេ តែបានយកវិន័យរបស់មនុស្សមកដាក់ជាបន្ទុកលើបណ្ដាជនទៅវិញ។—ម៉ាថាយ ១៥:៣, ៩; ២៣:៤
២០, ២១. (ក) តើគំនិតទោរទន់ទៅរកទំនៀមទំលាប់ មានឥទ្ធិពលយ៉ាងណាទៅលើពួកនិយមយូដា? (ខ) តើមេរៀនអ្វីដែលយើងរៀនពីអ្វីដែលបានកើតឡើងដល់ពួកនិយមយូដា?
២០ ពួកមេដឹកនាំយូដាទាំងនោះពុំបានលើកផ្សព្វផ្សាយសេចក្ដីស្រឡាញ់ទេ។ ទំនៀមទំលាប់របស់គេផលិតចេញជាសាសនាមួយដែលគិតតែអាការខាងក្រៅ ដោយមានការគោរពសំរាប់តែសំញែង—គឺជាទីកន្លែងសំរាប់សាបព្រួសអំពើពុករលួយ។ (ម៉ាថាយ ២៣:២៥-២៨) ច្បាប់របស់គេបង្កបង្កើតហេតុរាប់មិនអស់ដើម្បីវិនិច្ឆ័យមនុស្សឯទៀត។ ដូច្នេះហើយបានជាពួកផារីស៊ីដែលវាយឫកហើយប្រើអំណាចផ្ដាច់ការនេះ គិតថាខ្លួនត្រឹមត្រូវ ពេលរិះគន់ដល់ព្រះយេស៊ូគ្រីស្ទ។ ពួកគេពុំបានមើលឃើញគោលបំណងដ៏សំខាន់នៃក្រិត្យវិន័យទេ ហើយបានបដិសេធចោលបុគ្គលដែលជាព្រះមេស្ស៊ីពិត។ ជាលទ្ធផល ទ្រង់បានមានបន្ទូលប្រាប់ដល់សាសន៍យូដាថា៖ «មើល! ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។—ម៉ាថាយ ២៣:៣៨; កាឡាទី ៣:២៣, ២៤
២១ តើមានមេរៀនអ្វីសំរាប់យើង? យ៉ាងច្បាស់ណាស់ គំនិតដែលទោរទន់ទៅរកទំនៀមទំលាប់ដ៏តឹងតែង នឹងមិនលើកផ្សព្វផ្សាយការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ាទេ! ប៉ុន្តែ តើនេះមានន័យថា អ្នកថ្វាយបង្គំព្រះយេហូវ៉ានៅសព្វថ្ងៃនេះ មិនត្រូវមានច្បាប់ណាសោះ លុះត្រាតែច្បាប់ទាំងនេះត្រូវបានសរសេរយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរបរិសុទ្ធឬ? មិនត្រូវទេ បើចង់បានចម្លើយពេញលេញ សូមពិនិត្យមើលជាបន្ទាប់នូវរបៀបដែលព្រះយេស៊ូគ្រីស្ទ ប្ដូរក្រិត្យវិន័យម៉ូសេជាមួយនឹងក្រិត្យថ្មីមួយដែលប្រសើរជាងនោះទៀត។
[កំណត់សម្គាល់]
a ត្រូវហើយ ច្បាប់នេះមានតិចមែនបើប្រៀបធៀបនឹងប្រព័ន្ធច្បាប់នៃសាសន៍នៅសម័យទំនើបនេះ។ ឧទាហរណ៍ មកដល់ដើមទសវត្សនៃឆ្នាំ១៩៩០ ច្បាប់សហពន្ធនៃសហរដ្ឋមានជាង១២៥.០០០ទំព័រ ហើយមានច្បាប់រាប់ពាន់ទៀតដែលត្រូវបញ្ចូលរៀងរាល់ឆ្នាំ។
តើអ្នកអាចពន្យល់បានទេ?
◻ តើតាមរបៀបណាដែលសេចក្ដីបង្កើតទាំងអស់ដឹកនាំដោយច្បាប់ព្រះ?
◻ តើអ្វីជាគោលបំណងដ៏ធំនៃក្រិត្យវិន័យម៉ូសេ?
◻ តើអ្វីដែលបង្ហាញថា ក្រិត្យវិន័យម៉ូសេបានបញ្ជាក់លើការប្រោសប្រណីនិងមេត្ដាធម៌?
◻ ហេតុអ្វីក៏ពួកមេដឹកនាំសាសនាបានបន្ថែមបទបញ្ញត្ដិជាច្រើនដល់ក្រិត្យវិន័យម៉ូសេ ហើយមានលទ្ធផលយ៉ាងណា?
[ប្រអប់នៅទំព័រ៨]
ពួកមេដឹកនាំសាសនាយូដា
ស្ក្រែប (Scribes)៖ គេចាត់ទុកខ្លួនគេជាអ្នកស្នងតំណែងពីលោកអែសរ៉ា ហើយជាអ្នកពន្យល់ក្រិត្យវិន័យ។ យោងទៅតាមសៀវភៅប្រវត្ដិសាស្ត្រនៃយូដា «ពួកស្ក្រែបមិនមែនជាអភិជនគ្រប់គ្នាទេ ហើយការដែលគេប៉ុនប៉ងស្រាយអត្ថន័យអាថ៌កំបាំងពីក្រិត្យវិន័យ តែងតែប្រែក្លាយទៅជាក្បួនឥតខ្លឹមសារនិងការដាក់លក្ខខណ្ឌឥតសមហេតុផល។ លក្ខខណ្ឌទាំងនេះត្រូវបានពង្រឹងឡើងដោយទំនៀមទំលាប់ ដែលក្រោយមកបានក្លាយទៅជាអំណាចផ្ដាច់ការដ៏តឹងរឹង»។
ហាស៊ីឌឹម (Hasidim)៖ ឈ្មោះនេះមានន័យថា «បុគ្គលដ៏ជាទីគោរពនិងស្រឡាញ់» ឬ «សន្ត»។ ចែងប្រាប់លើកទី១ថាជាគណៈនៅឆ្នាំ២០០ ម.ស.យ.។ ពួកគេមានអំណាចដ៏ខ្លាំងខាងនយោបាយ ជាពួកអ្នកការពារភាពបរិសុទ្ធនៃក្រិត្យវិន័យហួសហេតុ ពីអំពើកំណាចនៃអានុភាពក្រិក។ ហាស៊ីឌឹមត្រូវបានបែងចែកទៅជាបីក្រុម៖ គឺគណៈផារីស៊ី គណៈសាឌូស៊ី និង គណៈអ៊ីសិន្ស។
ផារីស៊ី (Pharisees)៖ អ្នកប្រាជ្ញខ្លះជឿថាឈ្មោះនេះដកស្រង់ពីពាក្យដែលប្រែថា «បុគ្គលដែលញែកទុក» ឬ «គណៈរំលែកចេញ»។ ពួកនេះពិតជាខំប្រឹងប្រែងហួសហេតុក្នុងការញែកខ្លួនចេញពីពួកសាសន៍ដទៃ។ ម្យ៉ាងទៀត ពួកគេក៏រំលែកភាតរភាពរបស់គេចេញពី—និងខ្ពង់ខ្ពស់ជាង—ប្រជារាស្ត្រសាមញ្ញយូដា ដែលពុំមានចំណេះជ្រៅជ្រះអំពីភាពស្មុគស្មាញនៃវិន័យវាចា។ អ្នកប្រវត្ដិសាស្ត្រម្នាក់មានប្រសាសន៍អំពីពួកផារីស៊ីថា៖ «ជាទូទៅ ពួកគេចាត់ទុកមនុស្សដូចជាកូនក្មេង ហើយចំពោះសេចក្ដីតូចតាចនៃពិធីរីត៍ នោះគេលើកឲ្យឃើញជាសំខាន់ធំដុំ»។ អ្នកប្រាជ្ញម្នាក់ទៀតមានប្រសាសន៍ថា៖ «លទ្ធិផារីស៊ីបង្កើតនូវច្បាប់ច្រើនហួសហេតុដែលមានក្នុងគ្រប់ស្ថានការណ៍។ ពួកគេលើករឿងតូចតាចជាសំខាន់ ដោយហេតុនេះគេឥតបានអើពើនឹងរឿងសំខាន់ទេ។ (មថ. ២៣:២៣)»។
សាឌូស៊ី (Sadducees)៖ ក្រុមនេះជាប់ទាក់ទងជាមួយវណ្ណៈអភិជននិងសង្ឃ។ ពួកគេប្រឆាំងយ៉ាងខ្លាំងនឹងពួកស្ក្រែបនិងពួកផារីស៊ី ដោយនិយាយថាវិន័យវាចាពុំមានសុពលភាពនៃវិន័យសរសេរឡើយ។ ក្នុងគម្ពីរម៉ីស្នា មានចែងអំពីពួកគេចាញ់ជំទាស់នេះថា៖ «ភាពតឹងរ៉ឹងត្រូវបានគេអនុវត្តទៅលើ[ការកាន់តាម]ពាក្យនៃពួកស្ក្រែប ច្រើនជាង[ការកាន់តាម]ពាក្យនៃវិន័យ[សរសេរ]»។ គម្ពីរថែលមូដ ដែលមានការអធិប្បាយច្រើនអំពីវិន័យវាចា ក្រោយមកចែងដូចនេះថា៖ «ពាក្យនៃពួកស្ក្រែបគឺ . . . មានតម្លៃជាងពាក្យនៃគម្ពីរថូរា»។
អ៊ីសិន្ស (Essenes)៖ ជាតាបសមួយក្រុមដែលរស់នៅដាច់ចេញពីសហគមន៍។ យោងទៅតាមវចនានុក្រមអ្នកបកប្រែនៃព្រះគម្ពីរ ពួកអ៊ីសិន្សជាពួកដែលតឹងរ៉ឹងជាងពួកផារីស៊ីទៅទៀត ហើយ «ជួនកាលពួកគេលាក់ពុតជាងពួកផារីស៊ីទៅទៀត»។
[រូបភាពនៅទំព័រ៦]
ឪពុកម្ដាយយ៉ូប ប្រហែលជាបានបង្រៀនគាត់អំពីច្បាប់ដែលដឹកនាំតារានិករហើយ