ក្រិត្យវិន័យព្រះគ្រីស្ទ
«ខ្ញុំនៅក្នុងក្រិត្យវិន័យព្រះគ្រីស្ទវិញ»។—កូរិនថូសទី១ ៩:២១
១, ២. (ក) តើកំហុសជាច្រើនរបស់មនុស្សលោកអាចបង្ការយ៉ាងដូចម្ដេចបាន? (ខ) តើពិភពគ្រីស្ទសាសនាពុំបានរៀនអ្វីពីប្រវត្ដិលទ្ធិយូដានិយម?
«ប្រជាជននិងរដ្ឋាភិបាលទាំងឡាយមិនបានរៀនពីប្រវត្ដិសាស្ត្រ ឬប្រព្រឹត្តតាមគោលការណ៍ដែលមានពីនោះមកទេ»។ នេះជាពាក្យរបស់អ្នកប្រវត្ដិសាស្ត្រជាតិអាល្លឺម៉ង់នៅសតវត្សទី១៩។ មែនហើយ ដំណើរនៃប្រវត្ដិមនុស្សលោកត្រូវបានគេពិពណ៌នាជា «ជំនឿននៃកំហុស» គឺជាកំហុសផ្ដេសផ្ដាសដ៏អាក្រក់ក្រៃលែងនិងវិបត្ដិដែលមានតៗគ្នា។ កំហុសទាំងនេះជាច្រើនអាចបង្ការបាន បើមនុស្សលោកសុខចិត្តរៀនពីកំហុសអតីតកាលរបស់ខ្លួន។
២ ការបដិសេធមិនព្រមរៀនពីកំហុសអតីតកាលដូចគ្នានេះ ក៏ត្រូវបានលើកយកមកសម្ដែងប្រាប់ក្នុងការអធិប្បាយនេះអំពីវិន័យរបស់ព្រះដែរ។ ព្រះយេហូវ៉ាបានប្ដូរក្រិត្យវិន័យម៉ូសេជាមួយនឹងក្រិត្យវិន័យដ៏ប្រសើរជាងនោះទៀត—គឺក្រិត្យវិន័យព្រះគ្រីស្ទ។ ប៉ុន្តែ ពួកមេដឹកនាំនៃពិភពគ្រីស្ទសាសនា ដែលបានអះអាងថាខ្លួនបង្រៀននិងរស់នៅតាមវិន័យនេះ ពុំបានរៀនពីកំហុសដ៏អាក្រក់ក្រៃលែងនៃពួកផារីស៊ីទេ។ ដោយហេតុនេះ ពិភពគ្រីស្ទសាសនាបានមួលបត់បែននិងរំលោភលើក្រិត្យវិន័យព្រះគ្រីស្ទ ដូចពួកអ្នកកាន់តាមលទ្ធិយូដានិយមបានប្រព្រឹត្តមកលើក្រិត្យវិន័យម៉ូសេដែរ។ តើតាមរបៀបណាដែលគេធ្វើនោះ? មុនដំបូង ចូរឲ្យយើងពិគ្រោះអំពីវិន័យនេះសិន—គឺនេះជាវិន័យអ្វី ដឹកនាំពួកណាហើយតាមរបៀបណា ហើយវិន័យនេះខុសពីក្រិត្យវិន័យម៉ូសេយ៉ាងណាខ្លះ។ រួចយើងនឹងពិនិត្យមើលរបៀបដែលពិភពគ្រីស្ទសាសនាបានរំលោភវិន័យនេះ។ ដូច្នេះ ចូរឲ្យយើងរៀនពីប្រវត្ដិសាស្ត្រនេះហើយទទួលផលប្រយោជន៍!
កិច្ចព្រមព្រៀងថ្មី
៣. តើព្រះយេហូវ៉ាបានសន្យាអ្វីអំពីកិច្ចព្រមព្រៀងថ្មី?
៣ ក្រៅពីព្រះយេហូវ៉ា តើអ្នកណាអាចចំរើនវិន័យដ៏ល្អគ្រប់ល័ក្ខណ៍នេះ? កិច្ចព្រមព្រៀងនៃក្រិត្យវិន័យម៉ូសេជាវិន័យល្អគ្រប់ល័ក្ខណ៍។ (ទំនុកដំកើង ១៩:៧) ទោះជាយ៉ាងនេះក៏ដោយ ព្រះយេហូវ៉ាសន្យាថា៖ «នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី [កិច្ចព្រមព្រៀងថ្មី, ព.ថ.] នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា មិនមែនតាមសញ្ញា[កិច្ចព្រមព្រៀង, ព.ថ.]ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ . . . ទេ»។ ក្រិត្យវិន័យដប់ប្រការ—ជាគ្រឹះនៃក្រិត្យវិន័យម៉ូសេ—បានចារឹកនៅនឹងបន្ទះថ្ម។ ប៉ុន្តែ ព្រះយេហូវ៉ាមានបន្ទូលអំពីកិច្ចព្រមព្រៀងថ្មីថា៖ «អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ»។—យេរេមា ៣១:៣១-៣៤
៤. (ក) តើអ៊ីស្រាអែលមួយណាដែលជាប់ទាក់ទងក្នុងកិច្ចព្រមព្រៀងថ្មីនេះ? (ខ) ក្រៅពីអ៊ីស្រាអែលខាងវិញ្ញាណ តើមានអ្នកណាទៀតដែលនៅក្រោមក្រិត្យវិន័យព្រះគ្រីស្ទ?
៤ តើនឹងបញ្ចូលអ្នកណាក្នុងកិច្ចព្រមព្រៀងថ្មីនេះ? គឺច្បាស់ជាមិនបញ្ចូល«ពូជពង្សពួកអ៊ីស្រាអែល»ខាងសាច់ឈាមទេ ដ្បិតពួកគេបានបដិសេធចោលអាជ្ញាកណ្ដាលនៃកិច្ចព្រមព្រៀងនេះ។ (ហេព្រើរ ៩:១៥) ផ្ទុយទៅវិញ «អ៊ីស្រាអែល»ថ្មីនេះគឺជា «អ៊ីស្រាអែលនៃព្រះ» ជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ។ (កាឡាទី ៦:១៦; រ៉ូម ២:២៨, ២៩) ក្រុមគ្រីស្ទានចាក់ប្រេងតាំងដោយវិញ្ញាណដ៏តូចនេះ ក្រោយមកត្រូវបានពួក«ហ្វូងធំ»មកចូលរួមជាមួយ ដែលមានពីគ្រប់សាសន៍ ហើយខំព្យាយាមថ្វាយបង្គំព្រះយេហូវ៉ាដែរ។ (វិវរណៈ ៧:៩, ១០; សាការី ៨:២៣) ទោះជាពួកគេពុំមានចំណែកក្នុងកិច្ចព្រមព្រៀងថ្មីក៏ដោយ ពួកគេក៏ត្រូវបានដឹកនាំដោយវិន័យដែរ។ (ប្រៀបធៀប លេវីវិន័យ ២៤:២២; ជនគណនា ១៥:១៥) សាវ័កប៉ុលបានសរសេរថា ជា«ហ្វូងតែ១» នៅក្រោមការគ្រប់គ្រងពី«អ្នកគង្វាលតែ១» ពួកគេទាំងអស់«នៅក្នុងក្រិត្យវិន័យព្រះគ្រីស្ទ»។ (យ៉ូហាន ១០:១៦; កូរិនថូសទី១ ៩:២១) ប៉ុលហៅកិច្ចព្រមព្រៀងថ្មីនេះជា«សេចក្ដីសញ្ញា១ដ៏ប្រសើរ»។ ហេតុអ្វី? មូលហេតុមួយ គឺថានេះមានមូលដ្ឋានទៅលើពាក្យសន្យាដែលបានសម្រេច ជាជាងទៅលើស្រមោលនៃសេចក្ដីដែលត្រូវមក។—ហេព្រើរ ៨:៦; ៩:១១-១៤
៥. តើអ្វីជាគោលបំណងនៃកិច្ចព្រមព្រៀងថ្មី ហើយហេតុអ្វីក៏វានឹងបានជោគជ័យ?
៥ តើអ្វីជាគោលបំណងនៃកិច្ចព្រមព្រៀងនេះ? គោលបំណងគឺដើម្បីបង្កើតឲ្យមានពួកស្តេចនិងសង្ឃមួយសាសន៍ ដើម្បីប្រទានពរដល់មនុស្សលោកទាំងអស់។ (និក្ខមនំ ១៩:៦; ពេត្រុសទី១ ២:៩; វិវរណៈ ៥:១០) កិច្ចព្រមព្រៀងក្រិត្យវិន័យម៉ូសេមិនបានបង្កើតឲ្យមានសាសន៍នេះក្នុងន័យដែលព្រះយេហូវ៉ាបានទាយមកទេ ដ្បិតអ៊ីស្រាអែលទាំងមូលបានបះបោរ ហើយបានបាត់បង់ឯកសិទ្ធិរបស់គេ។ (ប្រៀបធៀប រ៉ូម ១១:១៧-២១) រីឯកិច្ចព្រមព្រៀងថ្មីវិញ នេះច្បាស់ជាបានជោគជ័យ ពីព្រោះវាមានវិន័យខុសគ្នាឆ្ងាយណាស់។ តើខុសគ្នាយ៉ាងដូចម្ដេច?
ក្រិត្យវិន័យដែលជារបស់សេរីភាព
៦, ៧. តើក្រិត្យវិន័យព្រះគ្រីស្ទបើកឲ្យមានសេរីភាពច្រើនជាងក្រិត្យវិន័យម៉ូសេយ៉ាងណាខ្លះ?
៦ ក្រិត្យវិន័យព្រះគ្រីស្ទជាប់ទាក់ទងនឹងសេរីភាពជាញឹកញាប់។ (យ៉ូហាន ៨:៣១, ៣២) នេះក៏មានឈ្មោះជា«ក្រិត្យវិន័យនៃសេចក្ដីសេរីភាព» ហើយនិង ‹ក្រិត្យវិន័យដ៏គ្រប់ល័ក្ខណ៍ខាងឯសេរីភាព›។ (យ៉ាកុប ១:២៥; ២:១២) ពិតមែនហើយ សេរីភាពរបស់មនុស្សលោកតែងតែមានលក្ខខណ្ឌ។ យ៉ាងណាក៏ដោយ ក្រិត្យវិន័យនេះបើកឲ្យមានសេរីភាពច្រើនជាងក្រិត្យវិន័យមុន ដែលជាក្រិត្យវិន័យម៉ូសេ។ តើយ៉ាងដូចម្ដេច?
៧ ដោយហេតុមួយ គ្មានអ្នកណាកើតនៅក្រោមក្រិត្យវិន័យព្រះគ្រីស្ទទេ។ កត្ដាដូចជាសញ្ជាតិនិងទីកំណើតគឺគ្មានការជាប់ទាក់ទងឡើយ។ ពួកគ្រីស្ទានពិតអាចជ្រើសរើសយកនឹមនៃការគោរពតាមវិន័យនេះពីចិត្តរបស់គេ។ ដោយធ្វើដូច្នេះ ពួកគេដឹងថានេះជានឹមងាយស្រួល ជាបន្ទុកដ៏ស្រាលមួយ។ (ម៉ាថាយ ១១:២៨-៣០) បើនិយាយឲ្យចំទៅ ក្រិត្យវិន័យម៉ូសេក៏បានរចនាមកសំរាប់បង្រៀនមនុស្សឲ្យដឹងថា គាត់ជាមនុស្សមានបាប ហើយត្រូវការយញ្ញបូជាលោះជាបន្ទាន់ដើម្បីលោះគាត់។ (កាឡាទី ៣:១៩) រីឯក្រិត្យវិន័យព្រះគ្រីស្ទបង្រៀនថា ព្រះមេស្ស៊ីបានយាងមកហើយ បានបង់ថ្លៃលោះដោយព្រះជន្មរបស់ទ្រង់ ហើយបានបើកផ្លូវឲ្យយើងមានសេរីភាពពីការសង្កត់សង្កិនដ៏អាក្រក់នៃសេចក្ដីបាបនិងសេចក្ដីស្លាប់! (រ៉ូម ៥:២០, ២១) ដើម្បីឲ្យបានផលប្រយោជន៍ យើងត្រូវការ‹អនុវត្តជំនឿ›ទៅលើយញ្ញបូជានោះ។—យ៉ូហាន ៣:១៦
៨. តើក្រិត្យវិន័យព្រះគ្រីស្ទរួមបញ្ចូលអ្វី ប៉ុន្តែតើហេតុអ្វីក៏ការរស់នៅតាមក្រិត្យវិន័យនេះ មិនតម្រូវឲ្យចងចាំបទបញ្ញត្ដិរាប់រយច្បាប់នោះ?
៨ ការ‹អនុវត្តជំនឿ› ទាក់ទងនឹងការរស់នៅតាមក្រិត្យវិន័យព្រះគ្រីស្ទ។ នេះរួមបញ្ចូលទាំងការគោរពតាមសេចក្ដីបង្គាប់ទាំងអស់របស់ព្រះគ្រីស្ទ។ តើនេះមានន័យថាយើងត្រូវតែចងចាំវិន័យនិងបទបញ្ញត្ដិរាប់រយឬ? មិនមែនទេ ដ្បិតកាលដែលម៉ូសេ ជាអាជ្ញាកណ្ដាលនៃកិច្ចព្រមព្រៀងចាស់ គាត់បានសរសេរក្រិត្យវិន័យម៉ូសេ។ ឯព្រះយេស៊ូជាអាជ្ញាកណ្ដាលនៃកិច្ចព្រមព្រៀងថ្មី មិនបានសរសេរមួយច្បាប់ឡើយ។ ប៉ុន្តែ ទ្រង់បានរស់នៅតាមវិន័យនេះ។ តាមរយៈដំណើរព្រះជន្មដ៏ល្អគ្រប់ល័ក្ខណ៍របស់ទ្រង់ ទ្រង់បានទុកគំរូមួយសំរាប់មនុស្សទាំងអស់ឲ្យកាន់តាម។ (ពេត្រុសទី១ ២:២១) ប្រហែលដោយហេតុនេះហើយ បានជាការថ្វាយបង្គំនៃពួកគ្រីស្ទានសម័យដើម ត្រូវបានគេហៅថា «ផ្លូវ»។ (កិច្ចការ ៩:២; ១៩:៩, ២៣; ២២:៤; ២៤:២២) ចំពោះពួកគេ ក្រិត្យវិន័យព្រះគ្រីស្ទត្រូវបានបង្ហាញឲ្យឃើញជាក់ក្នុងព្រះជន្មរបស់ព្រះគ្រីស្ទ។ ដើម្បីយកត្រាប់តាមព្រះយេស៊ូ គេត្រូវតែគោរពតាមក្រិត្យវិន័យរបស់ទ្រង់។ សេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់គេចំពោះទ្រង់ មានន័យថាក្រិត្យវិន័យនេះពិតជាបានចារឹកទុកក្នុងចិត្តរបស់គេហើយ ដូចបានទាយមក។ (យេរេមា ៣១:៣៣; ពេត្រុសទី១ ៤:៨) ហើយអ្នកណាដែលគោរពប្រតិបត្ដិដោយសារសេចក្ដីស្រឡាញ់ នោះនឹងមិនមានអារម្មណ៍ត្រូវបានជិះជាន់ទេ—នេះហើយជាមូលហេតុមួយទៀតដែលក្រិត្យវិន័យព្រះគ្រីស្ទ អាចហៅថា «ក្រិត្យវិន័យនៃសេចក្ដីសេរីភាព»។
៩. តើអ្វីជាសារៈសំខាន់ក្នុងក្រិត្យវិន័យព្រះគ្រីស្ទ ហើយតាមរបៀបណាដែលក្រិត្យវិន័យនេះមានសេចក្ដីបង្គាប់មួយទៀត?
៩ បើសេចក្ដីស្រឡាញ់ជាការសំខាន់ក្នុងក្រិត្យវិន័យម៉ូសេ នោះច្បាស់ជាមានសារៈសំខាន់ណាស់ក្នុងវិន័យគ្រីស្ទាន។ ដូច្នេះ ក្រិត្យវិន័យព្រះគ្រីស្ទមានសេចក្ដីបង្គាប់ថ្មីមួយ—គឺគ្រីស្ទានត្រូវមានសេចក្ដីស្រឡាញ់ដែលបូជាខ្លួនចំពោះអ្នកឯទៀត។ ពួកគេត្រូវតែមានសេចក្ដីស្រឡាញ់ដូចព្រះយេស៊ូដែរ គឺទ្រង់សុខចិត្តបូជាព្រះជន្មរបស់ទ្រង់ជាប្រយោជន៍ដល់មិត្តរបស់ទ្រង់។ (យ៉ូហាន ១៣:៣៤, ៣៥; ១៥:១៣) ដូច្នេះ យើងអាចនិយាយយ៉ាងត្រឹមត្រូវថា ក្រិត្យវិន័យព្រះគ្រីស្ទ ជាពាក្យព្រះធិបតេយ្យល្អខ្ពស់ជាងពាក្យក្រិត្យវិន័យម៉ូសេ។ ទស្សនាវដ្ដីនេះបានចែងពីមុនរួចមកហើយថា៖ «ព្រះធិបតេយ្យភាពជាការគ្រប់គ្រងដោយព្រះ ហើយព្រះជាសេចក្ដីស្រឡាញ់ ដូច្នេះ ព្រះធិបតេយ្យភាពគឺជាការគ្រប់គ្រងដោយសេចក្ដីស្រឡាញ់»។
ព្រះយេស៊ូនិងគណៈផារីស៊ី
១០. តើសេចក្ដីបង្រៀនរបស់ព្រះយេស៊ូខុសគ្នាពីពួកផារីស៊ីយ៉ាងណាខ្លះ?
១០ ដូច្នេះ មិនជាការប្លែកទេ ដែលព្រះយេស៊ូបានជំទាស់ជាមួយពួកមេដឹកនាំសាសនាយូដានៅសម័យទ្រង់។ ‹ក្រិត្យវិន័យដ៏គ្រប់ល័ក្ខណ៍ខាងឯសេរីភាព› មិនដែលមានក្នុងគំនិតនៃពួកស្ក្រែបនិងពួកផារីស៊ីសោះឡើយ។ ពួកគេខំកាន់កាប់លើប្រជាជនតាមរយៈច្បាប់ដែលមនុស្សធ្វើឡើង។ សេចក្ដីបង្រៀនរបស់គេបានក្លាយទៅជាការជិះជាន់ ការជាប់ផ្ដន្ទាទោស និងអាក្រក់។ ផ្ទុយស្រឡះទៅវិញ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូជាការលើកទឹកចិត្តជាខ្លាំង ហើយដែលមានប្រយោជន៍ផង! ទ្រង់មិនសាំញ៉ាំ ហើយថ្លែងប្រាប់អំពីសេចក្ដីត្រូវការនិងកង្វល់ពិតប្រាកដនៃប្រជាជន។ ទ្រង់បង្រៀនដោយស្រួលយល់ ហើយដោយមានចិត្តស្មោះ យករឿងប្រៀបប្រដូចពីជីវភាពប្រចាំថ្ងៃមកប្រើ ហើយតែងតែយោងសេចក្ដីចេញពីពាក្យបន្ទូលរបស់ព្រះ។ ដោយហេតុនេះបានជា «បណ្ដាមនុស្សក៏នឹកប្លែក ពីសេចក្ដីដែលទ្រង់បង្រៀន»។ (ម៉ាថាយ ៧:២៨) ត្រូវហើយ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូបានជ្រាបចូលទៅក្នុងចិត្តរបស់គេ!
១១. តាមរបៀបណាដែលព្រះយេស៊ូបង្ហាញថា ក្រិត្យវិន័យម៉ូសេគួរតែអនុវត្តដោយសមហេតុសមផលនិងមេត្ដាធម៌?
១១ ជាជាងបន្ថែមច្បាប់ច្រើនទៀតទៅលើក្រិត្យវិន័យម៉ូសេ ព្រះយេស៊ូបានបង្ហាញរបៀបដែលពួកយូដាត្រូវអនុវត្តវិន័យនោះ—គឺដោយសមហេតុសមផលនិងដោយមេត្ដាធម៌។ ឧទាហរណ៍ នៅចាំទេ នៅពេលមួយមានស្ត្រីម្នាក់ដែលមានរោគធ្លាក់ឈាម បានមកជិតទ្រង់។ យោងទៅតាមក្រិត្យវិន័យម៉ូសេ កាលណានាងប៉ះអ្នកណាម្នាក់ អ្នកនោះនឹងទៅជាស្មោកគ្រោក ដូច្នេះ នាងប្រាកដជាមិនត្រូវមកចូលលាយឡំក្នុងបណ្ដាមនុស្សឡើយ! (លេវីវិន័យ ១៥:២៥-២៧) ប៉ុន្តែ នាងចង់ឲ្យរោគខ្លួនបានជាណាស់ បានជានាងដើរចូលក្នុងហ្វូងមនុស្ស ហើយទៅពាល់អាវរបស់ព្រះយេស៊ូ។ រំពេចនោះ ឈាមក៏ឈប់ធ្លាក់ភ្លាម។ តើទ្រង់បានស្តីបន្ទោសនាងចំពោះការបំពានវិន័យនោះទេ? អត់ទេ ផ្ទុយទៅវិញ ទ្រង់មានព្រះទ័យអធ្យាស្រ័យដល់កាលៈទេសៈទាល់ច្រករបស់នាង ហើយបានសម្ដែងសិក្ខាបទដ៏សំខាន់បំផុតនៃក្រិត្យវិន័យ—គឺសេចក្ដីស្រឡាញ់។ ទ្រង់បានមានបន្ទូលប្រាប់នាងដោយយោគយល់ថា៖ «កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ»។—ម៉ាកុស ៥:២៥-៣៤
តើក្រិត្យវិន័យព្រះគ្រីស្ទបើកឲ្យមានសិទ្ធិសេរីច្រើនឬ?
១២. (ក) ហេតុអ្វីក៏យើងមិនគួរសន្និដ្ឋានថា ក្រិត្យវិន័យព្រះគ្រីស្ទបើកឲ្យមានសិទ្ធិសេរីច្រើននោះ? (ខ) អ្វីបង្ហាញថា កាលណាបង្កើតច្បាប់ច្រើន នោះក៏នាំឲ្យមានមធ្យោបាយដោះទាល់ច្រើនដែរ?
១២ បើអញ្ចឹង តើយើងគួរសន្និដ្ឋានថា វិន័យនេះបើកឲ្យមានសិទ្ធិសេរីច្រើន ដោយព្រោះតែក្រិត្យវិន័យព្រះគ្រីស្ទជា‹ក្រិត្យវិន័យខាងឯសេរីភាព›នោះឬ ដ្បិតពួកផារីស៊ីដែលមានទំនៀមទំលាប់វាចាច្រើន អាចធ្វើឲ្យប្រជារាស្ត្ររក្សាចរិយារបស់គេក្នុងកំណត់តឹងរ៉ឹងបាន? មិនមែនទេ ពីព្រោះប្រព័ន្ធច្បាប់នៅសព្វថ្ងៃនេះបង្ហាញឲ្យឃើញថា កាលណាមានច្បាប់ច្រើន នោះមនុស្សក៏រកឃើញមធ្យោបាយដោះទាល់ច្រើនដែរ។a នៅសម័យព្រះយេស៊ូ វិន័យជាច្រើននៃពួកផារីស៊ីបានជំរុញឲ្យមានការស្វែងរកមធ្យោបាយដោះទាល់ ការបំពេញភារកិច្ចឲ្យរួចពីដៃដែលគ្មានសេចក្ដីស្រឡាញ់សោះ ហើយការបណ្ដុះឲ្យមានអាត្មាសុចរិតនៅខាងក្រៅ បិទបាំងការពុករលួយនៅខាងក្នុង។—ម៉ាថាយ ២៣:២៣, ២៤
១៣. ហេតុអ្វីក៏ក្រិត្យវិន័យព្រះគ្រីស្ទបង្កើតឲ្យមានបមាណីយចរិយាដែលខ្ពស់ជាងច្បាប់សរសេរណាឯទៀត?
១៣ ជាការខុសស្រឡះពីនេះ ក្រិត្យវិន័យព្រះគ្រីស្ទ ពុំបានបណ្ដុះឲ្យមានអាកប្បកិរិយាបែបនេះទេ។ តាមការពិត ការគោរពវិន័យដែលអាស្រ័យទៅលើសេចក្ដីស្រឡាញ់ព្រះយេហូវ៉ា ហើយការគោរពដោយយកត្រាប់តាមសេចក្ដីស្រឡាញ់ដ៏បូជាខ្លួននៃព្រះគ្រីស្ទដល់អ្នកដទៃ នោះនឹងបង្កើតឲ្យមានបមាណីយចរិយារឹតតែខ្ពស់ជាងការកាន់តាមច្បាប់ផ្លូវការទៅទៀត។ សេចក្ដីស្រឡាញ់មិនស្វែងរកមធ្យោបាយដោះទាល់ទេ ហើយនេះជួយយើងកុំឲ្យប្រព្រឹត្តសេចក្ដីអាក្រក់ដែលច្បាប់មិនបានហាមឃាត់ច្បាស់លាស់។ (សូមមើល ម៉ាថាយ ៥:២៧, ២៨) ដូច្នេះ ក្រិត្យវិន័យព្រះគ្រីស្ទនឹងជំរុញយើងឲ្យជួយអ្នកដទៃ—ឲ្យសម្ដែងសប្បុរសធម៌ ការទទួលរាក់ទាក់ និងសេចក្ដីស្រឡាញ់—តាមរបៀបដែលគ្មានច្បាប់ផ្លូវការណាអាចបង្ខំឲ្យយើងធ្វើបាន។—កិច្ចការ ២០:៣៥; កូរិនថូសទី២ ៩:៧; ហេព្រើរ ១៣:១៦
១៤. តើក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយបានទទួលលទ្ធផលយ៉ាងណា ពីការរស់នៅតាមក្រិត្យវិន័យព្រះគ្រីស្ទ?
១៤ លុះត្រាណាពួកសមាជិករស់នៅតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ នោះទើបក្រុមជំនុំគ្រីស្ទាននៅសម័យដើមមានបរិយាការដ៏កក់ក្ដៅនិងជាទីពេញចិត្ត គឺឥតមានអាកប្បកិរិយាតឹងរ៉ឹង វាយតម្លៃគេ និងពុករលួយនោះទេ ដែលសម្បូរមានក្នុងព្រះវិហារនៅសម័យនោះ។ សមាជិកនៃក្រុមជំនុំថ្មីទាំងនេះច្បាស់ជាបានដឹងថាខ្លួនបានរស់នៅតាម«ក្រិត្យវិន័យនៃសេចក្ដីសេរីភាព»ហើយ!
១៥. តើពីដើមសាតាំងបានខំខ្នះខ្នែងធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យក្រុមជំនុំគ្រីស្ទានទៅជាពុករលួយ?
១៥ យ៉ាងណាក្ដី សាតាំងបានខំធ្វើឲ្យក្រុមជំនុំគ្រីស្ទានទៅជាពុករលួយពីខាងក្នុង ដូចជាវាបានធ្វើឲ្យសាសន៍អ៊ីស្រាអែលទៅជាពុករលួយដែរ។ សាវ័កប៉ុលបានព្រមានប្រាប់អំពីមនុស្សដែលមានលក្ខណៈដូចឆ្កែព្រៃ ដែលនឹង«អធិប្បាយសេចក្ដីទំនាស់ខុស» ហើយជិះជាន់ហ្វូងចៀមរបស់ព្រះ។ (កិច្ចការ ២០:២៩, ៣០) គាត់បានប្រឈមមុខតទល់ជាមួយពួកអ្នកនិយមយូដា ដែលបានយកសេរីភាពមានលក្ខខណ្ឌនៃក្រិត្យវិន័យព្រះគ្រីស្ទ ទៅដូរយកទេសភាពនៃក្រិត្យវិន័យម៉ូសេ ដែលព្រះគ្រីស្ទបានសម្រេចហើយនោះ។ (ម៉ាថាយ ៥:១៧; កិច្ចការ ១៥:១; រ៉ូម ១០:៤) ក្រោយពីសាវ័កចុងក្រោយបង្អស់បានស្លាប់ទៅ គឺគ្មានការទប់ទល់នឹងសេចក្ដីក្បត់ជំនឿបែបនេះទៀតទេ។ ដូច្នេះ អំពើពុករលួយក៏បានរីកចំរើនឡើង។—ថែស្សាឡូនីចទី២ ២:៦, ៧
ពិភពគ្រីស្ទសាសនាបង្ខូចក្រិត្យវិន័យព្រះគ្រីស្ទ
១៦, ១៧. (ក) តើមានអំពើពុករលួយយ៉ាងណាខ្លះក្នុងពិភពគ្រីស្ទសាសនា? (ខ) តើតាមរបៀបណាខ្លះដែលវិន័យនៃសាសនាកាតូលិកលើកផ្សព្វផ្សាយទស្សនៈវៀចវេរអំពីការសេពមេថុន?
១៦ ដូចលទ្ធិយូដានិយម អំពើពុករលួយក៏បានដុះចេញជាច្រើនសណ្ឋានដែរក្នុងពិភពគ្រីស្ទសាសនា។ វាបានធ្លាក់ខ្លួនមានលទ្ធិបង្រៀនក្លែងក្លាយជាច្រើននិងសីលធម៌ដ៏ខូចអាក្រក់។ ហើយកាលណាវាខំខ្នះខ្នែងការពារហ្វូងចៀមខ្លួនពីឥទ្ធិពលខាងក្រៅ នោះបែរជាធ្វើឲ្យខូចខាតដល់សំណល់ទាំងប៉ុន្មាននៃការថ្វាយបង្គំបរិសុទ្ធទៅវិញ។ វិន័យតឹងរ៉ឹងដែលមិនស្របតាមបទគម្ពីរមានកាន់តែច្រើនឡើង។
១៧ សាសនាកាតូលិកជានិកាយមួយដែលបានបង្កើតវិន័យជាច្រើនក្នុងព្រះវិហាររបស់គេ។ ចំពោះបញ្ហានៃការសេពមេថុន វិន័យទាំងនេះបែរទៅជាវៀចវេរទៅវិញ។ យោងទៅតាមសៀវភៅការសេពមេថុននិងកាតូលិកនិយម និកាយនេះបានទទួលយកទស្សនវិជ្ជាស្អូអិក ដែលមានការសង្ស័យនឹងការកំសាន្តគ្រប់បែបយ៉ាង។ និកាយនេះបង្រៀនថា ការកំសាន្តខាងកាមទាំងអស់ រួមទាំងការរួមដំណេកធម្មតានៃប្ដីប្រពន្ធ គឺជាការមានបាប។ (ប្រៀបធៀប សុភាសិត ៥:១៨, ១៩) គេបានអះអាងថា ការសេពមេថុនគឺសំរាប់តែការបង្កបង្កើតកូនប៉ុណ្ណោះ មិនសំរាប់ការកំសាន្តខាងកាមទេ។ ដោយហេតុនេះ វិន័យនៃនិកាយនេះបានផ្ដន្ទាទោសដល់វិធីបង្ការកុំឲ្យមានកូនគ្រប់ប្រភេទ ដោយចាត់ទុកថាជាអំពើបាបដ៏ធ្ងន់ ជួនកាលតម្រូវឲ្យមានទណ្ឌកម្មជាច្រើនឆ្នាំផង។ ម្យ៉ាងទៀត ពួកសង្ឃត្រូវបានហាមដាច់ខាតមិនឲ្យរៀបការ ជាបម្រាមមួយដែលធ្វើឲ្យមានការសេពមេថុនខុសច្បាប់ទម្លាប់ជាច្រើន រួមទាំងការរំលោភកូនក្មេងផង។—ធីម៉ូថេទី១ ៤:១-៣
១៨. តើមានលទ្ធផលយ៉ាងណាពីការមានច្រើនឡើងនៃវិន័យសាសនា?
១៨ កាលដែលវិន័យសាសនាបានកើនជាច្រើនឡើង គេក៏បានរៀបចំកត់ទុកដាក់ក្នុងសៀវភៅជាច្រើន។ សៀវភៅទាំងនេះបានចាប់ផ្ដើមធ្វើឲ្យស្រអាប់ស្មុគស្មាញ ហើយបដិសេធចោលព្រះគម្ពីរ។ (ប្រៀបធៀប ម៉ាថាយ ១៥:៣, ៩) ដូចលទ្ធិយូដានិយមដែរ កាតូលិកនិយមមិនទុកចិត្តឯកសារខាងលោកីយ៍ណាសោះឡើយ ហើយចាត់ទុកឯកសារភាគច្រើននេះជាការគំរាមកំហែង។ ក្រោយមក ទស្សនៈចំពោះបញ្ហានេះត្រូវបានអនុវត្តជ្រុលហួសហេតុ ហួសពីការព្រមានត្រឹមត្រូវនៃព្រះគម្ពីរទៅទៀត។ (សាស្ដា ១២:១២; កូល៉ុស ២:៨) លោកជូរោម ជាអ្នកនិពន្ធខាងសាសនានៅសតវត្សទីបួន ស.យ. បានលាន់មាត់ថា៖ «ឱព្រះអម្ចាស់អើយ បើទូលបង្គំមានឬអានសៀវភៅនៃលោកីយ៍នេះម្ដងទៀត នោះទូលបង្គំបានបដិសេធទ្រង់ហើយ»។ ក្រោយមក សាសនានេះបានទទួលភារកិច្ចពិនិត្យចាប់ពិរុទ្ធសៀវភៅ—ថែមទាំងសៀវភៅដែលមិនទាក់ទងសាសនាផងដែរ។ ដូច្នេះហើយបានជាតារាវិទូនៅសតវត្សទី១៧ម្នាក់ លោកហ្គាលីឡូ ត្រូវបានជាប់ការពិនិត្យចាប់ពិរុទ្ធចំពោះការសរសេរថាផែនដីវិលជុំវិញព្រះអាទិត្យ។ ចំពោះការទទូចនៃសាសនាចង់ធ្វើជាអំណាចផ្ដាច់ព្រ័ត្រចំពោះរឿងទាំងអស់—ព្រមទាំងចំពោះសំនួរអំពីតារាវិទ្យា—ក្រោយមកបានធ្វើឲ្យអន្តរាយដល់ជំនឿក្នុងព្រះគម្ពីរទៅវិញ។
១៩. តើព្រះវិហារឬវត្តលើកផ្សព្វផ្សាយអំណាចផ្ដាច់ការយ៉ាងណាខ្លះ?
១៩ ការបង្កើតវិន័យសាសនាបានរីកចំរើនតាមព្រះវិហារឬវត្ត ជាកន្លែងដែលពួកសង្ឃបានញែកខ្លួនគេចេញពីលោកនេះ ដើម្បីរស់នៅជាបរិច្ចាគ។ វិហារកាតូលិកភាគច្រើនកាន់តាម«វិន័យលោកសន្ត បេនឌិក»។ ចៅអធិការវត្ត («abbot» ជាពាក្យស្រង់ចេញពីភាសាអារ៉ាមចំពោះ«ឪពុក») ជាអ្នកកាន់កាប់ដោយមានអំណាចផ្ដាច់ការ។ (ប្រៀបធៀប ម៉ាថាយ ២៣:៩) បើសិនជាសង្ឃម្នាក់ទទួលអំណោយពីឪពុកម្ដាយរបស់គាត់ ចៅអធិការនឹងសម្រេចថាតើសង្ឃនោះ ឬអ្នកឯទៀតត្រូវទទួលយកអំណោយនោះ។ ក្រៅពីផ្ដន្ទាទោសភាពថោកទាប វិន័យមួយបានហាមឃាត់ការនិយាយគ្នាលេងនិងការនិយាយកំប្លែង ដោយចែងថា៖ «សិស្សទាំងអស់មិនត្រូវនិយាយបែបនេះឡើយ»។
២០. តើអ្វីបង្ហាញថាលទ្ធិប្រូតេស្តង់និយមក៏លើកផ្សព្វផ្សាយអំណាចផ្ដាច់ការដែរ ដែលឥតមានការគាំទ្រពីបទគម្ពីរ?
២០ លទ្ធិប្រូតេស្តង់និយម ដែលបានព្យាយាមកែសេចក្ដីហួសប្រមាណនៃលទ្ធិកាតូលិកនិយម ក្រោយមកក៏បានលើកផ្សព្វផ្សាយវិន័យអំណាចផ្ដាច់ការ ដោយគ្មានមូលដ្ឋានពីក្រិត្យវិន័យព្រះគ្រីស្ទសោះឡើយ។ ឧទាហរណ៍ មេកែទម្រង់ការណ៍ម្នាក់ លោកចន ខាលវិន បានទទួលឈ្មោះជា «នីតិពន្ធនៃសាសនាទម្រង់ថ្មី»។ លោកបានគ្រប់គ្រងលើសាសនាប្រូតេស្តង់នៅក្រុងជីនីវ៉ា ដោយមានវិន័យតឹងរ៉ឹងច្រើន ដាក់អនុវត្តដោយ«ពួកចាស់ទុំ» ដែលលោកខាលវិនមានប្រសាសន៍ថា «មុខតំណែងរបស់គេ គឺដើម្បីត្រួតពិនិត្យលើជីវិតរបស់មនុស្សគ្រប់ៗគ្នា»។ (ប្រៀបធៀប កូរិនថូសទី២ ១:២៤) សាសនានេះកាន់កាប់ទៅលើភោជនាល័យទាំងឡាយ ហើយអនុញ្ញាតឲ្យធ្វើសន្ទនាតាមប្រធានណាដែលគេយល់ស្រប។ ចំពោះពួកអ្នកដែលធ្វើខុស ដូចជាច្រៀងចំរៀងផ្ដេសផ្ដាស ឬរាំរែក នោះជាប់ពិន័យធ្ងន់ណាស់។b
ការរៀនពីកំហុសនៃពិភពគ្រីស្ទសាសនា
២១. តើអ្វីជាលទ្ធផលទាំងមូល នៃការប្រព្រឹត្ត‹លើសជាងសេចក្ដីដែលបានចែងទុកមក›នៃពិភពគ្រីស្ទសាសនា?
២១ តើវិន័យនិងច្បាប់ទាំងអស់នេះបានការពារពិភពគ្រីស្ទសាសនាពីអំពើពុករលួយទេ? អត់សោះឡើយ! សព្វថ្ងៃនេះ ពិភពគ្រីស្ទសាសនាបានបែកខ្ញែកមានរាប់រយនិកាយ ដែលមានពីនិកាយតឹងរ៉ឹងហួសហេតុ ដល់និកាយដែលបណ្ដែតបណ្ដោយជ្រុលពេក។ មិនថាជាផ្លូវណា ពួកគេទាំងអស់បានប្រព្រឹត្ត‹លើសជាងសេចក្ដីដែលបានចែងទុកមក› បណ្ដោយឲ្យគំនិតមនុស្សដឹកនាំហ្វូងចៀម ហើយឲ្យចូលជ្រៀតជ្រែកក្នុងច្បាប់របស់ព្រះ។—កូរិនថូសទី១ ៤:៦
២២. ហេតុអ្វីក៏ការបោះបង់ចោលនៃពិភពគ្រីស្ទសាសនា មិនមានន័យថាជាការវិនាសដល់ក្រិត្យវិន័យព្រះគ្រីស្ទនោះ?
២២ ទោះជាយ៉ាងក៏ដោយ ប្រវត្ដិនៃក្រិត្យវិន័យព្រះគ្រីស្ទមិនវិនាសទេ។ ព្រះយេហូវ៉ាមិនបណ្ដោយឲ្យមនុស្សលោកបំផ្លាញវិន័យរបស់ទ្រង់ឡើយ។ នៅសព្វថ្ងៃនេះ វិន័យគ្រីស្ទាននៅមានជាធរមានក្នុងចំណោមពួកគ្រីស្ទានពិត ហើយពួកនេះមានឯកសិទ្ធិរស់នៅតាមក្រិត្យវិន័យនេះ។ ប៉ុន្តែ ក្រោយពីបានពិនិត្យមើលអ្វីៗដែលលទ្ធិយូដានិយមនិងពិភពគ្រីស្ទសាសនាបានប្រព្រឹត្តចំពោះច្បាប់ព្រះ នោះធ្វើឲ្យយើងឆ្ងល់ថា ‹តើឲ្យយើងរស់នៅតាមក្រិត្យវិន័យព្រះគ្រីស្ទយ៉ាងដូចម្ដេច ដើម្បីកុំឲ្យបង្ខូចពាក្យបន្ទូលរបស់ព្រះដោយវិចារណញ្ញាណមនុស្សនិងវិន័យឯទៀតដែលធ្វើច្បាប់ព្រះខ្សោយនោះ? តើក្រិត្យវិន័យព្រះគ្រីស្ទគួរបណ្ដុះទស្សនៈថ្លឹងថ្លែងអ្វីក្នុងយើងសព្វថ្ងៃនេះ? អត្ថបទជាបន្ទាប់នឹងអធិប្បាយអំពីសំនួរទាំងនេះ។
[កំណត់សម្គាល់]
a ពួកផារីស៊ីទទួលខុសត្រូវទាំងស្រុងចំពោះនិកាយយូដាមួយប្រភេទនៅសព្វថ្ងៃនេះ ដូច្នេះហើយ មិនជាការចំឡែកទេ ដែលសាសនាយូដានៅតែស្វែងរកមធ្យោបាយដោះទាល់ក្នុងវិន័យជាច្រើននៃថ្ងៃឈប់សំរាក។ ឧទាហរណ៍ ពេលចូលទៅក្នុងមន្ទីរពេទ្យអូធូដុក្សយូដានៅថ្ងៃឈប់សំរាក ជនម្នាក់អាចឃើញថា ជណ្ដើរយន្តនឹងឈប់គ្រប់ជាន់ជាស្វ័យប្រវត្ត ដើម្បីកុំឲ្យអ្នកដំណើរនោះប្រើប្រដាប់ចុច ដែលជា«កិច្ចការ»ដ៏មានបាប។ លោកគ្រូពេទ្យអូធូដុក្សខ្លះសរសេរសំបុត្រថ្នាំ ដោយប្រើទឹកខ្មៅដែលនឹងលុបចោលក្នុងពីរបីថ្ងៃ។ ហេតុអ្វី? ពីព្រោះគម្ពីរម៉ីស្នាចាត់ទុកការសរសេរជា«កិច្ចការ» ប៉ុន្តែគម្ពីរនេះឲ្យន័យថា «ការសរសេរ» ជាការកត់ទុកអចិន្ត្រៃយ៍។
b លោកសឺវាតុស ដែលបានជំទាស់នឹងទស្សនៈខ្លះៗខាងសាសនានៃលោកខាលវិន ត្រូវបានគេដុតសម្លាប់នៅលើបង្គោលឈើ ជាអ្នកក្បត់សាសនា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីជាភាពខ្លឹមសារនៃក្រិត្យវិន័យព្រះគ្រីស្ទ?
◻ តើរបៀបបង្រៀនរបស់ព្រះយេស៊ូខុសគ្នាយ៉ាងណាខ្លះពីពួកផារីស៊ី?
◻ តើតាមរបៀបណាដែលសាតាំងប្រើគំនិតខាងបង្កើតវិន័យដ៏តឹងរ៉ឹង ដើម្បីធ្វើឲ្យពិភពគ្រីស្ទសាសនាទៅជាពុករលួយ?
◻ តើមានលទ្ធផលល្អណាខ្លះពីការរស់នៅតាមក្រិត្យវិន័យព្រះគ្រីស្ទ?
[រូបភាពនៅទំព័រ១៤]
ព្រះយេស៊ូបានអនុវត្តក្រិត្យវិន័យម៉ូសេដោយសមហេតុសមផលនិងមេត្ដាធម៌