តើអ្នកបានត្រូវជំរុញឲ្យប្រព្រឹត្តដូចព្រះយេស៊ូឬទេ?
«ទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេ»។—ម៉ាកុស ៦:៣៤
១. ហេតុអ្វីក៏គួរឲ្យយល់ថា បុគ្គលម្នាក់ៗអាចបង្ហាញនូវគុណសម្បត្ដិដែលគួរឲ្យសរសើរនោះ?
ក្នុងប្រវត្ដិសាស្ត្រ នោះមានបុគ្គលជាច្រើននាក់ដែលបានសម្ដែងនូវគុណសម្បត្ដិដែលគួរឲ្យសរសើរ។ អ្នកអាចយល់នូវមូលហេតុដែលគេធ្វើអ៊ីចឹង។ ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ និងសម្ដែងនូវសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស ហើយគុណសម្បត្ដិឯទៀត ដែលយើងចាត់ទុកជាមានតម្លៃ។ មនុស្សលោកបានត្រូវបង្កើតមកដូចរូបអង្គព្រះ។ ដូច្នេះយើងអាចយល់នូវហេតុដែលមនុស្សជាច្រើននឹងបង្ហាញសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងមេត្ដាធម៌ខ្លះៗ ហើយនិងគុណសម្បត្ដិឯទៀតរបស់ព្រះដែរ ដូចជាមនុស្សភាគច្រើនបង្ហាញថាខ្លួនមានមនសិការអ៊ីចឹង។ (លោកុប្បត្តិ ១:២៦; រ៉ូម ២:១៤, ១៥) ប៉ុន្តែអ្នកប្រហែលជាដឹងថា មនុស្សខ្លះបង្ហាញនូវគុណសម្បត្ដិទាំងនេះស្រួលជាងអ្នកដទៃ។
២. (ក) តើកិច្ចការល្អណាខ្លះ ដែលមនុស្សប្រហែលជាធ្វើដោយមានអារម្មណ៍ថាគេកំពុងតែធ្វើតម្រាប់តាមព្រះគ្រីស្ទនោះ? (ខ) ស្តីអំពីការប្រោសឲ្យជានិងការបំប៉នពួកស្រេកឃ្លានរបស់ព្រះយេស៊ូ តើយើងប្រហែលជាអាចពិចារណាមើលអំពីអ្វី?
២ អ្នកប្រហែលជាស្គាល់ពួកបុរសនិងស្ត្រីដែលតែងទៅលេងឬទៅជួយមនុស្សឈឺ បង្ហាញនូវសេចក្ដីមេត្ដាដល់ពួកពិការ ឬក៏ផ្ដល់ឲ្យពួកអ្នកក្រីក្រដោយសប្បុរស។ ចូរគិតដែរអំពីពួកអ្នកដែលមានចិត្តមេត្ដាបានជំរុញឲ្យគេចំណាយជីវិតរបស់គេ ធ្វើការជាមួយក្រុមពួកឃ្លង់ ឬក្នុងគ្រឹះស្ថានរក្សាក្មេងកំព្រា ថែមទាំងពួកអ្នកដែលស្ម័គ្រចិត្តធ្វើការក្នុងមន្ទីរពេទ្យឬសាលាឆទាន ឬក៏មានមនុស្សដែលខំប្រឹងដើម្បីជួយពួកដែលគ្មានផ្ទះសម្បែង ឬក៏ជាជនភៀសខ្លួន។ ប្រហែលជាពួកគេខ្លះមានអារម្មណ៍ថា ពួកគេធ្វើតម្រាប់តាមព្រះយេស៊ូ ដែលបានទុកគំរូឲ្យពួកគ្រីស្ទាននោះ។ យើងអានក្នុងសៀវភៅដំណឹងល្អថា ព្រះគ្រីស្ទបានប្រោសឲ្យជានូវពួកមនុស្សឈឺ និងបំប៉នចំណីដល់ពួកមនុស្សស្រេកឃ្លាន។ (ម៉ាកុស ១:៣៤; ៨:១-៩; លូកា ៤:៤០) ព្រះយេស៊ូសម្ដែងនូវសេចក្ដីស្រឡាញ់ ការថ្នាក់ថ្នម និងសេចក្ដីមេត្ដា នោះគឺជាការសម្ដែងឲ្យឃើញនូវ«គំនិតជារបស់ផងព្រះគ្រីស្ទ» ដែលជាលំដាប់នោះ បានធ្វើតម្រាប់តាមព្រះវរបិតានៅស្ថានសួគ៌របស់ទ្រង់វិញ។—កូរិនថូសទី១ ២:១៦
៣. ដើម្បីឲ្យមានទស្សនៈដ៏ថ្លឹងថ្លែងអំពីកិច្ចការល្អរបស់ព្រះយេស៊ូ តើយើងត្រូវតែពិចារណាមើលអ្វី?
៣ ប៉ុន្តែ តើអ្នកបានសង្កេតឬទេថា មនុស្សជាច្រើនដែលបានត្រូវជំរុញទឹកចិត្តដោយសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដារបស់ព្រះយេស៊ូ នោះបានភ្លេចនូវលក្ខណៈសំខាន់នៃ«គំនិតជារបស់ផងព្រះគ្រីស្ទ»? យើងអាចមានការយល់ធ្លុះអំពីរឿងនេះ ដោយពិនិត្យមើលយ៉ាងផ្ចិតផ្ចង់នៅសៀវភៅម៉ាកុស ៦ ជំពូក៦។ យើងអាននៅជំពូកនោះថា ពួកបណ្ដាជនបានយកពួកអ្នកជម្ងឺមកឯព្រះយេស៊ូ ឲ្យទ្រង់ប្រោសគេឲ្យជា។ តាមបរិបទនោះយើងក៏រៀនដឹងថា កាលដែលព្រះយេស៊ូបានទតឃើញថា មនុស្សរាប់ពាន់នាក់ដែលបានមកឯទ្រង់ចាប់ផ្ដើមឃ្លាន នោះទ្រង់បានបំប៉នអាហារគេដោយអព្ភូតហេតុ។ (ម៉ាកុស ៦:៣៥-៤៤, ៥៤-៥៦) ការប្រោសមនុស្សឈឺឲ្យជានិងការបំប៉នពួកអ្នកឃ្លាន ជាការសម្ដែងដ៏អស្ចារ្យនូវសេចក្ដីមេត្ដាដែលប្រកបដោយសេចក្ដីស្រឡាញ់ ប៉ុន្តែតើកិច្ចការទាំងនេះជារបៀបដ៏សំខាន់ជាងគេ ដែលព្រះយេស៊ូបានជួយអ្នកដទៃឬ? ហើយតើយ៉ាងដូចម្ដេច ដែលយើងអាចធ្វើតាមគំរូដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ស្តីពីសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងសេចក្ដីមេត្ដា ដូចជាទ្រង់បានធ្វើតាមព្រះយេហូវ៉ានោះ?
បានត្រូវជំរុញឲ្យប្រទានសេចក្ដីត្រូវការខាងវិញ្ញាណ
៤. តើដំណើររឿងក្នុងម៉ាកុស ៦:៣០-៣៤ មានបរិយាកាសយ៉ាងដូចម្ដេច?
៤ ព្រះយេស៊ូមានព្រះទ័យក្ដួលអាណិតដល់អស់អ្នកដែលនៅជុំវិញទ្រង់ ជាពិសេសដោយព្រោះសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេ។ សេចក្ដីត្រូវការនោះគឺជាសារៈសំខាន់ជាងគេ ជាជាងសេចក្ដីត្រូវការខាងសាច់ឈាមទៅទៀត។ សូមពិចារណាមើលដំណើររឿងនៅឯម៉ាកុស ៦:៣០-៣៤។ ព្រឹត្ដិការណ៍ដែលបានកត់ទុកនោះ គឺបានកើតឡើងនៅឯឆ្នេរសមុទ្រកាលីឡេ ជិតដល់ពេលធ្វើបុណ្យរំលងនៅឆ្នាំ៣២ ស.យ.។ ពួកសាវ័កបានមានចិត្តរំភើបណាស់ ហើយដោយសារមានមូលហេតុត្រឹមត្រូវ។ ក្រោយពីបានបញ្ចប់នូវដំណើរផ្សព្វផ្សាយដ៏ធំទូលាយរបស់គេ នោះពួកគេក៏មកឯព្រះយេស៊ូ ដោយប្រាកដជាមានចិត្តខ្នះខ្នែងចង់ប្រាប់ទ្រង់អំពីអ្វីៗដែលគេពិសោធ។ ប៉ុន្តែ ហ្វូងមនុស្សក៏បានមូលគ្នាមកឯទ្រង់។ គឺមានហ្វូងមនុស្សធំដល់ម្ល៉េះ ដែលព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់ មិនអាចទាំងបរិភោគឬសំរាកផង។ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសាវ័កថា៖ «ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្ដិចសិន»។ (ម៉ាកុស ៦:៣១) ដោយឡើងទូកប្រហែលជាជិតភូមិកាពើណិម នោះពួកគេក៏បានធ្វើដំណើរឆ្លងកាត់សមុទ្រកាលីឡេទៅកន្លែងស្ងាត់។ ប៉ុន្តែហ្វូងមនុស្សបានរត់តាមឆ្នេរ ហើយបានមកដល់មុនទូកទ្រង់ទៅទៀត។ តើព្រះយេស៊ូនឹងធ្វើយ៉ាងណាទៅ? តើទ្រង់អន់ព្រះទ័យដែលភាពស្ងាត់ដាច់ពីគេបានត្រូវរំខានឬទេ? គឺអត់ទាល់តែសោះ!
៥. តើព្រះយេស៊ូមានព្រះទ័យយ៉ាងណា ចំពោះហ្វូងមនុស្សដែលបានមកឯទ្រង់ ហើយតើទ្រង់បានធ្វើអ្វីជាបន្ទាប់នោះ?
៥ ព្រះទ័យរបស់ព្រះយេស៊ូបានត្រូវរំជួល ពេលទតឃើញហ្វូងមនុស្សរាប់ពាន់នាក់ រួមទាំងពួកមនុស្សឈឺ ដែលបានរង់ចាំទ្រង់ដោយខ្នះខ្នែង។ (ម៉ាថាយ ១៤:១៤; ម៉ាកុស ៦:៤៤) ដោយសំដៅទៅលើអ្វីដែលបានបណ្ដាលឲ្យព្រះយេស៊ូមេត្ដាចំពោះគេ និងរបៀបដែលទ្រង់បានតបឆ្លើយ នោះម៉ាកុសបានសរសេរថា៖ «ទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាកុស ៦:៣៤) ព្រះយេស៊ូបានទតឃើញជ្រៅទៅទៀត មិនគ្រាន់តែមនុស្សមួយហ្វូងនោះទេ។ ទ្រង់ទតឃើញនូវពួកបុគ្គលដែលមានសេចក្ដីត្រូវការខាងវិញ្ញាណ។ ពួកគេប្រៀបដូចជាចៀមដែលវង្វេងទាំងគ្មានពំនឹង ក៏អត់មានអ្នកគង្វាលដឹកនាំគេទៅឯវាលស្មៅខ្ចី ឬក៏ដើម្បីការពារគេ។ ព្រះយេស៊ូបានជ្រាបដឹងថា ពួកមេដឹកនាំសាសនាដែលគ្មានមេត្ដា ដែលគួរនឹងមើលឃ្វាលគេ តាមការពិតទៅជាស្អប់មនុស្សសាមញ្ញទៅវិញ ហើយឥតអើពើនឹងសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេនោះឡើយ។ (អេសេគាល ៣៤:២-៤; យ៉ូហាន ៧:៤៧-៤៩) ព្រះយេស៊ូនឹងប្រព្រឹត្តលើគេខុសស្រឡះពីនោះ ដើម្បីធ្វើឲ្យមានប្រយោជន៍ល្អជាទីបំផុត។ ទ្រង់បានចាប់ផ្ដើមបង្រៀនគេអំពីព្រះរាជាណាចក្រនៃព្រះ។
៦, ៧. (ក) តើឯកសារដំណឹងល្អ នោះលាតត្រដាងថាព្រះយេស៊ូមានអាទិភាពអ្វី ក្នុងការធ្វើតាមសេចក្ដីត្រូវការរបស់មនុស្ស? (ខ) តើព្រះយេស៊ូបានផ្សព្វផ្សាយនិងបង្រៀនគេដោយមានអ្វីជំរុញទេ?
៦ សូមកត់សម្គាល់នូវលំដាប់លំដោយនិងអ្វីដែលបញ្ជាក់ពីអាទិភាពទ្រង់ ដែលឃើញជាក់ស្តែងក្នុងដំណើររឿងដែលស្របគ្នានេះ។ នេះគឺបានសរសេរដោយលូកា ដែលជាគ្រូពេទ្យ ហើយបានចាប់អារម្មណ៍យ៉ាងខ្លាំងនឹងសុខុមាលភាពនៃអ្នកដទៃ។ «បណ្ដាមនុស្ស . . . ក៏តាមទ្រង់[ព្រះយេស៊ូ]ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានបន្ទូលប្រាប់ពីនគរព្រះទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង»។ (លូកា ៩:១១; កូល៉ុស ៤:១៤) ទោះជាឥតមានអ៊ីចឹងក្នុងដំណើររឿងទាំងអស់ស្តីអំពីអព្ភូតហេតុក៏ដោយ ប៉ុន្តែក្នុងករណីនេះ តើដំណើររឿងរបស់លូកាបានកត់សម្គាល់អ្វីមុនគេ? នោះគឺជាហេតុការណ៍ដែលថា ព្រះយេស៊ូបានបង្រៀនដល់ហ្វូងមនុស្ស។
៧ តាមពិត នេះគឺសមស្របនឹងការបញ្ជាក់ដែលយើងរកឃើញនៅឯម៉ាកុស ៦:៣៤។ ខនោះបង្ហាញយ៉ាងច្បាស់នូវរបៀបជាពិសេសដែលព្រះយេស៊ូបានត្រូវជំរុញ ដើម្បីសម្ដែងនូវសេចក្ដីអាណិតអាសូរ។ ទ្រង់បានបង្រៀនមនុស្ស ដោយធ្វើអ្វីៗតាមសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេ។ ពីមុនក្នុងកិច្ចបំរើរបស់ព្រះយេស៊ូ នោះទ្រង់បានមានបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក»។ (លូកា ៤:៤៣) ប៉ុន្តែ យើងនឹងយល់ខុសហើយ បើយើងគិតថាព្រះយេស៊ូបានប្រកាសសារព្រះរាជាណាចក្រដោយព្រោះតែជាកាតព្វកិច្ច ហាក់ដូចជាទ្រង់ធ្វើការផ្សព្វផ្សាយដែលទ្រង់ត្រូវតែធ្វើ ដោយគ្រាន់តែជាការគម្រប់នោះឡើយ។ មិនអ៊ីចឹងទេ តែជាសេចក្ដីមេត្ដាដ៏ស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស ជាចំណុចសំខាន់បំផុតដែលជំរុញទ្រង់ ឲ្យចែកប្រាប់នូវដំណឹងល្អដល់ពួកគេ។ សូម្បីតែចំពោះពួកមនុស្សឈឺ ឬអ្នកដែលបិសាចចូល ពួកក្រីក្រ ឬពួកស្រេកឃ្លានក៏ដោយ នោះការដ៏ល្អបំផុតដែលព្រះយេស៊ូអាចធ្វើទៅបាន គឺដើម្បីជួយគេឲ្យដឹង ទទួលព្រម និងស្រឡាញ់នូវសេចក្ដីពិតអំពីព្រះរាជាណាចក្រនៃព្រះ។ សេចក្ដីពិតនោះឯងជាសារៈសំខាន់បំផុត ដោយព្រោះមុខនាទីនៃព្រះរាជាណាចក្រនោះ នឹងធ្វើយុត្ដិកម្មដល់អធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ហើយការផ្ដល់នូវប្រសិទ្ធិពរជាអចិន្ត្រៃយ៍ឲ្យមនុស្សលោក។
៨. តើព្រះយេស៊ូមានអារម្មណ៍យ៉ាងណា អំពីការផ្សព្វផ្សាយនិងការបង្រៀនរបស់ទ្រង់?
៨ ការផ្សព្វផ្សាយដ៏សកម្មរបស់ព្រះយេស៊ូអំពីព្រះរាជាណាចក្រ គឺជាមូលហេតុដ៏សំខាន់មួយ ដែលទ្រង់បានយាងមកផែនដីនេះ។ ជិតទីបញ្ចប់នៃកិច្ចបំរើលើផែនដី នោះព្រះយេស៊ូមានបន្ទូលទៅលោកពីឡាត់ថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ»។ (យ៉ូហាន ១៨:៣៧) យើងបានកត់សម្គាល់ក្នុងអត្ថបទពីរមុននេះថា ព្រះយេស៊ូជាបុគ្គលដែលមានអារម្មណ៍ដ៏ថ្នាក់ថ្នម មើលថែរក្សា ស្រួលទាក់ទង យល់ចិត្តអ្នកដទៃ អាចទុកចិត្តបាន ហើយអ្វីដែលសំខាន់បំផុត គឺមានព្រះទ័យស្រឡាញ់។ យើងត្រូវតែយល់នូវបុគ្គលិកលក្ខណៈទាំងនោះរបស់ទ្រង់ បើយើងពិតជាចង់យល់នូវ«គំនិតជារបស់ផងព្រះគ្រីស្ទ»។ គឺសំខាន់ស្មើគ្នាដោយដឹងថា«គំនិតជារបស់ផងព្រះគ្រីស្ទ» រួមបញ្ចូលនូវអាទិភាព ដែលទ្រង់ចាត់ទុកចំពោះការផ្សព្វផ្សាយនិងកិច្ចការបង្រៀនរបស់ទ្រង់។
ទ្រង់ដាស់តឿនអ្នកដទៃឲ្យធ្វើបន្ទាល់
៩. តើកិច្ចការផ្សព្វផ្សាយនិងការបង្រៀនត្រូវទុកជាអាទិភាពសំរាប់អ្នកណាគេ?
៩ ដែលកិច្ចការផ្សព្វផ្សាយនិងការបង្រៀនបានចាត់ទុកជាអាទិភាព ជាការសម្ដែងនូវសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដា នោះមិនគ្រាន់តែចំពោះព្រះយេស៊ូប៉ុណ្ណោះទេ។ ទ្រង់បានដាស់តឿនពួកអ្នកកាន់តាមទ្រង់ ឲ្យធ្វើតាមគោលបំណង អាទិភាព និងសកម្មភាពរបស់ទ្រង់។ ជាឧទាហរណ៍ ក្រោយពីព្រះយេស៊ូបានជ្រើសរើសសាវ័ក១២នាក់របស់ទ្រង់ តើពួកគេនឹងត្រូវឲ្យធ្វើអ្វី? ម៉ាកុស ៣:១៤, ១៥ ចែងប្រាប់យើងថា៖ «រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង»។ តើអ្នកឃើញនូវអាទិភាពណាចំពោះពួកសាវ័កនោះទេ?
១០, ១១. (ក) នៅពេលបញ្ជូនពួកសាវ័កទៅ តើព្រះយេស៊ូបានមានបន្ទូលប្រាប់ឲ្យគេធ្វើអ្វី? (ខ) ស្តីអំពីការបញ្ជូនពួកសាវ័កទៅ តើអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងជាទីបំផុត?
១០ នៅក្រោយមក ព្រះយេស៊ូបានជួយពួកសាវ័ក១២នាក់នេះ ឲ្យចេះប្រោសអ្នកដទៃឲ្យជា ហើយឲ្យដេញអារក្សចេញផង។ (ម៉ាថាយ ១០:១; លូកា ៩:១) រួចមក នោះទ្រង់បញ្ជូនគេឲ្យធ្វើដំណើរទៅ«ឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ»។ តើដើម្បីធ្វើអ្វីទៅ? ព្រះយេស៊ូបានបង្គាប់គេថា៖ «ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ»។ (ម៉ាថាយ ១០:៥-៨; លូកា ៩:២) តាមពិតទៅ តើគេបានធ្វើអ្វី? «កាលពួកសិស្សបានចេញទៅ នោះគេ[១]ប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង [២]ក៏បណ្ដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ»។—ម៉ាកុស ៦:១២, ១៣
១១ ដោយព្រោះការបង្រៀន គឺមិនបានរៀបរាប់មុនដំបូងក្នុងករណីទាំងអស់ទេ តើការកត់សម្គាល់នូវលំដាប់ដូចខាងលើនេះ គឺចាត់ទុកហួសហេតុលើអាទិភាពឬបំណងចិត្តដែលទាក់ទងនោះឬ? (លូកា ១០:១-៩) យើងមិនគួរចាត់ទុកថានេះជាការមិនសំខាន់ទេ ដែលភាពញឹកញាប់នៃការបង្រៀនគឺបានរៀបរាប់មុននឹងការប្រោសឲ្យជានោះ។ ចូរពិចារណាមើលនូវបរិបទក្នុងករណីនេះ។ មុននឹងបញ្ជូនពួកសាវ័ក១២នាក់ទៅ នោះព្រះយេស៊ូបានត្រូវមានព្រះទ័យអាណិត ដល់ស្ថានភាពរបស់ហ្វូងមនុស្ស។ យើងអានថា៖ «ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគានឹងជរាពិការ ក្នុងពួកបណ្ដាជនឲ្យបានជា កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល បានជាទ្រង់មានបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។—ម៉ាថាយ ៩:៣៥-៣៨
១២. កិច្ចការអព្ភូតហេតុដែលព្រះយេស៊ូនិងពួកសាវ័កបានធ្វើ នោះអាចមានបំណងណាទៀតជាបន្ថែម?
១២ ដោយនៅជាមួយនឹងទ្រង់ នោះពួកសាវ័កអាចស្រូបយកខ្លះៗ នូវ«គំនិតជារបស់ផងព្រះគ្រីស្ទ»។ ពួកគេអាចដឹងថា ដែលគេមានចិត្តស្រឡាញ់និងមានចិត្តមេត្ដាដល់មនុស្ស ក៏រួមបញ្ចូលការផ្សព្វផ្សាយនិងការបង្រៀនអំពីព្រះរាជាណាចក្រ នោះហើយជាលក្ខណៈដ៏សំខាន់នៃកិច្ចការល្អរបស់គេ។ អ៊ីចឹងហើយ អំពើដ៏ល្អខាងសាច់ឈាម ដូចជាការប្រោសមនុស្សឈឺឲ្យជា នោះបានសម្រេចច្រើនទៀត មិនគ្រាន់តែជាការជួយមនុស្សក្រីក្រនោះឡើយ។ ដូចជាអ្នកអាចគិតស្មាន មនុស្សខ្លះបានត្រូវទាក់ទាញចិត្ត ដោយការប្រោសឲ្យជានិងការផ្ដល់ឲ្យអាហារដោយអព្ភូតហេតុនោះ។ (ម៉ាថាយ ៤:២៤, ២៥; ៨:១៦; ៩:៣២, ៣៣; ១៤:៣៥, ៣៦; យ៉ូហាន ៦:២៦) ប៉ុន្តែ ជាជាងជួយខាងរូបកាយ កិច្ចការទាំងនោះពិតជាបានជំរុញឲ្យពួកអ្នកសង្កេតទទួលស្គាល់ថា ព្រះយេស៊ូជាបុត្រារបស់ព្រះ និងជា«ព្យាការី» ដែលម៉ូសេបានទាយមកនោះ។—យ៉ូហាន ៦:១៤, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ចោទិយកថា ១៨:១៥
១៣. តើទំនាយនៅក្នុងចោទិយកថា ១៨:១៨ បានបញ្ជាក់មុខនាទីអ្វីសំរាប់«ព្យាការី»ដែលនឹងត្រូវយាងមកនោះ?
១៣ ហេតុអ្វីក៏ជាការសំខាន់ដែលព្រះយេស៊ូជា«ព្យាការី»នោះ? អ៊ីចឹង តើអ្វីទៅជាមុខនាទីដ៏សំខាន់ដែលបានទាយប្រាប់ចំពោះបុគ្គលនោះ? តើ«ព្យាការី»នោះត្រូវល្បីឈ្មោះដោយសារការប្រោសឲ្យជាដោយអព្ភូតហេតុ ឬដោយព្រោះមានចិត្តអាណិតបានធ្វើឲ្យមានអាហារសំរាប់ពួកអ្នកស្រេកឃ្លាននោះឬ? ចោទិយកថា ១៨:១៨ បានទាយថា៖ «អញនឹងបណ្ដាលឲ្យមាន[ព្យាការី]១កើតឡើងពីពួកបងប្អូនគេ សំរាប់គេ ឲ្យដូចឯង[ម៉ូសេ] ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់[ទ្រង់] អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្ដី ដែលអញនឹងបង្គាប់មក»។ កាលដែលពួកសាវ័កបានរៀនចេះហើយសម្ដែងនូវអារម្មណ៍ដ៏ថ្នាក់ថ្នម គេក៏អាចសន្និដ្ឋានថា«គំនិតជារបស់ផងព្រះគ្រីស្ទ» គឺនឹងត្រូវឃើញជាក់ស្តែងក្នុងការផ្សព្វផ្សាយនិងការបង្រៀនរបស់គេ។ នោះគឺជាអ្វីដ៏ល្អបំផុត ដែលគេអាចធ្វើសំរាប់មនុស្ស។ តាមរយៈនោះឯង ពួកមនុស្សឈឺនិងពួកអ្នកក្រីក្រអាចទទួលប្រយោជន៍ជាអចិន្ត្រៃយ៍ មិនគ្រាន់តែបានប្រយោជន៍ពីអាយុដ៏ខ្លីរបស់មនុស្សឬការទទួលអាហារពីរបីដងឡើយ។—យ៉ូហាន ៦:២៦-៣០
បណ្ដុះឲ្យមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»សព្វថ្ងៃនេះ
១៤. តើការមាន«គំនិតជារបស់ផងព្រះគ្រីស្ទ» នោះទាក់ទងនឹងកិច្ចផ្សព្វផ្សាយរបស់យើងយ៉ាងណា?
១៤ គ្មានយើងណាម្នាក់ដែលចាត់ទុក«គំនិតជារបស់ផងព្រះគ្រីស្ទ» ជារបស់ពិសេសតែនៅសតវត្សទីមួយប៉ុណ្ណោះទេ។ គឺមិនគិតថា សាវ័កប៉ុលបានសរសេរសំដៅទៅលើតែព្រះយេស៊ូនិងពួកសិស្សពីដើមរបស់ទ្រង់ទេ ដោយថា៖ «យើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ»។ (កូរិនថូសទី១ ២:១៦) ហើយយើងនឹងសារភាពយ៉ាងស្រួលថា យើងមានកាតព្វកិច្ចផ្សព្វផ្សាយដំណឹងល្អ ហើយនិងបង្កើតឲ្យមានពួកសិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ប៉ុន្តែ គឺជាការមានប្រយោជន៍ ក្នុងការសញ្ជឹងគិតលើបំណងចិត្តរបស់យើងផ្ទាល់ ក្នុងការធ្វើកិច្ចការនោះ។ គឺមិនគួរតែធ្វើឡើងដោយគិតថា ជាភារកិច្ចដែលត្រូវធ្វើនោះទេ។ ការស្រឡាញ់ព្រះគឺជាមូលហេតុសំខាន់ ដែលយើងចូលរួមក្នុងកិច្ចបំរើ ហើយការធ្វើឲ្យដូចព្រះយេស៊ូយ៉ាងប្រាកដប្រជា រួមបញ្ចូលការជំរុញដោយសេចក្ដីមេត្ដាឲ្យផ្សព្វផ្សាយនិងបង្រៀនគេ។—ម៉ាថាយ២២:៣៧-៣៩
១៥. ហេតុអ្វីក៏សេចក្ដីមេត្ដាជាផ្នែកដ៏សមរម្យនៃកិច្ចបំរើផ្សាយរបស់យើង?
១៥ ពិតមែនហើយ គឺមិនតែងតែស្រួលទេ ឲ្យមានចិត្តមេត្ដាដល់អ្នកដែលឥតមានជំនឿដូចយើង ជាពិសេសពេលដែលយើងជួបប្រទះភាពកន្តើយ ការជំទាស់ និងការប្រឆាំងនោះ។ ប៉ុន្តែ បើយើងបាត់បង់នូវសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាសំរាប់មនុស្ស នោះយើងអាចបាត់បង់នូវការជំរុញដ៏សំខាន់ចំពោះការចូលរួមក្នុងកិច្ចបំរើគ្រីស្ទាន។ បើអ៊ីចឹង តើតាមរបៀបណាដែលយើងអាចបណ្ដុះឲ្យមានសេចក្ដីមេត្ដា? យើងចង់យល់ចិត្តមនុស្សដូចជាទ្រង់បានទតឃើញគេនោះដែរ ដូចជា«ហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) តើនេះមុខជាពណ៌នានូវមនុស្សជាច្រើនសព្វថ្ងៃនេះមែនឬ? ពួកគេបានត្រូវគេធ្វើកន្តើយ ហើយបានធ្វើឲ្យខ្វាក់ខាងវិញ្ញាណ ដោយពួកគង្វាលពីសាសនាក្លែងក្លាយ។ ជាលទ្ធផល ពួកគេឥតដឹងអំពីការណែនាំល្អក្នុងព្រះគម្ពីរ ឬអំពីស្ថានភាពជាសួនមនោរម្យ ដែលព្រះរាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានលើផែនដីឆាប់ៗនេះទេ។ ពួកគេប្រឈមមុខនឹងបញ្ហាសព្វថ្ងៃនេះ រួមបញ្ចូលភាពក្រីក្រ ការបាក់បែកក្នុងគ្រួសារ ជម្ងឺ និងសេចក្ដីស្លាប់ ដោយឥតមានសេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រ។ យើងមានអ្វីដែលគេត្រូវការ គឺដំណឹងល្អដែលសង្គ្រោះជីវិត ស្តីអំពីសារព្រះរាជាណាចក្ររបស់ព្រះ ដែលឥឡូវបានស្ថាបនានៅស្ថានសួគ៌!
១៦. ហេតុអ្វីក៏យើងគួរចង់ចែកដំណឹងល្អដល់អ្នកដទៃ?
១៦ ដូច្នេះនៅពេលដែលអ្នកជញ្ជឹងគិតពីសេចក្ដីត្រូវការខាងវិញ្ញាណរបស់អ្នកដែលនៅជុំវិញអ្នក តើចិត្តរបស់អ្នកជំរុញឲ្យអ្នកធ្វើអស់ពីសមត្ថភាព ដើម្បីប្រាប់គេអំពីគោលបំណងរបស់ព្រះ ដែលប្រកបដោយសេចក្ដីស្រឡាញ់នោះឬទេ? ត្រូវហើយ កិច្ចការរបស់យើងគឺជាកិច្ចការដែលបង្ហាញសេចក្ដីមេត្ដា។ នៅពេលដែលយើងមានការយល់ចិត្តចំពោះមនុស្ស ដូចព្រះយេស៊ូដែរ នោះគឺនឹងឃើញជាក់ស្តែងតាមសម្លេង ទឹកមុខ និងរបៀបដែលយើងបង្រៀនដែរ។ ទាំងអស់នេះនឹងធ្វើឲ្យសាររបស់យើងកាន់តែឲ្យគេចូលចិត្តថែមទៀត ដល់អស់អ្នកដែល«ត្រូវបានជីវិតអស់កល្បជានិច្ច»។—កិច្ចការ ១៣:៤៨
១៧. (ក) តើតាមរបៀបណាខ្លះ ដែលយើងអាចសម្ដែងនូវសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដារបស់យើងដល់អ្នកដទៃ? (ខ) ហេតុអ្វីក៏មិនមែនជារឿងធ្វើល្អក៏បាន ឬក៏ចូលរួមក្នុងកិច្ចបំរើផ្សាយក៏បាន?
១៧ ប្រាកដហើយ សេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដារបស់យើង គួរលេចឲ្យឃើញតាមផ្លូវជីវិតទាំងមូលរបស់យើង។ នេះនឹងរួមបញ្ចូលឲ្យមានចិត្តល្អដល់ពួកដែលគ្មានអ្វីសោះ ពួកអ្នកឈឺ និងពួកអ្នកក្រីក្រ ដោយធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីសម្រាលនូវការរងទុក្ខរបស់គេ។ គឺទាក់ទងនឹងការខំប្រឹងរបស់យើងតាមរយៈពាក្យសំដីនិងអំពើ ដើម្បីយកចេញនូវទុក្ខសោកនៃអស់អ្នកដែលមានបងប្អូនដ៏ជាទីស្រឡាញ់ស្លាប់ទៅនោះ។ (លូកា ៧:១១-១៥; យ៉ូហាន ១១:៣៣-៣៥) ប៉ុន្តែការសម្ដែងនូវសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងសេចក្ដីមេត្ដា មិនត្រូវជាអ្វីដ៏សំខាន់បំផុតនៃកិច្ចការល្អរបស់យើង ដូចនឹងកិច្ចការមនុស្សធម៌ខ្លះនោះទេ។ អ្វីដែលមានសារៈសំខាន់ជាងនោះ គឺការខំប្រឹងដែលបានត្រូវជំរុញដោយគុណសម្បត្ដិរបស់ព្រះដែលស្រដៀងនេះដែរ តែបានបង្ហាញដោយការចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនិងការបង្រៀនរបស់ពួកគ្រីស្ទាន។ ចូរចាំនូវអ្វីដែលព្រះយេស៊ូបានមានបន្ទូលអំពីពួកមេដឹកនាំសាសនាយូដា គឺថា៖ «អ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង»។ (ម៉ាថាយ ២៣:២៣) ចំពោះព្រះយេស៊ូ គឺមិនមែនថាយកមួយនេះឬមួយនោះទេ ហើយក៏មិនមែនការជួយមនុស្សដែលត្រូវការជំនួយខាងសាច់ឈាម ឬក៏បង្រៀនគេអំពីរឿងខាងវិញ្ញាណដែលផ្ដល់ជីវិតនោះទេ។ ព្រះយេស៊ូបានធ្វើទាំងពីរ។ ប៉ុន្តែ គឺឃើញច្បាស់ថា កិច្ចការបង្រៀនរបស់ទ្រង់គឺសំខាន់ជាងគេ ពីព្រោះការល្អដែលទ្រង់បានសម្រេច អាចជួយអស់កល្បជានិច្ច។—យ៉ូហាន ២០:១៦
១៨. តើការពិនិត្យមើល«គំនិតជារបស់ផងព្រះគ្រីស្ទ» គួរតែជំរុញយើងឲ្យធ្វើអ្វី?
១៨ យើងមានអំណរយ៉ាងណាទៅហ្ន៎ ដែលព្រះយេហូវ៉ាបានលាតត្រដាង«គំនិតជារបស់ផងព្រះគ្រីស្ទ»ដល់យើងនោះ! តាមរយៈសៀវភៅដំណឹងល្អ យើងអាចដឹងបានច្បាស់ជាងនូវគំនិត អារម្មណ៍ គុណសម្បត្ដិ សកម្មភាព និងអាទិភាពនៃបុរសម្នាក់ដ៏ឧត្តមបំផុតដែលធ្លាប់មានព្រះជន្មរស់នៅ។ គឺស្រេចលើយើងដើម្បីឲ្យអាន រំពឹងគិត និងអនុវត្តតាមអ្វីដែលព្រះគម្ពីរលាតត្រដាងប្រាប់អំពីព្រះយេស៊ូ។ ចូរចាំថា បើយើងពិតជាចង់ប្រព្រឹត្តដូចព្រះយេស៊ូ មុនដំបូងយើងត្រូវតែរៀនឲ្យចេះគិត ឲ្យមានអារម្មណ៍ ហើយប្រមាណមើលរឿងដូចទ្រង់បានធ្វើ ឲ្យអស់ពីសមត្ថភាពរបស់យើងជាមនុស្សឥតគ្រប់ល័ក្ខណ៍។ បើអ៊ីចឹងសូមឲ្យយើងប្ដេជ្ញាចិត្ត ដើម្បីបណ្ដុះនិងសម្ដែងនូវ«គំនិតជារបស់ផងព្រះគ្រីស្ទ»។ គ្មានរបៀបរស់នៅដ៏ប្រសើរជាង និងក៏គ្មានរបៀបប្រព្រឹត្តនឹងអ្នកដទៃដ៏ប្រសើរជាង ហើយគ្មានផ្លូវណាប្រសើរជាងទេ ឲ្យយើងនិងអ្នកដទៃមកជិតព្រះ ដែលទ្រង់បានសម្ដែងឲ្យឃើញដូចបេះបិទនឹងព្រះដ៏កំសាន្តចិត្ត គឺព្រះយេហូវ៉ា។—កូរិនថូសទី២ ១:៣; ហេព្រើរ ១:៣
តើអ្នកនឹងតបឆ្លើយយ៉ាងណា?
• តើព្រះគម្ពីរផ្ដល់នូវការយល់ធ្លុះជ្រៅអ្វី ស្តីអំពីរបៀបដែលព្រះយេស៊ូច្រើនតែបានប្រព្រឹត្តនឹងសេចក្ដីត្រូវការរបស់មនុស្ស?
• តើព្រះយេស៊ូបានបញ្ជាក់អ្វីក្នុងការដឹកនាំពួកអ្នកកាន់តាមទ្រង់នោះ?
• តើតាមរបៀបណាដែលយើងអាចសម្ដែង«គំនិតជារបស់ផងព្រះគ្រីស្ទ»ក្នុងសកម្មភាពរបស់យើងនោះ?