ពួកអ្នកប្រយុទ្ធជាមួយព្រះនឹងមិនឈ្នះឡើយ!
«គេនឹងតនឹងឯងតែមិនឈ្នះឯងឡើយ»។—យេរេមា ១:១៩
១. តើមុខងារអ្វីដែលយេរេមាបានទទួល ហើយតើកិច្ចការរបស់គាត់បានបន្តយូរប៉ុន្មានទៅ?
ព្រះយេហូវ៉ាបានប្រគល់មុខងារឲ្យយុវជនយេរេមា ធ្វើជាព្យាការីម្នាក់ដល់អស់ទាំងសាសន៍។ (យេរេមា ១:៥) នេះបានកើតឡើងក្នុងកំឡុងការសោយរាជ្យរបស់ស្តេចដ៏ល្អមួយអង្គ ព្រះនាមយ៉ូសៀសនៃស្រុកយូដា។ កិច្ចបំរើខាងទំនាយរបស់យេរេមា បានបន្តក្នុងកំឡុងដ៏ចលាចលមុននឹងពួកបាប៊ីឡូនបានច្បាំងដណ្ដើមយកទីក្រុងយេរូសាឡិម ហើយយករាស្ត្ររបស់ព្រះធ្វើជានិរទេសជន។—យេរេមា ១:១-៣
២. តើព្រះយេហូវ៉ាបានពង្រឹងកម្លាំងយេរេមាតាមរបៀបណា ហើយតើការវាយប្រឆាំងនឹងព្យាការីនេះបានមានន័យអ្វី?
២ សារជំនុំជំរះដែលយេរេមាបានប្រកាស ប្រាកដជានឹងនាំឲ្យមានការជំទាស់ប្រឆាំងមិនខាន។ ដូច្នេះ ព្រះបានពង្រឹងគាត់ចំពោះអ្វីដែលមាននៅខាងមុខ។ (យេរេមា ១:៨-១០) ជាឧទាហរណ៍ ទឹកចិត្តរបស់ព្យាការីនេះបានធ្វើឲ្យមាំឡើងដោយពាក្យដូចនេះថា៖ «គេនឹងតនឹងឯងតែមិនឈ្នះឯងឡើយ ដ្បិត‹អញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (យេរេមា ១:១៩) ការវាយប្រឆាំងជាមួយយេរេមា នឹងមានន័យថាវាយប្រឆាំងនឹងព្រះដែរ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាមានពួកអ្នកបំរើមួយក្រុម ដែលមានសភាពដូចជាព្យាការី ដែលមានកិច្ចការស្រដៀងនឹងកិច្ចការរបស់យេរេមាដែរ។ ដូចគាត់ នោះពួកគេប្រកាសដោយអង់អាចនូវពាក្យទំនាយរបស់ព្រះ។ ហើយសារនេះមានអានុភាពលើមនុស្សម្នាក់ៗនិងអស់ទាំងសាសន៍ ឲ្យបានប្រយោជន៍ឬក៏ផលអាក្រក់ ស្រេចទៅលើអំពើដែលគេតបនឹងសារនោះ។ ដូចនៅសម័យរបស់យេរេមា គឺមានអ្នកដែលវាយប្រឆាំងព្រះ ដោយជំទាស់នឹងពួកអ្នកបំរើរបស់ទ្រង់និងសកម្មភាពរបស់គេដែលព្រះបានប្រគល់ឲ្យធ្វើនោះ។
ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាត្រូវគេពាធា
៣. ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានត្រូវគេពាធាអ៊ីចឹង?
៣ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវគេពាធា តាំងពីដើមសតវត្សទី២០មកម្ល៉េះ។ នៅប្រទេសជាច្រើន មនុស្សដែលមានបំណងចិត្តអាក្រក់បានខំប្រឹងដើម្បីរារាំង ក៏ចង់ធ្វើឲ្យស្ងាត់ដល់ការប្រកាសដំណឹងល្អជាសារព្រះរាជាណាចក្រនៃព្រះ។ ពួកគេបានត្រូវជំរុញដោយមេសត្រូវរបស់យើង គឺអារក្ស ដែល«តែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ (ពេត្រុសទី១ ៥:៨) ក្រោយពី«គ្រារបស់សាសន៍ដទៃ»បានចប់នៅឆ្នាំ១៩១៤ ព្រះបានតម្កើងបុត្រារបស់ទ្រង់ ជាស្តេចថ្មីរបស់ផែនដី ដោយបង្គាប់ថា៖ ‹ចូរទៅគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវរបស់ឯង›។ (លូកា ២១:២៤; ទំនុកដំកើង ១១០:២) ដោយប្រើអំណាចរបស់ទ្រង់ នោះព្រះយេស៊ូបានទម្លាក់សាតាំងចេញពីស្ថានសួគ៌ ហើយបានឃុំឃាំងវាក្នុងវិស័យផែនដី។ ដោយដឹងថា ពេលវេលាវាខ្លីហើយ នោះអារក្សបញ្ចេញកំហឹងរបស់វាមកលើពួកគ្រីស្ទានចាក់ប្រេងតាំង និងពួកគូកនរបស់គេ។ (វិវរណៈ ១២:៩, ១៧) តើបានមានលទ្ធផលយ៉ាងណាពីការពាធាម្ដងហើយម្ដងទៀត ពីពួកអ្នកប្រឆាំងទាំងនេះដែលទាស់នឹងព្រះនោះ?
៤. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានពិសោធនូវការពិបាកអ្វីខ្លះ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ប៉ុន្តែតើមានអ្វីកើតឡើងក្នុងឆ្នាំ១៩១៩ និងឆ្នាំ១៩២២?
៤ ពួកអ្នកបំរើចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា បានប្រឈមមុខការសាកល្បងជំនឿរបស់គេ ក្នុងកំឡុងសង្គ្រាមលោកលើកទី១។ ពួកគេបានត្រូវគេមើលងាយនិងបានត្រូវគេនិយាយបង្កាច់ បានត្រូវដេញចេញដោយហ្វូងមនុស្សឥតសណ្ដាប់ធ្នាប់ និងបានត្រូវគេវាយផង។ ដូចជាព្រះយេស៊ូបានទាយមក ពួកគេបានទៅជា‹អ្វីដែលគ្រប់ទាំងសាសន៍ស្អប់›។ (ម៉ាថាយ ២៤:៩) នៅកណ្ដាលការរំជួលចិត្តយ៉ាងខ្លាំងដោយសង្គ្រាម នោះពួកសត្រូវនៃព្រះរាជាណាចក្ររបស់ព្រះ បានប្រើកលល្បិចមួយដែលធ្លាប់ប្រើទាស់នឹងព្រះយេស៊ូគ្រីស្ទ។ គេបានចោទយ៉ាងខុសថា រាស្ត្ររបស់ព្រះយេហូវ៉ាជាអ្នកនាំមុខការបំបះបំបោរ ហើយពួកគេបានតតាំងនឹងអ្វីដ៏សំខាន់បំផុតនៃអង្គការដ៏មើលឃើញរបស់ព្រះយេហូវ៉ាតែម្ដង។ នៅខែឧសភា ឆ្នាំ១៩១៨ ដីកានៃសហព័ន្ធបានត្រូវចេញឲ្យចាប់ប្រធានសមាគមប៉មយាម យ៉ូសែប រ៉ូធើហ្វឺត និងគូកនដ៏ជិតស្និទ្ធប្រាំពីរនាក់ទៀត។ ពួកបុរសប្រាំបីនាក់នេះបានជាប់ទោសដ៏ធ្ងន់ ហើយបានត្រូវបញ្ជូនទៅពន្ធនាគារសហព័ន្ធនៅទីក្រុងអាត់ឡានថា រដ្ឋហ្សកហ្សី ស.រ.អ.។ ពួកគេបានត្រូវដោះលែងប្រាំបួនខែក្រោយមក។ នៅខែឧសភា ឆ្នាំ១៩១៩ សាលាឧទ្ធរណ៍បានសម្រេចថា គឺមិនបានកាត់ក្ដីពួកចុងចោទដោយឥតលំអៀងទេ ហើយដូច្នេះសេចក្ដីវិនិច្ឆ័យនោះក៏ចាត់ទុកជាមោឃៈ។ ក្ដីនេះបានបញ្ជូនត្រឡប់ទៅវិញឲ្យមានសេចក្ដីវិនិច្ឆ័យថ្មី ប៉ុន្តែក្រោយមករដ្ឋាភិបាលបានដកបណ្ដឹងនេះចេញវិញ ហើយបងប្រុសរ៉ូធើហ្វឺត និងគូកនរបស់គាត់បានរួចពីទោសទាំងស្រុង។ ពួកគេបានចាប់ផ្ដើមកិច្ចការរបស់គេម្ដងទៀត ហើយក៏មានមហាសន្និបាតនៅឯស៊ីដាផូញ រដ្ឋអូហៃយ៉ូ នៅឆ្នាំ១៩១៩ និងឆ្នាំ១៩២២ ដែលបានផ្ដល់ឲ្យកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រមានសម្ទុះជាថ្មី។
៥. តើស្មរបន្ទាល់ព្រះយេហូវ៉ាមានស្ថានភាពបែបណា ក្រោមរបបណាត្ស៊ីនៅឯប្រទេសអាល្លឺម៉ង់?
៥ ក្នុងកំឡុងទសវត្សនៃឆ្នាំ១៩៣០ នោះមានអ្នកប្រើអំណាចផ្ដាច់ការលេចខ្លួនមក ហើយប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងប្រទេសជប៉ុនបានរួបរួមគ្នា ដើម្បីបង្កើតអំណាចដែលរួមដោយសម្ព័ន្ធមិត្តទាំងបី។ នៅដើមទសវត្សនោះ មានការបៀតបៀនយ៉ាងឃោរឃៅលើរាស្ត្ររបស់ព្រះ ជាពិសេសក្រោមរបបណាត្ស៊ីនៅឯប្រទេសអាល្លឺម៉ង់។ បម្រាមបានស្ថាបនាឡើង។ ផ្ទះសម្បែងបានត្រូវគេឆែកឆេរ ហើយពួកនៅក្នុងផ្ទះទាំងនោះបានត្រូវចាប់ដាក់គុក។ ច្រើនពាន់នាក់បានត្រូវចូលក្នុងជំរុំឃុំឃាំង ពីព្រោះពួកគេបានបដិសេធមិនព្រមបោះបង់ចោលនូវជំនឿរបស់គេ។ ការប្រយុទ្ធទាស់នឹងព្រះហើយរាស្ត្រទ្រង់ គឺបានមានបំណងកំទេចចោលស្មរបន្ទាល់ព្រះយេហូវ៉ា ក្នុងតំបន់នៃលទ្ធិផ្ដាច់ការនោះ។a នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានចូលទៅដល់តុលាការក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីតយុទ្ធរកសិទ្ធិរបស់គេ នោះក្រសួងយុត្ដិធម៌នៃចក្រភពនេះ បានរៀបចំមតិយ៉ាងវែងមួយ ដើម្បីធ្វើឲ្យប្រាកដថាពួកគេនឹងមិនបានជោគជ័យទេ។ គឺបានចែងថា៖ «តុលាការមិនត្រូវចាញ់គេដោយព្រោះតែអ្វីដែលមើលទៅដូចជាទម្រង់ការតាមច្បាប់ ប៉ុន្តែត្រូវតែស្វែងរកផ្លូវដើម្បីបំពេញនូវភារកិច្ចដ៏សំខាន់របស់គេ ទោះជាមានការពិបាកខាងផ្លូវការនេះក៏ដោយ»។ នេះបានសេចក្ដីថា គឺមិនអាចមានយុត្ដិធម៌នោះឡើយ។ របបណាត្ស៊ីបានអះអាងថា សកម្មភាពរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាជាការផ្ចាញ់ផ្ចាល ឬការប្រឆាំង ហើយ‹បានរំខានដល់ការស្ថាបនានូវរបបសង្គមនិយមជាតិ›។
៦. តើមានការខំប្រឹងណាខ្លះ ដើម្បីបញ្ឈប់កិច្ចការរបស់យើងក្នុងកំឡុងសង្គ្រាមលោកលើកទី២និងគ្រាក្រោយនោះមក?
៦ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ បម្រាមនិងល័ក្ខខ័ណ្ឌបានដាក់មកលើរាស្ត្ររបស់ព្រះ នៅឯប្រទេសអូស្ដ្រាលី ប្រទេសកាណាដា និងប្រទេសផ្សេងៗទៀតដែលបានសម្គាល់ខ្លួនជាប្រទេសគោរពសិទ្ធិអំណាចនៃប្រទេសអង់គ្លេស ដូចជានៅឯទ្វីបអាហ្វ្រិក អាស៊ី និងបណ្ដាកោះនៅឯសមុទ្រការ៉ាអ៊ីប និងសមុទ្រប៉ាស៊ីភិច។ នៅសហរដ្ឋអាមេរិក នោះពួកសត្រូវដែលមានអំណាចនិងមនុស្សដែលបានយល់ច្រលំ បាននាំឲ្យមាន«ការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់»។ (ទំនុកដំកើង ៩៤:២០) ប៉ុន្តែរឿងខាងការគោរពទង់ជាតិ និងបញ្ញត្ដិក្នុងសហគមន៍ដែលហាមឃាត់មិនឲ្យមានការផ្សាយពីផ្ទះមួយទៅផ្ទះមួយ បានត្រូវយកទៅប្ដឹងនៅឯតុលាការ ហើយសេចក្ដីសម្រេចដ៏វិជ្ជមាននៅសហរដ្ឋអាមេរិក បានស្ថាបនានូវមូលដ្ឋានដ៏មាំមួនដើម្បីគាំទ្រសេរីភាពខាងការថ្វាយបង្គំ។ ដោយជំនួយពីព្រះយេហូវ៉ា ការខំប្រឹងរបស់សត្រូវនោះឥតបានជោគជ័យឡើយ។ នៅពេលដែលសង្គ្រាមបានចប់នៅទ្វីបអឺរ៉ុប នោះបម្រាមទាំងឡាយបានត្រូវដកចេញ។ ស្មរបន្ទាល់ជាច្រើនពាន់នាក់ដែលបានជាប់នៅក្នុងជំរុំឃុំឃាំងបានដោះលែង ប៉ុន្តែការប្រយុទ្ធមិនទាន់ចប់នោះទេ។ មួយរំពេចក្រោយពីសង្គ្រាមលោកលើកទី២ នោះក៏មានសង្គ្រាមត្រជាក់។ ប្រទេសជាច្រើននៅទ្វីបអឺរ៉ុបខាងកើត បានបង្ខិតបង្ខំថែមទៀតលើរាស្ត្ររបស់ព្រះយេហូវ៉ា។ គេបានចាត់ចែងតាមផ្លូវការដើម្បីរំខានឬក៏បញ្ឈប់សកម្មភាពនៃការធ្វើបន្ទាល់របស់យើង ដើម្បីបង្អាក់ការដឹកជញ្ជូនប្រកាសនវត្ថុព្រះគម្ពីរ និងដើម្បីជាន់ពន្លត់នូវសន្និបាតសាធារណៈរបស់យើង។ បងប្អូនជាច្រើននាក់បានត្រូវជាប់គុក ឬក៏បានត្រូវគេបញ្ជូនទៅជំរុំដើម្បីបង្ខំឲ្យធ្វើពលកម្ម។
ចូរបន្តធ្វើកិច្ចការផ្សព្វផ្សាយចុះ!
៧. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានពិសោធអ្វីខ្លះនៅឯប្រទេសប៉ូឡូញ ប្រទេសរុស្ស៊ី និងប្រទេសផ្សេងៗក្នុងឆ្នាំថ្មីៗនេះ?
៧ កាលដែលទសវត្សជាច្រើនបានកន្លងទៅ នោះកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្របានត្រូវបើកឡើង។ ប៉ុន្តែប្រទេសប៉ូឡូញ ទោះជានៅក្រោមការគ្រប់គ្រងនៃរបបសង្គមនិយមក៏ដោយ ក៏បានអនុញ្ញាតឲ្យមានមហាសន្និបាតមួយថ្ងៃដែរនៅឆ្នាំ១៩៨២។ មហាសន្និបាតអន្តរជាតិក៏បានធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៩៨៥។ ហើយនៅឆ្នាំ១៩៨៩ នោះមានមហាសន្និបាតអន្តរជាតិដ៏ធំៗដែលមានជាបន្ត ដោយមានមនុស្សរាប់ពាន់នាក់មកពីប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។ នៅឆ្នាំនោះឯងប្រទេសហុងគ្រីនិងប្រទេសប៉ូឡូញ បានទទួលស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាតាមច្បាប់។ នៅរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៨៩ នោះកំផែងទីក្រុងបឺលិនបានត្រូវរំលំ។ ប៉ុន្មានខែក្រោយមក យើងបានត្រូវគេទទួលស្គាល់តាមច្បាប់នៅប្រទេសអាល្លឺម៉ង់ខាងកើត ហើយមិនយូរក្រោយមក ក៏មានមហាសន្និបាតអន្តរជាតិនៅក្នុងទីក្រុងបឺលិន។ ហើយនៅដើមទសវត្សចុងបញ្ចប់នៃសតវត្សទី២០នេះ គឺមានការខំប្រឹងដើម្បីជួបបងប្អូននៅក្នុងប្រទេសរុស្ស៊ី។ ពួកគេបានទៅជួបមន្ត្រីខ្លះនៅទីក្រុងម៉ូស្គូ ហើយនៅឆ្នាំ១៩៩១ គេបានព្រមចុះឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ាតាមច្បាប់។ តាំងពីពេលនោះមក កិច្ចការបានរីកចំរើនយ៉ាងអស្ចារ្យក្នុងប្រទេសរុស្ស៊ី និងនៅឯសាធារណៈរដ្ឋផ្សេងៗ ដែលជាផ្នែកនៃអតីតសហភាពសូវៀត។
៨. តើបានមានអ្វីកើតឡើងដល់រាស្ត្ររបស់ព្រះយេហូវ៉ា ក្នុង៤៥ឆ្នាំក្រោយពីសង្គ្រាមលោកលើកទីពីរបានចប់ទៅនោះ?
៨ ថ្វីបើការបៀតបៀនបានត្រូវកាត់បន្ថយនៅកន្លែងខ្លះៗក៏ដោយ តែក៏មានកាន់តែច្រើនឡើងក្នុងកន្លែងឯទៀតដែរ។ ក្នុងកំឡុង៤៥ឆ្នាំក្រោយពីសង្គ្រាមលោកលើកទីពីរចប់ នោះប្រទេសជាច្រើនបានបដិសេធមិនព្រមទទួលស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាតាមច្បាប់ទេ។ បន្ថែមទៀតនោះ បម្រាមបានដាក់លើយើងឬក៏លើសកម្មភាពរបស់យើងក្នុង២៣ប្រទេសនៅឯទ្វីបអាហ្វ្រិក ក្នុង៩ប្រទេសនៅទ្វីបអាស៊ី ក្នុង៨ប្រទេសនៅទ្វីបអឺរ៉ុប ក្នុង៣ប្រទេសនៅឯទ្វីបអាមេរិកខាងត្បូង និងនៅ៤ប្រទេសផ្សេងៗជាកោះ។
៩. តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានឆ្លងកាត់អ្វីខ្លះក្នុងប្រទេសម៉ាឡាវី?
៩ ស្មរបន្ទាល់ព្រះយេហូវ៉ានៅឯប្រទេសម៉ាឡាវី បានពិសោធនូវការបៀតបៀនយ៉ាងសាហាវ ដែលចាប់ផ្ដើមក្នុងឆ្នាំ១៩៦៧។ ពួកអ្នកជឿគ្នីគ្នារបស់យើងនៅទីនោះ មិនព្រមទិញប័ណ្ណគណបក្សខាងនយោបាយណាមួយឡើយ ដោយសារជំហរអព្យាក្រឹតរបស់គេជាពួកគ្រីស្ទានពិត។ (យ៉ូហាន ១៧:១៦) ក្រោយពីគណបក្សសមាជប្រទេសម៉ាឡាវីមានកិច្ចប្រជុំមួយនៅឆ្នាំ១៩៧២ នោះក៏កើតមានអំពើឃោរឃៅជាថ្មីឡើងវិញ។ បងប្អូនរបស់យើងបានត្រូវដេញចេញពីផ្ទះរបស់គេ ហើយក៏មិនអាចទទួលការងារធ្វើទេ។ បងប្អូនជាច្រើនពាន់នាក់បានរត់ចេញពីប្រទេសនេះ ដើម្បីជៀសវាងកុំឲ្យគេសម្លាប់ចោល។ ប៉ុន្តែ តើពួកអ្នកប្រឆាំងនឹងព្រះហើយរាស្ត្ររបស់ទ្រង់បានជោគជ័យឬទេ? មិនបានជោគជ័យសោះ! ដោយកាលៈទេសៈបានផ្លាស់ប្ដូរវិញ នោះចំនួនអ្នកផ្សាយសារព្រះរាជាណាចក្របានឡើងដល់កំពូលគឺមាន៤៣.៧៦៧នាក់ ដែលបានត្រូវរាយការណ៍នៅប្រទេសម៉ាឡាវីក្នុងឆ្នាំ១៩៩៩ ហើយមានជាង១២០.០០០នាក់បានទៅឯមហាសន្និបាតនានានៅទីនោះ។ ការិយាល័យសាខាថ្មីបានត្រូវសាងសង់នៅក្នុងរដ្ឋធានីនោះ។
ពួកគេរកមើលកំហុស
១០. ដូចនឹងករណីរបស់ដានីយ៉ែល តើពួកអ្នកប្រឆាំងនឹងរាស្ត្ររបស់ព្រះ បានធ្វើអ្វីនៅសម័យនេះ?
១០ ពួកអ្នកក្បត់ជំនឿ បព្វជិតនិងពួកឯទៀតមិនអាចទ្រាំនឹងសាររបស់យើងពីបន្ទូលរបស់ព្រះទេ។ ដោយមានការបង្ខិតបង្ខំពីវិស័យខាងសាសនាក្នុងពិភពគ្រីស្ទសាសនា នោះពួកអ្នកប្រឆាំងខំរកផ្លូវដែលគេអះអាងថា គឺសមស្របតាមច្បាប់ ដើម្បីបង្ហាញនូវការសមហេតុសមផលនៃការប្រយុទ្ធរបស់គេទាស់នឹងយើង។ តើមានកលល្បិចណាខ្លះដែលជួនកាលបានត្រូវប្រើនោះ? បើអ៊ីចឹង តើពួករួមគំនិតបានប្រព្រឹត្តអំពើទុច្ចរិតធ្វើអ្វី ក្នុងការទាស់នឹងព្យាការីដានីយ៉ែលនោះ? នៅដានីយ៉ែល ៦:៤, ៥ យើងអានថា៖ «ពួកអធិបតី នឹងពួកចៅហ្វាយក៏ស្វែងរកហេតុ ពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា៖ ‹យើងនឹងរក ឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រិត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ›»។ សព្វថ្ងៃនេះ ពួកអ្នកប្រឆាំងក៏ខំរកកំហុសដូច្នេះដែរ។ ពួកគេស្រែកប្រាប់ថាជា«និកាយដ៏គ្រោះថ្នាក់» ហើយខំដាក់ឈ្មោះនេះនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ ដោយក្លែងធ្វើឲ្យខុសពីការពិត គឺតាមសំដីបញ្ឆិតបញ្ឆៀង និងពាក្យកុហក នោះពួកគេពាធាការថ្វាយបង្គំរបស់យើង និងការកាន់ខ្ជាប់របស់យើងស្តីអំពីគោលការណ៍របស់ព្រះ។
១១. តើមានការអះអាងដ៏ខុសណាខ្លះ ដែលធ្វើឡើងដោយពួកអ្នកប្រឆាំងខ្លះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានោះ?
១១ នៅក្នុងប្រទេសខ្លះ នោះវិស័យខាងសាសនានិងនយោបាយ បដិសេធមិនទទួលស្គាល់ថាយើងប្រព្រឹត្តជា«សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះ»។ (យ៉ាកុប ១:២៧) ទោះជាសកម្មភាពរបស់យើងជាគ្រីស្ទានមាននៅ២៣៤ប្រទេសក៏ដោយ ក៏ពួកប្រឆាំងអះអាងថា យើងមិនមែនជា«សាសនាដែលគេស្គាល់»ទេ។ នៅបន្ដិចមុនមហាសន្និបាតអន្តរជាតិមួយនៅឆ្នាំ១៩៩៨ នោះកាសែតមួយនៅទីក្រុងអាថែន បានសម្រង់ពាក្យរបស់បព្វជិតសាសនាក្រិកអូធូដុក្សថា «[ស្មរបន្ទាល់ព្រះយេហូវ៉ា]មិនមែនជា‹សាសនាដែលគេស្គាល់›ទេ» ទោះជាតុលាការអឺរ៉ុបខាងសិទ្ធិមនុស្សបានកាត់ក្ដីផ្ទុយពីនោះក៏ដោយ។ ប៉ុន្មានថ្ងៃក្រោយមក កាសែតមួយទៀតក្នុងទីក្រុងដដែលនេះ បានស្រង់ពាក្យអ្នកនាំសាររបស់សាសនាគេ ដោយចែងថា៖ «[ស្មរបន្ទាល់ព្រះយេហូវ៉ា]មិនអាចជា‹ក្រុមជំនុំគ្រីស្ទានមួយ›បានឡើយ ពីព្រោះពួកគេឥតមានទាក់ទងនឹងជំនឿគ្រីស្ទានទៅលើបុគ្គលមួយអង្គដ៏ជាព្រះយេស៊ូគ្រីស្ទនោះទេ»។ នេះជាការអស្ចារ្យមែន ដ្បិតគ្មានក្រុមសាសនាណាទៀត ដែលដៅបញ្ជាក់លើការយកតម្រាប់តាមព្រះយេស៊ូ ជាងស្មរបន្ទាល់ព្រះយេហូវ៉ានោះទេ!
១២. ក្នុងការធ្វើសង្គ្រាមខាងវិញ្ញាណ តើយើងត្រូវតែធ្វើអ្វី?
១២ យើងខំរកការពារនិងស្ថាបនានូវដំណឹងល្អតាមរយៈច្បាប់។ (ភីលីព ១:៧) ម្យ៉ាងវិញទៀត យើងនឹងមិនធ្វើឲ្យខូចដល់ការកាន់ខ្ជាប់នឹងខ្នាតតម្រារបស់ព្រះខាងឯសេចក្ដីសុចរិតទេ។ (ទីតុស ២:១០, ១២) ដូចយេរេមា យើង‹ក្រវាត់ចង្កេះរបស់យើង និងប្រាប់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់យើង› ដោយមិនអនុញ្ញាតឲ្យពួកអ្នកប្រយុទ្ធទាស់នឹងព្រះ ធ្វើឲ្យយើងស្រយុតចិត្តឡើយ។ (យេរេមា ១:១៧, ១៨) បន្ទូលដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ា បានសម្គាល់យ៉ាងច្បាស់នូវផ្លូវត្រឹមត្រូវ ដែលយើងត្រូវដើរតាមនោះ។ យើងមិនចង់ពឹងពាក់សោះ លើ«ដៃខាងសាច់ឈាម»ដ៏ខ្សោយ ឬក៏រក«ការជ្រកកោន ក្រោមម្លប់ស្រុកអេស៊ីព្ទ» ដែលជាលោកីយ៍នេះ។ (របាក្សត្រទី២ ៣២:៨; អេសាយ ៣០:៣; ៣១:១-៣) ក្នុងការធ្វើសង្គ្រាមខាងវិញ្ញាណ យើងត្រូវតែបន្តទុកចិត្តលើព្រះយេហូវ៉ាឲ្យអស់ពីចិត្តរបស់យើង ដោយអនុញ្ញាតឲ្យទ្រង់តម្រង់ផ្លូវរបស់យើង ហើយមិនពឹងលើការយល់របស់ខ្លួនទេ។ (សុភាសិត ៣:៥-៧) បើយើងឥតមានការគាំទ្រពីព្រះយេហូវ៉ា ហើយទ្រង់ផ្ទាល់មិនការពារយើង នោះកិច្ចការរបស់យើងនឹង«ជាឥតប្រយោជន៍ទេ»។—ទំនុកដំកើង ១២៧:១
បានត្រូវបៀតបៀន ក៏ប៉ុន្តែមិនចុះចាញ់ឡើយ
១៣. ហេតុអ្វីក៏អាចនិយាយថា ការប្រយុទ្ធរបស់សាតាំងប្រឆាំងនឹងព្រះយេស៊ូ បានទទួលបរាជ័យនោះ?
១៣ គំរូដ៏សំខាន់ជាងគេបំផុតស្តីអំពីភក្ដីភាពដ៏ឥតចេះណាយនៅចំពោះព្រះយេហូវ៉ា នោះគឺព្រះយេស៊ូ ដែលបានត្រូវគេចោទយ៉ាងខុសថា ទ្រង់នាំមុខគេឲ្យបំបះបំបោរនិងរំខានដល់ច្បាប់ដែលបានស្ថាបនា។ ក្រោយពីពិនិត្យមើលនូវករណីរបស់ព្រះយេស៊ូ នោះពីឡាត់បានសុខចិត្តលែងទ្រង់ទៅ។ ប៉ុន្តែបណ្ដាហ្វូងមនុស្ស ដោយបានត្រូវជំរុញដោយពួកមេដឹកនាំសាសនា នោះបានស្រែកឲ្យព្យួរព្រះយេស៊ូ ទោះជាទ្រង់គ្មានទោសក៏ដោយ។ ជំនួសទ្រង់ នោះគេបានសុំឲ្យដោះលែងបារ៉ាបាសចេញ ជាបុរសដែលបានជាប់គុកដោយការនាំមុខបំបះបំបោរនិងឃាតកម្ម! ម្ដងនេះទៀត ពីឡាត់ខំឃាត់ពួកប្រឆាំងដ៏ឥតសមហេតុផលនេះ ប៉ុន្តែនៅទីបំផុត លោកបានចុះចាញ់ដោយធ្វើតាមសម្រែកតវ៉ាសាធារណៈ។ (លូកា ២៣:២, ៥, ១៤, ១៨-២៥) ទោះជាព្រះយេស៊ូបានសោយទិវង្គតលើបង្គោលឈើក៏ដោយ តែការប្រយុទ្ធដ៏អាក្រក់នេះលើបុត្រារបស់ព្រះបានទទួលបរាជ័យទាំងស្រុង ដ្បិតព្រះយេហូវ៉ាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ហើយបានតម្កើងទ្រង់ឲ្យនៅខាងស្ដាំព្រះហស្តរបស់ទ្រង់ផ្ទាល់។ ហើយតាមរយៈព្រះយេស៊ូដ៏មានសិរីរុងរឿងនេះ នោះវិញ្ញាណបរិសុទ្ធបានត្រូវចាក់មកនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. ហើយក៏បានស្ថាបនាឡើងនូវក្រុមជំនុំគ្រីស្ទាន ដែលជា‹ការបង្កើតថ្មីមួយ›។—កូរិនថូសទី២ ៥:១៧; កិច្ចការ ២:១-៤
១៤. តើបានមានលទ្ធផលយ៉ាងណា ពេលដែលវិស័យខាងសាសនាយូដា បានប្រព្រឹត្តទាស់នឹងពួកអ្នកកាន់តាមព្រះយេស៊ូនោះ?
១៤ បន្ដិចក្រោយពីនោះមក វិស័យខាងសាសនាក៏បានគំរាមកំហែងដល់ពួកសាវ័ក ប៉ុន្តែពួកអ្នកកាន់តាមព្រះគ្រីស្ទទាំងនោះ ឥតបានឈប់និយាយអំពីសេចក្ដីដែលគេបានឃើញនិងឮនោះទេ។ ពួកសិស្សរបស់ព្រះយេស៊ូបានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ»។ (កិច្ចការ ៤:២៩) ព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអង្វររបស់គេនោះ ដោយចាក់វិញ្ញាណបរិសុទ្ធទៅលើគេ ហើយដោយពង្រឹងគេឲ្យបន្តការប្រកាសដ៏ឥតខ្លាចរបស់គេ។ មិនយូរប៉ុន្មានក្រោយមក នោះពួកសាវ័កបានត្រូវគេបញ្ជាម្ដងទៀតឲ្យឈប់ផ្សព្វផ្សាយ ប៉ុន្តែពេត្រុសនិងពួកសាវ័កឯទៀតបានតបឆ្លើយថា៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ (កិច្ចការ ៥:២៩) ការគំរាមកំហែង ការចាប់ដាក់គុក និងការវាយ មិនអាចបង្ការពួកគេពីការពង្រីកសកម្មភាពខាងព្រះរាជាណាចក្ររបស់គេឡើយ។
១៥. តើលោកកាម៉ាលាលជាអ្នកណា ហើយតើលោកបានឲ្យយោបល់អ្វីដល់ពួកអ្នកប្រឆាំងនឹងពួកអ្នកកាន់តាមព្រះយេស៊ូនោះ?
១៥ តើពួកអ្នកដឹកនាំសាសនាបានធ្វើយ៉ាងណាវិញ? «គេមានចិត្តក្ដៅក្រហាយជាខ្លាំង ក៏ពិគ្រោះគ្នានឹងសំឡាប់ពួកសាវកចេញ»។ ប៉ុន្តែ អ្នកបង្រៀនខាងច្បាប់ម្នាក់ឈ្មោះកាម៉ាលាល ដ៏ជាផារីស៊ីដែលមានមនុស្សទាំងអស់គោរពលោក ក៏មានវត្តមាននៅទីនោះដែរ។ ដោយទុកពួកសាវ័កនៅខាងក្រៅក្រុមប្រឹក្សាជាន់ខ្ពស់អស់មួយរយៈខ្លី នោះលោកក៏ឲ្យយោបល់ទៅពួកអ្នកប្រឆាំងខាងសាសនាទាំងនេះថា៖ «ពួកសាសន៍អ៊ីស្រាអែលអើយ ចូរប្រយ័តខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នាគិតធ្វើអ្វីដល់គេ . . . ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះ កើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ»។—កិច្ចការ ៥:៣៣-៣៩
គ្មានគ្រឿងសស្ដ្រាវុធណាដែលធ្វើឡើងទាស់ជាមួយយើងនឹងបានជោគជ័យឡើយ
១៦. ដោយពាក្យសំដីរបស់ខ្លួន តើអ្នកនឹងនិយាយយ៉ាងណាស្តីអំពីការធានារ៉ាប់រង ដែលព្រះយេហូវ៉ាប្រទានឲ្យរាស្ត្រទ្រង់នោះ?
១៦ ឱវាទរបស់កាម៉ាលាលគឺត្រឹមត្រូវ ហើយយើងអបអរដែរ ពេលដែលអ្នកខ្លះនិយាយគាំទ្រយើងនោះ។ យើងក៏ទទួលស្គាល់ថាសេរីភាពខាងការថ្វាយបង្គំ បានត្រូវគាំទ្រតាមរយៈសេចក្ដីសម្រេចក្នុងតុលាការ ដោយចៅក្រមដែលឥតមានចិត្តលំអៀង។ ប្រាកដហើយ ការកាន់ខ្ជាប់របស់យើងនឹងបន្ទូលរបស់ព្រះ មិនពេញចិត្តពួកបព្វជិតខាងពិភពគ្រីស្ទសាសនា និងមេដឹកនាំឯទៀតខាងបាប៊ីឡូនដ៏ធំ ដ៏ជាចក្រភពនៃសាសនាមិនពិតនោះឡើយ។ (វិវរណៈ ១៨:១-៣) ទោះជាគេនិងអស់អ្នកដែលនៅក្រោមអំណាចគេប្រយុទ្ធនឹងយើងក៏ដោយ យើងមានការធានារ៉ាប់រងនេះថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។—អេសាយ ៥៤:១៧
១៧. ទោះជាពួកប្រឆាំងប្រយុទ្ធនឹងយើងក៏ដោយ ហេតុអ្វីក៏យើងមានចិត្តក្លាហាន?
១៧ ពួកសត្រូវរបស់យើងប្រយុទ្ធទាស់នឹងយើងដោយឥតហេតុ ក៏ប៉ុន្តែយើងមិនបាត់បង់នូវសេចក្ដីក្លាហានឡើយ។ (ទំនុកដំកើង ១០៩:១-៣) យើងនឹងមិនអនុញ្ញាតឲ្យអស់អ្នកដែលស្អប់សារយើងពីព្រះគម្ពីរ មកបន្លាចយើងធ្វើឲ្យខូចដល់ជំនឿយើងទេ។ ទោះជាយើងយល់ដឹងថាសង្គ្រាមរបស់យើងខាងវិញ្ញាណនឹងមានខ្លាំងឡើង នោះយើងក៏ដឹងនូវលទ្ធផលដែរ។ ដូចលោកយេរេមា យើងនឹងពិសោធនូវការសម្រេចនៃពាក្យទំនាយនេះ ដែលថា៖ «‹គេនឹងតនឹងឯងតែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (យេរេមា ១:១៩) ត្រូវហើយ យើងដឹងថា ពួកអ្នកប្រយុទ្ធជាមួយព្រះ នឹងមិនឈ្នះឡើយ!
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០០ ទំព័រ ២៤-២៨ ដែលមានអត្ថបទ «ចិត្តស្មោះត្រង់និងការឥតខ្លាចពេលប្រឈមមុខនឹងការជិះជាន់នៃរបបណាត្ស៊ី»។ (ភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានត្រូវគេពាធា?
• តើតាមរបៀបណាដែលពួកប្រឆាំងបានប្រយុទ្ធនឹងរាស្ត្ររបស់ព្រះយេហូវ៉ា?
• ហេតុអ្វីក៏យើងអាចប្រាកដក្នុងចិត្តថា ពួកអ្នកប្រយុទ្ធជាមួយព្រះនឹងមិនឈ្នះនោះ?
[រូបភាពនៅទំព័រ១៣]
យេរេមាបានត្រូវធានារ៉ាប់រងថាព្រះយេហូវ៉ានឹងគង់ជាមួយនឹងគាត់
[រូបភាពនៅទំព័រ១៦]
ពួកអ្នករួចរស់ពីជំរុំឃុំឃាំង
អំពើឃោរឃៅដែលហ្វូងមនុស្សឥតសណ្ដាប់ធ្នាប់ ប្រព្រឹត្តលើស្មរបន្ទាល់ព្រះយេហូវ៉ា
យ៉ូសែប រ៉ូធើហ្វឺតនិងពួកគូកនគាត់
[រូបភាពនៅទំព័រ១៧]
ក្នុងករណីរបស់ព្រះយេស៊ូ ពួកអ្នកប្រយុទ្ធនឹងព្រះឥតបានឈ្នះទេ