ចូរមានជំនឿលើពាក្យទំនាយរបស់ព្រះ!
«យើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង»។—ពេត្រុសទី២ ១:១៩
១, ២. តើទំនាយដំបូងដែលបានកត់ទុកនោះជាអ្វី ហើយតើអ្វីជាសំនួរមួយដែលបានត្រូវសួរឡើងនោះ?
ព្រះយេហូវ៉ាជាប្រភពនៃទំនាយដំបូងដែលបានកត់ទុកមក។ ក្រោយពីអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាប ព្រះបានមានបន្ទូលប្រាប់ពស់នោះថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១-៧, ១៤, ១៥) អស់ជាច្រើនសតវត្សបានកន្លងផុតទៅ មុននឹងពាក្យទំនាយទាំងនោះ បានត្រូវយល់យ៉ាងពេញលេញនោះ។
២ ទំនាយដំបូងនោះមានសេចក្ដីសង្ឃឹមដ៏ពិតសំរាប់មនុស្សជាតិដែលមានបាប។ ក្រោយមកបទគម្ពីរទាំងឡាយ បានសម្គាល់អារក្សសាតាំងជា«ពស់ពីបុរាណ»។ (វិវរណៈ ១២:៩) ក៏ប៉ុន្តែ តើអ្នកណានឹងទៅជាពូជដែលបានសន្យាមករបស់ព្រះ?
ការស្វែងរកពូជនោះ
៣. តើអេបិលបានអនុវត្តតាមជំនឿលើទំនាយដំបូងយ៉ាងដូចម្ដេច?
៣ មិនដូចឪពុករបស់គាត់ នោះអេបិលដ៏ចេះគោរពព្រះ បានអនុវត្តតាមជំនឿលើទំនាយដំបូងនេះ។ តាមមើលទៅ អេបិលបានយល់ដឹងថានឹងត្រូវការការបង្ហូរឈាម ដើម្បីគ្របបាំងសេចក្ដីបាប។ ដូច្នេះជំនឿបានជំរុញឲ្យគាត់ថ្វាយសត្វមួយជាយញ្ញបូជា ដែលបានសឲ្យឃើញជាការយល់ព្រមចំពោះព្រះ។ (លោកុប្បត្តិ ៤:២-៤) ក៏ប៉ុន្តែ អត្តសញ្ញាណកម្មនៃពូជដែលបានសន្យានេះ នៅតែជារឿងអាថ៌កំបាំងដដែល។
៤. តើព្រះបានប្រទានឲ្យអ័ប្រាហាំនូវសេចក្ដីសន្យាអ្វី ហើយតើនេះបានបញ្ជាក់អ្វីស្តីអំពីពូជដែលបានសន្យាមកនោះ?
៤ ប្រមាណ២.០០០ឆ្នាំក្រោយពីសម័យរបស់អេបិល នោះព្រះយេហូវ៉ាបានប្រទានឲ្យអ័ប្រាហាំដ៏ជាឰយុកោ នូវសេចក្ដីសន្យានេះដែលជាពាក្យទំនាយ គឺថា៖ «នោះអញនឹងឲ្យពរដល់ឯង ហើយនឹងចំរើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ . . . គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង»។ (លោកុប្បត្តិ ២២:១៧, ១៨) ពាក្យទាំងនោះបានជាប់ទាក់ទងអ័ប្រាហាំជាមួយនឹងការសម្រេចនៃទំនាយដំបូងនេះ។ ពាក្យទាំងនោះបានបញ្ជាក់ថា ពូជនេះដែលនឹងបំផ្លាញការរបស់សាតាំង នឹងលេចចេញពីពូជអំបូររបស់អ័ប្រាហាំ។ (យ៉ូហានទី១ ៣:៨) «លោក[អ័ប្រាហាំ]ក៏មិនបានសង្ស័យ ចំពោះសេចក្ដីសន្យារបស់ព្រះ» ហើយពួកស្មរបន្ទាល់ព្រះយេហូវ៉ាមុនសម័យគ្រីស្ទាន ដែល«មិនបានទទួលសេចក្ដី ដែលបានសន្យានោះ» ក៏មិនបានមានចិត្តសង្ស័យដែរ។ (រ៉ូម ៤:២០, ២១; ហេព្រើរ ១១:៣៩) ផ្ទុយទៅវិញ ពួកគេបានរក្សាជំនឿលើពាក្យទំនាយរបស់ព្រះ។
៥. តើសេចក្ដីសន្យារបស់ព្រះស្តីអំពីពូជនោះបានត្រូវសម្រេចដោយអ្នកណា ហើយហេតុអ្វីក៏អ្នកឆ្លើយអ៊ីចឹង?
៥ សាវ័កប៉ុលបានសម្គាល់ពូជដែលបានសន្យារបស់ព្រះ ពេលដែលគាត់បានសរសេរថា៖ «រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា ‹នឹងពូជទាំងប៉ុន្មាន› ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា ‹នឹងពូជលោក១នោះឯង› គឺជាព្រះគ្រីស្ទ»។ (កាឡាទី ៣:១៦) ពូជនេះ ដែលគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ នោះមិនបានរួមបញ្ចូលនឹងកូនចៅទាំងអស់របស់អ័ប្រាហាំនោះទេ។ កូនចៅរបស់កូនប្រុសលោក ដែលជាអ៊ីសម៉ាអែល និងអំពីពួកកូនប្រុសៗរបស់កិទូរ៉ា មិនបានត្រូវប្រើឲ្យប្រទានពរដល់មនុស្សលោកទេ។ ពូជនេះដែលផ្ដល់ពរបានមកតាមរយៈកូនប្រុសរបស់លោក ឈ្មោះអ៊ីសាក និងចៅរបស់លោក ឈ្មោះយ៉ាកុប។ (លោកុប្បត្តិ ២១:១២; ២៥:២៣, ៣១-៣៤; លោកុប្បត្តិ ២៧:១៨-២៩, ៣៧; ២៨:១៤) យ៉ាកុបបានបង្ហាញថា «មនុស្ស»នឹងស្ដាប់បង្គាប់តាមស៊ីឡូរពីកុលសម្ព័ន្ធយូដា ក៏ប៉ុន្តែពូជនេះក្រោយមក បានត្រូវកំណត់មកតាមពូជអំបូររបស់ដាវីឌវិញ។ (លោកុប្បត្តិ ៤៩:១០; សាំយូអែលទី២ ៧:១២-១៦) ពួកយូដានៅសតវត្សទីមួយ បានទន្ទឹងចាំបុគ្គលម្នាក់ដែលនឹងមកជាព្រះមេស្ស៊ី ឬក៏ព្រះគ្រីស្ទ។ (យ៉ូហាន ៧:៤១, ៤២) ហើយទំនាយរបស់ព្រះស្តីអំពីពូជនេះ បានត្រូវសម្រេចនឹងបុត្រារបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។
ព្រះមេស្ស៊ីលេចខ្លួនមក!
៦. (ក) តើយើងអាចយល់ទំនាយអំពី៧០អាទិត្យយ៉ាងដូចម្ដេចបាន? (ខ) តើនៅពេលណានិងតាមរបៀបណា ដែលព្រះយេស៊ូបាន‹រំលត់បំបាត់សេចក្ដីបាប›?
៦ ព្យាការីដានីយ៉ែល បានកត់ទុកនូវទំនាយដ៏សំខាន់មួយ ស្តីអំពីព្រះមេស្ស៊ី។ ក្នុងឆ្នាំទីមួយនៃស្តេចដារីយុសសាសន៍មេឌី គាត់បានយល់ដឹងថា សេចក្ដីហិនវិនាសដែលមានរយៈពេល៧០ឆ្នាំនៃក្រុងយេរូសាឡិម គឺជិតដល់ទីបញ្ចប់ហើយ។ (យេរេមា ២៩:១០; ដានីយ៉ែល ៩:១-៤) កាលដែលដានីយ៉ែលកំពុងតែអធិស្ឋាន នោះទេវតាកាព្រីយ៉ែលបានមក និងលាតត្រដាងថា‹៧០អាទិត្យបានកំណត់ដើម្បីរំលត់បំបាត់អំពើបាប›។ ព្រះមេស្ស៊ីនឹងត្រូវកាត់ចេញនៅពាក់កណ្ដាលអាទិត្យទី៧០។ «ចិតសិបអាទិត្យនៃឆ្នាំ»បានចាប់ផ្ដើមឡើងក្នុងឆ្នាំ៤៥៥ ម.ស.យ. នៅពេលដែលស្តេចនៃសាសន៍ពើស៊ី អើថាស៊ើកសេសទី១ ‹បានចេញបង្គាប់ឲ្យសង់ទីក្រុងយេរូសាឡិមឡើងវិញ›។ (ដានីយ៉ែល ៩:២០-២៧; នេហេមា ២:១-៨) ព្រះមេស្ស៊ីនឹងមកដល់ក្រោយពី៧អាទិត្យ ថែមទាំង៦២អាទិត្យ។ ៤៨៣ឆ្នាំទាំងនេះមានពីឆ្នាំ៤៥៥ ម.ស.យ.ទៅដល់ឆ្នាំ២៩ ស.យ. ពេលដែលព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹក ហើយព្រះបានចាក់ប្រេងតាំងទ្រង់ទៅជាព្រះមេស្ស៊ី ឬក៏ព្រះគ្រីស្ទ។ (លូកា ៣:២១, ២២) ព្រះយេស៊ូ‹រំលត់បំបាត់សេចក្ដីបាប› ដោយប្រគល់ជីវិតទ្រង់ជាតម្លៃលោះនៅឆ្នាំ៣៣ ស.យ.។ (ម៉ាកុស ១០:៤៥) នេះជាមូលហេតុដ៏ល្អមែនហ្ន៎ ចំពោះការមានជំនឿលើពាក្យទំនាយរបស់ព្រះ!a
៧. ដោយប្រើបទគម្ពីរ សូមចង្អុលប្រាប់នូវរបៀបដែលព្រះយេស៊ូបានសម្រេចទំនាយស្តីអំពីព្រះមេស្ស៊ី។
៧ ជំនឿលើពាក្យទំនាយរបស់ព្រះ ធ្វើឲ្យយើងសម្គាល់ព្រះមេស្ស៊ីបាន។ ចំពោះទំនាយជាច្រើនស្តីអំពីព្រះមេស្ស៊ី ដែលបានកត់ទុកនៅក្នុងបទគម្ពីរភាសាហេព្រើរ នោះទំនាយមួយចំនួនបានសំដៅចំៗលើព្រះយេស៊ូ ដោយពួកអ្នកសរសេរបទគម្ពីរគ្រីស្ទានភាសាក្រិក។ ដើម្បីពន្យល់ថា ព្រះយេស៊ូបានប្រសូតពីស្រីក្រមុំបរិសុទ្ធម្នាក់នៅបេថ្លេហិម។ (អេសាយ ៧:១៤; មីកា ៥:១; ម៉ាថាយ ១:១៨-២៣; លូកា ២:៤-១១) ទ្រង់បានហៅឲ្យចេញពីស្រុកអេស៊ីប ហើយក្មេងតូចៗបានត្រូវសម្លាប់ចោលក្រោយពីកំណើតរបស់ទ្រង់។ (យេរេមា ៣១:១៥; ហូសេ ១១:១; ម៉ាថាយ ២:១៣-១៨) ព្រះយេស៊ូបានរងទុក្ខដោយទ្រាំទ្រអស់ទាំងសេចក្ដីឈឺចាប់របស់យើង។ (អេសាយ ៥៣:៤; ម៉ាថាយ ៨:១៦, ១៧) ដូចបានទាយមក ទ្រង់បានយាងចូលទីក្រុងយេរូសាឡិម ដោយគង់លើកូនលា។ (សាការី ៩:៩; យ៉ូហាន ១២:១២-១៥) ពាក្យរបស់អ្នកតែងបទទំនុកដំកើងបានសម្រេច ក្រោយពីព្រះយេស៊ូបានត្រូវគេព្យួរលើបង្គោលឈើ នៅពេលដែលពួកទាហានយកសំលៀកបំពាក់របស់ទ្រង់ចែកគ្នា នោះគេបានយកអាវវែងទ្រង់ចាប់ឆ្នោត។ (ទំនុកដំកើង ២២:១៨; យ៉ូហាន ១៩:២៣, ២៤) ហេតុការណ៍ពិតដែលថា ឆ្អឹងរបស់ព្រះយេស៊ូមិនបានបាក់ ហើយថាទ្រង់បានត្រូវគេចាក់ ក៏បានត្រូវសម្រេចទំនាយដែរ។ (ទំនុកដំកើង ៣៤:២០; សាការី ១២:១០; យ៉ូហាន ១៩:៣៣-៣៧) ឧទាហរណ៍ទាំងនេះគឺគ្រាន់តែជាឧទាហរណ៍ខ្លះៗអំពីទំនាយស្តីអំពីព្រះមេស្ស៊ី ដែលបានទាក់ទងនឹងព្រះយេស៊ូ ដោយពួកសរសេរព្រះគម្ពីរដែលបានត្រូវបណ្ដាលឲ្យតែងដោយព្រះ។b
អបអរសាទរស្តេចជាព្រះមេស្ស៊ី!
៨. តើអ្នកណាជាព្រះដ៏មានព្រះជន្មពីបុរាណ ហើយតើទំនាយដែលបានកត់ទុកក្នុងដានីយ៉ែល ៧:៩-១៤ បានសម្រេចយ៉ាងដូចម្ដេច?
៨ នៅឆ្នាំដំបូងនៃស្តេចបេលសាសារសាសន៍បាប៊ីឡូន នោះព្រះយេហូវ៉ាបានប្រទានឲ្យព្យាការីរបស់ទ្រង់ដានីយ៉ែល នូវសុបិនមួយនិងចក្ខុនិមិត្តដ៏អស្ចារ្យ។ មុនដំបូង ព្យាការីនេះបានឃើញសត្វបួនដ៏ធំសម្បើម។ ទេវតារបស់ព្រះបានសម្គាល់គេជា«ស្តេច៤អង្គ» ដូច្នេះនេះក៏បញ្ជាក់ថាពួកគេបានតំណាងមហាអំណាចជាបន្តបន្ទាប់។ (ដានីយ៉ែល ៧:១-៨, ១៧) បន្ទាប់មក ដានីយ៉ែលបានឃើញព្រះយេហូវ៉ា«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ» កំពុងតែគង់លើបល្ល័ង្កដោយសិរីរុងរឿង។ ដោយជំនុំជំរះសត្វទាំងនេះដោយមិនអនុគ្រោះ នោះទ្រង់បានយកការគ្រប់គ្រងចេញពីគេ និងបានកំទេចចោលនូវសត្វទីបួននេះ។ ការគ្រប់គ្រងជាស្ថាពរលើ«បណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា» ហើយបន្ទាប់មកបានប្រគល់ឲ្យ«១អង្គដូចជាមនុស្សជាតិ»។ (ដានីយ៉ែល ៧:៩-១៤) នេះជាទំនាយដ៏អស្ចារ្យមែន ដែលទាក់ទងនឹងការឡើងសោយរាជ្យនៃ«កូនមនុស្ស» គឺព្រះយេស៊ូគ្រីស្ទ នៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤!—ម៉ាថាយ ១៦:១៣
៩, ១០. (ក) តើផ្នែកផ្សេងៗនៃរូបក្នុងសុបិននេះ បានចង្អុលទៅអ្វី? (ខ) តើអ្នកនឹងពន្យល់នូវការសម្រេចនៃដានីយ៉ែល ២:៤៤យ៉ាងដូចម្ដេច?
៩ ដានីយ៉ែលបានដឹងថាព្រះគឺ«ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង»។ (ដានីយ៉ែល ២:២១) ដោយមានជំនឿលើព្រះយេហូវ៉ា ដ៏ជា«ព្រះដែលទ្រង់សំដែងឲ្យបានយល់ការអាថ៌កំបាំង» នោះព្យាការីនេះក៏បញ្ចេញឲ្យគេដឹងនូវអត្ថន័យនៃសុបិនរបស់ស្តេចនេប៊ូក្នេសា ដ៏ជាសាសន៍បាប៊ីឡូននេះ ស្តីអំពីរូបដ៏ធំមហិមា។ ផ្នែកផ្សេងៗនៃរូបនេះបានចង្អុលប្រាប់អំពីការឡើងនិងការធ្លាក់នៃមហាអំណាចនានា ដូចជាបាប៊ីឡូន មេឌី-ពើស៊ី ក្រេក និងរ៉ូម។ ព្រះទ្រង់បានប្រើដានីយ៉ែលឲ្យផ្ដល់នូវចំណុចសំខាន់ៗអំពីព្រឹត្ដិការណ៍ក្នុងពិភពលោក រហូតមកដល់សម័យយើងនិងតទៅអនាគតទៀត។—ដានីយ៉ែល ២:២៤-៣០
១០ ទំនាយនេះបានចែងថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដានីយ៉ែល ២:៤៤) នៅពេលដែល‹គ្រាកំណត់នៃសាសន៍ដទៃ›បានចប់ក្នុងឆ្នាំ១៩១៤ នោះព្រះបានស្ថាបនាព្រះរាជាណាចក្រនៅស្ថានសួគ៌ឲ្យព្រះគ្រីស្ទគ្រប់គ្រង។ (លូកា ២១:២៤; វិវរណៈ ១២:១-៥) ដោយអំណាចរបស់ព្រះ នោះព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនេះ ដែលតំណាងជា«ថ្ម» ក៏ផ្ដាច់ចេញពី«ភ្នំ»នៃអធិបតេយ្យសកលលោករបស់ព្រះ។ នៅឯអើម៉ាគេដូន ថ្មនោះនឹងទង្គិចរូប ដែលត្រូវកិនឲ្យទៅជាម្សៅ។ ដូចជាភ្នំនៃរដ្ឋាភិបាលដែលមានអានុភាពលើ‹ផែនដីទាំងមូល› នោះព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។—ដានីយ៉ែល ២:៣៥, ៤៥; វិវរណៈ ១៦:១៤, ១៦។c
១១. តើការផ្លាស់ប្រែទ្រង់ទ្រាយរបស់ព្រះយេស៊ូជាការសម្ដែងឲ្យឃើញជាមុនអំពីអ្វី ហើយតើចក្ខុនិមិត្តនេះមានអានុភាពយ៉ាងណាលើពេត្រុស?
១១ ដោយនឹកក្នុងគំនិតអំពីការគ្រប់គ្រងនៃព្រះរាជាណាចក្រទ្រង់ នោះព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក»។ (ម៉ាថាយ ១៦:២៨) ប្រាំមួយថ្ងៃក្រោយមក នោះព្រះយេស៊ូបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅឯភ្នំដ៏ខ្ពស់ កាលដែលទ្រង់បានផ្លាស់ប្រែទ្រង់ទ្រាយនៅពីមុខគេ។ កាលដែលពពកដ៏ភ្លឺបានបាំងពួកសាវ័ក នោះព្រះបានប្រកាសថា៖ «នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្ដាប់តាមចុះ»។ (ម៉ាថាយ ១៧:១-៩; ម៉ាកុស ៩:១-៩) នេះជាការសម្ដែងឲ្យឃើញជាមុនយ៉ាងណាទៅហ្ន៎ អំពីសិរីរុងរឿងក្នុងព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទ! អ៊ីចឹងហើយបានជាពេត្រុសបានសំដៅទៅចក្ខុនិមិត្តដ៏អស្ចារ្យនេះ ហើយបានមានប្រសាសន៍ថា៖ «យើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង»។—ពេត្រុសទី២ ១:១៦-១៩d
១២. ហេតុអ្វីក៏នេះជាគ្រាប្រសើរជាងគ្រាឯទៀត ដើម្បីសម្ដែងជំនឿរបស់យើងលើពាក្យទំនាយរបស់ព្រះ?
១២ «ពាក្យទំនាយ»នោះ តាមមើលទៅ មិនគ្រាន់តែរួមបញ្ចូលអស់ទាំងទំនាយក្នុងបទគម្ពីរហេព្រើរ ដែលស្តីអំពីព្រះមេស្ស៊ី ក៏ប៉ុន្តែរួមបញ្ចូលសេចក្ដីប្រកាសរបស់ព្រះយេស៊ូ ថាទ្រង់នឹងយាងមក«មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។ (ម៉ាថាយ ២៤:៣០) ការផ្លាស់ប្រែទ្រង់ទ្រាយនេះបានបញ្ជាក់ពាក្យទំនាយអំពីការយាងមកក្នុងសិរីរុងរឿងរបស់ព្រះគ្រីស្ទ ទាំងកាន់អំណាចព្រះរាជាណាចក្រ។ មិនយូរប៉ុន្មានទៀត ការលាតត្រដាងដ៏រុងរឿងរបស់ទ្រង់ នឹងមានន័យថា ជាការហិនវិនាសលើពួកគ្មានជំនឿ និងប្រសិទ្ធិពរដល់អស់អ្នកដែលអនុវត្តជំនឿ។ (ថែស្សាឡូនីចទី២ ១:៦-១០) ការសម្រេចនៃទំនាយព្រះគម្ពីរសឲ្យឃើញថា នេះជាថ្ងៃ«ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥, ១៦, ១៧; ម៉ាថាយ ២៤:៣-១៤) ជាអ្នកប្រហារដ៏ឧត្តមរបស់ព្រះយេហូវ៉ា នោះមីកែលដ៏ជាព្រះយេស៊ូគ្រីស្ទ ឈរប្រុងប្រៀបជាស្រេចដើម្បីនាំទីបញ្ចប់ដល់របបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ ក្នុងកំឡុងពេលមាន«សេចក្ដីវេទនាជាខ្លាំង»។ (ម៉ាថាយ ២៤:២១; ដានីយ៉ែល ១២:១) អ៊ីចឹងហើយនេះជាគ្រាដើម្បីសម្ដែងថា យើងមានជំនឿលើពាក្យទំនាយរបស់ព្រះ។
រក្សាជំនឿលើពាក្យទំនាយរបស់ព្រះ
១៣. តើអ្វីដែលប្រហែលជាអាចជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងរក្សាឲ្យជំនឿរបស់យើងនៅរស់រវើកលើបន្ទូលរបស់ទ្រង់នោះ?
១៣ ប្រាកដហើយ យើងមានចិត្តរំភើបពេលដែលយើងទើបតែរៀនអំពីការសម្រេចនៃពាក្យទំនាយរបស់ព្រះ។ ប៉ុន្តែ តើជំនឿរបស់យើងនិងសេចក្ដីស្រឡាញ់របស់យើង បានអន់ថយតាំងពីនោះមកទេ? សូមកុំឲ្យយើងធ្វើដូចជាពួកគ្រីស្ទានក្នុងអេភេសូរ ដែល‹បោះបង់ចោលសេចក្ដីស្រឡាញ់ដែលគេមានពីមុននោះ›។ (វិវរណៈ ២:១-៤) មិនថាយើងបានបំរើព្រះយេហូវ៉ាប៉ុន្មានឆ្នាំមកហើយក៏ដោយ យើងអាចមានការបាត់បង់បែបនេះ លើកលែងតែយើង‹ខំរក្សាការស្វែងរកព្រះរាជាណាចក្រ និងសេចក្ដីសុចរិតនៃព្រះជាមុនសិន› ដើម្បីប្រមូលទ្រព្យសម្បត្ដិនៅស្ថានសួគ៌។ (ម៉ាថាយ ៦:១៩-២១, ៣១-៣៣) ការសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់ ការរួមចំណែកដោយទៀងទាត់ក្នុងកិច្ចប្រជុំគ្រីស្ទាន និងសកម្មភាពផ្សព្វផ្សាយដំណឹងល្អដ៏ខ្នះខ្នែង នឹងជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ចំពោះបុត្រារបស់ទ្រង់ និងចំពោះបទគម្ពីរដែរ។ (ទំនុកដំកើង ១១៩:១០៥; ម៉ាកុស ១៣:១០; ហេព្រើរ ១០:២៤, ២៥) ជាបន្តបន្ទាប់ នេះនឹងរក្សាឲ្យជំនឿរបស់យើងនៅរស់រវើកលើបន្ទូលរបស់ព្រះ។—ទំនុកដំកើង ១០៦:១២
១៤. តើពួកគ្រីស្ទានចាក់ប្រេងតាំងបានទទួលអំណោយយ៉ាងណា ចំពោះជំនឿរបស់គេលើពាក្យទំនាយរបស់ព្រះយេហូវ៉ា?
១៤ ដូចជាពាក្យទំនាយរបស់ព្រះបានត្រូវសម្រេចនៅអតីតកាល នោះយើងក៏អាចមានជំនឿលើអ្វីដែលបានទាយមកសំរាប់អនាគតនោះដែរ។ ជាឧទាហរណ៍ វត្តមានរបស់ព្រះគ្រីស្ទក្នុងសិរីរុងរឿងនៃព្រះរាជាណាចក្រ ឥឡូវនេះជាហេតុការណ៍ពិត ហើយពួកគ្រីស្ទានចាក់ប្រេងតាំងដែលមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ បានពិសោធនូវសេចក្ដីសន្យានៃទំនាយនេះ ដែលថា៖ «ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ»។ (វិវរណៈ ២:៧, ១០; ថែស្សាឡូនីចទី១ ៤:១៤-១៧) ព្រះយេស៊ូប្រទានឲ្យដល់អស់អ្នកដែលឈ្នះនូវឯកសិទ្ធិ «ឲ្យបរិភោគផ្លែរបស់ដើមជីវិត» ក្នុងទីមនោរម្យខាងស្ថានសួគ៌របស់ព្រះ។ ក្នុងដំណើររស់ឡើងវិញរបស់គេ ហើយតាមរយៈព្រះយេស៊ូគ្រីស្ទ នោះពួកគេទទួលអមតភាពនិងភាពឥតពុករលួយ ដែលបានផ្ដល់មកដោយព្រះយេហូវ៉ា «ស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ»។ (ធីម៉ូថេទី១ ១:១៧; កូរិនថូសទី១ ១៥:៥០-៥៤; ធីម៉ូថេទី២ ១:១០) នេះជាអំណោយដ៏ធំអស្ចារ្យ ចំពោះសេចក្ដីស្រឡាញ់ដ៏គ្មានទីបំផុតរបស់គេចំពោះព្រះ និងការមានជំនឿដែលមិនរេរាលើពាក្យទំនាយរបស់ព្រះ!
១៥. តើគ្រឹះនៃ«ផែនដីថ្មី»បានត្រូវចាក់ដោយអ្នកណា ហើយអ្នកណាជាពួកគូកនរបស់គេ?
១៥ មិនយូរប៉ុន្មានក្រោយពីការស្លាប់នៃពួកអ្នកចាក់ប្រេងតាំងដ៏ស្មោះត្រង់ នោះពួកគេបានប្រោសឲ្យរស់ឡើងវិញនៅឯ‹សួនមនោរម្យរបស់ព្រះ›នៅស្ថានសួគ៌ ហើយពួកសំណល់នៃអ៊ីស្រាអែលខាងវិញ្ញាណដែលនៅលើផែនដី បានត្រូវដោះលែងចេញពី«បាប៊ីឡូនដ៏ធំ» ដែលជាចក្រភពនៃសាសនាមិនពិត។ (វិវរណៈ ១៤:៨; កាឡាទី ៦:១៦) គ្រឹះនៃ«ផែនដីថ្មី»បានត្រូវចាក់ដោយពួកគេ។ (វិវរណៈ ២១:១) ដូច្នេះហើយ «ស្រុក១»ក៏បានលេចចេញមក ហើយស្រុកនេះក៏បានសាងសង់ឡើងជាសួនមនោរម្យខាងវិញ្ញាណ ដែលរីកចំរើនពាសពេញលើផែនដីសព្វថ្ងៃនេះ។ (អេសាយ ៦៦:៨) ហើយមនុស្សច្រើនអនេកដែលជាគូកននៃពួកអ៊ីស្រាអែលខាងវិញ្ញាណ ហើយដែលមានលក្ខណៈដូចចៀមផង ក៏កំពុងតែចូលក្នុងស្រុកនេះនៅពេលឥឡូវនេះជា«ជាន់ក្រោយបង្អស់»។—អេសាយ ២:២-៤; សាការី ៨:២៣; យ៉ូហាន ១០:១៦; វិវរណៈ ៧:៩
អនាគតរបស់មនុស្សជាតិបានទាយប្រាប់ក្នុងពាក្យទំនាយរបស់ព្រះ
១៦. តើពួកអ្នកគាំទ្រដ៏ស្មោះត្រង់នៃពួកចាក់ប្រេងតាំងមានសេចក្ដីសង្ឃឹមយ៉ាងណា?
១៦ តើពួកគាំទ្រដ៏ស្មោះត្រង់របស់ពួកអ្នកចាក់ប្រេងតាំងមានសេចក្ដីសង្ឃឹមយ៉ាងណាដែរ? ពួកគេក៏មានជំនឿលើពាក្យទំនាយរបស់ព្រះ ហើយសេចក្ដីសង្ឃឹមរបស់គេពឹងលើការចូលក្នុងផែនដីមនោរម្យ។ (លូកា ២៣:៣៩-៤៣) នៅទីនោះ ពួកគេនឹងពិសាពី«ទន្លេទឹកជីវិត» ហើយនឹងមានការធ្វើឲ្យជាឡើងវិញពី«ស្លឹកឈើនោះ» ដែលបានដាំនៅមាត់ទន្លេទាំងសងខាង។ (វិវរណៈ ២២:១, ២) ប្រសិនបើអ្នកមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យបែបនេះ សូមឲ្យអ្នកបន្តសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងជំនឿលើពាក្យទំនាយរបស់ទ្រង់។ សូមឲ្យអ្នកនៅក្នុងចំណោមអស់អ្នកដែលពិសោធន៍នូវអំណរដែលគ្មានកំរិតនៃជីវិតដ៏អស់កល្បជានិច្ច នៅលើផែនដីមនោរម្យ។
១៧. ជីវិតលើផែនដីមនោរម្យនឹងរួមបញ្ចូលប្រសិទ្ធិពរអ្វីខ្លះ?
១៧ មនុស្សឥតគ្រប់ល័ក្ខណ៍មិនអាចរៀបរាប់ឲ្យបានពេញលេញអំពីជីវិត ដែលនឹងមាននៅសួនមនោរម្យលើផែនដីនេះបានទេ ក៏ប៉ុន្តែពាក្យទំនាយរបស់ព្រះផ្ដល់ឲ្យយើងនូវការយល់ធ្លុះជ្រៅអំពីប្រសិទ្ធិពរ ដែលនឹងមាននៅគ្រានោះចំពោះមនុស្សលោកដែលចេះស្ដាប់បង្គាប់។ នៅពេលដែលព្រះរាជាណាចក្រនៃព្រះគ្រប់គ្រងដោយគ្មានការជំទាស់ប្រឆាំង ហើយបំណងព្រះហឫទ័យរបស់ទ្រង់នឹងបានសម្រេចនៅលើផែនដី ដូចនៅស្ថានសួគ៌ដែរ នោះគ្មានមនុស្សដ៏កាចសាហាវណា ឬក៏សត្វណានឹងមក«ធ្វើទុក្ខ ឬបំផ្លាញគ្នា»ទេ។ (អេសាយ ១១:៩; ម៉ាថាយ ៦:៩, ១០) ពួកមនុស្សរាបសានឹងរស់លើផែនដី និង«បានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកដំកើង ៣៧:១១) ប្រជាជនដែលស្លាប់ដោយអត់បាយនឹងលែងមានទៀតហើយ ដ្បិត«នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។ (ទំនុកដំកើង ៧២:១៦) ហើយទឹកភ្នែកនៃការទុក្ខព្រួយក៏លែងស្រក់ទៀត។ ជម្ងឺនឹងបាត់សូន្យទៅ ហើយសូម្បីតែសេចក្ដីស្លាប់ក៏នឹងលែងមានទៀតដែរ។ (អេសាយ ៣៣:២៤; វិវរណៈ ២១:៤) តើអ្នកអាចគិតក្នុងមនោគតិនូវការគ្មានគ្រូពេទ្យ គ្មានថ្នាំ គ្មានមន្ទីរពេទ្យឬមន្ទីរពេទ្យវិកលចរិត គ្មានបុណ្យខ្មោចទេ? នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!
១៨. (ក) តើដានីយ៉ែលបានទទួលនូវការធានារ៉ាប់រងអំពីអ្វីទៅ? (ខ) តើអ្វីទៅជា«ចំណែក»របស់ដានីយ៉ែលនោះ?
១៨ សូម្បីតែផ្នូរខ្មោចមនុស្សទូទៅក៏នឹងត្រូវនៅទទេដែរ កាលដែលដំណើររស់ឡើងវិញនឹងមានជំនួសសេចក្ដីស្លាប់នោះ។ លោកយ៉ូបដ៏សុចរិតក៏មានសេចក្ដីសង្ឃឹមបែបនេះដែរ។ (យ៉ូប ១៤:១៤, ១៥) ហើយព្យាការីដានីយ៉ែលក៏មានសេចក្ដីសង្ឃឹមនេះដែរ ដ្បិតទេវតារបស់ព្រះយេហូវ៉ា បានប្រទាននូវការធានារ៉ាប់រងដ៏សម្រាលទុក្ខនេះថា៖ «ត្រូវឲ្យអ្នកទៅតាមផ្លូវរបស់អ្នកចុះ ដរាបដល់ចុងបំផុត ដ្បិតអ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត»។ (ដានីយ៉ែល ១២:១៣) ដានីយ៉ែលបានបំរើព្រះដោយចិត្តស្មោះត្រង់រហូតដល់ទីបញ្ចប់នៃជីវិតរបស់គាត់។ ឥឡូវនេះគាត់កំពុងតែសំរាកក្នុងសេចក្ដីស្លាប់ ក៏ប៉ុន្តែគាត់នឹង«ឈរឡើង» នៅពេល«ពួកមនុស្សសុចរិតរស់ឡើងវិញ» ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ (លូកា ១៤:១៤) តើអ្វីទៅដែលនឹងជា«ចំណែក»របស់ដានីយ៉ែលនោះ? នៅក្នុងការសម្រេចអំពីសួនមនោរម្យ នោះទំនាយរបស់អេសេគាលបញ្ជាក់ថា អស់អ្នកបំរើព្រះយេហូវ៉ានឹងមានកន្លែង ដែលនឹងទទួលចំណែកក្នុងស្រុកតាមរបៀបដ៏ឥតរើសមុខនិងដែលមានសណ្ដាប់ធ្នាប់។ (អេសេគាល ៤៧:១៣–៤៨:៣៥) ដូច្នេះដានីយ៉ែល នឹងមានចំណែកក្នុងសួនមនោរម្យ ក៏ប៉ុន្តែការទទួលចំណែករបស់លោកនឹងទាក់ទងច្រើនទៀត មិនមែនគ្រាន់តែស្រុកនោះទេ។ នេះនឹងរួមបញ្ចូលកន្លែងរបស់គាត់ក្នុងបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។
១៩. តើមានតម្រូវការអ្វីចំពោះជីវិតលើផែនដីមនោរម្យនោះ?
១៩ ចុះយ៉ាងណាវិញចំពោះអ្នក និងការទទួលចំណែករបស់អ្នក? ប្រសិនបើអ្នកមានជំនឿលើបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ នោះប្រហែលជាអ្នកចង់បានជាខ្លាំងនូវជីវិតក្នុងផែនដីមនោរម្យដែរ។ អ្នកប្រហែលជានឹកក្នុងមនោគតិថាខ្លួនអ្នកនៅទីនោះ រីករាយនឹងប្រសិទ្ធិពរជាច្រើន កំពុងតែមើលថែរក្សាផែនដី និងទទួលស្វាគមន៍ដ៏រីករាយនូវពួកមនុស្សស្លាប់រស់មកវិញ។ យ៉ាងណាមិញ សួនមនោរម្យជាកន្លែងដែលមនុស្សលោកគួរនឹងរស់នៅ។ ព្រះបានបង្កើតគូមនុស្សដំបូងឲ្យរស់នៅក្នុងកន្លែងបែបនេះ។ (លោកុប្បត្តិ ២:៧-៩) ហើយទ្រង់ចង់ឲ្យមនុស្សដែលចេះស្ដាប់បង្គាប់រស់នៅជារៀងរហូតក្នុងសួនមនោរម្យ។ តើអ្នកនឹងប្រព្រឹត្តឲ្យសមស្របតាមបទគម្ពីរឬទេ ដើម្បីឲ្យអ្នកបាននៅក្នុងចំណោមមនុស្សរាប់រយកោដិនាក់ ដែលនឹងរស់នៅលើផែនដីមនោរម្យនោះ? អ្នកអាចនៅទីនោះ ប្រសិនបើអ្នកពិតជាស្រឡាញ់ព្រះវរបិតានៅស្ថានសួគ៌ ព្រះយេហូវ៉ា ហើយមានជំនឿដ៏ស្ថិតស្ថេរលើពាក្យទំនាយរបស់ព្រះនោះ។
[កំណត់សម្គាល់]
a សូមមើលជំពូកទី១១ នៃសៀវភៅ ការយកចិត្តទុកដាក់នឹងទំនាយរបស់លោកដានីយ៉ែល! និង«ចិតសិបអាទិត្យ» នៅក្នុងសៀវភៅ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (ភាសាអង់គ្លេស) ដែលបានបោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
b សូមមើល សៀវភៅ«គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងក៏មានប្រយោជន៍» ទំព័រ ៣៤៣-៣៤៤ (ភាសាអង់គ្លេស) ដែលបានបោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
c សូមមើលជំពូកទី៤និងទី៩នៃសៀវភៅ ចូរយកចិត្តទុកដាក់នឹងទំនាយរបស់លោកដានីយ៉ែល! (ភាសាអង់គ្លេស)
d សូមមើលអត្ថបទ ដែលមានចំណងជើងថា «ចូរយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះ» ដែលមានក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០០។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើទំនាយដំបូងជាអ្វី ហើយតើអ្នកណាជាពូជដែលបានសន្យាមកនោះ?
• តើទំនាយណាខ្លះអំពីព្រះមេស្ស៊ី ដែលបានសម្រេចដោយព្រះយេស៊ូនោះ?
• តើដានីយ៉ែល ២:៤៤, ៤៥ នឹងត្រូវសម្រេចឡើងយ៉ាងដូចម្ដេច?
• ពាក្យទំនាយរបស់ព្រះចង្អុលប្រាប់អំពីអនាគតយ៉ាងណា ចំពោះមនុស្សលោកដែលចេះស្ដាប់បង្គាប់?
[រូបភាពនៅទំព័រ២៦]
តើអ្នកសង្ឃឹមចង់រស់នៅលើផែនដីមនោរម្យឬទេ?