ចូរសម្ដែងចិត្តគំនិតរបស់ព្រះគ្រីស្ទ
«សូមព្រះដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រទានឲ្យអ្នករាល់គ្នាមានអាកប្បកិរិយាខាងចិត្តគំនិត សមស្របតាមព្រះគ្រីស្ទយេស៊ូ»។—រ៉ូម ១៥:៥, ព.ថ.
១. តើតាមរបៀបណាដែលជីវិតរបស់មនុស្សម្នាក់អាចទទួលឥទ្ធិពលពីអាកប្បកិរិយាខាងចិត្តគំនិតរបស់គេ?
អាកប្បកិរិយាខាងចិត្តគំនិតគឺជាអ្វីដ៏សំខាន់ណាស់ក្នុងជីវិត។ របៀបដែលមនុស្សម្នាក់ទាក់ទងនឹងបញ្ហាផ្សេងៗ និងរបៀបមនុស្សឯទៀតទាក់ទងនឹងគាត់វិញ អាចច្រើនតែអាស្រ័យទៅលើមូលដ្ឋានដែលថា គាត់មានអាកប្បកិរិយាខាងចិត្តគំនិតព្រងើយកន្តើយឬក៏យកចិត្តទុកដាក់ អាកប្បកិរិយាខាងចិត្តគំនិតវិជ្ជមានឬក៏អវិជ្ជមាន អាកប្បកិរិយាខាងចិត្តគំនិតប្រឆាំងឬក៏ចេះរួមគ្នាធ្វើការ អាកប្បកិរិយាខាងចិត្តគំនិតរអ៊ូរទាំឬក៏ចេះដឹងគុណ។ អ៊ីចឹងហើយ ដោយមានអាកប្បកិរិយាខាងចិត្តគំនិតល្អ មនុស្សម្នាក់ក៏អាចសប្បាយចិត្ត សូម្បីតែនៅក្នុងកាលៈទេសៈដ៏ពិបាកក៏ដោយ។ ចំណែកមនុស្សម្នាក់ដែលមានអាកប្បកិរិយាខាងចិត្តគំនិតអាក្រក់វិញ គាត់គិតថាខ្លួនកំពុងតែជួបប្រទះការពិបាក សូម្បីតែក្នុងពេលដែលជីវិតគាត់គឺបានសុខស្រួលក៏ដោយ។
២. តើមនុស្សម្នាក់រៀនចេះសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតផ្សេងៗយ៉ាងដូចម្ដេច?
២ មនុស្សអាចរៀនចេះសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតផ្សេងៗ មិនថាល្អឬក៏អាក្រក់ក៏ដោយ។ តាមការពិត មនុស្សអាចរៀនចេះសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតមែន។ ស្តីអំពីកូនង៉ា នោះសព្វវចនាធិប្បាយ កូលាស បានចែងថា៖ «អាកប្បកិរិយាខាងចិត្តគំនិតដែលកូនង៉ានោះនឹងមានជាយថាហេតុ គាត់ត្រូវតែបានទទួលឬក៏រៀនសម្ដែង ស្រដៀងនឹងរបៀបដែលគាត់ត្រូវតែរៀនភាសាមួយ ឬទទួលបានមកនូវការប៉ិនប្រសប់ផ្សេងណាមួយ»។ តើយើងរៀនឲ្យចេះសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតផ្សេងៗយ៉ាងដូចម្ដេចទៅ? ថ្វីបើមានកត្ដាផ្សេងៗដែលចូលរួមក៏ដោយ ប៉ុន្តែបរិយាកាសនិងការសេពគប់គឺមានឥទ្ធិពលខ្លាំងណាស់។ សព្វវចនាធិប្បាយដែលបានរៀបរាប់ខាងលើបានកត់សម្គាល់ថា៖ «បើយើងរៀនឬក៏យកតំរាប់តាមប្រៀបដូចជាការស្រូបយកនូវអាកប្បកិរិយាខាងចិត្តគំនិតរបស់អស់អ្នកដែលយើងសេពគប់យ៉ាងជិតស្និទ្ធ»។ រាប់ពាន់ឆ្នាំមុន ព្រះគម្ពីរបានចែងស្រដៀងគ្នានឹងនេះថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភាសិត ១៣:២០; កូរិនថូសទី១ ១៥:៣៣
គំរូនៃអាកប្បកិរិយាខាងចិត្តគំនិតត្រឹមត្រូវ
៣. តើអ្នកណាធ្លាប់មានអាកប្បកិរិយាខាងចិត្តគំនិតដែលជាគំរូល្អ ហើយតើយើងអាចយកតម្រាប់តាមទ្រង់យ៉ាងដូចម្ដេច?
៣ ព្រះយេស៊ូគ្រីស្ទបានធ្វើជាគំរូល្អបំផុតចំពោះអាកប្បកិរិយាខាងចិត្តគំនិត ដូចជាទ្រង់បានជាគំរូដ៏ល្អបំផុតក្នុងគ្រប់ទិដ្ឋភាព។ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ»។ (យ៉ូហាន ១៣:១៥) ដើម្បីឲ្យបានដូចព្រះយេស៊ូ នោះមុនដំបូងយើងត្រូវតែរៀនអំពីទ្រង់សិន។a យើងសិក្សាអំពីព្រះជន្មរបស់ព្រះយេស៊ូ ដោយមានបំណងធ្វើដូចជាសាវ័កពេត្រុសបានជូនយោបល់ថា៖ «ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ (ពេត្រុសទី១ ២:២១) គោលដៅរបស់យើងគឺឲ្យបានដូចព្រះយេស៊ូ ហើយឲ្យបានច្រើនបំផុតតាមតែលទ្ធភាពដែលអាចធ្វើទៅបាន។ នេះរួមបញ្ចូលការបណ្ដុះបណ្ដាលអាកប្បកិរិយាខាងចិត្តគំនិតដូចទ្រង់ដែរ។
៤, ៥. តើលក្ខណៈអ្វីពីអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះយេស៊ូដែលបានត្រូវបញ្ជាក់នៅរ៉ូម ១៥:១-៣ ហើយតើដូចម្ដេចដែលគ្រីស្ទានទាំងឡាយអាចត្រាប់តាមទ្រង់?
៤ តើការមានអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះយេស៊ូរួមបញ្ចូលអ្វីខ្លះ? ជំពូក១៥នៃសំបុត្ររបស់ប៉ុលទៅកាន់ពួករ៉ូមជួយយើងរកចម្លើយចំពោះសំនួរនេះ។ ក្នុងខពីរបីនៅដើមជំពូកនេះ ប៉ុលបានសំដៅទៅគុណសម្បត្ដិមួយដ៏ល្អប្រពៃរបស់ព្រះយេស៊ូ ពេលដែលគាត់និយាយថា៖ «គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្ដីកំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្ដីចែងទុកមកថា៖ ‹សេចក្ដីដំនៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ›»។—រ៉ូម ១៥:១-៣
៥ ដោយយកតម្រាប់តាមអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះយេស៊ូ នោះពួកគ្រីស្ទានបានត្រូវលើកទឹកចិត្តឲ្យប្រុងប្រៀបជានិច្ច ក្នុងការបំរើដល់សេចក្ដីត្រូវការរបស់អ្នកឯទៀត ដោយចិត្តសុភាពជាជាងចង់តែបំពេញចិត្តខ្លួនឯងប៉ុណ្ណោះ។ ប្រាកដហើយ ការសុខចិត្តជួយអ្នកឯទៀតដោយចិត្តសុភាព គឺជាលក្ខណៈរបស់អ្នក«ដែលមានកំឡាំង»។ ព្រះយេស៊ូដែលមានកម្លាំងខាងវិញ្ញាណច្រើនជាងមនុស្សឯទៀតដែលធ្លាប់រស់នៅ បានមានបន្ទូលអំពីអង្គទ្រង់ថា៖ «ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) ដោយព្រោះយើងជាពួកគ្រីស្ទាន យើងចង់ខិតខំជួយអ្នកដទៃ នេះរួមបញ្ចូលអ្នក«ដែលគ្មានកំឡាំង»ផងដែរ។
៦. តើតាមរបៀបណាដែលយើងអាចត្រាប់តាមការប្រព្រឹត្តតបរបស់ព្រះយេស៊ូ ចំពោះការប្រឆាំងនិងការតិះដៀល?
៦ លក្ខណៈមួយទៀតដ៏ប្រសើរដែលព្រះយេស៊ូបានសម្ដែងឲ្យឃើញ នោះគឺជារបៀបគិតនិងការប្រព្រឹត្តដែលតែងតែវិជ្ជមានជានិច្ច។ ទ្រង់មិនដែលអនុញ្ញាតឲ្យអាកប្បកិរិយាខាងចិត្តគំនិតដ៏អវិជ្ជមានរបស់អ្នកឯទៀត មានឥទ្ធិពលលើអាកប្បកិរិយាខាងចិត្តគំនិតដ៏ល្អល្អះរបស់ទ្រង់ចំពោះការថ្វាយបង្គំព្រះទេ ហើយយើងក៏មិនគួរឲ្យអាកប្បកិរិយាខាងចិត្តគំនិតដ៏អវិជ្ជមានមានឥទ្ធិពលលើយើងដែរ។ ពេលដែលទ្រង់ត្រូវគេតិះដៀលឬក៏បៀតបៀនដោយព្រោះទ្រង់ថ្វាយបង្គំព្រះយ៉ាងស្មោះត្រង់ នោះទ្រង់បានស៊ូទ្រាំយ៉ាងអត់ធ្មត់ដោយមិនត្អូញត្អែរទេ។ ទ្រង់ជ្រាបដឹងថា អស់អ្នកដែលខិតខំបំពេញចិត្តអ្នកជិតខាងរបស់គេ«សំរាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង» អាចទន្ទឹងថានឹងមានការប្រឆាំងពីលោកីយ៍នេះដែលគ្មានជំនឿនិងគ្មានការយល់ដឹងនោះ។
៧. តើព្រះយេស៊ូបានសម្ដែងការអត់ធ្មត់យ៉ាងដូចម្ដេច និងហេតុអ្វីក៏យើងអាចធ្វើដូច្នេះដែរ?
៧ ព្រះយេស៊ូក៏បានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតសមត្រឹមត្រូវតាមរបៀបផ្សេងទៀត។ ទ្រង់មិនដែលបានបង្ហាញចិត្តមិនអត់ធ្មត់ចំពោះព្រះយេហូវ៉ាទេ ក៏ប៉ុន្តែបានរង់ចាំយ៉ាងអត់ធ្មត់សំរាប់ការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ១១០:១; ម៉ាថាយ ២៤:៣៦; កិច្ចការ ២:៣២-៣៦; ហេព្រើរ ១០:១២, ១៣) ម្យ៉ាងវិញទៀត ព្រះយេស៊ូមិនដែលមានព្រះទ័យអខន្តីចំពោះពួកអ្នកដែលដើរតាមទ្រង់ឡើយ។ ទ្រង់បានមានបន្ទូលប្រាប់គេថា៖ «រៀននឹងខ្ញុំ» ក៏ប៉ុន្តែដោយសារទ្រង់«ស្លូត» នោះការណែនាំរបស់ទ្រង់បានស្អាងចិត្តឡើងនិងបានជួយកំសាន្តចិត្ត។ ម្យ៉ាងទៀត ដោយទ្រង់មាន«ចិត្តសុភាព» នោះទ្រង់មិនដែលគិតថាខ្លួនទ្រង់សំខាន់ជាងគេឡើយឬក៏បំពានសិទ្ធិរបស់អ្នកឯទៀតដែរ។ (ម៉ាថាយ ១១:២៩) ប៉ុលបានលើកទឹកចិត្តយើងឲ្យយកតម្រាប់តាមលក្ខណៈនេះរបស់អាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះយេស៊ូ ពេលប៉ុលនិយាយថា៖ «ត្រូវតែមានគំនិតគិត[អាកប្បកិរិយាខាងចិត្តគំនិត]ដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្ដីដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង»។—ភីលីព ២:៥-៧
៨, ៩. (ក) ម្ដេចក៏យើងត្រូវតែប្រឹងប្រែងដើម្បីបណ្ដុះបណ្ដាលអាកប្បកិរិយាខាងចិត្តគំនិតដ៏មិនសួនតួ? (ខ) ហេតុអ្វីយើងមិនគួរធ្លាក់ទឹកចិត្ត បើសិនជាយើងមិនបានត្រាប់តាមទាំងស្រុងនូវគំរូដែលព្រះយេស៊ូបានទុកឲ្យ និងតើតាមរបៀបណាដែលប៉ុលបានជាគំរូល្អចំពោះរឿងនេះ?
៨ ការនិយាយថាយើងចង់ជួយអ្នកដទៃ និងគិតពីសេចក្ដីត្រូវការរបស់គេមុនគិតអំពីខ្លួន នេះគឺជាការស្រួលនិយាយមែន។ ក៏ប៉ុន្តែ ការពិនិត្យមើលយ៉ាងចំៗនូវអាកប្បកិរិយាខាងចិត្តគំនិតរបស់យើង ប្រហែលជានឹងបង្ហាញថា ចិត្តយើងមិនសមស្របទាំងស្រុងនឹងគំនិតនោះទេ។ ម្ដេចក៏អ៊ីចឹង? ទីមួយ ពីព្រោះយើងបានទទួលជាមរតកនូវលក្ខណៈសួនតួពីអ័ដាមនិងអេវ៉ា។ ទីពីរ គឺពីព្រោះយើងរស់នៅក្នុងលោកីយ៍មួយដែលបង្កើតឲ្យមានភាពសួនតួ។ (អេភេសូរ ៤:១៧, ១៨) ការបណ្ដុះបណ្ដាលឲ្យមានអាកប្បកិរិយាខាងចិត្តគំនិតមួយដែលមិនសួនតួ តម្រូវឲ្យយើងបណ្ដុះបណ្ដាលរបៀបគិតមួយដែលផ្ទុយពីភាពមិនគ្រប់ល័ក្ខណ៍របស់យើង។ នេះតម្រូវនូវការតាំងចិត្តនិងការព្យាយាម។
៩ ភាពមិនគ្រប់ល័ក្ខណ៍របស់យើងស្តែងឲ្យឃើញថា គឺផ្ទុយស្រឡះពីគំរូដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ ហើយហេតុការណ៍នេះអាចជួនកាលធ្វើឲ្យយើងធ្លាក់ទឹកចិត្តទៀតផង។ យើងប្រហែលជានឹងសង្ស័យថា គ្មានលទ្ធភាពនឹងមានអាកប្បកិរិយាខាងចិត្តគំនិតដូចព្រះយេស៊ូនោះឡើយ។ ក៏ប៉ុន្តែ សូមកត់សម្គាល់នូវពាក្យដ៏លើកទឹកចិត្តរបស់ប៉ុល៖ «ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង»។ (រ៉ូម ៧:១៨, ១៩, ២២,២៣) ពិតមែន ភាពមិនគ្រប់ល័ក្ខណ៍របស់ប៉ុល បានធ្វើការរារាំងជាច្រើនដង មិនឲ្យគាត់បំពេញព្រះហឫទ័យរបស់ព្រះតាមបំណងគាត់ឡើយ ក៏ប៉ុន្តែអាកប្បកិរិយាខាងចិត្តគំនិតរបស់គាត់ ដែលរួមបញ្ចូលគំនិតនិងអារម្មណ៍របស់គាត់ចំពោះព្រះយេហូវ៉ា បានជាគំរូដ៏ល្អ។ អាកប្បកិរិយាខាងចិត្តគំនិតរបស់យើងក៏អាចអ៊ីចឹងដែរ។
ការកែតម្រង់អាកប្បកិរិយាខាងចិត្តគំនិតដ៏ខុស
១០. តើប៉ុលបានលើកទឹកចិត្តពួកអ្នកនៅក្រុងភីលីពឲ្យបណ្ដុះបណ្ដាលអាកប្បកិរិយាខាងចិត្តគំនិតអ្វី?
១០ តើមានអ្នកខ្លះដែលប្រហែលជាត្រូវតែកែតម្រង់អាកប្បកិរិយាខាងចិត្តគំនិតដ៏ខុសរបស់គេឬទេ? គឺមានមែន។ នេះតាមមើលទៅ ជាករណីរបស់ពួកគ្រីស្ទានខ្លះនៅសតវត្សទីមួយ។ ប៉ុលបាននិយាយអំពីការមានអាកប្បកិរិយាខាងចិត្តគំនិតត្រឹមត្រូវក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកភីលីព។ គាត់បានសរសេរថា៖ «មិនមែនថា ខ្ញុំបានទទួល[ជីវិតនៅស្ថានសួគ៌តាមរយៈដំណើររស់ឡើងវិញមុនដំបូង] ឬថា ខ្ញុំបានគ្រប់ល័ក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្ដី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្ដីនេះ១ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្ដីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ ដូច្នេះ យើងទាំងអស់គ្នាដែលគ្រប់ល័ក្ខណ៍ហើយ យើងត្រូវមានគំនិតយ៉ាងនោះឯង[អាកប្បកិរិយាខាងចិត្តគំនិត]»។—ភីលីព ៣:១២-១៥
១១, ១២. តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្ហាញឲ្យយើងឃើញ នូវអាកប្បកិរិយាខាងចិត្តគំនិតដ៏ត្រឹមត្រូវ?
១១ ពាក្យរបស់ប៉ុលបង្ហាញថា អ្នកណាដែលបានទៅជាគ្រីស្ទាន ប៉ុន្តែមានអារម្មណ៍ថាខ្លួនមិនចាំបាច់លូតលាស់ចំរើនឡើង អ្នកនោះមានអាកប្បកិរិយាខាងចិត្តគំនិតខុស។ អ្នកនោះបានខកខានយកតម្រាប់តាមអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះគ្រីស្ទ។ (ហេព្រើរ ៤:១១; ពេត្រុសទី២ ១:១០; ៣:១៤) តើករណីរបស់អ្នកនោះគឺគ្មានលទ្ធភាពកែប្រែទេឬ? គឺមិនអ៊ីចឹងសោះ។ ព្រះអាចជួយយើងឲ្យកែប្រែអាកប្បកិរិយាខាងចិត្តគំនិតរបស់យើង បើសិនជាយើងពិតជាចង់ធ្វើអ៊ីចឹងមែន។ ប៉ុលបាននិយាយបន្តថា៖ «បើអ្នករាល់គ្នាមាន គំនិត[អាកប្បកិរិយាខាងចិត្តគំនិត]ណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសំដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្ដីនេះដែរ[អាកប្បកិរិយាខាងចិត្តគំនិត]»។—ភីលីព ៣:១៥
១២ ក៏ប៉ុន្តែ បើសិនជាព្រះយេហូវ៉ាសម្ដែងឲ្យយើងឃើញនូវអាកប្បកិរិយាខាងចិត្តគំនិតដ៏ត្រឹមត្រូវ នោះយើងត្រូវតែចាត់វិធានការ។ ការសិក្សានូវព្រះបន្ទូលរបស់ព្រះទាំងអធិស្ឋាន ដោយប្រើជាជំនួយនូវប្រកាសនវត្ថុគ្រីស្ទាន ដែល«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»ផ្គត់ផ្គង់ឲ្យនោះ នឹងឲ្យសមត្ថភាពដល់អ្នក«មានគំនិត[អាកប្បកិរិយាខាងចិត្តគំនិត]ណាផ្សេង»ឲ្យបណ្ដុះបណ្ដាលអាកប្បកិរិយាខាងចិត្តគំនិតត្រឹមត្រូវ។ (ម៉ាថាយ ២៤:៤៥) អ្នកចាស់ទុំគ្រីស្ទានដែលបានត្រូវជ្រើសតាំងដោយព្រះវិញ្ញាណបរិសុទ្ធ «ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះ»នឹងមានសោមនស្សក្នុងការជួយគាំទ្រអ្នក។ (កិច្ចការ ២០:២៨) យើងមានកតញ្ញូធម៌ខ្លាំងយ៉ាងណាទៅហ្ន៎! ដែលព្រះយេហូវ៉ាគិតពីភាពមិនគ្រប់ល័ក្ខណ៍របស់យើង និងផ្ដល់ជំនួយដល់យើងដោយសេចក្ដីស្រឡាញ់។ ចូរឲ្យយើងទទួលនូវជំនួយនោះ។
ការរៀនពីអ្នកឯទៀត
១៣. តើយើងអាចរៀនអ្វីពីកំណត់ហេតុអំពីយ៉ូបស្តីពីអាកប្បកិរិយាខាងចិត្តគំនិតដ៏ត្រឹមត្រូវនោះ?
១៣ ក្នុងរ៉ូមជំពូក១៥ ប៉ុលបង្ហាញថាការរំពឹងគិតពីគំរូក្នុងប្រវត្ដិសាស្ត្រ អាចជួយយើងកែតម្រង់អាកប្បកិរិយាខាងចិត្តគំនិតរបស់យើង។ គាត់បានសរសេរថា៖ «ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) ពីសម័យមុនៗ អ្នកបំរើខ្លះរបស់ព្រះយេហូវ៉ាត្រូវតែកែតម្រង់ចំណុចខ្លះនៃអាកប្បកិរិយាខាងចិត្តគំនិតរបស់គេ។ ជាឧទាហរណ៍ ជាទូទៅលោកយ៉ូបមានអាកប្បកិរិយាខាងចិត្តគំនិតល្អប្រសើរ។ គាត់មិនដែលបានចោទថាព្រះគឺអាក្រក់ ហើយគាត់ក៏មិនបានអនុញ្ញាតឲ្យការរងទុក្ខវេទនាពង្រីងនូវទំនុកចិត្តរបស់គាត់ទៅលើព្រះឡើយ។ (យ៉ូប ១:៨, ២១, ២២) ក៏ប៉ុន្តែ គាត់មានទម្លាប់ចាត់ទុកខ្លួនគាត់ជាមនុស្សសុចរិត។ ព្រះយេហូវ៉ាបានណែនាំឲ្យអេលីហ៊ូវជួយកែតម្រង់ទម្លាប់នេះរបស់យ៉ូប។ ជាជាងអាម៉ាស់មុខ យ៉ូបបានយល់ព្រមយ៉ាងសុភាពថា គាត់ត្រូវតែកែប្រែអាកប្បកិរិយាខាងចិត្តគំនិត និងបានចាប់ផ្ដើមតម្រង់ខ្លួនយ៉ាងឆាប់រហ័ស។—យ៉ូប ៤២:១-៦
១៤. បើសិនជាយើងត្រូវគេជូនឱវាទយើងអំពីអាកប្បកិរិយាខាងចិត្តគំនិតរបស់យើង តើយើងអាចត្រាប់តាមយ៉ូបយ៉ាងណា?
១៤ តើយើងនឹងប្រព្រឹត្តដូចយ៉ូបឬទេ បើសិនជាគ្រីស្ទានម្នាក់ប្រាប់យើងយ៉ាងសប្បុរសថា យើងកំពុងតែសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតមួយដ៏ខុសនោះ? ដោយធ្វើដូចយ៉ូប សូមកុំឲ្យយើង«ប្រកាន់ទោសដល់ព្រះ»។ (យ៉ូប ១:២២) បើសិនជាយើងរងទុក្ខដោយអយុត្ដិធម៌ កុំឲ្យយើងត្អូញត្អែរ ឬថាព្រះយេហូវ៉ាទទួលខុសត្រូវចំពោះការពិបាករបស់យើង។ ចូរឲ្យយើងជៀសវាងពីការដំកើងខ្លួនជាសុចរិតដោយនឹកចាំថា ទោះបីយើងមានឯកសិទ្ធិអ្វីក៏ដោយក្នុងការបំរើព្រះយេហូវ៉ា យើងនៅគ្រាន់តែជា«បាវបំរើឥតកំរៃដល់ម្ចាស់ទេ»។—លូកា ១៧:១០
១៥. (ក) តើអ្នកតាមព្រះយេស៊ូបានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតអាក្រក់អ្វី? (ខ) តើតាមរបៀបណាដែលពេត្រុសបានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតដ៏ប្រសើរ?
១៥ ក្នុងកំឡុងសតវត្សទីមួយ អ្នកខ្លះដែលបានស្ដាប់ព្រះយេស៊ូ ក៏បានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតដ៏មិនត្រឹមត្រូវដែរ។ នៅគ្រាមួយ ព្រះយេស៊ូបានមានបន្ទូលអំពីអ្វីមួយដែលពិបាកយល់។ ជាការតបឆ្លើយ«ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្ដាប់ណាស់តើអ្នកណាយល់បាន?»។ អស់អ្នកដែលបាននិយាយអ៊ីចឹងច្បាស់ជាបានមានអាកប្បកិរិយាខាងចិត្តគំនិតខុស។ ម្ល៉ោះហើយ អាកប្បកិរិយាខាងចិត្តគំនិតខុសរបស់គេបាននាំឲ្យគេឈប់ស្ដាប់ព្រះយេស៊ូតទៅទៀត។ កំណត់ហេតុព្រះគម្ពីរប្រាប់ថា៖ «តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ»។ តើសិស្សទាំងអស់បានមានអាកប្បកិរិយាខាងចិត្តគំនិតខុសអ៊ីចឹងទេ? អត់ទេ។ កំណត់ហេតុនោះបន្តថា៖ «នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា៖ ‹អ្នករាល់គ្នាចង់ថយទៅដែរឬ?›។ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ ‹ព្រះអម្ចាស់អើយ! តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ?›»។ នោះពេត្រុសបានឆ្លើយសំនួររបស់ខ្លួនដោយនិយាយថា៖ «គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»។ (យ៉ូហាន ៦:៦០, ៦៦-៦៨) នេះជាអាកប្បកិរិយាខាងចិត្តគំនិតល្អប្រសើរណាស់ហ្ន៎! ពេលដែលយើងប្រទះការពន្យល់ ឬការកែប្រែក្នុងការយល់ដឹងពីព្រះគម្ពីរ ដែលយើងប្រហែលជាពិបាកទទួលស្គាល់នៅដើមដំបូង តើមិនល្អជាងទេឬបើសិនជាយើងបង្ហាញអាកប្បកិរិយាខាងចិត្តគំនិតដ៏ល្អដូចពេត្រុសនោះ? គឺជាអ្វីដែលបង្ហាញនូវសេចក្ដីចំកួតយ៉ាងណាទៅហ្ន៎! បើសិនជាយើងឈប់បំរើព្រះយេហូវ៉ា ឬចាប់ផ្ដើមនិយាយអ្វីផ្ទុយពី«ពាក្យត្រឹមត្រូវ» គ្រាន់តែដោយសារមានអ្វីខ្លះដែលដំបូង គឺពិបាកយល់នោះ។—ធីម៉ូថេទី២ ១:១៣
១៦. តើអ្នកដឹកនាំសាសនាយូដានៅសម័យព្រះយេស៊ូបានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតដ៏ទ្រគោះអ្វី?
១៦ ពួកអ្នកដឹកនាំសាសនាយូដានៅសតវត្សទីមួយ បានខកខានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតដូចព្រះគ្រីស្ទបានសម្ដែង។ ពួកគេបានសម្ដែងថាគេបានតាំងចិត្តមិនស្ដាប់ព្រះយេស៊ូ ពេលដែលឡាសារបានត្រូវទ្រង់ប្រោសឲ្យរស់ឡើងវិញពីសេចក្ដីស្លាប់។ ចំពោះអស់អ្នកដែលមានអាកប្បកិរិយាខាងចិត្តគំនិតត្រឹមត្រូវ អព្ភូតហេតុនោះនឹងបានជាភស្តុតាងជាក់លាក់ថា ព្រះបានចាត់ឲ្យព្រះយេស៊ូមក។ ក៏ប៉ុន្តែ យើងអានថា៖ «នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា៖ ‹តើយើងត្រូវធ្វើដូចម្ដេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក នឹងជាតិយើងផង›»។ តើអ្វីជាដំណោះស្រាយរបស់គេ? «ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ»។ ក្រៅពីការរួមគំនិតធ្វើផែនការសម្លាប់ព្រះយេស៊ូ ពួកគេក៏តាំងចិត្តដើម្បីបំផ្លាញចោលនូវទីសំអាងដែលបញ្ជាក់ថា ព្រះយេស៊ូជាអ្នកធ្វើអព្ភូតហេតុ។ «ពួកសង្គ្រាជ គេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ»។ (យ៉ូហាន ១១:៤៧, ៤៨, ៥៣; ១២:៩-១១) គឺជាអ្វីដ៏គួរស្អប់ខ្ពើមមែនហ្ន៎! បើសិនជាយើងបណ្ដុះបណ្ដាលអាកប្បកិរិយាខាងចិត្តគំនិតស្រដៀងគ្នានឹងនេះ ហើយនិងទៅជាខឹងឬមួម៉ៅចិត្តអំពីរឿងដែលតាមការពិតគួរធ្វើឲ្យយើងអរសប្បាយវិញនោះ។ ពិតមែន និងជាអ្វីដែលអាចនាំមកនូវគ្រោះថ្នាក់មែនហ្ន៎!
ការយកតម្រាប់តាមអាកប្បកិរិយាដ៏វិជ្ជមានរបស់ព្រះយេស៊ូ
១៧. (ក) តើដានីយ៉ែលបានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតក្លាហានក្នុងកាលៈទេសៈអ្វី? (ខ) តើព្រះយេស៊ូបានបង្ហាញការក្លាហានយ៉ាងដូចម្ដេច?
១៧ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាតែងតែមានអាកប្បកិរិយាខាងចិត្តគំនិតវិជ្ជមានជានិច្ច។ ពេលសត្រូវរបស់ដានីយ៉ែលបានមូលគំនិតចេញច្បាប់មួយ ដែលដាក់បំរាមទៅលើការអំពាវនាវដល់ព្រះណាឬមនុស្សណាលើកលែងតែដល់ស្តេច ក្នុងរយៈពេល៣០ថ្ងៃ នោះដានីយ៉ែលដឹងថានេះបានបំពារបំពានទៅលើទំនាក់ទំនងរបស់គាត់នឹងព្រះយេហូវ៉ា។ តើគាត់នឹងជៀសវាងមិនអធិស្ឋានទូលព្រះយេហូវ៉ាអស់៣០ថ្ងៃឬទេ? អត់ទេ គាត់បានបន្តយ៉ាងក្លាហានក្នុងការអធិស្ឋានទូលព្រះយេហូវ៉ាដល់បីដងក្នុងមួយថ្ងៃ តាមទម្លាប់របស់គាត់។ (ដានីយ៉ែល ៦:៦-១៧) ព្រះយេស៊ូក៏បានបដិសេធមិនព្រមឲ្យសត្រូវរបស់ទ្រង់បន្លាចទ្រង់ទេ។ នៅថ្ងៃឈប់សំរាកមួយ ទ្រង់បានជួបបុរសម្នាក់ដែលស្វិតដៃ។ ព្រះយេស៊ូបានជ្រាបថាប្រជាជនយូដាជាច្រើននាក់នឹងមិនពេញចិត្ត បើសិនជាទ្រង់បានធ្វើឲ្យមនុស្សម្នាក់ជាឡើងវិញនៅថ្ងៃឈប់សំរាក។ ទ្រង់បានមានបន្ទូលសួរគេយ៉ាងចំៗឲ្យប្រាប់ពីអារម្មណ៍របស់គេអំពីរឿងនេះ។ ពេលគេមិនព្រមឆ្លើយ នោះព្រះយេស៊ូបានធ្វើឲ្យបុរសនោះជាឡើងវិញទៅ។ (ម៉ាកុស ៣:១-៦) ព្រះយេស៊ូមិនដែលបានរួញរាខ្លាចក្នុងការបំពេញកិច្ចការរបស់ទ្រង់ តាមរបៀបដែលទ្រង់គិតថាគឺជាត្រឹមត្រូវនោះឡើយ។
១៨. ហេតុអ្វីបានជាមនុស្សខ្លះប្រឆាំងនឹងយើង ប៉ុន្តែតើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះអាកប្បកិរិយាខាងចិត្តគំនិតដ៏អវិជ្ជមានរបស់គេ?
១៨ សព្វថ្ងៃនេះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាទទួលស្គាល់ ថាគេមិនត្រូវឲ្យការតបស្នងតាមរបៀបអវិជ្ជមានរបស់អ្នកប្រឆាំងបន្លាចគេទេ។ ពុំនោះសោត ពួកគេមិនអាចសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះយេស៊ូទេ។ មនុស្សជាច្រើននាក់ប្រឆាំងស្មរបន្ទាល់ព្រះយេហូវ៉ា ខ្លះដោយសារខ្វះខាតនូវការយល់ដឹងត្រឹមត្រូវ និងអ្នកឯទៀតប្រឆាំងដោយសារដំណឹងដែលគេផ្សព្វផ្សាយ។ ក៏ប៉ុន្តែ កុំឲ្យយើងអនុញ្ញាតឲ្យអាកប្បកិរិយាខាងចិត្តគំនិតដ៏អវិជ្ជមានរបស់គេ មានអានុភាពទៅលើអាកប្បកិរិយាខាងចិត្តគំនិតដ៏វិជ្ជមានរបស់យើង។ យើងមិនគួរឲ្យអ្នកដទៃបង្គាប់យើងអំពីរបៀបដែលយើងថ្វាយបង្គំទេ។
១៩. តើតាមរបៀបណាដែលយើងអាចសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតដូចព្រះយេស៊ូគ្រីស្ទ?
១៩ ព្រះយេស៊ូបានសម្ដែងអាកប្បកិរិយាខាងចិត្តគំនិតដ៏វិជ្ជមានជានិច្ច ចំពោះអ្នកដើរតាមទ្រង់និងចំពោះការរៀបចំរបស់ព្រះ មិនថាការធ្វើអ៊ីចឹងគឺពិបាកយ៉ាងណាក៏ដោយ។ (ម៉ាថាយ ២៣:២, ៣) យើងគួរយកតម្រាប់តាមគំរូរបស់ទ្រង់។ ពិតមែន បងប្អូនរបស់យើងគឺមិនគ្រប់ល័ក្ខណ៍ ក៏ប៉ុន្តែ យើងក៏មិនគ្រប់ល័ក្ខណ៍ដូចគ្នា។ ហើយ តើមានកន្លែងណាទៀតដែលយើងអាចរកឃើញនូវមិត្តដ៏ល្អ និងស្មោះស្ម័គ្រក្រៅពីភាតរភាពដ៏ទូទាំងពិភពលោករបស់យើងទេ? ព្រះយេហូវ៉ាមិនទាន់ប្រទានឲ្យយើងនូវការយល់ដឹងគ្រប់សព្វពីព្រះបន្ទូលរបស់ទ្រង់ទេ ក៏ប៉ុន្តែ តើមានអង្គការសាសនាផ្សេងទៀតដែលយល់ច្រើនជាងយើងឬទេ? ចូរឲ្យយើងរក្សាឲ្យមានអាកប្បកិរិយាខាងចិត្តគំនិតដ៏ត្រឹមត្រូវជានិច្ច គឺជាអាកប្បកិរិយាខាងចិត្តគំនិតដូចព្រះគ្រីស្ទ។ នេះរួមបញ្ចូលការចេះរង់ចាំព្រះយេហូវ៉ា ដូចជាយើងនឹងពិគ្រោះក្នុងអត្ថបទជាបន្ទាប់នេះ។
[កំណត់សម្គាល់]
a សៀវភៅ បុរសម្នាក់ដ៏ឧត្តមបំផុតដែលធ្លាប់មានព្រះជន្មរស់នៅ បោះពុម្ពដោយ សមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ពិគ្រោះអំពីព្រះជន្មនិងកិច្ចបំរើរបស់ព្រះយេស៊ូ។ (ជាភាសាអង់គ្លេស)
តើអ្នកអាចពន្យល់បានទេ?
• តើតាមរបៀបណាដែលជីវិតរបស់យើងទទួលឥទ្ធិពលពីអាកប្បកិរិយាខាងចិត្តគំនិតរបស់យើង?
• ចូរពិពណ៌នាពីអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះគ្រីស្ទ។
• តើយើងរៀនអ្វីពីអាកប្បកិរិយាខាងចិត្តគំនិតរបស់យ៉ូប?
• តើអ្វីជាអាកប្បកិរិយាខាងចិត្តគំនិតដ៏ត្រឹមត្រូវ ពេលដែលប្រឈមមុខនឹងការប្រឆាំង?
[រូបភាពនៅទំព័រ៩]
ការសិក្សាព្រះបន្ទូលរបស់ព្រះ ទាំងអធិស្ឋាន ជួយយើងឲ្យយកតម្រាប់តាមអាកប្បកិរិយាខាងចិត្តគំនិតរបស់ព្រះគ្រីស្ទ