ចូរយកតម្រាប់តាមចិត្តគំនិតរបស់ព្រះយេស៊ូ!
១ ទោះជាយើងមិនធ្លាប់ឃើញរាជបុត្រារបស់ព្រះក៏ពិតមែន តែយើងពិតជាស្រឡាញ់ទ្រង់តាមរយៈឯកសារព្រះគម្ពីរអំពីព្រះជន្មនិងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូ។ (១ពេ. ១:៨) ដោយការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតា នោះព្រះយេស៊ូបានលះបង់ចោលមុខតំណែងដ៏រុងរឿងនៅស្ថានសួគ៌ ហើយបានយាងមកផែនដី។ ជាមនុស្សមួយរូប ទ្រង់បានបំរើអ្នកដទៃដោយគ្មានអត្តទត្ថភាព ហើយរួចមក ទ្រង់បានប្រទានព្រះជន្មទ្រង់ជំនួសមនុស្សជាតិ។ (ម៉ាថ. ២០:២៨) ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងថា៖ «[ចូរ]មានគំនិតគិត[ឬ«ចិត្តគំនិត», ព.ថ.]ដូចជាព្រះគ្រីស្ទយេស៊ូវវិញ»។ ព្រះយេស៊ូបានបង្ហាញចិត្តគំនិតសុខចិត្តលះបង់ប្រយោជន៍ខ្លួន តើយើងអាចយកតម្រាប់តាមទ្រង់យ៉ាងដូចម្ដេច?—ភី. ២:៥-៨
២ នៅពេលដែលមានអារម្មណ៍អស់កម្លាំង: ថ្វីបើព្រះយេស៊ូជាមនុស្សគ្រប់ល័ក្ខណ៍ក៏ដោយ ក៏ទ្រង់នៅអស់ព្រះកាយពលដែរ។ នៅគ្រាមួយ ទ្រង់បានធ្វើបន្ទាល់យ៉ាងសព្វគ្រប់ដល់ស្ត្រីសាសន៍សាម៉ារីម្នាក់ ទោះជាទ្រង់«អស់កម្លាំងក្នុងការធ្វើដំណើរ»ក៏ដោយ។ (យហ. [យ៉ូន.] ៤:៦, ខ.ស.) នៅសព្វថ្ងៃនេះ ជនគ្រីស្ទានជាច្រើននាក់ក៏ប្រឈមមុខនឹងការពិបាកស្រដៀងគ្នាដែរ។ ក្រោយពីធ្វើការងារនឿយហត់ក្នុងមួយសប្ដាហ៍ នោះអាចជាការពិបាកឲ្យមានកម្លាំងចូលរួមកិច្ចការផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ ប្រសិនបើយើងចូលរួមផ្សព្វផ្សាយជាទៀងទាត់ នោះយើងដឹងថា កិច្ចបំរើផ្សាយនឹងពង្រឹងកម្លាំងចិត្តយើងខាងវិញ្ញាណវិញ។—យ៉ូន. ៤:៣២-៣៤
៣ នៅគ្រាមួយទៀត ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ធ្វើដំណើរទៅទីស្ងាត់ដោយឡែកដើម្បីឈប់សំរាកបន្ដិចសិន។ ប៉ុន្តែ មនុស្សជាច្រើនបានដឹងអំពីនេះ ហើយក៏នាំគ្នារត់ទៅជួបព្រះយេស៊ូនិងសិស្សទ្រង់នៅទីនោះ។ ជាជាងមានព្រះទ័យខ្ញាល់ នោះព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិតដល់គេ» ហើយទ្រង់បាន«ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាក. ៦:៣០-៣៤) យើងក៏ត្រូវមានចិត្តគំនិតបែបនេះដែរ ពេលចាប់ផ្ដើមនិងដឹកនាំការសិក្សាព្រះគម្ពីរនោះ។ យើងត្រូវមានការខំព្យាយាមនិងមានសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះមនុស្ស។ ប្រសិនបើអ្នកមិនទាន់ដឹកនាំការសិក្សាព្រះគម្ពីរទេ ចូរកុំរសាយការព្យាយាមដើម្បីរកសិស្សព្រះគម្ពីរឡើយ។
៤ ចូរទុករឿងខាងវិញ្ញាណជាអាទិភាព: ការបំរើជាអ្នកត្រួសត្រាយជំនួយអាចជួយយើងឲ្យប្រមូលអារម្មណ៍លើកិច្ចការខាងវិញ្ញាណ។ ប្អូនស្រីគ្រីស្ទានម្នាក់បានសរសេរថា៖ «ម្ដាយមិត្តរបស់ខ្ញុំបានលើកទឹកចិត្តយើងទាំងពីរនាក់ឲ្យបំរើជាអ្នកត្រួសត្រាយជំនួយជាមួយគាត់អស់មួយខែ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលយើងបានចូលរួមបំរើជាអ្នកត្រួសត្រាយជំនួយជាមួយគាត់។ ខ្ញុំក៏សប្បាយចិត្តដោយស្គាល់បងប្អូនប្រុសស្រីបានច្រើនជាង ហើយមិនយូរប៉ុន្មានផង ពួកគាត់ដូចជាគ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏ចូលចិត្តដោយមានឱកាសច្រើនក្នុងការប្រាប់អ្នកដទៃអំពីព្រះយេហូវ៉ា និងបង្រៀនពួកគេអំពីសេចក្ដីពិតដ៏អស្ចារ្យនៃព្រះរាជាណាចក្រ។ កិច្ចការទាំងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ចូលកាន់តែជិតព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់»។—ទំនុក. ៣៤:៨
៥ យើងម្នាក់ៗប្រឈមមុខនឹងការប្រយុទ្ធមួយរវាងសាច់ឈាមឥតគ្រប់ល័ក្ខណ៍របស់យើង និងសេចក្ដីប្រាថ្នាចង់ផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា។ (រ៉ូម ៧:២១-២៣) យើងត្រូវតែទប់ទល់នឹងវិញ្ញាណរបស់លោកីយ៍ដែលមិនចង់ឲ្យយើងខំប្រឹងយកតម្រាប់តាមព្រះយេស៊ូ។ (ម៉ាថ. ១៦:២២, ២៣) តាមរយៈវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ទ្រង់អាចជួយយើងឲ្យទទួលជោគជ័យបាន។ (កា. ៥:១៦, ១៧) ក្នុងកំឡុងពេលដែលយើងរង់ចាំការរំដោះឲ្យចូលទៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ សូមឲ្យយើងយកតម្រាប់តាមចិត្តគំនិតរបស់ព្រះយេស៊ូ ដោយទុកប្រយោជន៍ខាងព្រះរាជាណាចក្រនិងមនុស្សឯទៀតជាអាទិភាពមុនប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង។—ម៉ាថ. ៦:៣៣; រ៉ូម ១៥:១-៣
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះយេស៊ូបានបង្ហាញនូវចិត្តគំនិតយ៉ាងណា?
២. តើជនគ្រីស្ទានជាច្រើនប្រឈមមុខនឹងការពិបាកអ្វី? ហើយតើអ្វីដែលអាចជួយពួកគាត់ឲ្យយកឈ្នះនឹងការពិបាកនេះ?
៣. ព្រះយេស៊ូបានស្ម័គ្រព្រះទ័យបង្រៀនមនុស្ស តើយើងអាចយកតម្រាប់តាមទ្រង់យ៉ាងដូចម្ដេច?
៤. តើការបំរើជាអ្នកត្រួសត្រាយជំនួយអាចជួយយើងឲ្យយកតម្រាប់តាមចិត្តគំនិតរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច?
៥. ហេតុអ្វីក៏យើងត្រូវខំប្រឹងយកតម្រាប់តាមចិត្តគំនិតរបស់ព្រះយេស៊ូជានិច្ច?