តើភាពស្អាតរួមបញ្ចូលអ្វីខ្លះ?
ដោយសារមានភាពក្រខ្វក់គ្មានអនាម័យដែលនឹកស្មានមិនដល់នៅទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកក្នុងកំឡុងសតវត្សទី១៨និង១៩នោះ សាសនទូតនៅសម័យនោះបានផ្សព្វផ្សាយអ្វីមួយដែលត្រូវហៅថា«លទ្ធិនៃភាពស្អាតស្អំ»។ លទ្ធិនេះបានប្រៀបផ្ទឹមភាពស្មោកគ្រោកស្មើនឹងបាប សោតឯភាពស្អាតស្អំវិញ បានត្រូវចាត់ទុកជាអ្វីដែលធ្វើឲ្យមនុស្សអាចមានភាពជិតស្និទ្ធជាងជាមួយព្រះ។ ប្រហែលជានេះគឺជាហេតុដែលមានពាក្យស្លោកជាភាសាអង់គ្លេសដែលថា«ភាពស្អាតស្អំគឺជាការកោតខ្លាចព្រះ»។
នេះជាទស្សនៈដែលសាសនាឈ្មោះថា កងទ័ពនៃសេចក្ដីសង្គ្រោះបានកាន់តាម ដែលជាសាសនាបង្កើតដោយលោកវិលៀមប៊ូតនិងលោកស្រីខាតារេនប៊ូត។ យោងទៅតាមសៀវភៅមួយមានចំណងជើងថា សុខភាពនិងវេជ្ជសាស្ត្រតាមទំនៀមទំលាប់របស់អ្នកផ្សព្វផ្សាយសាសនា ក្នុងសៀវភៅនេះមានពាក្យស្លោកដំបូងមួយរបស់សាសនាកងទ័ពសេចក្ដីសង្គ្រោះដែលថា៖ «សាប៊ូ ស៊ុប និងសេចក្ដីសង្គ្រោះ»។ លុះក្រោយមក លោកឡូអ៊ីស ប៉ាស្ទ័រនិងអ្នកឯទៀតបានបង្ហាញយ៉ាងច្បាស់ថា មនុស្សកើតជម្ងឺដោយសារបាក់តេរី។ ដោយផ្អែកលើវិទ្យាសាស្ត្រ របកគំហើញនេះបានផ្ដល់ឲ្យមនុស្សមានមូលហេតុកាន់តែច្រើនថែមទៀត ដើម្បីខំប្រឹងរកវិធីការពារសុខភាពសាធារណជនឲ្យបានល្អជាង។
វិធានការដែលបានត្រូវអនុវត្តភ្លាមៗ គឺគេមិនតម្រូវឲ្យសាក្សីក្នុងតុលាការថើបព្រះគម្ពីរ ហើយក៏ឈប់ប្រើកែវតែមួយសំរាប់សិស្សទាំងអស់នៅសាលា និងនៅស្ថានីយអយស្ម័យយានទៀតហើយ។ គេក៏បានឈប់ប្រើពែងតែមួយសំរាប់មនុស្សទាំងអស់នៅពិធីសាសនាទៀតដែរ ហើយបានជំនួសដោយចែកកែវម្នាក់មួយៗឲ្យវិញ។ ពិតមែនហើយ អ្នកទាំងនោះនៅសម័យដើមបានត្រួសត្រាយផ្លូវក្នុងការកែប្រែទស្សនៈរបស់មនុស្សចំពោះភាពស្អាតស្អំនិងមានអនាម័យ។ មនុស្សបានព្យាយាមក្នុងរឿងនេះដល់ម្ល៉េះបានជាអ្នកនិពន្ធមួយរូបបានហៅការខំប្រឹងនោះថា«ស្នេហារវាងមនុស្សនិងភាពស្អាតស្អំ»។
ក៏ប៉ុន្តែ មើលទៅដូចជា«ស្នេហារវាងមនុស្សនិងភាពស្អាតស្អំ»នេះ មានភាពរាក់កំផែលមែនទែន។ មិនយូរប៉ុន្មានក្រោយមក អ្នកជំនួញបានជញ្ជក់យកប្រយោជន៍ពីសាប៊ូធម្មតាឲ្យក្លាយជាផលិតផលដែលមនុស្សត្រូវការដើម្បីកែសម្ផស្ស។ អ្នកផ្សាយពាណិជ្ជកម្មដ៏ឆ្លៀវឆ្លាតបានធ្វើឲ្យអ្នកទិញជឿជាក់ថា ការប្រើប្រាស់ផលិតផលសំរាប់ការសំអិតសំអាងខ្លួននោះ នឹងជាឈ្នាន់ឲ្យគេមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមដែលនឹងធ្វើឲ្យអ្នកផ្សេងទៀតច្រណែន។ ឥឡូវ ទូរទស្សន៍ក៏ផ្សព្វផ្សាយឲ្យមនុស្សមានគំនិតដូច្នេះដែរ។ មនុស្សក្នុងឈុតផ្សាយពាណិជ្ជកម្មនិងរឿងប្រលោមលោកដែលមើលទៅដូចជាមានជីវិតដ៏ជោគជ័យនិងត្រចះត្រចង់នោះ គឺកម្រឃើញគេបោសសំអាតផ្ទះ បោសទីធ្លា រើសសម្រាមបោះចោល ឬក៏ចោលលាមកសត្វឆ្មានិងឆ្កែដែលគេចិញ្ចឹមនោះណាស់។
ក៏មានអ្នកដែលគិតថា ការរកស៊ីក្រៅផ្ទះជួយឲ្យមានលុយចិញ្ចឹមជីវិតខ្លួន តែកិច្ចការផ្ទះនិងការបោសសំអាតមិនផ្ដល់ឲ្យកំរៃទេ។ ហើយ ដោយសារគេមិនបានលុយពីការថែរក្សាបរិស្ថាន តើគេចាំបាច់ថែរក្សាធ្វើអ្វី? លទ្ធផលមួយពីការនេះគឺថា មនុស្សខ្លះគិតថាភាពស្អាតស្អំសំដៅទៅលើតែរូបកាយរបស់ខ្លួនឯងប៉ុណ្ណោះ។
ទស្សនៈរបស់ព្រះចំពោះភាពស្អាតស្អំ
គ្មានការសង្ស័យទេដែលថា ការខំប្រឹងនៅសម័យមុនៗនោះ ពិតជាបានជួយមនុស្សលើកស្ទួយជីវភាពរស់នៅរបស់គេ។ ហើយនេះគឺត្រឹមត្រូវដែរ ពីព្រោះភាពស្អាតស្អំជាគុណសម្បត្ដិមួយដែលជារបស់ផងព្រះ និងក៏ផ្ដើមចេញពីព្រះដ៏ស្អាតស្អំហើយបរិសុទ្ធជាព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាបង្រៀនយើងឲ្យទទួលប្រយោជន៍ដើម្បីបានបរិសុទ្ធនិងស្អាតស្អំក្នុងគ្រប់ការទាំងអស់របស់យើង។—អេសាយ ៤៨:១៧; ពេត្រុសទី១ ១:១៥
ព្រះយេហូវ៉ាគឺជាគំរូដ៏ប្រសើរខាងរឿងនេះ។ ភាពស្អាតស្អំថែមទាំងគុណសម្បត្ដិផ្សេងទៀតរបស់ព្រះ គឺសឲ្យឃើញដោយមើលអ្វីដែលទ្រង់បានបង្កើតនោះ។ (រ៉ូម ១:២០) យើងសង្កេតឃើញថា អ្វីៗដែលទ្រង់បានបង្កើតមិនបណ្ដាលឲ្យមានភាពក្រខ្វក់ដែលនៅបានយូរទេ។ ផែនដីនេះឯងដែលមានវដ្ដធម្មជាតិជាច្រើនអាចសំអាតដោយឯកឯងយ៉ាងអស្ចារ្យ ហើយបានត្រូវគ្រោងបង្កើតសំរាប់ការរស់នៅដ៏ស្អាតស្អំនិងបង្កឲ្យមានសុខភាពល្អផងដែរ។ ដំណើរការដ៏ស្អាតស្អំបែបនេះអាចមកតែពីតំរិះរបស់អ្នកគ្រោងបង្កើតដ៏ស្អាតស្អំនេះប៉ុណ្ណោះ។ ដូច្នេះ យើងអាចសន្និដ្ឋានថា អ្នកដែលថ្វាយបង្គំព្រះត្រូវស្អាតស្អំក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់គេ។
ភាពស្អាតស្អំទាំងបួនយ៉ាង
ព្រះគម្ពីរបញ្ជាក់អំពីភាពស្អាតស្អំទាំងបួនយ៉ាងដែលអ្នកថ្វាយបង្គំព្រះត្រូវខិតខំធ្វើតាមនោះ។ យើងសូមពិចារណានូវភាពស្អាតស្អំទាំងបួននេះ។
ស្អាតស្អំខាងវិញ្ញាណ។ នេះអាចត្រូវចាត់ទុកជាភាពស្អាតស្អំដ៏សំខាន់បំផុត ពីព្រោះនេះជាប់ពាក់ព័ន្ធនឹងលទ្ធភាពទទួលជីវិតជារៀងរហូត។ ក៏ប៉ុន្តែ ភាពស្អាតស្អំនេះត្រូវគេធ្វើព្រងើយច្រើនជាងភាពស្អាតស្អំឯទៀតៗ។ បើនិយាយឲ្យស្រួលយល់ទៅ ភាពស្អាតស្អំខាងវិញ្ញាណបានសេចក្ដីថា យើងមិនដែលរំលងកំហិតដែលព្រះបានកំណត់រវាងការថ្វាយបង្គំពិតនិងការថ្វាយបង្គំមិនពិតនោះទេ ដ្បិតព្រះចាត់ទុកការថ្វាយបង្គំសព្វបែបយ៉ាងដ៏មិនពិតជាអ្វីដ៏មិនស្អាតស្អំ។ សាវ័កប៉ុលបានសរសេរថា៖ ‹ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរចេញពីកណ្ដាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា›។ (កូរិនថូសទី២ ៦:១៧) លោកយ៉ាកុបក៏បានពន្យល់យ៉ាងជាក់លាក់អំពីរឿងនេះដែរដោយថា៖ «សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យ . . . រក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។—យ៉ាកុប ១:២៧
ព្រះបានបង្ហាញយ៉ាងច្បាស់ថា ទ្រង់មិនសព្វព្រះហឫទ័យនឹងការលាយឡំសាសនាមិនពិតជាមួយនឹងសាសនាពិតរបស់ទ្រង់ឡើយ។ សាសនាមិនពិតច្រើនតែរួមបញ្ចូលការប្រព្រឹត្តដ៏ស្មោកគ្រោកនិងរូបបដិមាករនិងរូបព្រះដ៏គួរឲ្យខ្ពើម។ (យេរេមា ៣២:៣៥) ហេតុនេះហើយ ជនគ្រីស្ទានពិតត្រូវជំរុញឲ្យជៀសឲ្យផុតពីការអ្វីដែលជាប់ទាក់ទងនឹងសាសនាដែលមិនស្អាតស្អំ។—កូរិនថូសទី១ ១០:២០, ២១; វិវរណៈ ១៨:៤
ស្អាតស្អំខាងសីលធម៌។ ព្រះក៏បានបញ្ជាក់យ៉ាងក្បោះក្បាយដែរឲ្យដឹងអ្វីដ៏ស្អាតស្អំនិងអ្វីដ៏ស្មោកគ្រោកស្តីពីរឿងសីលធម៌។ ជាទូទៅ ពិភពលោកយើងនេះ បានចុះអាប់ឱនដូចអេភេសូរ ៤:១៧-១៩ ពណ៌នានោះថា៖ «គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ . . .គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្ដីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្ដីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ»។ គំនិតដ៏ប្រាសចាកសីលធម៌បែបនេះគឺសឲ្យឃើញតាមវិធីផ្សេងៗជាច្រើន មិនថាតាមវិធីដែលអាចមើលឃើញផ្ទាល់នឹងភ្នែកឬតាមវិធីលួចលាក់ក៏ដោយ ដូច្នេះ គ្រីស្ទានទាំងឡាយត្រូវការពារខ្លួន។
អ្នកដែលស្រឡាញ់ព្រះដឹងថា ពេស្យាចារ ការរួមដំណេកជាមួយមនុស្សភេទដូចគ្នា ការរួមដំណេកមុនរៀបការ និងរូបអាសអាភាសគឺខុសនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីពីភាពស្អាតស្អំខាងសីលធម៌។ ក៏ប៉ុន្តែ តាមធម្មតា ការប្រព្រឹត្តបែបនេះត្រូវបញ្ចេញឲ្យឃើញតាមនាទីកំសាន្តនិងតាមពិភពបង្ហាញម៉ូដ។ ដូច្នេះ ជនគ្រីស្ទានត្រូវការពារខ្លួនកុំបណ្ដែតបណ្ដោយតាមនិន្នាការទាំងនេះ។ ការស្លៀកពាក់ប៉ផុតប៉ផើយលេចលើលេចក្រោមទៅប្រជុំឬក៏ជប់លៀងសំណេះសំណាលបងប្អូននោះ ទាក់ទាញឲ្យគេមានចំណាប់អារម្មណ៍ហួសហេតុទៅលើរូបរាងកាយយើង ហើយក៏បញ្ជាក់ថាយើងបានភ្លាត់ចាកសីលធម៌ដ៏ស្អាតស្អំ។ នោះនាំមកនូវគំនិតស្មោកគ្រោករបស់លោកីយ៍នេះចូលមកក្នុងភាតរភាពគ្រីស្ទានរបស់យើង។ ហើយការស្លៀកពាក់យ៉ាងនោះក៏អាចបង្កើតគំនិតដ៏មិនស្អាតស្អំក្នុងចិត្តអ្នកដទៃបានដែរ។ នេះជារឿងមួយដែលតម្រូវឲ្យគ្រីស្ទានគ្រប់រូបប្រឹងប្រែងបង្ហាញថា ខ្លួនមាន«ប្រាជ្ញាដែលមកពីស្ថានលើ»។—យ៉ាកុប ៣:១៧
ស្អាតស្អំខាងគំនិត។ គំនិតដ៏ដែលមើលមិនឃើញរបស់យើងមិនត្រូវជាអ្វីដែលមិនស្អាតស្អំឡើយ។ ព្រះយេស៊ូបានព្រមានអំពីគំនិតដ៏មិនស្អាតស្អំពេលទ្រង់មានបន្ទូលថា៖ «សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»។ (ម៉ាថាយ ៥:២៨; ម៉ាកុស ៧:២០-២៣) បន្ទូលនេះក៏សំដៅយ៉ាងចំៗដែរទៅលើការមើលរូបនិងកុនអាសអាភាស ការអានរឿងដ៏អាសអាភាសអំពីការរួមដំណេក ថែមទាំងការស្ដាប់បទភ្លេងដែលមានសំដីធ្វើឲ្យនឹកគិតដល់កាមគុណ។ ដូច្នេះ គ្រីស្ទានទាំងឡាយត្រូវការពារខ្លួនមិនឲ្យក្លាយជាស្មោកគ្រោកដោយគិតអំពីអ្វីដ៏មិនស្អាតស្អំ ដែលអាចបណ្ដាលឲ្យគេមានសំដីឬការប្រព្រឹត្តដ៏មិនបរិសុទ្ធនិងមិនស្អាតស្អំនោះទេ។—ម៉ាថាយ ១២:៣៤; ១៥:១៨
ស្អាតស្អំខាងរូបកាយ។ ក្នុងព្រះគម្ពីរ ភាពបរិសុទ្ធនិងភាពស្អាតស្អំខាងរូបកាយគឺជាប់ទាក់ទងគ្នា។ ជាឧទាហរណ៍ លោកប៉ុលបានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។ (កូរិនថូសទី២ ៧:១) ដូច្នេះ គ្រីស្ទានពិតខិតខំរក្សាឲ្យរូបកាយ ផ្ទះ និងបរិស្ថានរបស់គេស្អាតស្អំនិងមានរបៀបរៀបរយតាមតែលទ្ធភាពរបស់គេ។ សូម្បីតែនៅកន្លែងដែលឥតសូវមានទឹកក៏ដោយ បណ្ដាគ្រីស្ទានគួរខំប្រឹងអស់ពីសមត្ថភាពដើម្បីរក្សាឲ្យខ្លួនស្អាតស្អំមិនឲ្យទាស់ភ្នែកអ្នកដទៃ។
ភាពស្អាតស្អំខាងរូបកាយមិនអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំជក់សព្វបែបយ៉ាង ផឹកស្រាច្រើនហួសប្រមាណ ឬក៏ប្រើថ្នាំតាមរបៀបផ្ដេសផ្ដាស ពីព្រោះនោះបង្ខូចរូបកាយយើងនិងធ្វើឲ្យយើងស្មោកគ្រោកវិញ។ អ្នកគង្វាលនៅសៀវភៅបទចំរៀងសាឡូម៉ូនបានស្រឡាញ់ក្លិនក្រអូបនៃសំលៀកបំពាក់របស់នារីសាសន៍ស៊ូឡាម។ (បទចំរៀងសាឡូម៉ូន ៤:១១) ការសំអាតខ្លួនបង្ហាញថាយើងមានសេចក្ដីស្រឡាញ់ ពីព្រោះយើងមិនចង់ឲ្យអ្នកនៅជុំវិញយើងត្រូវទ្រាំនឹងក្លិនមិនល្អរបស់យើងទេ។ ទឹកអប់ប្រហែលជាក្រអូបឈ្ងុយឈ្ងប់មែន តែនោះមិនអាចជួសនឹងការមុជទឹកជាទៀងទាត់និងសំលៀកបំពាក់ដែលបានត្រូវបោកស្អាតនោះទេ។
ទស្សនៈដែលប្រកបទៅដោយតុល្យភាព
ជួនកាល មនុស្សខ្លះគិតហួសហេតុអំពីភាពស្អាតស្អំខាងរូបកាយ។ ការប្រកាន់គំនិតហួសហេតុអំពីភាពស្អាតស្អំអាចធ្វើឲ្យយើងលែងសប្បាយនឹងជីវិត។ នោះក៏អាចស៊ីពេលវេលាយ៉ាងច្រើនផងដែរ។ ប៉ុន្តែ ម្យ៉ាងវិញទៀត ផ្ទះដ៏ក្រខ្វក់និងគ្មានរបៀបរៀបរយ ប្រហែលជានឹងខាតលុយច្រើនក្នុងការជួសជុល។ រវាងទស្សនៈទាំងពីរខាងលើដ៏ហួសហេតុនោះ នាំឲ្យមានទស្សនៈមួយដ៏សមហេតុសមផលនឹងមានតុល្យភាពចំពោះការរៀបចំផ្ទះឲ្យបានស្អាតនិងមិនទាស់ភ្នែក។
កុំដាក់អីវ៉ាន់ច្រើនពេក។ ផ្ទះឬបន្ទប់ណាដែលមានអីវ៉ាន់ច្រើនពេកគឺពិបាកបោសសំអាតណាស់ ហើយដីក៏ពិបាកបោសសំអាតដែរពេលមានរបស់របរនៅស្អេកស្កះដូច្នោះ។ ផ្ទះដ៏សាមញ្ញនិងមិនសូវមានអីវ៉ាន់ច្រើនពេកមិនត្រូវការពេលច្រើនដើម្បីបោសសំអាតនោះទេ។ ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យមានជីវភាពរស់នៅដ៏សាមញ្ញដោយចែងថា៖ «បើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។—ធីម៉ូថេទី១ ៦:៨
រៀបចំផ្ទះឲ្យមានរបៀបរៀបរយ។ ផ្ទះដ៏ស្អាតស្អំគឺជាភារកិច្ចរបស់បុគ្គលម្នាក់ៗដែលរស់នៅក្នុងផ្ទះនោះ។ ផ្ទះមិនស្អាតស្អំផ្ដើមចេញពីបន្ទប់មួយៗដ៏មិនស្អាតស្អំ។ របៀបរៀបរយមានន័យថា របស់របរទាំងអស់នៅកន្លែងត្រឹមត្រូវរបស់វា។ ជាឧទាហរណ៍ កន្លែងសំរាប់ដាក់ខោអាវប្រឡាក់មិនមែននៅលើដីទេ។ សំខាន់ជាងនោះទៅទៀតគឺថា ប្រដាប់ក្មេងលេងឬឧបករណ៍ផ្សេងៗដែលបានចោលរាត់រាយអាចបង្កគ្រោះថ្នាក់បាន។ គ្រោះថ្នាក់ជាច្រើនក្នុងផ្ទះគឺកើតចេញពីទំលាប់មិនល្អខាងរបៀបរៀបរយ។
ដូចជាអ្នកយល់ឃើញស្រាប់ហើយនោះ ភាពស្អាតស្អំនិងរបៀបរស់នៅរបស់ជនគ្រីស្ទាន គឺផ្សារជាប់គ្នាយ៉ាងស្អិតរមួត។ ព្យាការីអេសាយបានស្តីពីរបៀបរស់នៅដែលពេញព្រះហឫទ័យព្រះជា«ផ្លូវបរិសុទ្ធ»។ គាត់ក៏បន្ថែមគំនិតមួយដែលបញ្ជាក់ភាពធ្ងន់ធ្ងរនោះដោយថា៖ «ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ»។ (អេសាយ ៣៥:៨) ពិតមែនហើយ ការបណ្ដុះបណ្ដាលទម្លាប់ល្អខាងភាពស្អាតស្អំ ជាភស្តុតាងជាក់ច្បាស់ថាយើងជឿទៅលើសេចក្ដីសន្យារបស់ព្រះដែលថា បន្ដិចទៀត ទ្រង់នឹងប្រតិស្ឋានផែនដីមនោរម្យមួយដ៏ស្អាត។ ពេលនោះ នៅគ្រប់ទីកន្លែងនៅលើភពផែនដីដ៏សែនស្អាតនេះ មនុស្សគ្រប់រូបនឹងដំកើងសរសើរព្រះយេហូវ៉ាដោយអនុវត្តយ៉ាងពេញលេញទៅតាមខ្នាតតម្រាដ៏សុក្រឹតរបស់ទ្រង់ខាងភាពស្អាតស្អំ។—វិវរណៈ ៧:៩
[រូបភាពនៅទំព័រ៦]
ផ្ទះដ៏ស្អាតស្អំគឺជាភារកិច្ចរបស់មនុស្សម្នាក់ៗ ដែលរស់នៅក្នុងផ្ទះនោះ
[រូបភាពនៅទំព័រ៧]
ភពផែនដីយើងនេះអាចសំអាត ដោយឯកឯងរបស់វាយ៉ាងអស្ចារ្យ