រូបភាពសាសនាមានតាំងពីបុរាណរហូតមក
«រូបភាពសាសនាជួយបើកផ្លូវឲ្យយើងមានភាពបរិសុទ្ធនិងចិត្តល្អរួមជាមួយព្រះនិងពួកបរិស័ទរបស់ទ្រង់»។—សាសនាគ្រីស្ទនិកាយអូធូដុក្សសាសន៍ក្រិចនៅប្រទេសអូស្ដ្រាលី
នៅថ្ងៃមួយក្នុងខែសីហា មានធាតុអាកាសក្ដៅស្អុះស្អាប់ណាស់ ហើយរស្មីព្រះអាទិត្យបញ្ចាំងចំកាំជណ្ដើរថ្មដែលជាផ្លូវទៅឯទីសំណាក់របស់ពួកសង្ឃនៅកោះទីន័រ នាសមុទ្រអេជេន ដែលទីនោះហៅថា «មាតាបរិសុទ្ធបំផុតរបស់ព្រះ»។ ទោះបីជាមានធាតុអាកាសក្ដៅស្អុះស្អាប់យ៉ាងណាក៏ដោយ ក៏មិនអាចបន្ថយនូវចិត្តខ្នះខ្នែងរបស់មនុស្ស២៥.០០០នាក់ ដែលកំពុងតែហែដោយដើរតំរៀបជួរគ្នានោះទេ ពួកគេធ្វើដូច្នេះតាមទំនៀមទំលាប់ខាងសាសនាគ្រីស្ទនិកាយអូធូដុក្សសាសន៍ក្រិច។ ពួកគេដើរយឺតៗឆ្ពោះទៅរករូបភាពសាសនា ជារូបគំនូរមាតារបស់ព្រះយេស៊ូដែលតុបតែងយ៉ាងល្អប្រណីត។
យុវនារីពិការជើងម្នាក់ដែលមានទឹកមុខស្រពាប់ស្រពោននោះ នាងវារទៅមុខមានឈាមហូរចេញពីជង្គង់ទាំងឈឺពើតផ្សាផង។ នៅក្បែរនាង ក៏មានលោកយាយម្នាក់ហត់ដកដង្ហើមមិនដល់គ្នាលោកយាយបានធ្វើដំណើរតាំងពីឆ្ងាយមក ហើយគាត់ខំពុះពារដើរជាបន្ត។ ហើយក៏មានបុរសវ័យកណ្ដាលម្នាក់មានចិត្តខ្នះខ្នែងផងដែរ គាត់ហត់បែកញើសសស្រាក់ពេលខំប្រឹងដើរកាត់មនុស្សមួយហ្វូងដែលកំពុងតែច្រានទៅច្រានមក។ ពួកគេមានគោលដៅចង់ថើបរូបភាពនាងម៉ារា និងចង់លុតជង្គង់ពីមុខរូបភាពសាសនានោះ។
មនុស្សទាំងប៉ុន្មាននោះច្បាស់ជាកាន់សាសនារបស់គេយ៉ាងស្មោះអស់ពីចិត្តក្នុងការថ្វាយបង្គំព្រះ។ ក៏ប៉ុន្តែ តើពួកគេយល់ដឹងថា ការថ្វាយបង្គំតាមរូបភាពសាសនាបែបនោះមានដើមកំណើតអស់រាប់រយឆ្នាំមុនសាសនាគ្រីស្ទមានទៅទៀតឬទេ?
ការនិយមតាមរូបភាពសាសនា
ទូទៅក្នុងលោកីយ៍នេះមានរូបភាពសាសនាច្រើនណាស់។ រូបភាពសាសនាច្រើនតែបានត្រូវចាត់ទុកជាវត្ថុចាំបាច់ក្នុងការថ្វាយបង្គំ។ ពួកអ្នកជឿតែងលើកកិត្ដិយសដល់រូបភាពបែបនេះដោយថើបនិងអុជធូបអុជទៀនពីមុខរូបភាពនោះផង។ ម្យ៉ាងទៀត ក្នុងផ្ទះភាគច្រើនក៏មានកន្លែងដាក់រូបភាពសាសនាសំរាប់បន់ស្រន់ដល់ព្រះផងដែរ។ មនុស្សជាច្រើនអះអាងថា ពេលគេក្រាបសំពះមុខរូបភាពនេះ គេមានអារម្មណ៍ថាគេមានភាពជិតស្និទ្ធនឹងព្រះ។ មនុស្សជាច្រើនទៀតជឿថា បើមានរូបភាពសាសនានោះគេអាចទទួលព្រះពរពីព្រះនិងរូបទាំងនេះមានឥទ្ធិឫទ្ធិទៀតផង។
ជនគ្រីស្ទានច្រើននាក់ពិតជានឹងភ្ញាក់ផ្អើលដោយដឹងថា បណ្ដាគ្រីស្ទាននៅសតវត្សទីមួយមិនបានយល់ព្រមនឹងការប្រើរូបភាពសាសនាក្នុងការថ្វាយបង្គំទេ។ សៀវភៅមួយចែងថា៖ «ពួកគ្រីស្ទានសម័យដើមបានស្អប់ខ្ពើមនូវការថ្វាយបង្គំរូបព្រះ ដូចពួកសាសន៍យូដាស្អប់ដែរ ហើយក៏មិនព្រមក្រាបសំពះចំពោះរូបភាពបុគ្គលបរិសុទ្ធណាសោះ»។ (Byzantium)សៀវភៅនោះរៀបរាប់ទៀតថា៖ «ចាប់ពីសតវត្សទីប្រាំមកម្ល៉េះ រូបភាពសាសនានិងរូបបដិមាករផ្សេងៗ . . . បានត្រូវនិយមប្រើក្នុងការថ្វាយបង្គំ មិនថាថ្វាយបង្គំផ្ទាល់ខ្លួន ឬជាសាធារណៈក្ដី»។ ការប្រើរូបភាពសាសនាដូចនេះ តើបានចាប់ផ្ដើមពីណាមក?
ការពិនិត្យមើលប្រវត្ដិសាស្ត្រនៃរូបភាពសាសនា
អ្នកស្រាវជ្រាវម្នាក់ឈ្មោះវិតាលី អ៊ីវ៉ានណូវិចពីត្រេងកូ បានសរសេរថា៖ «ទំនៀមទំលាប់ប្រើរូបបដិមាករមាន‹តាំងពីសម័យពួកពាហិរជន› គឺតាំងពីយូរយារណាស់មកហើយ មុនសម័យរបស់ពួកគ្រីស្ទានមានទៅទៀត»។ អ្នកប្រវត្ដិសាស្ត្រច្រើននាក់ឯកភាពគ្នាថា ការគោរពចំពោះរូបភាពសាសនាមានដើមកំណើតពីសាសនានៃសាសន៍ដែលមានតាំងពីបុរាណ ពោលគឺ សាសន៍បាប៊ីឡូន អេស៊ីប និងសាសន៍ក្រិច។ ឧទាហរណ៍ នៅប្រទេសក្រិចពីបុរាណ គេបានឆ្លាក់រូបផ្សេងៗធ្វើជារូបបដិមាករខាងសាសនាគេ។ ពួកសាសន៍ក្រិចបានជឿថា រូបបដិមាករទាំងនោះមានឫទ្ធានុភាពដូចព្រះ។ មនុស្សនានាធ្លាប់គិតថា រូបឆ្លាក់ខ្លះៗនោះបានធ្លាក់មកពីស្ថានសួគ៌ មិនមែនជាអ្វីដែលធ្វើដោយដៃមនុស្សទេ។ ក្នុងកំឡុងពេលបុណ្យពិសេសផ្សេងៗ រូបបដិមាករបែបនោះបានត្រូវគេដង្ហែក្រឡឹងជុំវិញទីក្រុង ហើយគេបានធ្វើយញ្ញបូជាថ្វាយដល់រូបទាំងនោះដែរ។ លោកពីត្រេងកូមានប្រសាសន៍ទៀតថា៖ «ពួកអ្នកជឿបានចាត់ទុករូបឆ្លាក់នោះជាព្រះអង្គ ទោះជាអ្នកខ្លះចង់ . . . បែងចែកព្រះនិងរូបព្រះនោះឯងថាផ្សេងពីគ្នាក្ដី»។
តើគំនិតនិងការប្រព្រឹត្តបែបនេះបានជ្រាបចូលទៅក្នុងគ្រីស្ទសាសនាយ៉ាងណាដែរ? អ្នកស្រាវជ្រាវលោកពីត្រេងកូបានសង្កេតមើលថា ក្នុងកំឡុងប៉ុន្មានសតវត្សបន្ទាប់ពីពួកសាវ័ករបស់ព្រះគ្រីស្ទបានទទួលមរណភាពនោះ «គំនិតរបស់ពួកគ្រីស្ទានបានចូលនឹង‹ជំនឿលាយឡំរបស់ពួកពាហិរជន› ជាពិសេសនៅប្រទេសអេស៊ីប ជំនឿនិងការប្រព្រឹត្តរបស់សាសន៍អេស៊ីប ក្រិច យូដា អាស៊ី និងរ៉ូមបានលាយឡំគ្នា ហើយជំនឿនិងការប្រព្រឹត្តទាំងនេះគេបានយកមកប្រើដំណាលគ្នានឹងជំនឿនិងទំនៀមទំលាប់របស់ពួកគ្រីស្ទានដែរ»។ ជាលទ្ធផល «ពួកសិប្បករបានចាប់ផ្ដើមប្រើវិធី[លាយឡំជំនឿ] ហើយបានកែច្នៃរូបសញ្ញារបស់ពួកពាហិរជនឲ្យទៅជារូបសញ្ញាខាងសាសនាគ្រីស្ទវិញ តែការធ្វើដូច្នេះមិនបានរក្សាការពាររូបសញ្ញាថ្មីទាំងនេះពីឥទ្ធិពលនៃសាសនាពួកពាហិរជនឡើយ»។
មិនយូរប៉ុន្មានទៀត រូបភាពសាសនាបានក្លាយជាអ្វីដ៏សំខាន់ក្នុងជំនឿរបស់មនុស្សម្នាក់ៗ និងក្នុងសាសនាធំៗផងដែរ។ អ្នកប្រវត្ដិវិទូម្នាក់ឈ្មោះវិល ឌូរ៉ាន ក្នុងសៀវភៅរបស់គាត់ជាភាសាអង់គ្លេស ដែលមានចំណងជើងថា សម័យរបស់ពួកអ្នកជឿ គាត់រៀបរាប់អំពីរបៀបដែលរូបភាពសាសនាបានក្លាយជាអ្វីដ៏សំខាន់ដូច្នេះមែនដោយថា៖ «ពេលមនុស្សចាប់ផ្ដើមគោរពថ្វាយបង្គំពួកបរិស័ទរបស់ព្រះយេស៊ូកាន់តែច្រើននាក់ នោះគេក៏ត្រូវការរបៀបសម្គាល់និងចំណាំមិនឲ្យច្រឡំមុខបរិស័ទម្នាក់ៗនោះដែរ។ គេបានចាប់ផ្ដើមគូរគំនូរនាងម៉ារានិងបរិស័ទនិមួយៗយ៉ាងច្រើន ហើយក៏បានគូរគំនូររូបព្រះយេស៊ូតាមដែលគេប៉ាន់ស្មាន និងគំនូរនោះព្រមទាំងឈើឆ្កាងរបស់ទ្រង់បានក្លាយជាអ្វីដែលគេក្រាបសំពះ រហូតដល់អ្នកឆាប់ជឿខ្លះបានចាត់ទុកគំនូរនោះជាវត្ថុស័ក្ដិសិទ្ធិដែលមានឫទ្ធានុភាពផង។ បណ្ដាមនុស្សដែលចេះតែស្រមៃគិតហួសហេតុពេកនោះ បានបណ្ដាលឲ្យវត្ថុបរិសុទ្ធ ព្រមទាំងរូបភាព និងរូបឆ្លាក់ក្លាយជាទីគោរពដែលគួរឲ្យស្រឡាញ់។ បណ្ដាជននោះបានលុតជង្គង់មុខរូបទាំងនោះ ក៏បានថើប និងអុជធូបអុជទៀននៅមុខរូបនោះផងដែរ។ ពួកគេក៏បានតុបតែងលំអរូបនោះដោយផ្កាភ្ញី និងបានសុំឲ្យកើតមានអព្ភូតហេតុពីឥទ្ធិពលអាថ៌កំបាំងរបស់រូបនោះ។ . . . ពួកមេសាសនាគ្រីស្ទរួមជាមួយក្រុមប្រឹក្សាផ្សេងៗ បានពន្យល់បកស្រាយថា រូបបដិមាករនានាមិនមែនជារូបព្រះអង្គទេ តែជាតំណាងទ្រង់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បណ្ដាមនុស្សមិនរវល់បែងចែកភាពខុសគ្នានោះទេ»។
សព្វថ្ងៃនេះ មនុស្សជាច្រើននាក់ដែលប្រើរូបភាពសាសនាក៏បដិសេធដែរថា រូបបដិមាករជាអ្វីដែលគេមានចិត្តគោរពប៉ុណ្ណោះ តែមិនមែនក្រាបថ្វាយបង្គំទេ។ ពួកគេប្រហែលជាអះអាងថា គំនូរខាងសាសនាក៏ជាជំនួយដ៏ល្អត្រឹមត្រូវក្នុងការថ្វាយបង្គំព្រះ ហើយចាំបាច់បំផុត។ អ្នកប្រហែលជាមានអារម្មណ៍ដូចនេះដែរ។ ក៏ប៉ុន្តែ សូមគិតទៅមើលថា តើព្រះអាទិទេពសព្វព្រះហឫទ័យឬក៏មិនសព្វព្រះហឫទ័យ? តើការគោរពចំពោះរូបភាពសាសនាដូចគ្នានឹងការក្រាបថ្វាយបង្គំរូបភាពនោះឬទេ? តើការប្រព្រឹត្តបែបនេះអាចមានគ្រោះថ្នាក់ដែលមើលមិនឃើញឬទេ?
[រូបភាពនៅទំព័រ៤]
ការគោរពរូបបដិមាករមានដើមកំណើតមកពីទំនៀមទំលាប់របស់សាសនាពាហិរជន
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
© AFP/CORBIS