បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៣ ទំ. ២២-២៧
  • ចូរ«ចូលទៅជិតព្រះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«ចូលទៅជិតព្រះ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ«បន្ត​ក្រេប​ជញ្ជក់​ចំណេះ»អំពី​ព្រះ
  • ចូរ​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា
  • ចូរ​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​តាម​រយៈ​សេចក្ដី​អធិស្ឋាន
  • របៀបដែលអ្នកអាចចូលទៅជិតព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • «ទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ‹ចូរចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នកដែរ›
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • តើចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ាគឺពិតប្រាកដយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៣ ទំ. ២២-២៧

ចូរ«ចូល​ទៅ​ជិត​ព្រះ»

«ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។—យ៉ាកុប ៤:៨

១, ២. (ក) តាម​ធម្មតា តើ​មនុស្សជាតិ​អះអាង​ថា​អ្វី? (ខ) តើ​យ៉ាកុប​បាន​ជំរុញ​ទឹក​ចិត្ត​ជន​គ្រីស្ទាន​ដោយ​ពាក្យ​អ្វី? ហេតុ​អ្វី​គាត់​ជូន​ដំបូន្មាន​នោះ?

«ព្រះ​គង់​នៅ​ជា​មួយ​យើង»។ ពាក្យ​ទាំង​នេះ​ត្រូវ​សរសេរ​ជាប់​នឹង​អ្វី​ៗ​ក៏​ដោយ​ដែល​ជា​និមិត្តរូប​របស់​ប្រទេស​ផ្សេង​ៗ និង​សូម្បី​តែ​ឯកសណ្ឋាន​របស់​ទាហាន​នៃ​ប្រទេស​ខ្លះ​ក៏​មាន​ពាក្យ​នេះ​ដែរ។ នៅ​សម័យ​យើង​នេះ ពាក្យ​ថា«យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ» ក៏​បាន​ត្រូវ​បោះ​ពុម្ព​នៅ​លើ​ក្រដាស​ប្រាក់ និង​ឆ្លាក់​នៅ​លើ​កាក់​ដែល​ជា​លុយ​របស់​ប្រទេស​ផ្សេង​ៗ​ដែរ។ គឺ​ជា​ការ​ធម្មតា​ទេ ដែល​មនុស្សជាតិ​អះអាង​ថា ខ្លួន​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​នឹង​យល់​ស្រប​ថា ការ​មាន​ទំនាក់​ទំនង​ដ៏​ពិត​ហើយ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​តម្រូវ​ឲ្យ​មាន​អ្វី​ច្រើន​ជាង មិន​មែន​គ្រាន់​តែ​ពាក្យ​សំដី​ឬ​ក៏​ការ​មាន​ពាក្យ​ស្លោក​មួយ​ដូច​ខាង​លើ​នេះ​តែ​ប៉ុណ្ណោះ​នោះ មែន​ទេ?

២ ព្រះ​គម្ពីរ​បញ្ជាក់​ថា យើង​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​បាន​ពិត​មែន។ ប៉ុន្តែ យើង​ត្រូវ​ព្យាយាម​ទើប​បាន។ សូម្បី​តែ​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​នោះ ក៏​ត្រូវ​ពង្រឹង​នូវ​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ នៅ​សម័យ​នោះ លោក​យ៉ាកុប ជា​ជន​គ្រីស្ទាន​ម្នាក់​ហើយ​ក៏​ជា​អ្នក​ត្រួត​ពិនិត្យ​ដែរ លោក​ត្រូវ​ព្រមាន​ជន​គ្រីស្ទាន​ខ្លះ​អំពី​ភាព​ទន់​ទោរ​ទៅ​រក​គំនិត​និង​ការ​ប្រព្រឹត្ត​ខាង​សាច់​ឈាម ហើយ​ការ​បាត់​បង់​នូវ​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ។ ក្នុង​ដំបូន្មាន​នោះ យ៉ាកុប​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​យ៉ាង​ខ្លាំង​ឲ្យ «ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ាកុប ៤:១​-​១២) តើ​យ៉ាកុប​ចង់​និយាយ​ដូច​ម្ដេច​ដោយ​ប្រើ​ពាក្យ​ថា«ចូល​ទៅ​ជិត»នោះ?

៣, ៤. (ក) អ្នក​ដែល​បាន​អាន​សំបុត្រ​របស់​យ៉ាកុប​នៅ​សតវត្ស​ទី​មួយ តើ​ពួក​គេ​ប្រហែល​ជា​បាន​នឹក​ចាំ​ពី​អ្វី ពេល​ពួក​គេ​ឮ​ពាក្យ​ថា«ចូល​ទៅ​ជិត​ព្រះ»នោះ? (ខ) ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន?

៣ អ្នក​ដែល​បាន​អាន​សំបុត្រ​របស់​យ៉ាកុប ធ្លាប់​ឮ​ឃ្លា​ថា«ចូល​ទៅ​ជិត​ព្រះ»ពី​មុន។ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​មាន​ការ​ណែនាំ​ល្អិត​ល្អន់​សំរាប់​ពួក​សង្ឃ​ស្តី​អំពី​របៀប​ពួក​គេ​ត្រូវ«ចូល​មក​ឯ»ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ជា​រាស្ត្រ​ទ្រង់។ (និក្ខមនំ ១៩:២២) ដូច្នេះ អ្នក​ដែល​បាន​អាន​សំបុត្រ​របស់​យ៉ាកុប​ប្រហែល​ជា​បាន​នឹក​ចាំ​ថា ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​អ្វីដែល​ពួក​គេ​មិន​ត្រូវ​មើល​ស្រាល​នោះ​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​មាន​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើ​សកល​លោក។

៤ ក៏​ប៉ុន្តែ នេះ​សម​ស្រប​នឹង​អ្វី​ដែល​បណ្ឌិត​ព្រះ​គម្ពីរ​មួយ​រូប​បាន​កត់​សម្គាល់​ថា៖ «ការ​ដាស់​តឿន[នៅ​យ៉ាកុប​៤:៨]បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្លាំង​ណាស់»។ យ៉ាកុប​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​អញ្ជើញ​មនុស្សជាតិ​ឥត​គ្រប់​ល័ក្ខណ៍ ឲ្យ​ចូល​មក​ជិត​ទ្រង់​តាំង​តែ​ពី​ដើម​មក។ (របាក្សត្រ​ទី​២ ១៥:២) តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​បាន​បើក​ផ្លូវ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ។ (អេភេសូរ ៣:១១, ១២) សព្វ​ថ្ងៃ​នេះ ផ្លូវ​នេះ​បាន​ត្រូវ​បើក​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ចូល​ទៅ​ជិត​ព្រះ! ក៏​ប៉ុន្តែ តើ​យើង​អាច​ចាប់​ផ្ដើម​ដើរ​ឆ្ពោះ​ទៅ​តាម​ផ្លូវ​ដ៏​ប្រសើរ​ឯក​នេះ​បាន​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​យ៉ាង​ខ្លី​នូវ​វិធី​បី​យ៉ាង​ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន។

ចូរ«បន្ត​ក្រេប​ជញ្ជក់​ចំណេះ»អំពី​ព្រះ

៥, ៦. តើ​ឧទាហរណ៍​អំពី​ពេល​ដែល​សាំយូអែល​នៅ​ក្មេង បញ្ជាក់​ដូច​ម្ដេច​នូវ​អត្ថន័យ​នៃ​ការ«ក្រេប​ជញ្ជក់​ចំណេះ»អំពី​ព្រះ?

៥ យោង​ទៅ​តាម​យ៉ូហាន ១៧:៣ ក្នុង​ព្រះ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ ខ​នេះ​ត្រូវ​បក​ប្រែ​ផ្សេង​ពី​ព្រះ​គម្ពីរ​ឯ​ទៀត​ក្រៅ​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ ជា​ជាង​បក​ប្រែ​ថា«ក្រេប​ជញ្ជក់​ចំណេះ» ព្រះ​គម្ពីរ​ឯ​ទៀត​គ្រាន់​តែ​ដាក់​ពាក្យ​ថា«ស្គាល់»ព្រះ​មួយ​ម៉ាត់​ប៉ុណ្ណោះ។ ប៉ុន្តែ បណ្ឌិត​មួយ​ចំនួន​កត់​សម្គាល់​ថា ខ្លឹម​សារ​នៃ​ពាក្យ​ដើម​ជា​ភាសា​ក្រិច រួម​បញ្ចូល​ច្រើន​ជាង​ការ​ស្គាល់​ទៅ​ទៀត ដែល​នេះ​សំដៅ​លើ​សកម្មភាព​ដែល​បន្ត​ទៅ​មុខ​ជា​និច្ច និង​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ស្គាល់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ទៀត​ផង។

៦ នៅ​សម័យ​ព្រះ​យេស៊ូ ការ​ស្គាល់​ព្រះ​យ៉ាង​ជិត​ស្និទ្ធ​មិន​មែន​ជា​គំនិត​ថ្មី​មួយ​ទេ។ ជា​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ យើង​អាន​ថា នៅ​ពេល​ដែល​សាំយូអែល​នៅ​ជា​កុមារ គាត់«មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​នៅ​ឡើយ​ទេ»។ (សាំយូអែល​ទី​១ ៣:៧) តើ​នេះ​មាន​ន័យ​ថា សាំយូអែល​មិន​សូវ​ដឹង​អំពី​ព្រះ​ឬ? មិន​មាន​ន័យ​ដូច្នេះ​ទេ។ មាតា​បិតា​និង​ពួក​សង្ឃ​ប្រាកដ​ជា​បាន​បង្រៀន​សាំយូអែល​ច្រើន​អំពី​ព្រះ។ ប៉ុន្តែ យោង​ទៅ​តាម​បណ្ឌិត​មួយ​រូប ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​ប្រើ​ក្នុង​ខ​នោះ​អាច«ត្រូវ​ប្រើ​សំរាប់​ភាព​ស្និទ្ធ​ស្នាល​បំផុត»។ មុន​ពេល​ដែល​សាំយូអែល​បំរើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​យេហូវ៉ា​នោះ គាត់​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​ជិត​ស្និទ្ធ​នៅ​ឡើយ​ទេ។ ក្នុង​កាល​ដែល​គាត់​កំពុង​តែ​ធំ​ឡើង គាត់​បាន​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា​ពិត​ប្រាកដ និង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។—សាំយូអែល​ទី​១ ៣:១៩, ២០

៧, ៨. (ក) ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ចំពោះ​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះ​គម្ពីរ? (ខ) តើ​អ្វី​ជា​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​ខ្លះ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​យើង​គួរ​សិក្សា?

៧ តើ​អ្នក​កំពុង​តែ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​ដើម្បី​ស្គាល់​ទ្រង់​យ៉ាង​ជិត​ស្និទ្ធ​ឬ​ទេ? ដើម្បី​ធ្វើ​យ៉ាង​នេះ​អ្នក​ត្រូវ​តែ«ប្រាថ្នា​ចង់​បាន»ម្ហូប​អាហារ​ដែល​ព្រះ​ប្រទាន​ឲ្យ។ (ពេត្រុស​ទី​១ ២:២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) កុំ​ស្កប់​ចិត្ត​នឹង​ការ​រៀន​តែ​សេចក្ដី​បឋម​ៗ​ប៉ុណ្ណោះ។ ចូរ​សំ​ភី​រៀន​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ពី​ព្រះ​គម្ពីរ​ផង​ដែរ។ (ហេព្រើរ ៥:១២​-​១៤) តើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​នឹក​ស្មាន​ថា សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​នោះ​គឺ​ពិបាក​រៀន​ពេក​ឬ? បើ​ដូច្នេះ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​គឺ​ជា«គ្រូ​បង្រៀន​ដ៏​ឧត្តម»។ (អេសាយ ៣០:២០, ព.ថ.) ទ្រង់​ជ្រាប​នូវ​របៀប​បង្រៀន​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​ដល់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍។ ទ្រង់​អាច​ប្រទាន​ពរ​ទៅ​លើ​អ្នក ពេល​ដែល​អ្នក​ព្យាយាម​យល់​នូវ​អ្វី​ដែល​ទ្រង់​កំពុង​តែ​បង្រៀន​អ្នក។—ទំនុក​ដំកើង ២៥:៤

៨ សូម​អញ្ជើញ​ពិនិត្យ​មើល«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»ដោយ​ខ្លួន​ឯង។ (កូរិនថូស​ទី​១ ២:១០) នេះ​មិន​មែន​ជា​សេចក្ដី​បង្រៀន​ដែល​ធ្វើ​ឲ្យ​យើង​ធុញ​ទ្រាន់​នោះ​ទេ ព្រោះ​មិន​មែន​ដូច​ជា​អ្វី​ដែល​សាសនវិទូ​និង​បព្វជិត​ពិនិត្យ​មើល​ឡើយ។ តែ​សេចក្ដី​បង្រៀន​នោះ​មាន​អត្ថប្រយោជន៍ ហើយ​ក៏​ផ្ដល់​ជា​ការ​យល់​ធ្លុះ​ជ្រៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ អំពី​គំនិត​និង​ព្រះ​ទ័យ​របស់​ព្រះ​វរបិតា​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ តម្លៃ​លោះ «សេចក្ដី​អាថ៌​កំបាំង» និង​កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់​និង​ដើម្បី​បំពេញ​គោល​បំណង​របស់​ទ្រង់ ជា​ប្រធាន​ខ្លះ​ក្នុង​ចំណោម​ប្រធាន​ជា​ច្រើន​ឯ​ទៀត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ផ្ដល់​ជា​ផល​ប្រយោជន៍​ជា​ច្រើន​ពេល​យើង​ស្រាវ​ជ្រាវ​និង​សិក្សា។—កូរិនថូស​ទី​១ ២:៧

៩, ១០. (ក) តើ​ហេតុ​អ្វី​បាន​ជា​អំនួត​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន? តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​ជៀស​ផុត​ពី​អំនួត? (ខ) បើ​គិត​ពី​ចំណេះ​អំពី​ព្រះ​យេហូវ៉ា ហេតុ​អ្វី​បាន​ជា​យើង​គួរ​ព្យាយាម​មាន​ចិត្ត​រាប​ទាប​នោះ?

៩ ពេល​អ្នក​ទទួល​ចំណេះ​រឹត​តែ​ច្រើន​អំពី​រឿង​ដ៏​ជ្រាល​ជ្រៅ​ខាង​វិញ្ញាណ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​កើត​អំពី​ចំណេះ ពោល​គឺ​ជា​អំនួត។ (កូរិនថូស​ទី​១ ៨:១) អំនួត​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​មែន ដ្បិត​អំនួត​ពង្រាត់​មនុស្ស​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះ។ (សុភាសិត ១៦:៥; យ៉ាកុប ៤:៦) សូម​ចាំ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​បង្អួត​ចំណេះ​ខ្លួន​ឡើយ។ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ពាក្យ​ដែល​មាន​ក្នុង​អារម្ភកថា​នៃ​សៀវភៅ​មួយ​ដែល​រៀប​រាប់​សមិទ្ធផល​ខាង​វិទ្យា​សាស្ត្រ​របស់​មនុស្សជាតិ​នៅ​ពេល​ថ្មី​ៗ​នេះ។ «កាល​យើង​ចេះ​កាន់​តែ​ច្រើន យើង​កាន់​តែ​ទទួល​ស្គាល់​ថា​យើង​មិន​សូវ​ចេះ​ច្រើន​ទេ។ . . . កាល​បើ​យក​អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​រៀន​មក​ប្រៀប​នឹង​អ្វី​ដែល​យើង​មិន​ទាន់​រៀន​នោះ គឺ​ដូច​ជា​យើង​មិន​បាន​រៀន​អ្វី​សោះ​ឡើយ»។ ការ​ពោល​ដោយ​ចិត្ត​រាប​ទាប​យ៉ាង​នេះ​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ណាស់។ ឥឡូវ ទំរាំ​ដល់​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​ដែល​មាន​ច្រើន​គ្មាន​ព្រំ​ដែន​នោះ យើង​មាន​ហេតុ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ជា​ជាង​អំបាលម៉ាន​ទៅ​ទៀត។ ហេតុ​អ្វី?

១០ សូម​កត់​សម្គាល់​ចំណែង​ព្រះ​គម្ពីរ​ខ្លះ​ៗ​ស្តី​អំពី​ព្រះ​យេហូវ៉ា។ ‹អស់​ទាំង​ព្រះ​តំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់›។ (ទំនុក​ដំកើង ៩២:៥) «ព្រះ​តំរិះ​របស់[ព្រះ​យេហូវ៉ា]ឥត​មាន​ព្រំ​ដែន​ឡើយ»។ (ទំនុក​តម្កើង ១៤៧:៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) «គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់[ព្រះ​យេហូវ៉ា]បាន​ទេ»។ (អេសាយ ៤០:២៨) «អើ​ហ្ន៎! ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ!»។ (រ៉ូម ១១:៣៣) ប្រាកដ​ហើយ យើង​នឹង​មិន​អាច​ដឹង​អ្វី​ៗ​ទាំង​អស់​អំពី​ព្រះ​យេហូវ៉ា​ឡើយ។ (សាស្ដា ៣:១១) ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​នូវ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន តែ​តែង​តែ​មាន​ចំណេះ​ច្រើន​មិន​ចេះ​អស់​ដែល​យើង​នឹង​ត្រូវ​រៀន។ ការ​យល់​ដឹង​អំពី​ចំណុច​នេះ ពិត​ជា​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​និង​មាន​ចិត្ត​រាប​ទាប មែន​ទេ? ដូច្នេះ ពេល​ដែល​យើង​រៀន ចូរ​យើង​ប្រើ​ចំណេះ​របស់​យើង​ជា​និច្ច ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត​ធ្វើ​ដូច្នេះ​ដែរ មិន​មែន​ដើម្បី​លើក​ដំកើង​ខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្នក​ឯ​ទៀត​ឡើយ។—ម៉ាថាយ ២៣:១២; លូកា ៩:៤៨

ចូរ​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា

១១, ១២. (ក) តើ​ចំណេះ​ដែល​យើង​ទទួល​អំពី​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? (ខ) តើ​អ្វី​បង្ហាញ​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​បុគ្គល​ម្នាក់​គឺ​ស្មោះ​ចំពោះ​ព្រះ​ឬ​ក៏​អត់​នោះ?

១១ គឺ​សមរម្យ​ណាស់ ដែល​សាវ័ក​ប៉ុល​បាន​បញ្ជាក់​ទំនាក់​ទំនង​រវាង​ចំណេះ​និង​សេចក្ដី​ស្រឡាញ់។ គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក»។ (ភីលីព ១:៩) ជា​ជាង​ធ្វើ​ឲ្យ​យើង​អួត​ខ្លួន សេចក្ដី​ពិត​ដ៏​វិសេស​ទាំង​ឡាយ​ដែល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ គួរ​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​វរបិតា​យើង​នៅ​ស្ថាន​សួគ៌។

១២ ពិត​ណាស់ មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា ខ្លួន​ស្រឡាញ់​ព្រះ​នោះ ការ​ពិត​ពួក​គេ​មិន​ស្រឡាញ់​ព្រះ​ទេ។ ពួក​គេ​ប្រហែល​ជា​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ក្នុង​ចិត្ត​ពួក​គេ​ពិត​មែន។ អារម្មណ៍​បែប​នេះ​គឺ​ល្អ គួរ​ឲ្យ​សរសើរ​ណាស់ ពេល​សម​ស្រប​ទៅ​តាម​ចំណេះ​ពិត។ ប៉ុន្តែ អារម្មណ៍​បែប​នេះ​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ចំពោះ​ព្រះ​ឡើយ។ ហេតុ​អ្វី? សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​បក​ស្រាយ​ថា​ជា​សេចក្ដី​ស្រឡាញ់: «ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់»។ (យ៉ូហាន​ទី​១ ៥:៣) ដូច្នេះ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ គឺ​ត្រូវ​មាន​ការ​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ព្រម​ជា​មួយ​ដែរ។

១៣. តើ​ការ​កោត​ខ្លាច​ព្រះ​នឹង​ជួយ​យើង​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៣ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់។ ការ​កោត​ខ្លាច​គឺ​ការ​កោត​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​បណ្ដាល​មក​ពី​ការ​ក្រេប​ជញ្ជក់​ចំណេះ​អំពី​ទ្រង់ និង​ការ​រៀន​អំពី​ភាព​បរិសុទ្ធ ភាព​រុង​រឿង តេជានុភាព យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់​ដ៏​គ្មាន​ព្រំ​ដែន​របស់​ទ្រង់។ បើ​យើង​ចង់​ចូល​ទៅ​ជិត​ទ្រង់ ការ​កោត​ខ្លាច​នេះ​គឺ​ត្រូវ​មាន​ជា​ចាំ​បាច់។ តាម​ពិត សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ទំនុក​ដំកើង ២៥:១៤ ចែង​អំពី​ព្រះ​យេហូវ៉ា​ថា៖ «សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ​យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់»។ ដូច្នេះ បើ​យើង​កោត​ក្រែង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដោយ​មិន​ចង់​ធ្វើ​អ្វី​ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​របស់​ទ្រង់ នោះ​យើង​អាច​ចូល​ទៅ​ជិត​ទ្រង់​បាន។ ការ​កោត​ខ្លាច​ព្រះ​នឹង​ជួយ​យើង​ស្ដាប់​តាម​ឱវាទ​នៅ​សុភាសិត ៣:៦ ដែល​ចែង​ថា៖ «ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?

១៤, ១៥. (ក) តើ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ​ជា​រៀង​រាល់​ថ្ងៃ? (ខ) តើ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច ដើម្បី​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ?

១៤ ជា​រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ដែល​រួម​មាន​ទាំង​ការ​សម្រេច​ចិត្ត​សំខាន់​ផង​និង​តូច​តាច​ផង។ ជា​ឧទាហរណ៍ តើ​យើង​នឹង​សន្ទនា​ជា​មួយ​នឹង​អ្នក​ណា អ្នក​ធ្វើ​ការ​ជា​មួយ​យើង មិត្ត​រួម​ថ្នាក់ ឬ​ក៏​អ្នក​ជិត​ខាង​របស់​យើង? (លូកា ៦:៤៥) តើ​អ្នក​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ឬ​ក៏​តើ​អ្នក​ធ្វើ​នោះ​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ? (កូល៉ុស ៣:២៣) តើ​អ្នក​នឹង​ទៅ​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា ឬ​ក៏​តើ​អ្នក​នឹង​ខំ​ពង្រឹង​មិត្តភាព​ជា​មួយ​អ្នក​ដែល​មាន​ភាព​ខាង​វិញ្ញាណ​ខ្លាំង​វិញ? (សុភាសិត ១៣:២០) សូម្បី​តែ​ក្នុង​រឿង​តូច​តាច​ក៏​ដោយ តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា ដើម្បី​នាំ​ឲ្យ​មាន​ប្រយោជន៍​ដល់​ព្រះ​រាជាណាចក្រ​របស់​ព្រះ? (ម៉ាថាយ ៦:៣៣) បើ​គោល​ការណ៍​ក្នុង​បទ​គម្ពីរ​ដូច​ខាង​លើ​នេះ​ណែនាំ​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ នោះ​អ្នក​ពិត​ជា​កំពុង​តែ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា«នៅ​គ្រប់​ទាំង​ផ្លូវ»របស់​ខ្លួន។

១៥ ជា​រៀង​រាល់​ដង​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត យើង​គួរ​សួរ​ខ្លួន​យើង​ថា៖ តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​យ៉ាង​ណា? តើ​ការ​សម្រេច​ចិត្ត​មួយ​ណា​នឹង​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ​បំផុត? (សុភាសិត ២៧:១១) ការ​កោត​ខ្លាច​ព្រះ​តាម​របៀប​នេះ​ជា​វិធី​ដ៏​ប្រសើរ​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ក៏​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ស្អំ​ខាង​វិញ្ញាណ ខាង​សីលធម៌ និង​ខាង​រាង​កាយ​ផង​ដែរ។ សូម​ចាំ​ថា ក្នុង​ខ​ដែល​យ៉ាកុប​ជំរុញ​ជន​គ្រីស្ទាន​ឲ្យ«ចូល​ទៅ​ជិត​ព្រះ»នោះ គាត់​ក៏​បាន​ដាស់​តឿន​ពួក​គេ​ថា៖ «ឱ​ពួក​មាន​បាប​អើយ! ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ! ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ! ចូរ​សំអាត​ចិត្ត​ឡើង!»។—យ៉ាកុប ៤:៨

១៦. ពេល​យើង​ថ្វាយ​ទ្រព្យ​ធន ពេល​វេលា និង​កម្លាំង​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា តើ​នេះ​មិន​បាន​ន័យ​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ថ្វាយ​របស់​ទាំង​នេះ?

១៦ ពិត​ណាស់ ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ច្រើន​ជាង​ការ​ជៀស​ចេញ​ពី​អំពើ​អាក្រក់។ សេចក្ដី​ស្រឡាញ់​ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​ផង​ដែរ។ ជា​ឧទាហរណ៍ តើ​យើង​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​ព្រះ​ទ័យ​ដ៏​សែន​ទូលាយ​របស់​ព្រះ​យេហូវ៉ា? យ៉ាកុប​បាន​សរសេរ​ថា៖ «គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ​វរបិតា​នៃ​ពន្លឺ»។ (យ៉ាកុប ១:១៧) ការ​ពិត ពេល​យើង​ថ្វាយ​ទ្រព្យ​ធន​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា នេះ​មិន​បាន​ន័យ​ថា​យើង​កំពុង​តែ​ជួយ​ទ្រង់​នោះ​ទេ ដ្បិត​ទ្រព្យ​សម្បត្ដិ​និង​ធន​ធាន​ទាំង​អស់​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់។ (ទំនុក​ដំកើង ៥០:១២) ហើយ​នៅ​ពេល​ដែល​យើង​ថ្វាយ​ពេល​វេលា​និង​កម្លាំង​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា នេះ​មិន​បាន​ន័យ​ថា​យើង​កំពុង​តែ​បំពេញ​សេចក្ដី​ត្រូវ​ការ​ដែល​ទ្រង់​មិន​អាច​បំពេញ​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ឡើយ។ សូម្បី​តែ​បើ​យើង​មិន​ព្រម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទាល់​តែ​សោះ ក៏​ទ្រង់​អាច​ធ្វើ​ឲ្យ​ដុំ​ថ្ម​ស្រែក​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​បាន​ដែរ! ដូច្នេះ ហេតុ​អ្វី​យើង​ថ្វាយ​ទ្រព្យ​ធន ពេល​វេលា និង​កម្លាំង​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា? ហេតុ​សំខាន់​បំផុត​នោះ គឺ​ពីព្រោះ​យើង​ចង់​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ដោយ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​យើង។—ម៉ាកុស ១២:២៩, ៣០

១៧. តើ​អ្វី​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ថ្វាយ​ដោយ​អំណរ​ចំពោះ​ព្រះ​យេហូវ៉ា?

១៧ ពេល​យើង​ថ្វាយ​អ្វី​ៗ​ចំពោះ​ព្រះ​យេហូវ៉ា យើង​គួរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​សប្បាយ«ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ»។ (កូរិនថូស​ទី​២ ៩:៧) គោល​ការណ៍​នៅ​ចោទិយកថា ១៦:១៧ អាច​ជួយ​ឲ្យ​យើង​ថ្វាយ​ដោយ​អំណរ ដោយ​ពោល​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​ថ្វាយ​តាម​កំឡាំង​រៀង​ខ្លួន គឺ​តាម​ព្រះ​ពរ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ឲ្យ»។ ពេល​យើង​គិត​ពិចារណា​អំពី​របៀប​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ដ៏​សែន​ទូលាយ​ចំពោះ​យើង នោះ​យើង​ចង់​មាន​ចិត្ត​ទូលាយ​ចំពោះ​ទ្រង់​វិញ​ដែរ។ ការ​ថ្វាយ​បែប​នេះ​តែង​តែ​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ ដូច​ជា​ជំនូន​តូច​មួយ​ដែល​កូន​ជូន​ចំពោះ​មាតា​បិតា​នោះ​តែង​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​ចិត្ត​ណាស់។ ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​តាម​របៀប​នេះ​នឹង​ជួយ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

ចូរ​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​តាម​រយៈ​សេចក្ដី​អធិស្ឋាន

១៨. ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​ពិចារណា​របៀប​យើង​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​យើង​បាន​ល្អ​ឡើង?

១៨ ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ផ្ដល់​ឱកាស​ដ៏​ពិសេស​មួយ ដើម្បី​ទូល​ប្រាប់​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​អំពី​រឿង​អាថ៌​កំបាំង​ដែល​លាក់​កប់​ទុក​ក្នុង​ចិត្ត។ (ភីលីព ៤:៦) ដោយ​ព្រោះ​សេចក្ដី​អធិស្ឋាន​ជា​វិធី​សំខាន់​ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​នោះ យក​ល្អ​យើង​ត្រូវ​ឆ្លៀត​ពេល​ពិនិត្យ​ពិចារណា​ថា តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​គឺ​ល្អ​ប៉ុន​ណា​ទៅ។ នេះ​មិន​មែន​មាន​ន័យ​ថា​សេចក្ដី​អធិស្ឋាន​របស់​យើង​ត្រូវ​តែ​ពីរោះ​ជា​ទី​បំផុត​និង​មាន​ទំ​រង់​ល្អ​បំផុត​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​យើង​ទូល​ចំពោះ​ទ្រង់​នោះ​ត្រូវ​ស្មោះ​អស់​ពី​ចិត្ត​វិញ។ តើ​យើង​អាច​ធ្វើ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​យើង​បាន​ល្អ​ឡើង​បាន​យ៉ាង​ណា?

១៩, ២០. ហេតុ​អ្វី​យើង​គួរ​រំពឹង​គិត​ជា​មុន​អំពី​អ្វី​ដែល​យើង​អធិស្ឋាន? តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​សម​ឲ្យ​យើង​រំពឹង​គិត​នោះ?

១៩ មុន​ដែល​យើង​អធិស្ឋាន យើង​អាច​រំពឹង​គិត​សិន។ បើ​យើង​រំពឹង​គិត​ជា​មុន យើង​នឹង​អាច​មាន​សេចក្ដី​អធិស្ឋាន​ដ៏​ជាក់​លាក់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ខ្លឹម​សារ​យ៉ាង​ជ្រាល​ជ្រៅ​ទៀត​ផង។ ដោយ​ធ្វើ​ដូច​នេះ យើង​នឹង​ជៀស​វាង​ការ​សូត្រ​តាម​តែ​ពាក្យ​ដែល​យើង​តែង​តែ​ធ្លាប់​ប្រើ​រាល់​តែ​ដង។ (សុភាសិត ១៥:២៨, ២៩) ការ​គិត​អំពី​រឿង​ខ្លះ​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​អធិស្ឋាន​ជា​គំរូ និង​រួច​មក​គិត​អំពី​របៀប​ដែល​នោះ​ជាប់​ទាក់​ទង​នឹង​កាលៈទេសៈ​របស់​យើង ប្រហែល​នេះ​អាច​ជួយ​យើង​បាន។ (ម៉ាថាយ ៦:៩​-​១៣) ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​អាច​សួរ​ខ្លួន​យើង​ថា តើ​យើង​អាច​ជួយ​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​សម្រេច​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី? រួច​មក យើង​អាច​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ចិត្ត​ប្រាថ្នា​យ៉ាង​ណា​ដែល​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត ហើយ​សុំ​ទ្រង់​ជួយ​យើង​បំពេញ​ការ​ងារ​ណា​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​មែន​ទេ? តើ​យើង​មាន​កង្វល់​ច្រើន​អំពី​ការ​ចិញ្ចឹម​ជីវិត​ឬ? តើ​យើង​ត្រូវ​ការ​ការ​អត់​ឱន​ទោស​នូវ​បាប​អ្វី​ខ្លះ? ហើយ​តើ​យើង​រៀន​ឲ្យ​ចេះ​អត់​ឱន​ទោស​អ្នក​ណា​ខ្លះ? តើ​មាន​ការ​ល្បង​ល​ណា​ដែល​កំពុង​តែ​នាំ​ឲ្យ​យើង​ពិបាក? ហើយ​តើ​យើង​យល់​ថា​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ជា​បន្ទាន់​ក្នុង​រឿង​នោះ​ឬ​ទេ?

២០ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​គិត​អំពី​មនុស្ស​ដែល​យើង​ស្គាល់ ដែល​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដែរ។ (កូរិនថូស​ទី​២ ១:១១) យើង​ក៏​មិន​ត្រូវ​ភ្លេច​ការ​អរ​ព្រះ​គុណ​ចំពោះ​ទ្រង់​នោះ​ដែរ។ បើ​យើង​ឈប់​ហើយ​គិត​បន្ដិច​សិន យើង​ពិត​ជា​អាច​នឹក​ឃើញ​ហេតុ​ជា​ច្រើន​ដែល​យើង​គួរ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា និង​សរសើរ​ទ្រង់​រាល់​តែ​ថ្ងៃ​សំរាប់​ភាព​ល្អ​របស់​ទ្រង់។ (ចោទិយកថា ៨:១០; លូកា ១០:២១) ការ​ធ្វើ​យ៉ាង​នេះ​មាន​ប្រយោជន៍​មួយ​ទៀត គឺ​នឹង​ជួយ​យើង​មាន​កតញ្ញូ​តា​ធម៌​ហើយ​មាន​ទស្សនៈ​ដ៏​ល្អ​ជាង​ចំពោះ​ជីវិត។

២១. តើ​ការ​សិក្សា​គំរូ​អ្វី​ក្នុង​បទ​គម្ពីរ​ប្រហែល​ជា​អាច​ជួយ​យើង​ពេល​ដែល​យើង​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា?

២១ ការ​សិក្សា​អាច​ជួយ​យើង​ក្នុង​ការ​អធិស្ឋាន​ដែរ។ ក្នុង​ព្រះ​គម្ពីរ មាន​កត់​សរសេរ​សេចក្ដី​អធិស្ឋាន​ប្រសើរ​ៗ​ជា​ច្រើន​ទូល​ដោយ​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់។ ជា​ឧទាហរណ៍ បើ​យើង​កំពុង​តែ​ប្រឈម​មុខ​បញ្ហា​ណា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ភ័យ​និង​រហូត​ដល់​គំរាម​កំហែង​ដល់​សុវត្ថិភាព​យើង​ឬ​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង យើង​អាច​អាន​សេចក្ដី​អធិស្ឋាន​របស់​យ៉ាកុប​ដែល​គាត់​ទូល​ប្រាប់​ព្រះ​មុន​ជួប​អេសាវ​ដែល​រក​សង​សឹក​ទៅ​លើ​គាត់។ (លោកុប្បត្តិ ៣២:៩​-​១២) យើង​ក៏​អាច​សិក្សា​ពី​សេចក្ដី​អធិស្ឋាន​របស់​ស្តេច​អេសា ពេល​កង​ទ័ព​អេធីយ៉ូពី​ដែល​មាន​ប្រហែល​មួយ​លាន​នាក់​បាន​មក​គំរាម​កំហែង​រាស្ត្រ​របស់​ព្រះ។ (របាក្សត្រ​ទី​២ ១៤:១១, ១២) បើ​យើង​មាន​បញ្ហា​ណា​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​តិះ​ដៀល​មក​លើ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា នោះ​យក​ល្អ​យើង​គួរ​ពិចារណា​សេចក្ដី​អធិស្ឋាន​របស់​អេលីយ៉ា​ដែល​គាត់​ទូល​នៅ​មុខ​អ្នក​ថ្វាយ​បង្គំ​ព្រះ​បាល​នៅ​លើ​ភ្នំ​កើមែល ​ហើយ​យើង​ក៏​អាច​ពិចារណា​សេចក្ដី​អធិស្ឋាន​របស់​នេហេមា​ដែល​គាត់​ទូល​ដោយ​សារ​ក្រុង​យេរូសាឡិម​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទី​អស់​គួរ​ឲ្យ​ស្ដាយ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៨:៣៦, ៣៧; នេហេមា ១:៤​-​១១) ការ​អាន​និង​រំពឹង​គិត​អំពី​សេចក្ដី​អធិស្ឋាន​ទាំង​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង​ហើយ​និង​ជួយ​ឲ្យ​យើង​នឹក​ឃើញ​របៀប​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ទូល​ព្រះ​យេហូវ៉ា​អំពី​កង្វល់​ដែល​គ្រប​សង្កត់​មក​លើ​ចិត្ត​យើង។

២២. តើ​អ្វី​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៣? ម្ដង​កាល​ក្នុង​កំឡុង​ឆ្នាំ​នោះ តើ​យើង​អាច​សួរ​ខ្លួន​ឯង​នូវ​សំនួរ​អ្វី​ខ្លះ?

២២ យ៉ាង​ច្បាស់​ណាស់ គ្មាន​កិត្ដិយស​ខ្ពង់​ខ្ពស់​ជាង​និង​គ្មាន​គោល​ដៅឧត្តុង្គ​ឧត្តម​ជាង ការ​ធ្វើ​តាម​ដំបូន្មាន​របស់​យ៉ាកុប​ទេ​ដែល​ថា​ចូរ«ចូល​ទៅ​ជិត​ព្រះ»។ (យ៉ាកុប ៤:៨) យើង​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​អំពី​ព្រះ ដោយ​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​រឹត​តែ​ច្រើន​ឡើង​ៗ ហើយ​ដោយ​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ ក្នុង​កំឡុង​ឆ្នាំ​២០០៣ ពេល​យើង​នឹក​ចាំ​ពី​យ៉ាកុប ៤:៨ ដែល​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​នោះ ចូរ​យើង​ពិនិត្យ​ខ្លួន​ឯង​ជា​និច្ច​ឲ្យ​ដឹង​ថា តើ​យើង​ពិត​ជា​កំពុង​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឬ​ក៏​អត់។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ឃ្លា​ចុង​ក្រោយ​នៃ​យ៉ាកុប ៤:៨​នោះ? តើ​ព្រះ​យេហូវ៉ា​នឹង«ចូល​មក​ជិត​អ្នក»យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នោះ​និង​នាំ​មក​នូវ​ពរ​អ្វី? អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​រឿង​នេះ។

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​បាន​ជា​ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​គឺ​សំខាន់?

• តើ​អ្វី​ជា​គោល​ដៅ​ខ្លះ​ដែល​យើង​អាច​មាន​ដើម្បី ក្រេប​ជញ្ជក់​ចំណេះ​អំពី​ព្រះ​យេហូវ៉ា?

• តើ​យើង​អាច​សម្ដែង​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់ ដ៏​ពិត​ចំពោះ​ព្រះ​យេហូវ៉ា​បាន​យ៉ាង​ដូច​ម្ដេច?

• តាម​រយៈ​សេចក្ដី​អធិស្ឋាន តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ ព្រះ​យេហូវ៉ា?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៦]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៣​គឺ: «[ចូរ]ចូល​ទៅ​ជិត​ព្រះ​នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។—យ៉ាកុប ៤:៨

[រូប​ភាព​នៅ​ទំព័រ​២៣]

ពេល​សាំយូអែល​ធំ​ឡើង គាត់​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ជិត​ស្និទ្ធ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក