បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៥ ទំ. ១៨-២២
  • ‹ចូរបន្តបង្កើតផលជាច្រើន›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរបន្តបង្កើតផលជាច្រើន›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឱកាស​ដើម្បី​រីក​ចំរើន
  • ផល​ផ្លែ​នៃ​គុណ​សម្បត្ដិ​ជា​គ្រីស្ទាន
  • ការ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ
  • ផល​ផ្លែ​ដែល​បាន​ពី​ការ​ព្រោះ​គ្រាប់​ពូជ​ព្រះ​រាជាណាចក្រ
  • ការ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​សិរី​ល្អ​ថ្វាយ​ព្រះ
  • ទៅ​ផ្សព្វ​ផ្សាយ​និង​ទៅ​បង្រៀន
  • ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​បាន​លទ្ធផល​ល្អ
  • ព្រះយេហូវ៉ាស្រឡាញ់ពួកអ្នកដែល«ស៊ូទ្រាំព្រមទាំងបង្កើតផល»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរបន្ដ«បង្កើតផលជាច្រើន»
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • របៀបបង្កើតផលផ្លែនិងធ្វើជាសម្លាញ់របស់លោកយេស៊ូ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ចូររីករាយនឹងផលល្អដែលកើតពីការខំប្រឹងផ្សព្វផ្សាយ
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៥ ទំ. ១៨-២២

‹ចូរ​បន្ត​បង្កើត​ផល​ជា​ច្រើន›

«គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន»។—យ៉ូហាន ១៥:៨

១. (ក) តើ​អ្វី​ជា​តម្រូវ​ការ​នៃ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ដែល​ទ្រង់​បាន​រៀប​រាប់​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់? (ខ) តើ​សំនួរ​អ្វី​ដែល​យើង​គួរ​តែ​សួរ​ខ្លួន​ឯង?

ព្រឹត្តការណ៍​នេះ​កើត​ឡើង​នៅ​រាត្រី​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត។ ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ដោយ​ចិត្ត​ស្មោះ។ មក​ដល់​ពេល​នេះ ប្រហែល​ជា​ហួស​ពាក់​កណ្ដាល​អធ្រាត្រ​ទៅ​ហើយ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ទ្រង់ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​បន្ត​ទៅ​ទៀត។ រួច​មក ក្នុង​កំឡុង​ការ​សន្ទនា​នោះ ទ្រង់​បាន​រំឭក​ពួក​គេ​នូវ​តម្រូវ​ការ​មួយ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន»។ (យ៉ូហាន ១៥:៨) តើ​សព្វ​ថ្ងៃ​យើង​បំពេញ​តាម​តម្រូវ​ការ​នេះ​ដើម្បី​អាច​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​ឬ​ទេ? តើ‹ការ​បង្កើត​ផល​ឲ្យ​បាន​ច្រើន›រួម​បញ្ចូល​អ្វី​ខ្លះ? ដើម្បី​រក​ចម្លើយ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ការ​សន្ទនា​នៅ​រាត្រី​នោះ។

២. តើ​រឿង​ប្រៀប​ប្រដូច​អ្វី​អំពី​ផល​ផ្លែ ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នៅ​រាត្រី​មុន​ដែល​ទ្រង់​សោយ​ទិវង្គត​នោះ?

២ ការ​ដាស់​តឿន​ឲ្យ​បង្កើត​ផល​ជា​ច្រើន គឺ​ជា​ផ្នែក​នៃ​រឿង​ប្រៀប​ប្រដូច​មួយ ដែល​ព្រះ​យេស៊ូ​បាន​រៀប​រាប់​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ​វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯកឯង​បាន​ទេ ដូច្នេះ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង។ . . . ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ! បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ»។—យ៉ូហាន ១៥:១​-​១០

៣. តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​បង្កើត​ផល?

៣ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេហូវ៉ា​ជា​អ្នក​ដាំ ព្រះ​យេស៊ូ​ជា​ដើម​ទំពាំង​បាយ​ជូរ និង​ពួក​សាវ័ក គឺ​ជា​ខ្នែង។ ពួក​សាវ័ក​នឹង​បន្ត​បង្កើត​ផល​ជា​ច្រើន​ឲ្យ​តែ​ពួក​គេ​បន្ត«នៅ​ជាប់​នឹង»ព្រះ​យេស៊ូ។ រួច​មក ព្រះ​យេស៊ូ​បាន​ពន្យល់​នូវ​របៀប​ដែល​ពួក​សាវ័ក​អាច​រក្សា​នូវ​សាមគ្គី​ភាព​ដ៏​សំខាន់​នេះ​ដោយ​ថា៖ «បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ»។ ក្រោយ​មក សាវ័ក​យ៉ូហាន​បាន​សរសេរ​សេចក្ដី​នេះ​ទៅ​ពួក​គ្រីស្ទាន​គ្នី​គ្នា​ថា៖«អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត[របស់​ព្រះ​គ្រីស្ទ] នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់»។a (យ៉ូហាន​ទី​១ ២:២៤; ៣:២៤) ហេតុ​ដូច្នេះ​ហើយ ដោយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ នោះ​ពួក​សិស្ស​បាន​នៅ​ជាប់​នឹង​ទ្រង់ ហើយ​សាមគ្គី​ភាព​នេះ​នឹង​នាំ​ឲ្យ​ពួក​គេ​បង្កើត​ផល។ តើ​អ្វី​ជា​លក្ខណៈ​នៃ​ផល​ផ្លែ​ដែល​យើង​ត្រូវ​តែ​បង្កើត​នោះ?

ឱកាស​ដើម្បី​រីក​ចំរើន

៤. តើ​យើង​អាច​រៀន​អ្វី​នូវ​ហេតុ​ការណ៍​ដែល​ថា​ព្រះ​យេហូវ៉ា«កាត់​ចោល»អស់​ទាំង​ខ្នែង​ដែល​ឥត​បង្កើត​ផល​ផ្លែ​នោះ?

៤ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ទំពាំង​បាយ​ជូរ នោះ​ព្រះ​យេហូវ៉ា«កាត់​ចោល»ខ្នែង​ដែល​មិន​បង្កើត​ផល​ផ្លែ។ តើ​នេះ​ប្រាប់​យើង​យ៉ាង​ដូច​ម្ដេច? នេះ​ប្រាប់​យើង​ថា ពួក​សិស្ស​ទាំង​អស់​ត្រូវ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ ហើយ​សិស្ស​ទាំង​អស់​គឺ​មាន​សមត្ថភាព​បង្កើត​ផល​ផ្លែ​បាន ទោះ​ជា​ពួក​គេ​មាន​កាលៈទេសៈ​ឬ​មាន​អ្វី​មក​ដាក់​កំហិត​ក៏​ដោយ។ យ៉ាង​ណា​មិញ បើ​ទ្រង់«កាត់​ចោល» ឬ​ដក​សិទ្ធិ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ចេញ​ពី​ពួក​គេ ដោយ​ព្រោះ​គេ​ពុំ​អាច​សម្រេច​អ្វី​មួយ​ដែល​ពួក​គេ​គ្មាន​សមត្ថភាព​ធ្វើ​នោះ នេះ​ពិត​ជា​ផ្ទុយ​ពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ហើយ។—ទំនុក​ដំកើង ១០៣:១៤; កូល៉ុស ៣:២៣; យ៉ូហាន​ទី​១ ៥:៣

៥. (ក) តើ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​បញ្ជាក់​ថា យើង​អាច​រក​ឱកាស​ដើម្បី​បង្កើត​ឲ្យ​បាន​ផល​ច្រើន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ផល​ផ្លែ​ពីរ​ណា​ដែល​យើង​នឹង​ត្រូវ​ពិនិត្យ​មើល​នោះ?

៥ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ដើម​ទំពាំង​បាយ​ជូរ​ក៏​បង្ហាញ​ថា តាម​កំរិត​នៃ​កាលៈទេសៈ​របស់​យើង យើង​ត្រូវ​រក​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​រីក​ចំរើន។ ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​រឿង​នេះ៖ «អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង»។ (យ៉ូហាន ១៥:២) នៅ​ចុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​សិស្ស​ឲ្យ​បង្កើត«ផល​ជា​ច្រើន»។ (ខ​៨) តើ​នេះ​ចង់​មាន​ន័យ​យ៉ាង​ណា? ជា​សិស្ស​ម្នាក់ យើង​មិន​គួរ​ទៅ​ជា​មនុស្ស​ដែល​មិន​អើពើ​ចំពោះ​ការ​បង្កើត​ផល​នោះ​ទេ។ (វិវរណៈ ៣:១៤, ១៥, ១៩) ផ្ទុយ​ទៅ​វិញ យើង​គួរ​រក​វិធី​ដើម្បី​ឲ្យ​បាន​រីក​ចំរើន​ក្នុង​ការ​បង្កើត​ផល​ផ្លែ។ តើ​ផល​ផ្លែ​អ្វី​ដែល​យើង​គួរ​បង្កើត​ឲ្យ​បាន​ច្រើន​ជាង? គឺ​មាន​ផល​ផ្លែ​ពីរ​ប្រភេទ (១) «ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ» និង (២) ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ។—កាឡាទី ៥:២២, ២៣; ម៉ាថាយ ២៤:១៤

ផល​ផ្លែ​នៃ​គុណ​សម្បត្ដិ​ជា​គ្រីស្ទាន

៦. តើ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បញ្ជាក់​នូវ​តម្លៃ​ផល​ផ្លែ​ដំបូង​នៃ​ព្រះ​វិញ្ញាណ​ដែល​បាន​រៀប​រាប់​នោះ​យ៉ាង​ដូច​ម្ដេច?

៦ ក្នុង​ចំណោម«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ» នោះ​សេចក្ដី​ស្រឡាញ់​បាន​រៀប​រាប់​មុន​គេ។ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​បង្កើត​សេចក្ដី​ស្រឡាញ់​ក្នុង​បណ្ដា​គ្រីស្ទាន ពីព្រោះ​ពួក​គេ​ធ្វើ​តាម​បង្គាប់​ដែល​ព្រះ​យេស៊ូ​ប្រទាន​មក​មុន​នឹង​ទ្រង់​បាន​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ទំពាំង​បាយ​ជូរ​ដែល​បង្កើត​ផល​ផ្លែ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៤) តាម​ការ​ពិត ក្នុង​ការ​សន្ទនា​របស់​ព្រះ​យេស៊ូ​នៅ​រាត្រី​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ទ្រង់​បាន​រំឭក​ពួក​សាវ័ក​ជា​ច្រើន​ដង​ថា ពួក​គេ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់។—យ៉ូហាន ១៤:១៥, ២១, ២៣, ២៤; ១៥:១២, ១៣, ១៧

៧. តើ​សាវ័ក​ពេត្រុស​បង្ហាញ​ថា​ការ​បង្កើត​ផល​ផ្លែ ទាក់​ទង​នឹង​ការ​សម្ដែង​នូវ​គុណ​សម្បត្ដិ​ដូច​ព្រះ​គ្រីស្ទ​យ៉ាង​ណា?

៧ ពេត្រុស​ដែល​មាន​វត្តមាន​នៅ​រាត្រី​នោះ​បាន​យល់​ថា ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ត្រូវ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រីស្ទ​និង​គុណ​សម្បត្ដិ​ឯ​ទៀត​ដែរ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេត្រុស​បាន​លើក​ទឹក​ចិត្ត​បណ្ដា​គ្រីស្ទាន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ផ្សេង​ទៀត ដូច​ជា​ការ​ចេះ​ទប់​ចិត្ត និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ជា​ដើម។ ពេត្រុស​បាន​និយាយ​បន្ថែម​ទៀត​ថា បើ​យើង​ធ្វើ​ដូច្នេះ នោះ​នឹង​នាំ​ឲ្យ​យើង«មាន​សកម្មភាព និង បង្កើត​ផល»។ (ពេត្រុស​ទី​២ ១:៥​-​៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ទោះ​ជា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​មាន​លទ្ធភាព​ក្នុង​ការ​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ដែរ។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ខំ​ប្រឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស សេចក្ដី​ស្លូត​បូត និង​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ព្រះ​គ្រីស្ទ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដ្បិត«គ្មាន​ក្រិត្យ​វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ»។ (កាឡាទី ៥:២៣) ប្រាកដ​ហើយ សូម​ឲ្យ​យើង​បង្កើត«ផល​ផ្លែ​ជា​ច្រើន»។

ការ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ

៨. (ក) តើ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​និង​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ទាក់​ទង​គ្នា​យ៉ាង​ណា? (ខ) តើ​យើង​គួរ​ពិនិត្យ​មើល​នូវ​សំនួរ​អ្វី​ខ្លះ?

៨ ផ្លែ​ឈើ​ដែល​មាន​ឱ​ជា​រស​និង​មាន​ពណ៌​យ៉ាង​ស្អាត​ហាក់​ដូច​ជា​តាក់​តែង​ដើម​ឈើ​ឲ្យ​មាន​សម្រស់​ស្រស់បំព្រង។ ប៉ុន្តែ តម្លៃ​នៃ​ផ្លែ​ឈើ​នោះ​គឺ​មាន​លើស​ពី​ការ​ពណ៌នា​ទៅ​ទៀត។ តាម​រយៈ​ពូជ​របស់​វា​នោះ​អាច​បង្កើត​ផល​ផ្លែ​បាន​យ៉ាង​ច្រើន។ នេះ​បង្ហាញ​ថា ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​គឺ​មាន​តម្លៃ​ច្រើន​ជាង​ទៅ​ទៀត មិន​គ្រាន់​តែ​តាក់​តែង​បុគ្គលិក​លក្ខណៈ​របស់​គ្រីស្ទាន​នោះ​ទេ។ គុណ​សម្បត្ដិ​ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​ជំនឿ ក៏​ជំរុញ​យើង​ឲ្យ​ពង្រីក​សារ​ព្រះ​រាជាណាចក្រ​ដែល​ប្រៀប​ដូច​ជា​គ្រាប់​ពូជ ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​សាវ័ក​ប៉ុល​បញ្ជាក់​នូវ​ទំនាក់​ទំនង​ដ៏​សំខាន់​នេះ។ ប៉ុល​ពោល​ថា៖ «យើង​ខ្ញុំ​ក៏​ជឿ​ដែរ[ជំនឿ​ជា​ផ្នែក​នៃ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ] បាន​ជា​យើង​ខ្ញុំ​និយាយ»។ (កូរិនថូស​ទី​២ ៤:១៣) តាម​របៀប​នេះ ប៉ុល​ក៏​ពន្យល់​ថែម​ទៀត​ថា យើង«ថ្វាយ​ពាក្យ​សរសើរ ដោយ​សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជា​និច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់» នេះ​ជា​ផល​ផ្លែ​ទី​ពីរ​ដែល​យើង​ត្រូវ​បង្ហាញ។ (ហេព្រើរ ១៣:១៥) ដោយ​សារ​យើង​ជា​អ្នក​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ តើ​មាន​ឱកាស​ល្អ​ក្នុង​ជីវិត​របស់​យើង​ដែល​អាច​បង្កើត​ផល​ឲ្យ​បាន​ច្រើន​ឬ​ទេ? ប្រាកដ​ហើយ​គឺ​អាច​បង្កើត​ឲ្យ​បាន«ផល​ផ្លែ​ជា​ច្រើន»មែន។

៩. តើ​ការ​បង្កើត​ផល​ផ្លែ​ស្មើ​នឹង​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ឬ​ទេ? សូម​ពន្យល់។

៩ ដើម្បី​អាច​ឆ្លើយ​សំនួរ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ មុន​ដំបូង​យើង​ត្រូវ​តែ​យល់​នូវ​អ្វី​ដែល​ហៅ​ថា​ការ​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ជា​មុន​សិន។ បើ​យើង​សន្និដ្ឋាន​ថា​ការ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ បាន​ន័យ​ថា​ការ​បង្កើត​ឲ្យ​មាន​សិស្ស​នោះ តើ​ត្រឹម​ត្រូវ​ឬ​ទេ? (ម៉ាថាយ ២៨:១៩) តើ​ផល​ផ្លែ​ដែល​យើង​បង្កើត​សំដៅ​ទៅ​តែ​បុគ្គល​ដែល​យើង​ជួយ​ឲ្យ​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ឬ? មិន​មែន​ទេ! ប្រសិន​បើ​មាន​ន័យ​ដូច្នោះ​មែន នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​បង​ប្អូន​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ជា​មិន​ខាន ព្រោះ​ពួក​គេ​បាន​បំរើ​យ៉ាង​ស្មោះ​ត្រង់​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​នៅ​តំបន់​ផ្សាយ​ដែល​ពុំ​សូវ​មាន​អ្នក​ស្ដាប់​នោះ។ បន្ថែម​ទៅ​ទៀត បើ​ផល​ផ្លែ​ខាង​ព្រះ​រាជាណាចក្រ​ដែល​យើង​បង្កើត​នោះ គឺ​តំណាង​តែ​សិស្ស​ថ្មី​ៗ នោះ​ស្មរ​បន្ទាល់​ដែល​ខំ​ប្រឹង​ធ្វើ​យ៉ាង​នឿយ​ហត់ នឹង​ប្រៀប​ដូច​ជា​ខ្នែង​ដែល​គ្មាន​ផ្លែ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ហើយ! ប៉ុន្តែ​តាម​ការ​ពិត នេះ​មិន​មាន​ន័យ​ដូច្នេះ​ឡើយ។ បើ​ដូច្នេះ តើ​អ្វី​ទៅ​ជា​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

ផល​ផ្លែ​ដែល​បាន​ពី​ការ​ព្រោះ​គ្រាប់​ពូជ​ព្រះ​រាជាណាចក្រ

១០. តើ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ​គ្រាប់​ពូជ​និង​ដី​ប្រភេទ​ផ្សេង​គ្នា បង្ហាញ​ថា​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ជា​អ្វី និង​អ្វី​ដែល​មិន​មែន​ជា​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ?

១០ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ​គ្រាប់​ពូជ និង​ដី​ប្រភេទ​ផ្សេង​ៗ ក៏​ផ្ដល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត​សំរាប់​អស់​អ្នក​ដែល​ធ្វើ​បន្ទាល់​ក្នុង​តំបន់​ដែល​ពុំ​សូវ​មាន​ការ​រីក​ចំរើន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា គ្រាប់​ពូជ​គឺ​ជា​សារ​ព្រះ​រាជាណាចក្រ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ និង​ដី​តំណាង​ចិត្ត​របស់​មនុស្ស។ គ្រាប់​ពូជ​ខ្លះ«ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ»។ (លូកា ៨:៨) តើ​ផល​ផ្លែ​នោះ​ជា​អ្វី? ក្រោយ​ពី​ទង​ស្រូវ​សាលី​ដុះ​ពន្លក​ហើយ​ទុំ​នោះ វា​បង្កើត​ផល​ផ្លែ មិន​មែន​បង្កើត​ឲ្យ​មាន​ទង​ស្រូវ​សាលី​ថ្មី​មួយ​ទៀត​នោះ​ទេ ប៉ុន្តែ​បង្កើត​គ្រាប់​ពូជ​ថ្មី។ ដូច​គ្នា​ដែរ គ្រីស្ទាន​ម្នាក់​បង្កើត​ផល​ផ្លែ​គឺ​ជា​គ្រាប់​ពូជ​ថ្មី​របស់​ព្រះ​រាជាណាចក្រ ហើយ​នេះ​មិន​ចាំ​បាច់​ជា​សិស្ស​ថ្មី​នោះ​ទេ។

១១. តើ​អ្នក​នឹង​បក​ស្រាយ​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ថា​យ៉ាង​ដូច​ម្ដេច?

១១ ដូច្នេះ ផល​ផ្លែ​ក្នុង​ករណី​នេះ គឺ​មិន​មែន​ជា​សិស្ស​ថ្មី​ឬ​គុណ​សម្បត្ដិ​ដ៏​ល្អ​របស់​គ្រីស្ទាន​នោះ​ទេ។ ដោយ​សារ​គ្រាប់​ពូជ​ដែល​បាន​ដាំ​នោះ​ជា​សារ​ព្រះ​រាជាណាចក្រ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ នោះ​ផល​ផ្លែ​ត្រូវ​តែ​សំដៅ​ទៅ​គ្រាប់​ពូជ​ដែល​កើត​មក​ជា​ច្រើន​ទៀត។ ការ​បង្កើត​ផល​ផ្លែ​ក្នុង​ករណី​នេះ​សំដៅ​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​វិញ។ (ម៉ាថាយ ២៤:១៤) ការ​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ទោះ​ជា​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ។ តើ​នេះ​ជា​អ្វី​ដែល​យើង​មាន​លទ្ធភាព​ធ្វើ​បាន​ឬ​ទេ? ត្រូវ​ហើយ គឺ​អាច​ធ្វើ​បាន​មែន! ព្រះ​យេស៊ូ​ក៏​បាន​ពន្យល់​នូវ​មូលហេតុ​ផង​ដែរ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ។

ការ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​សិរី​ល្អ​ថ្វាយ​ព្រះ

១២. តើ​ជន​គ្រីស្ទាន​គ្រប់​គ្នា​មាន​លទ្ធភាព​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​ឬ​ទេ? សូម​ពន្យល់។

១២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ . . . បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០»។ (ម៉ាថាយ ១៣:២៣) ស្រូវ​ដែល​បាន​ដាំ​ក្នុង​ស្រែ​មួយ​អាច​បង្កើត​ផល​ខុស​គ្នា​យោង​ទៅ​តាម​កាលៈទេសៈ។ ស្រដៀង​គ្នា​ដែរ អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ក៏​មាន​ចំនួន​ផ្សេង​គ្នា ដោយ​យោង​ទៅ​តាម​កាលៈទេសៈ​របស់​យើង ហើយ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទ្រង់​ទទួល​ស្គាល់​នូវ​ហេតុ​ការណ៍​នេះ។ មនុស្ស​ខ្លះ​មាន​ឱកាស​ច្រើន​ជាង អ្នក​ឯ​ទៀត​មាន​សុខភាព​ល្អ​ជាង​និង​មាន​កម្លាំង​ច្រើន​ជាង។ ដូច្នេះ​ហើយ អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​នោះ ទោះ​ជា​បាន​ច្រើន​ជាង​ឬ​តិច​ជាង​អ្នក​ដទៃ​ក៏​ដោយ ឲ្យ​តែ​យើង​ខំ​ប្រឹង​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង នោះ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ហើយ។ (កាឡាទី ៦:៤) វ័យ​ចាស់​ជរា ឬ​ពិការ ប្រហែល​ជា​ដាក់​កំរិត​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ តែ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​ដែល​មាន​ព្រះ​ទ័យ​មេត្ដា ទ្រង់​ច្បាស់​ជា​ចាត់​ទុក​យើង​នៅ​ក្នុង​ចំណោម​អ្នក​ដែល«បង្កើត​ផល​ជា​ច្រើន»។ តើ​ហេតុ​អ្វី? ពីព្រោះ​យើង​បាន​ថ្វាយ​ទ្រង់‹អស់​ទាំង​អ្វី​ដែល​យើង​មាន› ពោល​គឺ​កិច្ច​បំរើ​ដែល​អស់​ពី​ចិត្ត​របស់​យើង។b—ម៉ាកុស ១២:៤៣, ៤៤; លូកា ១០:២៧

១៣. (ក) តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង‹បន្ត›បង្កើត​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ? (ខ) តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​បន្ត​បង្កើត​ផល​ផ្លែ​ក្នុង​តំបន់​ផ្សាយ​ដែល​មាន​មនុស្ស​ពុំ​សូវ​ស្ដាប់? (សូម​មើល​ប្រអប់​នៅ​ទំព័រ​២១)

១៣ បើ​យើង​នឹក​ចាំ​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ​នោះ នេះ​នឹង​ជំរុញ​ឲ្យ​យើង«ទៅ​បង្កើត​ផល»តាម​តែ​លទ្ធភាព​ដែល​យើង​អាច​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​រាជាណាចក្រ​បាន។ (យ៉ូហាន ១៥:១៦) ព្រះ​យេស៊ូ​បាន​ពិពណ៌នា​នូវ​មូលហេតុ​ដ៏​សំខាន់​ជាង​គេ ពោល​គឺ៖ «ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន»។ (យ៉ូហាន ១៥:៨) ត្រូវ​ហើយ កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​នៅ​ចំពោះ​មនុស្សជាតិ។ (ទំនុក​ដំកើង ១០៩:៣០) បង​ស្រី​ឈ្មោះ​អុនណរ​ដែល​មាន​អាយុ​៧០​ជាង​បាន​កត់​សម្គាល់​ថា៖ «យើង​មាន​កិត្ដិយស​ដ៏​វិសេស​មែន ដោយ​បាន​តំណាង​ព្រះ​ដ៏​ខ្ពស់​បំផុត ទោះ​ជា​យើង​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ដែល​ពុំ​សូវ​មាន​អ្នក​ស្ដាប់​ក៏​ដោយ»។ ពេល​គេ​សួរ​បង​ប្រុស​ឃ្លឌីអូ​ដែល​បំរើ​ព្រះ​តាំង​ពី​ឆ្នាំ​១៩៧៤ នូវ​មូលហេតុ​ដែល​គាត់​បន្ត​ផ្សព្វ​ផ្សាយ​ក្នុងតំបន់ ដែល​មាន​មនុស្ស​តិច​តួច​ស្ដាប់​នោះ គាត់​បាន​ដក​ស្រង់​ពី​យ៉ូហាន ៤:៣៤ ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។ បង​ប្រុស​ឃ្លឌីអូ​បាន​និយាយ​បន្ថែម​ថា៖ «ដូច​ព្រះ​យេស៊ូ ខ្ញុំ​មិន​គ្រាន់​តែ​ចង់​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ចង់​បញ្ចប់​កិច្ច​ការ​នេះ​ផង​ដែរ»។ (យ៉ូហាន ១៧:៤) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក​មាន​គំនិត​ដូច​គ្នា។—សូម​មើល​ប្រអប់ «វិធី‹បង្កើត​ផល​ផ្លែ​ជា​ច្រើន​ដោយ​ចិត្ត​ស៊ូ​ទ្រាំ›» នៅ​ទំព័រ​២១។

ទៅ​ផ្សព្វ​ផ្សាយ​និង​ទៅ​បង្រៀន

១៤. (ក) កិច្ច​ការ​របស់​យ៉ូហាន​-​បាទីស្ទ​និង​កិច្ច​ការ​របស់​ព្រះ​យេស៊ូ​មាន​គោល​បំណង​ពីរ តើ​នោះ​គឺ​អ្វី​ខ្លះ? (ខ) តើ​អ្នក​នឹង​ពណ៌នា​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ?

១៤ អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​មុន​គេ​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ គឺ​យ៉ូហាន​-​បាទីស្ទ។ (ម៉ាថាយ ៣:១, ២; លូកា ៣:១៨) គោល​បំណង​ដ៏​សំខាន់​របស់​យ៉ូហាន គឺ«ធ្វើ​បន្ទាល់» ហើយ​គាត់​ប្រកាស​ព្រះ​រាជាណាចក្រ​ដោយ​មាន​ជំនឿ​យ៉ាង​ខ្លាំង​បំផុត និង​ដោយ​មាន​សេចក្ដី​សង្ឃឹម​ថា«មនុស្ស​ទាំង​អស់​បាន​ជឿ»។ (យ៉ូហាន ១:៦, ៧) ប្រាកដ​ហើយ មនុស្ស​ខ្លះ​ដែល​យ៉ូហាន​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​នោះ បាន​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ (យ៉ូហាន ១:៣៥​-​៣៧) ហេតុ​នេះ​ហើយ យ៉ូហាន​បាន​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ ព្រម​ទាំង​ជា​អ្នក​បង្កើត​ឲ្យ​មាន​សិស្ស​ដែរ។ ព្រះ​យេស៊ូ​ក៏​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​ជា​គ្រូ​បង្រៀន​ដែរ។ (ម៉ាថាយ ៤:២៣; ១១:១) ដូច្នេះ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទទួល​សារ​នេះ ហើយ​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់​ដែរ។ (ម៉ាថាយ ២៨:១៩, ២០) សព្វ​ថ្ងៃ​នេះ កិច្ច​ការ​របស់​យើង គឺ​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ដែរ។

១៥. តើ​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​នៅ​សតវត្ស​ទី​មួយ​និង​នៅ​សព្វ​ថ្ងៃ​នេះ មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ដូច​ម្ដេច?

១៥ ក្នុង​ចំណោម​ពួក​មនុស្ស​នៅ​សតវត្ស​ទី​មួយ​ដែល​បាន​ឮ​ប៉ុល​ផ្សព្វ​ផ្សាយ​និង​បង្រៀន«អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ​តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ»។ (កិច្ច​ការ ២៨:២៤) មនុស្ស​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ប្រតិកម្ម​ដូច​គ្នា​ដែរ។ គួរ​ឲ្យ​ស្ដាយ​មែន គ្រាប់​ពូជ​ព្រះ​រាជាណាចក្រ​ភាគ​ច្រើន​ធ្លាក់​លើ​ដី​មិន​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​លើ​ដី​ល្អ ហើយ​ចាក់​ឫស​រួច​ដុះ​ពន្លក ដូច​ពាក្យ​ទំនាយ​របស់​ព្រះ​យេស៊ូ​មែន។ តាម​ការ​ពិត នៅ​ទូទាំង​ពិភព​លោក ជា​មធ្យម​នោះ​មាន​មនុស្ស​៥.០០០​នាក់​ក្លាយ​ទៅ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះ​គ្រីស្ទ​រៀង​រាល់​សប្ដាហ៍! សិស្ស​ថ្មី​ៗ​ទាំង​នេះ«ជឿ​សេចក្ដី​ដែល[ប៉ុល]អធិប្បាយ» ទោះ​ជា​មនុស្ស​ភាគ​ច្រើន​ពុំ​ជឿ​ក៏​ដោយ។ តើ​អ្វី​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​នឹង​សារ​ព្រះ​រាជាណាចក្រ​នោះ? ជា​ច្រើន​ដង​មក​ហើយ​កត្ដា​ដែល​នាំ​ឲ្យ​បាន​លទ្ធផល​ល្អ​គឺ​ដោយ​សារ​ស្មរ​បន្ទាល់​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្នក​ឯ​ទៀត បើ​និយាយ​ជា​អត្ថបដិរូប នេះ​ប្រៀប​ដូច​ជា​ស្រោច​ទឹក​លើ​គ្រាប់​ពូជ​ដែល​បាន​ដាំ​ហើយ។ (កូរិនថូស​ទី​១ ៣:៦) សូម​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ពីរ​នេះ។

ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​បាន​លទ្ធផល​ល្អ

១៦, ១៧. ហេតុ​អ្វី​បាន​ជា​សំខាន់​ម្ល៉េះ​ក្នុង​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ទៅ​លើ​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

១៦ ការូលីន ជា​ស្មរ​បន្ទាល់​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​បែលស៊ិច បាន​ទៅ​ជួប​ស្ត្រី​ចំណាស់​ម្នាក់​ដែល​អត់​មាន​ការ​ចាប់​អារម្មណ៍​លើ​សារ​ព្រះ​រាជាណាចក្រ​សោះ។ ដោយ​ព្រោះ​ស្ត្រី​វ័យ​ចាស់​នេះ​មាន​បង់​រុំ​ដៃ​របស់​គាត់ នោះ​ការូលីន​និង​មិត្ត​របស់​គាត់​ចង់​ជួយ​ស្ត្រី​នេះ​ណាស់ តែ​គាត់​ពុំ​ព្រម​ទទួល​ជំនួយ​ទេ។ ពីរ​ថ្ងៃ​ក្រោយ​មក ស្មរ​បន្ទាល់​ពីរ​នាក់​នេះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​របស់​ស្ត្រី​នេះ​ម្ដង​ទៀត ហើយ​បាន​សួរ​សុខ​ទុក្ខ​គាត់។ ការូលីន​បាន​និយាយ​ថា៖ «នេះ​បាន​ទទួល​លទ្ធផល​ល្អ​មែន។ ស្ត្រី​នេះ​បាន​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែល​ឃើញ​យើង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គាត់​នោះ។ គាត់​បាន​អញ្ជើញ​យើង​ចូល​ផ្ទះ ហើយ​យើង​ក៏​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់​ទៅ»។

១៧ សេនឌី ជា​ស្មរ​បន្ទាល់​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក ហើយ​គាត់​ក៏​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ទៅ​លើ​អ្នក​ដែល​គាត់​ផ្សព្វ​ផ្សាយ​ប្រាប់​នោះ។ គាត់​រក​មើល​កាសែត​ក្នុង​តំបន់​អំពី​សេចក្ដី​ប្រកាស​ពី​ថ្ងៃ​កំណើត​របស់​ក្មេង​ៗ​ដែល​ទើប​នឹង​កើត ហើយ​រួច​មក​គាត់​ក៏​ទៅ​ជួប​ឪពុក​ម្ដាយ​របស់​ពួក​គេ ទាំង​យក សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ទៅ​ជា​មួយ។c ដោយ​ព្រោះ​ម្ដាយ​គឺ​ធម្មតា​នៅ​ផ្ទះ ហើយ​សប្បាយ​ចិត្ត​ក្នុង​ការ​បង្ហាញ​កូន​របស់​ខ្លួន​ឲ្យ​ភ្ញៀវ​ស្គាល់​នោះ នេះ​តែង​តែ​បើក​ឱកាស​ឲ្យ​អាច​សន្ទនា​បាន។ សេនឌី​ពន្យល់​ថា៖ «ខ្ញុំ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ក្មេង​ទាំង​នេះ​អំពី​ប្រយោជន៍​ដ៏​សំខាន់ ដែល​ពួក​គាត់​អាច​ទទួល​ពី​ការ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ទារក​តាម​រយៈ​ការ​អាន​ឲ្យ​កូន​ស្ដាប់។ ក្រោយ​មក ខ្ញុំ​និយាយ​អំពី​ភាព​ពិបាក​នៃ​ការ​ចិញ្ចឹម​កូន​ក្នុង​សម័យ​ឥឡូវ​នេះ»។ នៅ​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​ការ​ទៅ​ជួប​ដូច​នេះ នោះ​ម្ដាយ​ម្នាក់​ដែល​មាន​កូន​ប្រាំ​មួយ​នាក់​បាន​ចាប់​ផ្ដើម​បំរើ​ព្រះ​យេហូវ៉ា។ បើ​យើង​ចេះ​ចាត់​វិធានការ​ដូច​នេះ និង​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ឯ​ទៀត នោះ​លទ្ធផល​ដែល​យើង​នឹង​ទទួល​គឺ​អំណរ​ដែល​មាន​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។

១៨. (ក) ហេតុ​អ្វី​ក៏​យើង​គ្រប់​គ្នា​អាច​ធ្វើ​តាម​តម្រូវ​ការ​ឲ្យ‹បង្កើត​ផល​ផ្លែ​ជា​ច្រើន›? (ខ) តើ​តម្រូវ​ការ​បី​អ្វី​នៃ​ការ​ធ្វើ​ជា​សិស្ស​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​ដែល​អ្នក​ប្ដេជ្ញា​បំពេញ​តាម​នោះ?

១៨ យើង​មាន​ការ​លើក​ទឹក​ចិត្ត​មែន ដោយ​ដឹង​ថា​តម្រូវ​ការ​ឲ្យ​បន្ត«បង្កើត​ផល​ជា​ច្រើន» នោះ​យើង​មាន​លទ្ធភាព​ធ្វើ​បាន! មិន​ថា​យើង​ជា​មនុស្ស​ចាស់​ឬ​ក្មេង ឬ​យើង​មាន​សុខភាព​ល្អ​ឬ​សុខភាព​មិន​ល្អ ឬ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ដែល​គេ​ចូល​ចិត្ត​ស្ដាប់ ឬ​ក៏​តំបន់​ដែល​មនុស្ស​ពុំ​សូវ​ចូល​ចិត្ត​ស្ដាប់​ក៏​ដោយ នោះ​យើង​គ្រប់​គ្នា​អាច​បង្កើត​ផល​ផ្លែ​ជា​ច្រើន។ តើ​តាម​របៀប​ណា? គឺ​ដោយ​សម្ដែង​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ឲ្យ​បាន​ច្រើន​ជាង និង​ដោយ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​អស់​ពី​សមត្ថភាព​របស់​យើង​តាម​តែ​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ទន្ទឹម​នឹង​នេះ យើង​ក៏​គួរ​ខំ​ប្រឹង​កាន់​ខ្ជាប់​តាម‹ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ› និង​បង្ហាញ‹សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​គ្នី​គ្នា›។ ត្រូវ​ហើយ ដោយ​បំពេញ​នូវ​តម្រូវ​ការ​បី​ដ៏​សំខាន់​នៃ​ការ​ធ្វើ​ជា​សិស្ស ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន​នោះ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង«ជា​សិស្ស[របស់​ព្រះ​គ្រីស្ទ]មែន»។—យ៉ូហាន ៨:៣១; ១៣:៣៥

[កំណត់​សម្គាល់]

a ទោះ​ជា​ខ្នែង​នៃ​ដើម​ទំពាំង​បាយ​ជូរ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ សំដៅ​ទៅ​ពួក​សាវ័ក​និង​បណ្ដា​គ្រីស្ទាន​ឯ​ទៀត​ដែល​នឹង​ទទួល​ចំណែក​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ក៏​ដោយ តែ​រឿង​ប្រៀប​ប្រដូច​នេះ​ក៏​មាន​ហេតុ​ការណ៍​ពិត​ដែល​ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​សព្វ​ថ្ងៃ​នេះ​អាច​ទទួល​ប្រយោជន៍​ផង​ដែរ។—យ៉ូហាន ៣:១៦; ១០:១៦

b អស់​អ្នក​ដែល​ពុំ​អាច​ចេញ​ពី​ផ្ទះ​ដោយ​សារ​វ័យ​ចាស់​ជរា​ឬ​ជំងឺ គឺ​អាច​ធ្វើ​បន្ទាល់​តាម​សំបុត្រ​ឬ​បើ​មាន​ការ​អនុញ្ញាត អាច​ធ្វើ​បន្ទាល់​តាម​ទូរស័ព្ទ ឬ​ក៏​ប្រហែល​ផ្សាយ​ដំណឹង​ល្អ​ដល់​ភ្ញៀវ​ដែល​មក​លេង​ក៏​បាន។

c បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។

សំនួរ​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

• តើ​ផល​ផ្លែ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​បង្កើត​ឲ្យ​បាន​ច្រើន​នោះ?

• ហេតុ​អ្វី​បាន​ជា​គោល​ដៅ​ក្នុង​ការ«បង្កើត​ផល​ជា​ច្រើន» ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​មាន​លទ្ធភាព​ធ្វើ​បាន?

• តើ​តម្រូវ​ការ​ដ៏​សំខាន់​បី​ណា​ចំពោះ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន ដែល​យើង​បាន​ពិនិត្យ​មើល​នោះ?

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​២១]

វិធី«បង្កើត​ផល​ផ្លែ​ជា​ច្រើន​ដោយ​ចិត្ត​ស៊ូ​ទ្រាំ»

តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ដោយ​ចិត្ត​ស្មោះ​ក្នុង​តំបន់​ផ្សាយ​ដែល​ពុំ​សូវ​មាន​មនុស្ស​ស្ដាប់​នោះ? នេះ​ជា​ចម្លើយ​ដ៏​ល្អ​ខ្លះ​ៗ​ចំពោះ​សំនួរ​នេះ។

«ដោយ​ដឹង​ថា​យើង​មាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ព្រះ​យេស៊ូ នេះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​សុទិដ្ឋិនិយម និង​ការ​ព្យាយាម ទោះ​ជា​មាន​ប្រតិកម្ម​យ៉ាង​ណា​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ក៏​ដោយ»។—ហេ​រី អាយុ​៧២​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦

«បទ​គម្ពីរ​នៅ​កូរិនថូស​ទី​២ ២:១៧ តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​និច្ច។ ខ​នេះ​ចែង​ថា យើង​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ‹នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​របស់​ព្រះ និង​ព្រះ​គ្រីស្ទ​ផង​ដែរ›។ ពេល​ខ្ញុំ​កំពុង​តែ​ផ្សព្វ​ផ្សាយ ខ្ញុំ​មាន​ក្ដី​សោមនស្ស​រីក​រាយ​ក្នុង​ការ​សេព​គប់​ជា​មួយ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ខ្ញុំ»។—ឃ្លឌីអូ​អាយុ​៤៣​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧៤។

«បើ​និយាយ​ឲ្យ​ចំ​ទៅ កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​ការ​លំបាក​ណាស់​ចំពោះ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ពិសោធ​ផ្ទាល់​នូវ​ពាក្យ​ក្នុង​ទំនុក​ដំកើង ១៨:២៩ ដែល​ថា៖ ‹ដោយ​សារ​ព្រះ​នៃ​ទូល​បង្គំ នោះ​ទូល​បង្គំ​នឹង​លោត​រំលង​កំផែង​បាន›»។—គីរិត​អាយុ​៧៩​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៥។

«ប្រសិន​បើ​ខ្ញុំ​អាច​អាន​គ្រាន់​តែ​ខ​គម្ពីរ​មួយ​ក្នុង​កិច្ច​បំរើ​ផ្សាយ នេះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ហើយ ដោយ​ខ្ញុំ​ដឹង​ថា​នេះ​ជា​ឱកាស​ដែល​ព្រះ​គម្ពីរ​អាច​មាន​អានុភាព​ទៅ​លើ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​ណា​ម្នាក់​បាន»។—អេលេន័រ​អាយុ​២៦​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨៩។

«ខ្ញុំ​ខំ​ប្រឹង​ប្រើ​វិធី​ផ្សេង​ៗ​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ មាន​វិធី​និយាយ​ជា​ច្រើន​ដែល​ខ្ញុំ​ពុំ​អាច​ប្រើ​ឡើយ ដោយ​ព្រោះ​ពេល​វេលា​ដែល​នៅ​សល់​ក្នុង​ជីវិត​របស់​ខ្ញុំ​តិច​តួច​ពេក»។—ប៉ុល​អាយុ​៧៩​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤០។

«ខ្ញុំ​មិន​តូច​ចិត្ត​ដោយ​សារ​មនុស្ស​និយាយ​មិន​ល្អ​នោះ​ទេ។ ខ្ញុំ​បាន​សាក​ល្បង​បង្ហាញ​ការ​រួស​រាយ​រាក់​ទាក់ ដោយ​សន្ទនា​ជា​មួយ​មនុស្ស​និង​ស្ដាប់​ទស្សនៈ​របស់​ពួក​គេ​ផង​ដែរ»។—ដានីយ៉ែល​អាយុ​៧៥​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦។

«ខ្ញុំ​បាន​ជួប​បង​ប្អូន​ដែល​ទើប​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​ស្មរ​បន្ទាល់។ ខ្ញុំ​មិន​បាន​ដឹង​ថា មាន​អ្នក​ផ្សេង​ទៀត​ដែល​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​គេ​ក្រោយ​មក​ទៀត​នោះ​ទេ ហើយ​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​រីក​ចំរើន។ ខ្ញុំ​មាន​អំណរ​ណាស់​ដោយ​ដឹង​ថា កិច្ច​បំរើ​ផ្សាយ​របស់​យើង​គឺ​មាន​ការ​រួប​រួម​គ្នា​ពី​បង​ប្អូន​របស់​យើង»។—ចូន អាយុ​៦៦​ឆ្នាំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៤។

តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ«បង្កើត​ផល​ផ្លែ​ជា​ច្រើន​ដោយ​ចិត្ត​ស៊ូ​ទ្រាំ»?—លូកា ៨:១៥ ,ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក