បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៨ ទំ. ២៣-២៧
  • ព្រះគ្រីស្ទមានបន្ទូលទៅកាន់ក្រុមជំនុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះគ្រីស្ទមានបន្ទូលទៅកាន់ក្រុមជំនុំ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ផ្ញើ​ជូន​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ
  • ផ្ញើ​ជូន​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺន៉ា
  • ផ្ញើ​ជូន​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស
  • ចូរស្ដាប់អ្វីដែលវិញ្ញាណបរិសុទ្ធមានបន្ទូល!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរបណ្ដុះឲ្យមានចិត្តចេះស្ដាប់បង្គាប់ ពេលទីបញ្ចប់កាន់តែជិតមកដល់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចូរធ្វើជាពួកអ្នកអានយ៉ាងសប្បាយនៃសៀវភៅវិវរណៈ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៨ ទំ. ២៣-២៧

ព្រះ​គ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​ក្រុម​ជំនុំ

«ព្រះ​អង្គ​ដែល​កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះ​ហស្ត​ស្ដាំ . . . ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ»។—វិវរណៈ ២:១

១, ២. ហេតុ​អ្វី​ក៏​យើង​គួរ​ចាប់​អារម្មណ៍​នឹង​បន្ទូល​របស់​ព្រះ​គ្រីស្ទ​ទៅ​កាន់​ក្រុម​ជំនុំ​ប្រាំ​ពីរ​នៅ​តំបន់​អាស៊ី​មីន័រ?

ព្រះ​យេស៊ូ​គ្រីស្ទ​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​បង្កើត​ផ្ទាល់ ហើយ​ទ្រង់​ជា​អ្នក​នាំ​មុខ​ក្រុម​ជំនុំ​គ្រីស្ទាន។ ហើយ​ទ្រង់​ប្រើ​ឋានៈ​របស់​ទ្រង់​ជា​ប្រមុខ​ក្រុម​ជំនុំ ដើម្បី​រក្សា​ក្រុម​ជំនុំ​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​កុំ​ឲ្យ​សៅ​ហ្មង ដោយ​សរសើរ​និង​កែ​តម្រូវ​ពួក​គេ។ (អេភេសូរ ៥:២១​-​២៧) នៅ​វិវរណៈ​ជំពូក​២​និង​៣ គឺ​មាន​គំរូ​ដែល​យើង​អាច​អាន​នូវ​បន្ទូល​ដ៏​ខ្លាំង​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ​ប្រាំ​ពីរ​នៅ​តំបន់​អាស៊ី​មីន័រ។

២ មុន​នឹង​យ៉ូហាន​បាន​ឮ​បន្ទូល​របស់​ព្រះ​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ​ប្រាំ​ពីរ នោះ​គាត់​បាន​ទទួល​ចក្ខុនិមិត្ត​មួយ​អំពី«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»។ (វិវរណៈ ១:១០) «ថ្ងៃ»នោះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤។ ដូច្នេះ បន្ទូល​របស់​ព្រះ​គ្រីស្ទ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​នោះ ក៏​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។ ការ​លើក​ទឹក​ចិត្ត​និង​ឱវាទ​របស់​ទ្រង់​ជួយ​យើង​ឲ្យ​ចេះ​ប្រឈម​មុខ​នឹង​គ្រា​លំបាក​នេះ។—ធីម៉ូថេ​ទី​២ ៣:១​-​៥

៣. តើ«ផ្កាយ» «ទេវតា» និង«ជើង​ចង្កៀង​មាស»ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​តំណាង​អ្វី?

៣ យ៉ូហាន​បាន​ឃើញ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ត្រូវ​ដំកើង​ឲ្យ​មាន​សិរី​រុង​រឿង«កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះ​ហស្ត​ស្ដាំ» និង«យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​៧​នោះ» ដែល​តំណាង​បណ្ដា​ក្រុម​ជំនុំ។ «ផ្កាយ»គឺ​ជា«ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧»។ (វិវរណៈ ១:២០; ២:១) ជួន​កាល​ផ្កាយ​ក៏​តំណាង​សត្តនិករ​វិញ្ញាណ​ដែរ ប៉ុន្តែ​ព្រះ​គ្រីស្ទ​មិន​ប្រើ​មនុស្ស​ដើម្បី​កត់​សារ​សំរាប់​ជូន​សត្តនិករ​វិញ្ញាណ​ឡើយ។ ហេតុ​នេះ​ហើយ គឺ​សម​ហេតុ​សម​ផល​ដែល​ថា «ផ្កាយ»ទាំង​នេះ​តំណាង​អ្នក​ត្រួត​ពិនិត្យ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ ឬ​ក៏​ក្រុម​នៃ​អ្នក​ចាស់​ទុំ​ចាក់​ប្រេង​តាំង។ ពាក្យ​ថា«ទេវតា»ក៏​ទាក់​ទង​នឹង​តួ​នាទី​របស់​ពួក​គាត់​ជា​អ្នក​នាំ​សារ​នោះ​ដែរ។ ដោយ​សារ​អង្គការ​របស់​ព្រះ​បាន​រីក​ចំរើន នោះ«នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់»ក៏​បាន​រើស​តាំង​បុរស​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ពី«ចៀម​ឯ​ទៀត»របស់​ព្រះ​គ្រីស្ទ ឲ្យ​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​ដែរ។—លូកា ១២:៤២​-​៤៤; យ៉ូហាន ១០:១៦

៤. តើ​ពួក​អ្នក​ចាស់​ទុំ​ទទួល​ប្រយោជន៍​យ៉ាង​ណា បើ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ព្រះ​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​នោះ?

៤ «ផ្កាយ»ដែល​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេស៊ូ គឺ​មាន​ន័យ​ថា​នៅ​ក្រោម​អំណាច ការ​កាន់​កាប់ ព្រះ​គុណ និង​ការ​ការ​ពារ​របស់​ទ្រង់។ ដូច្នេះ ពួក​គេ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេស៊ូ។ ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ទ្រង់​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ នោះ​ពួក​អ្នក​ចាស់​ទុំ​នៅ​សម័យ​នេះ ក៏​ដឹង​នូវ​របៀប​ដែល​ពួក​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ស្រដៀង​នោះ​ដែរ។ ប្រាកដ​ហើយ បណ្ដា​គ្រីស្ទាន​ទាំង​អស់​ត្រូវ​ស្ដាប់​រាជបុត្រា​របស់​ព្រះ។ (ម៉ាកុស ៩:៧) ដូច្នេះ តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ការ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​នោះ?

ផ្ញើ​ជូន​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ

៥. តើ​ក្រុង​អេភេសូរ​ជា​ក្រុង​បែប​ណា?

៥ ព្រះ​យេស៊ូ​បាន​សរសើរ​និង​ប្រដៅ​តម្រង់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ។ (សូម​អាន វិវរណៈ ២:១​-​៧ ) ព្រះ​វិហារ​ដ៏​ធំ​សម្បើម​នៃ​ព្រះ​នាង​ឌីអាន (អារទេមីស) ស្ថិត​នៅ​ក្រុង​នេះ​ដែល​នៅ​ឆ្នេរ​ខាង​លិច​នៃ​តំបន់​អាស៊ី​មីន័រ ហើយ​ជា​មជ្ឈមណ្ឌល​រីក​ចំរើន​ផ្នែក​ពាណិជ្ជកម្ម​និង​សាសនា។ ទោះ​ជា​ក្រុង​អេភេសូរ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អសីលធម៌ សាសនា​មិន​ពិត និង​ការ​ធ្វើ​មន្តអាគម​ក៏​ដោយ ក៏​ព្រះ​បាន​ប្រទាន​ពរ​ដល់​កិច្ច​បំរើ​ផ្សាយ​របស់​សាវ័ក​ប៉ុល​និង​អ្នក​ឯ​ទៀត​នៅ​ក្រុង​នោះ​ដែរ។—កិច្ច​ការ ជំពូក​១៩

៦. តើ​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​សព្វ​ថ្ងៃ​នេះ​មាន​គំនិត​ដូច​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​ពី​ដើម​យ៉ាង​ដូច​ម្ដេច?

៦ ព្រះ​គ្រីស្ទ​បាន​សរសើរ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ ដោយ​មាន​បន្ទូល​ថា៖ ‹យើង​ស្គាល់​អស់​ទាំង​ការ​ដែល​អ្នក​ធ្វើ នឹង​សេចក្ដី​នឿយ​ហត់ ហើយ​សេចក្ដី​អត់​ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវ័ក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត​ភរ​វិញ›។ សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​នៃ​ពួក​អ្នក​បំរើ​ពិត​របស់​ទ្រង់ ក៏​មាន​កំណត់​ហេតុ​អំពី​អំពើ​ល្អ ការ​ខំ​ព្យាយាម និង​ការ​ស៊ូ​ទ្រាំ​ដូច​នោះ​ដែរ។ ពួក​គេ​មិន​ត្រា​ប្រណី​ចំពោះ​បង​ប្អូន​ក្លែង​ក្លាយ​ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ចាត់​ទុក​ពួក​គេ​ជា​សាវ័ក​នោះ​ទេ។ (កូរិនថូស​ទី​២ ១១:១៣, ២៦) ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ ក៏‹ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន› ដូច​ពួក​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​ដែរ។ ដូច្នេះ ដើម្បី​រក្សា​នូវ​ភាព​បរិសុទ្ធ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា និង​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ នោះ​ពួក​គេ​មិន​សេព​គប់​ជា​មួយ​ពួក​ក្បត់​ជំនឿ​ដែល​មិន​ប្រែ​ចិត្ត​នោះ​ទេ។—កាឡាទី ២:៤, ៥; យ៉ូហាន​ទី​២ ៨​-​១១

៧, ៨. តើ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​អ្វី? ហើយ​តើ​យើង​អាច​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​ដូច​ម្ដេច?

៧ ក៏​ប៉ុន្តែ បណ្ដា​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ ‹តែ​យើង​ប្រកាន់​សេចក្ដី​នេះ​នឹង​អ្នក គឺ​ថា អ្នក​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ›។ សមាជិក​នៅ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ពួក​គេ​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​នោះ។ (ម៉ាកុស ១២:២៨​-​៣០; អេភេសូរ ២:៤; ៥:១, ២) យើង​គ្រប់​គ្នា​ក៏​ត្រូវ​តែ​ការ​ពារ​កុំ​ឲ្យ​បាត់​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដែល​យើង​មាន​នៅ​ដើម​ដំបូង​នោះ។ (យ៉ូហាន​ទី​៣ ៣) ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​សេចក្ដី​ប្រាថ្នា​ចំពោះ​ទ្រព្យ​សម្បត្ដិ​ឬ​ការ​ស្វែង​រក​ការ​កំសាន្ត ក្លាយ​ទៅ​ជា​មាន​អាទិភាព​ក្នុង​ជីវិត​របស់​យើង​នោះ? (ធីម៉ូថេ​ទី​១ ៤:៨; ៦:៩, ១០) បើ​ដូច្នេះ យើង​គួរ​តែ​អធិស្ឋាន​អស់​ពី​ចិត្ត​ឲ្យ​ព្រះ​ជួយ ដើម្បី​ដក​ចេញ​នូវ​ទំនោរ​ចិត្ត​បែប​នេះ ហើយ​ដាក់​ជំនួស​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថែម​ទាំង​មាន​ទឹក​ចិត្ត​កតញ្ញូ​ធម៌​ចំពោះ​អ្វី​ៗ​ដែល​ទ្រង់​និង​រាជបុត្រា​របស់​ទ្រង់​បាន​ធ្វើ​សំរាប់​យើង។—យ៉ូហាន​ទី​១ ៤:១០, ១៦

៨ ព្រះ​គ្រីស្ទ​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​ថា៖ ‹ដូច្នេះ ចូរ​នឹក​ចាំ ដែល​អ្នក​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ! រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ›។ ចុះ​យ៉ាង​ណា​វិញ បើ​ពួក​គេ​ឥត​ធ្វើ​ដូច្នេះ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ ‹ពុំ​នោះ​សោត យើង​នឹង​មក​ឯ​អ្នក ហើយ​នឹង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​អ្នក​ប្រែ​ចិត្ត​ឡើង​វិញ›។ ប្រសិន​បើ​សមាជិក​ទាំង​អស់​លែង​មាន​សេចក្ដី​ស្រឡាញ់​ដូច​គេ​ធ្លាប់​មាន​ពី​ដើម​ដំបូង នោះ«ជើង​ចង្កៀង»ឬ​ក៏​ក្រុម​ជំនុំ​នឹង​លែង​មាន​ដែរ។ ក្នុង​នាម​ជា​គ្រីស្ទាន​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង សូម​ឲ្យ​យើង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ​ជា​និច្ច។—ម៉ាថាយ ៥:១៤​-​១៦

៩. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​និកាយ​និយម?

៩ គឺ​គួរ​ឲ្យ​សរសើរ​ដែល​ពួក​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​បាន​ស្អប់«ការ​របស់​ពួក​នីកូឡាស»។ ក្រៅ​ពី​ពត៌មាន​ដែល​បាន​ចែង​ក្នុង​សៀវភៅ​វិវរណៈ យើង​ឥត​មាន​ពត៌មាន​ជាក់​លាក់​អំពី​ដើម​កំណើត លទ្ធិ ឬ​ការ​ប្រព្រឹត្ត​របស់​និកាយ​នេះ​ទេ។ ប៉ុន្តែ ដោយ​ព្រោះ​ព្រះ​យេស៊ូ​បាន​ផ្ដន្ទា​ទោស​ការ​ស្ដាប់​តាម​មនុស្ស​ទាំង​នេះ យើង​ក៏​ត្រូវ​ស្អប់​ពួក​និកាយ​និយម​ដូច​ពួក​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​ដែរ។—ម៉ាថាយ ២៣:១០

១០. តើ​ពួក​អ្នក​ដែល​ស្ដាប់​តាម​បន្ទូល​របស់​វិញ្ញាណ​បរិសុទ្ធ​នឹង​ទទួល​បាន​អ្វី?

១០ ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្ដាប់​សេចក្ដី ដែល​ព្រះ​វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ»។ ពេល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី នោះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​បន្ទូល​របស់​ទ្រង់។ (អេសាយ ៦១:១; លូកា ៤:១៦​-​២១) ដូច្នេះ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ព្រះ​តាម​រយៈ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​មាន​ឥទ្ធិពល​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ ក្រោម​ការ​ដឹក​នាំ​របស់​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​យេស៊ូ​បាន​សន្យា​ថា៖ ‹ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​យើង​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន​បរមសុខ​របស់​ព្រះ›។ ចំពោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​ស្ដាប់​តាម​អ្វី​ដែល​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល នេះ​មាន​ន័យ​ថា​ពួក​គេ​នឹង​ទទួល​បាន​ជីវិត​អមតៈ​នៅ‹ស្ថាន​បរមសុខ​របស់​ព្រះ›គឺ​ជា​ស្ថាន​សួគ៌ ឬ​ក៏​នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​មាន​វត្តមាន។ ‹ហ្វូង​ធំ›ដែល​ស្ដាប់​តាម​អ្វី​ដែល​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល នឹង​រីក​រាយ​ចំពោះ​សួន​មនោរម្យ​នៅ​លើផែនដី ដែល​ពួក​គេ​នឹង​ផឹក​ពី‹ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត› ហើយ​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី«ស្លឹក​ឈើ»នៅ​តាម​ទន្លេ​នោះ។—វិវរណៈ ៧:៩; ២២:១, ២; លូកា ២៣:៤៣

១១. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ពួក​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​លែង​មាន​សេចក្ដី​ស្រឡាញ់​ដែល​គេ​ធ្លាប់​មាន​ពី​ដើម​ដំបូង ប៉ុន្តែ​ចុះ​យ៉ាង​ណា​វិញ បើ​មាន​ស្ថានភាព​ដូច​នេះ​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ? សូម​ឲ្យ​យើង​ម្នាក់​ៗ​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ប្រាប់​អំពី​កិច្ចការ​ដែល​ទ្រង់​ធ្វើ​គឺ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​អាច​បង្ហាញ​នូវ​កតញ្ញូ​ធម៌​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​បាន​សម្ដែង​ក្នុង​ការ​ប្រទាន​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់​ទុក​ជា​តម្លៃ​លោះ។ (យ៉ូហាន ៣:១៦; រ៉ូម ៥:៨) នៅ​ពេល​ដែល​សម​គួរ យើង​អាច​ប្រាប់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅ​ពេល​យើង​ឆ្លើយ​និង​ពេល​មាន​ផ្នែក​ក្នុង​កិច្ច​ប្រជុំ។ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សរសើរ​ព្រះ​នាម​ទ្រង់​ក្នុង​កិច្ច​បំរើ​ផ្សាយ។ (ទំនុក​ដំកើង ១៤៥:១០​-​១៣) មែន​ហើយ យើង​អាច​ធ្វើ​បាន​យ៉ាង​ច្រើន​ដោយ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​ក្នុង​ការ​បណ្ដុះ​ឬ​ពង្រឹង​សេចក្ដី​ស្រឡាញ់ ដែល​សមាជិក​ក្នុង​ក្រុម​ជំនុំ​ធ្លាប់​មាន​ពី​ដើម​ដំបូង។

ផ្ញើ​ជូន​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺន៉ា

១២. តើ​ប្រវត្ដិសាស្ត្រ​បង្ហាញ​យ៉ាង​ណា​ស្តី​អំពី​ក្រុង​ស្មឺន៉ា​និង​ការ​កាន់​សាសនា​នៅ​ទី​នោះ?

១២ ព្រះ​គ្រីស្ទ​ដែល​ជា«ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ» បាន​សរសើរ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺន៉ា។ (សូម​អាន វិវរណៈ ២:៨​-​១១) ក្រុង​ស្មឺន៉ា (ឥឡូវ​ឈ្មោះ​អ៊ីស្មា ប្រទេស​តួគី) គឺ​ស្ថិត​នៅ​ឆ្នេរ​ខាង​លិច​នៃ​តំបន់​អាស៊ី​មីន័រ។ ជន​ជាតិ​ក្រិច​បាន​កសាង​ទី​ក្រុង​នោះ តែ​ពួក​លីឌា​បាន​បំផ្លាញ​ចោល​ក្រុង​នេះ​ប្រហែល​ជា​នៅ​ឆ្នាំ​៥៨០​មុន​ស.យ.។ អ្នក​ស្នង​រាជ្យ​ពី​អាឡិចសង់​ដ៏​ឧត្តម​បាន​កសាង​ក្រុង​ស្មឺន៉ា​ម្ដង​ទៀត​នៅ​កន្លែង​ផ្សេង។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​ភូមិ​មួយ​របស់​សាសន៍​រ៉ូម​នៅ​តំបន់​អាស៊ី ហើយ​ជា​មណ្ឌល​ដែល​មាន​ការ​រីក​ចំរើន​ខាង​ពាណិជ្ជកម្ម ហើយ​បាន​ល្បី​ឈ្មោះ​ដោយ​សារ​សំណង់​ដ៏​ល្អ​វិចិត្រ។ ព្រះ​វិហារ​របស់​សេសារ​-​ទី​ប៊ើ​រ គឺ​ជា​មណ្ឌល​សំរាប់​ការ​ថ្វាយ​បង្គំ​អធិរាជ។ ពួក​អ្នក​ថ្វាយ​បង្គំ​ត្រូវ​តែ​ដុត​ម្សៅ​ធូប​មួយ​ច្បិច​និង​ត្រូវ​និយាយ​ថា «សេសារ​ជា​ព្រះ​អម្ចាស់»។ បណ្ដា​គ្រីស្ទាន​ពុំ​អាច​ធ្វើ​តាម​បាន​ទេ ពីព្រោះ​ចំពោះ​ពួក​គេ ‹ព្រះ​យេស៊ូ​ជា​ព្រះ​អម្ចាស់›។ ហេតុ​នេះ​ហើយ ពួក​គេ​បាន​រង​ទុក្ខ។—រ៉ូម ១០:៩

១៣. ទោះ​ជា​ក្រ​ក៏​ដោយ តើ​ពួក​គ្រីស្ទាន​នៅ​ក្រុង​ស្មឺន៉ា​ជា​អ្នក​មាន​យ៉ាង​ដូច​ម្ដេច?

១៣ ក្រៅ​ពី​ការ​រង​ទុក្ខ នោះ​បណ្ដា​គ្រីស្ទាន​នៅ​ក្រុង​ស្មឺន៉ា​បាន​ស៊ូ​ទ្រាំ​នឹង​ភាព​ក្រី​ក្រ ប្រហែល​ជា​រង​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច ដោយ​សារ​ពួក​គេ​មិន​ថ្វាយ​បង្គំ​អធិរាជ។ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ទទួល​រង​ទុក្ខ​ដូច​នេះ​ដែរ។ (វិវរណៈ ១៣:១៦, ១៧) ទោះ​ជា​បង​ប្អូន​ខ្លះ​ក្រ​ក៏​ដោយ ក៏​ពួក​គេ​ជា​អ្នក​មាន​ខាង​វិញ្ញាណ ដូច​ពួក​គ្រីស្ទាន​នៅ​ក្រុង​ស្មឺន៉ា ហើយ​នេះ​ពិត​ជា​អ្វី​ដ៏​សំខាន់​បំផុត!—សុភាសិត ១០:២២; យ៉ូហាន​ទី​៣ ២

១៤, ១៥. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ណា​ពី​វិវរណៈ ២:១០?

១៤ ជនជាតិ​យូដា​ភាគ​ច្រើន​នៅ​ក្រុង​ស្មឺន៉ា​គឺ​ជា«ពួក​ជំនុំ​របស់​អារក្ស​សាតាំង» ពីព្រោះ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទំលាប់​ដែល​ប្រឆាំង​ព្រះ​គម្ពីរ បដិសេធ​រាជបុត្រា​របស់​ព្រះ និង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​កាន់​តាម​ទ្រង់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ដោយ​វិញ្ញាណ​បរិសុទ្ធ។ (រ៉ូម ២:២៨, ២៩) ប៉ុន្តែ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង ពី​បន្ទូល​របស់​ព្រះ​គ្រីស្ទ​ដែល​មាន​ជា​បន្ទាប់​នេះ! ទ្រង់​មាន​បន្ទូល​ថា៖ ‹កុំ​ឲ្យ​អ្នក​ខ្លាច​សេចក្ដី​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល! អារក្ស​វា​រៀប​នឹង​បោះ​អ្នក​ខ្លះ​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល​មើល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ​ត្រង់​ដរាប​ដល់​ស្លាប់​ចុះ! នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក›។—វិវរណៈ ២:១០

១៥ ព្រះ​យេស៊ូ​មិន​ខ្លាច​សោយ​ទិវង្គត​ដោយ​ព្រោះ​គាំទ្រ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (ភីលីព ២:៥​-​៨) ទោះ​បី​សាតាំង​កំពុង​តែ​ច្បាំង​នឹង​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​ក៏​ដោយ ជា​ក្រុម​តែ​មួយ​ពួក​គេ​មិន​ខ្លាច​នឹង​ការ​រង​ទុក្ខ​ឡើយ មិន​ថា​សេចក្ដី​វេទនា ការ​ជាប់​គុក ឬ​សេចក្ដី​ស្លាប់​ដោយ​អំពើ​ឃោរឃៅ​ក៏​ដោយ។ (វិវរណៈ ១២:១៧) ពួក​គេ​នឹង​បាន​ឈ្នះ​លោកីយ៍។ ព្រះ​គ្រីស្ទ​សន្យា​ថា​ពួក​គ្រីស្ទាន​ដែល​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​បាន‹មកុដ​នៃ​ជីវិត› ជា​បុគ្គល​ដែល​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ មិន​ដូច​ពួក​អ្នក​ឈ្នះ​ក្នុង​ល្បែង​របស់​ពាហិរជន​ដែល​ពាក់​កំរង​ផ្កា​ដែល​តែង​តែ​ស្រពោន​ទៅ​វិញ​នោះ។ នេះ​ប្រាកដ​ជា​អំណោយ​ដែល​មាន​តម្លៃ​ក្រៃ​លែង​មែន!

១៦. ប្រសិន​បើ​យើង​សេព​គប់​នឹង​ក្រុម​ជំនុំ​មួយ​ដូច​នៅ​ក្រុង​ស្មឺន៉ា​ពី​បុរាណ តើ​យើង​គួរ​តែ​ប្រមូល​អារម្មណ៍​គិត​អំពី​អ្វី?

១៦ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ទេ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា បើ​យើង​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​សភាព​ដូច​ក្រុង​ស្មឺន៉ា​ពី​បុរាណ​នោះ? បើ​ដូច្នេះ សូម​យើង​ជួយ​អ្នក​ជឿ​គ្នី​គ្នា​ឲ្យ​ប្រមូល​អារម្មណ៍​គិត​អំពី​មូលហេតុ​ដ៏​ចំបង​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​បៀត​បៀន គឺ​ដោយ​សារ​ទាក់​ទង​នឹង​រឿង​អធិបតេយ្យ​សកល​លោក​របស់​ទ្រង់។ ស្មរ​បន្ទាល់​គ្រប់​គ្នា​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ចំពោះព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​ថា សាតាំង​ជា​អ្នក​កំភូត​និង​បង្ហាញ​ថា សូម្បី​តែ​មនុស្សជាតិ​បាន​ទទួល​ការ​បៀត​បៀន​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​គាំទ្រ​នូវ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​សោយ​រាជ្យ​របស់​ព្រះ​ជា​ព្រះ​មហា​ក្សត្រ​សកល​លោក​ដែរ។ (សុភាសិត ២៧:១១) សូម​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្រីស្ទាន​ឯ​ទៀត​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន ហើយ​ជា​លទ្ធផល​យើង​នឹង​មាន​ឯកសិទ្ធិ«បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​សុចរិត នៅ​ចំពោះ[ព្រះ​យេហូវ៉ា] អស់​១​ជីវិត​យើង» និង​ជា​រៀង​រហូត​ត​ទៅ។—លូកា ១:៦៨, ៦៩, ៧៤, ៧៥

ផ្ញើ​ជូន​ទេវតា​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស

១៧, ១៨. តើ​ក្រុង​ពើកាម៉ុស​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​បែប​ណា? បើ​បុគ្គល​ម្នាក់​បដិសេធ​មិន​ថ្វាយ​បង្គំ​រូប​ព្រះ តើ​នឹង​ទទួល​លទ្ធផល​យ៉ាង​ណា?

១៧ ចំពោះ​ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស នោះ​ទទួល​ការ​សរសើរ​និង​ការ​កែ​តម្រូវ​ផង​ដែរ។ (សូម​អាន វិវរណៈ ២:១២​-​១៧) ក្រុង​ពើកាម៉ុស​នៅ​ទិស​ខាង​ជើង​នៃ​ក្រុង​ស្មឺន៉ា​ដែល​មាន​ចម្ងាយ​ពី​គ្នា​៨០​គីឡូ​ម៉ែត្រ ហើយ​ក្រុង​នេះ​ពោរ​ពេញ​ទៅ​ដោយ​សាសនា​មិន​ពិត។ តាម​មើល​ទៅ ពួក​គ្រូ​មន្តអាគម​សាសន៍​បាប៊ីឡូន (ពួក​ហោរា) បាន​រត់​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​នៅ​ក្រុង​នោះ។ មនុស្ស​ឈឺ​តែង​តែ​ទៅ​ព្រះ​វិហារ​មួយ​ដ៏​ល្បី​នៅ​ក្រុង​ពើកាម៉ុស ពោល​គឺ​វិហារ​នៃ​ព្រះ​អាឃ្លីភាស​ដែល​ជា​ព្រះ​ក្លែង​ក្លាយ​ខាង​ការ​ប្រោស​ឲ្យ​ជា​និង​ខាង​វិជ្ជា​ពេទ្យ។ ក្រុង​ពើកាម៉ុស​និង​ព្រះ​វិហារ​ក្នុង​ក្រុង​នោះ​គឺ​សំរាប់​ថ្វាយ​បង្គំ​សេសារ​អូគូស្ទ ក្រុង​នេះ​ក៏​មាន​ឈ្មោះ​ថា«មណ្ឌល​សំខាន់​បំផុត​សំរាប់​ការ​ថ្វាយ​បង្គំ​អធិរាជ​ក្នុង​ចក្រភព​ដើម»។—សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា ឆ្នាំ​១៩៥៩ ក្បាល​ទី​១៧ ទំព័រ​៥០៧ (ជា​ភាសា​អង់គ្លេស)

១៨ នៅ​ក្រុង​ពើកាម៉ុស​មាន​អាសនៈ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​សឺស។ ក្រុង​នេះ​ក៏​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​មនុស្ស ដែល​បង្កើត​ឡើង​ដោយ​អារក្ស។ ដូច្នេះ​ហើយ បាន​ជា​គេ​ថា​ក្រុម​ជំនុំ​នៅ​ទី​នេះ​ស្ថិត​ក្នុង​កន្លែង«ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង»! ចំពោះ​មនុស្ស​ដែល​គាំទ្រ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ការ​មិន​ថ្វាយ​បង្គំ​អធិរាជ​អាច​នាំ​ឲ្យ​គេ​បាត់​បង់​ជីវិត។ លោកីយ៍​នេះ​នៅ​តែ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​អារក្ស ហើយ​វត្ថុ​ដែល​តំណាង​ជាតិ​កំពុង​ត្រូវ​គេ​គោរព​ដូច​ព្រះ។ (យ៉ូហាន​ទី​១ ៥:១៩) តាំង​តែ​ពី​សតវត្ស​ទី​មួយ​មក​ដល់​សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ត្រូវ​គេ​សម្លាប់​ដោយ​សារ​ជំនឿ គឺ​ដូច​បុគ្គល​ម្នាក់​ដែល​ព្រះ​គ្រីស្ទ​ហៅ​ថា‹អាន់ទីប៉ាស​ជា​ស្មរ​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា›។ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ប្រាកដ​ជា​នៅ​ចាំ​អ្នក​បំរើ​ស្មោះ​ត្រង់​ទាំង​នេះ​ជាក់​ជា​ពុំ​ខាន។—យ៉ូហាន​ទី​១ ៥:២១

១៩. តើ​បាឡាម​បាន​ធ្វើ​អ្វី? ហើយ​តើ​ពួក​គ្រីស្ទាន​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី?

១៩ ព្រះ​គ្រីស្ទ​ក៏​បាន​មាន​បន្ទូល​អំពី«សេចក្ដី​បង្រៀន​របស់​បាឡាម»។ ព្យាការី​ក្លែង​ក្លាយ​នេះ​បាន​ខំ​ដាក់​បណ្ដា​សា​អ៊ីស្រាអែល ដោយ​សារ​គាត់​ចង់​បាន​វត្ថុ​ទ្រព្យ។ ពេល​ព្រះ​បាន​ធ្វើ​ឲ្យ​បណ្ដា​សា​គាត់​ទៅ​ជា​ពរ​វិញ នោះ​បាឡាម​បាន​ចូល​ដៃ​ជា​មួយ​ស្តេច​បាឡាក​សាសន៍​ម៉ូអាប់ ដើម្បី​ល្បួង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​ឲ្យ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌។ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​តែ​មាន​ការ​ម៉ឺង​ម៉ាត់​ចំពោះ​សេចក្ដី​សុចរិត​ដូច​ភីនេហាស ដែល​គាត់​បាន​ប្រព្រឹត្ត​ប្រឆាំង​នឹង​កល​ល្បិច​របស់​បាឡាម។ (ជន​គណនា ២២:១–២៥:១៥; ពេត្រុស​ទី​២ ២:១៥, ១៦; យូដាស ១១) តាម​ការ​ពិត បណ្ដា​គ្រីស្ទាន​ទាំង​អស់​ត្រូវ​តែ​ជៀស​ឲ្យ​ផុត​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​មិន​ឲ្យ​អំពើ​អសីលធម៌​ជ្រាប​ចូល​ក្នុង​ក្រុម​ជំនុំ។—យូដាស ៣,៤

២០. ប្រសិន​បើ​គ្រីស្ទាន​ណា​ម្នាក់​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​ពួក​ក្បត់​ជំនឿ តើ​គាត់​គួរ​តែ​ធ្វើ​អ្វី?

២០ ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស​អាច​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ពីព្រោះ​ក្រុម​ជំនុំ​នេះ​អនុញ្ញាត​ឲ្យ«អ្នក​ខ្លះ​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស»ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។ ព្រះ​គ្រីស្ទ​បាន​ប្រាប់​ក្រុម​ជំនុំ​នេះ​ថា៖ ‹ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ! ពុំ​នោះ​សោត យើង​នឹង​មក​ឯ​អ្នក​ជាឆាប់ នោះ​យើង​នឹង​យក​ដាវ ដែល​នៅ​មាត់​យើង​ច្បាំង​នឹង​គេ›។ ពួក​និកាយ​ដែល​ចង់​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ដល់​ពួក​គ្រីស្ទាន​ពិត និង​អស់​អ្នក​ដែល​ចង់​តែ​ជំនះ​ដើម្បី​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​និង​ធ្វើ​ឲ្យ​មាន​និកាយ​ផ្សេង​ៗ នោះ​នឹង​មិន​បាន​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មរតក​ឡើយ។ (រ៉ូម ១៦:១៧, ១៨; កូរិនថូស​ទី​១ ១:១០; កាឡាទី ៥:១៩​-​២១) ប្រសិន​បើ​គ្រីស្ទាន​ណា​ម្នាក់​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​ពួក​អ្នក​ក្បត់​ជំនឿ​ក្នុង​គំនិត​គាត់ និង​ចង់​ផ្សាយ​គំនិត​នោះ គាត់​គួរ​តែ​គិត​អំពី​ការ​ព្រមាន​របស់​ព្រះ​គ្រីស្ទ! ដើម្បី​សង្គ្រោះ​ខ្លួន​គាត់​ពី​ក្ដី​មហន្តរាយ គាត់​គួរ​តែ​ប្រែ​ចិត្ត​និង​រក​ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (យ៉ាកុប ៥:១៣​-​១៨) ការ​ចាត់​វិធានការ​ភ្លាម​ៗ​គឺ​សំខាន់​ចាំ​បាច់ ដ្បិត​ព្រះ​យេស៊ូ​កំពុង​តែ​មក​យ៉ាង​ឆាប់​ដើម្បី​ធ្វើ​ការ​ជំនុំ​ជំរះ។

២១, ២២. តើ​អ្នក​ណា​បរិភោគ«នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង»? ហើយ​តើ​នេះ​តំណាង​អ្វី?

២១ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់​និង​គូកន​របស់​គេ មិន​ចាំ​បាច់​ខ្លាច​ការ​ជំនុំ​ជំរះ​ដែល​មាន​នៅ​ខាង​មុខ​នេះ​ទេ។ ពួក​អ្នក​ដែល​ស្ដាប់​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ ដែល​ផ្ដល់​មក​ក្រោម​ការ​ដឹក​នាំ​របស់​វិញ្ញាណ​បរិសុទ្ធ​នឹង​ទទួល​ពរ​យ៉ាង​ច្រើន។ ជា​ឧទាហរណ៍ ពួក​គ្រីស្ទាន​ដែល​ឈ្នះ​លោកីយ៍​នេះ​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​បរិភោគ«នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង»និង​ទទួល«គ្រួ​ស​ស​១»ដែល​មាន«ឈ្មោះ​ថ្មី»។

២២ ព្រះ​បាន​ប្រទាន​នំ​ម៉ាន៉ា​ដើម្បី​ផ្គត់​ផ្គង់​ពួក​អ៊ីស្រាអែល​ក្នុង​កំឡុង​ការ​ធ្វើ​ដំណើរ​៤០​ឆ្នាំ​កាត់​ទី​រហោ​ស្ថាន។ «នំ»នោះ​ខ្លះ​បាន​ទុក​ក្នុង​ចាន​មាស​នៅ​ក្នុង​ហិប​នៃ​កិច្ច​ព្រម​ព្រៀង ដូច្នេះ​ហើយ«នំ»នេះ​បាន​ទុក​នៅ​រោង​ឧបោសថ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដែល​មាន​ពន្លឺ​ដោយ​អព្ភូតហេតុ គឺ​ជា​ការ​តំណាង​វត្តមាន​របស់​ព្រះ​យេហូវ៉ា។ (និក្ខមនំ ១៦:១៤, ១៥, ២៣,២៦, ៣៣; ២៦:៣៤; ហេព្រើរ ៩:៣, ៤) គ្មាន​អ្នក​ណា​ត្រូវ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង​នេះ​ទេ។ ប៉ុន្តែ ក្រោយ​ពី​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​រស់​ឡើង​វិញ ហើយ​ទទួល​បាន​ជីវិត​អមតៈ​ដែល​តំណាង​ដោយ​ការ​បរិភោគ«នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង»។—កូរិនថូស​ទី​១ ១៥:៥៣​-​៥៧

២៣. តើ«គ្រួ​ស​ស​១»និង«ឈ្មោះ​ថ្មី»មាន​អត្ថន័យ​ដ៏​សំខាន់​អ្វី?

២៣ គ្រួ​ស​ខ្មៅ​នាំ​ឲ្យ​មាន​ការ​កាត់​ទោស​ពី​តុលាការ​របស់​រ៉ូម។ រីឯ​គ្រួ​ស​ស​បាន​ន័យ​ថា​ខ្លួន​គ្មាន​ទោស។ ដោយ​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ«គ្រួ​ស​ស​១»ដល់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បង្ហាញ​ថា ទ្រង់​ចាត់​ទុក​ពួក​គេ​គ្មាន​ទោស បរិសុទ្ធ និង​ស្អាត។ ដោយ​ព្រោះ​ពួក​រ៉ូម​ក៏​បាន​ប្រើ​គ្រួ​ស​ស​ប្រៀប​ដូច​ជា​សំបុត្រ​ចូល​រួម​ពិធី​ដ៏​សំខាន់​ៗ នោះ«គ្រួ​ស​ស​១»នេះ​ប្រហែល​ជា​តំណាង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ស្ថាន​សួគ៌​ពេល​មាន​អាពាហ៍ពិពាហ៍​របស់​កូន​ចៀម។ (វិវរណៈ ១៩:៧​-​៩) តាម​មើល​ទៅ «ឈ្មោះ​ថ្មី»តំណាង​នូវ​ឯកសិទ្ធិ​បាន​ចូល​រួម​ជា​អ្នក​គ្រង​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ រឿង​ទាំង​នេះ​ប្រាកដ​ជា​លើក​ទឹក​ចិត្ត​ពួក​អ្នក​ចាក់​ប្រេង​តាំង​និង​គូកន​របស់​គេ​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​មនោរម្យ!

២៤. តើ​យើង​គួរ​មាន​ជំហរ​យ៉ាង​ណា​ចំពោះ​ការ​ក្បត់​ជំនឿ?

២៤ យក​ល្អ​យើង​គួរ​ចាំ​ថា​ក្រុម​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស​អាច​មាន​គ្រោះ​ថ្នាក់​ដោយ​ពួក​អ្នក​ក្បត់​ជំនឿ។ ប្រសិន​បើ​មាន​ស្ថានការណ៍​ដូច​នេះ ដែល​អាច​គំរាម​កំហែង​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​នៃ​ក្រុម​ជំនុំ​យើង សូម​ឲ្យ​យើង​បដិសេធ​ទាំង​ស្រុង​នូវ​ការ​ក្បត់​ជំនឿ និង​បន្ត​ដើរ​តាម​សេចក្ដី​ពិត​វិញ។ (យ៉ូហាន ៨:៣២, ៤៤; យ៉ូហាន​ទី​៣ ៤) ដោយ​ព្រោះ​គ្រូ​ក្លែង​ក្លាយ​ឬ​ក៏​បុគ្គល​ដែល​មាន​ទស្សនៈ​រេ​ទៅ​រក​ការ​ក្បត់​ជំនឿ​អាច​បង្ខូច​ក្រុម​ជំនុំ​ទាំង​មូល​នោះ យើង​ត្រូវ​តែ​រក្សា​ជំហរ​មុត​មាំ​ប្រឆាំង​នឹង​ការ​ក្បត់​ជំនឿ ដោយ​មិន​ឲ្យ​ការ​បញ្ចុះ​បញ្ចូល​មិន​ត្រឹម​ត្រូវ​ទាំង​នេះ​រា​រាំង​យើង​ពី​ការ​ស្ដាប់​បង្គាប់​តាម​សេចក្ដី​ពិត​នោះ​ឡើយ។—កាឡាទី ៥:៧​-​១២; យ៉ូហាន​ទី​២ ៨​-​១១

២៥. សារ​របស់​ព្រះ​គ្រីស្ទ​ដែល​យើង​នឹង​ពិនិត្យ​មើល​ជា​បន្ទាប់​នោះ តើ​ផ្ញើ​ទៅ​កាន់​ក្រុម​ជំនុំ​ណា​ខ្លះ?

២៥ យើង​បាន​ពិនិត្យ​មើល​ពាក្យ​សរសើរ​និង​ឱវាទ ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ក្រុម​ជំនុំ​បី​ក្នុង​ចំណោម​ប្រាំ​ពីរ​ក្រុម​ជំនុំ​នៅ​តំបន់​អាស៊ី​មីន័រ ក្រោយ​ទ្រង់​ត្រូវ​បាន​ដំកើង​ឲ្យ​មាន​សិរី​រុង​រឿង​នោះ បន្ទូល​នេះ​ពិត​ជា​គួរ​ឲ្យ​យក​មក​ត្រិះរិះ​ពិចារណា​មែន! ប៉ុន្តែ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​យ៉ាង​ច្រើន​ទៅ​កាន់​ក្រុម​ជំនុំ​បួន​ទៀត​ដែរ តាម​រយៈ​ការ​ដឹក​នាំ​ពី​វិញ្ញាណ​បរិសុទ្ធ។ សារ​ទាំង​នេះ​គឺ​ផ្ញើ​ទៅ​ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡាដិលភា និង​ក្រុង​ឡៅឌីសេ ដែល​យើង​នឹង​ត្រូវ​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ក៏​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល របស់​ព្រះ​យេស៊ូ​ទៅ​កាន់​ក្រុម​ជំនុំ?

• តើ​យើង​អាច​ជួយ​បណ្ដុះ​ឲ្យ​ក្រុម​ជំនុំ មាន​សេចក្ដី​ស្រឡាញ់​ដូច​ដើម​ដំបូង​វិញ​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ពួក​គ្រីស្ទាន​ក្រី​ក្រ​នៅ​ក្រុង​ស្មឺន៉ា​ពី​បុរាណ​ពិត​ជា​អ្នក​មាន​នោះ?

• បើ​យើង​គិត​អំពី​ស្ថានភាព​នៅ​ក្រុម​ជំនុំ​ក្នុង​ក្រុង​ពើកាម៉ុស តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​គំនិត នៃ​អ្នក​ក្បត់​ជំនឿ?

[ផែនទី​នៅ​ទំព័រ​២៣]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ប្រទេស​ក្រិច

តំបន់​អាស៊ី​មីន័រ

ក្រុង​អេភេសូរ

ក្រុង​ស្មឺន៉ា

ក្រុង​ពើកាម៉ុស

ក្រុង​ធាទេរ៉ា

ក្រុង​សើដេស

ក្រុង​ភីឡាដិលភា

ក្រុង​ឡៅឌីសេ

[រូប​ភាព​នៅ​ទំព័រ​២៦]

ពួក​គ្រីស្ទាន​ដែល​បាន​ទទួល​ការ​បៀត​បៀន​គឺ​ជា​អ្នក​ដែល​ឈ្នះ​លោកីយ៍

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក