បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/៩ ទំ. ២៣-២៨
  • ចូរខំរកលក្ខណៈល្អរបស់មនុស្សទាំងអស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរខំរកលក្ខណៈល្អរបស់មនុស្សទាំងអស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស
  • ចូរ​រក​លក្ខណៈ​ល្អ​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ
  • ចូរ​រក​លក្ខណៈ​ល្អ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន
  • ចូរ​រក​ឃើញ​លក្ខណៈ​ល្អ​របស់​មនុស្ស​ទាំង​អស់
  • គុណធម៌ តើអ្នកអាចបណ្ដុះឲ្យមានគុណសម្បត្ដិនេះតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចូរបន្តសម្ដែងភាពល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • «ឱទ្រង់មានភាពល្អលើសលប់!»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ‹សេចក្ដីដែលអ្នកបានឮ ចូរផ្ញើទុកនឹងបុរសស្មោះត្រង់›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/៩ ទំ. ២៣-២៨

ចូរ​ខំ​រក​លក្ខណៈ​ល្អ​របស់​មនុស្ស​ទាំង​អស់

«ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ទ្រង់​នឹក​ចាំ​ពី​ទូល​បង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ​ផង»។—នេហេមា ១៣:៣១

១. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ដល់​មនុស្ស​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

ក្រោយ​មេឃ​ស្រទំ​និង​មាន​ពពក​ជា​ច្រើន​ថ្ងៃ នោះ​ពន្លឺ​ព្រះ​អាទិត្យ​នាំ​ឲ្យ​មាន​ការ​ពេញ​ចិត្ត​មែន។ ហើយ​មនុស្ស​ក៏​មាន​អារម្មណ៍​សប្បាយ​រីក​រាយ។ យ៉ាង​ដូច្នេះ​ដែរ ក្រោយ​ពី​មាន​ពន្លឺ​ព្រះ​អាទិត្យ​រយៈ​ពេល​វែង​និង​មាន​ធាតុ​អាកាស​រាំង​ស្ងួត​យូរ នោះ​ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ​ឬ​ភ្លៀង​ខ្លាំង ក៏​ធ្វើ​ឲ្យ​ត្រជាក់​ស្រួល​ខ្លួន​ដែរ។ ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ បាន​បង្កើត​បរិយាកាស​ផែនដី​ទាំង​ដាក់​ឲ្យ​មាន​ធាតុ​អាកាស ដែល​ជា​អំណោយ​ដ៏​ល្អ​អស្ចារ្យ​មែន។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​អំពី​សេចក្ដី​សប្បុរស​របស់​ព្រះ ពេល​ទ្រង់​បាន​បង្រៀន​ថា៖ «ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង»។ (ម៉ាថាយ ៥:៤៣​-​៤៥) មែន​ហើយ ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ដល់​មនុស្ស​គ្រប់​ៗ​គ្នា។ ពួក​អ្នក​បំរើ​របស់​ទ្រង់​គួរ​ព្យាយាម​យក​តម្រាប់​តាម​ទ្រង់ ដោយ​ខំ​រក​ឃើញ​លក្ខណៈ​ល្អ​របស់​មនុស្ស​ឯ​ទៀត។

២. (ក) តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ដោយ​មាន​មូលដ្ឋាន​លើ​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា​សង្កេត​មើល​អ្វី​ស្តី​ពី​របៀប​ដែល​យើង​មាន​ប្រតិកម្ម​ចំពោះ​ភាព​ល្អ​របស់​ទ្រង់​នោះ?

២ តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ដោយ​មាន​មូលដ្ឋាន​លើ​អ្វី? តាំង​តែ​ពី​អ័ដាម​បាន​ប្រព្រឹត្ត​អំពើ​បាប​មក ព្រះ​យេហូវ៉ា​មិន​លែង​ខំ​រក​លក្ខណៈ​ល្អ​របស់​មនុស្សជាតិ​ឡើយ។ (ទំនុក​ដំកើង ១៣០:៣, ៤) ទ្រង់​មាន​គោល​បំណង​ប្រោស​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់​ឲ្យ​មាន​ជីវិត​រស់​នៅ​ក្នុង​សួន​មនោរម្យ។ (អេភេសូរ ១:៩, ១០) ដោយ​សារ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ទ្រង់ យើង​មាន​លទ្ធភាព​ត្រូវ​រំដោះ​ពី​បាប​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ពូជ​សន្យា​នោះ។ (លោកុប្បត្តិ ៣:១៥; រ៉ូម ៥:១២, ១៥) ការ​ទទួល​ស្គាល់​នូវ​តម្លៃ​លោះ ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ត្រឡប់​មក​ភាព​ល្អ​ឥត​ខ្ចោះ​វិញ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​សង្កេត​មើល​យើង ថា​តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់។ (យ៉ូហាន​ទី​១ ៣:១៦) ទ្រង់​កត់​សម្គាល់​នូវ​អ្វី​ៗ​ដែល​យើង​ធ្វើ ដើម្បី​ឲ្យ​ដឹង​ថា​យើង​មាន​ការ​ដឹង​គុណ​ចំពោះ​ភាព​ល្អ​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»។—ហេព្រើរ ៦:១០

៣. តើ​យើង​គួរ​ពិនិត្យ​មើល​សំនួរ​អ្វី?

៣ ដូច្នេះ តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ណា ក្នុង​ការ​ខំ​រក​ឃើញ​លក្ខណៈ​ល្អ​របស់​មនុស្ស​ឯ​ទៀត​នោះ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​ចម្លើយ​ចំពោះ​សំនួរ​នេះ​ក្នុង​ទិដ្ឋភាព​បួន​យ៉ាង​នៃ​ជីវិត: (១) កិច្ច​បំរើ​គ្រីស្ទាន (២) ក្រុម​គ្រួសារ (៣) ក្រុម​ជំនុំ និង (៤) ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ដទៃ។

ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស

៤. តើ​ការ​ចូល​រួម​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន ជា​ការ​សម្ដែង​នូវ​ការ​ខំ​រក​លក្ខណៈ​ល្អ​របស់​មនុស្ស​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

៤ ក្នុង​ការ​តប​ឆ្លើយ​ចំពោះ​សំនួរ​របស់​សិស្ស​អំពី​អត្ថន័យ​នៃ​ស្រូវ​សាលី​និង​ស្រងែ​ក្នុង​រឿង​ប្រៀប​ប្រដូច នោះ​ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ»។ ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​នៅ​សម័យ​នេះ យើង​ទទួល​ស្គាល់​នូវ​ហេតុ​ការណ៍​ពិត​នេះ ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ (ម៉ាថាយ ១៣:៣៦​-​៣៨; ២៨:១៩, ២០) កិច្ច​បំរើ​ផ្សាយ​របស់​យើង​ទាក់​ទង​នឹង​ការ​ប្រកាស​នូវ​ជំនឿ​យើង។ មូលហេតុ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ​ដោយ​ព្រោះ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​នៅ​តាម​ផ្លូវ ក៏​ផ្ដល់​ភស្តុ​តាង​ថា​យើង​បាន​ខំ​ព្យាយាម​រក​អស់​អ្នក​ដែល​សម​ទទួល​សារ​ព្រះ​រាជាណាចក្រ​នេះ។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​បាន​បង្គាប់​សិស្ស​ទ្រង់​ថា៖ «នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ ដែល​គេ​គួរ[ឬ«សម​ទទួល», ព.ថ.]»។—ម៉ាថាយ ១០:១១; កិច្ច​ការ ១៧:១៧; ២០:២០

៥, ៦. ហេតុ​អ្វី​ក៏​យើង​ខំ​ព្យាយាម​ទៅ​ជួប​មនុស្ស​ម្ដង​ហើយ​ម្ដង​ទៀត?

៥ ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មិន​ដឹង​ថា​យើង​មក​ជា​មុន នោះ​យើង​សង្កេត​មើល​នូវ​ប្រតិកម្ម​របស់​គេ​ចំពោះ​សារ​របស់​យើង ជួន​កាល​ឃើញ​ថា​សមាជិក​ម្នាក់​នឹង​ស្ដាប់​សារ​របស់​យើង តែ​សមាជិក​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទះ ស្រែក​ឡើង​ថា៖ «យើង​មិន​ចាប់​អារម្មណ៍​ទេ!» ហើយ​ក៏​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​នៅ​ផ្ទះ​នោះ​ទៅ។ យើង​មាន​ការ​សោក​ស្ដាយ​មែន ចំពោះ​ការ​ប្រឆាំង​ឬ​ការ​មិន​ចាប់​អារម្មណ៍​ពី​សមាជិក​តែ​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​មាន​អានុភាព​លើ​សមាជិក​ឯ​ទៀត​នោះ! បើ​ដូច្នេះ តើយើង​អាច​ខំ​ព្យាយាម​រក​ឃើញ​លក្ខណៈ​ល្អ​របស់​មនុស្ស​ទាំង​អស់​ដូច​ម្ដេច?

៦ ពេល​ដែល​យើង​ទៅ​ផ្ទះ​នោះ​ម្ដង​ទៀត​ក្នុង​កាល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​នោះ ប្រហែល​ជា​ផ្ដល់​ឱកាស​ឲ្យ​យើង​និយាយ​ដោយ​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​បុគ្គល​ដែល​បញ្ឈប់​យើង​នៅ​ពេល​មុន។ បើ​យើង​ចាំ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​មុន នេះ​អាច​ជួយ​យើង​រៀបចំ​របៀប​និយាយ​បាន។ អ្នក​ប្រឆាំង​ប្រហែល​ជា​ប្រព្រឹត្ត​ដោយ​មាន​បំណង​ល្អ​ចំពោះ​សមាជិក​ដែល​ចូល​ចិត្ត​ស្ដាប់ ដោយ​ជឿ​ថា​គាត់​គួរ​បញ្ឈប់​កុំ​ឲ្យ​ស្ដាប់​សារ​ព្រះ​រាជាណាចក្រ​ទៀត។ គាត់​ប្រហែល​ជា​មាន​ទស្សនៈ​យ៉ាង​នេះ ដោយ​សារ​គាត់​ឮ​ពត៌មាន​មិន​ពិត​អំពី​គោល​បំណង​របស់​យើង។ ប៉ុន្តែ នេះ​មិន​គួរ​បង្ការ​យើង​ពី​ការ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៅ​ផ្ទះ​នោះ​ទេ ហើយ​ដោយ​ការ​ប៉ិន​ប្រសប់​យើង​ខំ​ព្យាយាម​កែ​តម្រូវ​ការ​យល់​ខុស។ យើង​មាន​ចិត្ត​ចង់​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​ទទួល​ចំណេះ​ដឹង​ត្រឹម​ត្រូវ​អំពី​ព្រះ។ កាល​ណា​យើង​ធ្វើ​ដូច្នេះ នោះ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​ទាក់​ទាញ​គេ​ឲ្យ​មក​ឯ​ទ្រង់​វិញ។—យ៉ូហាន ៦:៤៤; ធីម៉ូថេ​ទី​១ ២:៤

៧. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ល្អ​ពេល​យើង​ទៅ​ជួប​មនុស្ស?

៧ សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ដល់​សិស្ស​ទ្រង់ ក៏​រួម​បញ្ចូល​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្ដាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក»។ ហើយ​ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​បន្ថែម​ទៀត​ថា៖ «ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង»។ (ម៉ាថាយ ១០:៣៥, ៣៦) ប៉ុន្តែ ស្ថានការណ៍​និង​ចិត្ត​គំនិត​រមែង​ផ្លាស់​ប្ដូរ។ ការ​ធ្លាក់​ខ្លួន​ឈឺ ញាតិ​មិត្ត​បាត់​បង់​ជីវិត មហន្តរាយ វិបត្ដិ​ខាង​ផ្លូវ​ចិត្ត និង​មាន​កត្ដា​ជា​ច្រើន​ឯ​ទៀត​ដែល​អាច​មាន​អានុភាព​លើ​ប្រតិកម្ម​របស់​មនុស្ស​ដល់​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ ប្រសិន​បើ​យើង​មាន​ទស្សនៈ​ប្រកប​ដោយ​ទុទ្ទិដ្ឋិនិយម ថា​មនុស្ស​នៅ​តែ​មិន​ព្រម​ស្ដាប់ តើ​យើង​ពិត​ជា​ខំ​រក​លក្ខណៈ​ល្អ​របស់​ពួក​គេ​ឬ​ទេ? អញ្ជើញ​ទៅ​ផ្ទះ​របស់​គេ​ម្ដង​ទៀត​នៅ​លើក​ក្រោយ ដោយ​ចិត្ត​សប្បាយ​ចុះ! យើង​ប្រហែល​ជា​អាច​ឃើញ​គេ​មាន​ប្រតិកម្ម​ខុស​ពី​មុន​ក៏​មិន​ដឹង។ ជួន​កាល​គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​និយាយ​ទេ ប៉ុន្តែ​របៀប​ដែល​យើង​និយាយ​វិញ ដែល​នាំ​ឲ្យ​គេ​មាន​ប្រតិកម្ម​ខុស​ពី​មុន​នោះ។ ការ​អធិស្ឋាន​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​យេហូវ៉ា​មុន​នឹង​យើង​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ នឹង​ប្រាកដ​ជា​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ល្អ ពី​ការ​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​តាម​របៀប​ដែល​ទាក់​ទាញ​ចិត្ត​មនុស្ស​ទាំង​អស់។—កូល៉ុស ៤:៦; ថែស្សាឡូនីច​ទី​១ ៥:១៧

៨. តើ​អាច​មាន​លទ្ធផល​យ៉ាង​ណា ពេល​ដែល​គ្រីស្ទាន​ខំ​រក​លក្ខណៈ​ល្អ​របស់​សាច់​ញាតិ​ដែល​មិន​រួម​ជំនឿ?

៨ នៅ​ក្នុង​ក្រុម​ជំនុំ​ខ្លះ មាន​សមាជិក​ជា​ច្រើន​ពី​ក្រុម​គ្រួសារ​តែ​មួយ ដែល​គេ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។ ជា​ធម្មតា​អ្វី​ដែល​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ដែល​ក្មេង​ជាង​មាន​ការ​សរសើរ​និង​គោរព គឺ​ដោយ​សារ​ការ​ខំ​ព្យាយាម​របស់​សាច់​ញាតិ​ដែល​មាន​វ័យ​ចាស់។ ហើយ​ដោយ​សារ​សាច់​ញាតិ​នោះ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ក្នុង​ក្រុម​គ្រួសារ និង​អាពាហ៍ពិពាហ៍​របស់​គេ​នោះ​បាន​ធ្វើ​ឲ្យ​សមាជិក​ដែល​ក្មេង​ជាង​កែ​ប្រែ​ចិត្ត។ ភរិយា​គ្រីស្ទាន​ជា​ច្រើន​បាន​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ពេត្រុស ហើយ​បាន​ទាញ​ចិត្ត​ប្ដី​មក​បាន«ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សំដី​ទេ»។—ពេត្រុស​ទី​១ ៣:១, ២, ខ.ស.

ចូរ​រក​លក្ខណៈ​ល្អ​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ

៩, ១០. តើ​យ៉ាកុប​និង​យ៉ូសែប​បាន​ខំ​រក​ឃើញ​លក្ខណៈ​ល្អ​របស់​សមាជិក​ក្នុង​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

៩ ចំណង​ដ៏​ជិត​ស្និទ្ធ​ដែល​ផ្សារ​ភ្ជាប់​សមាជិក​ក្រុម​គ្រួសារ គឺ​ជា​ចំណុច​មួយ​ទៀត​ដែល​យើង​ត្រូវ​ខំ​រក​លក្ខណៈ​ល្អ​របស់​អ្នក​ដទៃ។ សូម​ពិនិត្យ​មើល​នូវ​មេ​រៀន​មួយ​អំពី​របៀប​ដែល​យ៉ាកុប​ប្រព្រឹត្ត​ទៅ​លើ​កូន​ៗ​របស់​គាត់។ លោកុប្បត្តិ​ជំពូក​៣៧ ខ​៣​និង​៤​ព្រះ​គម្ពីរ​បង្ហាញ​ថា​យ៉ាកុប​ស្រឡាញ់​យ៉ូសែប​ជាង​គេ។ បង​ប្អូន​របស់​យ៉ូសែប​មាន​ចិត្ត​ច្រណែន​ណាស់ រហូត​ដល់​រក​កល​ល្បិច​ដើម្បី​សម្លាប់​យ៉ូសែប​ទៀត​ផង។ ប៉ុន្តែ ចូរ​កត់​សម្គាល់​នូវ​ទឹក​ចិត្ត​របស់​យ៉ាកុប​និង​យ៉ូសែប ពេល​ពួក​គាត់​ចាស់​ទៅ។ បុរស​ទាំង​ពីរ​នាក់​បាន​ខំ​រក​ឃើញ​លក្ខណៈ​ល្អ​ក្នុង​គ្រួសារ។

១០ នៅ​ពេល​ដែល​យ៉ូសែប​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​ចែក​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីប​ដែល​មាន​ទុរភិក្ស​យ៉ាង​ខ្លាំង គាត់​បាន​ទទួល​ស្វាគមន៍​បង​ប្អូន​របស់​គាត់។ ទោះ​ជា​គាត់​ពុំ​ទាន់​ប្រាប់​នូវ​អត្តសញ្ញាណ​របស់​គាត់​ភ្លាម​ៗ​ក្ដី ក៏​គាត់​បាន​ប្រើ​មធ្យោបាយ​ដើម្បី​ឲ្យ​បង​ប្អូន​មាន​អាហារ​បរិភោគ និង​ឲ្យ​យក​ស្បៀង​អាហារ​សំរាប់​ឪពុក​ដែល​មាន​វ័យ​ចាស់​របស់​គេ​ទៀត​ផង។ មែន​ហើយ ទោះ​ជា​គាត់​ធ្លាប់​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​សំអប់​របស់​បង​ប្អូន​របស់​គាត់​ពី​មុន​ក៏​ដោយ តែ​យ៉ូសែប​បាន​ប្រព្រឹត្ត​ដើម្បី​ជា​ប្រយោជន៍​ដល់​គេ​វិញ។ (លោកុប្បត្តិ ៤១:៥៣–៤២:៨; ៤៥:២៣) យ៉ាង​ដូច្នេះ​ដែរ ពេល​យ៉ាកុប​ហៀប​ទទួល​មរណភាព គាត់​បាន​ទាយ​អំពី​ប្រសិទ្ធិពរ​ដែល​កូន​ទាំង​អស់​របស់​គាត់​នឹង​ទទួល។ ទោះ​ជា​ការ​ប្រព្រឹត្ត​ដ៏​ខុស​របស់​គេ​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ឯកសិទ្ធិ​ខ្លះ​ក៏​ដោយ តែ​គ្មាន​កូន​ណា​ម្នាក់​ដែល​ពុំ​បាន​ទទួល​នូវ​ដី​ធ្លី​ជា​មរតក​នោះ​ឡើយ។ (លោកុប្បត្តិ ៤៩:៣​-​២៨) យ៉ាកុប​បាន​បង្ហាញ​យ៉ាង​អស្ចារ្យ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ប្រកប​ដោយ​ចីរភាព​មែន​ហ្ន៎!

១១, ១២. (ក) តើ​គំរូ​ខាង​ទំនាយ​អ្វី​ដែល​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​ខំ​រក​លក្ខណៈ​ល្អ​របស់​សមាជិក​ក្នុង​គ្រួសារ? (ខ) តើ​យើង​រៀន​មេ​រៀន​អ្វី​ពី​គំរូ​របស់​ឪពុក​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​កូន​បង្ហិន​ទ្រព្យ?

១១ ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ទាក់​ទង​នឹង​សាសន៍​អ៊ីស្រាអែល​ដែល​គ្មាន​ជំនឿ ក៏​ផ្ដល់​នូវ​ការ​យល់​ធ្លុះ​ថែម​ទៀត​អំពី​របៀប​ដែល​ទ្រង់​ខំ​រក​ឃើញ​លក្ខណៈ​ល្អ​របស់​រាស្ត្រ​ទ្រង់។ ដោយ​ប្រើ​ស្ថានការណ៍​នៃ​គ្រួសារ​របស់​ព្យាការី​ហូសេ នោះ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ឥត​នឿយ​ណាយ​របស់​ទ្រង់​ចំពោះ​គេ។ កូមើរ​ដែល​ជា​ភរិយា​របស់​ព្យាការី​ហូសេ បាន​ប្រព្រឹត្ត​អំពើ​កំផិត​ជា​ច្រើន​ដង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ហូសេ​ថា៖ «ចូរ​ឲ្យ​ឯង​ទៅ​ស្រឡាញ់​ស្រី​មួយ​ទៀត​ចុះ គឺ​ជា​ស្រី​ដែល​មាន​អ្នក​ដទៃ​ស្រឡាញ់​ហើយ ក៏​ជា​ស្រី​សំផឹង​ផង ដូច​ជា​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ស្រឡាញ់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នឹង​ផែន​ទំពាំង​បាយ​ជូរ​ក៏​ដោយ»។ (ហូសេ ៣:១) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បង្គាប់​គាត់​ដូច្នេះ? ព្រះ​យេហូវ៉ា​បាន​ជ្រាប​ថា​នឹង​មាន​បុគ្គល​ខ្លះ​ដែល​នឹង​តប​ឆ្លើយ​ដល់​ការ​អត់​ធន់​របស់​ទ្រង់ ក្នុង​ចំណោម​មនុស្ស​នៃ​សាសន៍​ដែល​បាន​បែរ​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ទ្រង់​នោះ។ ហូសេ​បាន​ប្រកាស​ថា៖ «ក្រោយ​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​វិល​មក​វិញ ហើយ​នឹង​ស្វែង​រក​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​គេ នឹង​ដាវីឌ ជា​ស្តេច​របស់​គេ នៅ​ជាន់​ក្រោយ​បង្អស់ គេ​នឹង​មក​ពឹង​ជ្រក​នឹង​ព្រះ​យេហូវ៉ា ហើយ​នឹង​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ដោយ​ញាប់​ញ័រ»។ (ហូសេ ៣:៥) យ៉ាង​ប្រាកដ​ណាស់ នេះ​គឺ​ជា​គំរូ​ដ៏​ល្អ​ដែល​យើង​ត្រូវ​រំពឹង​គិត ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ក្រុម​គ្រួសារ។ ដែល​អ្នក​ខំ​បន្ត​រក​លក្ខណៈ​ល្អ​របស់​សមាជិក​ក្នុង​គ្រួសារ យ៉ាង​ហោច​ណាស់​ក៏​តាំង​គំរូ​ដ៏​ល្អ​ចំពោះ​ការ​សម្ដែង​នូវ​ចិត្ត​អត់​ធន់​ដែរ។

១២ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​កូន​បង្ហិន​ទ្រព្យ ក៏​ផ្ដល់​នូវ​ការ​យល់​ធ្លុះ​ថែម​ទៀត​នូវ​របៀប​ដែល​យើង​អាច​ខំ​រក​លក្ខណៈ​ល្អ​របស់សមាជិក​ក្នុង​គ្រួសារ​យើង។ កូន​ពៅ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ពី​គាត់​ឈប់​ដើរ​តាម​គន្លង​ជីវិត​ផ្ដេស​ផ្ដាស​និង​ការ​ចំណាយ​ប្រាក់​យ៉ាង​ខ្ជះ​ខ្ជាយ​នោះ។ តែ​ឪពុក​ប្រព្រឹត្ត​នឹង​កូន​ដោយ​សេចក្ដី​មេត្ដា​ករុណា។ តើ​ឪពុក​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ត្អូញត្អែរ​ពី​កូន​ច្បង ដែល​មិន​ធ្លាប់​ចាក​ចោល​ផ្ទះ​នោះ? គាត់​បាន​និយាយ​ទៅ​កូន​ច្បង​ថា៖ «កូន​អើយ! ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ឯង​ដែរ»។ ការ​តប​ឆ្លើយ​នេះ​មិន​មែន​ជា​ការ​បដិសេធ​ដោយ​អន់​ចិត្ត​ទេ ប៉ុន្តែ​គឺ​គ្រាន់​តែ​ជា​ការ​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ប៉ុណ្ណោះ។ គាត់​ក៏​និយាយ​បន្ត​ថា៖ «គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពីព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ»។ យើង​ក៏​អាច​ខំ​បន្ត​រក​ឃើញ​នូវ​លក្ខណៈ​ល្អ​របស់​មនុស្ស​ឯ​ទៀត​យ៉ាង​ដូច្នេះ​ដែរ។—លូកា ១៥:១១​-​៣២

ចូរ​រក​លក្ខណៈ​ល្អ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន

១៣, ១៤. តើ​អ្វី​ជា​វិធី​មួយ​ដើម្បី​កាន់​តាម​ក្រិត្យ​វិន័យ​ដ៏​ប្រសើរ​អំពី​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន?

១៣ ជា​គ្រីស្ទាន យើង​ព្យាយាម​កាន់​តាម​ក្រិត្យ​វិន័យ​ដ៏​ប្រសើរ​អំពី​សេចក្ដី​ស្រឡាញ់។ (យ៉ាកុប ២:១​-​៩) ពិត​មែន យើង​ប្រហែល​ជា​ទទួល​ស្គាល់​សមាជិក​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​វត្ថុ​ទ្រព្យ​តិច​ជាង​យើង​នោះ។ ក៏​ប៉ុន្តែ តើ​យើង​នៅ​តែ​មាន«ការ​ប្រកាន់​វណ្ណៈ» ដោយ​សារ​ពូជ​សាសន៍ វប្បធម៌ ឬ​ដោយ​សារ​តែ​គេ​ធ្លាប់​កាន់​សាសនា​ផ្សេង​ឬ​ទេ? បើ​មាន​អារម្មណ៍​ដូច្នេះ តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​របស់​យ៉ាកុប​យ៉ាង​ដូច​ម្ដេច​បាន?

១៤ ការ​ទទួល​ស្វាគមន៍​មនុស្ស​ទាំង​អស់​ដែល​មក​កិច្ច​ប្រជុំ​គ្រីស្ទាន ផ្ដល់​ភស្តុ​តាង​ថា​យើង​មាន​ចិត្ត​ទូលាយ។ នៅ​ពេល​ដែល​យើង​ឆ្លៀត​ឱកាស​និយាយ​ជា​មួយ​នឹង​អ្នក​ថ្មី​ដែល​មក​សាល​ព្រះ​រាជាណាចក្រ នោះ​ពួក​គេ​ទំនង​ជា​លែង​មាន​អារម្មណ៍​ភ័យ​ព្រួយ និង​អៀន​ខ្មាស​ទៀត។ ប្រាកដ​ហើយ មនុស្ស​ខ្លះ​ដែល​មក​កិច្ច​ប្រជុំ​គ្រីស្ទាន​នៅ​លើក​ដំបូង​ពោល​ថា៖ «មនុស្ស​គ្រប់​គ្នា​មាន​ចិត្ត​រាក់​ទាក់​ណាស់។ គឺ​ហាក់​ដូច​ជា​ពួក​គេ​ស្គាល់​ខ្ញុំ​រួច​ទៅ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ស្រួល​មែន!»។

១៥. តើ​អាច​ជួយ​យុវវ័យ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ចំពោះ​មនុស្ស​ចាស់​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​ក្នុង​ក្រុម​ជំនុំ​ខ្លះ ពេល​ដែល​កិច្ច​ប្រជុំ​ចប់ នោះ​មាន​យុវវ័យ​ខ្លះ​ប្រហែល​ផ្ដុំ​គ្នា​និយាយ​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ​សាល​ព្រះ​រាជាណាចក្រ ដោយ​ជៀស​វាង​ពី​ការ​សេព​គប់​ជា​មួយ​មនុស្ស​ចាស់។ តើ​យើង​អាច​ចាត់​វិធានការ​អ្វី​ដើម្បី​យក​ឈ្នះ​នូវ​សកម្មភាព​បែប​នេះ? ប្រាកដ​ហើយ ជំហាន​ដំបូង គឺ​មាតា​បិតា​ត្រូវ​អប់រំ​បុត្រ​ធីតា​នៅ​ឯ​ផ្ទះ ហើយ​ជួយ​រៀបចំ​កូន​សំរាប់​កិច្ច​ប្រជុំ។ (សុភាសិត ២២:៦) មាតា​បិតា​អាច​ឲ្យ​កូន​ត្រៀម​ប្រកាសនវត្ថុ​ផ្សេង​ៗ​រួច​ជា​ស្រេច ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​មាន​អ្វី​ដែល​ត្រូវ​ការ​សំរាប់​កិច្ច​ប្រជុំ។ មាតា​បិតា​ក៏​មាន​ឱកាស​ល្អ​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​បុត្រ​ធីតា​ឲ្យ​ចេះ​និយាយ​ជា​មួយ​មនុស្ស​ចាស់​និង​បង​ប្អូន​ពិការ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​ដែរ។ បើ​កូន​មាន​អ្វី​ដ៏​ល្អ​ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ទាំង​នេះ នោះ​នឹង​នាំ​ឲ្យ​កូន​មាន​សេចក្ដី​ពេញ​ចិត្ត។

១៦, ១៧. តើ​មនុស្ស​ពេញ​វ័យ​អាច​រក​លក្ខណៈ​ល្អ​របស់​យុវវ័យ​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១៦ បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​វ័យ​ចាស់ ក៏​គួរ​បង្ហាញ​ចំណាប់​អារម្មណ៍​នឹង​ពួក​ក្មេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។ (ភីលីព ២:៤) ពួក​គេ​អាច​ផ្ដើម​ទៅ​និយាយ​ជា​មួយ​ក្មេង​ៗ​តាម​របៀប​ដែល​លើក​ទឹក​ចិត្ត។ ធម្មតា ក្នុង​កំឡុង​កិច្ច​ប្រជុំ​គឺ​មាន​ចំណុច​ដ៏​ល្អ​ខ្លះ​ៗ​ដែល​យើង​អាច​សួរ​ពួក​យុវវ័យ​ថា តើ​គេ​បាន​ពេញ​ចិត្ត​នឹង​កិច្ច​ប្រជុំ និង​ថា​តើ​មាន​ចំណុច​ណា​ដែល​គេ​បាន​ពេញ​ចិត្ត​ជា​ពិសេស ដែល​គេ​អាច​យក​មក​អនុវត្ត​តាម​នោះ។ យុវវ័យ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ក្រុម​ជំនុំ ដូច្នេះ​ហើយ យើង​គួរ​ទទួល​ស្គាល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​របស់​គេ​និង​សរសើរ​ពួក​គេ​ចំពោះ​ការ​ឆ្លើយ​ឬ​បើ​មាន​ចំណែក​ក្នុង​កម្ម​វិធី​ឯ​ទៀត​នោះ​ដែរ។ ពេល​ប្អូន​ៗ​យុវវ័យ​មាន​អាយុ​ច្រើន​ទៅ របៀប​ដែល​គេ​ទាក់​ទង​នឹង​មនុស្ស​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ និង​របៀប​ដែល​គេ​ធ្វើ​កិច្ច​ការ​តិច​តួច​ក្នុង​ផ្ទះ នោះ​បញ្ជាក់​ថា​ពួក​គេ​ទំនង​ជា​អាច​ចាត់​ចែង​យ៉ាង​ល្អ​នូវ​ភារកិច្ច​ដ៏​ធំ​ជាង។—លូកា ១៦:១០

១៧ ដោយ​ព្រម​ទទួល​យក​នូវ​ភារកិច្ច​ណា​មួយ​នោះ យុវវ័យ​ខ្លះ​បាន​រីក​ចំរើន​រហូត​ដល់​គេ​មាន​គុណ​សម្បត្ដិ​ខាង​វិញ្ញាណ ដែល​អាច​ទទួល​នូវ​ភារកិច្ច​ដ៏​សំខាន់​ជាង​ទៀត។ បើ​យុវវ័យ​មាន​កិច្ច​ការ​ធ្វើ នេះ​អាច​ជួយ​ទប់​ទល់​នឹង​ការ​ប្រព្រឹត្ត​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា។ (ធីម៉ូថេ​ទី​២ ២:២២) កិច្ច​ការ​បែប​នេះ​អាច«ល្បង»ឲ្យ​ដឹង​ថា​បង​ប្រុស​ៗ អាច​ឈោង​ចាប់​ភារកិច្ច​ធ្វើ​ជា​អ្នក​ងារ​ជំនួយ​បាន​ឬ​អត់។ (ធីម៉ូថេ​ទី​១ ៣:១០) ដោយ​សារ​ពួក​គេ​ប្រុង​ប្រៀប​ចូល​រួម​នៅ​ឯ​កិច្ច​ប្រជុំ និង​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បំរើ​ផ្សាយ ព្រម​ទាំង​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ នេះ​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​ដឹង​នូវ​គុណ​សម្បត្ដិ​របស់​គេ ដើម្បី​ផ្ដល់​កិច្ច​ការ​បន្ថែម​នោះ។

ចូរ​រក​ឃើញ​លក្ខណៈ​ល្អ​របស់​មនុស្ស​ទាំង​អស់

១៨. តើ​ត្រូវ​ជៀស​វាង​អន្ទាក់​អ្វី​ពេល​ធ្វើ​ការ​វិនិច្ឆ័យ​នោះ? ហើយ​ហេតុ​អ្វី?

១៨ សុភាសិត ២៤:២៣ ចែង​ថា៖«ការ​ដែល​យោគ​យល់​ខាង​អ្នក​ណា​ក្នុង​រឿង​ក្ដី នោះ​មិន​ល្អ​ទេ»។ ប្រាជ្ញា​ដែល​មក​ពី​សេចក្ដី​តម្រូវ​របស់​ព្រះ​ឲ្យ​អ្នក​ចាស់​ទុំ​ជៀស​វាង​ការ​រើស​មុខ ពេល​ដែល​គេ​វិនិច្ឆ័យ​ក្នុង​ក្រុម​ជំនុំ។ យ៉ាកុប​បាន​ប្រកាស​ថា៖ «តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។ (យ៉ាកុប ៣:១៧) យ៉ាង​ច្បាស់​ណាស់ ក្នុង​ការ​រក​លក្ខណៈ​ល្អ​របស់​អ្នក​ដទៃ អ្នក​ចាស់​ទុំ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អារម្មណ៍​ឬ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​បុគ្គល​នោះ​មិន​មាន​អានុភាព​លើ​ការ​វិនិច្ឆ័យ​របស់​គេ​ឡើយ។ អេសាភ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «ព្រះ​ទ្រង់​ឈរ​នៅ​ក្នុង​ពួក​ជំនុំ​ដ៏​ខ្លាំង​ពូកែ គឺ​ទ្រង់​ដែល​វិនិច្ឆ័យ នៅ​កណ្ដាល​ពួក​អ្នក​មាន​អំណាច ‹តើ​ឯង​រាល់​គ្នា​នឹង​ជំនុំ​ជំរះ​ដោយ​ទុច្ចរិត ហើយ​យល់​មុខ​មនុស្ស​អាក្រក់​ដល់​កាល​ណា?›»។ (ទំនុក​ដំកើង ៨២:១, ២) យ៉ាង​ដូច្នោះ​ដែរ អ្នក​ចាស់​ទុំ​គ្រីស្ទាន​ត្រូវ​តែ​បដិសេធ​នូវ​ការ​ទោរ​ទន់​ទៅ​រក​ការ​លំអៀង​ក្នុង​រឿង​ដែល​ទាក់​ទង​មិត្ត​ឬ​សាច់​ញាតិ​នោះ។ តាម​របៀប​នេះ ពួក​គេ​អាច​រក្សា​ទុក​នូវ​សាមគ្គី​ភាព​នៃ​ក្រុម​ជំនុំ និង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​មាន​ដឹក​នាំ​ឲ្យ​បាន​ល្អ។—ថែស្សាឡូនីច​ទី​១ ៥:២៣

១៩. តើ​តាម​របៀប​ណា ដែល​យើង​អាច​រក​លក្ខណៈ​ល្អ​របស់​អ្នក​ដទៃ?

១៩ ក្នុង​ការ​រក​លក្ខណៈ​ល្អ​របស់​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ ដោយ​យើង​បង្ហាញ​នូវ​ចិត្ត​គំនិត​របស់​ប៉ុល ពេល​គាត់​និយាយ​ទៅ​កាន់​បណ្ដា​គ្រីស្ទាន​នៅ​ក្រុង​ថែស្សាឡូនីច។ គាត់​បាន​ពោល​ថា៖ «យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ​អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ផ្ដាំ​ទុក​ដែរ»។ (ថែស្សាឡូនីច​ទី​២ ៣:៤) ពេល​យើង​ខំ​រក​លក្ខណៈ​ល្អ​របស់​បង​ប្អូន​ខាង​វិញ្ញាណ​របស់​យើង នោះ​យើង​នឹង​មាន​ចិត្ត​ចង់​បំភ្លេច​ចោល​នូវ​កំហុស​របស់​បង​ប្អូន។ យើង​នឹង​ខំ​រក​លក្ខណៈ​ណា ដែល​យើង​អាច​សរសើរ​បង​ប្អូន​របស់​យើង ហើយ​ប្រាកដ​ជា​ជៀស​វាង​ពី​គំនិត​ដែល​រិះ​គន់។ ប៉ុល​បាន​សរសេរ​ថា៖ «រីឯ​អ្នក​មើល​ខុស​ត្រូវ គួរ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់»។ (កូរិនថូស​ទី​១ ៤:២, ខ.ស.) ភាព​ស្មោះ​ត្រង់​របស់​ពួក​អ្នក​មើល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ និង​ភាព​ស្មោះ​ត្រង់​របស់​បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន​បាន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្រឡាញ់​ពួក​គេ​មែន។ ដោយ​សារ​ដូច្នេះ យើង​ក៏​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គេ ព្រម​ទាំង​ពង្រឹង​ចំណង​មិត្តភាព​គ្រីស្ទាន​ទៀត​ផង។ យើង​នឹង​មាន​ទស្សនៈ​ដូច​ជា​ប៉ុល​ដែរ​ចំពោះ​បង​ប្អូន​គ្រីស្ទាន​នៅ​សម័យ​គាត់។ ពួក​គេ​ជា‹ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​ខាង​ឯ​នគរ​ព្រះ› ហើយ​ជា«ជំនួយ​ដែល​ពង្រឹង​កម្លាំង»យើង។ (កូល៉ុស ៤:១១, ព.ថ.) ដូច្នេះ​ហើយ យើង​បង្ហាញ​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ដែរ។

២០. តើ​អស់​អ្នក​ដែល​ខំ​រក​លក្ខណៈ​ល្អ​របស់​មនុស្ស​គ្រប់​គ្នា​នឹង​ទទួល​ពរ​អ្វី?

២០ យ៉ាង​ប្រាកដ​ហើយ យើង​មាន​អារម្មណ៍​ដូច​នេហេមា ដែល​ក្នុង​សេចក្ដី​អធិស្ឋាន គាត់​បាន​ពោល​ថា៖ «ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ទ្រង់​នឹក​ចាំ​ពី​ទូល​បង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ​ផង»។ (នេហេមា ១៣:៣១) យើង​មាន​ចិត្ត​សប្បាយ​មែន ដែល​ព្រះ​យេហូវ៉ា​រក​លក្ខណៈ​ល្អ​របស់​មនុស្ស​ទាំង​អស់! (ពង្សាវតារ​ក្សត្រ​ទី​១ ១៤:១៣) សូម​ឲ្យ​យើង​ធ្វើ​យ៉ាង​ដូច្នេះ​ដែរ​ពេល​ទាក់​ទង​នឹង​អ្នក​ដទៃ។ ទង្វើ​នេះ​នឹង​ផ្ដល់​នូវ​លទ្ធភាព​ចំពោះ​ការ​រំដោះ​និង​ការ​ទទួល​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដែល​នឹង​មាន​នៅ​ខាង​មុខ​នេះ។—ទំនុក​ដំកើង ១៣០:៣​-​៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ដល់​មនុស្ស​គ្រប់​គ្នា​ដោយ​មាន​មូលដ្ឋាន​លើ​អ្វី?

• តើ​យើង​អាច​រក​លក្ខណៈ​ល្អ​របស់​អ្នក​ដទៃ​ដោយ​ដូច​ម្ដេច

• ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

• ក្នុង​ក្រុម​គ្រួសារ​របស់​យើង?

• ក្នុង​ក្រុម​ជំនុំ​របស់​យើង?

• ក្នុង​ទំនាក់​ទំនង​ទាំង​អស់​របស់​យើង?

[រូប​ភាព​នៅ​ទំព័រ​២៤]

យ៉ូសែប​រក​លក្ខណៈ​ល្អ របស់​បង​ប្អូន​គាត់ ទោះ​ជា​ពេល​មុន គេ​ស្អប់​គាត់​ក្ដី

[រូប​ភាព​នៅ​ទំព័រ​២៥]

ការ​ប្រឆាំង​មិន​បង្ការ​យើង​ពី​ការ​ព្យាយាម​ជួយ​មនុស្ស​ទាំង​អស់​ទេ

[រូប​ភាព​នៅ​ទំព័រ​២៦]

ទោះ​ជា​ពី​មុន​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​កូន​ប្រុស​ៗ​ទាំង​អស់​របស់​យ៉ាកុប នៅ​តែ​ទទួល​ពរ​គ្រប់​គ្នា

[រូប​ភាព​នៅ​ទំព័រ​២៧]

សូម​ទទួល​ស្វាគមន៍​មនុស្ស​ទាំង​អស់​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក