បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១០ ទំ. ១២-១៧
  • «ព្រះគឺជាសេចក្ដីស្រឡាញ់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះគឺជាសេចក្ដីស្រឡាញ់»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត
  • របៀប​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​ស្រឡាញ់​យើង
  • ព្រះ​មួយ​អង្គ​ដែល«បំរុង​តែ​នឹង​អត់​ទោស»
  • «ព្រះ​ហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះ​នៃ​យើង»
  • ‹ព្រះហឫទ័យមេត្ដាករុណាប្រោសប្រណីរបស់ព្រះនៃយើង›
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • «ទ្រង់បានស្រឡាញ់យើងជាមុន»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • គ្មានអ្វីអាច«ពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១០ ទំ. ១២-១៧

«ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់»

«អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។—យ៉ូហាន​ទី​១ ៤:៨

១​-​៣. (ក) តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា? ហេតុ​អ្វី​ចំណែង​នេះ​ខុស​ប្លែក​ពី​ចំណែង​អំពី​គុណ​សម្បត្ដិ​ឯ​ទៀត? (ខ) ហេតុ​អ្វី​ព្រះ​គម្ពីរ​ចែង​ថា«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»?

គុណ​សម្បត្ដិ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឆ្នើម ឥត​ខ្ចោះ និង​ក៏​ទាក់​ទាញ​ទឹក​ចិត្ត​យើង​ផង​ដែរ។ ប៉ុន្តែ គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​ជាង​គេ​គឺ​ជា​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​គុណ​សម្បត្ដិ​ដែល​ទាក់​ទាញ​យើង​ខ្លាំង​បំផុត​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ យើង​សប្បាយ​ដែល​សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​ចំបង​របស់​ទ្រង់។ តើ​យើង​ដឹង​ថា សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​ចំបង​របស់​ទ្រង់​ដោយ​ដូច​ម្ដេច?

២ អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្រឡាញ់ ព្រះ​គម្ពីរ​មិន​បាន​ចែង​អំពី​គុណ​សម្បត្ដិ​សំខាន់​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ដូច្នេះ​ទេ។ បទ​គម្ពីរ​មិន​ដែល​ចែង​ថា ព្រះ​ជា​តេជានុភាព ឬ​ព្រះ​ជា​យុត្ដិធម៌ ឬ​ព្រះ​ជា​ប្រាជ្ញា​ទេ។ ទ្រង់​មាន​គុណ​សម្បត្ដិ​ទាំង​នេះ ហើយ​ទ្រង់​ក៏​ជា​ប្រភព​ដើម​នៃ​គុណ​សម្បត្ដិ​ទាំង​អស់​នេះ​ដែរ។ ប៉ុន្តែ ចំពោះ​សេចក្ដី​ស្រឡាញ់​វិញ មាន​ចំណែង​មួយ​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​នៅ​យ៉ូហាន​ទី​១ ៤:៨ ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ ពិត​ណាស់ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ជ្រាល​ជ្រៅ​ពន់​ពេក ហើយ​នេះ​ជា​ធាតុ​ពិត​របស់​ទ្រង់​តែ​ម្ដង។ បើ​និយាយ​ជា​ទូទៅ​វិញ យើង​អាច​ពន្យល់​ដូច​ត​ទៅ​នេះ៖ តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​សមត្ថភាព​ឲ្យ​ទ្រង់​ធ្វើ​អ្វី​មួយ។ យុត្ដិធម៌​និង​ប្រាជ្ញា​របស់​ទ្រង់​ណែនាំ​ការ​ប្រព្រឹត្ត​របស់​ទ្រង់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ប្រព្រឹត្ត។ បន្ថែម​ទៅ​ទៀត សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ស​ឲ្យ​ឃើញ​ជា​និច្ច​ក្នុង​របៀប​ដែល​ទ្រង់​ប្រើ​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ទ្រង់។

៣ ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​ស្រឡាញ់ យើង​ត្រូវ​តែ​រៀន​អំពី​ទ្រង់ ទើប​អាច​យល់​ថា​សេចក្ដី​ស្រឡាញ់​ជា​អ្វី​ទៅ។ ដូច្នេះ សូម​យើង​ពិចារណា​នូវ​លក្ខណៈ​ផ្សេង​ៗ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដែល​គ្មាន​អ្វី​ប្រៀប​បាន។

ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត

៤, ៥. (ក) តើ​អ្វី​ជា​ការ​ប្រព្រឹត្ត​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ដូច? (ខ) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់​មាន​ចំពោះ​គ្នា​និង​គ្នា​គឺ​ខ្លាំង​បំផុត​មិន​ដែល​មាន​ដូច​នោះ?

៤ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ជា​ច្រើន​យ៉ាង ប៉ុន្តែ​មាន​របៀប​មួយ​ដែល​លេច​ធ្លោ​ជាង​គេ​បំផុត។ តើ​នោះ​ជា​អ្វី​ទៅ? នោះ​គឺ​នៅ​ពេល​ដែល​ទ្រង់​ចាត់​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​រង​ទុក្ខ​និង​សោយទិវង្គត​ជំនួស​យើង។ យើង​អាច​ប្រាកដ​ថា នេះ​គឺ​ជា​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ទេ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ​បាន?

៥ ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេស៊ូ​គឺ«បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក»។ (កូល៉ុស ១:១៥) សូម​គិត​ទៅ​មើល រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​មាន​ព្រះ​ជន្ម​រស់​មុន​មាន​សកល​លោក​ទៅ​ទៀត! តើ​ព្រះ​វរបិតា​និង​រាជបុត្រា​ធ្លាប់​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ទៅ? អ្នក​វិទ្យា​សាស្ត្រ​ខ្លះ​ប៉ាន់​ស្មាន​ថា​សកល​លោក​មាន​កំណើត​តាំង​ពី​១.៣០០​កោដិ​ឆ្នាំ​មុន។ ប៉ុន្តែ មិន​ថា​ការ​ប៉ាន់​ស្មាន​នេះ​ត្រូវ​ឬ​មិន​ត្រូវ​ក៏​ដោយ​វា​នៅ​តែ​ខ្លី​ជាង​ព្រះ​ជន្មាយុ​របស់​រាជបុត្រា​ច្បង​របស់​ព្រះ​យេហូវ៉ា! តើ​រាជបុត្រា​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​នេះ? រាជបុត្រា​បាន​បំរើ​យ៉ាង​រីក​រាយ​ជា«មេ​ជាង»របស់​ព្រះ​វរបិតា។ (សុភាសិត ៨:៣០; យ៉ូហាន ១:៣) ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ធ្វើ​របស់​សព្វ​សារពើ។ ទ្រង់​ទាំង​ពីរ​អង្គ​ច្បាស់​ជា​បាន​រីក​រាយ​និង​រំភើប​ជា​ទី​បំផុត! គ្មាន​យើង​ណា​ម្នាក់​អាច​យល់​ពី​ចំណង​មេត្រី​ភាព​ដ៏​រឹង​មាំ​ដែល​មាន​អស់​រយៈ​ពេល​យូរ​អង្វែង​ដូច្នេះ​បាន​ទេ សូម្បី​តែ​បន្ដិច​ក៏​មិន​យល់​ផង មែន​ទេ? ដូច្នេះ យើង​ឃើញ​ច្បាស់​ថា ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់​មាន​រវាង​គ្នា​និង​គ្នា​គឺ​ខ្លាំង​បំផុត​មិន​ដែល​មាន​ដូច​ទេ។

៦. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​អារម្មណ៍​ដែល​ទ្រង់​មាន​ចំពោះ​រាជបុត្រា​យ៉ាង​ដូច​ម្ដេច?

៦ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ចាត់​រាជបុត្រា​របស់​ទ្រង់​មក​ផែនដី​ឲ្យ​កើត​ជា​កូន​មនុស្សជាតិ។ នេះ​បាន​ន័យ​ថា អស់​ជា​ច្រើន​ឆ្នាំ ព្រះ​យេហូវ៉ា​លះ​បង់​ភាព​ស្និទ្ធ​ស្នាល​នៅ​ស្ថាន​សួគ៌​ជា​មួយ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់។ ដោយ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រះ​យេហូវ៉ា​បាន​ទត​ព្រះ​នេត្រ​ពី​ស្ថាន​សួគ៌​មក​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ធំ​ឡើង​ជា​បុរស​គ្រប់​ល័ក្ខណ៍។ នៅ​ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​៣០​ឆ្នាំ ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នៅ​គ្រា​នោះ ព្រះ​វរបិតា​មាន​បន្ទូល​ចេញ​ពី​ស្ថាន​សួគ៌​ថា៖‹នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់›។ (ម៉ាថាយ ៣:១៧) ដោយ​ឃើញ​ថា​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ស្មោះ​ត្រង់​តាម​អ្វី​ទាំង​អស់​ដែល​ត្រូវ​ទាយ​ទុក​ជា​មុន និង​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែល​ត្រូវ​បាន​តម្រូវ​ពី​ទ្រង់ នោះ​ព្រះ​វរបិតា​ពិត​ជា​បាន​រីក​រាយ​ក្រៃ​លែង!—យ៉ូហាន ៥:៣៦; ១៧:៤

៧, ៨. (ក) តើ​ព្រះ​យេស៊ូ​ត្រូវ​រង​ទ្រាំ​នឹង​អ្វី​ខ្លះ​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ.? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ព្រះ​ទ័យ​ព្រះ​វរបិតា​របស់​ទ្រង់? (ខ) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​រាជបុត្រា​របស់​ទ្រង់​រង​ទុក្ខ​និង​សោយ​ទិវង្គត?

៧ ក៏​ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ថ្ងៃ​ទី​១៤ ខែណែសាន ឆ្នាំ​៣៣​ស.យ. ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​ក្បត់ និង​ចាប់​ខ្លួន​ទ្រង់​ដោយ​ក្រុម​ជន​ឃោរ​ឃៅ​នោះ? តើ​ទ្រង់​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​សើច​ចំអក ស្ដោះ​ទឹក​មាត់​ដាក់ និង​វាយ​តប់​នោះ? តើ​ទ្រង់​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​វាយ​នឹង​ខ្សែ​តី រយៈ​ដាច់​សាច់​ខ្នង​យ៉ាង​ជ្រៅ​នោះ? តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​បោះ​ដែក​គោល​ភ្ជាប់​ព្រះ​ហស្ត​និង​ព្រះ​បាទ​នឹង​បង្គោល​ឈើ រួច​ព្យួរ​ទ្រង់​ចោល​ឲ្យ​មនុស្ស​តិះ​ដៀល​នោះ? តើ​ព្រះ​វរបិតា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​រាជបុត្រា​របស់​ទ្រង់​ស្រែក​ទូល​ទ្រង់​ទាំង​ឈឺ​ចាប់​យ៉ាង​វេទនា​នោះ? តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ព្រះ​យេស៊ូ​ផុត​ដង្ហើម​ទៅ ហើយ​ជា​លើក​ទី​មួយ​តាំង​ពី​កំណើត​សកល​លោក​មក មិន​មាន​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់?—ម៉ាថាយ ២៦:១៤​-​១៦, ៤៦, ៤៧, ៥៦, ៥៩, ៦៧; ២៧:២៦, ៣៨​-​៤៤, ៤៦; យ៉ូហាន ១៩:១

៨ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ក៏​ចេះ​មាន​អារម្មណ៍​ដែរ ការ​ឈឺ​ចាប់​ក្នុង​ព្រះ​ទ័យ​នៅ​ពេល​ដែល​រាជបុត្រា​របស់​ទ្រង់​បាន​សោយ​ទិវង្គត​នោះ គឺ​ខ្លាំង​រក​ពណ៌នា​ពុំ​បាន​ឡើយ។ ប៉ុន្តែ យើង​អាច​ពណ៌នា​បាន​នូវ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង។ ហេតុ​អ្វី​បាន​ជា​ព្រះ​វរបិតា​សុខ​ចិត្ត​ឈឺ​ចាប់​ដូច្នេះ? ព្រះ​យេហូវ៉ា​សម្ដែង​ឲ្យ​យើង​យល់​នូវ​អ្វី​ដ៏​អស្ចារ្យ​មួយ​នៅ​យ៉ូហាន ៣:១៦។ ខ​គម្ពីរ​នេះ​គឺ​សំខាន់​ដ៏​ម្ល៉េះ ដែល​ធ្លាប់​មាន​គេ​ដាក់​ឈ្មោះ​ខ​នោះ​ថា សេចក្ដី​សង្ខេប​នៃ​សៀវភៅ​ដំណឹង​ល្អ។ ខ​នោះ​អាន​ថា៖ «ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ ដូច្នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ ហេតុ​ដែល​ជំរុញ​ព្រះ​ទ័យ​របស់​ព្រះ​គឺ សេចក្ដី​ស្រឡាញ់។ ពុំ​ដែល​មាន​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ជាង​នេះ​ទេ។

របៀប​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​ស្រឡាញ់​យើង

៩. ស្តី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង តើ​សាតាំង​ចង់​ធ្វើ​ឲ្យ​យើង​ជឿ​អ្វី? ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ធានា​អ្វី?

៩ ក៏​ប៉ុន្តែ នេះ​នាំ​ឲ្យ​មាន​សំនួរ​សំខាន់​មួយ៖ តើ​ព្រះ​ស្រឡាញ់​រូប​យើង​ផ្ទាល់​ឬ? មនុស្ស​ខ្លះ​យល់​ស្រប​ថា ព្រះ​ស្រឡាញ់​មនុស្សជាតិ​ជា​ទូទៅ ដូច​យ៉ូហាន ៣:១៦​ចែង​នោះ។ ប៉ុន្តែ ពួក​គេ​ក៏​មាន​អារម្មណ៍​ថា‹ព្រះ​មិន​អាច​ស្រឡាញ់​រូប​ខ្ញុំ​ទេ›។ ការ​ពិត អារក្ស​ចង់​ឲ្យ​យើង​ជឿ​ណាស់​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង និង​ទ្រង់​មិន​ឲ្យ​តម្លៃ​មក​លើ​យើង​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ធានា​ថា អ្នក​បំរើ​ស្មោះ​ត្រង់​ម្នាក់​ៗ​របស់​ទ្រង់​មាន​តម្លៃ​ពិត​មែន ទោះ​ជា​យើង​គិត​ថា​ខ្លួន​មិន​គួរ​ឲ្យ​ស្រឡាញ់​ឬ​គ្មាន​តម្លៃ​យ៉ាង​ណា​ក្ដី។

១០, ១១. តើ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ចាប​ពូក​បញ្ជាក់​តម្លៃ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១០ ជា​ឧទាហរណ៍ សូម​ពិចារណា​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ១០:២៩​-​៣១។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​សិស្ស​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ។ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ។ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ សូម​ពិចារណា​នូវ​អ្វី​ដែល​អ្នក​ស្ដាប់​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ​នោះ​បាន​យល់​ចំពោះ​បន្ទូល​របស់​ទ្រង់។

១១ នៅ​សម័យ​ព្រះ​យេស៊ូ ចាប​ពូក​ជា​ចាប​ថោក​បំផុត​ដែល​គេ​លក់​ធ្វើ​ជា​អាហារ។ មនុស្ស​ម្នាក់​អាច​ទិញ​បាន​ចាប​ពីរ ក្នុង​តម្លៃ​តែ​លុយ​កាក់​មួយ​ដែល​មិន​សូវ​មាន​តម្លៃ​ទេ។ ប៉ុន្តែ ក្រោយ​មក ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នៅ​លូកា ១២:៦, ៧ ថា បើ​ឲ្យ​កាក់​ពីរ​នោះ មនុស្ស​ម្នាក់​អាច​បាន​ចាប​ប្រាំ​ក្បាល មិន​មែន​បួន​ទេ។ ចាប​មួយ​ទៀត​នោះ​ត្រូវ​បន្ថែម​ដូច​ជា​របស់​គ្មាន​តម្លៃ​អ្វី​សោះ។ ប្រហែល​ជា​ចាប​នេះ​គ្មាន​តម្លៃ​ចំពោះ​មនុស្សជាតិ​មែន ប៉ុន្តែ តើ​អ្នក​បង្កើត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ចាប​នេះ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ» សូម្បី​តែ​ចាប​មួយ​នោះ​ដែល​គេ​បន្ថែម​ឥត​គិត​ថ្លៃ​ក៏​ដោយ។ ឥឡូវ​យើង​អាច​យល់​គោល​ចំណុច​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នោះ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ចាប​មួយ​ជា​អ្វី​ដែល​មាន​តម្លៃ​ម្ល៉េះ នោះ​មនុស្សជាតិ​មាន​តម្លៃ​ច្រើន​ជាង​អំបាលម៉ាន​ទៅ​ទៀត! ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​នោះ ព្រះ​យេហូវ៉ា​ស្គាល់​អ្វី​ៗ​ទាំង​អស់​អំពី​យើង។ សូម្បី​តែ​សរសៃ​សក់​របស់​យើង ក៏​ទ្រង់​ជ្រាប​ចំនួន​ដែរ!

១២. ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ពន្លើស​នៅ​ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា​សរសៃ​សក់​របស់​យើង​ត្រូវ​បាន​រាប់​អស់?

១២ បុគ្គល​ខ្លះ​ប្រហែល​ជា​សន្មត​ថា​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​ពន្លើស​ក្នុង​ខ​នេះ។ ប៉ុន្តែ សូម​គិត​អំពី​ដំណើរ​រស់​ឡើង​វិញ។ ដើម្បី​បង្កើត​យើង​សា​ជា​ថ្មី​ឡើង​វិញ ព្រះ​យេហូវ៉ា​ត្រូវ​តែ​ស្គាល់​យើង​ច្បាស់​ជា​ទី​បំផុត! ចំពោះ​ទ្រង់​យើង​មាន​តម្លៃ​ដល់​ម្ល៉េះ​ដែល​ទ្រង់​ចាំ​សេចក្ដី​ល្អិត​ល្អន់​ទាំង​អស់​អំពី​យើង រួម​ទាំង​ពត៌មាន​សេនេទិច​ដ៏​សាំញ៉ាំ​របស់​យើង ហើយ​សេចក្ដី​នឹក​ចាំ​និង​បទ​ពិសោធន៍​ទាំង​ឡាយ​ដែល​យើង​បាន​ប្រមូល​ទុក។ ការ​រាប់​សរសៃ​សក់​របស់​យើង ដែល​ជា​មធ្យម​មនុស្សជាតិ​មាន​១០០.០០០​សរសៃ គឺ​ងាយ​ស្រួល​ជាង​ឆ្ងាយ​ណាស់។ បន្ទូល​របស់​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​បំផុត​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ម្នាក់​ៗ!

១៣. តើ​យ៉ាង​ដូច​ម្ដេច​ដែល​កំណត់​ហេតុ​អំពី​ស្តេច​យ៉ូសាផាត​បង្ហាញ​ថា ព្រះ​យេហូវ៉ា​រក​លក្ខណៈ​ល្អ​របស់​យើង​ទោះ​ជា​យើង​មិន​គ្រប់​ល័ក្ខណ៍​ក៏​ដោយ?

១៣ ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យល់​អ្វី​មួយ​ទៀត​ដែល​ធានា​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង គឺ​ទ្រង់​រក​និង​ឲ្យ​តម្លៃ​ទៅ​លើ​លក្ខណៈ​ល្អ​របស់​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ស្តេច​យ៉ូសាផាត​ដែល​ជា​ស្តេច​ល្អ។ នៅ​ពេល​ដែល​ស្តេច​នេះ​បាន​ធ្វើ​អ្វី​មិន​ល្អ ព្យាការី​របស់​ព្រះ​យេហូវ៉ា​ប្រាប់​ទ្រង់​ថា៖«មាន​សេចក្ដី​ក្រេវ​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ​យេហូវ៉ា មក​លើ​ទ្រង់​ហើយ»។ នេះ​ពិត​ជា​ធ្ងន់​ធ្ងរ​មែន! ប៉ុន្តែ សារ​របស់​ព្រះ​យេហូវ៉ា​មិន​មាន​តែ​ប៉ុណ្ណេះ​ទេ។ សារ​នោះ​បន្ត​ថា៖«ប៉ុន្តែ ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ទ្រង់​ដែរ»។ (របាក្សត្រ​ទី​២ ១៩:១​-​៣) ដូច្នេះ សេចក្ដី​ក្រោធ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​មិន​បាន​បិទ​ព្រះ​នេត្រ​ទ្រង់​ចំពោះ«សេចក្ដី​ល្អ»ដែល​ស្តេច​យ៉ូសាផាត​មាន​នោះ​ទេ។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ណាស់​ដោយ​ដឹង​ថា ព្រះ​របស់​យើង​រក​លក្ខណៈ​ល្អ​របស់​យើង​ទោះ​ជា​យើង​មិន​គ្រប់​ល័ក្ខណ៍​ក៏​ដោយ មែន​ទេ?

ព្រះ​មួយ​អង្គ​ដែល«បំរុង​តែ​នឹង​អត់​ទោស»

១៤. នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើ​បាប តើ​យើង​ប្រហែល​ជា​ត្រូវ​ទ្រាំ​នឹង​អារម្មណ៍​អ្វី​ខ្លះ? ប៉ុន្តែ តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៤ នៅ​ពេល​យើង​ធ្វើ​បាប ការ​ខក​ចិត្ត ការ​ខ្មាស​និង​ការ​សោក​ស្ដាយ​ដែល​យើង​មាន​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​មិន​គួរ​នឹង​មាន​ឯកសិទ្ធិ​បំរើ​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា«បំរុង​តែ​នឹង​អត់​ទោស»។ (ទំនុក​ដំកើង ៨៦:៥) ពិត​ណាស់ បើ​យើង​ប្រែ​ចិត្ត​ពី​អំពើ​បាប​និង​ព្យាយាម​យ៉ាង​ខ្លាំង​កុំ​ឲ្យ​ធ្វើ​ម្ដង​ទៀត យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​ការ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​លក្ខណៈ​ប្រសើរ​ថ្លៃ​ថ្លា​នោះ​ដែល​ជា​ផ្នែក​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

១៥. តើ​ព្រះ​យេហូវ៉ា​ដាក់​បាប​របស់​ឲ្យ​យើង​ឆ្ងាយ​ពី​យើង​ប៉ុន​ណា​ទៅ?

១៥ ដាវីឌ​ដែល​សរសេរ​ទំនុក​ដំកើង​បាន​ពណ៌នា​អំពី​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា ដោយ​ប្រើ​ពាក្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ច្បាស់ នៅ​ពេល​ដែល​ទ្រង់​សរសេរ​ថា៖«ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ»។ (ទំនុក​ដំកើង ១០៣:១២, កំណែ​ជា​អក្សរ​ទ្រេត) តើ​ទិស​ខាង​កើត​គឺ​ឆ្ងាយ​ពី​ទិស​ខាង​លិច​ប៉ុន​ណា​ទៅ? យើង​អាច​និយាយ​ថា ទិស​ខាង​កើត​ជា​ចំណុច​ឆ្ងាយ​បំផុត​ពី​ទិស​ខាង​លិច។ ទិស​ទាំង​ពីរ​នេះ​គ្មាន​ជំនួប​ទេ។ បណ្ឌិត​ម្នាក់​កត់​សម្គាល់​ថា ពាក្យ​នេះ​បាន​ន័យ​ថា«ឆ្ងាយ​បំផុត ឬ​ចម្ងាយ​ឆ្ងាយ​បំផុត​ដែល​យើង​អាច​គិត​ឃើញ​បាន»។ ពាក្យ​របស់​ដាវីឌ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ​បង្រៀន​យើង​ថា នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង ទ្រង់​ដាក់​អំពើ​បាប​របស់​យើង​ឲ្យ​នៅ​ឆ្ងាយ​បំផុត​ដែល​យើង​អាច​គិត​ឃើញ​បាន។

១៦. នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​របស់​យើង ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ទ្រង់​ចាត់​ទុក​យើង​ស្អាត​ពី​បាប?

១៦ តើ​អ្នក​ធ្លាប់​ខំ​បោក​ស្នាម​ប្រឡាក់​មួយ​ចេញ​ពី​សំលៀក​បំពាក់​ពណ៌​ស្រស់​ខ្ចី​ទេ? ទោះ​ជា​អ្នក​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​អាច​មើល​ឃើញ​ស្នាម​នោះ​ដដែល។ សូម​កត់​សម្គាល់​នូវ​របៀប​ព្រះ​យេហូវ៉ា​ពណ៌នា​អំពី​សមត្ថភាព​អត់​ទោស​របស់​ទ្រង់៖ «ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ[ឬ«ក្រហម​ជាំ», ព.ថ.]ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ»។ (អេសាយ ១:១៨) ពាក្យ«ក្រហម​ទែង»សំដៅ​លើ​ក្រហម​ឆើត។a «ក្រហម​ជាំ»គឺ​ជា​ពណ៌​ចាស់​មួយ​ដែល​គេ​ប្រើ​ជ្រលក់​ក្រណាត់។ យើង​មិន​អាច​បំបាត់​ស្នាម​នោះ​ដោយ​ការ​ខំ​ប្រឹង​របស់​ខ្លួន​ឯង​បាន​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​បាប​ដែល​ប្រៀប​ដូច​ជា​ក្រហម​ទែង​និង​ក្រហម​ជាំ​ទៅ​ជា​ស​ដូច​ហិ​ម​:ឬ​ទឹក​កក ឬ​រោម​ចៀម​មិន​ជ្រលក់​ពណ៌។ ដូច្នេះ នៅ​ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​បាប​របស់​យើង យើង​មិន​ចាំ​បាច់​ខ្លាច​ថា​យើង​ត្រូវ​មាន​ស្នាម​ប្រឡាក់​ជាប់​អស់​មួយ​ជីវិត​ដោយ​សារ​បាប​នោះ​ទេ។

១៧. ពាក្យ​ដែល​ថា​ព្រះ​យេហូវ៉ា​បោះ​បាប​របស់​យើង​ទៅ​ក្រោយ​ទ្រង់ មាន​ន័យ​ដូច​ម្ដេច?

១៧ ហេសេគា​បាន​និពន្ធ​ចំរៀង​ដ៏​ពីរោះ​ក្រៃ​លែង​មួយ ដើម្បី​បញ្ជាក់​អំណរ​គុណ​របស់​ទ្រង់​ក្រោយ​ត្រូវ​បាន​ប្រោស​ឲ្យ​រួច​ពី​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​មុខ​ជា​ស្លាប់​នោះ។ ទ្រង់​បាន​ទូល​ព្រះ​យេហូវ៉ា​ថា៖«ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល​បង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ»។ (អេសាយ ៣៨:១៧) នៅ​ទី​នេះ ពណ៌នា​ថា​ព្រះ​យេហូវ៉ា​យក​បាប​របស់​អ្នក​ដែល​ធ្វើខុស​តែ​ប្រែ​ចិត្ត​បោះ​ទៅ​ក្រោយ​មិន​ឲ្យ​ទត​ឃើញ​ឬ​ចាប់​អារម្មណ៍​អំពី​នោះ​ទៀត​ឡើយ។ យោង​តាម​ឯកសារ​មួយ ចំណុច​នេះ​អាច​ត្រូវ​បញ្ជាក់​ដូច​ត​ទៅ​នេះ​ថា«ទ្រង់​បាន​ធ្វើ​ឲ្យ[បាប​របស់​ទូល​បង្គំ] ហាក់​ដូច​ជា​មិន​មាន​អ្វី​កើត​ឡើង»។ នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់ មែន​ទេ?

១៨. តើ​ព្យាការី​មីកា​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អត់​ទោស​ដោយ​បំភ្លេច​បាប​របស់​យើង​លែង​នឹក​ចាំ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៨ ក្នុង​សេចក្ដី​សន្យា​ស្តី​អំពី​ការ​នាំ​រាស្ត្រ​របស់​ព្រះ​មក​វិញ ព្យាការី​មីកា​បាន​បញ្ជាក់​ជំនឿ​របស់​គាត់​ថា ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ដែល​ប្រែ​ចិត្ត។ «តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់? . . . [ទ្រង់]បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ . . . ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ»។ (មីកា ៧:១៨, ១៩) សូម​គិត​ទៅ​លើ​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ​ចំពោះ​ប្រជាជន​នៅ​សម័យ​ព្រះ​គម្ពីរ។ តើ​មាន​លទ្ធភាព​ទទួល​មក​វិញ​នូវ​អ្វី​ដែល​ត្រូវ​បាន​បោះ​ទៅ​ក្នុង«សមុទ្រ​ជ្រៅ»ឬ? ពាក្យ​សំដី​របស់​មីកា​បង្ហាញ​ថា​នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​អត់​ទោស នោះ​ទ្រង់​បំភ្លេច​ចោល​អំពើ​បាប​របស់​យើង​ឲ្យ​លែង​នឹក​ចាំ​ទៀត។

«ព្រះ​ហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះ​នៃ​យើង»

១៩, ២០. (ក) តើ​កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា«អាណិត​អាសូរ»មាន​ន័យ​ដូច​ម្ដេច? (ខ) តើ​ព្រះ​គម្ពីរ​សំដៅ​លើ​អារម្មណ៍​ដែល​ម្ដាយ​ម្នាក់​មាន​ចំពោះ​កូន​ង៉ា​ខ្លួន​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៩ សេចក្ដី​មេត្ដា​ករុណា​គឺ​ជា​ផ្នែក​មួយ​ទៀត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ តើ​សេចក្ដី​មេត្ដា​ករុណា​ជា​អ្វី? ពាក្យ​ភាសា​ហេព្រើរ​និង​ក្រិច​មួយ​ចំនួន​បញ្ជាក់​អត្ថន័យ​នៃ​ការ​មេត្ដា។ ជា​ឧទាហរណ៍ ពាក្យ​រ៉ាខាម់ ដែល​ជា​កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ ច្រើន​តែ​បក​ប្រែ​ថា«អាណិត​អាសូរ»។ ពាក្យ​ភាសា​ហេព្រើរ​នេះ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​សំដៅ​លើ​អង្គ​ទ្រង់ ជាប់​ទាក់​ទង​នឹង​ពាក្យ​សំរាប់«ស្បូន»និង​អាច​ត្រូវ​ពន្យល់​ម្យ៉ាង​ទៀត​ថា«សេចក្ដី​មេត្ដា​ករុណា​របស់​ម្ដាយ»។

២០ ព្រះ​គម្ពីរ​សំដៅ​លើ​អារម្មណ៍​ដែល​ម្ដាយ​មួយ​រូប​មាន​ចំពោះ​កូន​ង៉ា​របស់​ខ្លួន​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ អេសាយ ៤៩:១៥ ចែង​ថា៖«តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន​ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្ដា[រ៉ាខាម់]កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!»។ (ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ពិត​ជា​ពិបាក​ជឿ​ណាស់​ថា​ម្ដាយ​ម្នាក់​អាច​ភ្លេច​ចិញ្ចឹម​ថែ​រក្សា​កូន​ខ្លួន​ដែល​នៅ​បៅ។ យ៉ាង​ណា​មិញ កូន​ង៉ា​មិន​អាច​ទី​ពឹង​ខ្លួន​បាន​ឡើយ និង​ត្រូវ​ការ​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​ទាំង​យប់​ទាំង​ថ្ងៃ។ ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ថា ពិត​មែន​មាន​ម្ដាយ​ខ្លះ​ដែល​មិន​ចិញ្ចឹម​កូន​ទេ ជា​ពិសេស​នៅ«គ្រា​លំបាក»នេះ។ (ធីម៉ូថេ​ទី​២ ៣:១, ៣) ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រកាស​ថា«ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!»។ បើ​ប្រៀប​ធៀប​សេចក្ដី​មេត្ដា​ករុណា​ប្រកប​ដោយ​ភាព​កក់​ក្ដៅ​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​អ្នក​បំរើ​ទ្រង់ នឹង​សេចក្ដី​មេត្ដា​ករុណា​ដែល​ម្ដាយ​មាន​ចំពោះ​កូន​ង៉ា​របស់​ខ្លួន​ដែល​ជា​អារម្មណ៍​កក់​ក្ដៅ​បំផុត​ដែល​មនុស្ស​មាន​ជា​ធម្មតា នោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ជាង​ឆ្ងាយ​ណាស់​ដែល​រក​យល់​ពុំ​បាន។

២១, ២២. តើ​មាន​អ្វី​កើត​ឡើង​ដល់​អ៊ីស្រាអែល​នៅ​ប្រទេស​អេស៊ីប​ពី​បុរាណ? ហើយ តើ​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

២១ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដូច​មាតា​ឬ​បិតា​ម្នាក់ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? គុណ​សម្បត្ដិ​នេះ​ស​ឲ្យ​ឃើញ​ក្នុង​របៀប​ទ្រង់​ប្រព្រឹត្ត​ទៅ​លើ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ នៅ​ដំណាច់​សតវត្ស​ទី​១៦​មុន​ស.យ. ជន​ជាតិ​អ៊ីស្រាអែល​រាប់​លាន​នាក់​ត្រូវ​បំរើ​ជា​ខ្ញុំ​កញ្ជះ​នៅ​ប្រទេស​អេស៊ីប ដែល​នៅ​ទី​នោះ​ត្រូវ​គេ​ជិះ​ជាន់​យ៉ាង​ខ្លាំង។ (និក្ខមនំ ១:១១, ១៤) ក្នុង​កាល​ដែល​រង​ទុក្ខ អ៊ីស្រាអែល​អំពាវនាវ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ តើ​ព្រះ​នៃ​សេចក្ដី​មេត្ដា​ករុណា​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

២២ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រំជួល​ព្រះ​ទ័យ។ ទ្រង់​មាន​បន្ទូល​ថា៖‹យើង​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវនាវ . . . យើង​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ›។ (និក្ខមនំ ៣:៧) ព្រះ​យេហូវ៉ា​មិន​អាច​ទត​ឃើញ​ការ​រង​ទុក្ខ​របស់​រាស្ត្រ​ទ្រង់​ឬ​ឮ​សម្រែក​អំពាវនាវ​របស់​ពួក​គេ​ដោយ​មិន​អាណិត​អាសូរ​យល់​អារម្មណ៍​ពួក​គេ​ឡើយ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ចេះ​យល់​អារម្មណ៍។ ហើយ​ការ​យល់​អារម្មណ៍​ដែល​ជា​សមត្ថភាព​យល់​ពី​ទំហំ​ទុក្ខ​របស់​អ្នក​ឯ​ទៀត ក៏​ជាប់​ទាក់​ទង​នឹង​សេចក្ដី​មេត្ដា​ករុណា​ផង​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​អាណិត​រាស្ត្រ​ទ្រង់​នោះ​ទេ ព្រះ​ទ័យ​ទ្រង់​ជំរុញ​ឲ្យ​ចាត់​វិធានការ​ជួយ​ពួក​គេ​ទៀត​ផង។ អេសាយ ៦៣:៩ ចែង​ថា៖«ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់»។ ដោយ«ព្រះ​ហស្ត​ដ៏​មាន​ព្រះ​ចេស្ដា»ទ្រង់​សង្គ្រោះ​អ៊ីស្រាអែល​ពី​អេស៊ីប។ (ចោទិយកថា ៤:៣៤) ក្រោយ​នោះ ទ្រង់​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​និង​នាំ​ពួក​គេ​ទៅ​ដល់​ស្រុក​មួយ​ដែល​ទុក​បំរុង​ឲ្យ​ពួក​គេ​ដែល​សំបូរ​ភោគ​ផល​ធម្មជាតិ។

២៣. (ក) តើ​អ្នក​តែង​ទំនុក​ដំកើង​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ​យើង​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

២៣ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​រាស្ត្រ​ទ្រង់​ជា​ទូទៅ​ប៉ុណ្ណោះ​ទេ។ ព្រះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​មក​លើ​យើង​ម្នាក់​ៗ​ផង​ដែរ។ ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​អំពី​ការ​លំបាក​ណា​ដែល​យើង​ឆ្លង​កាត់។ អ្នក​តែង​ទំនុក​ដំកើង​បាន​សរសេរ​ថា៖«ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំរែក​របស់​គេ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប»។ (ទំនុក​ដំកើង ៣៤:១៥, ១៨) តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច? ទ្រង់​មិន​តែង​តែ​បំបាត់​អ្វី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​លំបាក​ទេ។ ប៉ុន្តែ ទ្រង់​ផ្គត់​ផ្គង់​សំ​វិធានការ​យ៉ាង​បរិបូរ​ដើម្បី​ជួយ​អ្នក​ដែល​អំពាវនាវ​រក​ទ្រង់។ ឱវាទ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​អាច​ជួយ​បាន​យ៉ាង​ច្រើន​នៅ​ពេល​ដែល​អនុវត្ត​តាម។ នៅ​ក្នុង​ក្រុម​ជំនុំ ទ្រង់​រៀបចំ​ឲ្យ​មាន​អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ខាង​វិញ្ញាណ និង​ព្យាយាម​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដូច​ព្រះ​យេហូវ៉ា​ទៅ​លើ​អ្នក​ឯ​ទៀត។ (យ៉ាកុប ៥:១៤, ១៥) ក្នុង​នាម​ជា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» នោះ​ព្រះ​យេហូវ៉ា​ប្រទាន«ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម»។ (ទំនុក​ដំកើង ៦៥:២; លូកា ១១:១៣) សំ​វិធានការ​ទាំង​អស់​នេះ​ជា​ការ​សម្ដែង​នូវ«ព្រះ​ហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះ​នៃ​យើង»។—លូកា ១:៧៨

២៤. តើ​អ្នក​នឹង​ឆ្លើយ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

២៤ ការ​គិត​ពិចារណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ពិត​ជា​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់ មែន​ទេ? ក្នុង​អត្ថបទ​មុន យើង​ត្រូវ​បាន​រំឭក​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​របស់​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ប្រយោជន៍​ដល់​យើង។ ក្នុង​អត្ថបទ​នេះ យើង​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​មនុស្ស​និង​យើង​ម្នាក់​ៗ​ផង​តាម​វិធី​ផ្សេង​ៗ​ដែល​គួរ​ឲ្យ​កត់​សម្គាល់។ ឥឡូវ យក​ល្អ​យើង​ម្នាក់​ៗ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា›? សូម​ឲ្យ​អ្នក​ឆ្លើយ​តប​ដោយ​ស្រឡាញ់​ទ្រង់​អស់​អំពី​ចិត្ត អំពី​គំនិត អស់​អំពី​ព្រលឹង និង​អស់​អំពី​កម្លាំង​ចុះ។ (ម៉ាកុស ១២:២៩, ៣០) ជា​រៀង​រាល់​ថ្ងៃ សូម​ឲ្យ​អ្នក​ដើរ​តាម​គន្លង​ជីវិត​ដែល​បង្ហាញ​ថា​អ្នក​មាន​ចិត្ត​ប្រាថ្នា​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ហើយ​សូម​ឲ្យ​ព្រះ​យេហូវ៉ា ព្រះ​ដែល​ជា​សេចក្ដី​ស្រឡាញ់ ចូល​មក​កាន់​តែ​ជិត​អ្នក​ដែរ​រហូត​ដល់​ពេល​អនន្ត!—យ៉ាកុប ៤:៨

[កំណត់​សម្គាល់]

a បណ្ឌិត​ម្នាក់​ប្រាប់​ថា​ក្រហម​ទែង«ជា​ពណ៌​មួយ​ដែល​មិន​ចេញ​ពណ៌​ឡើយ។ ទោះ​ទឹក​សន្សើម ទឹក​ភ្លៀង ការ​បោក ឬ​ប្រើ​ប្រាស់​ជា​យូរ​ក្ដី ក៏​មិន​ធ្វើ​ឲ្យ​វា​ចេញ​ពណ៌​ដែរ»។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្ដិ​ចំបង​បំផុត​របស់​ព្រះ​យេហូវ៉ា?

• ព្រះ​យេហូវ៉ា​ចាត់​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់ ឲ្យ​រង​ទុក្ខ​និង​សោយ​ទិវង្គត​ជំនួស​យើង ហេតុ​អ្វី​យើង​អាច​និយាយ​ថា​នោះ​ជា​ទង្វើ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត ដោយ?

• តើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​ស្រឡាញ់​យើង​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច?

• ដោយ​ប្រើ​ពាក្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ច្បាស់ តើ​ព្រះ​គម្ពីរ​ពណ៌នា​អំពី​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ខ្លះ?

[រូប​ភាព​នៅ​ទំព័រ​១៣]

«ព្រះ . . . ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១»

[រូប​ភាព​នៅ​ទំព័រ​១៤, ១៥]

«អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន»

[អ្នក​ផ្ដល់​សិទ្ធិ]

© J. Heidecker/VIREO

[រូប​ភាព​នៅ​ទំព័រ​១៦]

អារម្មណ៍​ដែល​ម្ដាយ​ម្នាក់​មាន​ចំពោះ​កូន​ង៉ា​ខ្លួន អាច​បង្រៀន​យើង​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក