បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • cl ជំ. ២៤ ទំ. ២៤០-២៤៩
  • គ្មានអ្វីអាច«ពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្មានអ្វីអាច«ពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»
  • ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា
  • តើ​យើង​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?
  • ព្រះ​យេហូវ៉ា​រែង​យក​លក្ខណៈ​ល្អ​ចេញ​ពី​លក្ខណៈ​អាក្រក់
  • ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដោយ​ការ​ប្រព្រឹត្ត
  • អ្នកមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ!
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ព្រះគឺជាសេចក្ដីស្រឡាញ់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
ចូរចូលទៅជិតព្រះយេហូវ៉ា
cl ជំ. ២៤ ទំ. ២៤០-២៤៩
ស្ដ្រី​ដែល​ក្រៀម​ក្រំ​ចិត្ដ​ម្នាក់​កំពុង​ស្រក់​ទឹក​ភ្នែក

ជំពូក​ទី​២៤

គ្មាន​អ្វី​អាច«ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ»

១​. តើ​មនុស្ស​ជា​ច្រើន​រួម​ទាំង​ជន​គ្រីស្ទាន​ពិត​មួយ​ចំនួន ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​មាន​អារម្មណ៍​បែប​ណា?

តើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​រូប​អ្នក​ឬ​ទេ? មនុស្ស​ខ្លះ​យល់​ស្រប​ថា ព្រះ​ស្រឡាញ់​មនុស្ស​ជាតិ​ទូទៅ​ដូច​យ៉ូហាន ៣:១៦​ចែង​នោះ។ ក៏​ប៉ុន្តែ ពួក​គេ​មាន​អារម្មណ៍​មួយ​ថា៖ ‹ព្រះ​មិន​អាច​ស្រឡាញ់​រូប​ខ្ញុំ​នោះ​ទេ›។ ម្ដង​ម្កាល សូម្បី​តែ​ជន​គ្រីស្ទាន​ពិត​មាន​ការ​សង្ស័យ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រូប​គេ​ផ្ទាល់​ដែរ។ ដោយ​ធ្លាក់​ទឹក​ចិត្ត បុរស​ម្នាក់​បាន​ប្រាប់​ថា៖«ខ្ញុំ​ពិបាក​ជឿ​ណាស់​ថា​ព្រះ​ស្រឡាញ់​ខ្ញុំ សូម្បី​តែ​បន្ដិច​ក៏​ដោយ»។ ជួន​កាល តើ​អ្នក​មាន​ការ​សង្ស័យ​ដូច​គ្នា​ដែរ​ឬ​ទេ?

២, ៣​. តើ​អ្នក​ណា​ចង់​ធ្វើ​ឲ្យ​យើង​ជឿ​ថា​យើង​គ្មាន​តម្លៃ​និង​គ្មាន​អ្វី​គួរ​ឲ្យ​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា? តើ​យើង​អាច​ទប់​ទល់​និង​គំនិត​នេះ​យ៉ាង​ដូច​ម្ដេច?

២ អារក្ស​សាតាំង​ចាំ​តែ​ស្រវា​យក​ឱកាស​ធ្វើ​ឲ្យ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​និង​មិន​ឲ្យ​តម្លៃ​មក​លើ​យើង​ទេ។ គឺ​ជា​ការ​ពិត​មែន​ដែល​ថា​សាតាំង​ល្បួង​មនុស្ស​ជា​ញឹក​ញាប់​ដោយ​ផ្អែក​លើ​អំនួត​និង​មោទនភាព​របស់​ពួក​គេ។ (កូរិនថូសទី២ ១១:៣) ប៉ុន្តែ វា​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​បន្ទាប​បន្ថោក​អ្នក​ណា​ដែល​ងាយ​រង​គ្រោះ​ពី​ការ​គិត​ថា​ខ្លួន​គ្មាន​តម្លៃ។ (យ៉ូហាន ៧:៤៧​-​៤៩; ៨:១៣, ៤៤) វា​ធ្វើ​ដូច្នេះ​ជា​ពិសេស​នៅ​ក្នុង​ថ្ងៃ​«ជាន់​ក្រោយ​បង្អស់»​ដ៏​លំបាក​នេះ។ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បាន​ធំ​ឡើង​ក្នុង​រង្វង់​គ្រួសារ​ដែល​«មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស»។ មនុស្ស​ឯ​ទៀត​ស្ថិត​នៅ​កណ្ដាល​ចំណោម​មនុស្ស​សាហាវ គិត​តែ​ពី​ប្រយោជន៍​ខ្លួន និង​រឹង​ចចេស។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ការ​ទទួល​រង​នូវ​ការ​ប្រកាន់​ពូជ​សាសន៍ ការ​ធ្វើ​ទុក្ខ​ទោស ឬ​ការ​ស្អប់​មើល​ងាយ​អស់​កាល​ជា​យូរ ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​បែប​នេះ​ជឿ​ជាក់​ថា ខ្លួន​គ្មាន​តម្លៃ​និង​គ្មាន​អ្វី​គួរ​ឲ្យ​ស្រឡាញ់​ទេ។

៣ បើ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ សូម​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ។ ជួន​កាល យើង​ជា​ច្រើន​នាក់​រិះ​គន់​ខ្លួន​ឯង​ខ្លាំង​ហួស​ហេតុ​ពេក។ ប៉ុន្តែ សូម​ចាំ​ថា ព្រះ​បន្ទូល​របស់​ព្រះ​ត្រូវ​បាន​សរសេរ​ដើម្បី«ប្រដៅ​ដំ​រង់»និង«រំលំ​ទី​មាំ​មួន»។ (ធីម៉ូថេ​ទី​២ ៣:១៦; កូរិនថូសទី២ ១០:៤) ព្រះ​គម្ពីរ​ចែង​ថា៖«យើង​នឹង​បាន​កំឡា​ចិត្ត[ឬ«នឹង​ធ្វើ​ឲ្យ​ចិត្ត​យើង​ទុក​ចិត្ត», ព.ថ.] នៅ​ចំពោះ​ទ្រង់​ផង ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង»។ (យ៉ូហានទី១ ៣:១៩, ២០) សូម​ពិចារណា​នូវ​វិធី​បួន​យ៉ាង​ដែល​បទ​គម្ពីរ​ជួយ​យើង«ធ្វើ​ឲ្យ​ចិត្ត​យើង​ទុក​ចិត្ត»ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។

អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា

៤, ៥​. តើ​ឧទាហរណ៍​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​សត្វ​ចាប​បង្ហាញ​ថា​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៤ ទី​មួយ ព្រះ​គម្ពីរ​បង្រៀន​ដោយ​ចំៗ​ថា អ្នក​បំរើ​ម្នាក់ៗ​របស់​ព្រះ​មាន​តម្លៃ​ចំពោះ​ទ្រង់។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ (ម៉ាថាយ ១០:២៩​-​៣១) សូម​ពិចារណា​នូវ​អ្វី​ដែល​អ្នក​ស្ដាប់​ព្រះ​យេស៊ូ​នៅ​សត​វត្ស​ទី​មួយ​បាន​យល់​ចំពោះ​បន្ទូល​របស់​ទ្រង់។

សត្វ​ចាប​តូច​ពីរ

«អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»

៥ យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​មនុស្ស​ចង់​ទិញ​ចាប​ធ្វើ​អ្វី។ នៅ​សម័យ​ព្រះ​យេស៊ូ ចាប​ពូក​ជា​ចាប​ថោក​បំផុត​ដែល​គេ​លក់​ធ្វើ​ជា​អាហារ។ សូម​កត់​សម្គាល់​ថា មនុស្ស​ម្នាក់​អាច​ទិញ​បាន​ចាប​ពីរ​ក្នុង​តម្លៃ​តែ​កាក់​មួយ​ដែល​មិន​សូវ​មាន​តម្លៃ​ទេ។ ប៉ុន្តែ ក្រោយ​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ថា បើ​គេ​ឲ្យ​កាក់​ពីរ​នោះ មនុស្ស​ម្នាក់​អាច​បាន​ចាប​ប្រាំ​ក្បាល មិន​មែន​ចាប​បួន​ក្បាល​ទេ។ ចាប​មួយ​ទៀត​នោះ​ត្រូវ​បាន​បន្ថែម​ដូច​ជា​វា​គ្មាន​តម្លៃ​សោះ។ ប្រហែល​ជា​ចាប​នេះ​ពិត​មែន​គ្មាន​តម្លៃ​ចំពោះ​មនុស្ស។ ប៉ុន្តែ តើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ចាប​នេះ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ» សូម្បី​តែ​ចាប​មួយ​ដែល​គេ​បន្ថែម​ដោយ​ឥត​គិត​ថ្លៃ​ក៏​ដោយ។ (លូកា ១២:៦, ៧) ឥឡូវ​យើង​អាច​យល់​គោល​ចំណុច​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នោះ។ បើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ចាប​មួយ​ជា​អ្វី​ដែល​មាន​តម្លៃ​ម្ល៉េះ មនុស្ស​ជាតិ​ច្បាស់​ជា​មាន​តម្លៃ​ច្រើន​ជាង​ឆ្ងាយ​ណាស់! ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​នោះ ព្រះ​យេហូវ៉ា​ស្គាល់​សេចក្ដី​ល្អិត​ល្អន់​ទាំង​អស់​អំពី​យើង។ សូម្បី​តែ​សរសៃ​សក់​របស់​យើង ក៏​ទ្រង់​ជ្រាប​ចំនួន​ដែរ!

៦​. ហេតុ​អ្វី​យើង​ប្រាកដ​ថា​ព្រះ​យេស៊ូ​មិន​មាន​បន្ទូល​ពន្លើស​ស្តី​អំពី​ការ​រាប់​សរសៃ​សក់​របស់​យើង?

៦ តើ​ព្រះ​អាច​រាប់​សរសៃ​សក់​របស់​យើង​បាន​ពិត​មែន​ទេ? បុគ្គល​ខ្លះ​ប្រហែល​ជា​សន្មត​ថា​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​ពន្លើស​ក្នុង​ខ​នេះ។ ប៉ុន្តែ សូម​គិត​អំពី​ដំណើរ​រស់​ឡើង​វិញ។ ដើម្បី​បង្កើត​យើង​សា​ជា​ថ្មី ព្រះ​យេហូវ៉ា​ត្រូវ​តែ​ស្គាល់​យើង​ច្បាស់​ជា​ទី​បំផុត! ចំពោះ​ទ្រង់​យើង​មាន​តម្លៃ​ដល់​ម្ល៉េះ​ដែល​ទ្រង់​ចាំ​សេចក្ដី​ល្អិត​ល្អន់​ទាំង​អស់​អំពី​យើង រួម​ទាំង​ពត៌មាន​សេនេទិច​ដ៏​សាំញ៉ាំ​របស់​យើង ហើយ​សេចក្ដី​នឹក​ចាំ​និង​បទ​ពិសោធន៍​ទាំង​ឡាយ​ដែល​យើង​បាន​ប្រមូល​ទុក។a ដូច្នេះ​ការ​រាប់​សរសៃ​សក់​របស់​យើង​ដែល​ធម្មតា​មាន​ប្រមាណ​១០០.០០០​សរសៃ​នោះ ជា​អ្វី​ដែល​ស្រួល​ធ្វើ​ជាង​នោះ​ឆ្ងាយ​ណាស់។

តើ​យើង​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

៧, ៨​. (ក) តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​រក​ឃើញ​ដោយ​រីក​រាយ​នៅ​ពេល​ទ្រង់​ស្ទង់​ចិត្ត​មនុស្ស​ជាតិ? (ខ) តើ​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​អ្វី​ខ្លះ​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

៧ ទី​ពីរ ព្រះ​គម្ពីរ​បង្រៀន​យើង​អំពី​លក្ខណៈ​របស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​មាន​តម្លៃ​ចំពោះ​ទ្រង់។ បើ​និយាយ​ឲ្យ​ចំ​ទៅ ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ណាស់​នឹង​លក្ខណៈ​ល្អៗ​របស់​យើង​និង​ការ​ព្យាយាម​របស់​យើង​ដែរ។ ស្តេច​ដាវីឌ​មាន​បន្ទូល​ទៅ​កាន់​សាឡូម៉ូន​ដែល​ជា​រាជបុត្រា​របស់​ទ្រង់​ថា៖«ព្រះ​យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ»។ (របាក្សត្រទី១ ២៨:៩) នៅ​ពេល​ព្រះ​ស្ទង់​មើល​ចិត្ត​របស់​មនុស្ស​ជាតិ​រាប់​ពាន់​កោដិ​នាក់​ក្នុង​ពិភព​លោក​ដែល​មាន​អំពើ​ឃោរ​ឃៅ​និង​សេចក្ដី​ស្អប់​ពាស​ពេញ​នោះ ទ្រង់​ច្បាស់​ជា​រីក​រាយ​ណាស់​នៅ​ពេល​ស្ទង់​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ស្រឡាញ់​មេត្រី​ភាព សេចក្ដី​ពិត និង​សេចក្ដី​សុចរិត! តើ​ព្រះ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ទ្រង់​រក​ឃើញ​មនុស្ស​ដែល​ចិត្ត​របស់​គេ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ ចង់​រៀន​អំពី​ទ្រង់ និង​ចង់​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ទៅ​ឲ្យ​អ្នក​ដទៃ? ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​ថា​ទ្រង់​កត់​សម្គាល់​អស់​អ្នក​ដែល​ប្រាប់​អ្នក​ដទៃ​អំពី​ទ្រង់។ ទ្រង់​រហូត​ដល់​មាន«សៀវភៅ​រំឭក»សំរាប់«ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់»។ (ម៉ាឡាគី ៣:១៦) គុណ​សម្បត្ដិ​បែប​នេះ​មាន​តម្លៃ​វិសេស​ណាស់​ចំពោះ​ទ្រង់។

៨ តើ​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​អ្វី​ខ្លះ​ដែល​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា? ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​យក​តម្រាប់​តាម​ព្រះ​រាជបុត្រា​របស់​ទ្រង់​ព្រះ​យេស៊ូ​គ្រីស្ទ ពិត​ជា​មាន​តម្លៃ​ចំពោះ​ទ្រង់។ (ពេត្រុសទី១ ២:២១) កិច្ច​ការ​មួយ​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ នៅ​រ៉ូម ១០:១៥ យើង​អាន​ថា៖​«ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីក​រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎!»។ យើង​ប្រហែល​ជា​មិន​គិត​ថា​យើង​មាន​ប្រអប់​ជើង«ល្អ​ប្រពៃ»ឬ​ស្អាត​នោះ​ទេ។ ប៉ុន្តែ ក្នុង​ខ​នេះ​ជើង​តំណាង​ការ​ព្យាយាម​របស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ រាល់​ការ​ព្យាយាម​បែប​នេះ​គឺ​ប្រៀប​ដូច​ជា​អ្វី​ដ៏​ស្អាត​និង​ថ្លៃ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

៩, ១០​. (ក) ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ថា​ការ​ស៊ូ​ទ្រាំ​របស់​យើង​នៅ​ចំពោះ​មុខ​ការ​លំបាក​ផ្សេងៗ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា? (ខ) តើ​មាន​ទស្សនៈ​អគតិ​បែប​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​ដែល​មាន​ចំពោះ​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់?

៩ ការ​ស៊ូ​ទ្រាំ​របស់​យើង​ក៏​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ (ម៉ាថាយ ២៤:១៣) សូម​នឹក​ចាំ​ថា សាតាំង​ចង់​ឲ្យ​អ្នក​បោះបង់​ចោល​ព្រះ​យេហូវ៉ា។ រាល់​ថ្ងៃ​ដែល​អ្នក​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​គឺ​ជា​ថ្ងៃ​មួយ​ទៀត​ដែល​អ្នក​បាន​ជួយ​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង។ (សុភាសិត ២៧:១១) ជួន​កាល ការ​ស៊ូ​ទ្រាំ​គឺ​មិន​ស្រួល​ទេ។ បញ្ហា​សុខភាព បញ្ហា​លុយ​កាក់ ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត និង​ឧបសគ្គ​ឯ​ទៀត​អាច​ធ្វើ​ឲ្យ​ថ្ងៃ​និមួយ​ៗ​ដែល​កន្លង​ទៅ​ជា​ការ​ល្បង​ល​មួយ។ សេចក្ដី​សង្ឃឹម​ដែល​មិន​ទាន់​សម្រេច​ដូច​បំណង​ក៏​អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ដែរ។ (សុភាសិត ១៣:១២) ការ​ស៊ូ​ទ្រាំ​នៅ​ចំពោះ​មុខ​ការ​ពិបាក​បែប​នេះ​មាន​តម្លៃ​រឹត​តែ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា​ទៅ​ទៀត។ នេះ​ជា​ហេតុ​ដែល​ស្តេច​ដាវីឌ​សុំ​ព្រះ​យេហូវ៉ា​ប្រមូល​ទុក​ទឹក​ព្រះ​នេត្រ​ដាវីឌ​ដាក់​នៅ​ក្នុង​«ដប​[ឬ«ថង់​ស្បែក», ព.ថ.]»​របស់​ទ្រង់ ហើយ​ដាវីឌ​មាន​បន្ទូល​បន្ថែម​ទាំង​មាន​ជំនឿ​ជាក់​ថា«តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី?»។ (ទំនុក​ដំកើង ៥៦:៨) ប្រាកដ​ហើយ ទឹក​ភ្នែក​របស់​យើង​និង​ការ​លំបាក​ទាំង​អស់​ដែល​យើង​ស៊ូ​ទ្រាំ​ពេល​ដែល​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ជា​អ្វី​ដែល​ទ្រង់​ចង​ចាំ​និង​ប្រមូល​ទុក​ដូច​ជា​របស់​មាន​តម្លៃ​ក្រៃ​លែង។ នោះ​ក៏​មាន​តម្លៃ​វិសេស​ចំពោះ​ទ្រង់​ដែរ។

ការ​ស៊ូ​ទ្រាំ​របស់​អ្នក​នៅ​ចំពោះ​មុខ​ទុក្ខ​លំបាក​ជា​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា

១០ ចិត្ត​យើង​ដែល​រិះ​គន់​មក​លើ​យើង​ប្រហែល​ជា​បដិសេធ​ភស្តុ​តាង​នេះ​ដែល​បញ្ជាក់​ថា យើង​មាន​តម្លៃ​ចំពោះ​ព្រះ។ គឺ​ដូច​ជា​ចិត្ត​យើង​ខ្សឹប​ប្រាប់​ជា​និច្ច​ថា៖‹មាន​អ្នក​ឯ​ទៀត​ជា​គំរូ​ល្អ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់! ព្រះ​យេហូវ៉ា​ច្បាស់​ជា​ខក​ព្រះ​ទ័យ​ណាស់​នៅ​ពេល​ទ្រង់​ប្រៀប​ធៀប​ខ្ញុំ​ទៅ​នឹង​ពួក​គេ!›។ ព្រះ​យេហូវ៉ា​មិន​ដែល​ប្រៀប​ធៀប​ទេ ហើយ​ទ្រង់​ក៏​មិន​តឹងរ៉ឹង​ឬ​តឹង​តែង​នោះ​ឡើយ។ (កាឡាទី ៦:៤) ទ្រង់​ស្ទង់​ចិត្ត​របស់​យើង​ដោយ​ឃើញ​អ្វីៗ​ទាំង​អស់ ហើយ​សេចក្ដី​ល្អ​ដែល​មាន​ក្នុង​ចិត្ត​យើង​មាន​តម្លៃ​ចំពោះ​ទ្រង់ ទោះ​ជា​តិច​យ៉ាង​ណា​ក៏​ដោយ។

ព្រះ​យេហូវ៉ា​រែង​យក​លក្ខណៈ​ល្អ​ចេញ​ពី​លក្ខណៈ​អាក្រក់

១១​. តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដោយ​មើល​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ទៅ​លើ​អ័ប៊ីយ៉ា?

១១ ទី​បី នៅ​ពេល​ព្រះ​យេហូវ៉ា​ស្ទង់​ចិត្ត​យើង គឺ​ដូច​ជា​ទ្រង់​រែង​យ៉ាង​ហ្មត់​ចត់​នូវ​លក្ខណៈ​របស់​យើង​ដើម្បី​រក​លក្ខណៈ​ល្អ។ ជា​ឧទាហរណ៍ នៅ​ពេល​ព្រះ​យេហូវ៉ា​បញ្ជា​ឲ្យ​ប្រហារ​ព្រះ​ជន្ម​គ្រប់​សមាជិក​នៃ​ពូជ​ពង្ស​របស់​ស្តេច​យេរ៉ូបោម​ដោយ​សារ​ការ​ក្បត់​សាសនា​នោះ ព្រះ​យេហូវ៉ា​ក៏​បាន​បញ្ជា​ឲ្យ​បញ្ចុះ​សព​របស់​អ័ប៊ីយ៉ា​ដែល​ជា​រាជបុត្រា​ម្នាក់​របស់​ស្តេច​នោះ។ ហេតុ​អ្វី? ព្រោះ​មាន​តែ«បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ​យេហូវ៉ា»។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៤:១, ១០​-​១៣) គឺ​ដូច​ជា​ព្រះ​យេហូវ៉ា​រែង​យក​អ្វីៗ​ក្នុង​ចិត្ត​យុវជន​នេះ​និង​រក​ឃើញ«សេចក្ដី​ល្អ​ខ្លះ»។ មិន​ថា​សេចក្ដី​ល្អ​នោះ​គឺ​តិច​តួច​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​នោះ​គួរ​ឲ្យ​កត់​ទុក​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ទ្រង់​រហូត​ដល់​បាន​ប្រទាន​រង្វាន់​ចំពោះ​សេចក្ដី​ល្អ​នោះ​ផង​ដែរ ដោយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ក្នុង​កំរិត​មួយ​ដ៏​សមរម្យ​ចំពោះ​បុគ្គល​នេះ​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​ដែល​ក្បត់​សាសនា​នោះ។

១២, ១៣​. (ក) តើ​ករណី​របស់​ស្តេច​យ៉ូសាផាត​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​រិះ​រក​លក្ខណៈ​ល្អ​របស់​យើង​សូម្បី​តែ​នៅ​ពេល​យើង​ធ្វើ​បាប​ក៏​ដោយ? (ខ) ស្តី​អំពី​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ដូច​ជា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

១២ គំរូ​របស់​ស្តេច​យ៉ូសាផាត​ដែល​ជា​ស្តេច​ល្អ​នោះ​គឺ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។ នៅ​ពេល​ស្តេច​យ៉ូសាផាត​បាន​ធ្វើ​អ្វី​មួយ​ដែល​មិន​ត្រឹម​ត្រូវ ព្យាការី​របស់​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទ្រង់​ថា៖«ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី ក្រេវ​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ​យេហូវ៉ា មក​លើ​ទ្រង់​ហើយ»។ នេះ​ពិត​ជា​រឿង​ធ្ងន់ធ្ងរ​មែន! ប៉ុន្តែ បន្ទូល​របស់​ព្រះ​យេហូវ៉ា​មិន​មាន​តែ​ប៉ុណ្ណេះ​ទេ។ បន្ទូល​បន្ត​ថា៖«ប៉ុន្តែ​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ»។ (របាក្សត្រទី២ ១៩:១​-​៣) ដូច្នេះ សេចក្ដី​ខ្ញាល់​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​មិន​បាន​បំបាំង​ព្រះ​នេត្រ​ទ្រង់​មិន​ឲ្យ​ឃើញ​លក្ខណៈ​ល្អ​របស់​ស្តេច​យ៉ូសាផាត​ឡើយ។ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​គឺ​មិន​ដូច្នេះ​ទេ! នៅ​ពេល​យើង​រង្កៀស​ចិត្ត​នឹង​អ្នក​ណា​ម្នាក់ យើង​ប្រហែល​ជា​លែង​មើល​ឃើញ​លក្ខណៈ​ល្អ​របស់​ពួក​គេ​ហើយ។ ហើយ​នៅ​ពេល​យើង​ធ្វើ​បាប អារម្មណ៍​ខក​ចិត្ត ការ​ខ្មាស និង​ការ​បន្ទោស​ខ្លួន​ប្រហែល​ជា​បំបាំង​ភ្នែក​មិន​ឲ្យ​យើង​ឃើញ​លក្ខណៈ​ល្អ​របស់​ខ្លួន​យើង​ទេ។ ប៉ុន្តែ សូម​ចាំ​ថា បើ​យើង​ប្រែ​ចិត្ត​ពី​បាប​របស់​យើង​និង​ខំ​ប្រឹង​ព្យាយាម​មិន​ធ្វើ​អំពើ​បាប​នោះ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង។

១៣ នៅ​ពេល​ព្រះ​យេហូវ៉ា​រែង​យក​លក្ខណៈ​របស់​អ្នក ទ្រង់​បោះ​ចោល​បាប​ទាំង​នេះ ដូច​ជា​អ្នក​រែង​ដី​ខំ​រក​ត្បូង​ដោយ​បោះ​ចោល​គ្រាប់​ក្រួស​ព្រោះ​គ្មាន​តម្លៃ​នោះ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​អ្នក? គឺ​អ្វីៗ​ទាំង​នេះ​ហើយ​ដែល​ប្រៀប​ដូច​ជា​ត្បូង​ដែល​ទ្រង់​ទុក​នោះ! តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​មាតា​បិតា​ប្រមូល​ទុក​គំនូរ​ឬ​ស្នា​ដៃ​ផ្សេងៗ​របស់​កូន ជួន​កាល​ទុក​អស់​ជា​ច្រើន​ឆ្នាំ​ក្រោយ​កូន​បាន​ភ្លេច​របស់​ទាំង​នោះ​ទៅ​ហើយ? ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​បំផុត។ ដរាប​ណា​ដែល​យើង​រក្សា​ភាព​ស្មោះ​ភក្ដី​នឹង​ទ្រង់ ទ្រង់​មិន​ដែល​ភ្លេច​ការ​ប្រព្រឹត្ត​ដ៏​ល្អ​និង​លក្ខណៈ​ដ៏​ល្អ​របស់​យើង​សោះ​ឡើយ។ ការ​ពិត​ទ្រង់​ចាត់​ទុក​ការ​ភ្លេច​អ្វី​ទាំង​នេះ​ជា​អំពើ​ទុច្ចរិត ហើយ​ទ្រង់​មិន​ដែល​ទុច្ចរិត​ទេ។ (ហេព្រើរ ៦:១០) ទ្រង់​ក៏​រែង​យក​លក្ខណៈ​របស់​យើង​តាម​វិធី​មួយ​ទៀត។

១៤, ១៥​. (ក) ហេតុ​អ្វី​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​មិន​អាច​បំបាំង​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ឃើញ​លក្ខណៈ​ល្អ​របស់​យើង? សូម​ឲ្យ​ឧទាហរណ៍។ (ខ) តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​សេចក្ដី​ល្អ​ដែល​ទ្រង់​ឃើញ​នៅ​ក្នុង​យើង? ហើយ​តើ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រាស្ត្រ​ស្មោះ​ភក្ដី​របស់​ទ្រង់?

១៤ ព្រះ​យេហូវ៉ា​ទត​ឃើញ​ធ្លុះ​ជ្រៅ​នូវ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង។ ទ្រង់​ទត​ឃើញ​លទ្ធភាព​របស់​យើង។ ជា​ឧទាហរណ៍៖ មនុស្ស​ដែល​ស្រឡាញ់​វិចិត្រ​សិល្បៈ​នឹង​ព្យាយាម​លើស​ជាង​ធម្មតា​ដើម្បី​ធ្វើ​ឲ្យ​គំនូរ​ឬ​ស្នា​ដៃ​ខូច​ខាត​របស់​សិល្បករ​ល្អ​ស្អាត​ឡើង​វិញ។ ជាក់​ស្តែង​ដូច​ជា​ពេល​មនុស្ស​ម្នាក់​បាញ់​កាំភ្លើង​គ្រាប់​ប្រាយ​នៅ​ក្នុង​សារមន្ទីរ​វិចិត្រ​សិល្បៈ​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់គ្លេស នោះ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​គំនូរ​មួយ​របស់​លោក​ឡេអូណាដឺវ៉ាំងស៊ី ដែល​មាន​តម្លៃ​ប្រមាណ​៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នៅ​ពេល​នោះ​គ្មាន​អ្នក​ណា​ហ៊ាន​ជូន​យោបល់​ថា ត្រូវ​បោះ​ចោល​គំនូរ​នោះ​ដោយ​ព្រោះ​ឥឡូវ​វា​ខូច​ហើយ។ ភ្លាមៗ​មនុស្ស​ចាប់​ផ្ដើម​ប៉ះ​គំនូរ​ដែល​មាន​ចំណាស់​ជិត​៥០០​ឆ្នាំ​នេះ​ឲ្យ​ល្អ​ស្អាត​ឡើង​វិញ។ ហេតុ​អ្វី? ពីព្រោះ​គំនូរ​នោះ​មាន​តម្លៃ​វិសេស​ចំពោះ​អ្នក​ដែល​ស្រឡាញ់​សិល្បៈ។ តើ​អ្នក​មិន​មាន​តម្លៃ​ជាង​គំនូរ​មួយ​ដែល​គូរ​ដោយ​ដី​ស​និង​ធ្យូង​ទេ​ឬ? ចំពោះ​ព្រះ អ្នក​ពិត​ជា​មាន​តម្លៃ​ជាង​នោះ​ឆ្ងាយ​ណាស់ មិន​ថា​អ្នក​ហាក់​បី​ដូច​ជា​ខូច​ខាត​ដោយ​សារ​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​យ៉ាង​ណា​ក៏​ដោយ។ (ទំនុក​ដំកើង ៧២:១២​-​១៤) ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ប៉ិនប្រសប់​ដែល​បង្កើត​មនុស្ស​ជាតិ ទ្រង់​នឹង​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តប​នឹង​ការ​ថែ​រក្សា​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទទួល​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។—កិច្ច​ការ ៣:២១; រ៉ូម ៨:២០​-​២២

១៥ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ទត​ឃើញ​លក្ខណៈ​ល្អ​របស់​យើង​ដែល​យើង​ប្រហែល​ជា​មើល​មិន​ឃើញ​ដោយ​ខ្លួន​ឯង​សោះ។ ហើយ​នៅ​ពេល​យើង​បំរើ​ទ្រង់ ទ្រង់​នឹង​ធ្វើ​ឲ្យ​ភាព​ល្អ​របស់​យើង​រីក​ចំរើន​ឡើង​រហូត​ដល់​យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ទី​បំផុត។ មិន​ថា​របប​លោកីយ៍​របស់​សាតាំង​បាន​ប្រព្រឹត្ត​យ៉ាង​ណា​មក​លើ​យើង​ក៏​ដោយ ចំពោះ​ព្រះ​យេហូវ៉ា​អ្នក​បំរើ​ដ៏​ស្មោះ​ភក្ដី​របស់​ទ្រង់​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់។—ហាកាយ ២:៧

ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដោយ​ការ​ប្រព្រឹត្ត

១៦​. តើ​អ្វី​ជា​ភស្តុ​តាង​មាន​មូលដ្ឋាន​រឹង​មាំ​បំផុត​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង? ហើយ​ហេតុ​អ្វី​យើង​ដឹង​ថា​អំណោយ​នេះ​គឺ​សំរាប់​ខ្លួន​យើង​ផ្ទាល់?

១៦ ទី​បួន ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​បញ្ជាក់​ភស្តុ​តាង​ថា​ទ្រង់​ស្រឡាញ់​យើង។ តម្លៃ​លោះ​របស់​ព្រះ​គ្រីស្ទ​ច្បាស់​ជា​ការ​តប​ឆ្លើយ​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ចំពោះ​សេចក្ដី​ភូតភរ​របស់​សាតាំង​ថា យើង​គ្មាន​តម្លៃ​និង​មិន​គួរ​ឲ្យ​ស្រឡាញ់​សោះ។ កុំ​បី​ឲ្យ​យើង​ភ្លេច​ថា ការ​សោយ​ទិវង្គត​ទាំង​ឈឺ​ចាប់​យ៉ាង​វេទនា​របស់​ព្រះ​យេស៊ូ​នៅ​លើ​បង្គោល​ទារុណកម្ម ថែម​ទាំង​ក្ដី​ឈឺ​ចាប់​ដ៏​ខ្លោច​ផ្សា​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ទ្រង់​ទត​ឃើញ​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់​សោយ​ទិវង្គត​នោះ គឺ​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទាំង​ពីរ​អង្គ​ចំពោះ​យើង។ គួរ​ឲ្យ​ស្ដាយ​ណាស់​ថា មនុស្ស​ជា​ច្រើន​ពិបាក​ជឿ​ថា អំណោយ​នេះ​គឺ​សំរាប់​ខ្លួន​គេ​ផ្ទាល់។ ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​គឺ​មិន​សម​ទទួល​អំណោយ​នេះ​ទេ។ ប៉ុន្តែ សូម​នឹក​ចាំ​ថា សាវ័ក​ប៉ុល​ធ្លាប់​បៀតបៀន​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។ យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​សរសេរ​ថា៖«ព្រះ​រាជបុត្រា​នៃ​ព្រះ . . . ស្រឡាញ់​ខ្ញុំ​ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ»។—កាឡាទី ១:១៣; ២:២០, កំណែ​ជា​អក្សរ​ទ្រេត

១៧​. តើ​ព្រះ​យេហូវ៉ា​ទាញ​យើង​មក​ឯ​ទ្រង់​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១៧ ព្រះ​យេហូវ៉ា​ផ្ដល់​ភស្តុ​តាង​ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ដោយ​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ឆ្លៀត​យក​ប្រយោជន៍​ពី​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖«គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) គឺ​ពិត​ណាស់​ដែល​ថា​ព្រះ​យេហូវ៉ា​ទាញ​យើង​ម្នាក់ៗ​ឲ្យ​មក​ឯ​រាជបុត្រា​របស់​ទ្រង់​និង​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​ជា​រៀង​រហូត។ តើ​ទ្រង់​ទាញ​យើង​យ៉ាង​ដូច​ម្ដេច? តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែល​ជា​កិច្ច​ការ​ទាក់​ទង​នឹង​យើង​ផ្ទាល់ និង​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះ​យេហូវ៉ា​ប្រើ ដើម្បី​ជួយ​យើង​យល់​និង​អនុវត្ត​តាម​សេចក្ដី​ពិត​ខាង​វិញ្ញាណ ទោះ​ជា​យើង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​កំរិត​សមត្ថភាព​យ៉ាង​ណា​ក៏​ដោយ។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​អាច​មាន​បន្ទូល​អំពី​យើង​ដូច​ទ្រង់​មាន​បន្ទូល​អំពី​អ៊ីស្រាអែល​ដែរ​ថា៖‹យើង​បាន​ស្រឡាញ់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប ហេតុ​នេះ​បាន​ជា​យើង​ទាញ​នាំ​អ្នក​មក ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ›។—យេរេមា ៣១:៣

១៨, ១៩​. (ក) តើ​អ្វី​ជា​វិធី​ស្និទ្ធ​ស្នា​ល​បំផុត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង? ហើយ​តើ​ទ្រង់​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​បន្ទូល​របស់​ព្រះ​ធានា​យើង​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​យើង​ដោយ​យល់​អារម្មណ៍​យើង​យ៉ាង​ដូច​ម្ដេច?

១៨ សេចក្ដី​អធិស្ឋាន​ប្រហែល​ជា​វិធី​ដែល​យើង​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ស្និទ្ធ​ស្នា​ល​បំផុត។ ព្រះ​គម្ពីរ​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ«អធិស្ឋាន​ឥត​ឈប់​ឈរ»ចំពោះ​ព្រះ។ (ថែស្សាឡូនីចទី១ ៥:១៧) ទ្រង់​ស្ដាប់​យើង។ ទ្រង់​ក៏​ត្រូវ​ហៅ​ថា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»។ (ទំនុក​ដំកើង ៦៥:២) ទ្រង់​មិន​បាន​ប្រគល់​មុខ​តំណែង​នេះ​ដល់​បុគ្គល​ណា​ផ្សេង​ទៀត​ទេ សូម្បី​តែ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ក៏​ដោយ។ សូម​គិត​ទៅ​មើល៖ ព្រះ​ដែល​បង្កើត​សកលលោក​ទាំង​មូល​ជំរុញ​យើង​ឲ្យ​ទូល​អធិស្ឋាន​ចំពោះ​ទ្រង់​និង​ទូល​ដោយ​សេរី។ ហើយ​តើ​ទ្រង់​ស្ដាប់​យើង​ដោយ​មាន​ទឹក​ចិត្ត​យ៉ាង​ណា? តើ​ដោយ​គ្មាន​ភាព​កក់​ក្ដៅ សោះ​អង្កើយ ឬ​មិន​អើពើ​ឬ? គឺ​មិន​ដូច្នេះ​ទេ!

១៩ ព្រះ​យេហូវ៉ា​ចេះ​យល់​អារម្មណ៍​យើង។ តើ​ការ​យល់​អារម្មណ៍​រួម​បញ្ចូល​អ្វី​ទៅ? គ្រីស្ទាន​ស្មោះ​ភក្ដី​ម្នាក់​ដែល​មាន​អាយុ​ច្រើន​ហើយ​បាន​ប្រាប់​ថា៖«ការ​យល់​អារម្មណ៍​បាន​ន័យ​ថា​ទុក្ខ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ»។ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​រំជួល​ព្រះ​ទ័យ​ចំពោះ​ទុក្ខ​របស់​យើង​ឬ? យើង​អាន​អំពី​ទុក្ខ​វេទនា​របស់​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ទ្រង់​ថា៖«ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ»។ (អេសាយ ៦៣:៩) ទ្រង់​មិន​គ្រាន់​តែ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ពួក​គេ​ប៉ុណ្ណោះ តែ​ទ្រង់​ក៏​បាន​យល់​អារម្មណ៍​គេ​និង​កើត​ទុក្ខ​ក្នុង​ព្រះ​ទ័យ​ដែរ។ យើង​អាច​យល់​ថា​ទ្រង់​យល់​អារម្មណ៍​មនុស្ស​ខ្លាំង​ប៉ុន​ណា​ទៅ ដោយ​អាន​បន្ទូល​ព្រះ​យេហូវ៉ា​ផ្ទាល់​ចំពោះ​អ្នក​បំរើ​ទ្រង់​ថា៖‹អ្នក​ណា​ដែល​ពាល់​អ្នក​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រ​ស្រី​ព្រះ​នេត្រ​នៃ​យើង​ហើយ›។b (សាការី ២:៨) ការ​ពាល់​ប្រ​ស្រី​ភ្នែក​មនុស្ស​ម្នាក់​ពិត​ជា​ឈឺ​ណាស់! ប្រាកដ​ហើយ​ព្រះ​យេហូវ៉ា​ចេះ​យល់​អារម្មណ៍​យើង។ នៅ​ពេល​យើង​កើត​ទុក្ខ​ទ្រង់​ក៏​កើត​ទុក្ខ​ដែរ។

២០​. បើ​យើង​អនុវត្ត​តាម​ឱវាទ​នៅ​រ៉ូម ១២:៣ តើ​យើង​ត្រូវ​ជៀស​វាង​គំនិត​អ្វី​ដែល​គ្មាន​តុល្យ​ភាព?

២០ គ្រីស្ទាន​ណា​ដែល​មាន​តុល្យ​ភាព​នឹង​មិន​ប្រើ​ភស្តុ​តាង​នេះ​ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​និង​តម្លៃ​ដែល​ទ្រង់​ឲ្យ​មក​លើ​ខ្លួន​យើង យក​មក​ធ្វើ​ជា​ហេតុ​ឲ្យ​អួត​ខ្លួន​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖«ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះ​គុណ​ដែល​ទ្រង់​បាន​ផ្ដល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹង​ធឹង​[ឬ«សតិ​នឹង​នរ», ព.ថ.] តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​និមួយ​ៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ»។ (រ៉ូម ១២:៣) សេចក្ដី​បក​ប្រែ​មួយ​ទៀត​ចែង​ថា៖«ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​លើស​ពី​តម្លៃ​ពិត​របស់​អ្នក​ទេ ប៉ុន្តែ​ត្រូវ​តែ​ឲ្យ​តម្លៃ​ខ្លួន​ឲ្យ​បាន​សម​ត្រឹម​ត្រូវ»។ (សញ្ញា​ថ្មី​ជា​ភាសា​អង់គ្លេស​សម័យ​ទំនើប, របស់​លោក ឆាល ប. វីល្លៀម) ដូច្នេះ នៅ​ពេល​យើង​រីក​រាយ​នឹង​ភាព​កក់​ក្ដៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​របស់​យើង ចូរ​យើង​មាន​សតិ​នឹង​នរ​ហើយ​នឹក​ចាំ​ថា សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មិន​មែន​ជា​អ្វី​ដែល​យើង​សម​នឹង​ទទួល ហើយ​ក៏​មិន​មែន​ជា​អ្វី​ដែល​យើង​អាច​ព្យាយាម​យក​ឲ្យ​បាន​នោះ​ដែរ។—លូកា ១៧:១០

២១​. តើ​សេចក្ដី​ភូតភរ​អ្វី​របស់​សាតាំង​ដែល​យើង​ត្រូវ​បដិសេធ​ទប់​ទល់​ជា​និច្ច​នោះ? ហើយ​តើ​យើង​អាច​បន្ត​ធ្វើ​ឲ្យ​ចិត្ត​យើង​មាន​ទំនុក​ចិត្ត​ដោយ​សេចក្ដី​ពិត​អ្វី​ពី​ព្រះ?

២១ ចូរ​យើង​ម្នាក់ៗ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​បដិសេធ​សេចក្ដី​ភូតភរ​ទាំង​ប៉ុន្មាន​របស់​សាតាំង រួម​ទាំង​សេចក្ដី​ភូតភរ​ថា​យើង​គ្មាន​តម្លៃ​និង​ក៏​មិន​គួរ​ឲ្យ​ស្រឡាញ់​នោះ។ បើ​បទ​ពិសោធន៍​ក្នុង​ជីវិត​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​ថា ខ្លួន​អ្នក​ជា​ឧបសគ្គ​មួយ​ដែល​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់​របស់​ព្រះ​ឈ្នះ​ពុំ​បាន ឬ​ក៏​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​អ្នក​គឺ​តូច​តាច​ពេក ធ្វើ​ឲ្យ​ព្រះ​នេត្រ​ទ្រង់​ដែល​ទត​ឃើញ​អ្វីៗ​ទាំង​អស់​ពុំ​អាច​ទត​ឃើញ​ការ​ល្អ​នោះ​បាន​ឡើយ ឬ​មួយ​ក៏​បាប​របស់​អ្នក​គឺ​ធ្ងន់ធ្ងរ​ដល់​ម្ល៉េះ​ដែល​ការ​សោយ​ទិវង្គត​របស់​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់​មិន​អាច​លុប​បំបាត់​បាន​នោះ នេះ​បាន​ន័យ​ថា​អ្នក​ជឿ​អ្វី​ដែល​ជា​សេចក្ដី​ភូតភរ​ហើយ។ ចូរ​បដិសេធ​សេចក្ដី​ភូតភរ​ទាំង​នេះ​អស់​ពី​ចិត្ត​ចុះ! ចូរ​យើង​បន្ត​ធ្វើ​ឲ្យ​ចិត្ត​យើង​មាន​ទំនុក​ចិត្ត​ដោយ​សេចក្ដី​ពិត​ដែល​ប៉ុល​បាន​បណ្ដាល​ឲ្យ​សរសេរ​ថា៖«ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ​វ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ»។—រ៉ូម ៨:៣៨, ៣៩

a ម្ដង​ហើយ​ម្ដង​ទៀត​ព្រះ​គម្ពីរ​ចង្អុល​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ​និង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ​យេហូវ៉ា។ យ៉ូប​ដែល​ជា​បុរស​ដ៏​ស្មោះ​ភក្ដី​មួយ​រូប​បាន​ទូល​ព្រះ​យេហូវ៉ា​ថា៖​«ឱ​បើ​ទ្រង់ . . . ដំ​រូ​វ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល​បង្គំ រួច​នឹក​ចាំ​ពី​ទូល​បង្គំ​ផង!»។ (យ៉ូប ១៤:១៣, កំណែ​ជា​អក្សរ​ទ្រេត) ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នូវ​«អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ[ឬ«ក្នុង​ផ្នូរ​នៃ​សេចក្ដី​នឹក​ចាំ», ព.ថ.]»។ បន្ទូល​នេះ​គឺ​សមរម្យ​ពីព្រោះ​ព្រះ​យេហូវ៉ា​នឹក​ចាំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​មនុស្ស​ស្លាប់​ដែល​ទ្រង់​មាន​បំណង​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩

b ក្នុង​ខ​នេះ សេចក្ដី​បក​ប្រែ​ខ្លះ​ចែង​ថា​អ្នក​ដែល​ពាល់​រាស្ត្រ​របស់​ព្រះ​កំពុង​តែ​ពាល់​ប្រ​ស្រី​ភ្នែក​របស់​ខ្លួន​ឬ​ភ្នែក​ពួក​អ៊ីស្រាអែល តែ​មិន​មែន​ប្រ​ស្រី​ព្រះ​នេត្រ​របស់​ព្រះ​ទេ។ កំហុស​នេះ​ចាប់​ផ្ដើម​ដោយ​សារ​ពួក​ស្ក្រែប​ខ្លះ​មាន​ទស្សនៈ​ថា ខ​នេះ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ ហើយ​ហេតុ​នេះ​ពួក​គេ​បាន​កែ​ប្រែ​ខ​នេះ​ទៅ។ ការ​ព្យាយាម​ដោយ​ច្រឡំ​របស់​ពួក​គេ​បាន​លាក់​បាំង​មិន​ឲ្យ​យើង​ដឹង​នូវ​កំរិត​ដែល​ព្រះ​យេហូវ៉ា​ចេះ​យល់​អារម្មណ៍​យើង​ម្នាក់ៗ។

សំនួរ​សំរាប់​រំពឹង​គិត

  • ទំនុក​ដំកើង ១៣៩:១​-​២៤ តើ​បន្ទូល​របស់​ស្តេច​ដាវីឌ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ​យើង​ម្នាក់ៗ?

  • អេសាយ ៤៣:៣, ៤, ១០​-​១៣ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​បំរើ​ជា​ស្មរបន្ទាល់​របស់​ទ្រង់? ហើយ​តើ​ការ​ប្រព្រឹត្ត​អ្វី​បញ្ជាក់​អារម្មណ៍​របស់​ទ្រង់?

  • រ៉ូម ៥:៦​-​៨ ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿ​ជាក់​ថា​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​មិន​រាំង​ស្កាត់​យើង​ពី​ការ​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​និង​ផល​ប្រយោជន៍​ដែល​បាន​មក​ពី​សេចក្ដី​ស្រឡាញ់​នោះ?

  • យូដាស ១៧​-​២៥ តើ​យើង​អាច​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​និច្ច​យ៉ាង​ដូច​ម្ដេច? តើ​មាន​អ្វី​ខ្លះ​ខំ​រារាំង​យើង​មិន​ឲ្យ​ធ្វើ​ដូច្នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក