បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៧ ទំ. ១០-១៥
  • អ្នកមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ!
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​អបអរ​អ្នក​ណាស់
  • តើ​យើង​មាន​តម្លៃ​អ្វី​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា?
  • អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​នឹង​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់
  • គ្មានអ្វីអាច«ពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • «ព្រះគឺជាសេចក្ដីស្រឡាញ់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៧ ទំ. ១០-១៥

អ្នក​មាន​តម្លៃ​ណាស់​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ!

«អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្ដី​សប្បុរស»។—យេរេមា ៣១:៣

១. តើ​អាកប្បកិរិយា​របស់​ព្រះ​យេស៊ូ​ចំពោះ​មនុស្ស​សាមញ្ញ​នៅ​សម័យ​របស់​ទ្រង់ មាន​ការ​ខុស​ពី​ពួក​ផារីស៊ី​យ៉ាង​ដូច​ម្ដេច?

ពួក​គេ​អាច​មើល​ឃើញ​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ព្រះនេត្រ​របស់​ទ្រង់។ បុរស​នេះ ជា​ព្រះ​យេស៊ូ ទ្រង់​បាន​មាន​ព្រះទ័យ​ទុក​ដាក់​ណាស់ មិន​មែន​ដូច​មេ​ដឹក​នាំ​ខាង​សាសនា​របស់​គេ​ទេ។ ទ្រង់​មាន​ព្រះទ័យ​ក្ដួល​អាណិត​ដល់​មនុស្ស​ទាំង​នេះ ពីព្រោះ​ពួក​គេ​«ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) ពួក​មេ​ដឹក​នាំ​សាសនា​របស់​គេ​បាន​តម្រូវ​ឲ្យ​ធ្វើ​ជា​ពួក​គង្វាល​ដែល​មាន​សេចក្ដី​ស្រឡាញ់ ក្នុង​ការ​តំណាង​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​មេត្ដាករុណា។ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​មើលងាយ​មនុស្ស​សាមញ្ញ ហើយ​ចាត់​ទុក​ថា​ជា​មនុស្ស​ថោកទាប—និង​ជា​មនុស្ស​ត្រូវ​បណ្ដាសា!a (យ៉ូហាន ៧:៤៧​-​៤៩; ប្រៀបធៀប អេសេគាល ៣៤:៤) យ៉ាង​ច្បាស់​ហើយ ការ​មាន​ទស្សនៈ​ដ៏​មិន​ពិត​ដែល​គ្មាន​ពី​ព្រះ​គម្ពីរ​បែប​នេះ ជា​ការ​ខុស​ប្លែក​គ្នា​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ណាស់ ដែល​ទ្រង់​មាន​ចំពោះ​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សាសន៍​អ៊ីស្រាអែល​របស់​ទ្រង់​ថា៖ «អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់កល្ប»។—យេរេមា ៣១:៣

២. តើ​គូកន​បី​នាក់​របស់​យ៉ូប​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​គាត់​ជឿ​ថា​គាត់​ឥត​មាន​តម្លៃ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

២ ប៉ុន្តែ ពួក​ផារីស៊ី​មិន​មែន​ជា​ពួក​ដំបូង​ដែល​ខំ​ប្រឹង​ធ្វើ​ឲ្យ​ចៀម​ស្ងួនភ្ងា​របស់​ព្រះ​យេហូវ៉ា ជឿ​ថា​គេ​ជា​មនុស្ស​ឥត​មាន​តម្លៃ​នោះ​ទេ។ សូម​ពិចារណា​មើល​ករណី​របស់​លោក​យ៉ូប។ ចំពោះ​ព្រះ​យេហូវ៉ា លោក​ជា​មនុស្ស​សុចរិត​និង​ឥត​សៅហ្មង ប៉ុន្តែ ពួក​អ្នក​‹សម្រាល​ទុក្ខ›​បី​នាក់​ពោល​បញ្ឆៀង​ថា​យ៉ូប​ជា​មនុស្ស​អសីលធម៌ ជា​អ្នក​បះបោរ​ជំនឿ​ដ៏​អាក្រក់ ដែល​នឹង​ស្លាប់​ទៅ​ដោយ​គ្មាន​អ្នក​ណា​ដឹង​ថា​គាត់​ធ្លាប់​រស់​នៅ​ឡើយ។ ពួក​គេ​បាន​ពោល​អះអាង​ថា ព្រះ​មិន​អបអរ​នឹង​សេចក្ដី​សុចរិត​របស់​យ៉ូប​ទេ ពីព្រោះ​ព្រះ​មិន​ទាំង​ទុក​ចិត្ត​នឹង​ពួក​ទេវតា​របស់​ទ្រង់​ផ្ទាល់​ផង ហើយ​បាន​គិត​ថា​សូម្បី​តែ​ស្ថានសួគ៌​ក៏​មិន​បរិសុទ្ធ​ដែរ!—យ៉ូប ១:៨; ៤:១៨; ១៥:១៥, ១៦; ១៨:១៧​-​១៩; ២២:៣

៣. តើ​មធ្យោបាយ​អ្វី​ខ្លះ​ដែល​សាតាំង​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ ដើម្បី​ខំ​ប្រឹង​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​គេ​ឥត​មាន​តម្លៃ​និង​ឥត​មាន​អ្នក​ណា​ស្រឡាញ់​នោះ?

៣ នៅ​សព្វ​ថ្ងៃ​នេះ សាតាំង​នៅ​ប្រើ​‹កលល្បិច›​នេះ ដើម្បី​ខំ​ប្រឹង​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា ពួក​គេ​ជា​មនុស្ស​ឥត​មាន​តម្លៃ​ហើយ​គ្មាន​អ្នក​ណា​ស្រឡាញ់​ទេ។ (អេភេសូរ ៦:១១) ជា​ការ​ពិត​មែន វា​តែង​តែ​ល្បួង​ចិត្ត​មនុស្ស​ដោយ​ប្រើ​ការ​ឥត​ប្រយោជន៍​និង​ចិត្ត​មានះ​របស់​គេ។ (កូរិនថូសទី២ ១១:៣) ប៉ុន្តែ វា​ក៏​ចូល​ចិត្ត​ក្នុង​ការ​កំទេច​សេចក្ដី​ថ្លៃថ្នូរ​នៃ​បុគ្គល​ដែល​ងាយ​ធ្វើ​ទៅ​លើ​បាន​ដែរ។ ជា​ពិសេស នៅ​ក្នុង​«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»​នេះ។ នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​បាន​លូត​លាស់​ធំ​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ ដែល​គ្មាន​សេចក្ដី​«ស្រឡាញ់​តាម​ធម្មតា» ហើយ​ជា​រៀង​រាល់​ថ្ងៃ​មនុស្ស​ជា​ច្រើន​ត្រូវ​តែ​អត់​ទ្រាំ​នឹង​មនុស្ស​សាហាវ អាត្មានិយម និង​ក្បាល​រឹង។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ដោយ​មាន​ប្រព្រឹត្ត​កម្ម​ដ៏​សាហាវ​ជា​ច្រើន​ឆ្នាំ ជាតិនិយម សំអប់ ឬ​ការ​ប្រព្រឹត្ត​រំលោភ​លើ នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​បែប​នេះ​ជឿ​ថា ពួក​គេ​ឥត​មាន​តម្លៃ​និង​ឥត​មាន​អ្នក​ណា​ស្រឡាញ់​ទេ។ បុរស​ម្នាក់​បាន​សរសេរ​ថា៖ «ខ្ញុំ​គ្មាន​អារម្មណ៍​ស្រឡាញ់​ឬ​ថា​មាន​អ្នក​ណា​មួយ​ស្រឡាញ់​ខ្ញុំ​ទេ។ ជា​ការ​ពិបាក​ណាស់​ចំពោះ​ខ្ញុំ​ក្នុង​ការ​ជឿ​ថា​ព្រះ​ស្រឡាញ់​ខ្ញុំ​នោះ»។

៤, ៥. (ក) ហេតុ​អ្វី​ក៏​គំនិត​អំពី​ការ​ឥត​មាន​តម្លៃ​ផ្ទាល់​ខ្លួន មាន​ការ​ផ្ទុយ​គ្នា​នឹង​ព្រះ​គម្ពីរ? (ខ) តើ​ការ​ជឿ​ថា​ការ​ខំ​ប្រឹង​របស់​យើង​ទៅ​ជា​ឥត​មាន​តម្លៃ​អ្វី​សោះ អាច​មាន​លទ្ធផល​ដ៏​គ្រោះថ្នាក់​មួយ​យ៉ាង​ណា?

៤ ចំពោះ​គំនិត​នៃ​ការ​ឥត​មាន​តម្លៃ​ផ្ទាល់​ខ្លួន គឺ​ផ្ទុយ​គ្នា​ទាំង​ស្រុង​នឹង​សេចក្ដី​ពិត​នៃ​ពាក្យ​បន្ទូល​របស់​ព្រះ នៃ​សេចក្ដី​បង្រៀន​អំពី​ការ​លោះ។ (យ៉ូហាន ៣:១៦) បើសិន​ជា​ព្រះ​បាន​ប្រទាន​របស់​ដ៏​មាន​តម្លៃ​បំផុត—ព្រះ​ជន្ម​របស់​បុត្រា​ដ៏​មាន​តម្លៃ​ផ្ទាល់​នោះ—ដើម្បី​នឹង​ទិញ​យើង​ឲ្យ​មាន​ឱកាស​ក្នុង​ការ​រស់​នៅ​ជា​និរន្តរ៍​នោះ យ៉ាង​ប្រាកដ​ណាស់​ទ្រង់​ច្បាស់​ជា​ស្រឡាញ់​យើង ហើយ​យើង​ច្បាស់​ជា​មាន​តម្លៃ​ក្នុង​ព្រះ​នេត្រ​ទ្រង់​ហើយ!

៥ ម្យ៉ាង​វិញ​ទៀត ជា​ការ​គួរ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ណាស់​ក្នុង​ការ​មាន​អារម្មណ៍​ថា ព្រះ​មិន​គាប់​ព្រះ​ហឫទ័យ​នឹង​យើង ហើយ​ថា​ការ​ខំប្រឹង​របស់​យើង​គ្មាន​តម្លៃ​អ្វី​សោះ​នោះ! (ប្រៀបធៀប សុភាសិត ២៤:១០) ដោយ​មាន​ទស្សនៈ​មិន​ល្អ​នេះ សូម្បី​តែ​ការ​លើក​ទឹក​ចិត្ត​ត្រឹម​ត្រូវ​ណា​មួយ ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​កិច្ច​បំរើ​របស់​យើង​ចំពោះ​ព្រះ ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នោះ ចំពោះ​មនុស្ស​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ជា​ការ​ផ្ដន្ទា​ទោស​ទៅ​វិញ។ នេះ​ប្រហែល​ជា​បញ្ជាក់​ថា​ជំនឿ​ស៊ប់​របស់​យើង ក្នុង​អ្វីៗដែល​យើង​ធ្វើ​គឺ​មិន​គ្រប់គ្រាន់​ឡើយ។

៦. តើ​ការ​ដោះ​ស្រាយ​ដ៏​ប្រសើរ​ចំពោះ​គំនិត​ដ៏​មិន​ល្អ​អំពី​ខ្លួន​យើង​ជា​អ្វី​ទៅ?

៦ បើសិន​ជា​អ្នក​ដឹង​ថា​អ្នក​មាន​អារម្មណ៍​មិន​ល្អ​បែប​នេះ សូម​កុំ​ឲ្យ​អស់​សង្ឃឹម​ឡើយ។ ពី​ពេល​មួយ​ទៅ​ពេល​មួយ យើង​ជា​ច្រើន​នាក់​ចូល​ចិត្ត​រិះគន់​នឹង​ខ្លួន​ដោយ​មិន​សម​ហេតុ​ផល។ ហើយ​ចូរ​ចង​ចាំ​ថា បន្ទូល​របស់​ព្រះ​គឺ​ត្រូវ​បាន​រៀប​ចាំ​មក​សំរាប់​«ការ​ប្រដៅ​ដំរង់» និង​សំរាប់​«នឹង​រំលំ​ទី​មាំមួន​វិញ»។ (ធីម៉ូថេ​ទី​២ ៣:១៦; កូរិនថូសទី២ ១០:៤) សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង ដ្បិត​បើសិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង»។ (យ៉ូហានទី១ ៣:១៩, ២០) បើ​ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​មើល​នូវ​ផ្លូវ​បី​យ៉ាង​ដែល​ព្រះ​គម្ពីរ​បង្រៀន​ថា យើង​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា​នោះ។

ព្រះ​យេហូវ៉ា​អបអរ​អ្នក​ណាស់

៧. តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​គ្រីស្ទាន​អំពី​តម្លៃ​របស់​គេ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

៧ ទី​មួយ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ចំ​ថា យើង​ម្នាក់ៗមាន​តម្លៃ​ណាស់​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន»។ (លូកា ១២:៦, ៧) នៅ​សម័យ​នោះ ចាប​ជា​សត្វ​ដែល​គេ​លក់​ដ៏​ថោក​បំផុត​សំរាប់​អាហារ ប៉ុន្តែ​ព្រះ​ជា​អ្នក​បង្កើត​បាន​ទត​ឃើញ​សត្វ​ចាប​ទាំង​អស់។ ដូច្នេះ មូលដ្ឋាន​បាន​តាំង​ឡើង​សំរាប់​ការ​ធ្វើ​ឲ្យ​ឃើញ​ភាព​ខុស​គ្នា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍៖ ចំពោះ​មនុស្ស​វិញ—តើ​មួយ​ណា​មាន​តម្លៃ​ជាង​គេ—គឺ​មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​ដឹង​សេចក្ដី​ល្អិតល្អន់​ទាំង​អស់។ នេះ​គឺ​ហាក់បី​ដូច​ជា​សក់​នៃ​ក្បាល​របស់​យើង​ត្រូវ​បាន​រាប់​ទាំង​អស់​អញ្ចឹង!

៨. ហេតុ​អ្វី​ក៏​សម​ហេតុ​ផល​ក្នុង​ការ​គិត​ថា​ព្រះ​យេហូវ៉ា​អាច​រាប់​សក់​ក្បាល​របស់​យើង?

៨ តើ​ព្រះ​បាន​រាប់​សក់​របស់​យើង​ទាំង​អស់​មែន​ឬ? បើ​អ្នក​គិត​ថា ទិដ្ឋភាព​នេះ​នៃ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​មិន​សម​ហេតុ​ផល​នោះ សូម​ពិចារណា​មើល​អំពី​រឿង​នេះ៖ ព្រះ​ចង​ចាំ​អំពី​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​យ៉ាង​ប្រាកដ​ដល់​ម្ល៉េះ ដែល​ទ្រង់​អាច​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​បាន—ដោយ​បង្កើត​ពួក​គេ​ម្ដង​ទៀត​យ៉ាង​ល្អិតល្អន់ ថែម​ទាំង​រួម​បញ្ចូល​នឹង​ក្រម​ពន្ធុវិជ្ជា​ដ៏​ស្មុគស្មាញ ព្រម​ទាំង​អនុស្សាវរីយ​និង​ការ​ពិសោធ​របស់​គេ​ដែល​មាន​ជា​ច្រើន​ឆ្នាំ​នោះ​ផង។ ការ​រាប់​សក់​របស់​យើង (ដែល​ជា​មធ្យម ក្បាល​របស់​យើង​មាន​សក់​ដុះ​ប្រមាណ​១០០,០០០​សរសៃ​នោះ) បើ​ប្រៀបធៀប​ទៅ នេះ​ជា​ការ​ធ្វើ​ឡើង​យ៉ាង​ស្រួល​ណាស់!—លូកា ២០:៣៧, ៣៨

តើ​យើង​មាន​តម្លៃ​អ្វី​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា?

៩. (ក) តើ​មាន​គុណសម្បត្ដិ​ណា​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​អបអរ​នោះ? (ខ) ហេតុ​អ្វី​ក៏​អ្នក​គិត​ថា គុណសម្បត្ដិ​បែប​នេះ​មាន​តម្លៃ​ចំពោះ​ទ្រង់?

៩ ទីពីរ ព្រះ​គម្ពីរ​បង្រៀន​យើង​ថា ព្រះ​យេហូវ៉ា​អបអរ​នឹង​យើង​ណាស់។ បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ ទ្រង់​មាន​ព្រះទ័យ​រីករាយ​ក្នុង​គុណសម្បត្ដិ​ដ៏​ល្អៗនិង​ការ​ខំ​ប្រឹង​ខ្នះខ្នែង​របស់​យើង។ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ប្រាប់​សាឡូម៉ូន​ជា​បុត្រា​របស់​ទ្រង់​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ពិនិត្យ​មើល​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ»។ (របាក្សត្រទី១ ២៨:៩, ព.ថ.) កាល​ដែល​ព្រះ​ពិនិត្យ​មើល​រាប់​ពាន់​លាន​ចិត្ត​មនុស្ស នៅ​ក្នុង​ពិភពលោក​ដ៏​ឃោរឃៅ​និង​ពោរពេញ​ទៅ​ដោយ​ការ​ស្អប់​នោះ ទ្រង់​ច្បាស់​ជា​មាន​ព្រះទ័យ​រីករាយ​ណាស់ នៅ​ពេល​ទ្រង់​រក​ឃើញ​ចិត្ត​ដែល​ស្រឡាញ់​សន្ដិភាព សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​នោះ! (ប្រៀបធៀប យ៉ូហាន ១:៤៧; ពេត្រុសទី១ ៣:៤) តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​រក​ឃើញ​ចិត្ត ដែល​មាន​សេចក្ដី​ស្រឡាញ់​ដល់​ទ្រង់​យ៉ាង​ខ្លាំង ដែល​ខំ​ប្រឹង​រៀន​អំពី​ទ្រង់ ហើយ​ប្រាប់​តម្រិះវិជ្ជា​បែប​នេះ​ទៅ​អ្នក​ដទៃ​នោះ? នៅ ម៉ាឡាគី ៣:១៦ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​ថា ទ្រង់​ស្ដាប់​ដល់​អស់​អ្នក​ដែល​និយាយ​ប្រាប់​គេ​អំពី​ទ្រង់ ហើយ​ថែម​ទាំង​មាន​«សៀវភៅ​រំឭក»​សំរាប់​«ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់»។ ចំពោះ​ទ្រង់ គុណសម្បត្ដិ​បែប​នេះ​គឺ​មាន​តម្លៃ​ណាស់!

១០, ១១. (ក) តើ​តាម​របៀប​ណា​ដែល​មនុស្ស​ខ្លះ​ដូច​ជា​មិន​ជឿ​ថា​ព្រះ​យេហូវ៉ា​អបអរ​នឹង​គុណសម្បត្ដិ​ដ៏​ល្អៗរបស់​គេ? (ខ) តើ​គំរូ​របស់​អ័ប៊ីយ៉ា​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អបអរ​នឹង​គុណសម្បត្ដិ​ដ៏​ល្អៗតាម​គ្រប់​កំរិត​យ៉ាង​ណា?

១០ ប៉ុន្តែ ចិត្ត​ដែល​ផ្ដន្ទា​ទោស​ខ្លួន​នោះ ប្រហែល​ជា​មិន​ជឿ​ថា​យើង​មាន​តម្លៃ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​ឡើយ។ ចិត្ត​ដែល​ផ្ដន្ទា​ទោស​នេះ​អាច​ទទូច​ខ្សឹប​ប្រាប់​ថា៖ ‹ប៉ុន្តែ មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​គុណសម្បត្ដិ​ដ៏​ប្រសើរ​ជាង​ខ្ញុំ​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​នឹង​ខក​ព្រះទ័យ​ហើយ បើ​ទ្រង់​ប្រៀបធៀប​ខ្ញុំ​ទៅ​នឹង​ពួក​គេ​នោះ›! ព្រះ​យេហូវ៉ា​មិន​ប្រៀបធៀប​ពួក​អ្នក​បំរើ​របស់​ទ្រង់​នឹង​គ្នា​ទេ ហើយ​ទ្រង់​ក៏​មិន​តឹងរ៉ឹង ព្រម​ទាំង​ពុំ​មាន​បមាណីយ​ដ៏​តឹងរ៉ឹង​នោះ​ឡើយ។ (កាឡាទី ៦:៤) ទ្រង់​ទត​មើល​ចិត្ត​ដោយ​ល្អិតល្អន់ ហើយ​ទ្រង់​អបអរ​នឹង​គុណសម្បត្ដិ​ដ៏​ល្អៗគ្រប់​កំរិត​ទាំង​អស់។

១១ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ចេញ​ក្រិត្យ​ឲ្យ​ប្រហារ​ជីវិត​ពួក​អ្នក​បះបោរ​ជំនឿ​នៃ​សន្ត​តិ​វង្ស​ទាំង​មូល​នៃ​ស្តេច​យេរ៉ូបោម ឲ្យ​ដូច​គេ​បោស​«អាចម៍»​សត្វ​ចោល​នោះ ទ្រង់​បាន​បញ្ជា​ឲ្យ​ថា​មាន​តែ​បុត្រា​មួយ​របស់​ស្តេច​នាម​អ័ប៊ីយ៉ា​ប៉ុណ្ណោះ ដែល​នឹង​ប្រទាន​ឲ្យ​មាន​ការ​បញ្ចុះ​សព​ដ៏​សមរម្យ​នោះ។ ហេតុ​អ្វី? ពីព្រោះ​«ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល»។ (ពង្សាវតារក្សត្រទី១ ១៤:១០, ១៣) តើ​នេះ​មាន​សេចក្ដី​ថា អ័ប៊ីយ៉ា​ជា​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឬ? មិន​ចាំបាច់​ដូច្នេះ​ទេ ពីព្រោះ​ទ្រង់​បាន​ទទួល​មរណភាព​ជា​មួយ​នឹង​វង្សា​ដ៏​អាក្រក់​ជួជាតិ​របស់​ទ្រង់។ (ចោទិយកថា ២៤:១៦) ប៉ុន្តែ ព្រះ​យេហូវ៉ា​អបអរ​នឹង​«សេចក្ដី​ល្អ​ខ្លះ»​ដែល​ទ្រង់​បាន​ទត​ឃើញ​នៅ​ក្នុង​ចិត្ត​របស់​អ័ប៊ីយ៉ា ហើយ​ក៏​បាន​ប្រព្រឹត្ត​ដោយ​សម​ស្រប​តាម​នោះ​ទៅ។ អត្ថាធិប្បាយ​របស់​ម៉ាថាយ ហិន​រ៉ី ទៅ​លើ​ព្រះ​គម្ពីរ​ទាំង​មូល​កត់​សម្គាល់​ថា៖ «ការ​គ្រាន់​តែ​មាន​គុណសម្បត្ដិ​បន្ដិច​បន្តួច នោះ​នឹង​ត្រូវ​រក​ឃើញ៖ ព្រះ​ដែល​ស្វែង​រក​គុណសម្បត្ដិ​ល្អៗក្នុង​យើង នឹង​ទត​ឃើញ​គុណសម្បត្ដិ​បែប​នេះ។ ទោះបី​មាន​សេចក្ដី​ល្អ​តិច​តួច​យ៉ាង​ក្ដី ក៏​ទ្រង់​នឹង​គាប់​ព្រះ​ហឫទ័យ​ដែរ»។ ហើយ​សូម​កុំ​ភ្លេច​ឡើយ​ថា ទោះបី​ព្រះ​រក​ឃើញ​គុណសម្បត្ដិ​ល្អ​ខ្លះ​នៅ​ក្នុង​អ្នក​ក្ដី ទ្រង់​ក៏​អាច​ធ្វើ​ឲ្យ​លូត​លាស់​ឡើង​បាន​ដែរ ឲ្យ​តែ​អ្នក​ខំ​ប្រឹង​បំរើ​ទ្រង់​ដោយ​ស្មោះ​ត្រង់​នោះ។

១២, ១៣. (ក) តើ​ទំនុកដំកើង ១៣៩:៣ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អបអរ​ការ​ខំ​ខ្នះខ្នែង​របស់​យើង​ដោយ​យ៉ាង​ណា? (ខ) ក្នុង​ន័យ​ណា​ដែល​យើង​អាច​និយាយ​ថា ព្រះ​យេហូវ៉ា​រែង​រក​សកម្មភាព​របស់​យើង​នោះ?

១២ ព្រះ​យេហូវ៉ា​ក៏​អបអរ​នឹង​ការ​ខំ​ខ្នះខ្នែង​របស់​យើង​តាម​របៀប​ស្រដៀង​នេះ​ដែរ។ នៅ​ទំនុកដំកើង ១៣៩:១​-​៣ យើង​អាន​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូល​បង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូល​បង្គំ​អង្គុយ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូល​បង្គំ​ពី​ចំងាយ​ដែរ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូល​បង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​ដែរ»។ ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ដឹង​នូវ​ការ​ប្រព្រឹត្ត​របស់​យើង​ទាំង​អស់។ ប៉ុន្តែ ទ្រង់​មិន​គ្រាន់​តែ​ជ្រាប​ដឹង​ប៉ុណ្ណោះ​ទេ។ នៅ​ក្នុង​ភាសា​ហេព្រើរ ឃ្លា​ដែល​ថា​ទ្រង់​«ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល​បង្គំ» ក៏​អាច​មាន​ន័យ​ថា​«ទ្រង់​អបអរ​ដ៏​ក្រៃលែង​នៃ​អស់​ទាំង​ផ្លូវ​របស់​ទូល​បង្គំ» ឬ​ថា​«ទ្រង់​ស្រឡាញ់​អស់​ទាំង​ផ្លូវ​របស់​ទូល​បង្គំ»។ (ប្រៀបធៀប ម៉ាថាយ ៦:១៩, ២០) ប៉ុន្តែ តើ​ឲ្យ​ព្រះ​យេហូវ៉ា​ស្រឡាញ់​ផ្លូវ​របស់​យើង​យ៉ាង​ណា​បាន បើ​យើង​ជា​មនុស្ស​មាន​ខ្ចោះ​និង​មាន​បាប​នោះ?

១៣ ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ យោង​ទៅ​តាម​វិជ្ជាករ​ខ្លះ​នៅ​ពេល​ដែល​ដាវីឌ​បាន​សរសេរ​ថា​ព្រះ​យេហូវ៉ា​«ពិនិត្យ​ពិចារណា»​ផ្លូវ​ច្រក​និង​ទី​ដេក​នោះ ភាសា​ហេព្រើរ​មាន​ន័យ​យ៉ាង​ចំៗថា​«ការ​រែង» ឬ​ក៏​«អុំ»។ ឯកសារ​យោង​មួយ​បាន​កត់​សម្គាល់​ថា៖ «នេះ​មាន​ន័យ​ថា . . . ដើម្បី​នឹង​អុំ​អង្កាម​ចេញ ហើយ​ដើម្បី​នឹង​ទុក​អង្ករ​ទាំង​អស់—ដើម្បី​រក្សា​ទុក​របស់​ដែល​មាន​តម្លៃ។ ដូច្នេះ​នៅ​ទី​នេះ​មាន​ន័យ​ថា​ព្រះ​បាន​រែង​រក​គាត់ បើ​និយាយ​ជា​អត្ថបដិរូប។ . . . ទ្រង់​បាន​ធ្វើ​ឲ្យ​អង្កាម​ខ្ចាត់ខ្ចាយ​ចេញ ឬ​អ្វីៗដែល​គ្មាន​តម្លៃ ហើយ​អ្វីៗដែល​នៅ​សល់​នោះ​គឺ​មាន​តម្លៃ​ពិត​និង​ច្រើន​គួរ​សម​ផង»។ ចិត្ត​ដែល​ផ្ដន្ទា​ទោស​ខ្លួន ប្រហែល​ជា​អាច​រែង​រក​ការ​ប្រព្រឹត្ត​របស់​យើង​តាម​ផ្លូវ​ផ្ទុយ​ពី​គ្នា ដោយ​ស្តី​បន្ទោស​ខ្លួន​ដោយ​គ្មាន​មេត្ដាករុណា​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​នៅ​អតីត ហើយ​ចាត់​ទុក​ការ​សម្រេច​របស់​យើង​ជា​អ្វី​ដែល​គ្មាន​ប្រយោជន៍។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​បាប​ឲ្យ​យើង បើ​យើង​ប្រែ​ចិត្ត​ដ៏​ស្មោះ ហើយ​ខំ​ខ្នះខ្នែង​ពុំ​ឲ្យ​ប្រព្រឹត្ត​ការ​ខុស​នោះ​ទៀត។ (ទំនុកដំកើង ១០៣:១០​-​១៤; កិច្ចការ ៣:១៩) ទ្រង់​រែង​រក​ហើយ​ចង​ចាំ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង។ តាម​ការ​ពិត ទ្រង់​ចង​ចាំ​ការ​ទាំង​នេះ​ជា​និរន្តរ៍ ឲ្យ​តែ​យើង​រក្សា​ចិត្ត​ស្មោះ​ត្រង់​ដល់​ទ្រង់។ ទ្រង់​គិត​ជា​អំពើ​ទុច្ចរិត​ក្នុង​ការ​បំភ្លេច​អំពី​រឿង​នេះ ហើយ​ទ្រង់​មិន​ដែល​ជា​បុគ្គល​ទុច្ចរិត​នោះ​ឡើយ!—ហេព្រើរ ៦:១០

១៤. តើ​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អបអរ​នឹង​សកម្មភាព​របស់​យើង​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន?

១៤ តើ​ការ​ប្រព្រឹត្ត​ល្អ​ណា​ខ្លះ​ដែល​ព្រះ​អបអរ​នោះ? គឺ​អ្វីៗទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​ការ​យក​គំរូ​តាម​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ។ (ពេត្រុសទី១ ២:២១) បើ​ដូច្នេះ កិច្ចការ​ដ៏​សំខាន់​មួយ គឺ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ នៅ​រ៉ូម ១០:១៥ យើង​អាន​ថា៖ «ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខសាន្ត ហើយ​ថ្លែង​ប្រាប់​ពី សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»! ទោះបី​ធម្មតា​យើង​មិន​ដែល​គិត​ថា ជើង​របស់​យើង​ជា​«ល្អ​ប្រពៃ»​ក្ដី ពាក្យ​ដែល​ប៉ុល​បាន​ប្រើ​នៅ​ទី​នេះ គឺ​បាន​យក​មក​ប្រើ​នៅ​ក្នុង​សេចក្ដី​បកប្រែ​ព្រះគម្ពីរ​សេពតួជិន្ត​ភាសា​ក្រិក​ដែរ ដើម្បី​នឹង​រៀប​រាប់​រេបិកា រ៉ាជែល និង​យ៉ូសែប—ដែល​មនុស្ស​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ល្បី​ដោយ​សោភ័ណភាព​របស់​គេ។ (លោកុប្បត្តិ ២៦:៧; ២៩:១៧; ៣៩:៦) ដូច្នេះ​ការ​ជាប់​ដៃ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា នោះ​ជា​ការ​ដ៏​ល្អ​និង​មាន​តម្លៃ​ណាស់​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

១៥, ១៦. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​អបអរ​នឹង​ការ​ស៊ូទ្រាំ​របស់​យើង ហើយ​តើ​ពាក្យ​របស់​ស្តេច​ដាវីឌ​នៅ​ទំនុកដំកើង ៥៦:៨ បញ្ជាក់​អំពី​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

១៥ គុណសម្បត្ដិ​មួយ​ទៀត ដែល​ព្រះ​អបអរ​នោះ​គឺ​ការ​ស៊ូទ្រាំ​របស់​យើង។ (ម៉ាថាយ ២៤:១៣) ចូរ​ចង​ចាំ​ថា សាតាំង​ចង់​ឲ្យ​អ្នក​បោះបង់​ចោល​ព្រះ​យេហូវ៉ា។ រៀង​រាល់​ថ្ងៃ​ដែល​អ្នក​រក្សា​ការ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ជា​ថ្ងៃ​មួយ​ទៀត​ដែល​អ្នក​បាន​ជួយ​ក្នុង​ការ​ប្រគល់​ការ​តប​ឆ្លើយ​នឹង​ពាក្យ​ឡកឡឺយ​របស់​សាតាំង។ (សុភាសិត ២៧:១១) នៅ​ពេល​ខ្លះ​ការ​ស៊ូទ្រាំ​គឺ​មិន​ជា​ការ​ស្រួល​ទេ។ បញ្ហា​ខាង​សុខភាព សេចក្ដី​វេទនា​ខាង​លុយ​កាក់ ទុក្ខ​ព្រួយ​ខាង​ផ្លូវ​ចិត្ត និង​ឧបសគ្គ​ឯ​ទៀត​ក៏​អាច​ទៅ​ជា​សេចក្ដី​ទុក្ខ​លំបាក​នៃ​ថ្ងៃ​កន្លង​ទៅ​និមួយៗដែរ។ ការ​ស៊ូទ្រាំ​ក្នុង​ការ​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខ​លំបាក​បែប​នេះ គឺ​រឹតតែ​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ហើយ​ជា​អ្វី​ដែល​ស្តេច​ដាវីឌ​បាន​ទូល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ទុក​ទឹក​ភ្នែក​របស់​លោក​ក្នុង​«ដប​នៃ​ទ្រង់»​ជា​អត្ថបដិរូប ដោយ​ទូល​សុំ​យ៉ាង​ទុក​ចិត្ត​ថា៖ «តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី»? (ទំនុកដំកើង ៥៦:៨) ត្រូវ​ហើយ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ជា​ការ​មាន​តម្លៃ​ណាស់ ហើយ​ចង​ចាំ​គ្រប់​ទាំង​ទឹក​ភ្នែក​និង​ការ​រង​ទុក្ខ​វេទនា​ដែល​យើង​ស៊ូទ្រាំ​ក្នុង​ការ​រក្សា​សេចក្ដី​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ទ្រង់​នោះ។ ទឹក​ភ្នែក​និង​ការ​រង​ទុក្ខ​វេទនា​ក៏​មាន​តម្លៃ​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់​ដែរ។

១៦ ក្នុង​ការ​មើល​ឃើញ​គុណសម្បត្ដិ​ដ៏​ល្អៗនិង​ការ​ខំ​ខ្នះខ្នែង​របស់​យើង​នោះ ជា​ការ​ច្បាស់​ណាស់ ដែល​ព្រះ​យេហូវ៉ា​រក​ឃើញ​ការ​ជា​ច្រើន​ក្នុង​ការ​អបអរ​នឹង​យើង​ម្នាក់ៗ! ទោះបី​ជា​លោកីយ៍​របស់​សាតាំង​បាន​ប្រព្រឹត្ត​មក​លើ​យើង​យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ថា​មាន​តម្លៃ​បំផុត និង​ជា​«ទីគាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍»។—ហាកាយ ២:៧

អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​នឹង​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់

១៧. ហេតុ​អ្វី​ក៏​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ​ធ្វើ​ឲ្យ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ស្រឡាញ់​យើង​ម្នាក់ៗនោះ?

១៧ ទី​បី ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ជា​ច្រើន​ដើម្បី​នឹង​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សំរាប់​យើង។ យ៉ាង​ប្រាកដ​ហើយ យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ ជា​ចម្លើយ​ដ៏​ខ្លាំង​ដល់​ការ​ភូតភរ​របស់​សាតាំង ដែល​ថា​យើង​ឥត​មាន​តម្លៃ ឬ​ថា​ឥត​មាន​អ្នក​ណា​ស្រឡាញ់​នោះ។ យើង​មិន​ត្រូវ​ភ្លេច​អំពី​មរណភាព​ដ៏​ឈឺចាប់​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​បង្គោល​ឈើ​ទារុណកម្ម ហើយ​ព្រម​ទាំង​ការ​ឈឺចាប់​ដ៏​ខ្លាំង​ជាង​នោះ​ទៅ​ទៀត ដែល​ព្រះ​យេហូវ៉ា​បាន​ស៊ូទ្រាំ​ក្នុង​ការ​ទត​មើល​មរណភាព​នៃ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ គឺ​ជា​ការ​សម្ដែង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​រាល់​គ្នា។ ម្យ៉ាង​វិញ​ទៀត សេចក្ដី​ស្រឡាញ់​នោះ​គឺ​ទាក់ទង​មក​យើង​រាល់​គ្នា​ផ្ទាល់។ ប៉ុល​បាន​មាន​ទស្សនៈ​យ៉ាង​ដូច្នោះ​ដែរ ពីព្រោះ​លោក​បាន​សរសេរ​ថា៖ «ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ​ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ»។—កាឡាទី ២:២០

១៨. ក្នុង​ន័យ​យ៉ាង​ណា​ដែល​ព្រះ​យេហូវ៉ា​ទាញ​នាំ​យើង​មក​ឯ​ព្រះ​គ្រីស្ទ?

១៨ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សំរាប់​យើង ដោយ​ជួយ​យើង​ម្នាក់ៗឲ្យ​ប្រើ​នូវ​ផល​ប្រយោជន៍​នៃ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នៅ​យ៉ូហាន ៦:៤៤​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ»។ តាម​រយៈ​កិច្ចការ​ផ្សាយ ដែល​បាន​ផ្សាយ​មក​ដល់​យើង​គ្រប់ៗគ្នា ហើយ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ជួយ​យើង​ឲ្យ​យល់ ហើយ​អនុវត្ត​សេចក្ដី​ពិត​ខាង​វិញ្ញាណ ថ្វី​បើ​យើង​មាន​កំរិត​និង​ភាព​មិន​ល្អ​ឥតខ្ចោះ​ក្ដី។ ព្រះ​យេហូវ៉ា​ទាញ​នាំ​យក​យើង​ម្នាក់ៗមក​ឯ​បុត្រា​របស់​ទ្រង់ និង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ជា​អនន្ត។ ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​អាច​មាន​បន្ទូល​អំពី​យើង ដូច​ទ្រង់​បាន​មាន​បន្ទូល​អំពី​សាសន៍​អ៊ីស្រាអែល​ដែរ​ថា៖ «ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្ដី​សប្បុរស»។—យេរេមា ៣១:៣

១៩. ហេតុ​អ្វី​ក៏​ឯក​សិទ្ធិ​នៃ​ការ​អធិស្ឋាន​ធ្វើ​ឲ្យ​យើង​ជឿ អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង​ម្នាក់ៗ?

១៩ ប៉ុន្តែ ប្រហែល​ជា​តាម​រយៈ​ឯក​សិទ្ធិ​នៃ​ការ​អធិស្ឋាន​ហើយ ដែល​យើង​ពិសោធ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ស្និទ្ធស្នាល​បំផុត​នោះ។ ទ្រង់​អញ្ជើញ​យើង​ម្នាក់ៗឲ្យ​«អធិស្ឋាន​ឥត​ឈប់ឈរ»​ទៅ​ទ្រង់។ (ថែស្សាឡូនីចទី១ ៥:១៧) ទ្រង់​ស្ដាប់​យើង​មែន! ទ្រង់​ក៏​ត្រូវ​បាន​ហៅ​ជា​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»​ផង។ (ទំនុកដំកើង ៦៥:២) ទ្រង់​មិន​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ មិន​ទាំង​ដល់​បុត្រា​ផ្ទាល់​របស់​ទ្រង់​ផង។ សូម​គិត​ទៅ​មើល៖ ព្រះ​ដែល​ជា​អ្នក​បង្កើត​នៃ​សកលលោក ដាស់​តឿន​ឲ្យ​យើង​មក​ឯ​ទ្រង់​ដោយ​អធិស្ឋាន ហើយ​និយាយ​ដោយ​សេរី។ សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ប្រហែល​ជា​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​មិន​ចង់​ធ្វើ​នោះ​បាន។—ហេព្រើរ ៤:១៦; យ៉ាកុប ៥:១៦; សូម​មើល​អេសាយ ៣៨:១​-​១៦

២០. ហេតុ​អ្វី​ក៏​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​មិន​មែន​ជា​ការ​ដោះ​សារ​ថា​ខ្លួន​ជា​អ្នក​សំខាន់​ឬ​អហង្ការ​និយម​នោះ?

២០ ជន​គ្រីស្ទាន​ដែល​មាន​ចិត្ត​ហ្នឹង​ធឹង​មិន​ត្រូវ​យក​ទី​សំអាង​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​អបអរ​របស់​ព្រះ ទុក​ជា​ការ​ដោះ​សារ​ក្នុង​ការ​គិត​ថា​ខ្លួន​ជា​អ្នក​សំខាន់​ជាង​អ្នក​ដទៃ​នោះ​ឡើយ។ ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះ​គុណ​ដែល​ទ្រង់​បាន​ផ្ដល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹង​ធឹង តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​និមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ»។ (រ៉ូម ១២:៣) ដូច្នេះ កាល​ដែល​យើង​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់ក្ដៅ​ពី​ព្រះ​វរ​បី​តា​សួគ៌ា​របស់​យើង​នោះ សូម​ឲ្យ​យើង​មាន​គំនិត​សម​ហេតុ​ផល​ហើយ​ចង​ចាំ​ថា​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ ជា​អ្វី​ដែល​យើង​មិន​សម​នឹង​ទទួល​ទៅ​វិញ​ទេ។—ប្រៀបធៀប លូកា ១៧:១០

២១. តើ​ការ​កំភូត​របស់​សាតាំង​ណា​ខ្លះ ដែល​យើង​ត្រូវ​តែ​ទប់ទល់​ជានិច្ច ហើយ​តើ​សេចក្ដី​ពិត​របស់​ព្រះ​មួយ​ណា​ដែល​យើង​ត្រូវ​តែ​ជញ្ជឹង​គិត​ជា​ដរាប​នោះ?

២១ សូម​ឲ្យ​យើង​ម្នាក់ៗខំ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​នឹង​ទប់ទល់​គំនិត​ទាំង​ឡាយ ដែល​សាតាំង​ផ្សព្វផ្សាយ​ក្នុង​លោកីយ៍​ដែល​កំពុង​តែ​អន់ថយ​ទៅ​នេះ។ នេះ​រួម​បញ្ចូល​ការ​បដិសេធ​គំនិត​អ្វីៗដែល​ថា​យើង​ជា​មនុស្ស​ឥត​មាន​តម្លៃ​ឬ​គ្មាន​អ្នក​ណា​ស្រឡាញ់​នោះ។ បើសិន​ជា​ជីវិត​នៅ​ក្នុង​ប្រព័ន្ធ​នេះ​បាន​បង្រៀន​អ្នក​ឲ្យ​ចាត់​ទុក​ខ្លួន​អ្នក ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​រុញរា សូម្បី​តែ​ដល់​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដ៏​ខ្លាំង​នោះ ឬ​ថា​ការ​ប្រព្រឹត្ត​ល្អ​របស់​អ្នក​ជា​ការ​មិន​សំខាន់​នោះ សូម្បី​តែ​ដល់​ព្រះ​នេត្រ​របស់​ទ្រង់​ដែល​ទត​ឃើញ​ទាំង​អស់​នោះ ឬ​ថា​អំពើ​បាប​របស់​អ្នក​ធំ​ដ៏​ក្រៃលែង សូម្បី​តែ​មរណភាព​នៃ​រាជបុត្រា​ដ៏​មាន​តម្លៃ​របស់​ព្រះ​ក៏​មិន​គ្រប​បាន​ផង នោះ​អ្នក​បាន​ត្រូវ​គេ​បង្រៀន​អំពី​ការ​ភូតភរ​ហើយ។ សូម​បដិសេធ​ការ​ភូតភរ​បែប​នេះ ដោយ​ស្អប់​ខ្ពើម​ទាំង​ស្រុង​ផង​ទៅ! សូម​ឲ្យ​យើង​ចង​ចាំ​ជានិច្ច​អំពី​ពាក្យ​របស់​សាវ័ក​ប៉ុល​នៅ​សៀវភៅ​រ៉ូម ៨:៣៨, ៣៩៖ «ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់​ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ​ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ»។

[កំណត់​សម្គាល់]

a តាម​ការ​ពិត ពួក​គេ​បាន​ចាត់​ទុក​មនុស្ស​ក្រីក្រ ដោយ​ប្រើ​ពាក្យ​ដ៏​មើលងាយ​ថា «ʽam-ha·ʼaʹrets» ឬ​«ប្រជាជន​នៅ​ក្នុង​ស្រុក​[ធូលីដី, ព.ថ.]»។ យោង​ទៅ​តាម​វិជ្ជាករ​ម្នាក់ ពួក​ផារីស៊ី​បាន​បង្រៀន​ថា បុគ្គល​ម្នាក់​មិន​គួរ​ទុក​ចិត្ត​មនុស្ស​ក្រីក្រ​នឹង​របស់​មាន​តម្លៃ ឬ​ទុក​ចិត្ត​នឹង​ភស្តុតាង ឬ​គួរ​មាន​គេ​ជា​ភ្ញៀវ ឬ​ជា​ភ្ញៀវ​របស់​គេ ព្រម​ទាំង​មិន​គួរ​ទិញ​អ្វី​ពី​ពួក​គេ​ឡើយ។ ពួក​មេ​ដឹក​នាំ​សាសនា​បាន​មាន​ប្រសាសន៍​ថា បើ​ឲ្យ​កូន​ស្រី​របស់​ខ្លួន​រៀប​ការ​នឹង​ពួក​មនុស្ស​ទាំង​នេះ គឺ​ហាក់បី​ដូច​ជា​ដាក់​បុគ្គល​ដែល​មិន​អាច​ការពារ​ខ្លួន​ទៅ​ឲ្យ​សត្វ​អញ្ចឹង។

តើ​អ្នក​គិត​យ៉ាង​ណា​ដែរ?

◻ ហេតុ​អ្វី​ក៏​សាតាំង​ខំ​ប្រឹង​ធ្វើ​ឲ្យ​យើង​ជឿ​ថា យើង​ជា​មនុស្ស​ឥត​មាន​តម្លៃ​និង​ឥត​មាន​អ្នក​ណា​ស្រឡាញ់​ដូច្នេះ?

◻ តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​ថា ព្រះ​យេហូវ៉ា​អបអរ​នឹង​យើង​ម្នាក់ៗយ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​អបអរ​យ៉ាង​ក្រៃលែង​នឹង​គុណសម្បត្ដិ​ដ៏​ល្អៗរបស់​យើង?

◻ តើ​យើង​អាច​ដឹង​ជា​ពិត​ប្រាកដ​យ៉ាង​ណា​បាន ថា​ព្រះ​យេហូវ៉ា​អបអរ​នឹង​ការ​ខំ​ខ្នះខ្នែង​របស់​យើង?

◻ តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗយ៉ាង​ណា​ដែរ?

[រូបភាព​នៅ​ទំព័រ​១៣]

ព្រះ​យេហូវ៉ា​ទ្រង់​ទត​ឃើញ​និង​ចង​ចាំ​ដល់​អស់​អ្នក​ដែល​គិត​អំពី​ព្រះ​នាម​របស់​ទ្រង់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក