បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១២ ទំ. ១៨-២៣
  • ការសន្ទនាពីរឿងខាងវិញ្ញាណពង្រឹងកម្លាំងចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសន្ទនាពីរឿងខាងវិញ្ញាណពង្រឹងកម្លាំងចិត្ត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង
  • ‹ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ជា​និច្ច​ចុះ!›
  • ចូរ​សន្ទនា​ពង្រឹង​កម្លាំង​ចិត្ត​គ្នា
  • ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ផ្ដល់​ផល​ប្រយោជន៍
  • លក្ខណៈពិសេសថ្មីដើម្បីចាប់ផ្ដើមការសន្ទនា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • របៀបប្រើការសន្ទនាគំរូ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ចូរមានអំណរក្នុងការចាប់ផ្ដើមការសន្ទនា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការសន្ទនាគំរូ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១២ ទំ. ១៨-២៣

ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ពង្រឹង​កម្លាំង​ចិត្ត

«មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ​ៗ សំរាប់​នឹង​ស្អាង​ចិត្ត[ឬ«ពង្រឹង​កម្លាំង​ចិត្ត», ព.ថ.]តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្ដល់​ព្រះ​គុណ​ដល់​អស់​អ្នក​ដែល​ស្ដាប់»។—អេភេសូរ ៤:២៩

១, ២. (ក) តើ​សមត្ថភាព​និយាយ​របស់​មនុស្សជាតិ​មាន​តម្លៃ​ប៉ុន​ណា? (ខ) តើ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ចង់​ប្រើ​សមត្ថភាព​និយាយ​យ៉ាង​ដូច​ម្ដេច?

លោក​លូដ្វិក ខឺឡឺ​ដែល​ជា​អ្នក​និពន្ធ​វចនានុក្រម បាន​សរសេរ​ថា៖ «សមត្ថភាព​និយាយ​របស់​មនុស្សជាតិ គឺ​ជា​អាថ៌​កំបាំង​មួយ ក៏​ជា​អំណោយ​មួយ​ពី​ព្រះ ហើយ​ក៏​ជា​អព្ភូតហេតុ​មួយ​ផង​ដែរ»។ ប្រហែល​ជា​យើង​មើល​ស្រាល​ដល់​អំណោយ​ថ្លៃ​វិសេស​នេះ​ដែល​ព្រះ​ប្រទាន​មក។ (យ៉ាកុប ១:១៧) ប៉ុន្តែ សូម​គិត​អំពី​ការ​បាត់​បង់​នូវ​អំណោយ​ថ្លៃ​ថ្លា​នេះ នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ធ្វើ​ឲ្យ​គាត់​គ្មាន​សមត្ថភាព​និយាយ​ច្បាស់​លាស់។ ស្ត្រី​ម្នាក់​ឈ្មោះ ចូន ដែល​ស្វាមី​របស់​គាត់​ទើប​តែ​មាន​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​ពេល​ថ្មី​ៗ​នេះ​ពន្យល់​ថា៖«យើង​ធ្លាប់​មាន​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​ប្រសើរ​មែន។ ខ្ញុំ​ស្រណោះ​ការ​សន្ទនា​ដែល​យើង​ធ្លាប់​មាន​ពេល​នោះ​ខ្លាំង​ណាស់!»។

២ ការ​សន្ទនា​អាច​ពង្រឹង​ចំណង​មិត្តភាព ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​គ្នា​ឡើង​វិញ លើក​ទឹក​ចិត្ត​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ពង្រឹង​ជំនឿ និង​បន្ថែម​អត្ថន័យ​នៃ​ជីវិត​ទៀត​ផង។ ប៉ុន្តែ ការ​សន្ទនា​ដូច​នេះ​មិន​មែន​ជា​ការ​ទទួល​ប្រយោជន៍​ដោយ​ស្វ័យ​ប្រវត្ដិ​នោះ​ទេ។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​នោះ​បាន​កត់​សម្គាល់​ថា៖ «មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ»។ (សុភាសិត ១២:១៨) ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា យើង​ចង់​ឲ្យ​ការ​សន្ទនា​របស់​យើង​ពង្រឹង​កម្លាំង​ចិត្ត​និង​មាន​អានុភាព​ដូច​ជា​ថ្នាំ​ផ្សះ​វិញ មិន​មែន​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ឬ​ធ្លាក់​ទឹក​ចិត្ត​នោះ​ទេ។ យើង​ក៏​ចង់​ប្រើ​សមត្ថភាព​និយាយ​របស់​យើង​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា ទាំង​ក្នុង​កិច្ច​បំរើ​ផ្សាយ​និង​ក្នុង​ការ​សន្ទនា​ផ្ទាល់​ខ្លួន​ដែរ។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា៖ «យើង​ខ្ញុំ​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះ​អង្គជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​នាម​របស់​ព្រះ​អង្គ​អស់​កល្ប​ជា​និច្ច»។—ទំនុក​តម្កើង[ទំនុក​ដំកើង] ៤៤:៩, ខ.ស.

៣, ៤. (ក) តើ​យើង​ទាំង​អស់​គ្នា​មាន​បញ្ហា​អ្វី ស្តី​អំពី​ពាក្យ​សំដី​របស់​យើង? (ខ) ហេតុ​អ្វី​ពាក្យ​សំដី​របស់​យើង​គឺ​សំខាន់?

៣ យ៉ាកុប​បាន​ព្រមាន​ថា៖ «ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ»។ គាត់​រំឭក​យើង​ថា៖ «យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយ​ៗ​ដែរ។ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប​កាយ​ទាំង​មូល​បាន​ដែរ»។ (យ៉ាកុប ៣:២, ៨) គ្មាន​យើង​ណា​ម្នាក់​គ្រប់​ល័ក្ខណ៍​ទេ។ ដូច្នេះ ទោះ​ជា​យើង​មាន​បំណង​ចិត្ត​ល្អ​បំផុត​ក៏​ដោយ សំដី​របស់​យើង​មិន​តែង​តែ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត ឬ​លើក​សរសើរ​អ្នក​បង្កើត​របស់​យើង​ទេ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សំដី​របស់​យើង។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ​សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ​សារ​តែ​ពាក្យ​សំដី​នោះ​ដែរ»។ (ម៉ាថាយ ១២:៣៦, ៣៧) ពិត​ណាស់ យើង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​ពិត ស្តី​អំពី​ពាក្យ​សំដី​របស់​យើង។

៤ វិធី​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ចៀស​វាង​ពី​ពាក្យ​សំដី​ដែល​មិន​លើក​ទឹក​ចិត្ត គឺ​ដោយ​ទម្លាប់​ខ្លួន​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ។ អត្ថបទ​នេះ​នឹង​ពន្យល់​របៀប​ដែល​យើង​អាច​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ និង​រឿង​ណា​ខ្លះ​ដែល​យើង​អាច​និយាយ​បាន ថែម​ទាំង​ផល​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពី​ពាក្យ​សំដី​ដែល​ពង្រឹង​កម្លាំង​ចិត្ត។

ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង

៥. ហេតុ​អ្វី​ចិត្ត​របស់​យើង​មាន​នាទី​សំខាន់​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​ការ​សន្ទនា​ដែល​ពង្រឹង​កម្លាំង​ចិត្ត?

៥ ដើម្បី​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​សន្ទនា​ណា​ដែល​ពង្រឹង​កម្លាំង​ចិត្ត​គ្នា មុន​ដំបូង​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា ពាក្យ​សំដី​របស់​យើង​បង្ហាញ​ពី​អ្វីដែល​នៅ​ក្នុង​ចិត្ត​យើង។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត»។ (ម៉ាថាយ ១២:៣៤) បើ​និយាយ​ឲ្យ​ស្រួល​យល់​វិញ យើង​ចូល​ចិត្ត​និយាយ​អំពី​អ្វី​ដែល​យើង​ចាត់​ទុក​ជា​សំខាន់។ ដូច្នេះ យើង​ត្រូវ​តែ​សួរ​ខ្លួន​ថា៖‹តើ​ការ​សន្ទនា​របស់​ខ្ញុំ​បង្ហាញ​យ៉ាង​ណា​អំពី​ចិត្ត​ខ្ញុំ? ពេល​ខ្ញុំ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ឬ​អ្នក​ជឿ​គ្នី​គ្នា តើ​ខ្ញុំ​ច្រើន​តែ​និយាយ​អំពី​រឿង​ខាង​វិញ្ញាណ ឬ​ក៏​តើ​ខ្ញុំ​ច្រើន​តែ​និយាយ​អំពី​កីឡា សំលៀក​បំពាក់ កុន ម្ហូប​អាហារ អ្វី​ដែល​ខ្ញុំ​ទើប​តែ​ទិញ ឬ​ក៏ រឿង​តូច​តាច​ណា​ផ្សេង​ទៀត?›។ ប្រហែល​ជា ដោយ​មិន​ដឹង​ខ្លួន យើង​បាន​ចាប់​ផ្ដើម​យក​រឿង​បន្ទាប់​បន្សំ​មក​ធ្វើ​ជា​អាទិភាព​ក្នុង​ជីវិត​យើង​វិញ។ ការ​ផ្លាស់​ប្ដូរ​អ្វី​ដែល​មាន​អាទិភាព​ចំពោះ​យើង នឹង​ធ្វើ​ឲ្យ​ការ​សន្ទនា​ថែម​ទាំង​ជីវិត​របស់​យើង​កាន់​តែ​ប្រសើរ​ថែម​ទៀត។—ភីលីព ១:១០

៦. តើ​ការ​រំពឹង​គិត​មាន​នាទី​អ្វី​ក្នុង​ការ​សន្ទនា​របស់​យើង?

៦ ការ​រំពឹង​គិត​ដោយ​មាន​គោល​ដៅ​ច្បាស់​លាស់​ជា​វិធី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្វី​ដែល​យើង​និយាយ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត។ បើ​យើង​ព្យាយាម​គិត​ពី​រឿង​ខាង​វិញ្ញាណ​នោះ យើង​នឹង​ឃើញ​ថា​ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ជា​អ្វី​ដែល​យើង​និយាយ​ជា​ធម្មតា។ ស្តេច​ដាវីឌ​បាន​យល់​ឃើញ​នូវ​ទំនាក់​ទំនង​រវាង​ការ​រំពឹង​គិត​និង​ការ​និយាយ។ ដាវីឌ​បាន​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា! . . . សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូល​បង្គំ នឹង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល​បង្គំ បាន​គួរ​គាប់​នៅ​ព្រះ​នេត្រ​ទ្រង់»។ (ទំនុក​ដំកើង ១៩:១៤) ហើយ​អេសាភ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​បាន​ពោល​ថា៖ «ទូល​បង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់[ព្រះ] ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន»។ (ទំនុក​ដំកើង ៧៧:១២) ការ​ផ្ដោត​ចិត្ត​គំនិត​ទៅ​លើ​សេចក្ដី​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ នឹង​ជំរុញ​ឲ្យ​ពោល​ឡើង​នូវ​ពាក្យ​សំដី​ជា​ច្រើន​ដែល​គួរ​ឲ្យ​សរសើរ​ជា​ស្វ័យប្រវត្ដិ។ យេរេមា​មិន​បាន​បិទ​មាត់​ខាន​និយាយ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​គាត់​នោះ​ទេ។ (យេរេមា ២០:៩) ដូច្នេះ យើង​ក៏​អាច​ដូច​គាត់​ដែរ បើ​យើង​រំពឹង​គិត​ជា​ទៀង​ទាត់​ពី​រឿង​ខាង​វិញ្ញាណ។—ធីម៉ូថេ​ទី​១ ៤:១៥

៧, ៨. តើ​មាន​រឿង​អ្វី​ខ្លះ ដែល​ល្អ​យក​មក​សន្ទនា​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​គ្នា?

៧ បើ​យើង​មាន​ទម្លាប់​ល្អ​សំរាប់​អ្វី​ៗ​ខាង​វិញ្ញាណ នេះ​ផ្ដល់​ឲ្យ​យើង​នូវ​រឿង​ជា​ច្រើន​សំរាប់​ការ​សន្ទនា​ដែល​ពង្រឹង​កម្លាំង​ចិត្ត។ (ភីលីព ៣:១៦) សន្និបាត មហា​សន្និបាត កិច្ច​ប្រជុំ​ក្រុម​ជំនុំ ប្រកាសនវត្ថុ​ថ្មី​ៗ បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​និង​ការ​ពន្យល់​នោះ ផ្ដល់​នូវ​ចំណុច​ល្អ​ៗ​ប្រៀប​ដូច​ជា​ទ្រព្យ​ថ្លៃ​វិសេស​ខាង​វិញ្ញាណ​ដែល​យើង​អាច​ចែក​ដល់​អ្នក​ឯ​ទៀត។ (ម៉ាថាយ ១៣:៥២) ហើយ​បទ​ពិសោធន៍​ពី​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ក៏​អាច​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ណាស់​ដែរ!

៨ ស្តេច​សាឡូម៉ូន​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ដើម​ឈើ សត្វ បក្សា​បក្សី និង​មច្ឆា​ជាតិ​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​ពី​គ្នា​ដែល​ទ្រង់​ឃើញ​នៅ​ទឹក​ដី​អ៊ីស្រាអែល។ (ពង្សាវតារ​ក្សត្រ​ទី​១ ៤:៣៣) ទ្រង់​ចូល​ចិត្ត​មាន​បន្ទូល​សន្ទនា​អំពី​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​បាន​ដែរ។ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ចូល​ចិត្ត​និយាយ​អំពី​រឿង​ជា​ច្រើន​យ៉ាង ប៉ុន្តែ ការ​សន្ទនា​របស់​មនុស្ស​ដែល​មាន​ភាព​ទន់​ទោរ​ទៅ​រក​អ្វី​ខាង​វិញ្ញាណ​តែង​តែ​រួម​បញ្ចូល​រឿង​ខាង​វិញ្ញាណ​ដែរ។—កូរិនថូស​ទី​១ ២:១៣

‹ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ជា​និច្ច​ចុះ!›

៩. តើ​ប៉ុល​ជូន​ឱវាទ​អ្វី​ដល់​បង​ប្អូន​នៅ​ទី​ក្រុង​ភីលីព?

៩ មិន​ថា​យើង​សន្ទនា​អំពី​រឿង​ណា​ក៏​ដោយ ការ​សន្ទនា​នោះ​នឹង​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត​បើ​សម​ស្រប​តាម​ឱវាទ​របស់​សាវ័ក​ប៉ុល​ដែល​ត្រូវ​ជូន​ចំពោះ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ភីលីព។ គាត់​បាន​សរសេរ​ថា៖«មួយ​ទៀត បង​ប្អូន​អើយ! ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ[«ជា​និច្ច», ព.ថ.]ចុះ!»។ (ភីលីព ៤:៨) អ្វី​ដែល​ប៉ុល​បាន​លើក​ឡើង​នោះ​គឺ​សំខាន់​ដល់​ម្ល៉េះ​ដែល​គាត់​ថា ‹ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ជា​និច្ច!›។ យើង​គួរ​ធ្វើ​ឲ្យ​ចិត្ត​និង​គំនិត​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ឱវាទ​ទាំង​នេះ។ សូម​យើង​ពិចារណា​នូវ​របៀប​ដែល​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​លក្ខណៈ​ទាំង​ប្រាំ​បី​យ៉ាង​ដែល​បាន​រៀប​រាប់​ដោយ​ប៉ុល អាច​ជួយ​យើង​ក្នុង​ការ​សន្ទនា។

១០. តើ​ការ​សន្ទនា​របស់​យើង​អាច​រួម​បញ្ចូល​អ្វី​ដែល​ពិត​យ៉ាង​ដូច​ម្ដេច?

១០ អ្វី​ដែល​ពិត នេះ​មិន​គ្រាន់​តែ​រួម​បញ្ចូល​ពត៌មាន​ដែល​ត្រឹម​ត្រូវ ឬ​មិន​ក្លែង​បន្លំ​នោះ​ទេ។ ក៏​សំដៅ​ទៅ​លើ​អ្វី​ដែល​ទៀង​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ត ដូច​ជា​សេចក្ដី​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ដូច្នេះ នៅ​ពេល​យើង​និយាយ​អំពី​សេចក្ដី​ពិត​ណា​មួយ​ក្នុង​ព្រះ​គម្ពីរ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ស្ងើច​ចិត្ត ឬ​សុន្ទរកថា​មួយ​ដែល​បាន​លើក​ទឹក​ចិត្ត​យើង ឬ​មួយ​ក៏​ឱវាទ​ពី​បទ​គម្ពីរ​ដែល​បាន​ជួយ​យើង នេះ​ហើយ​ជា​អ្វី​ដែល​យើង​កំពុង​តែ​ពិចារណា​សេចក្ដី​ដែល​ពិត។ ផ្ទុយ​ទៅ​វិញ យើង​បដិសេធ​នូវ«សេចក្ដី​ដែល​ក្លែង​ហៅ​ថា ចំណេះ​វិជ្ជា»ដែល​គ្រាន់​តែ​មាន​ទំនង​ដូច​ជា​សេចក្ដីពិត​ប៉ុណ្ណោះ។ (ធីម៉ូថេ​ទី​១ ៦:២០) ហើយ​យើង​ក៏​មិន​និយាយ​ដើម​ពី​អ្នក​ណា ឬ​រៀប​រាប់​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​សង្ស័យ​ដែល​មក​ពី​ប្រភព​មិន​អាច​យក​ជា​ការ​បាន​ទេ។

១១. តើ​យើង​អាច​សន្ទនា​អំពី​អ្វី​ស្តី​ពី​រឿង​ដែល​គួរ​រាប់​អាន​នោះ?

១១ សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សំដៅ​ទៅ​លើ​រឿង​ណា​ដែល​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​និង​ក៏​មាន​សារៈ​សំខាន់ ដែល​មិន​រួម​បញ្ចូល​រឿង​តូច​តាច​ទេ។ នេះ​រួម​បញ្ចូល​រឿង​សំខាន់​ៗ​ទាក់​ទង​នឹង​កិច្ច​បំរើ​របស់​យើង គ្រា​លំបាក​ដែល​យើង​កំពុង​តែ​រស់​នៅ​ពេល​នេះ និង​ភាព​ចាំ​បាច់​នៃ​ការ​រក្សា​ឲ្យ​មាន​កិរិយា​ដ៏​ល្អ​ប្រសើរ។ នៅ​ពេល​យើង​ពិគ្រោះ​គ្នា​អំពី​រឿង​បែប​នេះ យើង​ពង្រឹង​ការ​តាំង​ចិត្ត​ចំពោះ​គ្នា​និង​គ្នា​ឲ្យ​នៅ​ចាំ​យាម​ខាង​វិញ្ញាណ ហើយ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ និង​បន្ត​ផ្សាយ​ដំណឹង​ល្អ។ បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង និង​ព្រឹត្ដិការណ៍​ថ្មី​ៗ​ដែល​រំឭក​យើង​ថា យើង​កំពុង​តែ​រស់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ក៏​ផ្ដល់​ពត៌មាន​ល្អ​ៗ​សំរាប់​ការ​សន្ទនា​ដែល​លើក​ទឹក​ចិត្ត។—កិច្ច​ការ ១៤:២៧; ធីម៉ូថេ​ទី​២ ៣:១​-​៥

១២. ដោយ​គិត​ពី​ឱវាទ​របស់​ប៉ុល​ដែល​ឲ្យ​យើង​ពិចារណា​នូវ​អ្វី​ដ៏​សុចរិត​និង​បរិសុទ្ធ តើ​យើង​គួរ​ជៀស​ពី​អ្វី​ខ្លះ?

១២ ពាក្យ​ថា សុចរិត សំដៅ​ទៅ​លើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈរបស់​ព្រះ និង​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ទ្រង់។ បរិសុទ្ធ សំដៅ​ទៅ​លើ​វិសុទ្ធ​ភាព​ខាង​គំនិត​និង​កិរិយា​ប្រព្រឹត្ត។ ការ​និយាយ​បង្កាច់​បង្ខូច​គេ ការ​ប្រាប់​រឿង​កំប្លែង​ដ៏​អាស​អាភាស ឬ​ការ​និយាយ​បញ្ឆិត​បញ្ឆៀង​អំពី​រឿង​ឥត​សីលធម៌ ជា​អ្វី​ដែល​មិន​សម​ទាល់​តែ​សោះ។ (អេភេសូរ ៥:៣; កូល៉ុស ៣:៨) នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន ជន​គ្រីស្ទាន​នឹង​ធ្វើ​អ្វី​ដែល​ប្រកប​ដោយ​ប្រាជ្ញា គឺ​ពួក​គេ​នឹង​ដក​ខ្លួន​ចេញ​ពី​ចំណោម​មនុស្ស​ដែល​ចាប់​ផ្ដើម​និយាយ​ដូច្នេះ។

១៣. សូម​លើក​ឧទាហរណ៍​ខ្លះ អំពី​កិច្ច​សន្ទនា​ដែល​មាន​មូលដ្ឋាន​លើ​អ្វី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​និង​មាន​ឈ្មោះ​ល្អ។

១៣ នៅ​ពេល​ដែល​ប៉ុល​ជូន​ឱវាទ​ឲ្យ​យើង​ពិចារណា​នូវ​សេចក្ដី​ដែល​គួរ​ស្រឡាញ់ គាត់​សំដៅ​ទៅ​លើ​រឿង​ណា​ដែល​គួរ​ឲ្យ​ចូល​ចិត្ត​និង​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ មិន​មែន​រឿង​ដែល​នាំ​ឲ្យ​ស្អប់​គ្នា តូច​ចិត្ត​ឬ​ទាស់​ទែង​គ្នា​ឡើយ។ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ សំដៅ​ទៅ​លើ​ពត៌មាន​ដែល​គួរ​ជឿ​ទុក​ចិត្ត​បាន ហើយ​ត្រូវ​គេ​ទទួល​ស្គាល់​ទូទៅ​ថា ល្អ​ត្រឹម​ត្រូវ។ សេចក្ដី​ដែល​ត្រូវ​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ថា នេះ​ពិត​ជា​អ្វី​ល្អ​ត្រឹម​ត្រូវ​មែន រួម​បញ្ចូល​ជីវប្រវត្ដិ​បង​ប្អូន​ស្មោះ​ភក្ដី​ដែល​មាន​ជា​ទៀង​ទាត់​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! អញ្ជើញ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គំនិត​របស់​អ្នក ក្រោយ​ពី​អាន​អត្ថបទ​ដែល​ពង្រឹង​ជំនឿ​ទាំង​នេះ។ ហើយ​ការ​ស្ដាប់​អំពី​សមិទ្ធផល​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត​ក៏​លើក​ទឹក​ចិត្ត​យើង​ដែរ! ការ​សន្ទនា​បែប​នេះ​នឹង​ពង្រឹង​សេចក្ដី​ស្រឡាញ់​ហើយ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។

១៤. (ក) តើ​ការ​បង្ហាញ​សគុណ តម្រូវ​ឲ្យ​យើង​ប្រព្រឹត្ត​យ៉ាង​ណា? (ខ) តើ​មាន​រឿង​អ្វី​ខ្លះ​ដ៏​គួរ​ឲ្យ​សរសើរ​ដែល​យើង​អាច​និយាយ​បាន?

១៤ ប៉ុល​ក៏​បាន​និយាយ​អំពី «បើ​មាន​សគុណ»ដែរ។ សគុណ​សំដៅ​ទៅ​លើ​សេចក្ដី​ល្អ​ឬ​ភាព​ប្រសើរ​ខាង​សីលធម៌។ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពាក្យ​សំដី​របស់​យើង​ឲ្យ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​បទ​គម្ពីរ និង​មិន​ឃ្លាត​ចាក​អ្វី​ដែល​សុចរិត អ្វី​ដែល​បរិសុទ្ធ និង​សគុណ​ទេ។ ប៉ុល​ក៏​បាន​រៀប​រាប់​អំពី​សេចក្ដី​សរសើរ​ដែរ។ បើ​អ្នក​ស្ដាប់​សុន្ទរកថា​មួយ​ដ៏​ល្អ ឬ​ក៏​បាន​កត់​សម្គាល់​នូវ​គំរូ​របស់​បង​ប្អូន​ដ៏​ស្មោះ​ភក្ដី​ក្នុង​ក្រុម​ជំនុំ ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​ចុះ! គឺ​ប្រាប់​ទាំង​អ្នក​ដែល​បាន​ថ្លែង​សុន្ទរកថា​ឬ​អ្នក​ដែល​ទុក​ជា​គំរូ​ដ៏​ល្អ​នោះ និង​មនុស្ស​ឯ​ទៀត​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​សរសើរ​ជា​ញឹក​ញយ​អំពី​គុណ​សម្បត្ដិ​របស់​អ្នក​ជឿ​គ្នី​គ្នា។ (រ៉ូម ១៦:១២; ភីលីព ២:១៩​-​២២; ភីលេម៉ូន ៤​-​៧) ហើយ​ស្នា​ព្រះ​ហស្ត​របស់​អ្នក​បង្កើត​របស់​យើង ក៏​ជា​អ្វី​ដែល​ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន។ ស្នា​ព្រះ​ហស្ត​របស់​អ្នក​បង្កើត​សំបូរ​ទៅ​ដោយ​រឿង​ដែល​យើង​អាច​សន្ទនា​ពង្រឹង​កម្លាំង​ចិត្ត​គ្នា។—សុភាសិត ៦:៦​-​៨; ២០:១២; ២៦:២

ចូរ​សន្ទនា​ពង្រឹង​កម្លាំង​ចិត្ត​គ្នា

១៥. តើ​បទ​គម្ពីរ​មាន​សេចក្ដី​បង្គាប់​អ្វី​ដែល​តម្រូវ​ឲ្យ​មាតា​បិតា​សន្ទនា​យ៉ាង​មាន​ខ្លឹម​សារ​ជា​កូន​របស់​ខ្លួន?

១៥ ចោទិយកថា ៦:៦, ៧ ចែង​ថា៖«សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ! ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង​ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង»។ គឺ​ច្បាស់​ហើយ សេចក្ដី​បង្គាប់​នេះ​តម្រូវ​ឲ្យ​មាតា​បិតា​ទាំង​ឡាយ​សន្ទនា​យ៉ាង​មាន​ខ្លឹម​សារ​អំពី​រឿង​ខាង​វិញ្ញាណ​ជា​មួយ​កូន​របស់​ខ្លួន។

១៦, ១៧. តើ​មាតា​បិតា​គ្រីស្ទាន​អាច​រៀន​អ្វី​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​អ័ប្រាហាំ?

១៦ យើង​អាច​គិត​ក្នុង​ចិត្ត​អំពី​កិច្ច​សន្ទនា​ដ៏​យូរ​អង្វែង​របស់​ព្រះ​យេស៊ូ​ដែល​ធ្លាប់​មាន​ជា​មួយ​ព្រះ​វរបិតា​ទ្រង់​នៅ​ស្ថាន​សួគ៌ ពេល​នោះ​ទ្រង់​បាន​ពិភាក្សា​ពី​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា៖ «ព្រះ​វរបិតា​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ»។ (យ៉ូហាន ១២:៤៩; ចោទិយកថា ១៨:១៨) លោក​អ័ប្រាហាំ​ច្បាស់​ជា​បាន​ចំណាយ​រាប់​ម៉ោង​ក្នុង​ការ​និយាយ​ជា​មួយ​អ៊ីសាក​ជា​កូន​ប្រុស​របស់​គាត់ អំពី​របៀប​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​ពួក​គេ​និង​បុព្វ​បុរស​របស់​ពួក​គេ។ ការ​សន្ទនា​ទាំង​នេះ​ច្បាស់​ជា​បាន​ជួយ​ទាំង​ព្រះ​យេស៊ូ​និង​អ៊ីសាក​ឲ្យ​ចុះ​ចូល​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។—លោកុប្បត្តិ ២២:៧​-​៩; ម៉ាថាយ ២៦:៣៩

១៧ កូន​របស់​យើង​ក៏​ត្រូវ​ការ​នូវ​ការ​សន្ទនា​ពង្រឹង​កម្លាំង​ចិត្ត​ដែរ។ ទោះ​ជា​មាតា​បិតា​រវល់​ក៏​ដោយ ពួក​គាត់​ត្រូវ​តែ​ឆ្លៀត​ពេល​ដើម្បី​និយាយ​ជា​មួយ​កូន​ខ្លួន។ បើ​អាច​ធ្វើ​ទៅ​បាន សូម​ឆ្លៀត​ពេល​បរិភោគ​ជា​មួយ​គ្នា​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​កំឡុង​ពេល​ឬ​ក្រោយ​ពេល​បរិភោគ​ជា​មួយ​គ្នា​នោះ មាតា​បិតា​នឹង​មាន​ឱកាស​ដើម្បី​សន្ទនា​ពង្រឹង​កម្លាំង​ចិត្ត​បង្កើន​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ក្រុម​គ្រួសារ។

១៨. សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​ពី​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រស្រ័យ​ទាក់​ទង​ឲ្យ​បាន​ល្អ​រវាង​មាតា​បិតា​និង​កូន។

១៨ បុរស​ម្នាក់​ឈ្មោះ​អាឡេហានត្រូ ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញពេល​ស្ថិត​ក្នុង​អាយុ​២០​ឆ្នាំ​ជាង គាត់​នឹក​ចាំ​ពី​ការ​សង្ស័យ​ដែល​គាត់​ធ្លាប់​មាន​ពេល​អាយុ​១៤​ឆ្នាំ។ គាត់​រៀប​រាប់​ថា៖«ដោយ​ទទួល​អានុភាព​ពី​សិស្ស​រួម​ថ្នាក់​និង​លោក​គ្រូ​អ្នក​គ្រូ ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំនិត​សង្ស័យ​ថា តើ​មាន​ព្រះ​មែន​ទេ? ឬ​តើ​ព្រះ​គម្ពីរ​ជា​សេចក្ដី​ពិត​មែន​ទេ? មាតា​បិតា​របស់​ខ្ញុំ​ធ្លាប់​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​វែក​ញែក​យ៉ាង​អត់​ធ្មត់​ជា​មួយ​ខ្ញុំ។ ការ​សន្ទនា​ទាំង​នេះ​មិន​គ្រាន់​តែ​បាន​ជួយ​ខ្ញុំ​បំបាត់​ការ​សង្ស័យ​ក្នុង​គ្រា​ដ៏​ពិបាក​នេះ តែ​ក៏​បាន​ជួយ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ជីវិត»។ ចុះ​ឥឡូវ​នេះ? អាឡេហានត្រូ​និយាយ​បន្ត​ថា៖«ខ្ញុំ​នៅ​តែ​រស់​នៅ​ផ្ទះ​ជា​មួយ​ឪពុក​ម្ដាយ​នៅ​ឡើយ។ ប៉ុន្តែ ការ​រវល់​របស់​យើង​ធ្វើ​ឲ្យ​ពិបាក​រក​ពេល​និយាយ​តែ​ពីរ​នាក់​ឪពុក​ខ្ញុំ។ ដូច្នេះ មួយ​សប្ដាហ៍​មួយ​ដង​យើង​បរិភោគ​ជា​មួយ​គ្នា​នៅ​កន្លែង​គាត់​ធ្វើ​ការ។ ការ​សន្ទនា​ទាំង​នេះ​មាន​តម្លៃ​វិសេស​ចំពោះ​ខ្ញុំ»។

១៩. ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​នូវ​ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ?

១៩ ឱកាស​សន្ទនា​ដែល​មាន​ផល​ប្រយោជន៍​អំពី​រឿង​ខាង​វិញ្ញាណ​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា​ជា​អ្វី​ដែល​មាន​តម្លៃ​ពិសេស​ចំពោះ​យើង មែន​ទេ? យើង​មាន​ឱកាស​ធ្វើ​ដូច្នេះ​នៅ​កិច្ច​ប្រជុំ នៅ​ពេល​ផ្សព្វ​ផ្សាយ ហើយ​នៅ​ពេល​ជប់​លៀង និង​នៅ​ពេល​ធ្វើ​ដំណើរ។ ប៉ុល​បាន​រង់​ចាំ​ដោយ​ចិត្ត​រំភើប ចំពោះ​ពេល​ដែល​គាត់​អាច​និយាយ​ជា​មួយ​បណ្ដា​គ្រីស្ទាន​នៅ​ទី​ក្រុង​រ៉ូម។ គាត់​បាន​សរសេរ​ថា៖«ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី . . . យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​សារ​សេចក្ដី​ជំនឿ​របស់​យើង​និមួយ​ៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង»។ (រ៉ូម ១:១១, ១២) បង​ប្រុស​យ៉ូហានេស​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​មួយ បាន​កត់​សម្គាល់​ថា៖«ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ​បាច់​មួយ។ នោះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់​ក្ដៅ​និង​ធ្វើ​ឲ្យ​បន្ទុក​ដែល​យើង​មាន​ប្រចាំ​ថ្ងៃ​ហាក់​ដូច​ជា​ស្រាល​ជាង។ ជា​ញឹក​ញយ​ខ្ញុំ​សុំ​អ្នក​វ័យ​ចាស់​ប្រាប់​ខ្ញុំ​អំពី​ជីវប្រវត្ដិ​របស់​ពួក​គាត់ និង​អ្វី​ដែល​ជួយ​ពួក​គាត់​ឲ្យ​នៅ​ស្មោះ​ភក្ដី។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​និយាយ​ជា​មួយ​ពួក​គាត់​ជា​ច្រើន​នាក់ ហើយ​ពួក​គាត់​ម្នាក់​ៗ​បាន​ផ្ដល់​ប្រាជ្ញា​ឬ​ការ​បំភ្លឺ​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ជ្រាល​ជ្រៅ​ជាង»។

២០. តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​និយាយ​ជា​មួយ​អ្នក​ដែល​អៀន?

២០ ចុះ​បើ​អ្នក​ណា​ម្នាក់​មិន​តប​ឆ្លើយ​ពេល​អ្នក​ចាប់​ផ្ដើម​និយាយ​ពី​រឿង​ខាង​វិញ្ញាណ? កុំ​អស់​សង្ឃឹម​ឡើយ! ប្រហែល​ជា​អ្នក​អាច​ចាំ​ទាល់​តែ​មាន​ឱកាស​ល្អ​ជាង​នៅ​ពេល​ក្រោយ​មក។ សាឡូម៉ូន​បាន​កត់​សម្គាល់​ថា៖«ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់»។ (សុភាសិត ២៥:១១) ចូរ​យោគ​យល់​ចំពោះ​អ្នក​ដែល​អៀន។ «សេចក្ដី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្ដូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន»។a (សុភាសិត ២០:៥) សំខាន់​បំផុត កុំ​ឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ឯ​ទៀត​រា​រាំង​អ្នក​ពី​ការ​និយាយ​អំពី​អ្វី​ដែល​បាន​លើក​ទឹក​ចិត្ត​អ្នក។

ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ផ្ដល់​ផល​ប្រយោជន៍

២១, ២២. តើ​ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​យើង?

២១ ប៉ុល​បាន​ជូន​យោបល់​ថា៖«មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ​ៗ សំរាប់​នឹង​ស្អាង​ចិត្ត[ឬ«ពង្រឹង​កម្លាំង​ចិត្ត», ព.ថ.]តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្ដល់​ព្រះ​គុណ​ដល់​អស់​អ្នក​ដែល​ស្ដាប់»។ (អេភេសូរ ៤:២៩; រ៉ូម ១០:១០) ប្រហែល​ជា​ត្រូវ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ការ​សន្ទនា​របស់​យើង​ផ្ដោត​លើ​រឿង​ខាង​វិញ្ញាណ ការ​ធ្វើ​បែប​នេះ​គឺ​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​មែន។ ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​ផ្ដល់​ឱកាស​ប្រាប់​អ្នក​ដទៃ​ពី​ជំនឿ​យើង ហើយ​ពង្រឹង​ចំណង​មិត្តភាព​ក្នុង​ភាតរភាព​យើង​ផង​ដែរ។

២២ ដូច្នេះ ចូរ​យើង​ប្រើ​អំណោយ​ជា​សមត្ថភាព​និយាយ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​និង​សរសើរ​ព្រះ។ ការ​សន្ទនា​បែប​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត ហើយ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ សំខាន់​បំផុត ការ​សន្ទនា​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សប្បាយ ដោយ​ព្រោះ​ទ្រង់​ស្ដាប់​នូវ​ការ​សន្ទនា​របស់​យើង ហើយ​ទ្រង់​ក៏​រីក​រាយ​ពេល​យើង​ប្រើ​សមត្ថភាព​និយាយ​យ៉ាង​ត្រឹម​ត្រូវ។ (ទំនុក​ដំកើង ១៣៩:៤; សុភាសិត ២៧:១១) នៅ​ពេល​យើង​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​យើង​ទេ។ ព្រះ​គម្ពីរ​ចែង​អំពី​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង​នេះ​ថា៖ «គ្រា​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រុង​ស្ដាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ​យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់»។ (ម៉ាឡាគី ៣:១៦; ៤:៥) គឺ​សំខាន់​ណាស់​ដែល​ការ​សន្ទនា​របស់​យើង​ជួយ​ពង្រឹង​ភាព​ខាង​វិញ្ញាណ​គ្នា​ទៅ​វិញ​ទៅ​មក!

[កំណត់​សម្គាល់]

a អណ្ដូង​ខ្លះ​នៅ​ស្រុក​អ៊ីស្រាអែល​គឺ​ជ្រៅ​ណាស់។ នៅ​ទី​ក្រុង​គីបៀន អ្នក​បុរាណ​វត្ថុ​វិទ្យា​បាន​រក​ឃើញ​នូវ​ស្រះ​អណ្ដូង​មួយ​ដែល​មាន​ជំរៅ​២៥​ម៉ែត្រ។ អណ្ដូង​នោះ​មាន​ជណ្ដើរ​ដើម្បី​ឲ្យ​មនុស្ស​អាច​ចុះ​ទៅ​ក្រោម​ដង​ទឹក​បាន។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​កិច្ច​សន្ទនា​របស់​យើង​បង្ហាញ​យ៉ាង​ណា​អំពី​យើង?

• តើ​យើង​អាច​និយាយ​អំពី​រឿង​អ្វី​ខ្លះ​ដែល​ពង្រឹង​កម្លាំង​ចិត្ត?

• ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ តើ​ការ​សន្ទនា មាន​នាទី​សំខាន់​អ្វី?

• តើ​ការ​សន្ទនា​ដែល​ពង្រឹង​កម្លាំង​ចិត្ត​ផ្ដល់​ផល​ប្រយោជន៍​អ្វី?

[រូប​ភាព​នៅ​ទំព័រ​២០]

៣កិច្ច​សន្ទនា​ដែល​ពង្រឹង​កម្លាំង​ចិត្ត មាន​មូលដ្ឋាន​ទៅ​លើ . . .

«សេចក្ដី​ណា​ដែល​ពិត»

«សេចក្ដី​ណា​ដែល​គួរ​រាប់​អាន»

«សេចក្ដី​សរសើរ»

«សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ»

[អ្នក​ផ្ដល់​សិទ្ធិ]

Video cover, Stalin: U.S. Army photo; Creator book cover, Eagle Nebula: J. Hester and P. Scowen (AZ State Univ.), NASA

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក