បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១ ទំ. ១៣-១៧
  • «ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លក្ខណៈ​ផ្សេងៗ​នៃ​សេចក្ដី​ស្រឡាញ់
  • ‹ព្រះ​ទ្រង់​បង្រៀន​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញទៅមក›
  • តើ​អ្នក​ចាំបាច់​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង»​ទេ?
  • ចូរ​បើកចិត្ត​របស់​អ្នក​ឡើង
  • ‹ឯង​ជា​ទី​ពេញចិត្ត​អញ​ណាស់!›
  • ​«ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ»
  • ចូរបង្កើនមនោសញ្ចេតនាដ៏ជ្រាលជ្រៅជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ដើម្បី​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍៖ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់
    ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • «ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នាឲ្យអស់ពីចិត្ដ»
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១ ទំ. ១៣-១៧

​«ចូរ​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក»

«ចូរ​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​ទុក​ដូចជា​បងប្អូន​បង្កើត»។—រ៉ូម ១២:១០, ខ.ស.

១, ២​. តើ​សាវ័ក​ប៉ុល​ក៏​ដូច​ជា​បង​ប្រុស​ម្នាក់​ដែល​បំរើ​ជា​សាសនទូត​នៅ​សម័យ​នេះ មាន​ចំណង​មិត្តភាព​បែបណា​ជាមួយ​នឹង​បងប្អូន​ខាង​វិញ្ញាណ?

ដាន់​បំរើ​ជា​សាសនទូត​អស់​៤៣​ឆ្នាំ​នៅ​អាស៊ី ហើយ​ត្រូវ​គេ​ស្គាល់​ជា​មនុស្ស​ដែល​បង្ហាញ​ភាព​កក់ក្ដៅ​ដល់​អស់​អ្នក​ដែល​គាត់​បំរើ។ កាល​ដែល​គាត់​កំពុង​ស៊ូទ្រាំ​នឹង​ជំងឺ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ស្លាប់ នោះ​សិស្ស​ព្រះគម្ពីរ​ខ្លះ​ដែល​គាត់​ធ្លាប់​សិក្សា​ជាមួយ​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ​ដើម្បី​មក​ជំរាប​គាត់​ថា​៖ «ខាមសាហាមនីដា ខាមសាហាមនីដា!» ដែល​ភាសា​កូរ៉េ​មាន​ន័យ​ថា «យើង​សូម​អរគុណ យើង​សូម​អរគុណ!»។ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​បង​ដាន់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​នោះ​បាន​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួកគេ។

២ ឧទាហរណ៍​ដូចនេះ​គឺ​មាន​ជា​ច្រើន។ នៅ​សតវត្សរ៍​ទីមួយ សាវ័ក​ប៉ុល​បាន​សម្ដែង​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អស់​អ្នក​ដែល​គាត់​ស្រឡាញ់។ ប៉ុល​បាន​ធ្វើ​ពលិកម្ម​ជា​ច្រើន​មែន។ ទោះ​ជា​ប៉ុល​ជា​មនុស្ស​ដែល​មាន​ជំនឿ​មោះមុត​ក៏​ដោយ ក៏​គាត់​ជា​មនុស្ស​សុភាព​ហើយ​ចេះ​បីបាច់​ថែរក្សា​បងប្អូន​«ដូច​ជា​ម្ដាយ​ថ្នម​កូន​ដែល​កំពុង​នៅ​បៅ»។ គាត់​បាន​សរសេរ​ជូន​បងប្អូន​នៅ​ក្រុង​ថែស្សាឡូនីច​ថា​៖ «យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នករាល់​គ្នា​ដល់​ម្ល៉េះ​បាន​ជា​យើង​ខ្ញុំ​ចូលចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ​មក​អ្នករាល់គ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​ចូលចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នករាល់គ្នា​បាន​ត្រឡប់​ជា​ស្ងួនភ្ងា​ដល់​យើង​ខ្ញុំ»។ (ថែស្សាឡូនីចទី១ ២:៧, ៨) ក្រោយ​មក នៅ​ពេល​ដែល​ប៉ុល​បាន​ប្រាប់​បងប្អូន​នៅ​ក្រុង​អេភេសូរ ថា​ពួកគេ​នឹង​មិន​ឃើញ​គាត់​ម្ដង​ទៀត​ទេ​«គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និតថ្នម»។ (កិច្ចការ ២០:២៥, ៣៧) យ៉ាង​ច្បាស់ណាស់ ប៉ុល​និង​គ្រីស្ទាន​គ្នីគ្នា​មាន​ចំណង​មិត្តភាព​ជិតស្និទ្ធ មិន​មែន​គ្រាន់​តែ​ដោយសារ​តែ​ពួកគេ​មាន​ជំនឿ​ដូចគ្នា​នោះ​ទេ។ ហើយ​ពួកគេ​ស្រឡាញ់​រាប់អានគ្នា​យ៉ាង​ខ្លាំង​ទៀត​ផង។

លក្ខណៈ​ផ្សេងៗ​នៃ​សេចក្ដី​ស្រឡាញ់

៣​. តើ​គុណសម្បត្ដិ​ណា​ខ្លះ​របស់​ព្រះ​ដែល​ទាក់ទង​នឹង​សេចក្ដី​ស្រឡាញ់?

៣ នៅ​ក្នុង​បទគម្ពីរ ចិត្ត​អាណិតអាសូរ និង​ចិត្ត​ទន់​សន្ដោស​ឬ​សន្ដោស​ប្រណី​គឺ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិតរមួត​នឹង​សេចក្ដី​ស្រឡាញ់ ដែល​ជា​គុណសម្បត្ដិ​គ្រីស្ទាន​ដ៏​ប្រសើរ​បំផុត។ (ពេត្រុសទី១ ៣:៨) គុណសម្បត្ដិ​ទាំង​នេះ​របស់​ព្រះ​ជួយ​ជន​គ្រីស្ទាន​ឲ្យ​មាន​ចំណង​មិត្តភាព​ជិតស្និទ្ធ ហើយ​ក៏​នាំ​ឲ្យ​ពួកគេ​ចូល​ទៅ​កាន់​តែ​ជិត​នឹង​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​ដែរ។ ហេតុ​ដូច្នេះ​ហើយ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​អ្នក​ជឿ​គ្នីគ្នា​ថា​៖ «ចូរ​មាន​ចិត្ត​ស្រឡាញ់​ដោយ​ឥត​លាក់ពុត​ឡើយ។ . . . ចូរ​ស្រឡាញ់​រាប់អានគ្នា​ទៅវិញទៅមក​ទុក​ដូច​ជា​បងប្អូន​បង្កើត»។—រ៉ូម ១២:៩, ១០ ខ.ស.

៤​. តើ​ពាក្យ​ថា‹សេចក្ដី​ស្រឡាញ់​រាប់អាន​គ្នា›រួម​បញ្ចូល​អ្វី​ខ្លះ?

៤ ពាក្យ​ក្រិច​ដែល​ប៉ុល​បាន​ប្រើ​នេះ​គឺ‹សេចក្ដី​ស្រឡាញ់​រាប់អាន›មាន​ពីរ​ផ្នែក។ ផ្នែក​ទី​មួយ​មាន​ន័យ​ទាក់ទង​នឹង​មិត្តភាព និង​ផ្នែក​ទីពីរ​គឺ​សំដៅ​ទៅ​អារម្មណ៍​កក់ក្ដៅ​ដែល​មនុស្ស​សម្ដែង​ជា​ទូទៅ។ អ្នកប្រាជ្ញ​ខាង​ព្រះគម្ពីរ​ម្នាក់​ពន្យល់​ថា ពាក្យ​នេះ​បាន​ន័យ​ថា ជន​គ្រីស្ទាន​«ត្រូវ​សម្គាល់​ដោយ​ចិត្ត​ភក្ដី​ដែល​មាន​ដូច​ក្នុង​ក្រុម​គ្រួសារ​ដែល​ពោរពេញ​ដោយ​ការ​គាំទ្រ​គ្នា​ថែម​ទាំង​មាន​ភាព​ជិតស្និទ្ធ​ហើយ​ចេះ​ស្រឡាញ់​គ្នា»។ តើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​បងប្អូន​ប្រុស​ស្រី​គ្រីស្ទាន​របស់​អ្នក​ទេ? ក្រុមជំនុំ​គ្រីស្ទាន​គួរ​មាន​បរិយាកាស​កក់ក្ដៅ​ដោយ​ភាតរភាព​គ្រីស្ទាន។ (កាឡាទី ៦:១០) ហេតុ​នេះ​ហើយ គម្ពីរ​សញ្ញា​ថ្មី​ក្នុង​ភាសា​អង់គ្លេស​ទំនើប ដែល​និពន្ធ​ដោយ​លោក​ភីលីព​បាន​បកស្រាយ​រ៉ូម ១២:១០​ថា​៖ «សូម​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់​កក់ក្ដៅ​ដ៏​ស្មោះ​ទុក​ដូចជា​បងប្អូន»។ ហើយ​ព្រះគម្ពីរ​បរិសុទ្ធ ចែង​ថា​៖ «ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅវិញទៅមក​ចុះ!»។ ពិតមែន ជន​គ្រីស្ទាន​ស្រឡាញ់​គ្នា​ទៅវិញទៅមក មិនមែន​ដោយសារ​ការ​ធ្វើ​បែប​នេះ​ជា​អ្វី​ដែល​ត្រឹមត្រូវ ឬ​ជា​ភារកិច្ច​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​ទេ។ គប្បី​ឲ្យ​យើង​មាន​«សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ឥត​ពុត​មាយា»​ហើយ​«ស្រឡាញ់​គ្នា​ទៅវិញទៅមក​ជា​យ៉ាង​ខ្លាំង​ដោយ​ចិត្ត​ដ៏​ស្អាត»។—ពេត្រុសទី១ ១:២២

‹ព្រះ​ទ្រង់​បង្រៀន​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញទៅមក›

៥, ៦​. (ក) តាមរយៈ​មហាសន្និបាត​អន្តរជាតិ តើ​ព្រះយេហូវ៉ា​បាន​បង្រៀន​រាស្ត្រ​របស់​ទ្រង់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​យ៉ាង​ដូចម្ដេច? (ខ) តើ​តាម​របៀបណា​ដែល​បងប្អូន​គ្រីស្ទាន​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិតស្និទ្ធ​ឡើងៗ​ក្នុង​តែ​មួយ​រយៈ​នោះ?

៥ ទោះ​ជា​«សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន»​ក្នុង​លោកីយ៍​នេះ​បាន​រសាយ​អស់​ទៅ​ក៏​ពិត​មែន តែ​ព្រះយេហូវ៉ា​កំពុង​តែ​បង្រៀន​រាស្ត្រ​របស់​ទ្រង់​នៅ​សម័យ​នេះ​ឲ្យ​«ស្រឡាញ់​គ្នា​ទៅវិញទៅមក»។ (ម៉ាថាយ ២៤:១២; ថែស្សាឡូនីចទី១ ៤:៩) គ្រា​ដ៏​អស្ចារ្យ​ដែល​ស​ឲ្យ​ឃើញ​នូវ​ការ​អប់រំ​នេះ​គឺ​អាច​ឃើញ​ជាក់ស្តែង​នៅ​ឯ​មហាសន្និបាត​អន្តរជាតិរបស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា។ នៅ​ឯ​មហាសន្និបាត​ទាំង​នេះ ស្មរបន្ទាល់​ក្នុង​តំបន់​ជួប​បងប្អូន​ដែល​មក​ពី​ប្រទេស​នានា ហើយ​ពួកគេ​ជា​ច្រើន​នាក់​ទទួល​បងប្អូន​ពី​ប្រទេស​នានា​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ នៅ​ឯមហា​សន្និបាត​មួយ​ពេល​ថ្មីៗ​នេះ មាន​បងប្អូន​ខ្លះ​មក​ពី​ប្រទេស​ដែល​មនុស្ស​មិន​សូវ​បង្ហាញ​នូវ​មនោសញ្ចេតនា​ទេ។ បងប្រុស​គ្រីស្ទាន​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ផ្នែក​ស្វែង​រក​កន្លែង​ស្នាក់​នៅ​បាន​រៀប​រាប់​ថា​៖ «នៅ​ពេល​បង​ប្អូន​ទាំង​នោះ​ទើប​តែ​មក​ដល់ ពួក​គាត់​មាន​ចិត្ត​ភ័យ​និង​អៀន​ណាស់។ ប៉ុន្តែ នៅពេល​ដល់​ថ្ងៃ​ដែល​ត្រូវ​ត្រឡប់​ទៅ​វិញ​គ្រាន់​តែ​ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក នោះ​ពួកគាត់​ឱប​អ្នក​ដែល​បាន​ទទួល​ពួក​គាត់​ហើយ​យំ។ ពួកគាត់​បាន​រីករាយ​នឹង​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទាន ដែល​ធ្វើ​ឲ្យ​ពួកគាត់​ពុំ​អាច​បំភ្លេច​បាន​ឡើយ»។ ការ​បង្ហាញ​នូវ​សេចក្ដី​ចៅរ៉ៅ​ឬ​ការ​រាក់ទាក់​ដល់​បងប្អូន​របស់​យើង មិន​ថា​ពួក​គាត់​មាន​ប្រវត្ដិ​បែប​ណា នេះអាច​ជា​ប្រយោជន៍​ដល់​ភ្ញៀវ​ផង​និង​អ្នក​ទទួល​ភ្ញៀវ​ផង​ដែរ។—រ៉ូម ១២:១៣

៦ បទពិសោធន៍​ទាំង​នេះ​នៅ​ឯ​មហាសន្និបាត​គឺ​ធ្វើ​ឲ្យ​រំភើបចិត្ត​ណាស់ ប៉ុន្តែ​នៅ​ពេល​ជន​គ្រីស្ទាន​បំរើ​ព្រះយេហូវ៉ា​ជាមួយគ្នា​អស់​មួយ​រយៈ នោះ​ក៏​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធ។ នៅ​ពេល​ដែល​យើង​ស្គាល់​បងប្អូន​របស់​យើង​កាន់​តែ​ច្រើន នោះ​យើង​កាន់តែ​សរសើរ​នូវ​គុណសម្បត្ដិ​ដ៏​មាន​តម្លៃ​ដូចជា ពួកគេ​ជា​មនុស្ស​ទៀងត្រង់ អាច​ទុកចិត្ត​បាន ភាព​ស្មោះត្រង់ សេចក្ដី​សប្បុរស មាន​ចិត្តទូលាយ ការ​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯទៀត សេចក្ដី​មេត្ដាករុណា​និង​ការ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន។ (ទំនុកដំកើង ១៥:៣​-​៥; សុភាសិត ១៩:២២) ម៉ាកុស​ដែល​បំរើ​ជា​សាសនទូត​នៅ​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ខាងកើត​បាន​ពោល​ថា​៖ «ការ​រួម​សាមគ្គី​គ្នា​ជាមួយ​នឹង​បងប្អូន​ដើម្បី​បំពេញ​កិច្ច​បំរើ​នោះ​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ដែល​គ្មាន​អ្នក​ណា​អាច​ពង្រាត់​បាន​ឡើយ»។

៧​. ដើម្បី​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់ក្ដៅ​ក្នុង​ក្រុមជំនុំ តើ​មាន​សេចក្ដី​តម្រូវ​អ្វី​ចំពោះ​យើង?

៧ សមាជិក​ក្នុង​ក្រុមជំនុំ​ត្រូវតែ​បង្កើត​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​ដើម្បី​អាច​មាន​ចំណង​មិត្តភាព​ដូច​នោះ​បាន ហើយ​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​នោះ​ជានិច្ច។ នៅ​ពេល​ដែល​យើង​ចូលរួម​កិច្ចប្រជុំ​គ្រីស្ទាន​ជា​ទៀងទាត់ យើង​នឹង​ពង្រឹង​ចំណង​មិត្តភាព​នោះ​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​របស់​យើង។ យើង​លើក​ទឹក​ចិត្ត​និង​ជំរុញ​ចិត្ត​គ្នា​«ឲ្យ​មាន​សេចក្ដីស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង» បើ​យើង​មាន​វត្តមាន​នៅ​ឯ​កិច្ច​ប្រជុំ​និង​សំណេះសំណាល​ជាមួយ​នឹង​បងប្អូន​មុន​និង​ក្រោយ​កិច្ចប្រជុំ ព្រម​ទាំង​ចូលរួម​ឆ្លើយ។ (ហេព្រើរ ១០:២៤, ២៥) អ្នកចាស់ទុំ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​រៀបរាប់​ថា​៖ «ខ្ញុំ​ចាំ​ពេល​ខ្ញុំ​នៅ​ក្មេង ក្រុម​គ្រួសារ​ខ្ញុំ​គឺ​ក្នុង​ចំណោម​គ្រួសារ​ដែល​ចេញ​ពី​សាលព្រះរាជាណាចក្រ​ចុង​ក្រោយ​គេ។ យើង​សប្បាយ​និយាយ​ជាមួយ​នឹង​បងប្អូន​ដែល​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក»។

តើ​អ្នក​ចាំបាច់​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង»​ទេ?

៨​. (ក) តើ​ប៉ុល​ចង់​និយាយ​យ៉ាងណា​ពេល​ដែល​គាត់​ដាស់​តឿន​បងប្អូន​គ្រីស្ទាន​នៅ​ក្រុង​កូរិនថូស​ឲ្យ​«បើកចិត្ត​ឲ្យ​ទូលាយ​ឡើង»? (ខ) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ក្រុមជំនុំ?

៨ ដើម្បី​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ឲ្យ​បាន​ពេញលេញ​នោះ យើង​ត្រូវការ​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង»។ សាវ័ក​ប៉ុល​បាន​សរសេរ​ដល់​ក្រុមជំនុំ​នៅ​ក្រុង​កូរិនថូស​ថា​៖ «ចិត្ត​យើង​ខ្ញុំ​បាន​ទូលាយ​ឡើង អ្នករាល់គ្នា​មិន​ចង្អៀត​ក្នុង​យើង​ខ្ញុំ​ទេ»។ ប៉ុល​បានដាស់​តឿន​ពួកគេ​ឲ្យ​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង»។ (កូរិនថូសទី២ ៦:១១​-​១៣) ចំពោះ​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ តើ​អ្នក​អាច​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង»​បាន​ទេ? អ្នក​មិន​ចាំបាច់​ប្រចាំ​អ្នកដទៃ​ឲ្យ​ធ្វើ​មុន​នោះ​ទេ។ ក្នុង​សំបុត្រ​របស់​ប៉ុល​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​ផ្សារ​ភ្ជាប់​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ជាមួយ​នឹង​ឱវាទ​នេះ​ថា​៖ «ខាង​ឯ​សេចក្ដី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជា​មុន»។ (រ៉ូម ១២:១០) យើង​រាប់អាន​ហើយ​លើក​កិត្ដិយស​ចំពោះ​គ្នា​ដោយ​ស្វាគមន៍​បងប្អូន​នៅ​ឯ​កិច្ចប្រជុំ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​រួម​ក្នុង​កិច្ចបំរើ​ផ្សាយ​ឬ​រៀបចំ​សំរាប់​កិច្ចប្រជុំ​ជាមួយ​នឹង​អ្នក​ដែរ។ ទង្វើ​នេះ​នឹង​ជួយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ។

៩​. តើ​បងប្អូន​ខ្លះ​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​មិត្ត​ជិតស្និទ្ធ​ជាមួយ​បងប្អូន​គ្រីស្ទាន? (រួមបញ្ចូល​ឧទាហរណ៍​ក្នុង​តំបន់)

៩ ក្រុមគ្រួសារ​និង​បុគ្គល​ម្នាក់ៗ​ក្នុង​ក្រុមជំនុំ​អាច​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង» ដោយ​ទៅ​សួរ​សុខទុក្ខ​គ្នា ប្រហែល​អញ្ជើញ​បងប្អូន​ខ្លះ​មក​បរិភោគ​អាហារ ហើយ​ដោយ​ចូលរួម​ក្នុង​ការ​កំសាន្ត​ជាមួយ​គ្នា។ (លូកា ១០:៤២; ១៤:១២​-​១៤) យូរ​ម្ដងៗ បង​ប្រុស​ហាកុប​រៀបចំ​ឲ្យ​មាន​ក្រុម​តូច​មួយ​សំរាប់​ធ្វើ​ដំណើរ​កំសាន្ត។ គាត់​រៀបរាប់​ថា​៖ «បងប្អូន​គ្រប់​វ័យ​មាន​វត្តមាន រួម​ទាំង​ឪពុក​ឬ​ម្ដាយ​ដែល​គ្មាន​គូ។ បងប្អូន​គ្រប់គ្នា​ទៅ​ផ្ទះ​វិញ​ដោយ​មាន​អនុស្សាវរីយ​ល្អ ហើយ​ពួកគេ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​គ្នា​ទៅវិញទៅមក»។ ជា​ជនគ្រីស្ទាន យើង​គប្បី​ខំ​ធ្វើ​ជា​មិត្ត​ដ៏​ស្មោះ មិន​គ្រាន់​តែ​ជា​អ្នក​ជឿ​គ្នីគ្នា​ទេ។—យ៉ូហានទី៣ ១៤

១០​. តើ​យើង​អាច​ធ្វើ​អ្វី​ពេល​ដែល​យើង​មាន​បញ្ហា​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​គ្រីស្ទាន?

១០ ប៉ុន្តែ នៅ​ពេល​ខ្លះ​ដោយសារ​ភាព​ឥត​គ្រប់ល័ក្ខណ៍ នោះ​នាំ​ឲ្យ​ពិបាក​ចង​មិត្តភាព​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់ក្ដៅ។ តើ​យើង​អាច​ធ្វើ​យ៉ាងណា? មុន​ដំបូង យើង​អាច​ទូល​ថ្វាយ​ព្រះ​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​បងប្អូន​របស់​យើង។ គឺ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដែល​ចង់​ឲ្យ​យើង​ចេះ​ចុះ​សម្រុង​ជាមួយគ្នា ហើយ​ទ្រង់​តបឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​ដ៏​ស្មោះ​បែប​នេះ។ (យ៉ូហានទី១ ៤:២០, ២១; ៥:១៤, ១៥) យើង​គួរតែ​ធ្វើ​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង។ បងប្រុស រិក​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួតពិនិត្យ​នៅ​ប្រទេស​មួយ​នៅ​អាហ្វ្រិក​ខាងកើត គាត់​នឹកចាំ​អំពី​បង​ប្រុស​ម្នាក់​ដែល​មាន​បុគ្គលិកលក្ខណៈ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពិបាក​ចុះសម្រុង​នឹង​គាត់។ បង​រិក​ពន្យល់​ថា​៖ «ខ្ញុំ​បាន​ខំ​ស្គាល់​គាត់​ជាជាង​ខំ​គេច​ពី​គាត់។ ខ្ញុំ​ដឹង​ថា ឪពុក​របស់​បង​ប្រុស​នោះ​ជា​អ្នក​ប្រកាន់​ទំនៀមទំលាប់​តឹងរ៉ឹង។ ក្រោយ​មក​ខ្ញុំ​បាន​យល់​ថា គឺ​ពិបាក​ណាស់​ឲ្យ​បង​ប្រុស​នេះ​យក​ឈ្នះ​នូវ​ភាព​ទន់ខ្សោយ​របស់​គាត់ ហើយ​ដែល​គាត់​បាន​រីកចំរើន​យ៉ាង​ច្រើន នោះ​ខ្ញុំ​បាន​សរសើរ​គាត់​ណាស់។ យើង​បាន​ទៅ​ជា​មិត្ត​ដ៏​ស្មោះត្រង់​ជាមួយគ្នា»។—ពេត្រុសទី១ ៤:៨

ចូរ​បើកចិត្ត​របស់​អ្នក​ឡើង

១១​. (ក) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ក្រុមជំនុំ? (ខ) ហេតុអ្វី​ការ​មិន​សម្ដែង​នូវ​មនោសញ្ចេតនា​អាច​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ?

១១ សព្វថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ពុំ​ដែល​បង្កើត​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​បុគ្គល​ណា​សោះ។ នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​មែន! ក្រុមជំនុំ​ជន​គ្រីស្ទាន​មិន​ចាំបាច់​ក៏​មិន​ត្រូវ​ដូច្នេះ​ឡើយ។ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន មិន​គ្រាន់​តែ​ជា​ការ​និយាយ​គួរសម និង​បង្ហាញ​ឫកពា​សមរម្យ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ការ​បង្ហាញ​មនោសញ្ចេតនា​ជ្រុល​ពេក​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​សុខចិត្ត​បើកចិត្ត​របស់​យើង ដូច​ជា​សាវ័ក​ប៉ុល​បាន​ធ្វើ​ចំពោះ​បងប្អូន​នៅ​ក្រុង​កូរិនថូស និង​បង្ហាញ​អ្នក​ជឿ​គ្នីគ្នា​ថា​យើង​ពិត​ជា​យកចិត្តទុកដាក់​នឹង​ពួកគេ​មែន។ ទោះ​ជា​មិន​មែន​មនុស្ស​គ្រប់គ្នា​ជា​មនុស្ស​ដែល​ចូលចិត្ត​មាន​គ្នីគ្នា​ឬ​ចេះ​សម្ដែង​មនោសញ្ចេតនា​ក៏​ដោយ ប៉ុន្តែ បើ​យើង​មិន​សម្ដែង​មនោសញ្ចេតនា​សោះ ក៏​មិន​ល្អ​ដែរ។ ព្រះគម្ពីរ​ព្រមាន​ថា​៖ «អ្នកណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង»។—សុភាសិត ១៨:១

១២​. ហេតុអ្វី​បាន​ជា​ការ​និយាយ​គ្នា​ចេញ​ពី​ចិត្ត​គឺ​សំខាន់​ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ក្នុង​ក្រុមជំនុំ?

១២ ការ​និយាយ​ជាមួយគ្នា​ដោយ​ត្រង់ៗ គឺ​សំខាន់​ចាំបាច់​ចំពោះ​មិត្តភាព​ដ៏​ស្មោះ។ (យ៉ូហាន ១៥:១៥) យើង​គ្រប់គ្នា​ត្រូវការ​មិត្តភក្ដិ​ដែល​យើង​អាច​និយាយ​ប្រាប់​រឿង​ផ្ទាល់​ខ្លួន។ ម្យ៉ាងទៀត កាល​ណា​យើង​ស្គាល់គ្នា​កាន់តែ​ច្បាស់ នោះ​ស្រួល​ឲ្យ​យើង​ជួយ​ទុក្ខ​ធុរៈ​គ្នា។ នៅ​ពេល​ដែល​យើង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​នោះ យើង​ជួយ​ក្រុមជំនុំ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​រាប់អាន​គ្នា ហើយ​យើង​ធ្លាប់​ពិសោធ​នូវ​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ថា​៖ «ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល»។—កិច្ចការ ២០:៣៥; ភីលីព ២:១​-​៤

១៣​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​បងប្អូន​យើង?

១៣ យើង​ត្រូវតែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ បើ​យើង​ចង់​ឲ្យ​បងប្អូន​ទទួល​ប្រយោជន៍​ច្រើន​បំផុត​នោះ។ (សុភាសិត ២៧:៥) នៅ​ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ នោះ​នឹង​ឃើញ​តាម​ទឹកមុខ​យើង និង​ប្រហែល​ជា​បណ្ដាល​ឲ្យ​អ្នក​ដទៃ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ដែរ។ សុភាសិត​ក្នុង​ព្រះគម្ពីរ​ចែង​ថា​៖ «ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្តរីករាយ»។ (សុភាសិត ១៥:៣០) ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​ចិត្ត​សប្បុរស​ក៏​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ផង​ដែរ។ ពិតមែន​ដែល​យើង​មិន​អាច​ទិញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​បាន​ទេ តែ​អំណោយ​ដែល​ឲ្យ​ដោយ​ស្មោះ​ពី​ចិត្ត​នោះ​ពិត​ជា​សំខាន់​ណាស់។ យើង​អាច​បង្ហាញ​នូវ​ជំរៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់យើង​ដោយ​ឲ្យ​សំបុត្រ និង​តាម​រយៈ​«ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល»។ (សុភាសិត ២៥:១១; ២៧:៩) កាលណា​យើង​បាន​ចង​មិត្តភាព​ជាមួយគ្នា យើង​ត្រូវតែ​រក្សា​ចំណង​មិត្តភាព​នោះ ដោយ​បន្ត​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ឡើយ។ ជាពិសេស យើង​ចង់​ជួយ​មិត្ត​យើង​នៅ​ពេល​ដែល​គាត់​ត្រូវការ​យើង​ជា​ទីបំផុត។ ព្រះគម្ពីរ​ចែង​ថា​៖ «មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់វេលា ឯ​បងប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ»។—សុភាសិត ១៧:១៧

១៤​. តើ​យើង​អាច​ធ្វើ​អ្វី​បើ​បុគ្គល​ម្នាក់​ហាក់​ដូច​ជា​មិន​តបឆ្លើយ​នឹង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​រាប់អាន​ពី​យើង?

១៤ មែន​ហើយ យើង​មិន​អាច​មាន​ភាព​ជិតស្និទ្ធ​នឹង​មនុស្ស​គ្រប់គ្នា​ក្នុង​ក្រុមជំនុំ​បាន​ទេ។ ធម្មតា​នឹង​មាន​មនុស្ស​ខ្លះ​ដែល​យើង​មានអារម្មណ៍​ជិតស្និទ្ធ​ជាង​អ្នក​ដទៃ។ ដូច្នេះ បើ​អ្នកណា​ម្នាក់​ហាក់ដូចជា​មិន​សូវ​រាក់ទាក់​ជាមួយ​អ្នក​ទេ ចូរ​កុំ​ឆាប់​សន្និដ្ឋាន​ថា ខ្លួន​មាន​បញ្ហា​ណា​មួយ​ឬ​បុគ្គល​នោះ​មាន​បញ្ហា​អ្វី​ឲ្យ​សោះ។ ហើយ​កុំ​បង្ខំ​ឲ្យ​បុគ្គល​នោះ​ចង​មិត្តភាព​ជាមួយ​នឹង​អ្នក​ឡើយ។ ប្រសិន​បើ​អ្នក​គ្រាន់​តែ​បង្ហាញ​ភាព​រាក់ទាក់​ដល់​បុគ្គល​នោះ​តាម​តែ​គាត់​យល់ព្រម នោះ​អ្នក​បង្កើត​ឲ្យ​មាន​ឱកាស​អាច​ចង​មិត្តភាព​ជាមួយ​គាត់​នៅ​ថ្ងៃ​ក្រោយ។

‹ឯង​ជា​ទី​ពេញចិត្ត​អញ​ណាស់!›

១៥​. តើ​ការ​សរសើរ​មាន​អានុភាព​យ៉ាង​ណា​លើ​អ្នក​ដទៃ? ហើយ​បើ​មិន​សរសើរ​តើ​មាន​អានុភាព​យ៉ាង​ណា​ដែរ​លើ​អ្នក​ដទៃ?

១៥ នៅ​ឯ​ពិធី​ជ្រមុជ​ទឹក នោះ​ព្រះយេស៊ូ​មាន​ព្រះទ័យ​រីករាយ​ណាស់​ពេល​ទ្រង់​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា​៖ ‹ឯង​ជា​ទី​ពេញ​ចិត្ត​អញ​ណាស់!›។ (ម៉ាកុស ១:១១) ការ​សម្ដែង​នូវ​ការ​យល់ព្រម​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះយេស៊ូ​ជឿជាក់​ថា ព្រះវរបិតា​ស្រឡាញ់​ទ្រង់​ស្មោះ។ (យ៉ូហាន ៥:២០) គួរ​ឲ្យ​សោកស្ដាយ​ណាស់ មនុស្ស​ខ្លះ​មិន​ដែល​សរសើរ​ដូចនេះ​ចំពោះ​បុគ្គល​ដែល​គេ​គោរព​និង​ស្រឡាញ់​នោះ​ទេ។ ប្អូនស្រី​អែន​កត់​សម្គាល់​ថា​៖ «យុវវ័យ​ជា​ច្រើន​ក៏​ដូចជា​ខ្ញុំ​ដែរ​មិន​មាន​សមាជិក​គ្រួសារ​ដែល​កាន់​សាសនា​ដូចគ្នា​នោះ​ទេ។ នៅ​ឯ​ផ្ទះ យើង​ឮ​តែ​ការ​រិះគន់​ប៉ុណ្ណោះ។ នេះ​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ទេ»។ ប៉ុន្តែ នៅ​ពេល​ដែល​ពួកគេ​ក្លាយ​ជា​សមាជិក​ក្នុង​ក្រុមជំនុំ​នោះ​ពួកគេ​ទទួល​នូវ​ការ​គាំទ្រ​ដ៏​កក់ក្ដៅ​ពី​គ្រួសារ​ខាងវិញ្ញាណ ដែល​រួម​មាន​ឪពុក​ម្ដាយ​និង​បងប្អូន​ប្រុស​ស្រី​ដែល​មើល​ថែរក្សា​ពួកគេ។—ម៉ាកុស ១០:២៩, ៣០; កាឡាទី ៦:១០

១៦​. ហេតុអ្វី​ក៏​ការ​រិះគន់​មិន​ជួយ​អ្នក​ដទៃ?

១៦ នៅ​ក្នុង​វប្បធម៌​នៃ​ប្រទេស​ខ្លះ មាតា​បិតា មនុស្ស​ចាស់ និង​គ្រូ​បង្រៀន​កម្រ​សម្ដែង​នូវ​ការ​ពេញចិត្ត​ដល់​ក្មេងៗ​ណាស់ ដោយ​គិត​ថា បើ​សរសើរ​ក្មេងៗ​នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មិន​យកចិត្តទុកដាក់​នឹង​អ្វី​ដែល​គេ​ធ្វើ​ឬ​ក្លាយ​ជា​មនុស្ស​មាន​អំនួត។ គំនិត​បែប​នេះ​អាច​មាន​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន​និង​ក្នុង​ក្រុមជំនុំ​ដែរ។ មនុស្ស​ចាស់​អាច​និយាយ​ប្រាប់​យុវវ័យ​ចំពោះ​សុន្ទរកថា​ឬ​ការ​ខំប្រឹង​ដែល​ក្មេងៗ​ទើប​ធ្វើ ដោយ​ពោល​ថា​៖ «ប្អូន​ថ្លែង​បាន​ល្អ​គួរសម ប៉ុន្តែ ប្អូន​អាច​ធ្វើ​ប្រសើរ​ជាង!»។ ឬ​តាម​របៀប​ផ្សេង​ទៀត មនុស្ស​ចាស់​អាច​បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត​នឹង​យុវវ័យ។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពួកគេ​កំពុង​តែ​ជំរុញ​ចិត្ត​យុវវ័យ​ឲ្យ​ខំប្រឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ប៉ុន្តែ ការ​ធ្វើ​បែប​នេះ​តែង​នាំ​ឲ្យ​មាន​លទ្ធផល​ផ្ទុយ​ទៅ​វិញ ដោយ​ព្រោះ​ក្មេងៗ​អាច​ទៅ​ជា​មិន​រវីរវល់​ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ពុំ​អាច​ធ្វើ​បាន​ទេ។

១៧​. ហេតុអ្វី​ក៏​យើង​ត្រូវ​រក​ឱកាស​ដើម្បី​សរសើរ​អ្នក​ដទៃ?

១៧ ប៉ុន្តែ យើង​មិន​គួរ​ប្រើ​ការ​សរសើរ​គ្រាន់​តែ​ជា​វិធី​និយាយ​លួងចិត្ត​មុន​ដែល​ជូន​ឱវាទ​អ្នក​ដទៃ​ឡើយ។ ការ​សរសើរ​ដោយ​ស្មោះ​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ក្រុមគ្រួសារ​និង​ដល់​ក្រុមជំនុំ ហើយ​នេះ​លើកទឹកចិត្ត​យុវវ័យ​ឲ្យ​ទៅ​រក​បងប្អូន​ដែល​មាន​ការ​ពិសោធន៍​ដើម្បី​ទទួល​ឱវាទ។ ដូច្នេះ ជាជាង​ឲ្យ​វប្បធម៌​របស់​ប្រទេស​បង្គាប់​យើង​អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​លើ​អ្នក​ដទៃ សូម​ឲ្យ​យើង​«ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត​តាម​ភាព​ព្រះ»។ ចូរ​សរសើរ​អ្នក​ឯ​ទៀត​ដូច​ព្រះយេហូវ៉ា​ធ្វើ​នោះ​ដែរ។—អេភេសូរ ៤:២៤

១៨​. (ក) យុវវ័យ​អើយ! តើ​អ្នក​គួរ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ឱវាទ​របស់​មនុស្ស​ចាស់? (ខ) ហេតុ​អ្វី​ក៏​មនុស្ស​ចាស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​ពួក​គាត់​ផ្ដល់​ឱវាទ?

១៨ ផ្ទុយទៅវិញ យុវវ័យ​អើយ! កុំ​សន្និដ្ឋាន​ថា​បើ​មនុស្ស​ចាស់​ឲ្យ​ឱវាទ​ឬ​កែតម្រង់​អ្នក នោះ​បាន​ន័យ​ថា​ពួក​គាត់​មិន​ចូលចិត្ត​អ្នក​នោះ​ឡើយ។ (សាស្ដា ៧:៩) នេះ​គឺ​មាន​ន័យ​ផ្ទុយទៅវិញ​ទេ! ពួក​គាត់​ធ្វើ​នេះ​គឺ​ដោយសារ​ពួក​គាត់​ខ្វល់ខ្វាយ​និង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក។ បើ​មិន​ដូច្នេះ​ទេ ហេតុ​អ្វី​ក៏​ពួក​គាត់​ចាំបាច់​ខំ​និយាយ​ជាមួយ​អ្នក​អំពី​រឿង​នេះ​ធ្វើ​អ្វី? ពីព្រោះ​ពួក​គាត់​ដឹង​ថា​ពាក្យ​សំដី​អាច​មាន​អានុភាព​ខ្លាំង​ទៅ​លើ​មនុស្ស នោះ​ធ្វើ​ឲ្យ​អ្នក​ពេញវ័យ​ជា​ពិសេស​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​តែងតែ​ចំណាយ​ពេល​គិត​និង​អធិស្ឋាន​មុន​នឹង​ផ្ដល់​ឱវាទ នេះ​គឺ​ដោយសារ​ពួក​គាត់​ចង់​តែ​ជួយ​អ្នក។—ពេត្រុសទី១ ៥:៥

​«ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ»

១៩​. ហេតុអ្វី​ក៏​អស់​អ្នក​ដែល​ធ្លាប់​មាន​ការ​ខកចិត្ត​អាច​ពឹង​ព្រះយេហូវ៉ា​ឲ្យ​ជួយ​គាំទ្រ?

១៩ មនុស្ស​ខ្លះ​គិត​ថា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​នឹង​នាំ​ឲ្យ​មាន​តែ​ការ​ខកចិត្ត​ទៀត​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​ពុំ​បាន​ទទួល​លទ្ធផល​ល្អ​ពី​មុន​មក​ទេ។ ពួក​គាត់​ត្រូវ​មាន​ចិត្ត​ក្លាហាន​និង​ជំនឿ​មាំមួន​ចំពោះ​ការ​បើកចិត្ត​ដល់​អ្នកដទៃ​ម្ដង​ទៀត។ ប៉ុន្តែ ពួក​គាត់​មិន​គួរ​ភ្លេច​ថា​ព្រះយេហូវ៉ា​«មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ»​ទេ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ (កិច្ចការ ១៧:២៧; យ៉ាកុប ៤:៨) ទ្រង់​ក៏​យល់​ថា​យើង​ខ្លាច​មិន​ចង់​ជួប​នឹង​ការ​ឈឺចាប់ ហើយ​ទ្រង់​សន្យា​ថា​នឹង​ជួយ​គាំទ្រ​យើង។ ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​របស់​យើង​ដោយ​ថា​៖ «ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប»។—ទំនុកដំកើង ៣៤:១៨

២០, ២១​. (ក) តើ​តាម​របៀបណា​ដែល​យើង​ដឹង​ថា យើង​អាច​មាន​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះយេហូវ៉ា? (ខ) បើ​យើង​ចង់​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះយេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី?

២០ មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះយេហូវ៉ា​គឺ​ជា​ចំណង​មិត្តភាព​ដ៏​សំខាន់​បំផុត ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន។ ប៉ុន្តែ តើ​អាច​មាន​ចំណង​មិត្តភាព​បែប​នេះ​បាន​ទេ? គឺ​អាច​បាន​មែន ដ្បិត​ព្រះគម្ពីរ​ចែង​អំពី​មនុស្ស​សុចរិត​ទាំង​ប្រុស​ទាំង​ស្រី​ដែល​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតា​នៅ​ស្ថានសួគ៌។ ការ​ថ្លែង​ប្រាប់​ពី​អារម្មណ៍​កក់ក្ដៅ​របស់​ពួកគេ​ដែល​បាន​កត់ទុក​ធ្វើ​ឲ្យ​យើង​មាន​ទំនុកចិត្ត​ថា យើង​ក៏​អាច​ចូល​ទៅ​ជិត​ព្រះយេហូវ៉ា​បាន​ដែរ។—ទំនុកដំកើង ២៣, ៣៤, ១៣៩; យ៉ូហាន ១៦:២៧; រ៉ូម ១៥:៤

២១ យើង​ម្នាក់ៗ​អាច​បំពេញ​តម្រូវ​ការ​របស់​ព្រះយេហូវ៉ា​ដើម្បី​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ទ្រង់។ ដាវីឌ​បាន​ទូល​សួរ​ថា​៖ «ឱ​ព្រះយេហូវ៉ា​អើយ! តើ​អ្នកណា​នឹង​នៅ​ក្នុង​រោង​ឧបោសថ​របស់​ទ្រង់? . . . គឺ​ជា​អ្នកណា​ដែល​ដើរ​ដោយ​ទៀងត្រង់ ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង»។ (ទំនុកដំកើង ១៥:១, ២; ២៥:១៤) កាល​ដែល​យើង​ឃើញ​ថា​ការ​បំរើ​ព្រះ​នាំ​ឲ្យ​ទទួល​បាន​ផល​ល្អ ហើយ​នាំ​ឲ្យ​ទទួល​នូវ​ការ​ដឹក​នាំ​និង​ការ​ការពារ​ពី​ទ្រង់ នោះ​យើង​នឹង​ដឹង​ថា​«ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ»។—យ៉ាកុប ៥:១១, ព.ថ.

២២​. តើ​ព្រះយេហូវ៉ា​មាន​ព្រះទ័យ​ឲ្យ​រាស្ត្រ​ទ្រង់​មាន​ចំណងមិត្តភាព​បែបណា​ជាមួយ​ទ្រង់?

២២ យើង​ពិត​ជា​បាន​ពរ​មែន​ដែល​ព្រះយេហូវ៉ា​មាន​ព្រះទ័យ​ចង់​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍! នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​គ្នា​ទៅវិញទៅមក មែន​ទេ? ដោយ​មាន​ជំនួយ​ពី​ព្រះយេហូវ៉ា យើង​ម្នាក់ៗ​អាច​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​នេះ ដែល​ជា​សញ្ញា​សម្គាល់​ភាតរភាព​គ្រីស្ទាន​របស់​យើង។ មនុស្ស​គ្រប់គ្នា​នៅ​ផែនដី​នឹង​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​នេះ​ជា​រៀង​រហូត​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​ក្រុមជំនុំ​គ្រីស្ទាន​គួរ​មាន​បរិយាកាស​បែបណា?

• តើ​យើង​ម្នាក់ៗ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​ក្រុមជំនុំ​យ៉ាង​ដូចម្ដេច?

• តើ​តាម​របៀបណា​ដែល​ការ​សរសើរ​ដ៏​ស្មោះ​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ?

• តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេហូវ៉ា​ដែល​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ជួយ​គាំទ្រ​យើង​យ៉ាងដូចម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក