ជំពូកទីដប់ប្រាំមួយ
«ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នាឲ្យអស់ពីចិត្ត»
១. តើអ្វីដែលធ្វើឲ្យអ្នកថ្មីមានចិត្តស្ងើចនឹងកិច្ចប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា?
នៅពេលមនុស្សមកឯកិច្ចប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាជាលើកដំបូង ពួកគេតែងមានចិត្តស្ងើចនឹងសេចក្ដីស្រឡាញ់ដែលមាននៅទីនោះ។ ពួកគេឃើញសេចក្ដីស្រឡាញ់នេះតាមរបៀបដែលយើងទទួលស្វាគមន៍ពួកគេ និងក្នុងពេលយើងរាប់អានគ្នា។ ពួកភ្ញៀវដែលទៅឯមហាសន្និបាតរបស់យើង ក៏កត់សម្គាល់នូវសេចក្ដីស្រឡាញ់នេះដែរ។ អ្នកយកពត៌មានម្នាក់បានសរសេរអំពីមហាសន្និបាតមួយថា៖ ‹គ្មានអ្នកណាម្នាក់ដែលប្រើគ្រឿងញៀនឬពិសាស្រា គ្មានអ្នកស្រែកឡូឡា គ្មាននរណារុញច្រានគ្នា គ្មាននរណាពោលពាក្យដ៏លាមកឬជេរប្រទេចគ្នា គ្មានការនិយាយរឿងកំប្លែងដ៏ថោកទាប គ្មាននរណាម្នាក់ជក់បារី គ្មានការលួច គ្មាននរណាបោះកំប៉ុងចោលនៅលើស្មៅឡើយ នេះជាអ្វីដ៏ប្លែកពិតមែន›។ អ្វីៗទាំងនេះជាភស្តុតាងនៃសេចក្ដីស្រឡាញ់ ដែល«មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។—កូរិនថូសទី១ ១៣:៤-៨
២. (ក) នៅទីបំផុត តើត្រូវឃើញអ្វីយ៉ាងជាក់ស្តែង ចំពោះសេចក្ដីស្រឡាញ់របស់យើង? (ខ) តើយើងត្រូវបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបណា ដើម្បីយកតម្រាប់តាមព្រះគ្រីស្ទ?
២ សេចក្ដីស្រឡាញ់ជាបងប្អូន គឺជាសញ្ញាដែលសម្គាល់គ្រីស្ទានពិត។ (យ៉ូហាន ១៣:៣៥) ពេលយើងរីកចំរើនខាងវិញ្ញាណ នោះយើងរៀនបង្ហាញសេចក្ដីស្រឡាញ់បានពេញលេញថែមទៀត។ សាវ័កប៉ុលបានអធិស្ឋានសុំឲ្យសេចក្ដីស្រឡាញ់របស់ពួកគ្រីស្ទានគ្នីគ្នា បាន«ចំរើនកាន់តែច្រើនឡើង»។ (ភីលីព ១:៩) សាវ័កយ៉ូហានបានបង្ហាញថា សេចក្ដីស្រឡាញ់របស់យើង គួរជំរុញឲ្យយើងសុខចិត្តធ្វើពលិកម្ម។ គាត់បានសរសេរថា៖ «ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយ[រាជបុត្រារបស់ព្រះ]បានស៊ូប្ដូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្ដូរជីវិតយើងជំនួសបងប្អូនដែរ»។ (យ៉ូហានទី១ ៣:១៦; យ៉ូហាន ១៥:១២, ១៣) តើយើងពិតជាសុខចិត្តស្លាប់ជំនួសបងប្អូនខាងវិញ្ញាណរបស់យើងឬទេ? ទោះជាក្នុងស្ថានការណ៍ភាគច្រើន ពុំតម្រូវឲ្យយើងធ្វើដូច្នេះក្ដី តើដល់កំរិតណាដែលយើងខំប្រឹងជួយបងប្អូនខាងវិញ្ញាណឥឡូវនេះ សូម្បីតែក្នុងពេលនោះមិនស្រួលចំពោះយើងក៏ដោយ?
៣. (ក) តើតាមរបៀបណាដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ឲ្យបានពេញលេញ? (ខ) ហេតុអ្វីបានជាសំខាន់ម្ល៉េះ ដែលយើងមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះអ្នកជឿគ្នីគ្នាឥឡូវនេះ?
៣ ក្រៅពីការប្រព្រឹត្តដែលបង្ហាញនូវស្មារតីធ្វើពលិកម្មនោះ យើងក៏ត្រូវមានអារម្មណ៍ដ៏កក់ក្ដៅចំពោះបងប្អូនរបស់យើងផងដែរ។ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងថា៖ «ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ!»។ (រ៉ូម ១២:១០) យើងគ្រប់គ្នាមានអារម្មណ៍បែបនោះចំពោះមនុស្សខ្លះ។ ប៉ុន្តែ តើយើងអាចរៀនឲ្យមានអារម្មណ៍បែបនេះចំពោះមនុស្សឯទៀតបានដែរឬទេ? ពេលដែលទីបញ្ចប់នៃរបបលោកីយ៍ចាស់នេះរំកិលកាន់តែកៀកហើយនោះ គឺសំខាន់ណាស់ដែលយើងត្រូវមានភាពស្និទ្ធស្នាលជាមួយនឹងបងប្អូនគ្រីស្ទានគ្នីគ្នារបស់យើង។ ព្រះគម្ពីរចែងថា៖ «រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ . . . តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត»។—ពេត្រុសទី១ ៤:៧, ៨
ពេលដែលមានបញ្ហាកើតឡើង
៤. (ក) ហេតុអ្វីក៏អាចមានបញ្ហារវាងអ្នកនៅក្នុងក្រុមជំនុំ? (ខ) ទោះជាយើងមិនតែងតែមានចិត្តចង់ធ្វើតាមឱវាទក្នុងព្រះគម្ពីរក៏ដោយ ប៉ុន្តែ តើអាចមានលទ្ធផលល្អយ៉ាងណា បើយើងខិតខំអនុវត្តតាមនោះ?
៤ ប្រាកដហើយ ហេតុតែយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ នោះនឹងមានពេលណាមួយដែលយើងធ្វើអ្វីមួយឲ្យអ្នកដទៃឈឺចិត្តមិនខាន។ បងប្អូនរបស់យើងក៏អាចប្រព្រឹត្តអំពើបាបចំពោះយើង តាមរបៀបផ្សេងៗដែរ។ (យ៉ូហានទី១ ១:៨) ប្រសិនបើអ្នកនៅក្នុងស្ថានការណ៍បែបនេះ តើអ្នកគួរតែធ្វើយ៉ាងណា? បទគម្ពីរផ្ដល់នូវសេចក្ដីណែនាំដ៏ចាំបាច់។ ប៉ុន្តែអ្វីដែលបទគម្ពីរចែងមក ប្រហែលជាឥតសមស្របនឹងអ្វីដែលយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ចង់ធ្វើនោះទេ។ (រ៉ូម ៧:២១-២៣) យ៉ាងណាក៏ដោយ ពេលយើងខំប្រឹងអនុវត្តតាមឱវាទដែលមានក្នុងព្រះគម្ពីរ នេះនឹងផ្ដល់ជាភស្តុតាងថាយើងមានសេចក្ដីប្រាថ្នាដ៏ស្មោះដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ការធ្វើដូច្នេះ នឹងបណ្ដុះឲ្យយើងមានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃកាន់តែប្រសើរឡើង។
៥. ប្រសិនបើអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត ហេតុអ្វីក៏យើងមិនគួរសងសឹកដល់គេ?
៥ នៅពេលណាដែលមនុស្សមានការឈឺចិត្ត ជួនកាលពួកគេរកវិធីដើម្បីសងសឹកដល់អ្នកធ្វើខុសនោះ។ ប៉ុន្តែ នេះគ្រាន់តែនាំឲ្យមានបញ្ហាច្រើនវិញទេ។ ប្រសិនបើត្រូវមានសំណងណាដែលចាំបាច់ នោះយើងគួរទុករឿងនេះឲ្យព្រះវិញ។ (សុភាសិត ២៤:២៩; រ៉ូម ១២:១៧-២១) អ្នកដទៃប្រហែលជាខំគេចមុខពីអ្នកធ្វើខុសនោះ។ ប៉ុន្តែ យើងមិនគួរធ្វើដូច្នេះចំពោះអ្នកថ្វាយបង្គំគ្នីគ្នាឡើយ ដ្បិតបើយើងចង់ឲ្យការថ្វាយបង្គំរបស់យើងមានព្រះគុណរបស់ព្រះ នោះអាស្រ័យទៅលើយើងស្រឡាញ់បងប្អូនរបស់យើង។ (យ៉ូហានទី១ ៤:២០) ដូច្នេះហើយ ប៉ុលបានសរសេរថា៖ «ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ! ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ (កូល៉ុស ៣:១៣) តើអ្នកអាចធ្វើដូច្នេះបានឬទេ?
៦. (ក) តើយើងគួរអត់ឱនទោសឲ្យបងប្អូនយើងប៉ុន្មានដង? (ខ) តើការយល់ដឹងអ្វីអំពីខ្លួនយើង ដែលនឹងជួយយើងមិនប្រកាន់ទោសនឹងអ្នកដែលធ្វើបាបមកលើយើង?
៦ ចុះយ៉ាងណាវិញ បើបុគ្គលម្នាក់ចេះតែប្រព្រឹត្តអំពើបាបម្ដងហើយម្ដងទៀតមកលើយើង តែមិនប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ដែលគួរនឹងបណ្ដាច់មិត្តភាពពីក្រុមជំនុំនោះទេ? ចំពោះអំពើបាបតូចតាចបែបនេះ សាវ័កពេត្រុសបានឲ្យយោបល់ថា ត្រូវអត់ឱនទោសឲ្យ«ដល់៧ដង»។ ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត»។ ព្រះយេស៊ូបានបង្ហាញនូវបំណុលដ៏សម្បើមដែលយើងជំពាក់ព្រះ បើប្រៀបធៀបនឹងអ្វីដែលមនុស្សឯទៀតជំពាក់យើងនោះ។ (ម៉ាថាយ ១៨:២១-៣៥) តាមរបៀបជាច្រើន នោះយើងប្រព្រឹត្តអំពើបាបនឹងព្រះរៀងរាល់ថ្ងៃ ជួនកាលដោយការប្រព្រឹត្តដែលគិតតែពីប្រយោជន៍ខ្លួនឯង ជួនកាលដោយអ្វីដែលយើងនិយាយឬគិត ឬក៏ដោយអ្វីដែលយើងធ្វេសប្រហែសមិនធ្វើ ពេលខ្លះយើងមិនទាំងដឹងថា ខ្លួនកំពុងតែប្រព្រឹត្តអំពើបាបទៀតផង។ (រ៉ូម ៣:២៣) ប៉ុន្តែ ព្រះនៅតែបន្តមានព្រះទ័យដ៏មេត្ដាចំពោះយើង។ (ទំនុកដំកើង ១០៣:១០-១៤; ១៣០:៣, ៤) ទ្រង់ក៏តម្រូវឲ្យយើងធ្វើដូច្នេះនឹងគ្នាទៅវិញទៅមកដែរ។ (ម៉ាថាយ ៦:១៤, ១៥; អេភេសូរ ៤:១-៣) បើធ្វើដូច្នេះ នោះយើងនឹងប្រព្រឹត្តតាមសេចក្ដីស្រឡាញ់បែបដែល«មិនប្រកាន់ទោស»។—កូរិនថូសទី១ ១៣:៤, ៥; ពេត្រុសទី១ ៣:៨, ៩
៧. តើយើងគួរធ្វើយ៉ាងណា បើបងប្អូនម្នាក់មានហេតុទាស់នឹងយើង?
៧ មានគ្រាខ្លះដែលយើងដឹងថា ទោះជាយើងឥតមានការតូចចិត្តចំពោះបងប្អូនរបស់យើងក៏ដោយ តែគាត់មានហេតុទាស់នឹងយើងទៅវិញ។ យើងអាចសម្រេចចិត្តឲ្យ‹សេចក្ដីស្រឡាញ់គ្របបាំងអំពើបាបនោះ›តាមយោបល់នៅពេត្រុសទី១ ៤:៨។ ឬក៏យើងអាចទៅនិយាយជាមួយគាត់មុន និងខំធ្វើឲ្យមានទំនាក់ទំនងដ៏ល្អជាមួយគ្នាវិញ។—ម៉ាថាយ ៥:២៣, ២៤
៨. ប្រសិនបើមិត្តភក្ដិមានជំនឿដូចគ្នាធ្វើអ្វីឲ្យយើងរកាំចិត្ត តើអាចដោះស្រាយយ៉ាងណា?
៨ ប្រហែលជាអ្នកជឿគ្នីគ្នាកំពុងតែធ្វើអ្វីមួយ ដែលធ្វើឲ្យយើងរកាំចិត្ត ហើយអ្នកឯទៀតក៏រកាំចិត្តដែរ។ យកល្អយើងគួរនិយាយជាមួយគាត់ មែនទេ? ប្រហែលអាចធ្វើដូច្នេះបាន។ ប្រសិនបើអ្នកពន្យល់នូវបញ្ហានេះផ្ទាល់ខ្លួនតាមរបៀបដ៏ស្លូតបូត នេះអាចនាំឲ្យមានលទ្ធផលល្អ។ ប៉ុន្តែ មុនដំបូងអ្នកគួរសួរខ្លួនអ្នកថា៖ ‹តើគាត់ពិតជាប្រព្រឹត្តអ្វីមួយដែលខុសនឹងបទគម្ពីរឬ? ឬក៏តើបញ្ហានោះគឺដោយសារអតីតប្រវត្ដិរបស់ខ្ញុំនិងការអប់រំពីក្មេង គឺខុសពីគាត់ទៅវិញទេ?›។ ចូរប្រយ័ត្នដែលអ្នកមិនត្រូវតាំងខ្នាតតម្រាដោយខ្លួនឯង ហើយរួចមកកាត់ក្ដីតាមខ្នាតតម្រានោះ។ (យ៉ាកុប ៤:១១, ១២) ព្រះយេហូវ៉ាទទួលយកមនុស្សដោយឥតរើសមុខ ដែលមានអតីតប្រវត្ដិផ្សេងៗគ្រប់បែប ហើយទ្រង់មានព្រះទ័យអត់ធ្មត់នឹងមនុស្ស ដោយចង់ឲ្យពួកគេរីកចំរើនខាងវិញ្ញាណ។
៩. (ក) តើអ្នកណានឹងដោះស្រាយអំពើបាបដ៏ធ្ងន់ធ្ងរក្នុងក្រុមជំនុំ? (ខ) តើអ្នកដែលត្រូវគេប្រព្រឹត្តអំពើបាបមកលើ គួរមានភារកិច្ចចាត់វិធានការជាមុននៅពេលណា ហើយដោយមានបំណងអ្វី?
៩ ប្រសិនបើអ្នកណាម្នាក់ក្នុងក្រុមជំនុំប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ដូចជាអំពើអសីលធម៌ នោះត្រូវដោះស្រាយរឿងនេះឲ្យបានភ្លាមៗ។ តើអ្នកណាដែលត្រូវដោះស្រាយនោះ? គឺពួកអ្នកចាស់ទុំ។ (យ៉ាកុប ៥:១៤, ១៥) ប៉ុន្តែ ប្រសិនបើមានការប្រព្រឹត្តអំពើបាបនឹងបុគ្គលម្នាក់ ប្រហែលជាក្នុងរឿងជំនួញណាមួយ ឬដោយការនិយាយមិនសមគួរដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ នោះបុគ្គលដែលត្រូវគេប្រព្រឹត្តអំពើបាបមកលើ ត្រូវខំទៅជួបនិយាយជាមួយអ្នកដែលធ្វើខុសនេះក្រៅពីមុខគេឯង។ (ម៉ាថាយ ១៨:១៥) ប្រសិនបើធ្វើដូច្នេះមិនអាចដោះស្រាយរឿងនោះបានទេ ត្រូវចាត់វិធានការថែមទៀត ដូចបានរៀបរាប់ក្នុងម៉ាថាយ ១៨:១៦, ១៧។ សេចក្ដីស្រឡាញ់ចំពោះបងប្អូនដែលធ្វើខុសនេះ និងការចង់ឲ្យ‹បាន›គាត់មកធ្វើជាបងប្អូនវិញ នឹងជួយយើងឲ្យនិយាយយ៉ាងណាដែលនឹងជ្រួតជ្រាបដល់ចិត្តរបស់គាត់។—សុភាសិត ១៦:២៣
១០. ពេលមានបញ្ហា តើអ្វីនឹងជួយយើងឲ្យមានទស្សនៈយ៉ាងត្រឹមត្រូវនោះ?
១០ ពេលមានបញ្ហា ទោះជាបញ្ហាធំឬតូចក៏ដោយ យើងនឹងទទួលប្រយោជន៍ បើយើងខំយល់នូវទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងនេះ។ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះការប្រព្រឹត្តអំពើបាបណាឡើយ។ ដល់គ្រាកំណត់របស់ទ្រង់ នោះពួកអ្នកប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរដែលមិនប្រែចិត្ត នឹងត្រូវព្រះបោសសំអាតចេញពីអង្គការរបស់ទ្រង់។ ប៉ុន្តែ សូមកុំភ្លេចថា យើងទាំងអស់គ្នាក៏ធ្លាប់ប្រព្រឹត្តអំពើបាបដ៏តូចតាចដែរ និងហេតុនេះហើយយើងត្រូវការនូវការអត់ធន់និងសេចក្ដីមេត្ដាករុណារបស់ទ្រង់។ ដូច្នេះហើយ ព្រះយេហូវ៉ាបានទុកគំរូឲ្យយើងត្រាប់តាម ពេលយើងបានប្រឈមមុខនឹងអំពើបាបរបស់អ្នកដទៃ។ ពេលណាយើងមានចិត្តមេត្ដា នោះយើងបង្ហាញនូវសេចក្ដីស្រឡាញ់របស់ព្រះ។—អេភេសូរ ៥:១, ២
ចូរខិតខំរកវិធី«បើកចិត្តឲ្យទូលាយឡើង»
១១. ហេតុអ្វីបានជាប៉ុលដាស់តឿនពួកកូរិនថូសឲ្យ«បើកចិត្តឲ្យទូលាយឡើង»?
១១ ប៉ុលបានចំណាយច្រើនខែក្នុងការស្អាងចិត្តសមាជិកក្នុងក្រុមជំនុំឯក្រុងកូរិនថូសនៅប្រទេសក្រិច។ គាត់បានខំប្រឹងជួយបងប្អូននៅទីនោះ ហើយគាត់ស្រឡាញ់ពួកគេណាស់។ ប៉ុន្តែ ពួកគេខ្លះមិនបង្ហាញអារម្មណ៍កក់ក្ដៅចំពោះប៉ុលទេ។ ពួកគេបាននិយាយរិះគន់គាត់ជាខ្លាំង។ គាត់បានដាស់តឿនពួកគេឲ្យ«បើកចិត្តឲ្យទូលាយឡើង»ចំពោះការសម្ដែងសេចក្ដីស្រឡាញ់។ (កូរិនថូសទី២ ៦:១១-១៣; ១២:១៥) គឺពិតជាមានប្រយោជន៍មែន! បើយើងគ្រប់គ្នាពិនិត្យមើលនូវកំរិតដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ និងខិតខំរកវិធីបើកចិត្តឲ្យទូលាយនោះ។—យ៉ូហានទី១ ៣:១៤
១២. តើយើងអាចឲ្យសេចក្ដីស្រឡាញ់របស់យើងរីកចំរើន ដល់មនុស្សទាំងអស់ក្នុងក្រុមជំនុំយ៉ាងណា?
១២ តើមានបុគ្គលខ្លះក្នុងក្រុមជំនុំ ដែលយើងពិបាកជិតស្និទ្ធជាមួយឬទេ? យើងអាចធ្វើឲ្យមានទំនាក់ទំនងដ៏កក់ក្ដៅរវាងគ្នីគ្នាបាន បើយើងខិតខំបិទបាំងបំភ្លេចនូវបញ្ហា ដែលបង្កឡើងដោយភាពខុសគ្នារវាងបុគ្គលិកលក្ខណៈមនុស្ស ដ្បិតយើងក៏ចង់ឲ្យពួកគេធ្វើដូច្នេះចំពោះយើងផងដែរ។ អារម្មណ៍របស់យើងចំពោះពួកគេក៏នឹងបានប្រសើរឡើងដែរ បើយើងខិតខំរកគុណសម្បត្ដិល្អៗរបស់ពួកគេ និងគិតអំពីគុណសម្បត្ដិទាំងនេះវិញ។ នេះប្រាកដជានឹងធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេរីកចំរើន។—លូកា ៦:៣២, ៣៣, ៣៦
១៣. តើតាមរបៀបណាដែលយើងអាចបើកចិត្តឲ្យទូលាយឡើង ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់អស់អ្នកក្នុងក្រុមជំនុំ?
១៣ គឺជាការពិតមែនដែលថា អ្វីដែលយើងអាចធ្វើដល់អ្នកដទៃគឺមានកម្រិត។ យើងមិនអាចជំរាបសួរដល់បងប្អូនទាំងអស់នៅកិច្ចប្រជុំនិមួយៗនោះទេ។ នៅពេលយើងអញ្ជើញមិត្តភក្ដិមកបរិភោគអាហារ យើងក៏គ្មានលទ្ធភាពអញ្ជើញមនុស្សគ្រប់គ្នាបាននោះដែរ។ ប៉ុន្តែ តើយើងអាចបើកចិត្តឲ្យទូលាយឡើង ដោយចំណាយពេលបន្ដិចបន្តួច ឲ្យបានស្គាល់បុគ្គលណាម្នាក់ក្នុងក្រុមជំនុំរបស់យើងបានឬទេ? យូរៗម្ដង តើយើងអាចអញ្ជើញអ្នកណាម្នាក់ដែលយើងមិនស្គាល់ច្បាស់ ដើម្បីទៅឯកិច្ចបំរើផ្សាយជាមួយយើងឬទេ?
១៤. ពេលនៅក្នុងចំណោមគ្រីស្ទានដែលយើងមិនធ្លាប់ជួប តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាយ៉ាងដូចម្ដេច?
១៤ មហាសន្និបាតរបស់គ្រីស្ទាន គឺហុចឱកាសដ៏ល្អដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សច្រើនជាង។ គឺអាចមានមនុស្សរាប់ពាន់នាក់នៅឯមហាសន្និបាតនោះ។ យើងមិនអាចជួបនិយាយជាមួយនឹងបងប្អូនទាំងអស់បានទេ តែយើងអាចប្រព្រឹត្តតាមរបៀបដែលបង្ហាញថា យើងចាត់ទុកប្រយោជន៍របស់អ្នកដទៃមុននឹងភាពសុខស្រួលរបស់យើង។ នៅពេលកម្មវិធីចប់ យើងអាចបង្ហាញចំណាប់អារម្មណ៍ដោយទៅជួបបងប្អូនខ្លះៗដែលនៅជិតយើងនោះ។ នៅថ្ងៃណាមួយ នោះមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងក្លាយជាបងប្អូនប្រុសស្រី ដែលរួបរួមក្នុងការថ្វាយបង្គំព្រះពិតតែមួយ ដែលជាព្រះវរបិតារបស់យើងទាំងអស់គ្នា។ ការខំឲ្យស្គាល់គ្នាទៅវិញទៅមក នឹងនាំឲ្យមានអំណរយ៉ាងណាទៅហ្ន៎! សេចក្ដីស្រឡាញ់ដ៏លើសលប់នឹងជំរុញយើងឲ្យធ្វើដូច្នេះ។ ចូរចាប់ផ្ដើមធ្វើពីឥឡូវនេះចុះ!
ការពិគ្រោះសាឡើងវិញ
• ពេលមានបញ្ហារវាងគ្រីស្ទាន តើអាចដោះស្រាយបញ្ហាទាំងនេះបានយ៉ាងណា? ហើយហេតុអ្វី?
• ពេលយើងរីកចំរើនខាងវិញ្ញាណ តើសេចក្ដីស្រឡាញ់របស់យើងគួររីកចំរើនយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សច្រើនទៀត មិនគ្រាន់តែក្នុងចំណោមមិត្តជិតស្និទ្ធនោះទេ?
[រូបភាពនៅទំព័រ១៤៨]
សេចក្ដីស្រឡាញ់ជាគ្រីស្ទានត្រូវបង្ហាញតាមវិធីជាច្រើនដូចនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំជាដើម