បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១ ទំ. ១៧-២២
  • តើមានសួនមនោរម្យសំរាប់អ្នកឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមានសួនមនោរម្យសំរាប់អ្នកឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចក្ខុនិមិត្ត​អំពី​សួនមនោរម្យ
  • សាសន៍​មួយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាំង​ត្រូវ​កែប្រែ
  • ពង្រឹង​ទស្សនៈ​របស់​អ្នក​អំពី​សួនមនោរម្យ
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • សូមកុំចាកចេញពីសួនឧទ្យានក្នុងន័យធៀបឡើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើអ្វីទៅជាសួនមនោរម្យខាងវិញ្ញាណ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានកាន់តែប្រសើរឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១ ទំ. ១៧-២២

តើ​មាន​សួនមនោរម្យ​សំរាប់​អ្នក​ឬ​ទេ?

«ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដែល​បាន . . . លើក​ឡើង​ដល់​ស្ថានបរមសុខ[ឬ​«សួនមនោរម្យ»​, ព.ថ.]»។—កូរិនថូសទី២ ១២:២​-​៤

១​. តើ​មនុស្ស​ពេញចិត្ត​នឹង​សេចក្ដី​សន្យា​ណា​ខ្លះ​ក្នុង​ព្រះគម្ពីរ?

សួនមនោរម្យ! តើ​អ្នក​នឹកចាំ​នូវ​អារម្មណ៍​ដែល​អ្នក​មាន​ពេល​ដែល​បាន​ឮ​ជា​លើក​ទីមួយ​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​ស្តី​អំពី​សួនមនោរម្យ​នៅ​លើ​ផែនដី​ឬ​ទេ? អ្នក​ប្រហែល​ជា​នឹកចាំ​ពេល​បាន​ឮ​ដំណឹង​ថា ‹ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​បាន​ភ្លឺ​ឡើង ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន ហើយ​ទីរហោស្ថាន​នឹង​មាន​សោភ័ណភាព​ផុស​ចេញ›។ ចុះ​ទំនាយ​ដែល​ថា​ឆ្កែព្រៃ​នឹង​នៅ​ជាមួយ​កូនចៀម ហើយ​ខ្លារខិន​នឹង​ដេក​នៅ​ជាមួយ​កូនពពែ? អ្នក​ក៏​ច្បាស់​ជា​មាន​ចិត្តរំភើប​ដែរ​ពេល​អាន​ថា មនុស្ស​ជា​ទី​ស្រឡាញ់​នឹង​រស់ឡើងវិញ​ហើយ​មាន​សេចក្ដី​សង្ឃឹម​រស់នៅ​ក្នុង​សួនមនោរម្យ​ជា​រៀង​រហូត​នោះ មែន​ទេ?—អេសាយ ១១:៦; ៣៥:៥, ៦; យ៉ូហាន ៥:២៨, ២៩

២, ៣​. (ក) តើ​សេចក្ដី​សង្ឃឹម​របស់​អ្នក​ទៅ​លើ​សារ​ក្នុង​ព្រះគម្ពីរ មាន​មូលដ្ឋាន​លើ​អ្វី? (ខ) តើ​មាន​មូលហេតុ​អ្វី​ទៀត​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម?

២ សេចក្ដី​សង្ឃឹម​របស់​អ្នក​ពិត​ជា​មាន​មូលដ្ឋាន ហើយ​អ្នកមាន​ហេតុ​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​ក្នុង​ព្រះគម្ពីរ​អំពី​សួនមនោរម្យ​មែន។ ជា​ឧទាហរណ៍ អ្នក​ជឿ​ទៅ​លើ​បន្ទូល​របស់​ព្រះយេស៊ូ​ដែល​បាន​មាន​បន្ទូល​ទៅ​ជន​ល្មើស​ដែល​ជាប់​ព្យួរ​នោះ​ថា​៖ «អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ[ឬ​«សួនមនោរម្យ»​, ព.ថ.]ជាមួយ​នឹង​ខ្ញុំ​ដែរ»។ (លូកា ២៣:៤៣) អ្នក​ក៏​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​ដែល​ថា​៖ «តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់គ្នា​ទន្ទឹង​ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ»។ ហើយ​អ្នក​ក៏​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​ដែល​ថា ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​របស់​អ្នក​ចេញ ថា​នឹង​លែង​មាន​សេចក្ដី​ស្លាប់ សេចក្ដី​សោកសង្រេង ការ​យំទួញ និង​ទុក្ខ​លំបាក​ណា​ទៀត។ នេះ​បាន​ន័យ​ថា ប្រាកដ​ជា​នឹង​មាន​សួនមនោរម្យ​ម្ដង​ទៀត​ជាក់​ជា​ពុំ​ខាន!—ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៤

៣ មូលហេតុ​មួយ​ទៀត​ដែល​យើង​អាច​សង្ឃឹម​ថា​នឹង​មាន​សួនមនោរម្យ​នោះ គឺ​ដោយសារ​អ្វី​ដែល​គ្រីស្ទាន​ទាំងឡាយ​ទូទាំង​ពិភពលោក​កំពុងតែ​រួម​ចំណែក​សព្វថ្ងៃ​នេះ។ តើ​នេះ​ជា​អ្វី​ទៅ? ព្រះ​បាន​បង្កើត​សួនមនោរម្យ​ខាង​វិញ្ញាណ​មួយ ហើយ​បាន​នាំ​មនុស្ស​ឲ្យ​ចូល​មក​ក្នុង​សួនមនោរម្យ​នោះ។ ពាក្យ «សួនមនោរម្យ​ខាងវិញ្ញាណ»​ប្រហែល​ជា​ស្ដាប់​ទៅ​ដូច​ជា​ស្រពិច​ស្រពិល​ឬ​ក៏​ពិបាក​យល់ ប៉ុន្តែ​សួនមនោរម្យ​ខាង​វិញ្ញាណ​នេះ​បាន​ត្រូវ​ទាយ​ទុក​ជា​មុន ហើយ​ពិត​ជា​មាន​មែន។

ចក្ខុនិមិត្ត​អំពី​សួនមនោរម្យ

៤​. តើ​កូរិនថូសទី២ ១២:២​-​៤ រៀបរាប់​អំពី​ចក្ខុនិមិត្ត​អ្វី? តើ​អ្នកណា​ទំនង​ជា​មាន​ចក្ខុនិមិត្ត​នោះ?

៤ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​សួនមនោរម្យ​ខាង​វិញ្ញាណ​ដោយ​ថា​៖ «ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌ នៅ​ជាន់​ទី៣ . . . ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូបកាយ​ក្ដី ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា​អ្នក​នោះ​បាន​លើក​ឡើង​ដល់​ស្ថានបរមសុខ[ឬ​«សួនមនោរម្យ»​, ព.ថ.] ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ»។ (កូរិនថូសទី២ ១២:២​-​៤, កំណែ​ជា​អក្សរ​ទ្រេត) សំនេរ​នេះ​បាន​ត្រូវ​កត់ទុក​បន្តបន្ទាប់​ពី​វគ្គ​ទាំង​ប៉ុន្មាន​ដែល​ប៉ុល​សរសេរ​ដើម្បី​បញ្ជាក់​ហេតុផល​ថា​គាត់​ពិត​ជា​សាវ័ក​ម្នាក់​មែន ហើយ​ព្រះគម្ពីរ​ក៏​មិន​ចែង​អំពី​មនុស្ស​ណា​ទៀត​មាន​បទពិសោធ​ដូចនេះ​ទេ។ ដោយសារ​ប៉ុល​ជា​អ្នក​រៀបរាប់​ប្រាប់​បទពិសោធ​នោះ គាត់​ទំនង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចក្ខុនិមិត្ត​នោះ​តែ​ម្ដង។ ដូច្នេះ​ពេល​ដែល​ប៉ុល​ទទួល​ចក្ខុនិមិត្ត​នោះ​ពី​ព្រះ តើ​គាត់​បាន​ឡើង​ដល់​ឬ​ចូល​ទៅ​ក្នុង​«ស្ថានបរមសុខ»​ឬ​«សួនមនោរម្យ»​ណា?—កូរិនថូសទី២ ១១:៥, ២៣​-​៣១

៥​. តើ​ប៉ុល​មិន​បាន​ឃើញ​អ្វី? ដូច្នេះ តើ​គាត់​ឃើញ​«ស្ថានបរមសុខ»​ឬ‹សួនមនោរម្យ›បែប​ណា?

៥ បរិបទ​នៃ​ខ​នោះ​មិន​បាន​បង្ហើប​ថា ‹ស្ថានសួគ៌​ជាន់​ទី៣›សំដៅ​ទៅ​លើ​បរិយាកាស​ជុំវិញ​ផែនដី​របស់​យើង​ទេ ហើយ​ក៏​មិន​សំដៅ​ទៅ​លំហ​អាកាស​ឬ​សកលលោក​ណា​ទៀត​ដូច​អ្នកវិទ្យាសាស្ត្រ​ខ្លះ​ស្មាន​នោះ​ដែរ។ ព្រះគម្ពីរ​ប្រើ​លេខ​បី​ដូច​នេះ​ជា​ច្រើន​ដង​ដើម្បី​បញ្ជាក់​ឬ​សង្កត់ធ្ងន់​លើ​ពាក្យ​ណា​មួយ ឬ​ដើម្បី​បង្ហាញ​ពី​កម្លាំង​ខ្លាំង។ (សាស្ដា ៤:១២; អេសាយ ៦:៣; ម៉ាថាយ ២៦:៣៤, ៧៥; វិវរណៈ ៤:៨) ហេតុ​នេះ​ហើយ អ្វី​ដែល​ប៉ុល​ឃើញ​ក្នុង​ចក្ខុនិមិត្ត​នោះ ជា​អ្វី​ដែល​មាន​ភាព​ខ្ពង់ខ្ពស់​ឬ​គួរ​ឲ្យ​លើកតម្កើង ពោល​គឺ គាត់​បាន​ឃើញ​អ្វីៗ​ខាងវិញ្ញាណ។

៦​. តើ​មាន​ព្រឹត្ដិការណ៍​ណា​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​អាច​ជួយ​យើង​យល់ធ្លុះ​នឹង​អ្វី​ដែល​ប៉ុល​បាន​ឃើញ​នោះ?

៦ បទ​ទំនាយ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​តាំង​ពី​ជំនាន់​បុរាណ​នោះ អាច​ជួយ​យើង​យល់​ធ្លុះជ្រៅ​បាន។ ពេល​ដែល​ប្រជា​រាស្ត្រ​ពី​បុរាណ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​រក្សា​ភាព​ស្មោះភក្ដី​ចំពោះ​ទ្រង់ នោះ​ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​បាប៊ីឡូន​មក​ពាធា​ស្រុក​យូដា​និង​ទីក្រុង​យេរូសាឡិម។ ការ​វាយលុក​នោះ​បាន​នាំ​ទៅ​ដល់​ការ​បំផ្លិចបំផ្លាញ​នៅ​ឆ្នាំ​៦០៧ មុនស.យ. ស្រប​ទៅ​តាម​កាល​ប្រវត្ដិ​ក្នុង​ព្រះគម្ពីរ។ បទ​ទំនាយ​បាន​ចែងថា ស្រុក​យូដា​ត្រូវ​ចោល​ស្ងាត់​អស់​រយៈ​ពេល​៧០​ឆ្នាំ ទើប​ព្រះ​អនុញ្ញាត​ឲ្យ​ជន​យូដា​ណា​ដែល​បាន​ប្រែចិត្ត អាច​វិល​មក​ឯ​ស្រុក​វិញ ដើម្បី​ស្ដារ​ការ​ថ្វាយបង្គំ​ពិត​ឡើង​វិញ។ នេះ​បាន​ចាប់ផ្ដើម​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​៥៣៧ មុន​ស.យ.។ (ចោទិយកថា ២៨:១៥, ៦២​-​៦៨; ពង្សាវតារក្សត្រទី២ ២១:១០​-​១៥; ២៤:១២​-​១៦; ២៥:១​-​៤; យេរេមា ២៩:១០​-​១៤) ប៉ុន្តែ ចុះ​យ៉ាងណា​ទឹកដី​របស់​ស្រុក​នោះ? ក្នុង​កំឡុង​៧០​ឆ្នាំ​នោះ ទឹកដី​ស្រុក​នោះ​បាន​ក្លាយ​ជា​ព្រៃ​និង​វាល​ស្ងាត់ ហើយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។ (យេរេមា ៤:២៦; ១០:២២) យ៉ាងណា​ក៏​ដោយ នៅ​មាន​សេចក្ដី​សន្យា​មួយ​ដែល​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន។ ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូចបង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាលប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន[ឬ​«សួន​ឧទ្យាន»​, ខ.ស.]​របស់​ព្រះ​យេហូវ៉ា»។—អេសាយ ៥១:៣

៧​. តើ​ត្រូវ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ការ​ទុក​ចោល​ស្រុក​អស់​៧០​ឆ្នាំ?

៧ ការ​ប្រែប្រួល​នោះ​បាន​កើត​ឡើង​ក្រោយ​ពី​ការ​ទុកចោល​ស្រុក​អស់​៧០​ឆ្នាំ។ ដោយ​ផ្អែក​លើ​ពរ​ពី​ព្រះ នោះ​បាន​ធ្វើ​ឲ្យ​កាលៈទេសៈ​ប្រែ​ទៅ​ជា​ប្រសើរ​វិញ។ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​ដូចតទៅ​នេះ​៖ «ទីរហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប។ គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីករាយ​ដោយ​សេចក្ដី​អំណរ​នឹង​បទ​ចំរៀង​ផង . . . ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង។ ដ្បិត​នៅ​ទី​រហោស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ។ ខ្សាច់​ដែល​ក្ដៅ​ព្រាចៗ នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួតហែង​នឹង​មាន​ក្បាលទឹក​ហូរ។ នៅ​ត្រង់​ទីលំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស នឹង​កក់​ផង»។—អេសាយ ៣៥:១​-​៧

សាសន៍​មួយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាំង​ត្រូវ​កែប្រែ

៨​. តើ​យើង​អាច​ដឹង​យ៉ាង​ដូចម្ដេច​បាន ថា​អេសាយ​ជំពូក​ទី៣៥​សំដៅ​ទៅ​លើ​មនុស្ស?

៨ នេះ​ជា​ការ​ប្រែប្រួល​ដ៏​អស្ចារ្យ​មែន! គឺ​ការ​ផ្លាស់ប្រែ​ពី​ទី​ហិនហោច​ទៅ​ជា​សួនមនោរម្យ​វិញ។ ប៉ុន្តែ បទ​ទំនាយ​នេះ​និង​ទំនាយ​ឯ​ទៀត​ដែល​យើង​អាច​ទុកចិត្ត បង្ហាញ​ថា​ប្រជាជន​នោះ​ក៏​ត្រូវ​ធ្វើ​ការ​កែប្រែ​ផង​ដែរ ដែល​ប្រៀប​ដូច​ជា​ដី​ហួតហែង​ដែល​ចាប់ផ្ដើម​បង្កើត​ផល​ឡើង​វិញ។ តើ​មាន​មូលហេតុ​អ្វី​ឲ្យ​យើង​សន្និដ្ឋាន​ដូច្នេះ? គឺ​ពីព្រោះ​អេសាយ​បាន​សំដៅ​ទៅ​លើ​«ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច» ដែល​ត្រូវ​វិល​មក​ឯ​ស្រុក​របស់​ខ្លួន​វិញ​«ដោយ​ច្រៀង» ហើយ​នឹង​បាន​«សេចក្ដី​ត្រេកអរ នឹង​សេចក្ដីរីករាយ»។ (អេសាយ ៣៥:១០) ពាក្យ​ទាំង​នោះ​មិន​មែន​សំដៅ​ទៅលើ​ដី​ទេ តែ​សំដៅ​ទៅលើ​មនុស្ស​វិញ។ ម្យ៉ាងទៀត ខ​ផ្សេង​ទៀត​ក្នុង​សៀវភៅ​អេសាយបាន​ទាយ​អំពី​មនុស្ស​ដែល​ត្រូវ​រស់​នៅ​ទីក្រុង​ស៊ីយ៉ូន​សាឡើងវិញ ដោយ​ថា​៖ «ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើមឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ​យេហូវ៉ា​បាន​ដាំ . . . ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក . . . នោះ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ»។ អេសាយ​ក៏​បាន​មាន​ប្រសាសន៍​អំពី​រាស្ត្រ​របស់​ព្រះ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច . . . ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំមួន ឯង​នឹង​បាន​ដូច​ជា​សួនច្បារ​ដែល​គេ​ស្រោច​ទឹក»។ (អេសាយ ៥៨:១១; ៦១:៣, ១១; យេរេមា ៣១:១០​-​១២) អាស្រ័យ​ហេតុ​នេះ ស្ថានភាព​នៃ​បរិស្ថាន​ក្នុង​ស្រុក​នោះ​ត្រូវ​ល្អ​ប្រសើរ​ឡើង ហើយ​ប្រជាជន​យូដា​ដែល​បាន​ស្ដារ​ឡើង​នោះ​ក៏​ត្រូវ​ធ្វើ​ការ​កែប្រែ​ផង​ដែរ។

៩​. តើ​ប៉ុល​បាន​ឃើញ​«ស្ថានបរមសុខ»​ឬ‹សួនមនោរម្យ›បែប​ណា? ហើយ​តើ​ចក្ខុនិមិត្ត​នោះ​បាន​សម្រេច​នៅ​ពេល​ណា?

៩ គំរូ​ពី​បុរាណ​នេះ​ជួយ​យើង​យល់​អំពី​អ្វី​ដែល​ប៉ុល​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​នោះ។ ចក្ខុនិមិត្ត​ដែល​គាត់​ឃើញ​ត្រូវ​រួម​បញ្ចូល​ក្រុមជំនុំ​គ្រីស្ទាន​ដែល​គាត់​បាន​ហៅ​ថា «ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ» ដែល​ត្រូវ​បង្កើត​ផល​ដែរ។ (កូរិនថូសទី១ ៣:៩) តើ​ចក្ខុនិមិត្ត​នោះ​ត្រូវ​សម្រេច​នៅ​ពេល​ណា? ប៉ុល​ហៅ​អ្វី​ដែល​គាត់​ឃើញ​នោះ ជា​«ការ​បើក​សំដែង»​ពី​អ្វី​ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​ខាង​មុខ។ ប៉ុល​ដឹង​ថា ក្រោយ​ពី​គាត់​ទទួល​មរណភាព គឺ​នឹង​មាន​ការ​ក្បត់​សាសនា​លេច​ឡើង។ (កូរិនថូសទី២ ១២:១; កិច្ចការ ២០:២៩, ៣០; ថែស្សាឡូនីចទី២ ២:៣, ៧) ក្នុង​គ្រា​ដែល​ពួក​អ្នក​ក្បត់​ជំនឿ​បាន​រីក​រាលដាល​លុបបាំង​ទៅ​លើ​ពួក​គ្រីស្ទាន​ពិត​នោះ ស្ថានភាព​ច្បាស់​ជា​មិន​អាច​ប្រៀប​ទៅ​នឹង​សួនច្បារ​ដែល​កំពុងតែ​លូតលាស់​យ៉ាង​ស្អាត​ទេ។ ប៉ុន្តែ នឹង​មាន​គ្រា​មួយ​មក​ដល់​ជា​មិន​ខាន ជា​គ្រា​ដែល​ការ​ថ្វាយបង្គំ​ពិត​ត្រូវ​ស្ដារ​ឡើង​ជា​ថ្មី។ រាស្ត្រ​របស់​ព្រះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដើម្បី​ឲ្យ​‹ពួក​សុចរិត​ភ្លឺ​ដូច​ជា​ថ្ងៃ​នៅ​ក្នុង​នគរ​របស់​ព្រះ​វរបិតា›។ (ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣) នេះ​បាន​កើត​មាន​ឡើង​មែន គ្រាន់​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ស្ថានសួគ៌។ ហើយ​ក្នុង​កំឡុង​ប៉ុន្មាន​ទសវត្សរ៍​បន្ទាប់​ពី​នោះ​មក គឺ​អាច​ឃើញ​ច្បាស់​ថា​រាស្ត្រ​របស់​ព្រះ​កំពុង​តែ​រីករាយ​នឹង​សួនមនោរម្យ​ខាងវិញ្ញាណ​ដែល​ប៉ុល​បាន​ឃើញ​ទុក​ជា​មុន​ក្នុង​ចក្ខុនិមិត្ត​នោះ។

១០, ១១​. ទោះ​ជា​យើង​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍​ក្ដី តើ​ដូចម្ដេច​បាន​ជា​យើង​នៅ​តែ​ស្ថិត​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ?

១០ ត្រូវមែន យើង​ម្នាក់ៗ​ដឹង​ថា​យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ដូច្នេះ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​ម្ដងម្កាល​យើង​មាន​បញ្ហា​រវាងគ្នានឹងគ្នា ដូច​ជន​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​ធ្លាប់​មាន​ដែរ។ (កូរិនថូសទី១ ១:១០​-​១៣; ភីលីព ៤:២, ៣; ថែស្សាឡូនីចទី២ ៣:៦​-​១៤) ប៉ុន្តែ សូម​គិត​អំពី​សួនមនោរម្យ​ខាង​វិញ្ញាណ​ដែល​យើង​មាន​ពេល​ឥឡូវ​នេះ។ បើ​ប្រៀបធៀប​ភាព​ឈឺថ្កាត់​ខាងវិញ្ញាណ​ដែល​យើង​ធ្លាប់​មាន​ពី​មុន ឥឡូវ​យើង​បាន​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ។ ហើយ​ពីមុន​យើង​មាន​ភាព​អត់ឃ្លាន​ខាងវិញ្ញាណ តែ​ឥឡូវ​យើង​មាន​ជា​បរិបូរ។ ជាជាង​រងទុក្ខ​ហាក់​ដូចជា​ស្ថិត​ក្នុង​ស្រុក​ដែល​ហួតហែង​ខាងវិញ្ញាណ​នោះ រាស្ត្រ​របស់​ព្រះ​មាន​ព្រះ​គុណ​និង​ពរ​ពី​ព្រះ​ធ្លាក់​មក​ប្រៀប​ដូចជា​ភ្លៀង​ខ្លាំង។ (អេសាយ ៣៥:១, ៧) ជាជាង​មាន​ភ្នែកខ្វាក់​ហើយ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​ខាងវិញ្ញាណ​ដែល​ហាក់​ដូចជា​គុក​ជ្រៅ នោះ​យើង​បាន​ឃើញ​ពន្លឺ​ពី​ព្រះ​គុណ​របស់​ព្រះ​ដែល​ប្រោស​យើង​ឲ្យ​រួច។ មនុស្ស​ជា​ច្រើន​ដែល​ប្រៀប​ដូចជា​មនុស្ស​ថ្លង់​ដែល​ស្ដាប់​មិន​បាន​នូវ​បទ​ទំនាយ​ក្នុង​ព្រះគម្ពីរ ឥឡូវ​ក៏​ឮ​ហើយ​ស្ដាប់​បាន​នូវ​អ្វី​ដែល​ចែង​ទុក​ក្នុង​បទ​គម្ពីរ​នានា។ (អេសាយ ៣៥:៥) ជា​ឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ា​រាប់លាន​នាក់​ទូទាំង​ពិភពលោក​បាន​សិក្សា​សៀវភៅ​ចូរ​ថ្វាយបង្គំ​ព្រះ​ពិត​តែ​មួយ។ ឥឡូវ​នេះ​ពួក​គាត់​កំពុងតែ​សិក្សា​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ អាហារ​ខាង​វិញ្ញាណ​ដែល​ពង្រឹង​កម្លាំង​ចិត្ត​ដូច្នេះ​ពិតជា​ភស្តុតាង​ជាក់ច្បាស់​ថា យើង​មាន​សួនមនោរម្យ​ខាងវិញ្ញាណ មែន​ទេ?

១១ សូម​គិត​ផង​ដែរ អំពី​ការ​កែប្រែ​ខាង​លក្ខណៈ​សម្បត្ដិ​របស់​មនុស្ស​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​មាន​ចិត្ត​ស្មោះ ខំ​ប្រឹង​យល់​និង​អនុវត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ។ និយាយ​ឲ្យ​ចំ​ទៅ ពួក​គាត់​បាន​ព្យាយាម​លះបង់​អត្តចរិត​ដើម​ដែល​ប្រៀប​ដូចជា​សត្វ​សាហាវ។ ប្រហែល​ជា​អ្នក​បាន​ខំ​ព្យាយាម​ឲ្យ​ដូច​បងប្អូន​ខាង​វិញ្ញាណ​របស់​អ្នក ដោយ​ខំ​យក​ឈ្នះ​លើ​អត្តចរិត​អាក្រក់​របស់​ខ្លួន។ (កូល៉ុស ៣:៨​-​១៤) អាស្រ័យ​ហេតុ​នេះ ពេល​ដែល​អ្នក​ចូលរួម​ជាមួយ​នឹង​ក្រុមជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អ្នក​ក៏​សេពគប់​ជាមួយ​នឹង​មនុស្ស​មួយ​ក្រុម​ដែល​ចេះ​បង្ហាញ​នូវ​ភាព​សុខសាន្ត​និង​មេត្រីភាព​ច្រើន​ជាង​ដែរ។ ពួក​គាត់​មិន​មែន​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ទេ តែ​គ្មាន​អ្នកណា​អាច​ប្រៀបធៀប​ពួក​គាត់​ទៅ​នឹង​សត្វ​សិង្ហ​ឬ​សត្វ​សាហាវ​ណា​ឡើយ។ (អេសាយ ៣៥:៩) តើ​ការ​សេពគប់​ខាង​វិញ្ញាណ​ដោយ​សន្ដិនិយម​នេះ​បង្ហាញ​អំពី​អ្វី? នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​មាន​ស្ថានភាព​ខាងវិញ្ញាណ​ដែល​យើង​អាច​ហៅ​យ៉ាង​ត្រឹមត្រូវ ជា​សួនមនោរម្យ​ខាង​វិញ្ញាណ។ ហើយ​សួនមនោរម្យ​ខាងវិញ្ញាណ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​អំពី​សួនមនោរម្យ​ដែល​នឹង​មាន​នៅ​លើ​ផែនដី​ដែរ ឲ្យ​តែ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ។

១២, ១៣​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​ចំណែក​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ?

១២ យ៉ាងណាក៏ដោយ មាន​ចំណុច​មួយ​ដែល​យើង​មិន​គួរ​ភ្លេច​ឡើយ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ថា​៖ «ត្រូវ​ឲ្យ​ឯង​រាល់គ្នា​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​ឯង​រាល់គ្នា​បាន​ខ្លាំង​ពូកែ អាច​ចូល​ទៅ​ចាប់​យក​ស្រុក»។ (ចោទិយកថា ១១:៨) លេវីវិន័យ ២០:២២, ២៤ ក៏​សំដៅ​ទៅ​លើ​ស្រុក​ដូចគ្នា​ដែរ​ដោយ​ចែង​ថា​៖ «ត្រូវ​ឲ្យ​ឯង​រាល់គ្នា​កាន់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ក្រែង​ស្រុក​ដែល​អញ​នាំ​ឯង​រាល់គ្នា​ចូល​ទៅ​នៅ​នោះ បាន​ក្អួត​ឯង​ចេញ​ដែរ។ តែ​អញ​បាន​ប្រាប់​ឯង​រាល់គ្នា​ហើយ​ថា​៖ ‹ឯង​រាល់គ្នា​នឹង​ទទួល​ស្រុក​របស់​គេ​ទុក​ជា​មរដក​អញ​នឹង​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កេរ្ដិ៍​អាករ​ដល់​ឯង​រាល់គ្នា ជា​ស្រុក​ដែល​មាន​ទឹកដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរហៀរ›»។ ពិតមែន​ហើយ ការ​ទទួល​ស្រុក​សន្យា​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ចំណងមិត្តភាព​ល្អ​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ​យេហូវ៉ា។ ដោយសារ​ពួក​អ៊ីស្រាអែល​មិន​បាន​ស្ដាប់បង្គាប់​ព្រះ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​សាសន៍​បាប៊ីឡូន​ឈ្នះ​លើ​គេ និង​ជម្លៀស​គេ​ចេញ​ពី​ទី​លំនៅ។

១៣ យើង​ប្រហែល​ជា​ពេញចិត្ត​នឹង​លក្ខណៈ​ផ្សេងៗ​នៃ​សួនមនោរម្យ​ខាង​វិញ្ញាណ​ដែល​មាន​បរិយាកាស​ល្អ​ហើយ​ធ្វើ​ឲ្យ​ស្ងប់​អារម្មណ៍ដែរ។ យើង​មាន​មេត្រីភាព​ជាមួយ​នឹង​បងប្អូន​គ្រីស្ទាន​ដែល​បាន​ព្យាយាម​លះចោល​លក្ខណៈ​ដូចជា​សត្វ​សាហាវ។ ពួក​គាត់​ខំ​បង្ហាញ​នូវ​ចិត្ត​សប្បុរស​និង​ជួយ​គ្នា​ទៅវិញទៅមក។ យ៉ាងណាក៏ដោយ បើ​យើង​ចង់​រួម​ចំណែក​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ​ជានិច្ច នោះ​យើង​មិន​គ្រាន់​តែ​រក្សា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​បងប្អូន​ប៉ុណ្ណោះ​ឡើយ។ តែ​យើង​ក៏​ត្រូវ​មាន​ចំណងមិត្តភាព​ល្អ​ជាមួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដែរ។ (មីកា ៦:៨) យើង​បាន​ចូលរួម​ចំណែក​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ប៉ុន្តែ​បើ​យើង​មិន​ខិតខំ​រក្សា​ឲ្យ​មាន​ចំណង​មេត្រីភាព​ជាមួយ​នឹង​ព្រះ នោះ​យើង​អាច​រសាត់​ចេញ​ឬ​ក៏​ត្រូវ​បណ្ដាច់​ចេញ​ក៏​មាន។

១៤​. តើ​មាន​ជំនួយ​អ្វី​ដើម្បី​ឲ្យ​យើង​រួម​ចំណែក​ជានិច្ច​នៅ​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ?

១៤ មាន​ជំនួយ​សំខាន់​មួយ​ដើម្បី​ពង្រឹង​កម្លាំង​របស់​យើង​ជានិច្ច នោះ​គឺ​ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះ។ សូម​កត់​សម្គាល់​នូវ​ពាក្យ​ប្រៀបប្រដូច​ដែល​មាន​នៅ​ទំនុកដំកើង ១:១​-​៣ ដែល​ចែង​ថា​៖ «មាន​ពរ​ហើយ អ្នកណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ . . . អ្នក​នោះ​ត្រេកអរ​តែ​នឹង​ក្រិត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹងគិត​ក្នុង​ក្រិត្យវិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ។ អ្នក​នោះ​នឹង​ដូចជា​ដើមឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ បន្ថែម​ទៅ​ទៀត ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះគម្ពីរ​ជា​អាហារ​ខាង​វិញ្ញាណ​ដែល​អ្នកបំរើស្មោះត្រង់​មាន​វិនិច្ឆ័យល្អ​កំពុង​តែ​ផ្ដល់​ឲ្យ​យើង​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ​នេះ។—ម៉ាថាយ ២៤:៤៥​-​៤៧

ពង្រឹង​ទស្សនៈ​របស់​អ្នក​អំពី​សួនមនោរម្យ

១៥​. ហេតុអ្វី​បាន​ជា​ម៉ូសេ​មិន​មាន​សិទ្ធិ​នាំ​មុខ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​នោះ? ប៉ុន្តែ តើ​គាត់​បាន​ឃើញ​អ្វី?

១៥ សូម​ពិចារណា​មើល​ការ​បង្ហើប​ទុក​ជា​មុន​មួយ​ទៀត​អំពី​សួនមនោរម្យ។ ក្រោយ​ពី​សាសន៍​អ៊ីស្រាអែល​បាន​ដើរ​វិលវល់​ក្នុង​ទីរហោស្ថាន​អស់​៤០​ឆ្នាំ ម៉ូសេ​បាន​នាំ​ប្រជាជន​នោះ​ទៅ​ដល់​វាល​ទំនាប​ស្រុក​ម៉ូអាប់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ដោយសារ​ម៉ូសេ​បាន​ប្រព្រឹត្ត​ខុស​ម្ដង​ពីមុន​នោះ ព្រះ​យេហូវ៉ា​បាន​សម្រេច​ថា ម៉ូសេ​មិន​អាច​នាំ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ឆ្លង​ទន្លេ​យ័រដាន់​បាន​ឡើយ។ (ជនគណនា ២០:៧​-​១២; ២៧:១២, ១៣) ម៉ូសេ​បាន​អង្វរ​ព្រះ​ដោយ​ថា​៖ «សូម​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ ឲ្យ​បាន​ឃើញ​ស្រុក​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ផង»។ ទោះ​ជា​គាត់​មិន​អាច​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​ក៏​ដោយ គាត់​អាច​ដឹង​ថា​ស្រុក​សន្យា​ជា​«ស្រុក​ល្អ»​មែន ដោយសារ​គាត់​បាន​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​បាន​ឃើញ​តំបន់​ផ្សេងៗ​នៅ​ក្នុង​ស្រុក​នោះ។ តើ​អ្នក​គិត​ថា​ស្រុក​នោះ​មាន​ទេសភាព​យ៉ាងណា​ទៅ?—ចោទិយកថា ៣:២៥​-​២៧

១៦, ១៧​. (ក) តើ​ទឹកដី​ស្រុក​សន្យា​នៅ​សម័យ​បុរាណ​មាន​ស្ថានភាព​ខុស​គ្នា​យ៉ាងណា​ពី​សព្វថ្ងៃ​នេះ? (ខ) តើ​មាន​មូលហេតុ​អ្វី​ឲ្យ​យើង​ជឿ​ថា ស្រុក​សន្យា​ធ្លាប់​មាន​ស្ថានភាព​ជា​សួនមនោរម្យ?

១៦ បើ​អ្នក​មាន​ទស្សនៈ​អំពី​ស្រុក​នោះ​ដោយ​ផ្អែក​លើ​ភូមិសាស្ត្រ​ពេល​ថ្មីៗ​នេះ អ្នក​ប្រហែល​ជា​នឹក​ស្មាន​ថា​ស្រុក​នោះ​មាន​ដី​សោះកក្រោះ សុទ្ធ​តែ​វាល​ខ្សាច់​មាន​ដុំ​ថ្ម​ធំៗ និង​អាកាសធាតុ​ក្ដៅ​បែកក្រហែង។ ប៉ុន្តែ មាន​ហេតុ​នាំ​ឲ្យ​សន្និដ្ឋាន​ថា នៅ​អតីតកាល​សភាព​តំបន់​នោះ​ជា​ទូទៅ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​សភាព​សព្វថ្ងៃ។ ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​អាមេរិក លោក​បណ្ឌិតវ៉លតឺ ឡោដឺមីល ដែល​ជា​អ្នក​ឯកទេស​ផ្នែក​ទឹក​និង​ដី បាន​ពន្យល់​ថា​ទឹកដី​នៅ​ស្រុក​នោះ​«ខូច​ខាត​ដោយសារ​ត្រូវ​បាន​គេ​បង្ខូច​អស់​មួយពាន់​ឆ្នាំ​ហើយ»។ ក្នុង​នាម​ជា​អ្នក​ក្សេត្រវិទ្យា គាត់​សរសេរ​ថា​៖ «‹វាលខ្សាច់›ដែល​គ្របដណ្ដប់​មកលើ​ដី​ដែល​ធ្លាប់​បង្កើត​ផល​ជា​ច្រើន​នោះ កើត​ឡើង​ដោយសារ​មនុស្ស មិន​មែន​ដោយសារ​ធម្មជាតិ​ទេ»។ ការ​ពិត ការ​ស្រាវជ្រាវ​របស់​គាត់​បាន​ឲ្យ​ដឹង​ថា​៖ «ស្រុក​នោះ​ធ្លាប់​ជា​សួនមនោរម្យ​សំរាប់​អ្នក​គង្វាល​សត្វ»។ ដូច្នេះ ការ​បង្ខូច​ដោយ​មនុស្ស​បាន​ធ្វើ​ឲ្យ​«សួនមនោរម្យ​សំរាប់​អ្នក​គង្វាល​សត្វ»​ទៅ​ជា​ខូចខាត​វិញ។a

១៧ បើ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន​ក្នុង​ព្រះគម្ពីរ យើង​អាច​ឃើញ​ថា​សេចក្ដី​សន្និដ្ឋាន​នេះ​គឺ​សមហេតុសមផល​មែន។ សូម​នឹកចាំ​អំពី​ការ​ធានា​របស់​ព្រះ​យេហូវ៉ា​ជូន​ចំពោះ​ប្រជាជន​តាម​រយៈ​ម៉ូសេថា​៖ «ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ​គឺ​ជា​ស្រុក​មាន​ភ្នំ​មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ថែរក្សា»។—ចោទិយកថា ១១:៨​-​១២

១៨​. តើ​អេសាយ ៣៥:២ អាច​ជួយ​និរទេស​ជន​អ៊ីស្រាអែល​ឲ្យ​យល់​អំពី​ទិដ្ឋភាព​នៅ​ស្រុក​សន្យា​បាន​យ៉ាងណា?

១៨ ស្រុក​សន្យា​មាន​រុក្ខជាតិ​ស្រស់​ខៀវ​ស្រងាត់​និង​សំបូរ​ភោគផល​ដល់​ម្ល៉េះ​បាន​ជា​ពេល​និយាយ​អំពី​តំបន់​ផ្សេងៗ​ក្នុង​ស្រុក​នោះ នេះ​នាំ​ឲ្យ​គិត​ពី​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួនមនោរម្យ។ បទ​ទំនាយ​នៅ​សៀវភៅ​អេសាយ​ជំពូក​ទី៣៥ បញ្ជាក់​ដូច្នេះ​ដែរ ដែល​ទំនាយ​នោះ​បាន​សម្រេច​ដំបូង​នៅ​ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​បាប៊ីឡូន​ហើយ​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។ អេសាយ​បាន​ទាយ​ថា​៖ «គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីករាយ​ដោយ​សេចក្ដី​អំណរ​នឹង​បទ​ចំរៀង​ផង។ គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រមទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល នឹង​វាល​សារ៉ុន​ផង។ គេ​នឹង​ឃើញ​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់គ្នា»។ (អេសាយ ៣៥:២) ពាក្យ​សំដៅ​ទៅលើ​ភ្នំ​ល្បាណូន ភ្នំ​កើមែល​និង​វាល​សារ៉ុន​នោះ ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ស្រមៃ​គិត​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស្កប់​ចិត្ត​មែន។

១៩, ២០​. (ក) សូម​ពណ៌នា​អំពី​វាល​សារ៉ុន​ពី​បុរាណ​នោះ។ (ខ) តើ​មាន​វិធី​ណា​ឲ្យ​យើង​ពង្រឹង​សេចក្ដី​សង្ឃឹម​ចំពោះ​សួនមនោរម្យ?

១៩ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​វាល​សារ៉ុន​ដែល​ជា​ស្រុក​វាល​ដែល​មាន​ស្រុក​ភ្នំ​សាម៉ារី​នៅ​ម្ខាង និង​សមុទ្រ​ធំ​ឬ​សមុទ្រ​មេឌីទែរ៉ានេ​នៅ​ម្ខាង​ទៀត។ (សូម​មើល​រូបថត​នៅ​ទំព័រ​ទី១៨) ស្រុក​នោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​តំបន់​ស្អាត​ណាស់​និង​សំបូរ​ភោគផល។ ស្រុក​នោះ​មាន​ទឹក​ច្រើន ហើយ​មាន​វាលស្មៅ​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​សត្វ ប៉ុន្តែ​នៅ​ខាង​ជើង​ស្រុក​នោះ​ក៏​មាន​ព្រៃឈើ​សុទ្ធតែ​ដើម​សែន​ដ៏​ធំៗ​ទៀត​ផង។ (របាក្សត្រទី១ ២៧:២៩; បទ​ចំរៀង​សាឡូម៉ូន ២:១; អេសាយ ៦៥:១០) ហេតុ​នេះ​ហើយអេសាយ ៣៥:២ បាន​ទាយ​អំពី​ការ​ស្ដារ​ឡើងវិញ ហើយ​បាន​ទាយ​អំពី​ស្រុក​មួយ​ដែល​មាន​សោភ័ណភាព​ផុស​ឡើង​ដូចជា​សួន​មនោរម្យ។ ទំនាយ​នោះ​ក៏​បាន​ដៅ​បញ្ជាក់​ពី​សួនមនោរម្យ​ដ៏​ល្អ​ខាង​វិញ្ញាណ ស្រប​ទៅ​តាម​អ្វី​ដែល​ប៉ុល​បាន​ឃើញ​ក្រោយៗ​មក ក្នុង​ចក្ខុនិមិត្ត។ នៅ​ចុង​បំផុត បទ​ទំនាយ​នេះ​រួម​នឹង​ទំនាយ​ឯ​ទៀត​គឺ​ដើម្បី​ពង្រឹង​នូវ​សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​សួនមនោរម្យ​នៅ​លើ​ផែនដី​សំរាប់​មនុស្សជាតិ​ទាំង​ឡាយ។

២០ ពេល​ដែល​យើង​ស្ថិត​ក្នុង​សួនមនោរម្យ​ខាងវិញ្ញាណ យើង​អាច​បង្កើន​ចិត្ត​កតញ្ញូ​ចំពោះ​សួនមនោរម្យ​នេះ និង​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​សួនមនោរម្យ​នៅ​លើ​ផែនដី​ដែរ។ តើ​ដោយ​របៀបណា? គឺ​ដោយ​ខំ​យល់​ឲ្យ​បាន​ជ្រាលជ្រៅ​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​ព្រះគម្ពីរ។ ការ​ពិពណ៌នា​និង​ទំនាយ​ផ្សេងៗ​ក្នុង​ព្រះគម្ពីរ​តែងតែ​ប្រាប់​អំពី​ទីកន្លែង​ជាក់លាក់។ តើ​អ្នក​ចង់​យល់​កាន់តែ​ច្បាស់​ថា​ទី​កន្លែង​ទាំង​នេះ​ស្ថិត​នៅ​ឯណា ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ណា​ជាមួយ​នឹង​តំបន់​ឯ​ទៀត​ឬ​ទេ? ក្នុង​អត្ថបទ​ជា​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ជា​ច្រើន។

[កំណត់​សម្គាល់]

a លោកដេនីស បេលី មាន​ប្រសាសន៍​ក្នុង​សៀវភៅ​ភូមិសាស្ត្រ​ក្នុង​ព្រះគម្ពីរ ថា​៖ «លក្ខណៈ​រុក្ខជាតិ​ច្បាស់​ជា​បាន​ប្រែប្រួល​យ៉ាង​ខ្លាំង​តាំង​ពី​ជំនាន់​ព្រះគម្ពីរ»។ ហេតុអ្វី? «មនុស្ស​ត្រូវការ​ឈើ​សំរាប់​ជា​សម្ភារៈ​សំណង់​និង​ឧស​ដុត ដូច្នេះ . . . គេ​ចាប់ផ្ដើម​កាប់​ដើមឈើ​បណ្ដាល​ឲ្យ​មាន​វាល​លំហ រួច​មក អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ស្រទាប់​ដី​ខូច។ ដោយសារ​ការ​បង្ខូច​បរិស្ថាន​បែប​នេះ នោះ​បរិយាកាស . . . បាន​ប្រែប្រួល​បន្ដិច​ម្ដងៗ​ដែល​ជា​ហេតុ​ចំបង​មួយ​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​ថែម​ទៀត»។

តើ​អ្នក​នៅ​ចាំ​ទេ?

• «ស្ថានបរមសុខ»​ដែល​ប៉ុល​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត តើ​នោះ​សំដៅ​ទៅ​លើ​សួនមនោរម្យ​បែបណា?

• ទំនាយ​នៅ​អេសាយ​ជំពូក​ទី៣៥ តើ​បាន​សម្រេច​យ៉ាងណា​ជា​លើក​ដំបូង​នោះ? ហើយ​តើ​ទំនាយ​នោះ​ទាក់ទង​យ៉ាង​ដូចម្ដេច នឹង​អ្វី​ដែល​ប៉ុល​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត?

• តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្កើន​ចិត្ត​កតញ្ញូ​ចំពោះ​សួនមនោរម្យ​ខាងវិញ្ញាណ និង​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​សួនមនោរម្យ​នៅ​លើ​ផែនដី?

[រូបភាព​នៅ​ទំព័រ​១៨]

វាល​សារ៉ុន​ជា​តំបន់​សំបូរ​ភោគផល​នៅ​ស្រុក​សន្យា

[អ្នក​ផ្ដល់​សិទ្ធិ]

Pictorial Archive (Near Eastern History) Est.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក