អត្ថបទសិក្សា ១៧
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
សូមកុំចាកចេញពីសួនឧទ្យានក្នុងន័យធៀបឡើយ
«ចូរអរសប្បាយនិងត្រេកអរជាដរាបចំពោះអ្វីដែលខ្ញុំកំពុងធ្វើចុះ»។—អេ. ៦៥:១៨
ចំណុចផ្ដោត
សូមរៀនអំពីប្រយោជន៍ដែលយើងទទួលពីសួនឧទ្យានក្នុងន័យធៀប និងអំពីរបៀបដែលយើងអាចទាក់ទាញអ្នកឯទៀតឲ្យចូលក្នុងនេះដែរ។
១. តើសួនឧទ្យានក្នុងន័យធៀបគឺជាអ្វី ហើយតើយើងគួរតាំងចិត្តធ្វើអ្វី?
នៅសព្វថ្ងៃនេះ មានសួនឧទ្យាននៅផែនដីដែលពេញទៅដោយមនុស្សដែលជាប់រវល់ធ្វើអ្វីល្អៗ។ សួននេះពេញទៅដោយមនុស្សរាប់លាននាក់ដែលមានសេចក្ដីសុខសាន្តពិតប្រាកដ។ ពួកអ្នកដែលនៅក្នុងសួនឧទ្យាននេះរួចហើយ តាំងចិត្តមិនចាកចេញពីទីនេះទេ។ ពួកគេក៏ចង់ឲ្យមនុស្សច្រើនបំផុតចូលរួមជាមួយពួកគេក្នុងស្ថានភាពដ៏ពិសេសនេះដែរ។ តើនោះជាអ្វី? នោះគឺសួនឧទ្យានក្នុងន័យធៀប!a
២. តើមានអ្វីគួរឲ្យកត់សម្គាល់អំពីសួនឧទ្យានក្នុងន័យធៀប?
២ គឺអស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើតស្ថានភាពសុខសាន្តនៅក្នុងចំណោមពិភពលោកដែលសាថានបានធ្វើឲ្យក្លាយទៅជាកន្លែងទុច្ចរិត ដែលពោរពេញទៅដោយការស្អប់គ្នា និងមានគ្រោះថ្នាក់។ (១យ៉ូន. ៥:១៩; បប. ១២:១២) ព្រះដែលស្រឡាញ់យើង ឃើញថារបៀបរបបពិភពលោកនេះបានធ្វើឲ្យមនុស្សឈឺចាប់យ៉ាងណា ប៉ុន្តែលោកធ្វើឲ្យអ្នកបម្រើរបស់លោកមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពដើម្បីពួកគេអាចបន្ដបម្រើលោកដោយអំណរ។ បណ្ដាំរបស់ព្រះហៅសួនឧទ្យានក្នុងន័យធៀបនេះថា«ទីជ្រកកោន»ដែលមានសុវត្ថិភាព និង«សួនច្បារដ៏ស្រស់បំព្រង»។ (អេ. ៤:៦; ៥៨:១១) ដោយសារពរពីព្រះយេហូវ៉ា ពួកអ្នកដែលរស់នៅក្នុងសួនឧទ្យាននេះមានអារម្មណ៍សប្បាយរីករាយនិងមានសុវត្ថិភាពក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏លំបាកនេះ។—អេ. ៥៤:១៤; ២ធី. ៣:១
៣. តើអេសាយ ជំពូក៦៥បានត្រូវសម្រេចនៅសម័យបុរាណយ៉ាងដូចម្ដេច?
៣ តាមរយៈអ្នកប្រកាសទំនាយអេសាយ ព្រះយេហូវ៉ាបានរៀបរាប់អំពីជីវិតរបស់ពួកអ្នកដែលរស់នៅក្នុងសួនឧទ្យានក្នុងន័យធៀបថាបែបណា។ អ្នកអាចរកឃើញការរៀបរាប់នេះនៅអេសាយ ជំពូក៦៥ ដែលបានសម្រេចលើកដំបូងនៅឆ្នាំ៥៣៧ មុនគ.ស.។ នៅពេលនោះ ជនជាតិយូដាដែលប្រែចិត្តបានត្រូវរំដោះចេញពីការធ្វើជាឈ្លើយសឹកនៅបាប៊ីឡូន ហើយពួកគេបានត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។ ព្រះយេហូវ៉ាបានឲ្យពររាស្ត្រលោក ហើយបានជួយពួកគេធ្វើឲ្យក្រុងយេរូសាឡិមដែលបានត្រូវបំផ្លាញស្រស់ស្អាតឡើងវិញ ព្រមទាំងស្ថាបនាឡើងវិញនូវវិហារនៅក្រុងនោះដែលជាកន្លែងសំខាន់បំផុតសម្រាប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅស្រុកអ៊ីស្រាអែល។—អេ. ៥១:១១; សាក. ៨:៣
៤. តើទំនាយនៅអេសាយ ជំពូកទី៦៥បានត្រូវសម្រេចយ៉ាងដូចម្ដេចនៅសម័យបច្ចុប្បន្ន?
៤ ការសម្រេចទី២នៃទំនាយរបស់អេសាយបានចាប់ផ្ដើមនៅឆ្នាំ១៩១៩ គ.ស. ពេលអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសម័យបច្ចុប្បន្នបានត្រូវរំដោះឲ្យរួចពីការធ្វើជាឈ្លើយសឹកនៃបាប៊ីឡូនដ៏ខ្លាំងក្លា។ បន្ទាប់មក សួនឧទ្យានក្នុងន័យធៀបបានចាប់ផ្ដើមរីករាលដាលនៅទូទាំងពិភពលោក។ អ្នកផ្សព្វផ្សាយអំពីរាជាណាចក្រដ៏ខ្នះខ្នែងបានបង្កើតក្រុមជំនុំជាច្រើន ហើយពួកគេក៏បង្ហាញគុណសម្បត្តិជាគ្រិស្តសាសនិក។ បុរសនិងស្ត្រីដែលធ្លាប់ប្រព្រឹត្តអំពើឃោរឃៅនិងប្រាសចាកសីលធម៌បាន«ពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ»។ (អេភ. ៤:២៤) ពរជាច្រើនដែលអេសាយបានរៀបរាប់នឹងសម្រេចក្នុងន័យត្រង់នៅក្នុងពិភពលោកថ្មីនាពេលអនាគត។ ប៉ុន្តែសូម្បីតែនៅឥឡូវនេះ ក៏យើងទទួលប្រយោជន៍ជាច្រើនពីការនៅក្នុងសួនឧទ្យានក្នុងន័យធៀប។ សូមយើងពិចារណាថាតើប្រយោជន៍ទាំងនេះមានអ្វីខ្លះ និងមូលហេតុដែលយើងមិនគួរចាកចេញពីសួនឧទ្យានក្នុងន័យធៀបនេះ។
អារម្មណ៍ពួកអ្នកដែលនៅក្នុងសួនឧទ្យានក្នុងន័យធៀប
៥. ដូចបានត្រូវសន្យានៅអេសាយ ៦៥:១៣ តើយើងមានអ្វីខ្លះក្នុងសួនឧទ្យានក្នុងន័យធៀប?
៥ ការឆ្អែតស្កប់ស្កល់និងមានកម្លាំងឡើងវិញ។ ទំនាយរបស់អេសាយបង្ហាញអំពីភាពខុសគ្នាយ៉ាងខ្លាំងរវាងជីវិតរបស់ពួកអ្នកដែលនៅខាងក្នុងសួនឧទ្យានក្នុងន័យធៀប និងជីវិតរបស់ពួកអ្នកដែលនៅខាងក្រៅសួននោះ។ (សូមអាន អេសាយ ៦៥:១៣) ព្រះយេហូវ៉ាបំពេញសេចក្ដីត្រូវការខាងការគោរពប្រណិប័តន៍យ៉ាងបរិបូរដល់ពួកអ្នកគោរពប្រណិប័តន៍លោក។ យើងមានឫទ្ធានុភាពបរិសុទ្ធរបស់លោក បណ្ដាំរបស់លោកជាលាយលក្ខណ៍អក្សរ និងសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារជាបរិបូរ ដើម្បីយើងអាច«បរិភោគ . . . ផឹក . . . [និង]អរសប្បាយ»។ (សូមពិនិត្យបន្ថែម ការបើកបង្ហាញ ២២:១៧) ផ្ទុយទៅវិញ ពួកអ្នកដែលនៅខាងក្រៅសួនឧទ្យានក្នុងន័យធៀប«ឃ្លាន . . . ស្រេក . . . [និង]រងការអាម៉ាស់»។ ពួកគេមិនមានចំណងមិត្តភាពជាមួយព្រះទេ។—អេម. ៨:១១
៦. តើយ៉ូអែល ២:២១-២៤រៀបរាប់យ៉ាងណាអំពីអំណោយខ្លះដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង ហើយតើយើងអាចទទួលប្រយោជន៍យ៉ាងណាពីអ្វីទាំងនោះ?
៦ ក្នុងទំនាយរបស់យ៉ូអែល គាត់បានប្រើអ្វីដែលចាំបាច់ដូចជាស្រូវ ស្រា និងប្រេងអូលីវ ដើម្បីបង្ហាញថាព្រះយេហូវ៉ាផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការដើម្បីរក្សាជំនឿមាំមួន រួមទាំងសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ (យ៉ូល. ២:២១-២៤) ជាឧទាហរណ៍ លោកផ្ដល់ឲ្យយើងនូវគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរ គេហទំព័ររបស់យើង ព្រមទាំងកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ យើងអាចទទួលប្រយោជន៍ពីអ្វីទាំងនេះជារៀងរាល់ថ្ងៃ ហើយជាលទ្ធផលយើងឆ្អែតស្កប់ស្កល់និងមានកម្លាំងចិត្តកាន់តែខ្លាំងឡើង។
៧. តើអ្វីធ្វើឲ្យយើង«មានចិត្តរីករាយ»? (អេសាយ ៦៥:១៤)
៧ អំណរនិងការស្កប់ចិត្ត។ រាស្ត្រព្រះអាច«ស្រែកឡើងដោយអំណរ»ដោយសារពួកគេមានចិត្តកតញ្ញូជាខ្លាំងចំពោះព្រះយេហូវ៉ា។ (សូមអាន អេសាយ ៦៥:១៤) សេចក្ដីពិតពីគម្ពីរដែលគួរឲ្យលើកទឹកចិត្ត និងសេចក្ដីសន្យាដែលសម្រាលទុក្ខក្នុងបណ្ដាំព្រះ ព្រមទាំងសេចក្ដីសង្ឃឹមដ៏មុតមាំរបស់យើងដែលមានមូលដ្ឋានលើគ្រឿងបូជាលោះរបស់គ្រិស្តផ្ដល់ឲ្យយើង«មានចិត្តរីករាយ»។ ការនិយាយអំពីអ្វីទាំងនេះជាមួយបងប្អូនរួមជំនឿធ្វើឲ្យយើងអរសប្បាយយ៉ាងខ្លាំង។—ចសព. ៣៤:៨; ១៣៣:១-៣
៨. តើអ្វីជាលក្ខណៈចម្បងពីរនៃសួនឧទ្យានក្នុងន័យធៀប?
៨ សេចក្ដីស្រឡាញ់និងសាមគ្គីភាពក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាគឺជាលក្ខណៈចម្បងពីរនៃសួនឧទ្យានក្នុងន័យធៀប។ សាមគ្គីភាពនេះជួយយើងឲ្យស្រមៃគិតអំពីជីវិតនឹងទៅជាយ៉ាងណាក្នុងពិភពលោកថ្មី ជាកន្លែងដែលអ្នកបម្រើរបស់ព្រះយេហូវ៉ានឹងមានសេចក្ដីស្រឡាញ់និងសាមគ្គីភាពខ្លាំងជាងពួកគេមាននៅសព្វថ្ងៃនេះទៅទៀត។ (កូឡ. ៣:១៤) បងស្រីគ្រិស្តសាសនិកម្នាក់រៀបរាប់អំពីអ្វីដែលគាត់បានកត់សម្គាល់អំពីរាស្ត្ររបស់ព្រះយេហូវ៉ាពេលគាត់បានជួបពួកគេជាលើកដំបូង។ គាត់និយាយថា៖ «កាលពីមុន ខ្ញុំមិនចេះសប្បាយទេព្រោះខ្វះសេចក្ដីស្រឡាញ់ សូម្បីតែក្នុងក្រុមគ្រួសារខ្លួនឯង។ លើកដំបូងដែលខ្ញុំបានឃើញមនុស្សបង្ហាញសេចក្ដីស្រឡាញ់ពិតចំពោះគ្នាទៅវិញទៅមកគឺនៅពេលដែលខ្ញុំបានជួបសាក្សីព្រះយេហូវ៉ា»។ អ្នកណាដែលចង់មានចិត្តសប្បាយនិងស្កប់ចិត្តពិតប្រាកដត្រូវនៅក្នុងសួនឧទ្យានក្នុងន័យធៀបរបស់យើង។ មិនថាពិភពលោកនេះមានទស្សនៈយ៉ាងណាអំពីអ្នកបម្រើរបស់ព្រះយេហូវ៉ាក្ដី ពួកគេមានកេរ្តិ៍ឈ្មោះល្អប្រពៃចំពោះព្រះយេហូវ៉ានិងអស់អ្នកដែលគោរពប្រណិប័តន៍លោក។—អេ. ៦៥:១៥
៩. តើអេសាយ ៦៥:១៦, ១៧សន្យាអ្វីអំពីការឈឺចាប់និងទុក្ខវេទនាដែលយើងមាននៅឥឡូវនេះ?
៩ ការមានអារម្មណ៍ស្រួលនិងស្ងប់ចិត្ត។ អេសាយ ៦៥:១៤ចែងថាពួកអ្នកដែលសម្រេចចិត្តបន្ដនៅខាងក្រៅសួនឧទ្យានក្នុងន័យធៀប«ស្រែកឡើង ដោយសារឈឺចាប់ក្នុងចិត្ត [ហើយ]ទ្រហោយំ ដោយសារមានចិត្តខ្ទេចខ្ទាំ»។ ប៉ុន្តែចុះយ៉ាងណាអំពីអ្វីទាំងអស់ដែលបាននាំឲ្យរាស្ត្រព្រះឈឺចាប់និងរងទុក្ខវេទនា? នៅទីបំផុត អ្វីទាំងនោះ«នឹងគ្មានអ្នកណានឹកឃើញទៀតឡើយ [ហើយ]នឹងបាត់ចេញពីភ្នែក[ព្រះ]ទៅ»។ (សូមអាន អេសាយ ៦៥:១៦, ១៧) ព្រះយេហូវ៉ានឹងធ្វើឲ្យទុក្ខលំបាករបស់យើងសាបសូន្យទៅ ហើយការឈឺចាប់ដែលមកពីការនឹកចាំបែបនេះនឹងរលាយបាត់ទៅទាំងស្រុង។
១០. ហេតុអ្វីអ្នកមានចិត្តកតញ្ញូចំពោះឱកាសនៅជាមួយបងប្អូនរួមជំនឿ? (សូមមើលរូបភាពផងដែរ)
១០ សូម្បីតែនៅឥឡូវនេះក្ដី យើងធូរចិត្តពេលយើងនៅកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិក ជាកន្លែងដែលយើងអាចមានអារម្មណ៍ស្រួល ហើយទុកការតានតឹងចិត្តពីពិភពលោកដ៏ទុច្ចរិតនេះមួយឡែកសិន។ យើងក៏ជួយបងប្អូនរបស់យើងឲ្យមានអារម្មណ៍ស្ងប់ពេលដែលយើងបង្ហាញសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីសប្បុរស និងចិត្តស្លូតបូត ដែលមាននៅក្នុងផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ (កាឡ. ៥:២២, ២៣) គឺជាពរមួយដែលយើងនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា! ពួកអ្នកដែលបន្តនៅក្នុងសួនឧទ្យានក្នុងន័យធៀបនឹងឃើញការសម្រេចទាំងស្រុងនៃសេចក្ដីសន្យារបស់ព្រះស្ដីអំពី«មេឃថ្មីនិងផែនដីថ្មី»។
ការធ្វើជាសមាជិកក្រុមគ្រួសារព្រះនៅក្នុងសួនឧទ្យានក្នុងន័យធៀបគឺជាពរមួយ (សូមមើលវគ្គ១០)c
១១. យោងទៅតាមអេសាយ ៦៥:១៨, ១៩ តើសួនឧទ្យានក្នុងន័យធៀបដែលព្រះយេហូវ៉ាបានបង្កើតគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
១១ ចិត្តកតញ្ញូនិងចិត្តរំភើប។ បន្ទាប់មក អេសាយបានពន្យល់អំពីមូលហេតុដែលយើងគួរ«អរសប្បាយនិងត្រេកអរ»ក្នុងសួនឧទ្យានក្នុងន័យធៀប។ ព្រះយេហូវ៉ាជាអ្នកបង្កើតសួនឧទ្យានក្នុងន័យធៀបនេះ។ (សូមអាន អេសាយ ៦៥:១៨, ១៩) ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេដែលព្រះយេហូវ៉ាកំពុងប្រើយើងដើម្បីជួយមនុស្សឲ្យចាកចេញពីអង្គការរបស់ពិភពលោកនេះដែលមិនបង្រៀនសេចក្ដីពិតអំពីព្រះ ហើយជួយមនុស្សទាំងនោះឲ្យចូលក្នុងសួនឧទ្យានដ៏ស្រស់ស្អាតក្នុងន័យធៀប! យើងរំភើបចិត្តចំពោះពរដែលយើងទទួលដោយសារយើងនៅក្នុងសេចក្ដីពិត ហើយយើងមានបំណងចិត្តជាខ្លាំងដើម្បីប្រាប់អ្នកឯទៀតអំពីពរទាំងនោះ។—យេ. ៣១:១២
១២. តើសេចក្ដីសន្យាដែលបានត្រូវរៀបរាប់នៅអេសាយ ៦៥:២០-២៤ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ហើយហេតុអ្វី?
១២ យើងក៏មានចិត្តកតញ្ញូនិងរំភើបចិត្តអំពីសេចក្ដីសង្ឃឹមដែលយើងមានដោយសារយើងមានភាពសុខសាន្តជាមួយព្រះយេហូវ៉ា។ សូមគិតអំពីអ្វីទាំងអស់ដែលយើងនឹងឃើញ ហើយធ្វើនៅក្នុងពិភពលោកថ្មី! គម្ពីរសន្យាថា៖ «នឹងលែងមានទារកដែលរស់បានតែប៉ុន្មានថ្ងៃទៀតហើយ ហើយក៏លែងមានមនុស្សវ័យចាស់ដែលរស់មិនគ្រប់អាយុទៀតដែរ»។ យើង«នឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ [និង]ដាំដំណាំទំពាំងបាយជូរ ហើយក៏បរិភោគផលផ្លែពីនោះដែរ។ យើង«នឹងមិនខំប្រឹងធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ» ដោយសារ«ព្រះយេហូវ៉ាឲ្យពរ»យើង។ លោកសន្យាឲ្យយើងនូវជីវិតដែលមានសុវត្ថិភាពនិងស្កប់ចិត្តដោយមានគោលបំណងពិតប្រាកដ។ «មុន[យើង]ហៅរក»លោក លោកនឹងដឹងអំពីសេចក្ដីត្រូវការរបស់យើងម្នាក់ៗ ហើយនឹង«បំពេញបំណងប្រាថ្នារបស់ជីវិតទាំងឡាយ»។—អេ. ៦៥:២០-២៤; ចសព. ១៤៥:១៦
១៣. តើអេសាយ ៦៥:២៥រៀបរាប់យ៉ាងណាអំពីការកែប្រែរបស់មនុស្សពេលពួកគេចាប់ផ្ដើមបម្រើព្រះយេហូវ៉ា?
១៣ សេចក្ដីសុខសាន្តនិងសុវត្ថិភាព។ ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះ មនុស្សជាច្រើនដែលធ្លាប់មានបុគ្គលិកលក្ខណៈដូចសត្វសាហាវ បានធ្វើការកែប្រែដ៏គួរឲ្យកោតស្ងើចក្នុងជីវិតរបស់ពួកគេ។ (សូមអាន អេសាយ ៦៥:២៥) ពួកគេបានខំប្រឹងជម្រុះចោលគុណវិបត្តិរបស់ពួកគេ។ (រ៉ូម ១២:២; អេភ. ៤:២២-២៤) ពិតមែនរាស្ត្រព្រះនៅតែជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះយើងនឹងបន្ដធ្វើខុស តែព្រះយេហូវ៉ាបានបង្រួបបង្រួម«មនុស្សគ្រប់ប្រភេទ»ឲ្យមានចំណងនៃសេចក្ដីស្រឡាញ់និងសន្តិភាពដែលមិនអាចកាត់ផ្ដាច់បាន។ (ទីត. ២:១១) នេះគឺជាអព្ភូតហេតុមួយដែលមានតែព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតប៉ុណ្ណោះអាចធ្វើបាន!
១៤. តើអេសាយ ៦៥:២៥បានកើតឡើងក្នុងករណីរបស់បងប្រុសម្នាក់យ៉ាងដូចម្ដេច?
១៤ តើមនុស្សពិតជាអាចផ្លាស់ប្ដូរលក្ខណៈរបស់ពួកគេបានឬទេ? សូមគិតអំពីបទពិសោធន៍នេះ។ បុរសវ័យក្មេងម្នាក់ធ្លាប់ជាប់គុកអស់ជាច្រើនលើកច្រើនសារមុនពេលគាត់មានអាយុ២០ឆ្នាំ ហើយគាត់ក៏មានរបៀបរស់នៅដែលប្រាសចាកសីលធម៌និងសាហាវឃោរឃៅខ្លាំងណាស់។ គាត់បានជាប់គុកដោយសារគាត់លួចឡានគេ ចូលលួចរបស់របរក្នុងផ្ទះគេ និងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរផ្សេងទៀត។ គាត់ប្រុងប្រៀបវ៉ៃគ្នាជានិច្ច។ ពេលគាត់បានឮសេចក្ដីពិតពីគម្ពីរជាលើកដំបូង ហើយបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា គាត់ជឿជាក់ថាគាត់បានរកឃើញគោលបំណងក្នុងជីវិត នោះគឺគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅក្នុងសួនឧទ្យានក្នុងន័យធៀប។ ក្រោយពីគាត់ទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា គាត់ច្រើនតែគិតអំពីរបៀបដែលអេសាយ ៦៥:២៥សំដៅមកលើគាត់។ គាត់បានកែប្រែពីមនុស្សសាហាវឃោរឃៅដែលមានលក្ខណៈដូចតោ ទៅជាមនុស្សដែលមានលក្ខណៈដូចចៀម ពោលគឺមនុស្សដែលធ្វើឲ្យមានសន្តិភាព។
១៥. ហេតុអ្វីយើងចង់អញ្ជើញអ្នកឯទៀតឲ្យចូលរួមជាមួយយើងក្នុងសួនឧទ្យានក្នុងន័យធៀប ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៥ អេសាយ ៦៥:១៣ចាប់ផ្ដើមដោយការប្រកាសថា៖ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះ»។ ខ២៥បញ្ចប់ដោយពាក្យថា៖ «នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។ យើងដឹងថាពាក្យរបស់លោកតែងតែក្លាយជាការពិត។ (អេ. ៥៥:១០, ១១) សួនឧទ្យានក្នុងន័យធៀបគឺមានរួចហើយនៅឥឡូវនេះ។ ព្រះយេហូវ៉ាបានបង្កើតក្រុមគ្រួសារមួយដ៏ល្អឯកដែលជាអ្នកគោរពប្រណិប័តន៍លោក។ ក្នុងចំណោមរាស្ត្រលោក យើងអាចរកឃើញសេចក្ដីសុខសាន្តនិងសុវត្ថិភាពច្រើនបំផុតដែលអាចមានក្នុងពិភពលោកដ៏ឃោរឃៅនេះ។ (ចសព. ៧២:៧) ហេតុនេះហើយ យើងចង់ជួយមនុស្សឲ្យបានច្រើនបំផុតចូលរួមជាមួយយើងក្នុងក្រុមគ្រួសាររួមជំនឿ។ យើងអាចធ្វើដូច្នេះដោយផ្ដោតអារម្មណ៍ទៅលើការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។—ម៉ាថ. ២៨:១៩, ២០
របៀបទាក់ទាញអ្នកឯទៀតឲ្យចូលក្នុងសួនឧទ្យានក្នុងន័យធៀប
១៦. តើអ្វីអាចជួយមនុស្សឲ្យចង់ចូលរួមក្នុងសួនឧទ្យានក្នុងន័យធៀប?
១៦ យើងម្នាក់ៗមានតួនាទីសំខាន់ក្នុងការទាក់ទាញអ្នកឯទៀតឲ្យចូលសួនឧទ្យានក្នុងន័យធៀប។ យើងអាចបំពេញតួនាទីនេះបើយើងយកតម្រាប់ព្រះយេហូវ៉ា។ លោកមិនអូសទាញមនុស្សឲ្យមកក្នុងអង្គការរបស់លោកទេ។ ផ្ទុយទៅវិញ លោក«ទាញនាំ»មនុស្សយ៉ាងថ្នមៗឲ្យមកឯលោក។ (យ៉ូន. ៦:៤៤; យេ. ៣១:៣) មនុស្សដែលមានចិត្តស្មោះ មានបំណងចិត្តចង់ចូលមកជិតលោក ដោយសារពួកគេរៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានិងបុគ្គលិកលក្ខណៈដ៏ល្អប្រពៃរបស់លោក។ តើតាមរបៀបណាយើងអាចទាក់ទាញចិត្តមនុស្សឲ្យចូលក្នុងសួនឧទ្យានក្នុងន័យធៀបដោយការប្រព្រឹត្តល្អនិងគុណសម្បត្តិរបស់យើង?
១៧. តើយើងអាចទាក់ទាញអ្នកឯទៀតឲ្យចូលក្នុងសួនឧទ្យានក្នុងន័យធៀបយ៉ាងដូចម្ដេច?
១៧ របៀបមួយដែលយើងអាចទាក់ទាញអ្នកឯទៀតឲ្យចូលក្នុងសួនឧទ្យានក្នុងន័យធៀប គឺដោយប្រព្រឹត្តទៅលើបងប្អូនរួមជំនឿដោយសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស។ ពេលអ្នកថ្មីចូលរួមកិច្ចប្រជុំរបស់យើង យើងចង់ឲ្យពួកគេមានអារម្មណ៍ដូចពួកអ្នកមិនជឿនាសម័យបុរាណដែលប្រហែលជាបានចូលរួមកិច្ចប្រជុំនៅក្រុងកូរិនថូស។ ពួកគេបានលាន់មាត់ថា៖ «ព្រះនៅក្នុងចំណោមអ្នករាល់គ្នាមែន»។ (១កូ. ១៤:២៤, ២៥; សាក. ៨:២៣) ដូច្នេះយើងត្រូវបន្ដធ្វើតាមយោបល់ដែលឲ្យ«រក្សាឲ្យមានសន្តិភាពរវាងគ្នានឹងគ្នា»។—១ថែ. ៥:១៣
១៨. តើអ្វីអាចទាក់ទាញមនុស្សឲ្យមកឯអង្គការរបស់យើង?
១៨ យើងគួរព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ាជានិច្ចចំពោះបងប្អូនរួមជំនឿ។ យើងធ្វើដូច្នេះដោយផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកគេ មិនមែនភាពមិនល្អឥតខ្ចោះដែលនៅទីបំផុតនឹងបាត់ទៅនោះទេ។ យើងអាចដោះស្រាយការខ្វែងគំនិតគ្នា តាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់ បើយើងតែងតែ«ប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្តា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (អេភ. ៤:៣២) យ៉ាងនេះ សួនឧទ្យានក្នុងន័យធៀបនឹងទាក់ទាញមនុស្សដែលចង់ឲ្យគេប្រព្រឹត្តមកលើខ្លួនស្រដៀងនឹងនេះ។b
ចូរបន្ដនៅក្នុងសួនឧទ្យានក្នុងន័យធៀបជានិច្ច
១៩. (ក) ដូចបានបង្ហាញក្នុងប្រអប់ដែលមានចំណងជើងថា «ពួកគាត់បានចាកចេញ ហើយបានត្រឡប់មកវិញ» តើអ្នកខ្លះបាននិយាយយ៉ាងណាក្រោយពីត្រឡប់មកសួនឧទ្យានក្នុងន័យធៀបវិញ? (ខ) តើយើងគួរតាំងចិត្តធ្វើអ្វី? (សូមមើលរូបភាពផងដែរ)
១៩ យើងឲ្យតម្លៃជាខ្លាំងចំពោះសួនឧទ្យានក្នុងន័យធៀប! សួននោះស្រស់ស្អាតកាន់តែខ្លាំងឡើងៗ ហើយមានអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាកាន់តែច្រើនជាងមុននៅទីនោះ។ សូមយើងឲ្យតម្លៃជារៀងរហូតចំពោះសួនឧទ្យានដែលព្រះយេហូវ៉ាបានបង្កើតសម្រាប់យើង។ អ្នកណាដែលចង់មានចិត្តស្ងប់ ស្កប់ចិត្ត មានសុវត្ថិភាព និងមានកម្លាំងចិត្តឡើងវិញ ត្រូវមកក្នុងសួនឧទ្យានក្នុងន័យធៀប ហើយមិនចាកចេញពីសួននោះឡើយ។ ប៉ុន្តែសូមប្រុងប្រយ័ត្ន ព្រោះសាថានកំពុងព្យាយាមអស់ពីសមត្ថភាពរបស់វាដើម្បីទាញយើងឲ្យចេញពីទីនោះ។ (១ពេ. ៥:៨; បប. ១២:៩) យើងមិនត្រូវឲ្យវាទទួលជោគជ័យទេ។ សូមយើងខំប្រឹងការពារភាពស្រស់ស្អាត ភាពបរិសុទ្ធ និងសេចក្ដីសុខសាន្តនៃសួនឧទ្យានក្នុងន័យធៀប។
ពួកអ្នកដែលបន្ដនៅក្នុងសួនឧទ្យានក្នុងន័យធៀបក៏នឹងអរសប្បាយនៅក្នុងសួនឧទ្យានក្នុងន័យត្រង់នាពេលអនាគតដែរ (សូមមើលវគ្គ១៩)
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើសួនឧទ្យានក្នុងន័យធៀបគឺជាអ្វី?
តើយើងទទួលពរអ្វីខ្លះដោយសារយើងនៅក្នុងសួនឧទ្យានក្នុងន័យធៀបនេះ?
តើយើងអាចទាក់ទាញអ្នកឯទៀតឲ្យចូលក្នុងសួនឧទ្យាននេះយ៉ាងដូចម្ដេច?
ចម្រៀងលេខ១៤៤ ចូរផ្ដោតអារម្មណ៍លើរង្វាន់!
a ការពន្យល់ពាក្យ៖ ពាក្យ«សួនឧទ្យានក្នុងន័យធៀប»រៀបរាប់អំពីបរិយាកាសសុខសាន្តក្នុងចំណោមពួកអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ក្នុងសួនឧទ្យាននេះ យើងមានសេចក្ដីសុខសាន្តជាមួយព្រះយេហូវ៉ានិងជាមួយគ្នា។
b សូមទស្សនាវីដេអូតើឥឡូវពួកគេនៅឯណា? អ៊ែលីណា ហ្សីតនីកូវ៉ា៖ របៀបដែលក្ដីស្រម៉ៃរបស់ខ្ញុំបានក្លាយទៅជាការពិត ហើយមើលអំពីពរដែលបងស្រីម្នាក់បានទទួលពីការនៅក្នុងសួនឧទ្យានក្នុងន័យធៀបនៅគេហទំព័រjw.org/km។
c ការពណ៌នាអំពីរូបភាព៖ ការដែលបុគ្គលជាច្រើននាក់ទទួលប្រយោជន៍ពីការសេពគប់ជាមួយអ្នកឯទៀតនៅកិច្ចប្រជុំ បងប្រុសម្នាក់ដាច់ខ្លួននៅតែឯង។