បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/២ ទំ. ៨-១២
  • អ្នកបំរើរបស់ព្រះយេហូវ៉ាមានសុភមង្គល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកបំរើរបស់ព្រះយេហូវ៉ាមានសុភមង្គល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ទទួល​ស្គាល់​ថា​យើង​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ
  • មូលហេតុ​ដែល​អ្នក​យំ​សោក​អាច​មាន​សុភមង្គល
  • មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្លូតបូត
  • មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត
  • មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដាករុណា
  • មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ហើយ​ផ្សះផ្សា​គេ
  • សេចក្ដីបង្រៀនរបស់លោកយេស៊ូនាំឲ្យមានសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អស់អ្នកដែលបម្រើ«ព្រះដែលមានសេចក្ដីសប្បាយ» មានសុភមង្គលហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើពិតជាត្រូវមានអ្វីដើម្បីមានសុភមង្គល?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចំអ្នកដទៃ តើយើងគួរប្រព្រឹត្ដយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/២ ទំ. ៨-១២

អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មាន​សុភមង្គល

«មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ»។—ម៉ាថាយ ៥:៣

១​. តើ​សុភមង្គល​ដ៏​ពិត​ជា​អ្វី? ហើយ​តើ​នោះ​បញ្ជាក់​អ្វី​ខ្លះ?

សុភមង្គល​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​មាន​តម្លៃ​វិសេស​ចំពោះ​ពួក​គេ។ ស្តេច​ដាវីឌ​បាន​តែង​ទំនុកដំកើង​ថា៖ «សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ[ឬ«មាន​សុភមង្គល», ខ.ស.]ហើយ!»។ (ទំនុកដំកើង ១៤៤:១៥) សុភមង្គល​បញ្ជាក់​នូវ​អារម្មណ៍​សុខ​សប្បាយ។ សុភមង្គល​ដែល​កប់​យ៉ាង​ជ្រៅ​ក្នុង​ជំរៅ​ចិត្ត មក​ពី​យើង​ដឹង​ថា​យើង​មាន​ព្រះ​ពរ​ឬ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។ (សុភាសិត ១០:២២) សុភមង្គល​បែប​នេះ​បញ្ជាក់​ថា​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌ ហើយ​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (ទំនុកដំកើង ១១២:១; ១១៩:១, ២) គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ថា ព្រះ​យេស៊ូ​ក៏​ធ្លាប់​មាន​បន្ទូល​រៀប​រាប់​មូលហេតុ​ប្រាំ​បួន​យ៉ាង​ដែល​យើង​គួរ​សប្បាយ។ ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​មូលហេតុ​ទាំង​ប្រាំ​បួន​ដែល​យើង​អាច​មាន​សុភមង្គល ដ្បិត​នេះ​នឹង​ជួយ​ឲ្យ​យើង​យល់​ថា​យើង​អាច​សប្បាយ​ប៉ុន​ណា បើ​បំរើ​ព្រះ​យេហូវ៉ា ជា«ព្រះ​ដែល​មាន​ព្រះទ័យ​សប្បាយ»យ៉ាង​ស្មោះ​នោះ។—ធីម៉ូថេទី១ ១:១១, ព.ថ.

ការ​ទទួល​ស្គាល់​ថា​យើង​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ

២​. តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​សុភមង្គល​នៅ​ពេល​ណា? តើ​ទ្រង់​បាន​មាន​បន្ទូល​អ្វី​ជា​មុន​បង្អស់?

២ នៅ​ឆ្នាំ​៣១ ស.យ. ព្រះ​យេស៊ូ​បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្បី​បំផុត​មួយ។ សុន្ទរកថា​នោះ​ហៅ​ថា​ធម្មទាន​នៅ​លើ​ភ្នំ ពីព្រោះ​ព្រះ​យេស៊ូ​បាន​ធ្វើ​ធម្មទាន​នេះ​នៅ​ជម្រាល​ភ្នំ​មួយ​ក្បែរ​សមុទ្រ​កាលីឡេ។ សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​រៀប​រាប់​ថា៖ «កាល[ព្រះ​យេស៊ូ]បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បើក​ព្រះ​ឱស្ឋ​បង្រៀន​គេ​ថា៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ›»។a—ម៉ាថាយ ៥:១​-​៣, កំណែ​ជា​អក្សរ​ទ្រេត

៣​. បើ​យើង​មាន​ចិត្ត​រាប​ទាប តើ​នោះ​ជួយ​ឲ្យ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

៣ ក្នុង​សុន្ទរកថា​នេះ ព្រះ​យេស៊ូ​បញ្ជាក់​ថា មនុស្ស​នឹង​សប្បាយ​ជាង​បើ​ទទួល​ស្គាល់​ថា​ខ្លួន​កំសត់​ឬ​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ។ ដោយសារ​ទទួល​ស្គាល់​ថា​ខ្លួន​មាន​បាប​នោះ គ្រីស្ទាន​ដែល​មាន​ចិត្ត​រាប​ទាប​ទូល​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​អត់​ឱន​ទោស ដោយ​ផ្អែក​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ។ (យ៉ូហានទី១ ១:៩) យ៉ាង​នេះ ពួក​គេ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​ហើយ​មាន​សុភមង្គល​យ៉ាង​ពិត​ប្រាកដ។ «មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ»។—ទំនុកដំកើង ៣២:១; ១១៩:១៦៥

៤​. (ក) តើ​យើង​អាច​បង្ហាញ​ថា​យើង​ទទួល​ស្គាល់​នូវ​សេចក្ដី​កំសត់​ខាង​វិញ្ញាណ​របស់​ខ្លួន​និង​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ថែម​ទៀត​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា​យើង​មាន​សេចក្ដី​កំសត់​ខាង​វិញ្ញាណ?

៤ ការ​ទទួល​ស្គាល់​ថា​យើង​កំសត់​ឬ​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នឹង​ជំរុញ​ឲ្យ​យើង​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ ទាំង​ទទួល​នូវ​អាហារ​ខាង​វិញ្ញាណ​ដែល​ផ្ដល់«តាម​ត្រូវ​ពេល»ដោយ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ហើយ​ក៏​ជំរុញ​ឲ្យ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀងទាត់​ដែរ។ (ម៉ាថាយ ២៤:៤៥; ទំនុកដំកើង ១:១, ២; ១១៩:១១១; ហេព្រើរ ១០:២៥) សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នកជិតខាង​ធ្វើ​ឲ្យ​យើង​ទទួល​ស្គាល់​នូវ​សេចក្ដី​កំសត់​ខាង​វិញ្ញាណ​របស់​អ្នក​ឯ​ទៀត ហើយ​ជំរុញ​យើង​ឲ្យ​ខ្នះខ្នែង​ផ្សព្វផ្សាយ​និង​បង្រៀន​ពួក​គេ​អំពី​ដំណឹង​ល្អ​ស្តី​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាកុស ១៣:១០; រ៉ូម ១:១៤​-​១៦) ការ​ប្រាប់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល។ (កិច្ចការ ២០:២០, ៣៥, ខ.ស.) យើង​នឹង​មានសុភមង្គល​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​ដែល​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ប្រយោជន៍​ដែល​ព្រះ​រាជាណាចក្រ​នោះ​នឹង​នាំ​មក។ សំរាប់​អ្នក​ដែល​ចូល​រួម​ក្នុង«ហ្វូង​តូច» ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នោះ ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជា​ជីវិត​អមតៈ​នៅ​ស្ថានសួគ៌​ជា​សមាជិក​នៃ​រាជ​រដ្ឋាភិបាល​របស់​ព្រះ​គ្រីស្ទ។ (លូកា ១២:៣២; កូរិនថូសទី១ ១៥:៥០, ៥៤) ចំពោះ«ចៀម​ឯ​ទៀត» ពួក​គេ​សង្ឃឹម​ទទួល​បាន​នូវ​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជ​រដ្ឋាភិបាល​នោះ។—យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:១១; ម៉ាថាយ ២៥:៣៤, ៤៦

មូលហេតុ​ដែល​អ្នក​យំ​សោក​អាច​មាន​សុភមង្គល

៥​. (ក) តើ​ពាក្យ​ថា«អ្នក​ដែល​យំ​សោក»សំដៅ​លើ​អ្វី? (ខ) តើ​មនុស្ស​ដែល​យំ​សោក​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដូច​ម្ដេច?

៥ បន្ទូល​បន្តបន្ទាប់​របស់​ព្រះ​យេស៊ូ​ស្ដាប់​ទៅ​ដូច​ជា​ផ្ទុយ​គ្នា។ ទ្រង់​មាន​បន្ទូល​ថា៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​កំសាន្ត​ចិត្ត›។ (ម៉ាថាយ ៥:៤, កំណែ​ជា​អក្សរ​ទ្រេត) តើ​មនុស្ស​អាច​យំ​សោក​ហើយ​មាន​សុភមង្គល​នៅ​ដំណាល​គ្នា​យ៉ាង​ដូច​ម្ដេច​បាន? ដើម្បី​យល់​អត្ថន័យ​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ យើង​ត្រូវ​យល់​ថា​តើ​ការ​យំ​សោក​ដែល​ទ្រង់​រៀប​រាប់​នោះ​សំដៅ​លើ​អ្វី។ យ៉ាកុប​បាន​ពន្យល់​ថា យើង​គួរ​យំ​សោក​ដោយសារ​មាន​បាប។ គាត់​សរសេរ​ថា៖ «ឱ​ពួក​មាន​បាប​អើយ! ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ! ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ! ចូរ​សំអាត​ចិត្ត​ឡើង។ ចូរ​ឲ្យ​មាន​សេចក្ដី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ! សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្ដី​អំណរ​ទៅ​ជា​សេចក្ដី​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង»។ (យ៉ាកុប ៤:៨​-​១០) មនុស្ស​ដែល​ពិត​ជា​ពិបាក​ចិត្ត​ដោយសារ​ខ្លួន​មាន​បាប​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​ដែល​រៀន​ថា បាប​របស់​ពួក​គេ​អាច​ត្រូវ​អត់​ឱន​បាន បើ​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ ហើយ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន ៣:១៦; កូរិនថូសទី២ ៧:៩, ១០) យ៉ាង​នេះ ពួក​គេ​អាច​មាន​ចំណង​មិត្តភាព​ដ៏​វិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​បាន​ជីវិត​ជា​រៀង​រហូត​ដើម្បី​បំរើ​ហើយ​សរសើរ​ទ្រង់​ជា​និរន្តរ៍។ នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​ដែល​កប់​ជ្រៅ​ក្នុង​ជំរៅ​ចិត្ត។—រ៉ូម ៤:៧, ៨

៦​. តើ​មនុស្ស​ខ្លះ​យំ​សោក​ក្នុង​ន័យ​អ្វី? តើ​ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច?

៦ បន្ទូល​របស់​ព្រះ​យេស៊ូ​ក៏​រួម​បញ្ចូល​ពួក​អ្នក​ដែល​យំ​សោក​ដោយសារ​សភាព​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​មាន​ទូទៅ​ក្នុង​លោកីយ៍​នេះ​ដែរ។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា បទ​ទំនាយ​នៅ​អេសាយ ៦១:១, ២ សំដៅ​លើ​ទ្រង់។ ទំនាយ​នោះ​ប្រាប់​ថា៖ «ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង . . . ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ​សោក»។ ការងារ​នេះ​ក៏​ជា​ភារកិច្ច​របស់​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​រស់​នៅ​លើ​ផែនដី​នេះ​នៅ​ឡើយ ដោយ​មាន​ជំនួយ​ពី«ចៀម​ឯ​ទៀត»ដែល​ជា​គូកន​របស់​ពួក​គាត់។ ពួក​គេ​ទាំង​អស់​គ្នា​ចូល​រួម​ក្នុង​ការងារ​ដាក់​សញ្ញា​អត្ថបដិរូប​លើ​ថ្ងាស​របស់«ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង[ដែល​សំដៅ​លើ​យេរូសាឡិម​ដែល​បាន​ក្បត់​ជំនឿ ហើយ​តំណាង​ពិភព​គ្រីស្ទ​សាសនា]»។ (អេសេគាល ៩:៤) មនុស្ស​ដែល​យំ​សោក​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ពី‹ដំណឹង​ល្អ​ដែល​សំដែង​ពី​ព្រះ​រាជាណាចក្រ›។ (ម៉ាថាយ ២៤:១៤) ពួក​គេ​សប្បាយ​ចិត្ត​ពេល​ដែល​រៀន​ដឹង​ថា​របប​លោកីយ៍​របស់​សាតាំង​នឹង​ត្រូវ​បំផ្លាញ​ចោល​បន្ដិច​ទៀត ហើយ​ត្រូវ​ជំនួស​ដោយ​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្លូតបូត

៧​. តើ​ពាក្យ«ស្លូតបូត» មិន​មាន​ន័យ​អ្វី?

៧ ព្រះ​យេស៊ូ​បន្ត​សុន្ទរកថា​របស់​ទ្រង់​ដោយ​មាន​បន្ទូល​ថា៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់[ឬ«ស្លូតបូត», ខ.ស.] ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​បាន​ផែនដី​ជា​មរដក›។ (ម៉ាថាយ ៥:៥, កំណែ​ជា​អក្សរ​ទ្រេត) ជួន​កាល មនុស្ស​ស្លូតបូត​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​អន់​ខ្សោយ។ ក៏​ប៉ុន្តែ គឺ​មិន​ដូច្នេះ​ទេ។ បណ្ឌិត​ព្រះ​គម្ពីរ​មួយ​រូប​បាន​ពន្យល់​ខ្លឹមសារ​ពាក្យ«ស្លូតបូត»នេះ​ក្នុង​ព្រះ​គម្ពីរ​ថា៖ «លក្ខណៈ​ប្រសើរ​បំផុត​របស់​មនុស្ស[ស្លូតបូត]គឺ ពួក​គេ​អាច​ទប់​ចិត្ត​ទប់​អារម្មណ៍​បាន​យ៉ាង​គ្រប់​ល័ក្ខណ៍។ នោះ​មិន​សំដៅ​ទៅ​មនុស្ស​ដែល​ឲ្យ​គេ​ដឹក​ច្រមុះ​បាន​នោះ​ទេ ក៏​មិន​ទាក់ទង​នឹង​មនោសញ្ចេតនា​ឬ​ចិត្ត​ស្ងប់​ដែរ តែ​ជា​ការ​ចេះ​ទប់​ចិត្ត​ទប់​អារម្មណ៍»។ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ថា៖ «ខ្ញុំ​ស្លូត​ហើយ​មាន​ចិត្ត​សុភាព»។ (ម៉ាថាយ ១១:២៩) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ក្លាហាន​ក្នុង​ការ​គាំទ្រ​គោលការណ៍​សុចរិត។—ម៉ាថាយ ២១:១២, ១៣; ២៣:១៣​-​៣៣

៨​. តើ​ភាព​ស្លូតបូត​ជាប់​ទាក់ទង​នឹង​គុណសម្បត្ដិ​អ្វី​ទៀត? ហេតុ​អ្វី​យើង​ត្រូវ​មាន​គុណសម្បត្ដិ​នេះ​ពេល​ដែល​ទាក់ទង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត?

៨ ដូច្នេះ ភាព​ស្លូតបូត​ជាប់​ទាក់ទង​នឹង​ការ​ទប់​ចិត្ត។ ប្រាកដ​ហើយ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​រៀប​រាប់​នូវ«ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ»នោះ ភាព​ស្លូតបូត​និង​ការ​ទប់​ចិត្ត​បាន​ត្រូវ​រៀប​រាប់​ជា​មួយ​គ្នា។ (កាឡាទី ៥:២២, ២៣) ដើម្បី​លត់​ដំ​ខ្លួន​ឲ្យ​មាន​ភាព​ស្លូតបូត​នោះ ត្រូវ​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ។ ភាព​ស្លូតបូត​ជា​គុណសម្បត្ដិ​មួយ​ដែល​ជួយ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​សុខសាន្ត​ជា​មួយ​នឹង​អ្នក​នៅ​ក្នុង​ក្រុមជំនុំ និង​អ្នក​ខាង​ក្រៅ​ក្រុមជំនុំ​ទៀត​ផង។ ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់ធ្មត់ . . . ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក»។—កូល៉ុស ៣:១២, ១៣

៩​. (ក) ហេតុ​អ្វី​បាន​ជា​ភាព​ស្លូតបូត​គឺ​មិន​សំរាប់​តែ​ទំនាក់ទំនង​ជា​មួយ​នឹង​មនុស្ស​ប៉ុណ្ណោះ? (ខ) តើ​អ្នក​ដែល​ស្លូតបូត«គ្រង​បាន​ផែនដី​ជា​មរដក»យ៉ាង​ដូច​ម្ដេច?

៩ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​បង្ហាញ​ភាព​ស្លូតបូត​ពេល​ដែល​ទាក់ទង​មនុស្ស​ប៉ុណ្ណោះ​ទេ។ ដោយ​ចុះ​ចូល​ស្ម័គ្រ​ពី​ចិត្ត​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​នោះ យើង​បង្ហាញ​ថា​យើង​ជា​មនុស្ស​ស្លូតបូត។ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​គំរូ​ល្អ​បំផុត​អំពី​រឿង​នេះ ដ្បិត​ពេល​ដែល​ទ្រង់​គង់​នៅ​ផែនដី ទ្រង់​បង្ហាញ​ព្រះទ័យ​ស្លូតបូត​ហើយ​ក៏​បាន​ចុះ​ចូល​ទាំង​ស្រុង​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ទ្រង់។ (យ៉ូហាន ៥:១៩, ៣០) ព្រះ​យេស៊ូ​ជា​អ្នក​ដែល​នឹង​គ្រង​ផែនដី​ជា​មរតក​មុន​គេ ដ្បិត​ទ្រង់​ជា​អ្នក​ដែល​បាន​ត្រូវ​តែងតាំង​ជា​អ្នក​គ្រប់គ្រង។ (ទំនុកដំកើង ២:៦​-​៨; ដានីយ៉ែល ៧:១៣, ១៤) ព្រះ​យេស៊ូ​ក៏​ឲ្យ​ពួក​១៤៤.០០០​នាក់‹គ្រង​មរដក​ជា​មួយ›នឹង​ទ្រង់​ដែរ គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស«ចេញ​ពី​ពួកមនុស្ស​លោក»ដើម្បី​«សោយ​រាជ្យ​លើ​ផែនដី»។ (រ៉ូម ៨:១៧; វិវរណៈ ៥:៩, ១០; ១៤:១, ៣, ៤; ដានីយ៉ែល ៧:២៧) ព្រះ​គ្រីស្ទ​និង​អ្នក​រួម​គ្រប់គ្រង​ជា​មួយ​នឹង​ទ្រង់ នឹង​គ្រប់គ្រង​មនុស្ស​រាប់​លាន​នាក់ ដែល​ជា​អ្នក​មាន​លក្ខណៈ​ដូច​ចៀម​នឹង​ឃើញ​ការ​សម្រេច​នៃ​ទំនាយ​ដ៏​គួរ​ឲ្យ​សប្បាយ​ដែល​ថា៖ «ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:១១; ម៉ាថាយ ២៥:៣៣, ៣៤, ៤៦

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត

១០​. តើ​អ្នក​ដែល​«ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត»អាច​ឆ្អែត​យ៉ាង​ដូច​ម្ដេច​បាន?

១០ ចំណុច​បន្តបន្ទាប់​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ពេល​ដែល​ទ្រង់​គង់​នៅ​ជម្រាល​ភ្នំ​កាលីឡេ​គឺ៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត›។ (ម៉ាថាយ ៥:៦, កំណែ​ជា​អក្សរ​ទ្រេត) សំរាប់​ពួក​គ្រីស្ទាន ព្រះ​យេហូវ៉ា​កំណត់​ខ្នាត​តម្រា​ស្តី​អំពី​សេចក្ដី​សុចរិត។ ហេតុ​នេះ អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត គឺ​មាន​ន័យ​ថា​ស្រេក​ឃ្លាន​នូវ​ការ​ណែនាំ​ពី​ព្រះ។ អ្នក​ទាំង​នោះ​យល់​ច្បាស់​ថា ខ្លួន​មាន​បាប ក៏​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ខ្លួន។ ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ពេល​ដែល​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ដឹង​ថា បើ​ពួក​គេ​ប្រែ​ចិត្ត​និង​ខំ​ទទួល​ការ​អត់​ឱន​ទោស​ដោយ​ផ្អែក​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ​នោះ ព្រះ​អាច​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត​បាន!—កិច្ចការ ២:៣៨; ១០:៤៣; ១៣:៣៨, ៣៩; រ៉ូម ៥:១៩

១១, ១២​. (ក) តើ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទៅ​ជា​សុចរិត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​គូកន​របស់​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ទៅ​ជា​ឆ្អែត​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​អ្នក​ទាំង​នេះ​នឹង​មាន​សុភមង្គល ដោយសារ​ពួក​គេ«នឹង​បាន​ឆ្អែត»។ (ម៉ាថាយ ៥:៦) គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​ត្រូវ​រើស​ឲ្យ​«សោយ​រាជ្យ»ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌​បាន​ត្រូវ​ចាត់​ទុក​ជា«សុចរិត​ឲ្យ​បាន​ជីវិត»។ (រ៉ូម ៥:១, ៩, ១៦​-​១៨) ព្រះ​យេហូវ៉ា​បង្កើត​ពួក​គាត់​ជា​ថ្មី គឺ​ទ្រង់​តែងតាំង​ពួក​គាត់​ដោយ​វិញ្ញាណ​ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ទ្រង់។ ពួក​គាត់​ទៅ​ជា​អ្នក​គ្រង​មរតក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ហើយ​ត្រូវ​រើស​ឲ្យ​ទៅ​ជា​ស្តេច​និង​សង្ឃ​ក្នុង​រាជ​រដ្ឋាភិបាល​របស់​ទ្រង់​នៅ​ស្ថានសួគ៌។—យ៉ូហាន ៣:៣; ពេត្រុសទី១ ២:៩

១២ គូកន​របស់​អ្នក​ចាក់​ប្រេង​តាំង​មិន​ទាន់​ចាត់​ទុក​ថា​សុចរិត​ឲ្យ​បាន​ជីវិត​នោះ​ទេ។ ក៏​ប៉ុន្តែ តាម​រយៈ​ជំនឿ​របស់​ពួក​គេ​ទៅ​លើ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​បង្ហូរ​នោះ ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​សុចរិត​មួយ​កំរិត​ដោយសារ​ព្រះ​យេហូវ៉ា។ (យ៉ាកុប ២:២២​-​២៥; វិវរណៈ ៧:៩, ១០) ពួក​គេ​ត្រូវ​ចាត់​ទុក​ថា​សុចរិត​ជា​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ក្នុង«គ្រា​វេទនា​យ៉ាង​ធំ»។ (វិវរណៈ ៧:១៤) អ្នក​ដែល​ស្រេក​ឃ្លាន​ឲ្យ​បាន​សេចក្ដី​សុចរិត​ក៏​នឹង​បាន​ឆ្អែត​ដែរ នៅ​ក្រោម«ផ្ទៃ​មេឃ​ថ្មី» ពេល​ដែល​ពួក​គេ​ក្លាយ​ជា​ផ្នែក​នៃ​ផែនដី​ថ្មី​ដែល​មាន«សុទ្ធតែ​សេចក្ដី​សុចរិត»។—ពេត្រុសទី២ ៣:១៣; ទំនុកដំកើង ៣៧:២៩

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដាករុណា

១៣, ១៤​. តើ​យើង​គួរ​បង្ហាញ​ចិត្ត​មេត្ដាករុណា​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​មាន​ប្រយោជន៍​អ្វី​ដល់​យើង?

១៣ ព្រះ​យេស៊ូ​បន្ត​សុន្ទរកថា​របស់​ទ្រង់​ដោយ​មាន​បន្ទូល​ថា៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្ដាករុណា​វិញ›។ (ម៉ាថាយ ៥:៧, កំណែ​ជា​អក្សរ​ទ្រេត) អត្ថន័យ​សេចក្ដី​មេត្ដាករុណា​ខាង​ច្បាប់​តុលាការ គឺ​ពេល​ដែល​ចៅក្រម​អនុគ្រោះ​និង​បន្ថយ​ទោស​របស់​ជន​ល្មើស។ ក៏​ប៉ុន្តែ ក្នុង​ព្រះ​គម្ពីរ​ពាក្យ​ដើម​ដែល​បកប្រែ​ថា«សេចក្ដី​មេត្ដាករុណា» ច្រើន​តែ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​សប្បុរស​ឬ​ក្ដី​អាណិតអាសូរ​ដើម្បី​ជួយ​អ្នក​ដែល​គ្មាន​ទីពឹង។ ដូច្នេះ មនុស្ស​ដែល​មាន​ចិត្ត​មេត្ដាករុណា​ក៏​ប្រព្រឹត្ត​ដោយ​សន្ដោស​ប្រណី។ ឧទាហរណនិទស្សន៍​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ជនជាតិ​សាម៉ារី​ដែល​មាន​ចិត្ត​ល្អ​នោះ ជា​គំរូ​ប្រសើរ​អំពី​បុគ្គល​ម្នាក់​ដែល​«មាន​ចិត្ត​អាណិត»ដល់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។—លូកា ១០:២៩​-​៣៧

១៤ ដើម្បី​ទទួល​សុភមង្គល​ដែល​មក​ពី​ការ​មាន​ចិត្ត​មេត្ដាករុណា​នោះ យើង​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​សប្បុរស​ទៅ​លើ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ (កាឡាទី ៦:១០) ព្រះ​យេស៊ូ​មាន​ព្រះទ័យ​អាណិតអាសូរ​ចំពោះ​មនុស្ស​ដែល​ទ្រង់​ទត​ឃើញ​នោះ។ ទ្រង់«មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្ដី​ជា​ច្រើន»។ (ម៉ាកុស ៦:៣៤) ព្រះ​យេស៊ូ​បាន​ទទួល​ស្គាល់​ថា​សេចក្ដី​ត្រូវ​ការ​ខ្លាំង​បំផុត​របស់​មនុស្ស​គឺ​ខាង​វិញ្ញាណ។ យើង​ក៏​អាច​បង្ហាញ​សេចក្ដី​អាណិតអាសូរ​និង​សេចក្ដី​មេត្ដាករុណា​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ខ្លាំង​បំផុត ពោល​គឺ‹ដំណឹង​ល្អ​ដែល​សំដែង​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ›។ (ម៉ាថាយ ២៤:១៤) យើង​ក៏​ផ្ដល់​ជំនួយ​ដល់​គ្រីស្ទាន​ចាស់​ជរា មេម៉ាយ កូន​កំព្រា និង«ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត»ដែរ។ (ថែស្សាឡូនីចទី១ ៥:១៤; សុភាសិត ១២:២៥; យ៉ាកុប ១:២៧) នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ទេ តែ​យើង​ក៏​នឹង​ទទួល​សេចក្ដី​មេត្ដាករុណា​ពី​ព្រះ​យេហូវ៉ា​ផង​ដែរ។—កិច្ចការ ២០:៣៥; យ៉ាកុប ២:១៣

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ហើយ​ផ្សះផ្សា​គេ

១៥​. តើ​យើង​អាច​មាន​ចិត្ត​បរិសុទ្ធ​និង​ផ្សះផ្សា​គេ​យ៉ាង​ដូច​ម្ដេច?

១៥ ព្រះ​យេស៊ូ​បាន​រៀប​រាប់​នូវ​មូលហេតុ​ទី​ប្រាំ​មួយ​និង​ប្រាំ​ពីរ​ដែល​យើង​អាច​មាន​សុភមង្គល​ដូច​ត​ទៅ​ថា៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។ មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ›។ (ម៉ាថាយ ៥:៨, ៩, កំណែ​ជា​អក្សរ​ទ្រេត) ចិត្ត​បរិសុទ្ធ​គឺ​មិន​ត្រឹម​តែ​ស្អាត​ស្អំ​ខាង​សីលធម៌​ប៉ុណ្ណោះ តែ​ក៏​ស្អាត​ស្អំ​ខាង​វិញ្ញាណ​ដែរ ហើយ​គឺ​ស្មោះ​គ្រប់​ល័ក្ខណ៍​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ (របាក្សត្រទី១ ២៨:៩; ទំនុកដំកើង ៨៦:១១) ពាក្យ​ភាសា​ដើម​ដែល​បកប្រែ​ថា«អ្នក​ដែល​ផ្សះផ្សា​គេ»មាន​អត្ថន័យ​ត្រង់ៗថា«អ្នក​ដែល​បង្កើត​ឲ្យ​មាន​សន្ដិភាព»។ អ្នក​ដែល​ផ្សះផ្សា​គេ​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​នឹង​បងប្អូន​គ្រីស្ទាន​របស់​ពួក​គេ​ហើយ​ជា​មួយ​នឹង​អ្នកជិតខាង​ផង​ដែរ​បើ​អាច​ធ្វើ​ទៅ​បាន។ (រ៉ូម ១២:១៧​-​២១) ពួក​គេ«ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រីភាព»។—ពេត្រុសទី១ ៣:១១

១៦, ១៧​. (ក) ហេតុ​អ្វី​បាន​ជា​អ្នក​ចាក់​ប្រេង​តាំង​ហៅ​ថា«កូន​ព្រះ»? តើ​ពួក​គាត់«ឃើញ​ព្រះ»យ៉ាង​ដូច​ម្ដេច? (ខ) តើ«ចៀម​ឯ​ទៀត»«ឃើញ​ព្រះ»យ៉ាង​ដូច​ម្ដេច? (គ) តើ«ចៀម​ឯ​ទៀត»នឹង​ទៅ​ជា«កូន​ព្រះ»យ៉ាង​ពេញលេញ​ដោយ​ដូច​ម្ដេច​និង​នៅ​ពេល​ណា?

១៦ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ហើយ​ផ្សះផ្សា​គេ​នោះ មាន​សេចក្ដី​សន្យា​ថា ពួក​គាត់«នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ»ហើយ​នឹង«ឃើញ​ព្រះ»ដែរ។ គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ ហើយ​ព្រះ​យេហូវ៉ា​ទទួល​ពួក​គាត់​ជា«កូន» ទោះ​ជា​ពួក​គេ​រស់​នៅ​ផែនដី​នៅ​ឡើយ​ក្ដី។ (រ៉ូម ៨:១៤​-​១៧) នៅ​ពេល​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌​ដើម្បី​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នោះ ពួក​គាត់​បំរើ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះ​យេហូវ៉ា​ហើយ​អាច​មើល​ឃើញ​ទ្រង់​យ៉ាង​ពិត​ប្រាកដ។—យ៉ូហានទី១ ៣:១, ២; វិវរណៈ ៤:៩​-​១១

១៧ «ចៀម​ឯ​ទៀត»ដែល​ជា​អ្នក​ផ្សះផ្សា​គេ​ដែរ ពួក​គេ​បំរើ​ព្រះ​យេហូវ៉ា​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​គង្វាល​ល្អ ដែល​ក្លាយ​ទៅ​ជា«ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់កល្ប»របស់​ពួក​គេ។ (យ៉ូហាន ១០:១៤, ១៦; អេសាយ ៩:៦) មនុស្ស​ដែល​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​គ្រា​សាកល្បង​ចុង​ក្រោយ​ពេល​ដែល​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ​ចប់​នោះ នឹង​ត្រូវ​ទទួល​ជា​កូន​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​ហើយ​មាន«សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ»ដែរ។ (រ៉ូម ៨:២១; វិវរណៈ ២០:៧, ៩) ពេល​ដែល​រង់ចាំ​គ្រា​នោះ ពួក​គេ​ហៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា ដោយសារ​ពួក​គេ​ថ្វាយ​ខ្លួន​ជូន​ទ្រង់ ថែម​ទាំង​ទទួល​ស្គាល់​ថា​ជីវិត​ពួក​គេ​មក​ពី​ទ្រង់។ (អេសាយ ៦៤:៨) ដូច​យ៉ូប​និង​ម៉ូសេ​ពី​សម័យ​បុរាណ​នោះ ពួក​គេ​អាច«ឃើញ​ព្រះ»ដោយសារ​ជំនឿ​របស់​ពួក​គេ។ (យ៉ូប ៤២:៥; ហេព្រើរ ១១:២៧) ដោយ​«ភ្នែក​ចិត្ត[ឬ«ចិត្ត​គំនិត», ខ.ស.]» ហើយ​ដោយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ នោះ​ពួក​គេ​យល់​នូវ​គុណសម្បត្ដិ​ដ៏​វិសេស​របស់​ព្រះ​យេហូវ៉ា​និង​ព្យាយាម​យក​តម្រាប់​តាម​ទ្រង់​ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។—អេភេសូរ ១:១៨; រ៉ូម ១:១៩, ២០; យ៉ូហានទី៣ ១១

១៨​. សម​ស្រប​តាម​មូលហេតុ​ប្រាំ​ពីរ​យ៉ាង​ដែល​ព្រះ​យេស៊ូ​បាន​រៀប​រាប់​ថា​នាំ​ឲ្យ​មាន​សុភមង្គល​នោះ តើ​អ្នក​ណា​មាន​សុភមង្គល​ដ៏​ពិត​សព្វ​ថ្ងៃ​នេះ?

១៨ យើង​បាន​រៀន​ថា មនុស្ស​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​កំសត់​ខាង​វិញ្ញាណ អ្នក​ដែល​យំ​សោក អ្នក​ដែល​ស្លូតបូត អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​ដែល​មាន​ចិត្ត​មេត្ដាករុណា​ហើយ​ចិត្ត​បរិសុទ្ធ និង​អ្នក​ដែល​ផ្សះផ្សា​គេ​មាន​សុភមង្គល​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ អ្នក​ទាំង​នេះ​ធ្លាប់​ជួប​តែ​ការ​ប្រឆាំង​និង​ការ​បៀតបៀន។ តើ​នេះ​បំផ្លាញ​នូវ​សុភមង្គល​របស់​ពួក​គេ​ទេ? អត្ថបទ​បន្តបន្ទាប់​នឹង​ប្រាប់​ចម្លើយ។

[កំណត់​សម្គាល់]

a ជាជាង​ប្រើ​ពាក្យ«មាន​ពរ​ហើយ» សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី និង​សេចក្ដី​បកប្រែ​ឯ​ទៀត​ដូច​ជា​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ប្រើ​ពាក្យ​ត្រឹម​ត្រូវ​ជាង គឺ«មាន​សុភមង្គល​ហើយ»។ ដូច្នេះ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ប្រើ​ពាក្យ«សុភមង្គល»ជា​សទិស​ន័យ​ពាក្យ«ពរ»។

សំនួរ​សំរាប់​រៀន​សា​ឡើង​វិញ

• តើ​អ្នក​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​កំសត់​ខាង​វិញ្ញាណ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

• តើ​អ្នក​ដែល​យំ​សោក​ទទួល​ការ​សម្រាល​ទុក្ខ​បែប​ណា?

• តើ​យើង​បង្ហាញ​ថា​យើង​ស្លូតបូត​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​មេត្ដាករុណា ចិត្ត​បរិសុទ្ធ និង​គួរ​ផ្សះផ្សា​គេ?

[រូបភាព​នៅ​ទំព័រ​១០]

‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ›

[រូបភាព​នៅ​ទំព័រ​១០]

‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដាករុណា›

[រូបភាព​នៅ​ទំព័រ​១០]

‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត›

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក