បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៥ ទំ. ៩-១២
  • ចំអ្នកដទៃ តើយើងគួរប្រព្រឹត្ដយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចំអ្នកដទៃ តើយើងគួរប្រព្រឹត្ដយ៉ាងណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ប្រព្រឹត្ត​ដោយ​សម្លូត​ចុះ!
  • មាន​មេត្ដា មាន​ពរ!
  • ​«ផ្សះផ្សា​គេ» មាន​ពរ ហេតុ​អ្វី?
  • ​«ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ»
  • ​«ទៅ​រក​ជា​នឹង​បង​ប្អូន»
  • ចូរ​ផ្ដល់​កិត្ដិយស​ដល់​គេ​ចុះ!
  • សេចក្ដីបង្រៀនរបស់លោកយេស៊ូនាំឲ្យមានសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អ្នកបំរើរបស់ព្រះយេហូវ៉ាមានសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺ»
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៥ ទំ. ៩-១២

ចំពោះ​អ្នក​ដទៃ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?

​«ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ»។—លូ. ៦:៣១

១, ២​. (ក) តើ​ធម្មទាន​នៅ​លើ​ភ្នំ​ជា​អ្វី​ទៅ? (ខ) ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​ជា​បន្ទាប់ តើ​យើង​នឹង​ពិភាក្សា​អំពី​អ្វីខ្លះ?

ព្រះ​យេស៊ូ​គ្រិស្ត​ពិតជា​គ្រូ​ដែល​ពូកែ​បង្រៀន​មែន! ពេល​ពួក​សង្គ្រាជ​និង​ពួក​ផារិស៊ី​ដែល​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ​យេស៊ូ បាន​ចាត់​ពួក​អាជ្ញា​ទៅ​ចាប់​ទ្រង់ ពួក​គេ​បាន​វិល​មក​វិញ​តែ​ដៃទទេ ទាំង​យក​លេស​ថា ពួក​គេ​«មិន​ដែល​[ឮ]​អ្នក​ណា​និយាយ​ដូច​[ទ្រង់]​ទេ»។ (យ៉ូន. ៧:៣២, ៤៥, ៤៦) ក្នុង​ចំណោម​សុន្ទរកថា​ល្អៗ​ជា​ច្រើន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង មាន​ធម្មទាន​ពិសេស​ដែល​ទ្រង់​បាន​ថ្លែង​នៅ​លើ​ភ្នំ​មួយ​នា​ស្រុក​កាលីឡេ។ ក្នុង​សៀវភៅ​ម៉ាថាយ ជំពូក​៥​ដល់​៧ លោក​ម៉ាថាយ​បាន​កត់​ពាក្យ​ដែល​ព្រះ​យេស៊ូ​ថ្លែង​ក្នុង​ធម្មទាន​នោះ ហើយ​សៀវភៅ​លូកា ៦:២០​-​៤៩ ក៏​រៀប​រាប់​ពី​សាច់​រឿង​នៃ​ធម្មទាន​នោះ​ដែរ។a

២ ពាក្យ​ពេចន៍​ដែល​ប្រហែល​ជា​ល្បី​ជាង​គេ​ក្នុង​ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ​នោះ គឺជា​គោល​ការណ៍​សំខាន់​ដែល​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ។ គោលការណ៍​នោះ​ចែង​ថា​៖ «ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ»។ (លូ. ៦:៣១) រីឯ​ព្រះ​យេស៊ូ​ផ្ទាល់ ទ្រង់​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ​មែន ចំពោះ​អ្នក​ដទៃ។ ព្រះ​យេស៊ូ​បាន​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ប្រោស​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។ ប៉ុន្តែ មនុស្ស​បាន​ទទួល​ពរ​ច្រើន​បំផុត ពេល​គេ​ជឿ​តាម​ដំណឹង​ល្អ​ដែល​ទ្រង់​ផ្សាយ​ដល់​ពួក​គេ។ (សូម​អាន លូកា ៧:២០​-​២២) ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ក៏​មាន​ចិត្ត​រីករាយ​ដែរ ពេល​យើង​ធ្វើ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដូច​ព្រះ​យេស៊ូ ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​ពាក្យ​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ស្តី​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ​និង​ចំណុច​ឯ​ទៀត​ដែរ ដែល​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ។

ចូរ​ប្រព្រឹត្ត​ដោយ​សម្លូត​ចុះ!

៣​. សូម​រៀបរាប់​អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត។

៣ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «មាន​ពរ​ហើយ អស់អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជាម​រដក»។ (ម៉ាថ. ៥:៥) ពេល​គម្ពីរ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត នេះ​មិន​មាន​ន័យ​ថា អ្នក​ដែល​ប្រព្រឹត្ត​បែប​នោះ​ជា​មនុស្ស​កំសាក​ឡើយ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​គ្មាន​អាកប្បកិរិយា​ទ្រគោះ​បោះ​បោក​ឥត​គួរ​ឥត​សម​ទេ។ ជា​ឧទាហរណ៍ មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត មិន​ចេះ​«ធ្វើការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ»។—រ៉ូម ១២:១៧​-​១៩

៤​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត​មាន​ពរ?

៤ មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត​មាន​ពរ ពីព្រោះ​ពួក​គេ​«នឹង​គ្រង​ផែនដី​ជាម​រដក»។ ព្រះ​យេស៊ូ​ជា​មនុស្ស​ដែល​«ស្លូត ហើយ​មាន​ចិត្ត​សុភាព» និង​ព្រះ​យេហូវ៉ា​«ដំ​រូ​វ​ឲ្យ​[ទ្រង់]​គ្រង​របស់​ទាំង​អស់​ទុក​ជា​មរ​ដក»។ ហេតុ​នេះ​ហើយ ព្រះ​យេស៊ូ​ជា​អ្នក​សំខាន់​ចម្បង​ដែល​គ្រង​ផែនដី​ជា​មត៌ក។ (ម៉ាថ. ១១:២៩; ហេ. ១:២; ទំនុក. ២:៨) ទំនាយ​ក្នុង​គម្ពីរ​បង្ហាញ​ថា «១​អង្គ​ដូច​ជា​មនុស្ស​ជាតិ»​ដែល​មាន​មុខ​តំណែង​ជា​មេស្ស៊ី លោក​នឹង​មាន​គូកន​មួយ​ចំនួន​រួមដៃ​ក្នុង​ការ​គ្រប់គ្រង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថាន​សួគ៌។ (ដា. ៧:១៣, ១៤, ២១, ២២, ២៧) មនុស្ស​ស្លូត​ត្រង់ ១៤៤.០០០​នាក់ ដែល​«ជា​អ្នក​គ្រង​មរ​ដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ» បាន​តែង​តាំង​ឲ្យ​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​យេស៊ូ​ក្នុង​ការ​គ្រង​ផែនដី​ជា​មត៌ក។ (រ៉ូម ៨:១៦, ១៧; វិវរ. ១៤:១) មនុស្ស​ឯ​ទៀត​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត​ក៏​នឹង​មាន​ពរ​ដែរ ពេល​ដែល​ពួក​គេ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ឯ​ផែនដី ក្រោម​ការ​ណែនាំ​នៃ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។—ទំនុក. ៣៧:១១

៥​. តើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​ដូច​ព្រះ​យេស៊ូ​គ្រិស្ត​មាន​លទ្ធផល​ល្អ​បែប​ណាខ្លះ?

៥ បើ​យើង​មិន​ប្រព្រឹត្ត​ដោយ​សម្លូត ហើយ​បែរ​ជា​មាន​លក្ខណៈ​កាច​ទៅ​វិញ នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​រកាំ​ចិត្ត ហើយ​ពួក​គេ​នឹង​មិន​ចង់​នៅ​ជា​មួយ​យើង​ទេ។ ប៉ុន្តែ បើ​យើង​ប្រព្រឹត្ត​ដោយ​សម្លូត​ដូច​ព្រះ​យេស៊ូ​គ្រិស្ត អ្នក​ដទៃ​នឹង​ស្រឡាញ់​យើង ហើយ​យើង​ក៏​អាច​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែរ។ ពេល​យើង‹រស់​និង​ដើរ​ដោយ​វិញ្ញាណ› ឬ​មាន​របៀប​រស់​នៅ​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ថា សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​យើង​មែន នេះ​ក៏​ជួយ​យើង​ឲ្យ​មាន​ផល​ឬ​លក្ខណៈ​ដូច​សកម្ម​ពល​នោះ ដែល​រួម​បញ្ចូល​ចិត្ត​ស្លូត​បូ​ត​ផង។ (សូម​អាន កាឡាទី ៥:២២​-​២៥) ប្រាកដ​ណាស់! យើង​ពិត​ជា​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សម្លូត ពីព្រោះ​យើង​មាន​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ដឹកនាំ​ជីវិត។

មាន​មេត្ដា មាន​ពរ!

៦​. តើ​មនុស្ស​ដែល​«មាន​ចិត្ត​មេត្ដា» មាន​លក្ខណៈ​សម្បត្ដិ​ល្អៗ​អ្វី​ទៀត?

៦ ក្នុង​ធម្មទាន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ ទ្រង់​ក៏​មាន​ប្រសាសន៍​ថា​៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ»។ (ម៉ាថ. ៥:៧) «អស់អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា» ជា​មនុស្ស​ដែល​ចេះ​យោគ​យល់​និង​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដែល​កើត​ទុក្ខ។ មូល​ហេតុ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដើម្បី​សម្រាល​ទុក្ខ​មនុស្ស​ទាំង​ប៉ុន្មាន គឺ​ដោយ​សារ​ទ្រង់​«មាន​សេចក្ដី​ក្ដួល»​ឬ​ចិត្ត​«ក្ដួល​អាណិត»។ (ម៉ាថ. ១៤:១៤; ២០:៣៤) ដូច្នេះ បើ​យើង​ចេះ​យោគ​យល់​និង​មាន​ចិត្ត​ក្ដួល​អាណិត​ដែរ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​មេត្ដា​ផង។—យ៉ា. ២:១៣

៧​. តើ​ចិត្ត​ក្ដួល​អាណិត​បាន​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​ធ្វើ​អ្វី?

៧ មាន​គ្រា​មួយ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​អាច​សម្រាក​បន្ដិច​បាន។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​ទៅ​ដល់​កន្លែង​នោះ​ដើម្បី​ជួប​ព្រះ​យេស៊ូ​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មាន​ចិត្ត​«ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល»។ ជា​លទ្ធផល ព្រះ​យេស៊ូ​«ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្ដី​ជា​ច្រើន»។ (ម៉ាក. ៦:៣៤) ពេល​យើង​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ប្រាប់​អ្នក​ដទៃ​ថា​ទ្រង់​ជា​ព្រះ​ដែល​មាន​ចិត្ត​មេត្ដា​យ៉ាង​ធំ​សម្បើម នេះ​ក៏​នាំ​ឲ្យ​យើង​មាន​អំណរ​ដូច​ព្រះ​យេស៊ូ​ដែរ។

៨​. មាន​មេត្ដា មាន​ពរ ហេតុ​អ្វី?

៨ មនុស្ស​ដែល​មាន​ចិត្ត​មេត្ដា​ក៏​មាន​ពរ​ម្យ៉ាង​ទៀត ពីព្រោះ​ពួក​គេ​នឹង​«បាន​សេចក្ដី​មេត្ដា​ករុណា»​វិញ។ តាម​ធម្មតា ពេល​យើង​ប្រព្រឹត្ត​ដោយ​មេត្ដា​ចំពោះ​អ្នក​ដទៃ ពួក​គេ​ក៏​ប្រព្រឹត្ត​ដោយ​មេត្ដា​ចំពោះ​យើង​ដែរ។ (លូ. ៦:៣៨) ណា​មួយ​ទៀត ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់​ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ (ម៉ាថ. ៦:១៤) មាន​តែ​មនុស្ស​ដែល​មាន​មេត្ដា​អាច​យល់​ច្បាស់​អំពី​ពរ​ដែល​យើង​ទទួល​បាន ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​និង​គាប់​ចិត្ត​ចំពោះ​យើង​ផង។

​«ផ្សះផ្សា​គេ» មាន​ពរ ហេតុ​អ្វី?

៩​. បើ​យើង​ចេះ​ផ្សះ​ផ្សា​គេ​និង​ដេញ​តាម​សេចក្ដី​មេត្រី តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា?

៩ ព្រះ​យេស៊ូ​ក៏​បាន​រៀប​រាប់​អំពី​អ្វី​ទៀត​ដែល​នាំ​ឲ្យ​មាន​ពរ ពេល​ទ្រង់​មាន​ប្រសាសន៍​ថា​៖ «មាន​ពរ​ហើយ អស់អ្នក​ដែល​ផ្សះ​ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ»។ (ម៉ាថ. ៥:៩) អស់​អ្នក​ដែល​ចេះ​ផ្សះ​ផ្សា​គេ ក៏​មិន​ចូល​ចិត្ត​ហើយ​មិន​រួមដៃ​ក្នុង​អំពើ​អាក្រក់ ដែល​រួម​បញ្ចូល​ការ​និយាយ​ដើម​គេ ដែល​អាច​«នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ»។ (សុ. ១៦:២៨) ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​បង្ហាញ​ថា យើង​ដេញ​តាម​សេចក្ដី​មេត្រី មិន​ថា​ជា​មួយ​គ្រិស្ត​សាសនិក​គ្នីគ្នា ឬ​ជា​មួយ​មនុស្ស​ដែល​មិន​រួម​ជំនឿ​ក្ដី។ (ហេ. ១២:១៤) សំខាន់​ចម្បង យើង​ព្យាយាម​យ៉ាង​អស់ពី​សមត្ថភាព​ដើម្បី​ឲ្យ​មាន​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—សូម​អាន ពេត្រុសទី១ ៣:១០​-​១២

១០​. ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​«ផ្សះ​ផ្សា​គេ»​មាន​ពរ?

១០ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា «អស់អ្នក​ដែល​ផ្សះ​ផ្សា​គេ»​នឹង​មាន​ពរ ពីព្រោះ​«អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ»។ គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ មាន​«អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ» ពីព្រោះ​ពួក​គាត់​បង្ហាញ​ថា ពួក​គាត់​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ​ជា​អ្នក​ដែល​មាន​មុខ​តំណែង​ជា​មេស្ស៊ី។ (យ៉ូន. ១:​១២; ១ពេ. ២:២៤) ចុះ​យ៉ាង​ណា​ចំពោះ​«ចៀម​ឯ​ទៀត»​របស់​ព្រះ​យេស៊ូ​ដែល​ស​ឲ្យ​ឃើញ​ថា ពួក​គេ​ជា​អ្នក​ដែល​ដេញ​តាម​សេចក្ដី​មេត្រី​និង​ចេះ​ផ្សះ​ផ្សា​គេ​ដែរ? ក្នុង​អំឡុង​ពេល​មួយ​ពាន់​ឆ្នាំ​ដែល​ព្រះ​យេស៊ូ​នឹង​សោយ​រាជ្យ​ជា​មួយ​អ្នក​គ្រប់​គ្រង​ឯ​ទៀត​ដែល​ទទួល​មត៌ក​នៅ​ឯ​ស្ថាន​សួគ៌ ទ្រង់​នឹង​ធ្វើ​ជា​«បិតា​ដ៏​គង់​នៅ​អស់​កល្ប»​ចំពោះ​ពួក​ចៀម​ឯ​ទៀត។ (យ៉ូន. ១០:១៤, ១៦; អេសា. ៩:៦; វិវរ. ២០:៦) នៅ​ដំណាច់​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នោះ អស់​អ្នក​ដែល​ដេញ​តាម​សេចក្ដី​មេត្រី​និង​ចេះ​ផ្សះ​ផ្សា​គេ នឹង​រាប់​ជា​កូន​របស់​ព្រះ​យេហូវ៉ា​មែន ពោល​គឺ កូន​របស់​ទ្រង់​នៅ​ឯ​ផែនដី។—១កូ. ១៥:​២៧, ២៨

១១​. ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​ដឹកនាំ​ជីវិត​ខ្លួន តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ដទៃ?

១១ ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​«ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត» យើង​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​ទ្រង់ ដោយ​ដេញ​តាម​សេចក្ដី​មេត្រី ចេះ​ផ្សះ​ផ្សា​គេ​និង​មាន​ភាព​សុខ​សាន្ត ទើប​យើង​អាច​មាន​ចំណង​មិត្ត​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។ (ភី. ៤:៩) ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»​ដឹកនាំ​ជីវិត​ខ្លួន ការ​ប្រព្រឹត្ត​របស់​យើង​ក៏​នឹង​ស​ឲ្យ​ឃើញ​នូវ​មេត្រី​ចិត្ត​ផង​ដែរ។ (យ៉ា. ៣:១៧) ត្រូវ​មែន! យើង​នឹង​មាន​ពរ​ជា​អ្នក​ដែល​មាន​ភាព​សុខ​សាន្ត ពីព្រោះ​យើង​ដេញ​តាម​សេចក្ដី​មេត្រី​និង​ចេះ​ផ្សះ​ផ្សា​គេ។

​«ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ»

១២​. (ក) តើ​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ការ​បញ្ចេញ​ពន្លឺ? (ខ) តើ​យើង​អាច​បញ្ចេញ​ពន្លឺ​តាម​របៀប​ណា?

១២ យើង​ប្រព្រឹត្ត​យ៉ាង​ល្អ​បំផុត​ចំពោះ​អ្នក​ដទៃ ពេល​ដែល​យើង​បង្រៀន​ពួក​គេ​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា ហាក់​ដូច​ជា​បញ្ចេញ​ពន្លឺ​ដើម្បី​ជួយ​បំភ្លឺ​ចិត្ត​គំនិត​របស់​គេ។ (ទំនុក. ៤៣:៣) ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​របស់​ទ្រង់​ថា ពួក​គេ​មាន​លក្ខណៈ​ដូច​ជា​«ពន្លឺ​នៃ​លោកីយ»។ ដូច្នេះ ព្រះ​យេស៊ូ​បាន​ដាស់តឿន​សិស្ស​ទ្រង់​ថា ពន្លឺ​របស់​ពួក​គេ​គួរ​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្សលោក ដើម្បី​ឲ្យ​អ្នក​ដទៃ​ឃើញ​«ការ​ល្អ»​របស់​ខ្លួន។ ក្នុង​ករណី​នេះ ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ​កិច្ចការ​ផ្សព្វ​ផ្សាយ ជា​កិច្ចការ​ដែល​ប្រៀប​ដូច​ជា​ការ​បញ្ចេញ​ពន្លឺ​ឲ្យ​ភ្លឺ​«នៅ​មុខ​មនុស្ស​លោក» ដើម្បី​នាំ​ឲ្យ​គេ​ទទួល​ប្រយោជន៍។ (សូម​អាន ម៉ាថាយ ៥:១៤​-​១៦) នៅ​សព្វ​ថ្ងៃ យើង​ក៏​បញ្ចេញ​ពន្លឺ​ដោយ​ធ្វើ​ការ​ល្អ​ចំពោះ​អ្នក​ដទៃ ដោយ​ផ្សាយ​ដំណឹង​ល្អ​«នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល» ពោល​គឺ «ដល់​គ្រប់​សាសន៍»​តែ​ម្ដង។ (ម៉ាថ. ២៦:១៣; ម៉ាក. ១៣:១០) នេះ​ហើយ​ជា​ឯក​សិទ្ធិ​ដ៏​ពិសេស​មែន!

១៣​. តើ​មនុស្ស​ដទៃ​កត់​សម្គាល់​លក្ខណៈ​ល្អៗ​អ្វី​ខ្លះ​របស់​យើង?

១៣ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ»។ ទីក្រុង​ណា​ដែល​ស្ថិត​នៅ​លើ​ភ្នំ ច្បាស់​ជា​ស្រួល​ឃើញ​មែន! ដូច​គ្នា​ដែរ ពេល​យើង​ផ្សាយ​ដំណឹង​ល្អ មនុស្ស​ដទៃ​កត់​សម្គាល់​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង ព្រម​ទាំង​ឃើញ​លក្ខណៈ​ល្អៗ​របស់​យើង​ផង ដូច​ជា​សមត្ថភាព​ដឹង​ខ្នាត​ដែល​ចេះ​ប្រមាណ​ខ្លួន និង​ចិត្ត​គំនិត​បរិសុទ្ធ។—ទីត. ២:១​-​១៤

១៤​. (ក) សូម​រៀប​រាប់​អំពី​ចង្កៀង​ដែល​គេ​ធ្លាប់​ប្រើ​នៅ​សតវត្សរ៍​ទី​១។ (ខ) ក្នុង​ន័យ​ធៀប តើ​យើង​មិន​ដាក់​ចង្កៀង​ក្រោម​«ថាំង»​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេស៊ូ​បាន​លើក​បញ្ជាក់​ថា ពេល​មនុស្ស​អុជ​ចង្កៀង គេ​មិន​យក​វា​ទៅ​ដាក់​ក្រោម​ថាំង​ទេ តែ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​ទាំង​មូល។ នៅ​សតវត្សរ៍​ទី​១ ចង្កៀង​ដែល​គេ​ប្រើ​នោះ ធ្វើ​ពី​ដី​ហើយ​មាន​ប្រឆេះ​សម្រាប់​ជក់​ប្រេង (ធម្មតា​ប្រេង​ចម្រាញ់​ពី​ផ្លែ​អូ​លីវ) ប្រហែល​គ្នា​នឹង​ចង្កៀង​ប្រេង​កាត​ដែរ។ តាម​ធម្មតា គេ​បាន​ដាក់​ចង្កៀង​លើ​ជើង​ចង្កៀង​ដែល​ធ្វើ​ពី​ឈើ​ឬ​ដែក ដើម្បី​«ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា»។ មនុស្ស​នៅ​សម័យ​នោះ​មិន​អុជ​ចង្កៀង​ហើយ​យក​ទៅ​ដាក់​ក្រោម​«ថាំង»​ដែល​ជា​ប្រដាប់​វាល់​ស្រូវ​ឡើយ។ ព្រះ​យេស៊ូ​មិន​ចង់​ឲ្យ​សិស្ស​របស់​ទ្រង់​លាក់​ទុក​ពន្លឺ​របស់​ខ្លួន ហាក់​ដូច​ជា​យក​ថាំង​មក​គ្រប​ទេ។ ដូច្នេះ យើង​ត្រូវ​តែ​បញ្ចេញ​ពន្លឺ​ដែរ ហើយ​មិន​អនុញ្ញាត​ឲ្យ​ការ​ប្រឆាំង​និង​ទុក្ខ​បៀត​បៀន​បណ្ដាល​ឲ្យ​យើង​លាក់​ទុក​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន​ក្នុង​គម្ពីរ​ឡើយ។

១៥​. តើ​«ការ​ល្អ»​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស​ដទៃ?

១៥ ក្រោយ​ព្រះ​យេស៊ូ​បាន​រៀបរាប់​អំពី​ចង្កៀង​ដែល​បញ្ចេញ​ពន្លឺ​នោះ ទ្រង់​មាន​ប្រសាសន៍​ទៀត​ថា​៖ «ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំ​កើង​ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌»។ ដោយ​សារ​«ការ​ល្អ»​ដែល​យើង​ប្រព្រឹត្ត មនុស្ស​ខ្លះ​«សរសើរ​ដំ​កើង»​ព្រះ​យេហូវ៉ា​ដោយ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ទ្រង់។ លទ្ធផល​ល្អ​នោះ​ពិតជា​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​«ភ្លឺ​នៅ​កណ្ដាល​គេ»​ជា​បន្ត «ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក»!—ភី. ២:១៥

១៦​. តើ​មុខ​នាទី​ជា​«ពន្លឺ​នៃ​លោកីយ» តម្រូវ​ឲ្យ​យើង​ប្រព្រឹត្ត​យ៉ាង​ណា?

១៦ មុខ​នាទី​ជា​«ពន្លឺ​នៃ​លោកីយ» តម្រូវ​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​សារ​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា និង​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ ប៉ុន្តែ មាន​អ្វី​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺ​ចុះ! ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត នឹង​សេចក្ដី​ពិត»។ (អេភ. ៥:៨, ៩) ដូច​ជា​ពន្លឺ​ដែល​ភ្លឺ​ផ្លេកៗ​នោះ កិរិយា​របស់​យើង​គួរតែ​ស​ឲ្យ​ឃើញ​ថា យើង​ជា​អ្នក​ដែល​ធ្វើ​តាម​គោល​ការណ៍​ល្អៗ​របស់​ព្រះ​យេហូវ៉ា។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ពេត្រុស​ដែល​សរសេរ​ថា​៖ «[ចូរ]​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ . . . ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ»។ (១ពេ. ២:១២) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​មាន​ទំនាក់​ទំនង​ប្រេះ​ឆា​រវាង​បង​ប្អូន​រួម​ជំនឿ?

​«ទៅ​រក​ជា​នឹង​បង​ប្អូន»

១៧​-​១៩​. (ក) តើ​«ដង្វាយ»​ក្នុង​សៀវភៅ​ម៉ាថាយ ៥:២៣, ២៤ សំដៅ​ទៅ​លើ​អ្វី? (ខ) តើ​ការ​រក​ជានា​នឹង​បង​ប្អូន​រួម​ជំនឿ​មាន​សារៈ​សំខាន់​ប៉ុណ្ណា? តើ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នេះ យ៉ាង​ដូច​ម្ដេច?

១៧ ក្នុង​ធម្មទាន​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​នៅ​លើ​ភ្នំ ទ្រង់​ក៏​ព្រមាន​ដល់​សិស្ស​ទ្រង់​ថា មិន​គួរ​ឲ្យ​គេច​ង​គំនុំ​និង​ស្អប់​បង​ប្អូន​រួម​ជំនឿ​ឡើយ។ ផ្ទុយ​ទៅ​វិញ គប្បី​ឲ្យ​ពួក​គេ​ខំ​រក​ជានា​នឹង​បង​ប្អូន​ដែល​តូច​ចិត្ត​នឹង​គេ ហើយ​បើ​ធ្វើ​ដូច្នេះ​កាន់​តែ​ឆាប់ នោះ​កាន់​តែ​ល្អ។ (សូម​អាន ម៉ាថាយ ៥:២១​-​២៥) សូម​កត់​សម្គាល់​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ឱវាទ​នេះ​របស់​ព្រះ​យេស៊ូ។ បើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​កំពុង​នាំ​យក​តង្វាយ​មក​ដល់​ទី​បូជា ហើយ​នៅ​ទី​នោះ​គាត់​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​ទាស់​នឹង​ខ្លួន តើ​គាត់​គួរតែ​ធ្វើ​អ្វី? គាត់​គួរតែ​ទុក​តង្វាយ​របស់​ខ្លួន​នៅ​មុខ​ទី​បូជា ហើយ​ទៅ​រក​ជានា​នឹង​បង​ប្អូន​ជា​មុន​សិន។ រួច​មក គាត់​អាច​ត្រឡប់​ទៅ​ថ្វាយ​តង្វាយ​របស់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​វិញ។

១៨ «ដង្វាយ»​នោះ​ច្រើន​តែ​សំដៅ​ទៅ​លើ​គ្រឿង​បូជា​ណា​ដែល​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​បាន​យក​ទៅ​ថ្វាយ​ចំពោះ​ទ្រង់​នៅ​ឯ​វិហារ។ សត្វ​ផ្សេងៗ​ជា​គ្រឿង​បូជា​ដ៏​សំខាន់ ពីព្រោះ​ក្នុង​ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តាម​រយៈ​លោក​ម៉ូសេ ទ្រង់​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​បូជា​សត្វ​ទុក​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ទ្រង់។ ប៉ុន្តែ បើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នឹក​ឃើញ​ថា​បង​ប្អូន​ណា​មាន​ហេតុ​ទាស់​នឹង​ខ្លួន គាត់​ត្រូវ​តែ​ចាត់​ទុក​ការ​ដោះ​ស្រាយ​រឿងរ៉ាវ​នោះ​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​ថ្វាយ​សត្វ​ជា​តង្វាយ​ទៅ​ទៀត។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «[អ្នក]​នោះ​ត្រូវ​ទុក​ដង្វាយ​របស់​[ខ្លួន]​នៅ​មុខ​អាស​នា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន»។ រួច​«សឹម​មក​ថ្វាយ​ដង្វាយ»​របស់​ខ្លួន​វិញ។ នេះ​បង្ហាញ​ថា សូម្បី​តែ​ពេល​ដែល​ច្បាប់​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​បំពេញ​ភារកិច្ច​ណា​មួយ​ក៏​ដោយ នោះ​គាត់​ត្រូវ​តែ​ចាត់​ទុក​ការ​រក​ជានា​នឹង​បង​ប្អូន​រួម​ជំនឿ​ជា​អ្វី​ដែល​មាន​អាទិភាព។

១៩ អ្វី​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​នោះ មិន​សំដៅ​ទៅ​លើ​តង្វាយ​ពិសេស​ណា​មួយ ឬ​កំហុស​ជាក់​លាក់​ណា​មួយ​ឡើយ។ ដូច្នេះ បើ​អ្នក​ថ្វាយ​បង្គំ​នឹកឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​ទាស់​នឹង​ខ្លួន គាត់​មិន​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ​យេហូវ៉ា​ភ្លាម​ទេ។ បើ​តង្វាយ​របស់​គាត់​ជា​សត្វ គាត់​ត្រូវ​តែ​ទុក​សត្វ​ដែល​នៅ​រស់​នោះ «នៅ​មុខ​អាស​នា»​ដែល​ជា​ទី​បូជា​សត្វ​នៅ​ឯ​ទីលាន​នៃ​ពួក​សង្ឃ ដែល​ស្ថិត​នៅ​ខាង​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ពេល​បាន​ជានា​នឹង​បង​ប្អូន​រួម​ជំនឿ​រួច​ហើយ អ្នក​ថ្វាយ​បង្គំ​ដែល​បាន​ផ្ដល់​ហេតុ​ឲ្យ​អ្នក​នោះ​ទាស់ចិត្ត អាច​ត្រឡប់​មក​ថ្វាយ​សត្វ​របស់​ខ្លួន​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា។

២០​. បើ​យើង​ខឹង​នឹង​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់ ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ភ្លាម?

២០ ស្រប​ទៅ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ចំណង​មិត្ត​ភាព​ដែល​បង​ប្អូន​រួម​ជំនឿ​មាន​ជា​មួយ​គ្នា គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ថ្វាយបង្គំ​ទ្រង់។ បើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​បែប​មិន​ល្អ​ចំពោះ​អ្នក​ដទៃ ហើយ​ក្រោយ​មក​បាន​យក​សត្វ​ទៅ​បូជា​ថ្វាយ​ចំពោះ​ទ្រង់ ទ្រង់​ចាត់​ទុក​តង្វាយ​នោះ​ជា​អ្វី​ដែល​គ្មាន​តម្លៃ​ទៅ​វិញ។ (មីកា ៦:៦​-​៨) ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​យេស៊ូ​ដាស់​តឿន​សិស្ស​របស់​ទ្រង់​ថា​៖ «ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល​នឹង​អ្នក​ដើម​ចោទ​វិញ ជា​ប្រញាប់!»។ (ម៉ាថ. ៥:២៥) ស្រ​ដៀង​គ្នា​ដែរ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ខឹង​ចុះ! តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ»។ (អេភ. ៤:២៦, ២៧) បើ​មាន​ហេតុ​ខឹង​គេ​មែន យើង​ក៏​គួរតែ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ភ្លាម ដើម្បី​មិន​ឲ្យ​ខឹង​គេ​រហូត ដែល​អាច​ហុច​ឱកាស​ឲ្យ​សាតាំង​ជញ្ជក់​យក​ប្រយោជន៍​ពី​យើង។—លូ. ១៧:៣, ៤

ចូរ​ផ្ដល់​កិត្ដិយស​ដល់​គេ​ចុះ!

២១, ២២​. (ក) តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​ដែល​យើង​ទើបតែ​បាន​ពិនិត្យ​មើល​នេះ យ៉ាង​ដូច​ម្ដេច? (ខ) ក្នុង​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ពិនិត្យ​មើល​ចំណុច​អ្វីខ្លះ?

២១ ការ​ពិនិត្យ​មើល​ម្ដង​នេះ​ទៀត នូវ​អ្វីៗ​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ គួរ​ជួយ​យើង​ឲ្យ​ចេះ​ផ្ដល់​កិត្ដិយស​និង​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក​ដទៃ។ ទោះ​ជា​យើង​រាល់​គ្នា​គ្មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​នៅ​តែ​អាច​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​នៅ​ឡើយ។ តាម​ការ​ពិត ព្រះ​យេស៊ូ​និង​បិតា​របស់​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌ មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​លទ្ធភាព​របស់​យើង​ទេ។ បើ​យើង​អធិដ្ឋាន ខំ​ប្រឹង​ប្រែ​ង​ដោយ​ខ្លួនឯង ព្រម​ទាំង​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ផង យើង​អាច​ប្រព្រឹត្ត​ដោយ​សម្លូត មាន​ចិត្ត​មេត្ដា និង​ចេះ​ផ្សះ​ផ្សា​គេ​បាន។ ណា​មួយ​ទៀត យើង​ក៏​អាច​លើក​តម្កើង​ព្រះ​យេហូវ៉ា ហាក់​ដូច​ជា​បញ្ចេញ​ពន្លឺ ព្រម​ទាំង​រក​ជានា​នឹង​បង​ប្អូន​ពេល​មាន​រឿង។

២២ ការ​ថ្វាយ​បង្គំ​ដែល​គាប់ចិត្ត​ព្រះ​យេហូវ៉ា​ក៏​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​ដែល​ប្រៀប​ដូច​ជា​អ្នក​ជិតខាង។ (ម៉ាក. ១២:៣១) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​ចំណុច​ឯ​ទៀត​ដែល​ព្រះ​យេស៊ូ​បាន​ថ្លែង​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ ដែល​អាច​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ល្អជា​បន្ត​ចំពោះ​អ្នក​ដទៃ។ យ៉ាង​ណា​មិញ ពេល​គិត​ពី​ចំណុច​ល្អៗ​ដែល​យើង​ទើបតែ​បាន​ពិនិត្យ​មើល​ពី​ធម្មទាន​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ គប្បី​ឲ្យ​យើង​សួរ​ខ្លួនឯង​ថា ‹តើ​ខ្ញុំ​ប្រព្រឹត្ត​ល្អ​ប៉ុណ្ណា​ចំពោះ​អ្នក​ដទៃ?›។

[កំណត់​សម្គាល់]

a ពេល​សិក្សា​អត្ថបទ​នេះ​និង​អត្ថបទ​ជា​បន្ទាប់​ដោយ​ខ្លួន​ឯង យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង​ដោយ​អាន​បទ​គម្ពីរ​ទាំងនេះ​ជា​មុន​សិន។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​រួម​បញ្ចូល​អ្វីខ្លះ?

• ហេតុ​អ្វី​ក៏​មនុស្ស​ដែល​«មាន​ចិត្ត​មេត្ដា»​មាន​ពរ?

• តើ​យើង​អាច​បញ្ចេញ​ពន្លឺ​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​«ទៅ​រក​ជា​នឹង​បង​ប្អូន»​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១០]

ស្រប​ទៅ​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា ចាំបាច់​ណាស់​ឲ្យ​គ្រិស្ត​សាសនិក​មាន​កិរិយា​ល្អ​ទុក​ជា​គំរូ​ដល់​អ្នក​ដទៃ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក