«ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺ»
១ លោកីយ៍ជុំវិញយើងនេះ កំពុងតែស្ថិតនៅក្នុងសេចក្ដីងងឹតខាងសីលធម៌និងខាងវិញ្ញាណ។ ពន្លឺពីសេចក្ដីពិត បញ្ចាំងឲ្យឃើញនូវ«ការឥតផលប្រយោជន៍»របស់សេចក្ដីងងឹត ដើម្បីឲ្យឧបសគ្គដែលបណ្ដាលឲ្យស្លាប់ទាំងនេះអាចត្រូវជៀសវាងបាន។ ហេតុនេះហើយ សាវ័កប៉ុលបានជំរុញគ្រីស្ទានទាំងឡាយថា៖ «ចូរដើរដូចជាមនុស្សភ្លឺចុះ»។—អេភេសូរ ៥:៨, ១១
២ «ផលផ្លែនៃពន្លឺ» និងភាពស្រអាប់របស់លោកីយ៍នេះគឺខុសគ្នាឆ្ងាយណាស់។ (អេភេសូរ ៥:៩) ដើម្បីបង្កើតផលនេះ នោះតម្រូវឲ្យយើងភ្លឺឡើងជាគំរូដ៏ល្អប្រសើរខាងការរស់នៅបែបជាគ្រីស្ទានគឺថា ជាមនុស្សប្រភេទដែលព្រះយេស៊ូសព្វព្រះហឫទ័យនោះ។ យើងក៏ត្រូវតែសម្ដែងគុណសម្បត្ដិដូចជា ភក្ដីភាពអស់អំពីចិត្ត ចិត្តស្មោះស និងចិត្តខ្នះខ្នែងចំពោះសេចក្ដីពិត។ យើងត្រូវតែសម្ដែងផលផ្លែទាំងអស់នេះក្នុងជីវិតប្រចាំថ្ងៃ និងក្នុងកិច្ចបំរើរបស់យើងផងដែរ។
៣ ចូរឲ្យពន្លឺរបស់អ្នកភ្លឺឡើងរៀងរាល់ឱកាស: ព្រះយេស៊ូបានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ថា៖ «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោក»។ (ម៉ាថាយ ៥:១៦) ដោយធ្វើតម្រាប់តាមព្រះយេស៊ូ នោះយើងក៏បង្ហាញឲ្យឃើញនូវពន្លឺរបស់ព្រះយេហូវ៉ា ដោយផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះនិងគោលបំណងរបស់ទ្រង់។ យើងភ្លឺឡើងជាតួពន្លឺ ពេលដែលយើងទៅលេងផ្ទះរបស់មនុស្ស ហើយពេលដែលយើងផ្សព្វផ្សាយសេចក្ដីពិតនៅកន្លែងធ្វើការ នៅឯសាលារៀន និងដល់អ្នកជិតខាងរបស់យើង ឬក៏នៅកន្លែងណាក៏ដោយដែលមានឱកាស។—ភីលីព ២:១៥
៤ ព្រះយេស៊ូមានបន្ទូលថា មនុស្សខ្លះនឹងស្អប់ដល់ពន្លឺ។ (យ៉ូហាន ៣:២០) អ៊ីចឹងហើយ យើងមិនត្រូវធ្លាក់ទឹកចិត្តទេ ពេលដែលមនុស្សភាគច្រើនបដិសេធមិនព្រមឲ្យ«រស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទ»ភ្លឺមកដល់គេនោះ។ (កូរិនថូសទី២ ៤:៤) ព្រះយេហូវ៉ាជ្រាបដឹងពីអ្វីដែលនៅក្នុងចិត្តគំនិតមនុស្សជាតិ ហើយទ្រង់មិនមានព្រះទ័យចង់ឲ្យអ្នកដែលធ្វើអំពើទុច្ចរិតមាននៅក្នុងចំណោមរាស្ត្រទ្រង់ទេ។
៥ នៅពេលដែលយើងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា និងមានពន្លឺខាងវិញ្ញាណ នោះយើងអាចជះពន្លឺដល់អ្នកឯទៀតដែរ។ បើសិនជាគេទទួលស្គាល់ដោយចរិយារបស់យើងថា យើង«មានពន្លឺនៃជីវិត» នោះគេប្រហែលជានឹងមានចិត្តជំរុញឲ្យកែប្រែខ្លួន ដើម្បីទៅជាអ្នកដែលមានពន្លឺដែរ។—យ៉ូហាន ៨:១២
៦ ដោយឲ្យពន្លឺរបស់យើងភ្លឺឡើង នោះយើងនាំសេចក្ដីសរសើរដល់អ្នកបង្កើតរបស់យើង និងជួយអ្នកដែលមានចិត្តស្មោះឲ្យស្គាល់ទ្រង់ថែមទាំងមានសេចក្ដីសង្ឃឹមចំពោះជីវិតជារៀងរហូត។ (ពេត្រុសទី១ ២:១២) ដោយព្រោះយើងមានពន្លឺ ចូរឲ្យយើងប្រើពន្លឺនោះដើម្បីជួយអ្នកឯទៀតឲ្យរកឃើញនូវផ្លូវចេញពីសេចក្ដីងងឹតខាងវិញ្ញាណ និងធ្វើការដែលជារបស់ផងពន្លឺវិញ។