«ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»
១. តើយើងមានឯកសិទ្ធិអ្វី?
១ ចាប់ពីព្រលឹមស្រាងៗរហូតដល់រសៀលថ្ងៃរៀបលិច មានពន្លឺដ៏សែនស្អាតដែលនាំមកនូវការសរសើរដល់ព្រះយេហូវ៉ា។ ប៉ុន្តែមានពន្លឺម្យ៉ាងទៀតដែលលោកយេស៊ូបានអញ្ជើញពួកអ្នកកាន់តាមលោកឲ្យបង្ហាញពោលគឺ «ពន្លឺនៃជីវិត»។ (យ៉ូន. ៨:១២) ការមានពន្លឺនេះពីព្រះជាឯកសិទ្ធិពិសេសណាស់ ហើយក៏តម្រូវឲ្យយើងបំពេញភារកិច្ចដ៏សំខាន់មួយដែរ។ លោកយេស៊ូបានណែនាំថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក» ដើម្បីឲ្យពួកគេបានទទួលប្រយោជន៍ពីពន្លឺនោះដែរ។ (ម៉ាថ. ៥:១៦) ដោយសារសព្វថ្ងៃពិភពលោកនេះកាន់តែងងឹតទៅៗ មនុស្សត្រូវការស្គាល់ពន្លឺនេះ ហើយសេចក្ដីត្រូវការនេះមានកាន់តែខ្លាំងឡើង! តើយើងអាចបញ្ចេញពន្លឺរបស់យើងដូចលោកយេស៊ូយ៉ាងដូចម្ដេច?
២. តើលោកយេស៊ូបានបង្ហាញពីសារៈសំខាន់នៃការបញ្ចេញពន្លឺពីព្រះយ៉ាងដូចម្ដេច?
២ តាមរយៈកិច្ចផ្សព្វផ្សាយ: លោកយេស៊ូបានប្រើពេលវេលា កម្លាំង និងធនធានរបស់លោកដើម្បីឲ្យមនុស្សទទួលបាននូវពន្លឺនៃសេចក្ដីពិតនៅឯផ្ទះរបស់ពួកគេ នៅទីសាធារណៈ នៅលើភ្នំ ពោលគឺនៅកន្លែងណាដែលលោកអាចរកពួកគេឃើញ។ លោកយេស៊ូបានជ្រាបថាការផ្ដល់ឲ្យមនុស្សនូវពន្លឺពីព្រះជាអ្វីដែលមានប្រយោជន៍ជារៀងរហូត។ (យ៉ូន. ១២:៤៦) ដើម្បីជួយមនុស្សឲ្យកាន់តែច្រើន លោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យធ្វើជា«ពន្លឺបំភ្លឺពិភពលោក»។ (ម៉ាថ. ៥:១៤) ពួកគេបញ្ចេញពន្លឺរបស់ពួកគេ ដោយប្រព្រឹត្តល្អចំពោះអ្នកជិតខាងខ្លួន និងដោយផ្សព្វផ្សាយសេចក្ដីពិតអំពីព្រះ។
៣. តើយើងអាចបង្ហាញថាយើងពិតជាឲ្យតម្លៃចំពោះពន្លឺនៃសេចក្ដីពិតយ៉ាងដូចម្ដេច?
៣ រាស្ត្ររបស់ព្រះចាត់ទុកភារកិច្ចដែលឲ្យ«បន្តរស់នៅជាកូននៃពន្លឺ»ជាអ្វីសំខាន់ណាស់ ហើយពួកគេផ្សព្វផ្សាយនៅកន្លែងណាដែលមានមនុស្ស។ (អេភ. ៥:៨) ដោយគ្រាន់តែអានគម្ពីរនិងសៀវភៅរបស់គ្រិស្តសាសនិកនៅកន្លែងដែលមនុស្សអាចឃើញ ដូចជានៅម៉ោងឈប់សម្រាកពីការងារឬពីការរៀនសូត្រ នោះបើកឱកាសឲ្យយើងអាចពិគ្រោះជាមួយពួកគេអំពីគម្ពីរបាន។ ដោយធ្វើដូច្នេះប្អូនស្រីម្នាក់ បានផ្ដល់សៀវភៅដល់សិស្សរួមថ្នាក់របស់គាត់១២នាក់ ហើយបានចាប់ផ្ដើមបង្រៀនគម្ពីរដល់សិស្សរួមថ្នាក់ម្នាក់។
៤. ហេតុអ្វីការ‹ឲ្យពន្លឺរបស់យើង›ភ្លឺ រួមបញ្ចូលការប្រព្រឹត្តដ៏ល្អ?
៤ តាមរយៈការប្រព្រឹត្តល្អ: តាមរយៈការប្រព្រឹត្តរបស់យើងជាប្រចាំថ្ងៃ យើងក៏ឲ្យពន្លឺរបស់យើងភ្លឺដែរ។ (អេភ. ៥:៩) មិនថានៅកន្លែងធ្វើការ នៅសាលារៀន និងនៅទីសាធារណៈផ្សេងទៀត មនុស្សកត់សម្គាល់ការប្រព្រឹត្តរបស់គ្រិស្តសាសនិក ហើយនោះអាចបង្កើតឱកាសប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតពីគម្ពីរ។ (១ពេ. ២:១២) ឧទាហរណ៍ ការប្រព្រឹត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់អាយុប្រាំឆ្នាំ បានជំរុញគ្រូបង្រៀនរបស់គាត់ឲ្យទូរស័ព្ទទៅឪពុកម្ដាយរបស់ក្មេងប្រុសនោះ។ អ្នកគ្រូបង្រៀនបាននិយាយថា៖ «ខ្ញុំមិនដែលឃើញកូនក្មេងដែលមានការចេះដឹង ស្គាល់ខុសស្គាល់ត្រូវដូច្នេះទេ!»។ ត្រូវមែន កិច្ចបម្រើ និងការប្រព្រឹត្តល្អរបស់យើងអាចទាក់ទាញមនុស្សឲ្យមកឯ«ពន្លឺនៃជីវិត» ហើយនាំឲ្យគេសរសើរព្រះរបស់យើង។