បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/២ ទំ. ១៣-១៨
  • ត្រូវគេបៀតបៀនតែមានសុភមង្គល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ត្រូវគេបៀតបៀនតែមានសុភមង្គល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​រង​ទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត
  • ត្រូវ​គេ​ជេរ​ប្រមាថ​មើលងាយ​ដោយ​ព្រោះ​ព្រះ​គ្រីស្ទ
  • មាន​សុភមង្គល​ដោយសារ​ទទួល​ការ​បៀតបៀន ដូច​ពួក​ព្យាការី​ពី​បុរាណ
  • មូលហេតុ​វិសេស​ដែល​យើង​អាច​មាន​សុភមង្គល
  • ចូរ​រីករាយ​ជា​ខ្លាំង​ដោយ​ព្រោះ​រង្វាន់
  • ត្រូវគេបៀតបៀន ដោយសេចក្ដីសុចរិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើពិតជាត្រូវមានអ្វីដើម្បីមានសុភមង្គល?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរអរសប្បាយទោះជាត្រូវគេបៀតបៀនក្ដី
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/២ ទំ. ១៣-១៨

ត្រូវ​គេ​បៀតបៀន​តែ​មាន​សុភមង្គល

«អ្នក​រាល់​គ្នា​មាន​ពរ[ឬ«សុភមង្គល», ខ.ស.] ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ»។—ម៉ាថាយ ៥:១១

១​. ស្តី​អំពី​សុភមង្គល​និង​ការ​បៀតបៀន តើ​ព្រះ​យេស៊ូ​បាន​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​កាន់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

លើក​ដំបូង​ដែល​ព្រះ​យេស៊ូ​ចាត់​សាវ័ក​របស់​ទ្រង់​ឲ្យ​ទៅ​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ ទ្រង់​បាន​ព្រមាន​ថា ពួក​គេ​នឹង​ជួប​ប្រទះ​ការ​ប្រឆាំង។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ (ម៉ាថាយ ១០:៥​-​១៨, ២២) ក៏​ប៉ុន្តែ មុន​ពេល​នោះ កាល​ដែល​ព្រះ​យេស៊ូ​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ ទ្រង់​បាន​បង្កើន​ទំនុក​ចិត្ត​របស់​សាវ័ក​ទ្រង់​និង​អ្នក​ឯ​ទៀត​ថា ការ​ប្រឆាំង​មិន​ចាំបាច់​បំផ្លាញ​នូវ​សុភមង្គល​ដែល​មាន​ក្នុង​ជំរៅ​ចិត្ត​របស់​ពួក​គេ​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​ថា គ្រីស្ទាន​អាច​មាន​សុភមង្គល​ពេល​ដែល​មនុស្ស​បៀតបៀន​ពួក​គេ! តើ​ការ​បៀតបៀន​អាច​ធ្វើ​ឲ្យ​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច​បាន?

ការ​រង​ទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត

២​. យោង​ទៅ​តាម​ព្រះ​យេស៊ូ​និង​សាវ័ក​ពេត្រុស តើ​ការ​រង​ទុក្ខ​អាច​ធ្វើ​ឲ្យ​មាន​សុភមង្គល​នៅ​ពេល​ណា?

២ ព្រះ​យេស៊ូ​រៀប​រាប់​នូវ​មូលហេតុ​ទី​ប្រាំ​បី​ដែល​អាច​មាន​សុភមង្គល​ដោយ​មាន​បន្ទូល​ថា៖ ‹មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ›។ (ម៉ាថាយ ៥:១០, កំណែ​ជា​អក្សរ​ទ្រេត) គ្រាន់​តែ​រង​ទុក្ខ​ប៉ុណ្ណោះ មិន​មែន​គួរ​ឲ្យ​សរសើរ​នោះ​ទេ។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី? តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន»។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ។ តែ​បើ​រង​ទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ»។ (ពេត្រុសទី១ ២:២០; ៤:១៥, ១៦) យោង​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ ការ​រង​ទុក្ខ​នឹង​ធ្វើ​ឲ្យ​មាន​សុភមង្គល បើ​ការ​រង​ទុក្ខ​នោះ​ដោយ​ព្រោះ​សេចក្ដី​សុចរិត។

៣​. (ក) តើ​ការ​រង​ទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មាន​អត្ថន័យ​អ្វី? (ខ) តើ​ការ​បៀតបៀន​បាន​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម?

៣ ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​និង​បញ្ញត្ដិ​របស់​ព្រះ​គឺ​ជា​ការ​បង្ហាញ​នូវ​សេចក្ដី​សុចរិត​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ការ​រង​ទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មាន​ន័យ​ថា យើង​រង​ទុក្ខ​ដោយសារ​មិន​ព្រម​បណ្ដោយ​ខ្លួន​តាម​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ខុស​នឹង​ខ្នាត​តម្រា​ឬ​សេចក្ដី​តម្រូវ​របស់​ព្រះ។ សាវ័ក​ទាំង​ឡាយ​បាន​ត្រូវ​បៀតបៀន​ដោយ​អ្នក​ដឹក​នាំ​សាសនា​យូដា ពីព្រោះ​ពួក​គេ​មិន​ព្រម​ឈប់​ផ្សព្វផ្សាយ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ។ (កិច្ច​-​ការ ៤:១៨​-​២០; ៥:២៧​-​២៩, ៤០) តើ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​អំណរ​ឬ​ឈប់​ផ្សព្វផ្សាយ​ឬ​ទេ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! «ពួក​សាវក​ក៏​ចេញ​ពី​ពួក​ក្រុមជំនុំ​ទៅ ដោយ​អរ​សប្បាយ ពីព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ​នាម​ទ្រង់។ ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ​វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច»។ (កិច្ចការ ៥:៤១, ៤២) ការ​បៀតបៀន​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ខ្នះខ្នែង​ត​ទៅ​ទៀត​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ ក្រោយ​មក​ទៀត ជន​គ្រីស្ទាន​បាន​ត្រូវ​បៀតបៀន​ដោយ​ជនជាតិ​រ៉ូម ដោយសារ​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​ព្រះ​ចៅ​អធិរាជ។

៤​. តើ​គ្រីស្ទាន​ទទួល​ការ​បៀតបៀន​ដោយសារ​មូលហេតុ​អ្វី​ខ្លះ?

៤ នៅ​សម័យ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​បៀតបៀន​ដោយ​ព្រោះ​ពួក​គេ​មិន​ព្រម​ឈប់​ផ្សាយ‹ដំណឹង​ល្អ​ដែល​សម្ដែង​ពី​ព្រះ​រាជាណាចក្រ›។ (ម៉ាថាយ ២៤:១៤) នៅ​ពេល​ដែល​ត្រូវ​គេ​ដាក់​បំរាម​មិន​ឲ្យ​ប្រជុំ​គ្នា​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តែ​ប្រជុំ​គ្នា​តាម​បង្គាប់​ក្នុង​ព្រះ​គម្ពីរ​ដោយ​សុខ​ចិត្ត​រង​ទុក្ខ​លំបាក។ (ហេព្រើរ ១០:២៤, ២៥) ពួក​គេ​ក៏​ធ្លាប់​ទទួល​ការ​បៀតបៀន​ដោយ​ព្រោះ​កាន់​ជំហរអព្យាក្រឹត​ឬ​ដោយ​ព្រោះ​មិន​ព្រម​ប្រើ​ឈាម។ (យ៉ូហាន ១៧:១៤; កិច្ចការ ១៥:២៨, ២៩) យ៉ាង​ណា​ក៏​ដោយ ការ​គាំទ្រ​ខាង​សេចក្ដី​សុចរិត ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​សេចក្ដី​សុខសាន្ត​និង​សុភមង្គល​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត។—ពេត្រុសទី១ ៣:១៤

ត្រូវ​គេ​ជេរ​ប្រមាថ​មើលងាយ​ដោយ​ព្រោះ​ព្រះ​គ្រីស្ទ

៥​. ជា​បឋម តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ទទួល​ការ​បៀតបៀន​ដោយ​ព្រោះ​អ្វី?

៥ យោង​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ពេល​ដែល​កំពុង​តែ​ធ្វើ​ធម្មទាន​លើ​ភ្នំ មូលហេតុ​ទី​ប្រាំ​បួន​ដែល​យើង​អាច​មាន​សុភមង្គល​ក៏​ទាក់ទង​នឹង​ការ​បៀតបៀន​ដែរ។ ទ្រង់​មាន​បន្ទូល​ថា៖ ‹អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ​ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់​ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ›។ (ម៉ាថាយ ៥:១១, កំណែ​ជា​អក្សរ​ទ្រេត) មូលហេតុ​ចំ​បង​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​បៀតបៀន គឺ​ពីព្រោះ​ពួក​គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍​ដ៏​អាក្រក់​នេះ។ ព្រះ​យេស៊ូ​ធ្លាប់​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា៖ «បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ នោះ​លោកីយ​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា។ តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា​វិញ»។ (យ៉ូហាន ១៥:១៩) ស្រដៀង​គ្នា​ដែរ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា៖ «គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ​តាម​សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ​ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា»។—ពេត្រុសទី១ ៤:៤

៦​. (ក) ហេតុ​អ្វី​បាន​ជា​មនុស្ស​បៀតបៀន​និង​ជេរ​ប្រមាថ​មើលងាយ​អ្នក​សំណល់​និង​គូកន​របស់​ពួក​គេ? (ខ) តើ​ការ​ប្រមាថ​មើលងាយ​នេះ​បំផ្លាញ​នូវ​សុភមង្គល​របស់​យើង​ទេ?

៦ យើង​បាន​រៀន​ហើយ​ថា គ្រីស្ទាន​នៅ​សម័យ​ដើម​ធ្លាប់​មាន​គេ​បៀតបៀន​ដោយសារ​ពួក​គេ​មិន​ព្រម​ឈប់​ផ្សព្វផ្សាយ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ។ ព្រះ​គ្រីស្ទ​បាន​បង្គាប់​សិស្ស​របស់​ទ្រង់​ថា៖ ‹អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង›។ (កិច្ចការ ១:៨) អ្នក​សំណល់​ស្មោះ​ភក្ដី​នៃ​បងប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​បាន​ខ្នះខ្នែង​ធ្វើ​តាម​បង្គាប់​នេះ ដោយ​មាន​ជំនួយ​ពី​គូកន​ជា«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»។ (វិវរណៈ ៧:៩) ហេតុ​នេះ​ហើយ សាតាំង​ច្បាំង«នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន[ជា​ពូជ​របស់«ស្ត្រី»ដែល​ជា​ផ្នែក​នៃ​អង្គការ​ព្រះ​យេហូវ៉ា​ដែល​នៅ​ស្ថានសួគ៌] ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ»។ (វិវរណៈ ១២:៩, ១៧) ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូ ដែល​កំពុង​តែ​សោយ​រាជ​ជា​ស្តេច​នៃ​រាជ​រដ្ឋាភិបាល​របស់​ព្រះ។ រដ្ឋាភិបាល​នោះ​ឯង​នឹង​បំផ្លាញ​រដ្ឋាភិបាល​របស់​មនុស្ស​ដែល​ប្រឆាំង​នឹង​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។ (ដានីយ៉ែល ២:៤៤; ពេត្រុសទី២ ៣:១៣) គឺ​ហេតុ​នេះ​ហើយ​ដែល​យើង​ត្រូវ​គេ​បៀតបៀន​និង​ជេរ​ប្រមាថ​មើលងាយ ប៉ុន្តែ​យើង​មាន​សុភមង្គល​ដ្បិត​យើង​រង​ទុក្ខ​ដោយ​ព្រោះ​ព្រះ​នាម​ព្រះ​គ្រីស្ទ។—ពេត្រុសទី១ ៤:១៤

៧, ៨​. តើ​អ្នក​ប្រឆាំង​ធ្លាប់​ភូត​កុហក​យ៉ាង​ណា​អំពី​គ្រីស្ទាន​នៅ​សម័យ​ដើម?

៧ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា អ្នក​កាន់​តាម​ទ្រង់​គួរ​មាន​សុភមង្គល​ពេល​ដែល​មនុស្ស«និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់»អំពី​ពួក​គេ​ដោយ​ព្រោះ​ទ្រង់។ (ម៉ាថាយ ៥:១១, កំណែ​ជា​អក្សរ​ទ្រេត) នេះ​បាន​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​ចំពោះ​គ្រីស្ទាន​នៅ​សម័យ​ដើម។ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​ត្រូវ​គេ​ឃុំ​នៅ​ទី​ក្រុង​រ៉ូម​នៅ​ឆ្នាំ​ប្រមាណ​៥៩​-​៦១ ស.យ.​នោះ អ្នក​ដឹក​នាំ​សាសនា​យូដា​បាន​និយាយ​អំពី​បណ្ដា​គ្រីស្ទាន​ថា៖ «នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់»។ (កិច្ចការ ២៨:២២) ប៉ុល​និង​ស៊ីឡាស​បាន​ត្រូវ​គេ​ចោទ​ថា​ជា«ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី» ដោយ​«ប្រព្រឹត្ត​សុទ្ធតែ​ខុស​នឹង​បញ្ញត្ត​របស់​សេសារ»។—កិច្ចការ ១៧:៦, ៧

៨ លោក​កេណិត ស្កត ឡាទូរេត ប្រវត្ដិវិទូ​មួយ​រូប​ធ្លាប់​មាន​ប្រសាសន៍​អំពី​គ្រីស្ទាន​នៅ​សម័យ​ចក្រភព​រ៉ូម​ថា៖ «មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន ដោយ​ព្រោះ​ពួក​គ្រីស្ទាន​មិន​ចូល​រួម​ក្នុង​ពិធី​សាសនា​របស់​សាសនា​ផ្សេង​ទៀត មនុស្ស​បាន​ចោទ​ប្រកាន់​ថា​ពួក​គ្រីស្ទាន​មិន​ជឿ​ថា​មាន​ព្រះ​ទេ។ ពួក​គ្រីស្ទាន​ក៏​មិន​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេងៗក្នុង​សហគមន៍​ដែរ ដូច​ជា​ពិធី​បុណ្យ​និង​កម្មវិធី​កំសាន្ត​ផ្សេងៗ . . . ដោយ​ហេតុ​នេះ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ស្អប់​មនុស្ស​ជាតិ។ . . . ធ្លាប់​មាន​គេ​ចោទ​ប្រកាន់​ថា​បុរស​និង​ស្ត្រី​គ្រីស្ទាន​ជួប​ជុំ​គ្នា​ពេល​យប់ . . . ហើយ​រួម​ភេទ​ឥត​រើស​មុខ។ . . . ដោយសារ​ពួក​គ្រីស្ទាន​ធ្វើ[បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ]ជា​មួយ​តែ​អ្នក​ជឿ​គ្នីគ្នា នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជឿ​តាម​ពាក្យ​ចចាមអារ៉ាម​ថា គ្រីស្ទាន​មាន​ទម្លាប់​សម្លាប់​បូជា​ទារក​ហើយ​ស៊ី​សាច់​ហុត​ឈាម​វា»។ ម្យ៉ាង​ទៀត ដោយសារ​គ្រីស្ទាន​នៅ​សម័យ​ដើម​មិន​ព្រម​ថ្វាយ​បង្គំ​ព្រះ​ចៅ​អធិរាជ ពួក​គេ​ធ្លាប់​ត្រូវ​ចោទ​ប្រកាន់​ជា​សត្រូវ​រដ្ឋាភិបាល។

៩​. តើ​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​មិន​ពិត​ទៅ​លើ​ពួក​គេ? តើ​មាន​ស្ថានភាព​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

៩ ការ​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ដូច្នោះ​មិន​បាន​ធ្វើ​ឲ្យ​គ្រីស្ទាន​ឈប់ធ្វើ​តាម​បង្គាប់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ​ទេ។ នៅ​ឆ្នាំ​៦០​-​៦១ ស.យ. ប៉ុល​បាន​និយាយ​អំពី«ដំណឹង​ល្អ»ថា«កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង»ទូទាំង​ពិភពលោក​និង«បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។ (កូល៉ុស ១:៥, ៦, ២៣) សព្វ​ថ្ងៃ​នេះ​គឺ​ដូច​គ្នា​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​មិន​ពិត ដូច​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​នោះ។ យ៉ាង​ណា​ក៏​ដោយ កិច្ចការ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​តែ​រីក​ចំរើន​ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដែល​ចូល​រួម​កិច្ចការ​នោះ​មាន​សុភមង្គល​យ៉ាង​ខ្លាំង។

មាន​សុភមង្គល​ដោយសារ​ទទួល​ការ​បៀតបៀន ដូច​ពួក​ព្យាការី​ពី​បុរាណ

១០, ១១​. (ក) តើ​ព្រះ​យេស៊ូ​បាន​បញ្ចប់​ការ​ពន្យល់​នូវ​មូលហេតុ​ទី​ប្រាំ​បួន​យ៉ាង​ណា? (ខ) ហេតុ​អ្វី​បាន​ជា​ពួក​ព្យាការី​មាន​ការ​បៀតបៀន? សូម​ឲ្យ​ឧទាហរណ៍។

១០ ក្រោយ​ដែល​ព្រះ​យេស៊ូ​បញ្ជាក់​នូវ​មូលហេតុ​ទី​ប្រាំ​បួន​ដែល​យើង​អាច​មាន​សុភមង្គល ទ្រង់​បញ្ចប់​ដោយ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ចិត្ត​អំណរ . . . ពីព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា[ឬ«ព្យាការី», ខ.ស.]ដែល​នៅ​មុន​អ្នក​រាល់​គ្នា​បែប​ដូច្នោះ​ដែរ»។ (ម៉ាថាយ ៥:១២, កំណែ​ជា​អក្សរ​ទ្រេត) ប្រជាជន​មិន​ត្រឹម​តែ​មិន​ទទួល​ស្វាគមន៍​ប៉ុណ្ណោះ​ទេ​ក៏​បាន​បៀតបៀន​ជា​ញឹកញយ​នូវ​បណ្ដា​ព្យាការី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទៅ​ព្រមាន​ប្រជាជន​អ៊ីស្រាអែល​ដ៏​មិន​ស្មោះ​ត្រង់​នោះ។ (យេរេមា ៧:២៥, ២៦) សាវ័ក​ប៉ុល​បញ្ជាក់​ហេតុ​ការណ៍​នេះ​ដោយ​សរសេរ​ថា៖ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី . . . ពួក​ហោរា . . . ដែល​ដោយសារ​សេចក្ដី​ជំនឿ . . . ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង​នឹង​ជាប់​គុក​ផង»។—ហេព្រើរ ១១:៣២​-​៣៨

១១ ក្នុង​រជ្ជកាល​របស់​ស្តេច​ទុច្ចរិត​មួយ​អង្គ​នាម​អ័ហាប និង​ព្រះ​អគ្គមហេសី​យេសិបិល​នោះ ព្យាការី​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សម្លាប់​ដោយ​ដាវ។ (ពង្សាវតារក្សត្រទី១ ១៨:៤, ១៣; ១៩:១០) ព្យាការី​យេរេមា​ត្រូវ​គេ​ដាក់​ខ្នោះ ហើយ​ក្រោយ​មក​ទៀត​ត្រូវ​គេ​បោះ​ទម្លាក់​ទៅ​ក្នុង​អណ្ដូង​មួយ​ដែល​មាន​សុទ្ធតែ​ភក់។ (យេរេមា ២០:១, ២; ៣៨:៦) ព្យាការី​ដានីយ៉ែល​បាន​ត្រូវ​ទម្លាក់​ទៅ​ក្នុង​រូង​សត្វ​សិង្ហ។ (ដានីយ៉ែល ៦:១៦, ១៧) ព្យាការី​ទាំង​អស់​នេះ​ដែល​រស់​មុន​សម័យ​ពួក​គ្រីស្ទាន ក៏​បាន​ត្រូវ​បៀតបៀន​ដោយ​ព្រោះ​ពួក​គេ​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា​ដែរ។ ព្យាការី​ជា​ច្រើន​បាន​ត្រូវ​បៀតបៀន​ដោយ​អ្នក​ដឹក​នាំ​សាសនា​យូដា​ដែរ។ ព្រះ​យេស៊ូ​ធ្លាប់​មាន​បន្ទូល​ហៅ​ពួក​អាចារ្យ​និង​ពួក​ផារិស៊ី​ថា​ជា«កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ»។—ម៉ាថាយ ២៣:៣១

១២​. ហេតុ​អ្វី​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​បៀតបៀន​ដូច​ពួក​ព្យាការី​ពី​សម័យ​បុរាណ​ជា​ឯកសិទ្ធិ?

១២ សព្វ​ថ្ងៃ​នេះ យើង​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ច្រើន​តែ​ទទួល​ការ​បៀតបៀន​ពីព្រោះ​យើង​ខ្នះខ្នែង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ពួក​សត្រូវ​របស់​យើង​ចោទ​ប្រកាន់​ថា​យើង«បង្ខិត​បង្ខំ​មនុស្ស​ឲ្យ​ដូរ​សាសនា» ប៉ុន្តែ​យើង​ដឹង​ថា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ​ក៏​ធ្លាប់​មាន​គេ​រិះគន់​ដូច្នេះ​ដែរ។ (យេរេមា ១១:២១; ២០:៨, ១១) យើង​ចាត់​ទុក​នេះ​ជា​ឯកសិទ្ធិ​មួយ គឺ​យើង​អាច​រង​ទុក្ខ​ដោយ​ព្រោះ​មូលហេតុ​ដែល​ព្យាការី​ពី​សម័យ​បុរាណ​ធ្លាប់​រង​ទុក្ខ​នោះ​ដែរ។ យ៉ាកុប​បាន​សរសេរ​ថា៖ «បងប្អូន​អើយ! ចូរ​យក​តំរាប់​តាម​ពួក​ព្យាការី ដែល​បាន​រង​ទុក្ខ​លំបាក និង មាន​ចិត្ត​អត់ធ្មត់ ហើយ​ថ្លែង​ព្រះ​បន្ទូល​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់។ យើង​តែង​តែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូទ្រាំ​ថា​ជា​អ្នក​មាន​សុភមង្គល»។—យ៉ាកុប ៥:១០, ១១, ខ.ស.

មូលហេតុ​វិសេស​ដែល​យើង​អាច​មាន​សុភមង្គល

១៣​. (ក) ហេតុ​អ្វី​បាន​ជា​ការ​បៀតបៀន​មិន​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត? (ខ) តើ​អ្វី​ជួយ​ឲ្យ​យើង​កាន់​ជំហរ​មាំមួន? តើ​នេះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​អ្វី?

១៣ ជាជាង​ធ្លាក់​ទឹក​ចិត្ត​ពីព្រោះ​មាន​ការ​បៀតបៀន​នោះ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយសារ​យើង​ដឹង​ថា យើង​កំពុង​តែ​យក​តម្រាប់​តាម​ពួក​ព្យាការី បណ្ដា​គ្រីស្ទាន​នៅ​សម័យ​ដើម ហើយ​ព្រះ​គ្រីស្ទ​យេស៊ូ​ទៀត​ផង។ (ពេត្រុសទី១ ២:២១) យើង​មាន​ក្ដី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​អាន​បទ​គម្ពីរ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្ដៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ។ បើសិន​ជា​គេ​តិះដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ​គ្រីស្ទ នោះ​មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ ពីព្រោះ​ព្រះ​វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ»។ (ពេត្រុសទី១ ៤:១២, ១៤) យើង​ដឹង​ដោយ​បទ​ពិសោធន៍​ថា យើង​អាច​កាន់​ជំហរ​ឲ្យ​មាំមួន​នៅ​ចំពោះ​មុខ​ការ​បៀតបៀន ដោយសារ​តែ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​យើងហើយ​ពង្រឹង​កម្លាំង​របស់​យើង។ ការ​គាំទ្រ​ពី​វិញ្ញាណ​បរិសុទ្ធ​ជា​ភស្តុតាង​បញ្ជាក់​ថា យើង​មាន​ព្រះ​ពរ​ពី​ព្រះ​យេហូវ៉ា ហើយ​នេះ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​យ៉ាង​ខ្លាំង។—ទំនុកដំកើង ៥:១២; ភីលីព ១:២៧​-​២៩

១៤​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​អាច​អរ​សប្បាយ​ពេល​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​នោះ?

១៤ មូលហេតុ​មួយ​ទៀត​ដែល​ការ​ប្រឆាំង​និង​ការ​បៀតបៀន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​ធ្វើ​ឲ្យ​យើង​សប្បាយ​គឺ​នោះ​បញ្ជាក់​ថា យើង​ជា​គ្រីស្ទាន​ពិត​ដែល​កំពុង​តែ​រស់​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ»។ (ធីម៉ូថេទី២ ៣:១២) យើង​មាន​សុភមង្គល​ជា​ខ្លាំង​បំផុត ដោយ​ដឹង​ថា ពេល​ដែល​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នៅ​ចំពោះ​មុខ​ការ​ល្បងល នោះ​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ដែល​ថា បុគ្គល​ទាំង​ឡាយ​បំរើ​ព្រះ​យេហូវ៉ា​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ទេ។ (យ៉ូប ១:៩​-​១១; ២:៣, ៤) យើង​រីករាយ​ដែល​យើង​អាច​រួម​ចំណែក ទោះ​ជា​តិច​ក៏​ដោយ ក្នុង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។—សុភាសិត ២៧:១១

ចូរ​រីករាយ​ជា​ខ្លាំង​ដោយ​ព្រោះ​រង្វាន់

១៥, ១៦​. (ក) តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់​មូលហេតុ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង«រីករាយ​ជា​ខ្លាំង»? (ខ) តើ​មាន​រង្វាន់​អ្វី​នៅ​ស្ថានសួគ៌​សំរាប់​គ្រីស្ទាន​ចាក់​ប្រេង​តាំង? តើ«ចៀម​ឯ​ទៀត»នឹង​ទទួល​រង្វាន់​អ្វី?

១៥ ព្រះ​យេស៊ូ​បាន​បន្ថែម​មូលហេតុ​មួយ​ទៀត ដែល​យើង​អាច​មាន​អំណរ​ពេល​ដែល​ត្រូវ​គេ​បង្កាច់​បង្ខូច​ហើយ​បៀតបៀន​ដូច​ព្យាការី​ពី​សម័យ​បុរាណ​នោះ។ ក្រោយ​រៀប​រាប់​មូលហេតុ​ទី​ប្រាំ​បួន​ចប់​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «[ចូរ]រីករាយ​ជា​ខ្លាំង​ចុះ! ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌»។ (ម៉ាថាយ ៥:១២, កំណែ​ជា​អក្សរ​ទ្រេត) សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ (រ៉ូម ៦:២៣) មែន​ហើយ «រង្វាន់​ជា​ធំ»ជា​ជីវិត ហើយ​នោះ​មិន​មែន​ជា​ឈ្នួល​ដែល​យើង​អាច​សម​ទទួល​នោះ​ទេ តែ​ជា​អំណោយ​ទាន​វិញ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​រង្វាន់​នោះ​គឺ«នៅ​ឯ​ស្ថានសួគ៌»ដ្បិត​នោះ​មក​ពី​ព្រះ​យេហូវ៉ា។

១៦ អ្នក​ចាក់​ប្រេង​តាំង​ទទួល«មកុដ​នៃ​ជីវិត» គឺ​ជីវិត​អមតៈ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌។ (យ៉ាកុប ១:១២, ១៧) «ចៀម​ឯ​ទៀត» អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​រង់ចាំ​ទទួល​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​នៅ​ផែនដី។ (យ៉ូហាន ១០:១៦; វិវរណៈ ២១:៣​-​៥) សំរាប់​ក្រុម​ទាំង​ពីរ​នេះ «រង្វាន់»មិន​មែន​ជា​ឈ្នួល​ដែល​សម​នឹង​ទទួល​នោះ​ទេ។ ទាំង​អ្នក​ចាក់​ប្រេង​តាំង​ទាំង«ចៀម​ឯ​ទៀត»ទទួល​រង្វាន់​ដោយសារ«ព្រះ​គុណ​នៃ​ព្រះ​ដ៏​លើស​លប់»របស់​ព្រះ​យេហូវ៉ា ដែល​បាន​ជំរុញ​សាវ័ក​ប៉ុល​ឲ្យ​ពោល​ថា៖ «អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន»។—កូរិនថូសទី២ ៩:១៤, ១៥

១៧​. ហេតុ​អ្វី​យើង​អាច​មាន​អំណរ​ហើយ«រីករាយ​ជា​ខ្លាំង»នៅ​ពេល​ដែល​មាន​ការ​បៀតបៀន?

១៧ សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ជន​គ្រីស្ទាន​ដែល​ជិត​ទទួល​ទោស​ប្រហារ​ជីវិត​ពី​អធិរាជ​នីរ៉ូ​ថា៖ «យើង​នៅ​តែ​អួត[ឬ«អរ​សប្បាយ», ព.ថ.]ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំទ្រ[ឬ«នាំ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ», ព.ថ.] សេចក្ដី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ​ថ្នឹក[ឬ«ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះហឫទ័យ​នឹង​យើង», ព.ថ.] សេចក្ដី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ឡើយ[ឬ«ខក​ចិត្ត», ខ.ស.]»។ គាត់​ក៏​បាន​និយាយ​ទៀត​ថា៖ «ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម។ ចូរ​អត់ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក»។ (រ៉ូម ៥:៣​-​៥; ១២:១២) មិន​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ជីវិត​នៅ​ស្ថានសួគ៌​ឬ​នៅ​ផែនដី​ក៏​ដោយ រង្វាន់​ដែល​យើង​ទទួល​ដោយសារ​យើង​រក្សា​ភាព​ស្មោះ​ភក្ដី​នៅ​ចំពោះ​មុខ​ការ​ល្បងល​គឺ​អស្ចារ្យ​លើស​ពី​អ្វី​ដែល​យើង​សម​ទទួល​ឆ្ងាយ​ណាស់។ យើង​រក​អ្វី​មក​ពណ៌នា​ពុំ​បាន​ឡើយ​អំពី​អំណរ​របស់​យើង​ដោយសារ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ក្រោម​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច ហើយ​ដើម្បី​បំរើ​និង​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​ពិត​ជា«រីករាយ​ជា​ខ្លាំង»។

១៨​. ពេល​ដែល​ទីបញ្ចប់​ឆ្ពោះ​មក​កាន់​តែ​ជិត តើ​សាសន៍​ទាំង​ឡាយ​នឹង​ធ្វើ​អ្វី? តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា?

១៨ នៅ​ប្រទេស​ខ្លះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្លាប់​ហើយ​នៅ​តែ​ទទួល​ការ​បៀតបៀន។ ក្នុង​ទំនាយ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​គ្រា​ចុង​បញ្ចប់ ទ្រង់​ព្រមាន​គ្រីស្ទាន​ពិត​ថា៖ «គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ (ម៉ាថាយ ២៤:៩, កំណែ​ជា​អក្សរ​ទ្រេត) ពេល​ដែល​ទីបញ្ចប់​កាន់​តែ​ជិត​មក​ដល់ សាតាំង​នឹង​នាំ​ឲ្យ​សាសន៍​ទាំង​ឡាយ​បង្ហាញ​នូវ​សេចក្ដី​ស្អប់​ចំពោះ​រាស្ត្រ​ព្រះ​យេហូវ៉ា។ (អេសេគាល ៣៨:១០​-​១២, ១៤​-​១៦) នេះ​ជា​សញ្ញា​បញ្ជាក់​ថា ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​បាន​មក​ដល់​ហើយ។ «អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត»។ (អេសេគាល ៣៨:២៣) យ៉ាង​នេះ​ព្រះ​យេហូវ៉ា​នឹង​លើក​ព្រះ​នាម​ទ្រង់​ញែក​ឲ្យ​បាន​បរិសុទ្ធ ហើយ​រំដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​ការបៀតបៀន។ ហេតុ​នេះ​ហើយ «អ្នក​ណា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល»។—យ៉ាកុប ១:១២, ខ.ស.

១៩​. ពេល​ដែល​រង់ចាំ‹ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា› តើ​យើង​គួរ​ធ្វើ​អ្វី?

១៩ កាល​ដែល​‹ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា›កាន់​តែ​ជិត​ដល់​នោះ ចូរ​យើង​អរ​សប្បាយ​ឡើង ពីព្រោះ​យើង«បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល»ដោយ​ព្រោះ​ព្រះ​នាម​ព្រះ​យេស៊ូ។ (ពេត្រុសទី២ ៣:១០​-​១៣; កិច្ចការ ៥:៤១) ដូច​គ្រីស្ទាន​ពី​សម័យ​ដើម ចូរ​យើង​បន្ត«បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ»ហើយ​រាជ​រដ្ឋាភិបាល​របស់​ទ្រង់ ពេល​ដែល​យើង​រង់ចាំ​ទទួល​រង្វាន់​របស់​យើង​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។—កិច្ចការ ៥:៤២; យ៉ាកុប ៥:១១

សំនួរ​សំរាប់​រៀន​សា​ឡើង​វិញ

• តើ​ការ​រង​ទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មាន​ន័យ​ដូច​ម្ដេច?

• តើ​ការ​បៀតបៀន​ធ្លាប់​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​គ្រីស្ទាន​នៅ​សម័យ​ដើម?

• ហេតុ​អ្វី​អាច​និយាយ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​បៀតបៀន​ដូច​ពួក​ព្យាការី​ពី​សម័យ​ដើម?

• ហេតុ​អ្វី​យើង​អាច«រីករាយ​ជា​ខ្លាំង»ពេល​ដែល​ត្រូវ​គេ​បៀតបៀន?

[រូបភាព​នៅ​ទំព័រ​១៦, ១៧]

‹អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន›

[អ្នក​ផ្ដល់​សិទ្ធិ]

Group in prison: Chicago Herald-American

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក