ចូរមានទស្សនៈប្រកបដោយតុល្យភាពចំពោះការពិសាស្រា
«ស្រាទំពាំងបាយជូរជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះឈ្មោះថា គ្មានប្រាជ្ញា»។—សុភាសិត ២០:១
១. តើអ្នកតែងទំនុកដំកើងបានច្រៀងយ៉ាងណាដើម្បីបញ្ជាក់ពីកតញ្ញូធម៌ចំពោះព្រះយេហូវ៉ា ដោយសារអំណោយល្អៗដែលទ្រង់ប្រទានមកនោះ?
យ៉ាកុប សិស្សម្នាក់របស់ព្រះយេស៊ូបានសរសេរថា៖ «គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ»។ (យ៉ាកុប ១:១៧) ដោយមានកតញ្ញូធម៌ចំពោះព្រះដោយសាររបស់ល្អៗជាច្រើនដែលទ្រង់ប្រទានមក នោះអ្នកតែងទំនុកដំកើងច្រៀងថា៖ «ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក ព្រមទាំងស្រាទំពាំងបាយជូរដែលនាំឲ្យចិត្តមនុស្សបានសប្បាយនឹងប្រេងសំរាប់ឲ្យមុខគេបានរលើបភ្លឺហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស»។ (ទំនុកដំកើង ១០៤:១៤, ១៥) ស្រានិងភេសជ្ជៈផ្សេងៗទៀតដែលមានជាតិស្រាក៏ដូចជាបន្លែ អាហារ និងប្រេងផងដែរ ដ្បិតរបស់ទាំងអស់នោះសុទ្ធតែជាអំណោយល្អៗពីព្រះ។ តើយើងគួរប្រើអំណោយទាំងនេះយ៉ាងដូចម្ដេច?
២. តើយើងនឹងពិចារណាសំនួរអ្វីខ្លះស្តីអំពីការពិសាស្រា?
២ លុះណាតែយើងប្រើអំណោយយ៉ាងត្រឹមត្រូវ ទើបអំណោយនោះមានប្រយោជន៍។ ជាឧទាហរណ៍ ទឹកឃ្មុំគឺ«ឆ្ងាញ់» ប៉ុន្តែ«បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ»។ (សុភាសិត ២៤:១៣; ២៥:២៧) ទោះជាការពិសា‹ស្រាបន្ដិច›មិនមែនជាការខុសក៏ពិតមែន តែការពិសាស្រាហួសប្រមាណជាបញ្ហាធ្ងន់ធ្ងរមួយ។ (ធីម៉ូថេទី១ ៥:២៣) ព្រះគម្ពីរព្រមានថា៖ «ស្រាទំពាំងបាយជូរជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះឈ្មោះថា គ្មានប្រាជ្ញា»។ (សុភាសិត ២០:១) ក៏ប៉ុន្តែ តើពិសាប៉ុនណាទើបចាត់ទុកថាវង្វេងដោយស្រា?a តើអាចដឹងដោយដូចម្ដេចថាបានពិសាល្មមឬក៏បានពិសាជ្រុលហើយ? តើត្រូវមានទស្សនៈបែបណាទើបចាត់ទុកថាមានទស្សនៈប្រកបដោយតុល្យភាព?
តើអាច«វង្វេង»ដោយស្រាយ៉ាងដូចម្ដេច?
៣, ៤. (ក) តើអ្វីបង្ហាញថាការពិសាស្រាស្រវឹងត្រូវផ្ដន្ទាទោសក្នុងព្រះគម្ពីរ? (ខ) តើសញ្ញាដែលសម្គាល់អ្នកស្រវឹងស្រាមានអ្វីខ្លះ?
៣ នៅអ៊ីស្រាអែលពីបុរាណ កូនប្រុសណាដែលជាជនប្រមឹក ល្មោភស៊ី ហើយមិនព្រមកែខ្លួនត្រូវស្លាប់ដោយគប់នឹងដុំថ្ម។ (ចោទិយកថា ២១:១៨-២១) សាវ័កប៉ុលដាស់តឿនគ្រីស្ទានថា៖ «បើមានអ្នកណានៅក្នុងពួកជំនុំជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹក ឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង»។ នេះបង្ហាញច្បាស់ថា បទគម្ពីរផ្ដន្ទាទោសការផឹកស្រាឲ្យស្រវឹង។—កូរិនថូសទី១ ៥:១១; ៦:៩, ១០
៤ ព្រះគម្ពីររៀបរាប់នូវសញ្ញាមួយចំនួនដែលសម្គាល់អ្នកស្រវឹងស្រាពេលចែងថា៖ «កុំឲ្យមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង ភ្នែកឯងនឹង[«ព្រិលមើលអ្វីៗឃើញសុទ្ធតែចំឡែកទាំងអស់», ខ.ស.] ហើយចិត្តឯងនឹងពោលសេចក្ដីខូចអាក្រក់ដែរ»។ (សុភាសិត ២៣:៣១-៣៣) ការពិសាស្រាហួសប្រមាណមានឥទ្ធិពលមកលើរូបកាយ ដូចជាមានសត្វពស់ដែលមានពិសចឹកនោះ ដោយធ្វើឲ្យឈឺ ភាន់ស្មារតី និងរហូតដល់ធ្វើឲ្យបាត់ស្មារតីមិនដឹងខ្លួនទៀតផង។ អ្នកស្រវឹងស្រាប្រហែលជា«មើលអ្វីៗឃើញសុទ្ធតែចំឡែកទាំងអស់» ដោយសារវង្វេងស្មារតីបណ្ដាលឲ្យឃើញអ្វីៗផ្ដេសផ្ដាសដែលគួរឲ្យខ្លាច។ គាត់ក៏ប្រហែលបណ្ដែតបណ្ដោយខ្លួនទៅតាមគំនិតនិងបំណងប្រាថ្នាអាក្រក់ ហ៊ាននិយាយហ៊ានធ្វើអ្វីអាក្រក់ៗដែលធម្មតាគាត់ទប់ចិត្តមិនហ៊ានធ្វើនោះទេ។
៥. តើការពិសាស្រាហួសប្រមាណបង្កគ្រោះថ្នាក់យ៉ាងដូចម្ដេច?
៥ ចុះបើពិសាស្រា តែមិនពិសារហូតដល់មានសញ្ញាថាស្រវឹងនោះ? មនុស្សខ្លះអាចពិសាស្រាច្រើន តែមិនសូវមានសញ្ញាសម្គាល់ថាស្រវឹងនោះទេ។ ក៏ប៉ុន្តែ អ្នកណាដែលគិតស្មានថាទង្វើនេះមិនប្រកបដោយគ្រោះថ្នាក់ អ្នកនោះកំពុងតែបញ្ឆោតចិត្តខ្លួនឯងទេ។ (យេរេមា ១៧:៩) បន្ដិចម្ដងៗ រូបកាយមនុស្សអាចចាប់ផ្ដើមញៀនជាតិស្រា ហើយអ្នកនោះអាចទៅជា«ជាប់ស្រា»ឬប្រមឹកស្រាវិញ។ (ទីតុស ២:៣) អ្នកនិពន្ធម្នាក់ឈ្មោះការូលីន ណាប បានមានប្រសាសន៍អំពីការក្លាយទៅជាអ្នកប្រមឹកស្រាថា៖ «នោះគឺជាការប្រែប្រួលមួយដែលយឺតៗ បន្ដិចម្ដងៗ ហើយអ្នកនោះមិនដឹងខ្លួនសោះ»។ ការពិសាស្រាហួសប្រមាណពិតជាអន្ទាក់ដែលប្រកបដោយគ្រោះថ្នាក់ណាស់!
៦. ហេតុអ្វីយើងមិនត្រូវស៊ីផឹកជ្រុល?
៦ សូមពិចារណាការព្រមានរបស់ព្រះយេស៊ូដែលថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី»។ (លូកា ២១:៣៤, ៣៥) ទោះជាមិនពិសាស្រារហូតដល់ស្រវឹងក៏ដោយ ក៏យើងអាចចាប់ផ្ដើមងោកងុយ ខ្ជិលមិនចង់ធ្វើអ្វីទាំងអស់រួមទាំងរឿងខាងវិញ្ញាណផងដែរ។ ចុះបើថ្ងៃព្រះយេហូវ៉ាមកដល់ពេលដែលពួកគេកំពុងតែស្ថិតក្នុងសភាពបែបនេះ?
បញ្ហាដែលអាចបង្កឡើងដោយការពិសាស្រាហួសប្រមាណ
៧. ហេតុអ្វីបានជាការពិសាស្រាហួសប្រមាណគឺផ្ទុយពីបង្គាប់នៅកូរិនថូសទី២ ៧:១?
៧ ការពិសាស្រាមិនចេះប្រមាណជាការផ្សងគ្រោះថ្នាក់ជាច្រើនដែលរួមទាំងគ្រោះថ្នាក់ខាងវិញ្ញាណផង។ ការពិសាស្រាហួសប្រមាណអាចបណ្ដាលឲ្យមានជំងឺផ្សេងៗដូចជាជំងឺថ្លើមនិងជំងឺប្រសាទ។ ការពិសាស្រាហួសប្រមាណម្ដងហើយម្ដងទៀតអាចបណ្ដាលឲ្យមានជំងឺមហារីក ជំងឺទឹកនោមផ្អែម ហើយជំងឺបេះដូងនិងជំងឺក្រពះប្រភេទផ្សេងៗដែរ។ ការពិសាស្រាហួសប្រមាណច្បាស់ជាមិនសមស្របតាមបង្គាប់ក្នុងបទគម្ពីរដែលថា៖ «ត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើងពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។—កូរិនថូសទី២ ៧:១
៨. យោងទៅតាមសុភាសិត ២៣:២០, ២១ តើផលវិបាកដែលមកពីការពិសាស្រាហួសប្រមាណមានអ្វីខ្លះ?
៨ ការពិសាស្រាហួសប្រមាណក៏អាចនាំឲ្យខាតបង់លុយកាក់ ហើយបាត់បង់ការងារធ្វើទៀត។ ស្តេចសាឡូម៉ូនដែលជាស្តេចអ៊ីស្រាអែលនៅសម័យបុរាណបានព្រមានថា៖ «កុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ»។ តើហេតុអ្វី? ទ្រង់ពន្យល់ថា៖ «ដ្បិតមនុស្សប្រមឹក នឹងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្ដាច»។—សុភាសិត ២៣:២០, ២១
៩. ហេតុអ្វីជាការល្អបើមិនពិសាស្រាមុនបើកបរ?
៩ សព្វវចនាធិប្បាយអំពីការញៀនស្រាបញ្ជាក់នូវគ្រោះថ្នាក់មួយទៀតថា៖ «ការស្រាវជ្រាវបានឲ្យដឹងថា ការពិសាស្រាធ្វើឲ្យសមត្ថភាពបើកបរថយចុះជាលំដាប់ ដោយនាំឲ្យមានប្រតិកម្មយឺតពេលដែលមានឧបសគ្គ ពិបាកបញ្ជាលើខ្លួនឯង ហើយក៏បន្ថយសមត្ថភាពប្រុងស្មារតីនិងការគិតពិចារណា ថែមទាំងធ្វើឲ្យភ្នែកមិនវៃដូចធម្មតា»។ លទ្ធផលពីការបើកបរក្រោយបានពិសាស្រាគឺគួរឲ្យខ្លោចផ្សា។ បើគិតតែពីសហរដ្ឋអាមេរិកប៉ុណ្ណោះ មនុស្សរាប់ម៉ឺននាក់បានស្លាប់ ហើយរាប់សែននាក់ទៀតត្រូវរបួសជារៀងរាល់ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលជាប់ទាក់ទងនឹងការពិសាស្រា។ ជាពិសេស យុវជនគឺងាយរងគ្រោះពីព្រោះពួកគេខ្វះការពិសោធន៍ក្នុងការបើកបរនិងក្នុងការពិសាស្រាដែរ។ អ្នកដែលបើកបរក្រោយបានពិសាស្រាអស់ច្រើនកែវ តើអ្នកនោះអាចអះអាងដោយត្រឹមត្រូវថាគេគោរពជីវិតដោយ ចាត់ទុកជាអំណោយពីព្រះយេហូវ៉ាបានទេ? (ទំនុកដំកើង ៣៦:៩) ដោយសារជីវិតគឺជាអ្វីដ៏ពិសិដ្ឋនោះ គឺល្អបំផុតបើអ្នកដែលត្រូវបើកបរមិនពិសាស្រាសោះឡើយ។
១០. តើស្រាមានឥទ្ធិពលយ៉ាងណាទៅលើសតិរបស់យើង? ហេតុអ្វីនេះប្រកបទៅដោយគ្រោះថ្នាក់?
១០ ការពិសាស្រាហួសប្រមាណក៏បង្កឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណផងដែរ។ ព្រះគម្ពីរចែងថា៖ ‹ស្រារមែងដកយោបល់ចេញ›។ (ហូសេ ៤:១១) ស្រាមានឥទ្ធិពលទៅលើសតិ។ វិទ្យាស្ថានមួយពន្យល់ថា៖ «ពេលដែលមនុស្សផឹកស្រា ជាតិស្រាជ្រាបចូលក្នុងឈាមតាមរយៈប្រព័ន្ធរំលាយអាហារ ហើយឈាមនាំជាតិស្រានោះទៅខួរក្បាលយ៉ាងរហ័ស។ ទីនោះជាតិស្រាចាប់ផ្ដើមបន្ថយសកម្មភាពនៃផ្នែកខួរក្បាលដែលគ្រប់គ្រងអារម្មណ៍និងការរិះគិត។ អ្នកនោះចាប់ផ្ដើមមានអារម្មណ៍អណ្ដែតអណ្ដូងមមើមមាយ»។ (U.S. National Institute on Drug Abuse) ពេលស្ថិតក្នុងសភាពបែបនេះ យើងស្រួល«វង្វេង»ដោយប្រព្រឹត្តទៅលើអ្នកដទៃមិនគួរគប្បី ហើយបណ្ដែតបណ្ដោយខ្លួនទៅតាមសេចក្ដីល្បួងផ្សេងៗ។—សុភាសិត ២០:១
១១, ១២. តើការពិសាស្រាមិនចេះប្រមាណអាចបង្កគ្រោះថ្នាក់អ្វីខាងវិញ្ញាណ?
១១ ម្យ៉ាងទៀត ព្រះគម្ពីរបង្គាប់ថា៖ «ទោះបើស៊ីឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ!»។ (កូរិនថូសទី១ ១០:៣១) តើការពិសាស្រាច្រើនចំរើនសិរីល្អដល់ព្រះទេ? គ្រីស្ទានប្រាកដជាមិនចង់មានកេរ្ដិ៍ឈ្មោះជាអ្នកផឹកស្រាច្រើនទេ។ កេរ្ដិ៍ឈ្មោះបែបនេះនឹងនាំឲ្យមនុស្សតិះដៀលដល់ព្រះនាមព្រះយេហូវ៉ា មិនមែនលើកតម្កើងទ្រង់ទេ។
១២ ចុះបើគ្រីស្ទានម្នាក់នាំឲ្យអ្នកជឿថ្មីឬបងប្អូនឯទៀតជំពប់ដួល ដោយសារគាត់ពិសាស្រាមិនចេះប្រមាណនោះ? (រ៉ូម ១៤:២១) ព្រះយេស៊ូបានព្រមានថា៖ «បើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំរវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង»។ (ម៉ាថាយ ១៨:៦) ការផឹកស្រាហួសប្រមាណអាចនាំឲ្យបាត់បង់ឯកសិទ្ធិក្នុងក្រុមជំនុំទៀតផង។ (ធីម៉ូថេទី១ ៣:១-៣, ៨) ការពិសាស្រាហួសប្រមាណក៏អាចបង្កបញ្ហាក្នុងក្រុមគ្រួសារដែរ។
តើត្រូវចៀសវាងពីគ្រោះថ្នាក់នោះយ៉ាងដូចម្ដេច?
១៣. ដើម្បីកុំឲ្យពិសាស្រាហួសប្រមាណនោះ តើអ្វីជាកត្ដាមួយសំខាន់បំផុត?
១៣ កត្ដាសំខាន់មួយក្នុងការចៀសវាងពីការពិសាស្រាហួសប្រមាណនោះ គឺយើងត្រូវតាំងចិត្តមិនពិសាជ្រុល មិនមែនត្រឹមតែតាំងចិត្តមិនពិសាឲ្យស្រវឹងនោះទេ។ តើអ្នកណាអាចសម្រេចចិត្តជួសអ្នកថា ពិសាស្រាប៉ុនណាគឺល្មមហើយប៉ុនណាគឺជ្រុលនោះ? ដោយសាររឿងនេះជាប់ទាក់ទងនឹងកត្ដាជាច្រើន នោះយើងមិនអាចបង្កើតវិន័យតឹងរ៉ឹងស្តីអំពីការពិសាស្រាប៉ុន្មានកែវគឺច្រើនពេក។ យើងម្នាក់ៗត្រូវចេះប្រមាណខ្លួនហើយមិនពិសាហួសប្រមាណនោះជាដាច់ខាត។ តើអ្វីនឹងជួយអ្នកសម្រេចចិត្តថា ពិសាស្រាប៉ុនណាគឺច្រើនពេកសំរាប់អ្នក? តើមានគោលការណ៍ដែលអាចជួយណែនាំក្នុងរឿងនេះទេ?
១៤. តើគោលការណ៍ណែនាំអ្វីនឹងជួយឲ្យអ្នកយល់ថាស្រាប៉ុនណាគឺច្រើនពេកសំរាប់អ្នក?
១៤ ព្រះគម្ពីរចែងថា៖ «ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច . . . ដ្បិតការដឹងខុសត្រូវនិងការរិះគិតពិចារណាផ្ដល់អោយកូនមានជីវិតមានកិរិយាមារយាទថ្លៃថ្នូរ»។ (សុភាសិត ៣:២១,២២, ខ.ស.) ដូច្នេះ គោលការណ៍ណែនាំគឺមានដូចតទៅនេះ: ស្រាប៉ុនណាដែលប៉ះពាល់ដល់ការដឹងខុសត្រូវ ហើយធ្វើឲ្យសមត្ថភាពរិះគិតពិចារណារបស់អ្នកចុះខ្សោយ គឺស្រាប៉ុននោះហើយដែលច្រើនពេកសំរាប់អ្នក។ ប៉ុន្តែ អ្នកត្រូវតែព្រមទទួលស្គាល់ការពិតថាប្រមាណអ្នកគឺប៉ុនណា!
១៥. តើក្នុងកាលៈទេសៈអ្វីខ្លះដែលយើងប្រហែលជាមិនពិសាស្រាសោះ សូម្បីតែបន្ដិចក៏ដោយ?
១៥ ក្នុងកាលៈទេសៈខ្លះ សូម្បីតែពិសាស្រាបន្ដិចគឺច្រើនពេកហើយ។ ស្ត្រីដែលមានគភ៌ប្រហែលជាសម្រេចចិត្តតមស្រា ដោយយល់ពីគ្រោះថ្នាក់ដែលនេះអាចបង្កឲ្យមានដល់កូនក្នុងផ្ទៃ។ ម្យ៉ាងទៀត យើងក៏អាចបង្ហាញសេចក្ដីសប្បុរស ដោយមិនពិសាស្រានៅមុខអ្នកដែលធ្លាប់មានបញ្ហាញៀនស្រាឬដែលមនសិការរបស់ពួកគេមិនឲ្យពិសាស្រា មែនទេ? ព្រះយេហូវ៉ាបានបង្គាប់សង្ឃដែលបំពេញភារកិច្ចនៅឯរោងឧបោសថថា៖ «កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យ . . . ផឹកស្រា . . . ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់»។ (លេវីវិន័យ ១០:៨, ៩) ហេតុដូច្នេះហើយ ចូរកុំពិសាភេសជ្ជៈមានជាតិស្រាមុនទៅកិច្ចប្រជុំ ហើយពេលដែលកំពុងតែចូលរួមក្នុងកិច្ចបំរើឬបំពេញភារកិច្ចឯទៀតដែលទាក់ទងរឿងខាងវិញ្ញាណ។ បន្ថែមទៅទៀត គ្រីស្ទានគួរគោរពច្បាប់ប្រទេសដែលហាមឃាត់ការពិសាស្រាឬក៏ដាក់ច្បាប់ថាត្រូវមានអាយុប៉ុន្មានទើបអនុញ្ញាតឲ្យពិសាស្រានោះ។—រ៉ូម ១៣:១
១៦. តើអ្នកគួរពិចារណាអ្វីខ្លះពេលដែលមានគេជូនស្រាឲ្យពិសានោះ?
១៦ នៅពេលដែលមានគេជូនស្រាឲ្យពិសាឬសួរតើចង់ពិសាស្រាឬក៏អត់ នោះសំនួរទីមួយដែលត្រូវសួរខ្លួនឯងគឺ: ‹តើខ្ញុំគួរពិសាឬក៏អត់?›។ បើអ្នកសម្រេចចិត្តថាពិសានោះ ចូរចាំអំពីកំរិតប៉ុន្មានដែលអ្នកអាចពិសា ហើយកុំពិសាឲ្យហួសកំរិតនោះឲ្យសោះ។ កុំឲ្យការបង្ខិតបង្ខំពីបុគ្គលដែលចង់បង្ហាញចិត្តទូលាយនាំឲ្យអ្នកពិសាហួសហេតុឡើយ។ ហើយចូរប្រុងប្រយ័ត្នពេលគេឲ្យស្រាដោយឥតគិតថ្លៃនៅពិធីពិសេសៗដូចជាពិធីរៀបអាពាហ៍ពិពាហ៍។ នៅប្រទេសជាច្រើន កុមារអាចពិសាស្រាបាន។ មាតាបិតាមានភារកិច្ចណែនាំកូនអំពីការពិសាស្រា ហើយត្រូវមើលកូនក្នុងរឿងនេះដែរ។—សុភាសិត ២២:៦
អ្នកអាចដោះស្រាយបញ្ហានេះបាន
១៧. តើសំនួរអ្វីខ្លះអាចជួយអ្នកដឹងថាខ្លួនមានបញ្ហាពិសាស្រាហួសប្រមាណឬក៏អត់?
១៧ តើអ្នកមានបញ្ហាពិសាស្រាហួសប្រមាណទេ? កុំច្រឡំឲ្យសោះ បើអ្នកមានទម្លាប់លួចពិសាស្រាហួសប្រមាណ មិនយូរមិនឆាប់អ្នកនឹងឃើញលទ្ធផល។ ហេតុនេះ ចូរគិតពិចារណាអំពីខ្លួនឯងដោយចិត្តស្មោះ។ ចូរសួរខ្លួនឯងសំនួរដូចជា: ‹តើខ្ញុំពិសាស្រាច្រើនជាងមុនទេ? តើខ្ញុំចូលចិត្តភេសជ្ជៈមានជាតិស្រាខ្លាំងជាងមុនឬ? តើខ្ញុំពិសាស្រាដើម្បីបំភ្លេចបញ្ហា កង្វល់កង្វាយឬបន្ធូរភាពតានតឹងទេ? តើសមាជិកក្រុមគ្រួសារឬមិត្តភក្ដិបានបង្ហាញនូវការព្រួយបារម្ភអំពីខ្ញុំពិសាស្រាឬ? តើការពិសាស្រាបានបង្កបញ្ហាក្នុងក្រុមគ្រួសារខ្ញុំឬទេ? តើខ្ញុំពិបាកតមស្រាអស់មួយសប្ដាហ៍ មួយខែ ឬច្រើនខែឬ? តើខ្ញុំលាក់មិនឲ្យអ្នកដទៃដឹងថាខ្ញុំពិសាស្រាច្រើនប៉ុនណាឬ?›។ ចុះបើអ្នកឆ្លើយថា«មែន»នឹងសំនួរខ្លះៗខាងលើនេះ? កុំឲ្យអ្នកធ្វើដូចជាបុរសដែល‹ឆ្លុះមុខក្នុងកញ្ចក់ គ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម›។ (យ៉ាកុប ១:២២-២៤) អ្នកត្រូវចាប់ផ្ដើមកែខ្លួន។ តើអ្នកអាចធ្វើយ៉ាងណា?
១៨, ១៩. តើអ្នកអាចឈ្នះបញ្ហាពិសាស្រាហួសប្រមាណយ៉ាងដូចម្ដេច?
១៨ សាវ័កប៉ុលបានដាស់តឿនគ្រីស្ទានថា៖ «កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ»។ (អេភេសូរ ៥:១៨) ចូរសម្រេចចិត្តថា តើស្រាប៉ុនណាគឺច្រើនពេកសំរាប់អ្នក ហើយដាក់កំរិតលើខ្លួនឯងឲ្យសមស្រប។ ចូរតាំងចិត្តមិនពិសាហួសកំរិតនោះ។ ចូរដឹងខ្នាតឬចេះទប់ចិត្ត។ (កាឡាទី ៥:២២, ២៣) តើមនុស្សដែលអ្នកស្គាល់បង្ខិតបង្ខំអ្នកឲ្យពិសាហួសប្រមាណឬ? ចូរប្រុងប្រយ័ត្ន។ ព្រះគម្ពីរចែងថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភាសិត ១៣:២០
១៩ បើអ្នកពិសាស្រាដើម្បីបំភ្លេចចោលបញ្ហា ចូរខំដោះស្រាយបញ្ហានោះដោយមិនរាថយឡើយ។ បញ្ហាអាចត្រូវដោះស្រាយដោយអនុវត្តតាមឱវាទក្នុងព្រះបន្ទូលរបស់ព្រះ។ (ទំនុកដំកើង ១១៩:១០៥) ចូរសុំជំនួយពីអ្នកចាស់ទុំក្នុងក្រុមជំនុំដែលអ្នកទុកចិត្ត កុំស្ទាក់ស្ទើរឡើយ។ ចូរទទួលប្រយោជន៍ពីសំវិធានការរបស់ព្រះយេហូវ៉ាដែលសំរាប់ពង្រឹងភាពខាងវិញ្ញាណរបស់អ្នក។ ចូរពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ។ ចូរទូលទ្រង់ជាទៀងទាត់ ជាពិសេសអំពីចំណុចខ្សោយរបស់អ្នក។ ចូរទូលអង្វរឲ្យព្រះ‹សម្រាំងចិត្តថ្លើមរបស់អ្នក›។ (ទំនុកដំកើង ២៦:២) ដូចបានពន្យល់ក្នុងអត្ថបទមុន ចូរខំអស់ពីសមត្ថភាពដើម្បីដើរដោយមានចិត្តគ្រប់ល័ក្ខណ៍។
២០. បើអ្នកនៅតែមានបញ្ហាពិសាស្រាហួសប្រមាណ តើអ្នកប្រហែលជាត្រូវធ្វើយ៉ាងណា?
២០ ចុះបើអ្នកនៅតែមានបញ្ហាពិសាស្រាជ្រុល ទោះជាខំព្យាយាមយកឈ្នះក៏ដោយ? ពេលនោះអ្នកត្រូវតែធ្វើតាមឱវាទព្រះយេស៊ូដែលថា៖ «បើដៃអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំង២ ហើយធ្លាក់ទៅនរក»។ (ម៉ាកុស ៩:៤៣) ចម្លើយគឺ: កុំពិសាស្រាឲ្យសោះ។ នេះជាអ្វីដែលស្រីម្នាក់ឈ្មោះអៃរីនបានសម្រេចចិត្តធ្វើ។ គាត់ប្រាប់ថា៖ «ជិតពីរឆ្នាំកន្លះក្រោយមកខ្ញុំមិនបានពិសាស្រាសោះ ខ្ញុំចាប់ផ្ដើមគិតថា ប្រហែលជាខ្ញុំអាចពិសាតែមួយកែវដោយគ្មានបញ្ហាអ្វីទេ ដើម្បីអាចដឹងថាតើខ្ញុំអាចទប់ចិត្តបានឬក៏អត់។ ប៉ុន្តែ កាលណាដែលខ្ញុំមានគំនិតបែបនេះ កាលនោះខ្ញុំអធិស្ឋានទូលព្រះយេហូវ៉ាភ្លាមៗអំពីរឿងនោះ។ ខ្ញុំបានតាំងចិត្តមិនពិសាស្រាសោះឡើយរហូតដល់ពិភពលោកថ្មីមកដល់ ហើយនៅពេលនោះប្រហែលជាខ្ញុំនឹងមិនពិសាផងក៏មិនដឹង»។ ការតមស្រាមិនមែនជាការសម្រេចចិត្តតឹងតែងហួសហេតុពេកដើម្បីទទួលជីវិតក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះនោះឡើយ។—ពេត្រុសទី២ ៣:១៣
«ចូររត់បែបឲ្យបានរង្វាន់ចុះ!»
២១, ២២. តើឧបសគ្គអ្វីអាចរារាំងយើងមិនឲ្យរត់ដល់ទីក្នុងការរត់ប្រណាំងឲ្យបានជីវិត? តើយើងអាចចៀសឧបសគ្គនេះយ៉ាងដូចម្ដេច?
២១ សាវ័កប៉ុលបានប្រដូចវិថីជីវិតរបស់គ្រីស្ទានទៅនឹងការរត់ប្រណាំង។ គាត់ប្រាប់ថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែមានតែ១ទេដែលបានរង្វាន់? ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ! ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ»។—កូរិនថូសទី១ ៩:២៤-២៧
២២ រង្វាន់នោះត្រូវប្រទានដល់តែអ្នកដែលរត់ប្រណាំងរហូតដល់ចប់។ ក្នុងការរត់ប្រណាំងឲ្យបានជីវិត ការពិសាស្រាហួសប្រមាណអាចរារាំងមិនឲ្យយើងរត់ដល់ទីបាន។ យើងត្រូវតែទប់ចិត្ត។ ការរត់ដោយស្គាល់ផ្លូវតម្រូវឲ្យមិន«ចំណូលស្រា»ឬពិសាស្រាជ្រុល។ (ពេត្រុសទី១ ៤:៣) ផ្ទុយទៅវិញ យើងត្រូវតែអត់សង្កត់ចិត្តឬទប់ចិត្តគ្រប់ជំពូក។ ស្តីអំពីការពិសាស្រា យកល្អយើង«លះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្ដិដល់ព្រះវិញ»។—ទីតុស ២:១២
[កំណត់សម្គាល់]
a ក្នុងអត្ថបទនេះ ពាក្យ«ស្រា»រួមបញ្ចូលគ្រប់ភេសជ្ជៈទាំងអស់ដែលមានជាតិស្រា។
តើអ្នកនៅចាំបានទេ?
• តើអ្វីជាការពិសាស្រាហួសប្រមាណ?
• តើការពិសាស្រាហួសប្រមាណបង្កបញ្ហាអ្វីខ្លះ?
• តើអ្នកអាចចៀសវាងពីគ្រោះថ្នាក់ដែលជាការពិសាស្រាហួសប្រមាណយ៉ាងដូចម្ដេច?
• តើអាចធ្វើយ៉ាងណាបើមានបញ្ហាខាងការពិសាស្រាហួសប្រមាណ?
[រូបភាពនៅទំព័រ១៤]
យើងត្រូវដឹងពីកំរិតប៉ុន្មានដែលខ្លួនអាចពិសា ហើយមិនពិសាឲ្យហួសកំរិតនោះ
[រូបភាពនៅទំព័រ១៥]
សម្រេចចិត្តទុកជាមុនថា តើនឹងពិសាស្រាប៉ុនណា?
[រូបភាពនៅទំព័រ១៦]
មាតាបិតាមានភារកិច្ចណែនាំកូនអំពីការពិសាស្រា