បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៤ ទំ. ១៨-២៣
  • ព្រះគ្រីស្ទ គោលដៅសំខាន់បំផុតនៃទំនាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះគ្រីស្ទ គោលដៅសំខាន់បំផុតនៃទំនាយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេស៊ូ​ប្រទាន​ភស្តុតាង​ដោយ​អង្គ​ទ្រង់​ផ្ទាល់
  • ចក្ខុនិមិត្ត​ជា​ទំនាយ​បាន​ពង្រឹង​ជំនឿ
  • ការ​បំភ្លឺ​ថែម​ទៀត​សំរាប់​ពួក​អ្នក​ស្មោះ​ទ្រង់​របស់​ព្រះ
  • រួច​រស់​ជីវិត​ពី​ភាព​ងងឹត​និង​សេចក្ដី​វេទនា
  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៤ ទំ. ១៨-២៣

ព្រះ​គ្រីស្ទ គោល​ដៅ​សំខាន់​បំផុត​នៃ​ទំនាយ

«ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ»។—វិវរណៈ ១៩:១០

១, ២​. (ក) ចាប់​ពី​ឆ្នាំ​២៩ ស.យ. តើ​ពួក​អ៊ីស្រាអែល​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​អ្វី? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​អត្ថបទ​នេះ?

ឆ្នាំ​២៩ ស.យ. ស្រុក​អ៊ីស្រាអែល​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​និយាយ​យ៉ាង​រំភើប​អំពី​ព្រះមេស្ស៊ី។ កិច្ចបំរើ​ផ្សាយ​របស់​យ៉ូហាន​បាទីស្ទ ក៏​ធ្វើ​ឲ្យ​មនុស្ស​ប្រុង​ស្មារតី​ចាំ​មើល​ព្រះ​គ្រីស្ទ​កាន់​តែ​ច្រើន​ដែរ។ (លូកា ៣:១៥) យ៉ូហាន​បដិសេធ​ថា​គាត់​មិន​មែន​ជា​ព្រះ​គ្រីស្ទ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​ចង្អុល​ទៅ​ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត យ៉ូហាន​ពោល​ថា៖ «[ខ្ញុំ]ធ្វើ​បន្ទាល់​ពី​ព្រះ​អង្គ​នោះ​ថា ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ពិត​មែន»។ (យ៉ូហាន ១:២០, ៣៤) មិន​យូរ​ប៉ុន្មាន​ទៀត មនុស្ស​ជា​ច្រើន​មក​ស្ដាប់​ព្រះ​យេស៊ូ​បង្រៀន ហើយ​ឲ្យ​ទ្រង់​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។

២ ក្នុង​កំឡុង​ប៉ុន្មាន​ខែ​ក្រោយ​មក នោះ​ព្រះ​យេហូវ៉ា​ប្រទាន​ភស្តុតាង​យ៉ាង​ច្រើន​ស្តី​អំពី​រាជបុត្រា​របស់​ទ្រង់។ អស់​អ្នក​ដែល​បាន​សិក្សា​បទ​គម្ពីរ​និង​សង្កេត​មើល​កិច្ចការ​របស់​ព្រះ​យេស៊ូ មាន​គ្រឹះ​មូលដ្ឋាន​រឹង​មាំ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ។ យ៉ាង​ណា​ក៏​ដោយ រាស្ត្រ​ដែល​ព្រះ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នោះ ភាគ​ច្រើន​មិន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ទេ។ ហើយ​មាន​តិច​ណាស់​ដែល​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​គ្រីស្ទ ជា​រាជបុត្រា​របស់​ព្រះ។ (យ៉ូហាន ៦:៦០​-​៦៩) បើ​អ្នក​បាន​រស់​នៅ​សម័យ​នោះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? តើ​ចិត្ត​អ្នក​នឹង​ជំរុញ​ឲ្យ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី និង​ក្លាយ​ទៅ​ជា​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់​ឬ​ទេ? សូម​ពិចារណា​នូវ​ភស្តុតាង​ស្តី​ពី​អត្តសញ្ញាណ​របស់​ព្រះ​យេស៊ូ​ដែល​ទ្រង់​ប្រទាន​ផ្ទាល់ នៅ​ពេល​ដែល​គេ​ចោទ​ប្រកាន់​ថា ទ្រង់​ធ្វើ​ខុស​នឹង​ច្បាប់​ថ្ងៃ​ឈប់​សំរាក។ ហើយ​សូម​កត់​សម្គាល់​ភស្តុតាង​ថែម​ទៀត ដែល​ទ្រង់​ប្រទាន​ក្រោយៗមក ដើម្បី​ពង្រឹង​ជំនឿ​នៃ​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។

ព្រះ​យេស៊ូ​ប្រទាន​ភស្តុតាង​ដោយ​អង្គ​ទ្រង់​ផ្ទាល់

៣​. តើ​កាលៈទេសៈ​អ្វី​បាន​ជំរុញ​ឲ្យ​ព្រះ​យេស៊ូ​ប្រទាន​នូវ​ភស្តុតាង​អំពី​អត្តសញ្ញាណ​របស់​ទ្រង់?

៣ នៅ​ក្រុង​យេរូសាឡិម​នា​បុណ្យ​រំលង​នៅ​ឆ្នាំ​៣១ ស.យ. ព្រះ​យេស៊ូ​ទើប​តែ​បាន​ប្រោស​បុរស​ម្នាក់​ឲ្យ​ជា​ពី​ជំងឺ ដែល​គាត់​រងគ្រោះ​អស់៣៨​ឆ្នាំ​មក​ហើយ។ ក៏​ប៉ុន្តែ ពួក​សាសន៍​យូដា​បៀតបៀន​ដល់​ព្រះ​យេស៊ូ​ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ឈប់​សំរាក។ ពួក​គេ​ក៏​ចោទ​ថា​ទ្រង់​ប្រមាថ​ព្រះ ហើយ​ស្វែង​រក​ឱកាស​សម្លាប់​ទ្រង់​ពីព្រោះ​ទ្រង់​ហៅ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ទ្រង់។ (យ៉ូហាន ៥:១​-​៩, ១៦​-​១៨) បន្ទូល​ដែល​ព្រះ​យេស៊ូ​ឆ្លើយ​តប​ដើម្បី​បង្ហាញ​ពី​ហេតុ​ដែល​ទ្រង់​ធ្វើ​ដូច្នេះ បាន​បញ្ជាក់​ហេតុ​ផល​បី​យ៉ាង​ដែល​អាច​ជួយ​ជនជាតិ​យូដា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​ជឿ​ទៅ​លើ​អត្តសញ្ញាណ​ពិត​របស់​ព្រះ​យេស៊ូ។

៤, ៥​. តើ​កិច្ចបំរើ​ផ្សាយ​របស់​យ៉ូហាន​មាន​បំណង​អ្វី? តើ​គាត់​បាន​សម្រេច​កិច្ចការ​នោះ​យ៉ាង​ណា?

៤ មុន​ដំបូង ព្រះ​យេស៊ូ​បញ្ជាក់​អំពី​សក្ខីភាព​របស់​យ៉ូហាន​បាទីស្ទ ដែល​បាន​ធ្វើ​ការ​ប្រកាស​ផ្សាយ​មុន​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្ដី​ពិត។ ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ​ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត​ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក​ក្នុង​១​គ្រា​នោះ​ដែរ»។—យ៉ូហាន ៥:៣៣, ៣៥

៥ យ៉ូហាន​បាទីស្ទ«ជា​ចង្កៀង​ដែល​ឆេះ»ក្នុង​ន័យ​ថា មុន​ស្តេច​ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ដាក់​គុក​ដោយ​ឥត​ត្រឹម​ត្រូវ នោះ​គាត់​បាន​សម្រេច​នូវ​កិច្ចការ​ពី​ព្រះ ដោយ​ជួយ​មនុស្ស​ត្រៀម​លក្ខណៈ​ទទួល​ព្រះមេស្ស៊ី។ យ៉ូហាន​បាន​ពោល​ថា៖ «ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង​ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្គាល់[ព្រះមេស្ស៊ី]ប៉ុណ្ណោះ។ . . . ខ្ញុំ​បាន​ឃើញ​ព្រះ​វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ មាន​រូប​ដូច​ជា​ព្រាប​មក​សណ្ឋិត​លើ​ទ្រង់។ ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ‹ដែល​ឯង​ឃើញ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ›។ ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះ​អង្គ​នោះ​ថា ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ពិត​មែន»។a (យ៉ូហាន ១:២៦​-​៣៧) យ៉ូហាន​បាន​ប្រាប់​យ៉ាង​ចំៗថា​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ជា​ព្រះមេស្ស៊ី​ដែល​ត្រូវ​បាន​សន្យា​យូរ​មក​ហើយ។ យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​ដ៏​ច្បាស់​ដល់​ម្ល៉េះ ដែល​ប្រាំ​បី​ខែ​ក្រោយ​ពី​គាត់​បាន​ទទួល​មរណភាព នោះ​ពួក​សាសន៍​យូដា​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បាន​សារភាព​ថា៖ «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធតែ​ពិត​ទាំង​អស់»។—យ៉ូហាន ១០:៤១, ៤២

៦​. ហេតុ​អ្វី​ក៏​កិច្ចការ​របស់​ព្រះ​យេស៊ូ​គួរ​បញ្ជាក់​ឲ្យ​មនុស្ស​ដឹង​ថា ព្រះ​កំពុង​តែ​គាំទ្រ​ទ្រង់?

៦ បន្ទាប់​មក ព្រះ​យេស៊ូ​បាន​បញ្ជាក់​ហេតុ​ផល​មួយ​ទៀត ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​ទ្រង់​ជា​ព្រះមេស្ស៊ី។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អំពី​កិច្ចការ​ដ៏​ល្អៗដែល​ទ្រង់​ធ្វើ​ជា​ភស្តុតាង​ថា​ព្រះ​កំពុង​តែ​គាំទ្រ​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ខ្ញុំ​មាន​ទី​បន្ទាល់​វិសេស​ជាង​ទី​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ពីព្រោះ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​វរបិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ គឺ​ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះ​វរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក»។ (យ៉ូហាន ៥:៣៦) សូម្បី​តែ​ពួក​សត្រូវ​របស់​ព្រះ​យេស៊ូ​ក៏​ពុំ​អាច​បដិសេធ​ភស្តុតាង​នេះ ដែល​រួម​បញ្ចូល​ការ​ធ្វើ​អព្ភូតហេតុ​មួយ​ចំនួន។ ក្រោយ​មក មនុស្ស​ខ្លះ​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទីសំគាល់​ច្រើន​ណាស់?»។ (យ៉ូហាន ១១:៤៧) ប៉ុន្តែ នៅ​ក្នុង​បណ្ដា​មនុស្ស​នោះ​មាន​អ្នក​ខ្លះ​និយាយ​ថា៖ «កាល​ណា​ព្រះ​គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទីសំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី?»។ (យ៉ូហាន ៧:៣១) ពួក​អ្នក​ដែល​ស្ដាប់​ព្រះ​យេស៊ូ​ក៏​មាន​ឱកាស​ល្អ​ឲ្យ​ត្រិះរិះ​យល់​អំពី​គុណសម្បត្ដិ​របស់​ព្រះ​វរបិតា ដោយ​ពិនិត្យ​មើល​គុណសម្បត្ដិ​របស់​ព្រះ​រាជបុត្រា​ទ្រង់។—យ៉ូហាន ១៤:៩

៧​. តើ​បទ​គម្ពីរ​ភាសា​ហេព្រើរ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

៧ ទីបំផុត ព្រះ​យេស៊ូ​បាន​ប្រមូល​អារម្មណ៍​លើ​ភស្តុតាង​ដែល​ពុំ​អាច​ប្រកែក​ដោះសា​បាន​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា៖ «គម្ពីរ​នោះ​ឯង​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ។ បើសិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពីព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ»។ (យ៉ូហាន ៥:៣៩, ៤៦) មែន​ហើយ ម៉ូសេ​ជា​បុគ្គល​តែ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​មុន​សម័យ​គ្រីស្ទាន​ដែល​បាន​សរសេរ​អំពី​ព្រះ​គ្រីស្ទ។ សំនេរ​របស់​ពួក​គេ​រួម​បញ្ចូល​រាប់​រយ​ទំនាយ និង​ប្រាប់​យ៉ាង​លំអិត​អំពី​វង្ស​ត្រកូល​ដែល​ជួយ​សម្គាល់​ព្រះមេស្ស៊ី។ (លូកា ៣:២៣​-​៣៨; ២៤:៤៤​-​៤៦; កិច្ចការ ១០:៤៣) ហើយ​ចុះ​យ៉ាង​ណា​ក្រិត្យ​វិន័យ​ម៉ូសេ? សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ក្រិត្យ​វិន័យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ​គ្រីស្ទ»។ (កាឡាទី ៣:២៤) មែន​ហើយ «ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ[ឬ​ទំនោរ គោល​ដៅ​និង​បំណង​ទាំង​ស្រុង]នៃ​សេចក្ដី​ទំនាយ»។—វិវរណៈ ១៩:១០

៨​. ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ជា​ច្រើន​គ្មាន​ជំនឿ​លើ​ព្រះមេស្ស៊ី?

៨ ពេល​មើល​ភស្តុតាង​ដែល​រួម​បញ្ចូល​សក្ខីភាព​ដ៏​ច្បាស់​ពី​យ៉ូហាន កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​និង​គុណសម្បត្ដិ​ដែល​ទ្រង់​មាន​ដូច​ព្រះ​យេហូវ៉ា ព្រម​ទាំង​សក្ខីភាព​ជា​ច្រើន​ពី​បទ​គម្ពីរ តើ​ភស្តុតាង​ទាំង​នេះជួយ​អ្នក​ឲ្យ​ជឿ​ថា​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​ឬ​ទេ? មនុស្ស​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ព្រះ​និង​ព្រះ​បន្ទូល​របស់​ទ្រង់ នឹង​ទទួល​ស្គាល់​សក្ខីភាព​ទាំង​នេះ​យ៉ាង​ឆាប់ ហើយ​និង​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ ក៏​ប៉ុន្តែ ពួក​អ៊ីស្រាអែល​ភាគ​ច្រើន​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​ដែល​ប្រឆាំង​ទ្រង់​ថា៖ «ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ»។ (យ៉ូហាន ៥:៤២) ជាជាង​«ស្វែង​រក​កិត្ដិសព្ទ ដែល​មក​ពី​ព្រះ​អង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់» ពួក​គេ«ទទួល​កិត្ដិសព្ទ​តែ​ពី​គ្នា​ឯង»។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​បាន​ជំទាស់​នឹង​ព្រះ​យេស៊ូ ដ្បិត​ទ្រង់​ស្អប់​គំនិត​បែប​នោះ​ដូច​ព្រះ​វរបិតា​របស់​ទ្រង់​ដែរ!—យ៉ូហាន ៥:៤៣, ៤៤; កិច្ចការ ១២:២១​-​២៣

ចក្ខុនិមិត្ត​ជា​ទំនាយ​បាន​ពង្រឹង​ជំនឿ

៩, ១០​. (ក) សញ្ញា​សម្គាល់​ពី​ស្ថានសួគ៌​សំរាប់​សិស្ស​ព្រះ​យេស៊ូ​បាន​កើត​ឡើង​ត្រូវ​ពេល តើ​ហេតុ​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​នូវ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​អ្វី?

៩ ជាង​មួយ​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​តាំង​តែ​ពី​ព្រះ​យេស៊ូ​បាន​ប្រទាន​នូវ​ភស្តុតាង​ខាង​លើ​នេះ​ដែល​បង្ហាញ​ថា​ទ្រង់​ជា​ព្រះមេស្ស៊ី។ បុណ្យ​រំលង​នៅ​ឆ្នាំ​៣២ ស.យ.​បាន​កន្លង​ផុត​ទៅ​ដែរ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ​លើ​ទ្រង់​ក៏​បាន​លែង​កាន់​តាម​ទ្រង់​ទៀត ប្រហែល​ជា​ដោយសារ​វត្ថុ​និយម កង្វល់​កង្វាយ​នៃ​ជីវិត ឬ​ពួក​គេ​បាន​ទទួល​ការ​បៀតបៀន។ សិស្ស​ឯ​ទៀត​ប្រហែល​ជា​ឆ្ងល់​ឬ​រហូត​ដល់​អាក់អន់​ចិត្ត​ក៏​មាន ពីព្រោះ​ព្រះ​យេស៊ូ​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ប្រជាជន​លើក​ទ្រង់​ឡើង​ជា​ស្តេច។ កាល​ដែល​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​សុំ​ទី​សំអាង​អំពី​អត្តសញ្ញាណ​របស់​ព្រះ​យេស៊ូ ទ្រង់​មិន​ប្រទាន​សញ្ញា​សម្គាល់​ណា​ពី​ស្ថានសួគ៌​ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​របស់​ទ្រង់​ផ្ទាល់​ឡើយ។ (ម៉ាថាយ ១២:៣៨, ៣៩) មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ដែល​ទ្រង់​បាន​បដិសេធ​នោះ។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ប្រាប់​សិស្ស​ទ្រង់​អំពី​រឿង​ដែល​ពួក​គាត់​ពិបាក​យល់​ណាស់ ពោល​គឺ«ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង»។—ម៉ាថាយ ១៦:២១​-​២៣

១០ ប្រហែល​ជា​ប្រាំ​បួន​ឬ​ដប់​ខែ​ទៀត នោះ​គឺ​ជា​ពេល​ដែល​«[ព្រះ​យេស៊ូ]ត្រូវ​ចេញ​ពី​លោកីយ​នេះ​ទៅ​ឯ​ព្រះ​វរបិតា​វិញ»។ (យ៉ូហាន ១៣:១) ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់ ដូច្នេះ​សន្យា​ដល់​ពួក​សិស្ស​ខ្លះ​ថា​ទ្រង់​នឹង​ប្រទាន​សញ្ញា​សម្គាល់​ពី​ស្ថានសួគ៌ ជា​អ្វី​ដែល​ទ្រង់​មិន​ព្រម​ប្រទាន​ដល់​ពួក​យូដា​ដែល​គ្មាន​ជំនឿ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក»។ (ម៉ាថាយ ១៦:២៨) យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មិន​មាន​បន្ទូល​ថា សិស្ស​ខ្លះ​នឹង​រស់​នៅ​រហូត​ដល់​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ត្រូវ​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤​នោះ​ទេ។ ព្រះ​យេស៊ូ​មាន​គោល​បំណង​ចង់​ឲ្យ​សិស្ស​ជិត​ស្និទ្ធ​បី​នាក់​មើល​ឃើញ​ទុក​ជា​មុន​នូវ​សិរី​រុងរឿង​របស់​ទ្រង់​ពេល​ដែល​ទទួល​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ។ ចក្ខុនិមិត្ត​នេះ​ហៅ​ថា​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ។

១១​. សូម​រៀប​រាប់​ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ។

១១ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ​យេស៊ូ​បាន​យក​ពេត្រុស យ៉ាកុប​និង​យ៉ូហាន​ឲ្យ​ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ ប្រហែល​ជា​នៅ​កំពូល​ភ្នំ​ហ៊ើម៉ូន។ នៅ​ទី​នោះ ព្រះ​យេស៊ូ«បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ​ភក្ដ្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ»។ ហើយ​ក៏​ឃើញ​ព្យាការី​ម៉ូសេ​និង​អេលីយ៉ា​លេច​មក ដែល​កំពុង​តែ​ទូល​ជា​មួយ​នឹង​ព្រះ​យេស៊ូ។ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ តាម​មើល​ទៅ​បាន​កើត​ឡើង​នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​មាន​ទិដ្ឋភាព​កាន់​តែ​ភ្លឺ​ចិញ្ចាច។ តាម​ពិត ចក្ខុនិមិត្ត​នេះ​មាន​ទិដ្ឋភាព​ពិត​ដល់​ម្ល៉េះ​បាន​ជា​សាវ័ក​ពេត្រុស​ប្រាថ្នាចង់​តម្លើង​ត្រសាល​បី ម្នាក់​មួយ​សំរាប់​ព្រះ​យេស៊ូ ម៉ូសេ និង​អេលីយ៉ា។ កាល​ដែល​ពេត្រុស​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​ពួក​គេ ហើយ​មាន​ឮ​សម្លេង​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ!»។—ម៉ាថាយ ១៧:១​-​៦

១២, ១៣​. តើ​ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​មាន​អានុភាព​យ៉ាង​ណា​លើ​សិស្ស​របស់​ព្រះ​យេស៊ូ? ហេតុ​អ្វី?

១២ មិន​យូរ​ប៉ុន្មាន​មុន​ព្រឹត្ដិការណ៍​នោះ​ពេត្រុស​បាន​ធ្វើ​សក្ខីភាព​ថា​ព្រះ​យេស៊ូ​ជា«ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ (ម៉ាថាយ ១៦:១៦) ប៉ុន្តែ​សូម​គិត​ពី​ភាព​អស្ចារ្យ​នៃ​ការ​ឮ​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ផ្ដល់​នូវ​សក្ខីភាព​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​និង​មុខ​តំណែង​នៃ​បុត្រា​របស់​ទ្រង់! ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​ពិត​ជា​បាន​ពង្រឹង​ជំនឿ​របស់​ពេត្រុស យ៉ាកុប​និង​យ៉ូហាន​មែន! ដោយសារ​ពួក​គាត់​មាន​ជំនឿ​បាន​ត្រូវ​ពង្រឹង​យ៉ាង​ខ្លាំង​នោះ ពួក​គាត់​បាន​ត្រូវ​ប្រុង​ប្រៀប​ចំពោះ​គ្រា​លំបាក​ដែល​នៅ​ពី​មុខ​គាត់​នៅ​ឡើយ និង​ចំពោះ​មុខ​នាទី​ដ៏​សំខាន់​ដែល​ពួក​គាត់​មាន​ក្នុង​ក្រុមជំនុំ​នៅ​អនាគត។

១៣ ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​បាន​ដិត​ជាប់​គំនិត​របស់​ពួក​សិស្ស។ ពេត្រុស​សរសេរ​ជាង​៣០​ឆ្នាំ​ក្រោយ​មក​ថា៖ «[ព្រះ​យេស៊ូ]បាន​ល្បី​ព្រះ​នាម នឹង​សិរី​ល្អ​ពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរី​ល្អ​ដ៏​ប្រសើរ​ឧត្តម មាន​បន្ទូល​មក​ទ្រង់​ថា៖ ‹នេះ​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទីគាប់​ចិត្ត​អញ​ណាស់›។ យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​ទ្រង់»។ (ពេត្រុសទី២ ១:១៧, ១៨) ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​បាន​ជំរុញ​ចិត្ត​សាវ័ក​យ៉ូហាន​ដូច​គ្នា​ដែរ ដ្បិត​ជាង​៦០​ឆ្នាំ​ក្រោយ​ពី​គាត់​បាន​ឃើញ​ការ​ផ្លាស់​ប្រែ​នោះ គាត់​បាន​សរសេរ​ថា៖ «យើង​រាល់​គ្នា​បាន​ឃើញ​សិរី​ល្អ​ទ្រង់ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ​រាជបុត្រា​តែ​១ ដែល​មក​ពី​ព្រះ​វរបិតា»។ (យ៉ូហាន ១:១៤) ក៏​ប៉ុន្តែ ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ មិន​មែន​ជា​ចក្ខុនិមិត្ត​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​ប្រទាន​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់​នោះ​ឡើយ។

ការ​បំភ្លឺ​ថែម​ទៀត​សំរាប់​ពួក​អ្នក​ស្មោះ​ទ្រង់​របស់​ព្រះ

១៤, ១៥​. តើ​សាវ័ក​យ៉ូហាន​ត្រូវ​នៅ​ទាល់តែ​ព្រះ​យេស៊ូ​យាង​មក ក្នុង​ន័យ​អ្វី?

១៤ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ នោះ​ទ្រង់​បាន​លេច​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​នៅ​ឯ​សមុទ្រ​កាលីឡេ។ នៅ​ទី​នោះ ទ្រង់​មាន​បន្ទូល​ប្រាប់​ពេត្រុស​ថា៖ «បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​[យ៉ូហាន]នៅ​ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក?»។ (យ៉ូហាន ២១:១, ២០​-​២២, ២៤) តើ​នេះ​មាន​ន័យ​ថា យ៉ូហាន​នឹង​រស់​យូរ​ជាង​សាវ័ក​ឯ​ទៀត​ឬ? មើល​ទៅ​ដូច​ជា​មាន​ន័យ​ដូច្នេះ​មែន ដ្បិត​យ៉ូហាន​បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី​អស់​ប្រមាណ​៧០​ឆ្នាំ។ ក៏​ប៉ុន្តែ បន្ទូល​របស់​ព្រះ​យេស៊ូ​បង្កប់​អត្ថន័យ​សំខាន់​ជាង​នោះ​ទៅ​ទៀត។

១៥ ពាក្យ​ថា«ទាល់តែ​ខ្ញុំ​មក»រំឭក​យើង​អំពី​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​សំដៅ​ទៅ​គ្រា«កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក»។ (ម៉ាថាយ ១៦:២៨) យ៉ូហាន​បាន​នៅ​ទាល់តែ​ព្រះ​យេស៊ូ​យាង​មក​ក្នុង​ន័យ​ថា ក្រោយៗមក​យ៉ូហាន​បាន​ទទួល​ចក្ខុនិមិត្ត​អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូ​ជា​អ្នក​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ។ នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យ៉ូហាន ក្នុង​កាល​ដែល​គាត់​ត្រូវ​បំបរបង់​ឲ្យ​ទៅ​នៅ​កោះ​ប៉ាត់ម៉ុស នោះ​គាត់​ទទួល​ចក្ខុនិមិត្ត​ផ្សេងៗដែល​គាត់​សរសេរ​ក្នុង​សៀវភៅ​វិវរណៈ។ ចក្ខុនិមិត្ត​ទាំង​នោះ​មាន​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​ជា​ទំនាយ​ពី​ព្រឹត្ដិការណ៍​ដែល​ត្រូវ​កើត​ឡើង​ក្នុង​កំឡុង«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»។ ចក្ខុនិមិត្ត​ដ៏​អស្ចារ្យ​ទាំង​នេះ​បាន​ជំរុញ​ចិត្ត​យ៉ូហាន​ដល់​ម្ល៉េះ​បាន​ជា​ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អើ! អញ​មក​ជា​ឆាប់» នោះ​យ៉ូហាន​លាន់​មាត់​ថា៖ «អាម៉ែន! ព្រះ​អម្ចាស់​យេស៊ូ​អើយ! សូម​យាង​មក»។—វិវរណៈ ១:១, ១០; ២២:២០

១៦​. ហេតុ​អ្វី​ក៏​សំខាន់​ដែល​យើង​បន្ត​ពង្រឹង​ជំនឿ​របស់​យើង?

១៦ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នៅ​សតវត្សរ៍​ទី​មួយ​បាន​ទទួល​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​និង​មាន​ជំនឿ​លើ​ទ្រង់។ ដោយសារ​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពួក​គេ​គ្មាន​ជំនឿ ហើយ​ដោយសារ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ និង​ការ​សាកល្បង​នៅ​ថ្ងៃ​មុខ នោះ​ពួក​អ្នក​ដែល​ក្លាយ​ជា​អ្នក​ជឿ​ទៅ​លើ​ទ្រង់​ត្រូវ​ការ​ជំនួយ​ដើម្បី​ពង្រឹង​ជំនឿ​មែន។ ព្រះ​យេស៊ូ​បាន​ប្រទាន​នូវ​ភស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះមេស្ស៊ី ហើយ​ទ្រង់​ក៏​បានប្រទាន​ចក្ខុនិមិត្ត​ជា​ទំនាយ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ទ្រង់​ដែល​ស្មោះ​ភក្ដី។ សព្វ​ថ្ងៃ​នេះ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់»ជិត​ផុត​កំណត់​ហើយ។ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​គ្រីស្ទ​នឹង​បំផ្លាញ​ចោល​របប​លោកីយ៍​ទាំង​មូល​របស់​សាតាំង និង​រំដោះ​រាស្ត្រ​របស់​ព្រះ។ យើង​ក៏​ត្រូវ​តែ​ពង្រឹង​ជំនឿ​របស់​យើង​ដែរ ដោយ​ឆ្លៀត​យក​ប្រយោជន៍​ពី​សំវិធានការ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​ខាង​វិញ្ញាណ។

រួច​រស់​ជីវិត​ពី​ភាព​ងងឹត​និង​សេចក្ដី​វេទនា

១៧, ១៨​. នៅ​សតវត្សរ៍​ទី​មួយ តើ​សិស្ស​របស់​ព្រះ​យេស៊ូ​និង​អស់​អ្នក​ដែល​ប្រឆាំង​ដំណឹង​ល្អ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា? តើ​ក្រុម​និមួយៗនេះ​ទទួល​លទ្ធផល​អ្វី?

១៧ ក្រោយ​ពី​ព្រះ​យេស៊ូ​សោយទិវង្គត ពួក​សិស្ស​បាន​ស្ដាប់​បង្គាប់​ទ្រង់​ដោយ​ក្លាហាន​ក្នុង​ការ​ធ្វើ​បន្ទាល់​អំពី​ទ្រង់«នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ចការ ១:៨) ទោះ​ជា​មាន​គ្រា​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ម្ដងម្កាល ព្រះ​យេហូវ៉ា​នៅ​តែ​ប្រទាន​ពរ​ដល់​ក្រុមជំនុំ​គ្រីស្ទាន​ថ្មី​នោះ​ដោយ​ប្រទាន​ពន្លឺ​ខាង​វិញ្ញាណ​និង​ឲ្យ​មាន​សិស្ស​ថ្មីៗជា​ច្រើន។—កិច្ចការ ២:៤៧; ៤:១​-​៣១; ៨:១​-​៨

១៨ ផ្ទុយ​ទៅ​វិញ ចំពោះ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ដំណឹង​ល្អ នោះ​ពួក​គេ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើងៗ។ សុភាសិត ៤:១៩ ចែង​ថា៖ «ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ជា​ចំពប់​នឹង​អ្វី​ទេ»។ «សេចក្ដី​ងងឹត»នោះ​មាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឆ្នាំ​៦៦ ស.យ. នៅ​ពេល​ដែល​ពួក​ទាហាន​រ៉ូម​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម។ ក្រោយ​ពី​ពួក​ទាហាន​រ៉ូម​បាន​ដក​ទ័ព​ចេញ​វិញ​ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ គេ​ក៏​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​៧០ ស.យ. ហើយ​លើក​នោះ​ពួក​គេ​បាន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម​តែ​ម្ដង។ យោង​ទៅ​តាម​យ៉ូសេហ្វឺស​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ជាតិ​យូដា នោះ​មាន​ជនជាតិ​យូដា​ជាង​មួយ​លាន​នាក់​បាន​ស្លាប់។ ប៉ុន្តែ ជន​គ្រីស្ទាន​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​បាន​រួច​រស់​ជីវិត។ ហេតុ​អ្វី? ពីព្រោះ​នៅ​ពេល​ដែល​ពួក​ទាហាន​រ៉ូម​បាន​ដក​ទ័ព​ចេញ​ពេល​ដំបូង នោះ​ពួក​គ្រីស្ទាន​បាន​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម។—លូកា ២១:២០​-​២២

១៩, ២០​. (ក) កាល​ដែល​របប​លោកីយ៍​នេះ​មក​ជិត​ដល់​ទីបញ្ចប់ ហេតុ​អ្វី​បាន​ជា​រាស្ត្រ​របស់​ព្រះ​មិន​ចាំបាច់​ខ្លាច? (ខ) ក្នុង​កំឡុង​ប៉ុន្មាន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤ តើ​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​វិនិច្ឆ័យ​យល់​អំពី​អ្វី?

១៩ ស្ថានការណ៍​របស់​យើង​សព្វ​ថ្ងៃ​ក៏​ស្រដៀង​នឹង​គ្រា​នោះ​ដែរ។ សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​នៅ​ខាង​មុខ​នេះ​នឹង​នាំ​មុខ​ទីបញ្ចប់​នៃ​របប​លោកីយ៍​អាក្រក់​ទាំង​មូល​របស់​សាតាំង។ ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​មិន​ចាំបាច់​ខ្លាច​ទេ ដ្បិត​ព្រះ​យេស៊ូ​បាន​សន្យា​ថា៖ «មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ (ម៉ាថាយ ២៨:២០) ដើម្បី​ពង្រឹង​ជំនឿ​នៃ​សិស្ស​ដំបូង​និង​ជួយ​ពួក​គេ​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​ចំពោះ​អ្វី​ដែល​ត្រូវ​កើត​ឡើង​នៅ​ថ្ងៃ​មុខ នោះ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឃើញ​នូវ​សិរី​រុងរឿង​របស់​ទ្រង់​នៅ​ស្ថានសួគ៌​ជា​ព្រះមេស្ស៊ី​ដែល​ជា​ស្តេច។ ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? នៅ​ឆ្នាំ​១៩១៤ អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ចក្ខុនិមិត្ត​នោះ​បាន​កើត​ឡើង​ពិត​មែន។ ហើយ​ការ​សម្រេច​នោះ​ពិត​ជា​ពង្រឹង​ជំនឿ​របស់​រាស្ត្រ​ព្រះ​មែន ដ្បិត​នេះ​បញ្ជាក់​ពី​អនាគត​ដ៏​ភ្លឺ​ស្វាង​នៅ​ខាង​មុខ​យើង! ហើយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​យល់​ដឹង​បន្ដិច​ម្ដងៗស្តី​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះមេស្ស៊ី។ នៅ​កណ្ដាល​លោកីយ៍​ដែល​មាន​ស្ថានការណ៍​កាន់​តែ​អាក្រក់​ឡើងៗ នោះ«ផ្លូវ​របស់​មនុស្ស​សុចរិត​ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។—សុភាសិត ៤:១៨

២០ សូម្បី​តែ​មុន​ឆ្នាំ​១៩១៤ នោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មួយ​ក្រុម​តូច​បាន​ចាប់​ផ្ដើម​យល់​នូវ​សេចក្ដី​ពិត​អំពី​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​អម្ចាស់។ ជា​ឧទាហរណ៍ ពួក​គេ​បាន​វិនិច្ឆ័យ​យល់​ថា​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ គឺ​ជា​ការ​មើល​មិន​ឃើញ ដូច​នៅ​ឆ្នាំ​៣៣​ស.យ.​ពេល​ដែល​ទេវតា​ពីរ​រូប​បាន​លេច​ខ្លួន​ឲ្យ​សិស្ស​ឃើញ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌។ ក្រោយ​ពី​ពពក​បាំង​ព្រះ​យេស៊ូ​ហើយ​ពួក​សិស្ស​លែង​ឃើញ​ទ្រង់ នោះ​ទេវតា​បាន​ពោល​ថា៖ «ព្រះ​យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា ឡើង​ទៅ​លើ​ស្ថានសួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ»។—កិច្ចការ ១:៩​-​១១, កំណែ​ជា​អក្សរ​ទ្រេត

២១​. តើ​យើង​នឹង​ពិគ្រោះ​អ្វី​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២១ មាន​តែ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ភក្ដី​ប៉ុណ្ណោះ ដែល​បាន​មើល​ឃើញ​ព្រះ​យេស៊ូ​ចេញ​ដំណើរ​នោះ។ ដូច​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ គឺ​គ្មាន​ការ​បង្ហាញ​ដ៏​អស្ចារ្យ​នៅ​មុខ​សាធារណៈ​ជន​ទាំង​ឡាយ​ទេ។ មនុស្ស​ទូទៅ​ក្នុង​លោកីយ៍​មិន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ទី​នោះ​ទេ។ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ​ជា​អ្នក​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ក៏​ដូច​គ្នា​ដែរ។ (យ៉ូហាន ១៤:១៩) មាន​តែ​សិស្ស​ចាក់​ប្រេង​តាំង​ស្មោះ​ត្រង់​ប៉ុណ្ណោះ ដែល​អាច​ត្រិះរិះ​យល់​អំពី​វត្តមាន​របស់​ព្រះ​យេស៊ូ។ នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិចារណា​មើល​ថា ការ​យល់​ឆ្លុះ​នេះ​ត្រូវ​មាន​អានុភាព​សំខាន់​លើ​ពួក​គេ ដែល​នាំ​ឲ្យ​មាន​ការ​ប្រមូល​មនុស្ស​ច្រើន​លាន​នាក់ ដែល​នឹង​ក្លាយ​ជា​អនុរាស្ត្រ​របស់​ព្រះ​យេស៊ូ​នៅ​ផែនដី។—វិវរណៈ ៧:៩, ១៤

[កំណត់​សម្គាល់]

a តាម​មើល​ទៅ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​មាន​តែ​យ៉ូហាន​ទេ​ដែល​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ។ ពួក​សាសន៍​យូដា​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់«មិន​ដែល​ឮ​សំឡេង[ព្រះ]ឡើយ ក៏​មិន​ដែល​ឃើញ​រូប​អង្គ​ទ្រង់​ផង»។—យ៉ូហាន ៥:៣៧

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​ចោទ​ប្រឆាំង​ថា ទ្រង់​ធ្វើ​ខុស​ច្បាប់​ថ្ងៃ​ឈប់​សំរាក​និង​ប្រមាថ​ព្រះ តើ​ទ្រង់​ប្រទាន​ភស្តុតាង​អ្វី​ដើម្បី​បង្ហាញ​ថា​ទ្រង់​ជា​ព្រះមេស្ស៊ី?

• តើ​សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ​ទទួល​ប្រយោជន៍​អ្វី​ពី​ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ?

• តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា យ៉ូហាន​ត្រូវ​នៅ​ទាល់តែ​ទ្រង់​យាង​មក?

• នៅ​ឆ្នាំ​១៩១៤ តើ​ចក្ខុនិមិត្ត​អ្វី​បាន​សម្រេច​ជា​ការ​ពិត?

[រូបភាព​នៅ​ទំព័រ​១៨]

ព្រះ​យេស៊ូ​បាន​បញ្ជាក់ ហេតុ​ផល​ថា​ទ្រង់​ជា​ព្រះមេស្ស៊ី

[រូបភាព​នៅ​ទំព័រ​២០]

ចក្ខុនិមិត្ត​អំពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​បាន​ពង្រឹង​ជំនឿ​សិស្ស​ទ្រង់

[រូបភាព​នៅ​ទំព័រ​២១]

យ៉ូហាន​ត្រូវ​នៅ​ទាល់តែ​ព្រះ​យេស៊ូ​យាង«មក»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក