ភាពស្រុះស្រួលនឹងគ្នានាំឲ្យមានប្រយោជន៍
អេឌវុធជិតនឹងស្លាប់ហើយៗបិលស្អប់គាត់ណាស់។ ម្ភៃឆ្នាំមុននោះ អេឌវុធបានធ្វើការសម្រេចចិត្តមួយដែលបណ្ដាលឲ្យបិលលែងមានការងារធ្វើ។ នេះបានធ្វើឲ្យមានការបែកបាក់នូវទំនាក់ទំនងរវាងមិត្តពីរនាក់ដែលធ្លាប់ជិតស្និទ្ធនឹងគ្នា។ ឥឡូវ អេឌវុធខំផ្សះផ្សាគ្នាឡើងវិញដើម្បីឲ្យគាត់ស្លាប់ដោយស្រួលចិត្តវិញ។ យ៉ាងណាក៏ដោយ បិលមិនចង់ស្ដាប់អេឌវុធទេ។
ជិត៣០ឆ្នាំក្រោយមក កាលដែលបិលជិតស្លាប់ដែរ គាត់បានពន្យល់នូវមូលហេតុដែលគាត់ពុំអាចអត់ឱនទោសឲ្យបាន។ គាត់ពោលថា៖ «អេឌវុធមិនចាំបាច់ធ្វើដូច្នោះដល់មិត្តដ៏ជិតស្និទ្ធរបស់គាត់ឡើយ។ ក្រោយពី២០ឆ្នាំបានកន្លងទៅហើយ ខ្ញុំនៅតែមិនចង់ផ្សះផ្សាគ្នាទេ។ . . . ខ្ញុំប្រហែលជាខុស ប៉ុន្តែ នេះហើយជាអារម្មណ៍របស់ខ្ញុំ»។a
ការទាស់ទែងគ្នាមិនតែងតែមានលទ្ធផលអាក្រក់បែបនេះទេ ប៉ុន្តែ ជាញឹកញយការទាស់ទែងគ្នាធ្វើឲ្យមនុស្សនៅតែមានអារម្មណ៍ឈឺចាប់។ ចូរគិតអំពីបុគ្គលម្នាក់ដែលមានអារម្មណ៍ដូចអេឌវុធ។ ដោយដឹងថាការសម្រេចចិត្តរបស់គាត់បាននាំឲ្យបែកបាក់ដល់ទំនាក់ទំនងរបស់គាត់ នោះបានធ្វើឲ្យគាត់មានមនសិការដែលធ្វើទុក្ខ ហើយធ្វើឲ្យគាត់មានវិប្បដិសារី។ ប៉ុន្តែ បុគ្គលនោះក៏មានការឈឺចិត្តដែរ នៅពេលដែលមិត្តដែលគាត់បានធ្វើឲ្យអាក់អន់ចិត្តនោះបោះបង់ចោលមិត្តភាពរបស់ពួកគេ ប្រៀបដូចជាបោះចោលសំរាមនោះ។
ប៉ុន្តែ ចំពោះបុគ្គលម្នាក់ដែលមានទស្សនៈដូចបិលដែលចាត់ទុកខ្លួនជាអ្នករងគ្រោះដោយមិនបានធ្វើខុសនោះ អាចតូចចិត្តយ៉ាងខ្លាំងហើយក៏មានចិត្តចងគំនុំដែរ។ ចំពោះបិលអតីតមិត្តមិនបានប្រព្រឹត្តដោយអត់ដឹងខ្លួនទេ និងប្រហែលជាធ្វើបាបអេឌវុធដោយចេតនាវិញផងដែរ។ ជាធម្មតា នៅពេលបុគ្គលពីរនាក់មានបញ្ហានឹងគ្នា បុគ្គលម្នាក់ៗជឿថា គាត់ជាមនុស្សត្រឹមត្រូវ និងម្នាក់ទៀតគឺជាអ្នកប្រព្រឹត្តខុសទាំងស្រុង។ ហេតុដូច្នេះហើយ ទើបបុគ្គលនោះនៅតែមានការចងគំនុំនឹងគ្នា។
ពួកគេបន្តឈ្លោះគ្នាដោយប្រើអាវុធសម្ងាត់ ពោលគឺម្នាក់បែរមុខចេញនៅពេលម្នាក់ទៀតដើរមកជិត ហើយពួកគេធ្វើកន្តើយដាក់គ្នានៅពេលដែលជួបក្នុងក្រុម។ ពីចំងាយពួកគេលួចមើលគ្នា ឬសម្លឹងមើលគ្នាដែលពោរពេញដោយក្ដីស្អប់។ នៅពេលដែលពួកគេនិយាយ ពួកគេនិយាយកំបុតៗឬនិយាយស៊កសៀតគ្នាមុតដូចកាប់នឹងកាំបិត។
ក៏ប៉ុន្តែ ទោះជាពួកគេហាក់ដូចជាប្រឆាំងគ្នាទាំងស្រុងក៏ដោយ ពួកគេក៏ឯកភាពលើរឿងខ្លះៗដែរ។ ពួកគេប្រហែលជាទទួលស្គាល់ថា ពួកគេមានបញ្ហាធ្ងន់ធ្ងរ ហើយថាការបែកបាក់ពីមិត្តដ៏ជិតស្និទ្ធគឺគួរឲ្យស្ដាយមែន។ បុគ្គលម្នាក់ៗប្រហែលជាមានការឈឺចាប់ប្រៀបដូចជាមានរបួសដែលកាន់តែឈឺឡើង ហើយម្នាក់ៗដឹងថាខ្លួនត្រូវធ្វើអ្វីមួយដើម្បីឲ្យបានផ្សះផ្សាស្នាមរបួសនោះ។ ប៉ុន្តែ តើអ្នកណាដែលនឹងយកជំហានទីមួយ ដើម្បីឲ្យទំនាក់ទំនងដែលបែកបាក់បានជានាដូចពីមុនហើយស្រុះស្រួលនឹងគ្នាវិញ? គ្មានបុគ្គលណាម្នាក់សុខចិត្តធ្វើឡើយ។
ពីរពាន់ឆ្នាំកន្លងទៅនេះ សាវ័ករបស់ព្រះយេស៊ូគ្រីស្ទក៏មានការឈ្លោះប្រកែកគ្នាម្ដងម្កាលដែរ។ (ម៉ាកុស ១០:៣៥-៤១; លូកា ៩:៤៦; ២២:២៤) ក្រោយពីជម្លោះមួយ នោះព្រះយេស៊ូបានសួរថា៖ «តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ?»។ ពួកគេនៅស្ងៀមសូន្យឈឹង ពីព្រោះពួកគេអាម៉ាស់មុខ។ (ម៉ាកុស ៩:៣៣, ៣៤) ការបង្រៀនរបស់ព្រះយេស៊ូបានជួយពួកគេឲ្យស្រុះស្រួលនឹងគ្នាវិញ។ ឱវាទរបស់ព្រះយេស៊ូនិងរបស់សិស្សខ្លះ បន្តជួយមនុស្សឲ្យដោះស្រាយជម្លោះនិងផ្សះផ្សាទំនាក់ទំនងមិត្តភាពឡើងវិញ។ សូមឲ្យយើងពិនិត្យមើលនូវវិធីដោះស្រាយបញ្ហានេះ។
ចូរខំព្យាយាមស្រុះស្រួលនឹងគ្នា
«ខ្ញុំមិនចង់និយាយជាមួយនឹងបុគ្គលនោះទេ។ ខ្ញុំមិនចង់ឃើញគាត់ម្ដងទៀតឡើយ!»។ ប្រសិនបើអ្នកធ្លាប់និយាយបែបនេះចំពោះបុគ្គលណាម្នាក់ នោះអ្នកត្រូវតែចាត់វិធានការ ដូចជាបទគម្ពីរបន្តបន្ទាប់បង្ហាញ។
ព្រះយេស៊ូបានបង្រៀនថា៖ «ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន»។ (ម៉ាថាយ ៥:២៣, ២៤) ទ្រង់ក៏បានមានបន្ទូលថា៖ «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ»។ (ម៉ាថាយ ១៨:១៥) មិនថាអ្នកបានធ្វើឲ្យអ្នកណាម្នាក់អាក់អន់ចិត្តឬមនុស្សណាម្នាក់ធ្វើឲ្យអ្នកអន់ចិត្តនោះទេ តែពាក្យរបស់ព្រះយេស៊ូបញ្ជាក់នូវតម្រូវការឲ្យអ្នកប្រញាប់ទៅរកបុគ្គលនោះដើម្បីដោះស្រាយរឿងនោះ។ អ្នកត្រូវខំដោះស្រាយ«ដោយចិត្តសុភាព»។ (កាឡាទី ៦:១) ការពិគ្រោះនោះគឺដើម្បីស្រុះស្រួលជាមួយនឹងគ្នា មិនមែនដើម្បីជជែកយកឈ្នះរៀងខ្លួននោះទេ ឬជំរុញឲ្យគេនិយាយសុំទោសយើងនោះដែរ។ តើឱវាទនេះក្នុងព្រះគម្ពីរមានប្រសិទ្ធភាពឬទេ?
អ៊ើនីសជាអ្នកត្រួតត្រាក្នុងការិយាល័យដ៏ធំមួយ។b អស់ច្រើនឆ្នាំមកហើយ កិច្ចការរបស់គាត់តម្រូវឲ្យគាត់ដោះស្រាយរឿងរបស់មនុស្សគ្រប់ប្រភេទកុំឲ្យគេតូចចិត្តឬខឹងនឹងគ្នា ហើយរក្សាឲ្យពួកអ្នកធ្វើការជាមួយគ្នាមានទំនាក់ទំនងល្អ។ គាត់បានឃើញថា ការឈ្លោះប្រកែកគឺអាចកើតមានឡើងយ៉ាងងាយស្រួល។ គាត់ពោលថា៖ «ខ្ញុំធ្លាប់មានទំនាស់ជាមួយអ្នកដទៃម្ដងម្កាល។ ប៉ុន្តែ នៅពេលដែលមានបញ្ហា ខ្ញុំអង្គុយពិគ្រោះបញ្ហាជាមួយនឹងបុគ្គលនោះ។ ចូរទៅនិយាយជាមួយនឹងគេឲ្យបានឆាប់រហ័ស។ ចូរទៅជួបគេដោយចង់ស្រុះស្រួលនឹងគ្នា។ នេះមានប្រសិទ្ធភាពជារៀងរាល់ដង»។
អាលីសាមានមិត្តពីប្រទេសជាច្រើន ហើយគាត់និយាយថា៖ «ជួនកាលខ្ញុំនិយាយអ្វីមួយ រួចមកខ្ញុំដឹងថា ខ្ញុំប្រហែលជាធ្វើឲ្យបុគ្គលនោះអាក់អន់ចិត្ត។ ខ្ញុំទៅនិយាយសុំទោសគាត់។ ប្រហែលជាខ្ញុំត្រូវនិយាយសុំទោសច្រើនជាងខ្ញុំត្រូវធ្វើ ទោះជាបុគ្គលនោះមិនបានអាក់អន់ចិត្តក៏ដោយ នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលជាងដោយធ្វើដូច្នេះ។ រួចមកទើបខ្ញុំដឹងថានឹងគ្មានការយល់ខុសលើខ្ញុំឡើយ»។
ការយកឈ្នះនឹងឧបសគ្គផ្សេងៗ
ឧបសគ្គតែងតែរារាំងពីការស្រុះស្រួលគ្នា។ តើអ្នកដែលនិយាយថា៖ «ហេតុអ្វីចាំបាច់ឲ្យខ្ញុំធ្វើការផ្សះផ្សានោះ? គាត់ជាអ្នកដែលនាំឲ្យមានបញ្ហាទេតើ»។ ឬក៏តើអ្នកបានទៅជួបបុគ្គលម្នាក់ដើម្បីដោះស្រាយបញ្ហាមួយ តែបុគ្គលនោះនិយាយថា៖ «ខ្ញុំគ្មានអ្វីនិយាយជាមួយនឹងអ្នកឯងទេ»? មនុស្សខ្លះនិយាយបែបនេះ ពីព្រោះពួកគេបានឈឺចាប់ខាងផ្លូវចិត្ត។ សុភាសិត ១៨:១៩ ចែងថា៖ «បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ»។ ដូច្នេះ យើងត្រូវគិតអំពីអារម្មណ៍របស់បុគ្គលនោះផងដែរ។ ប្រសិនបើគាត់មិនចង់និយាយជាមួយនឹងអ្នកទេ ចូរចាំមួយរយៈសិនហើយសាកខំផ្សះផ្សាម្ដងទៀតចុះ! បន្ទាប់មក«ទីក្រុងយ៉ាងមាំមួន»ប្រហែលនឹងត្រូវបើកទ្វារ ហើយ«រនុក»ប្រហែលជាត្រូវដកចេញពីទ្វារ ដើម្បីឲ្យយើងអាចផ្សះផ្សាគ្នាបាន។
ឧបសគ្គមួយទៀតចំពោះការស្រុះស្រួលគ្នាគឺដោយសារបុគ្គលនោះខ្លាចបាត់បង់កិត្ដិយសរបស់ខ្លួន។ ចំពោះមនុស្សខ្លះ ការនិយាយសុំទោសឬក៏និយាយជាមួយបុគ្គលដែលជាសត្រូវរបស់ខ្លួនគឺធ្វើឲ្យគេអាម៉ាស់មុខណាស់។ ការខ្វល់ខ្វាយចំពោះកិត្ដិយសគឺត្រឹមត្រូវ ប៉ុន្តែ តើការបដិសេធស្រុះស្រួលគ្នាធ្វើឲ្យបុគ្គលនោះមានកិត្ដិយសឬបាត់បង់កិត្ដិយស? តើការខ្វល់ខ្វាយអំពីកិត្ដិយសរបស់ខ្លួន គឺដើម្បីគ្របបាំងនូវអំនួតរបស់ខ្លួនវិញទេដឹង?
យ៉ាកុបដែលជាអ្នកសរសេរព្រះគម្ពីរបង្ហាញថាចិត្តគំនិតឈ្លោះប្រកែកគឺផ្សារភ្ជាប់នឹងអំនួត។ ក្រោយពីលាតត្រដាងនូវ«សេចក្ដីទាស់ទែង» និង«សេចក្ដីឈ្លោះប្រកែក»ដែលជនគ្រីស្ទានខ្លះមាន នោះគាត់និយាយតទៅទៀតថា៖ «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្ដល់ព្រះគុណមកពួករាបសាវិញ»។ (យ៉ាកុប ៤:១-៣, ៦) តើការមានឫកធំឬអំនួតបង្ការការស្រុះស្រួលគ្នាយ៉ាងដូចម្ដេច?
អំនួតបង្វែរចិត្តមនុស្ស ធ្វើឲ្យគេជឿថាពួកគេល្អជាងអ្នកដទៃ។ មនុស្សដែលមានឫកធំគិតថាពួកគេមានសិទ្ធិវិនិច្ឆ័យគោលការណ៍សីលធម៌របស់អ្នកដទៃ។ តើតាមរបៀបណា? នៅពេលដែលមានការខ្វែងគំនិត គេចាត់ទុកគូប្រឆាំងជាបុគ្គលដែលកែលែងរួច។ អំនួតជំរុញមនុស្សខ្លះឲ្យចាត់ទុកអស់អ្នកដែលឈ្លោះនឹងគេជាមនុស្សដែលមិនសមនឹងនិយាយរក ដូច្នេះមិនចាំបាច់និយាយសុំទោសទេ។ ហេតុដូច្នេះហើយ អស់អ្នកដែលមានអំនួតតែងនាំឲ្យជម្លោះមានជាបន្តជាជាងខំដោះស្រាយតាមរបៀបត្រឹមត្រូវ។
ដូចជាដែករនុកដែលបាំងមិនឲ្យធ្វើចរាចរណ៍តាមផ្លូវជាតិ នោះអំនួតក៏តែងតែបញ្ឈប់ជំហានដែលនាំឲ្យមានការស្រុះស្រួលគ្នាដែរ។ ដូច្នេះ ប្រសិនបើអ្នកមានការពិបាកដើម្បីស្រុះស្រួលនឹងបុគ្គលណាម្នាក់ នោះប្រហែលជាដោយសារតែចិត្តអំនួតហើយ។ តើអ្នកអាចយកឈ្នះនឹងអំនួតយ៉ាងដូចម្ដេច? គឺដោយបណ្ដុះឲ្យមានចិត្តរាបទាប ដែលផ្ទុយនឹងអំនួត។
ចូរធ្វើខុសស្រឡះពីអ្វីដែលអំនួតនាំឲ្យអ្នកប្រព្រឹត្ត
ព្រះគម្ពីរលើកតម្កើងចិត្តរាបទាបឬសេចក្ដីសុភាព។ «ផលនៃសេចក្ដីសុភាព នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្ដិ កិត្ដិសព្ទ នឹងជីវិត»។ (សុភាសិត ២២:៤) នៅទំនុកដំកើង ១៣៨:៦ យើងអានអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្សរាបទាបនិងមនុស្សឆ្មើងឆ្មៃឬអំនួតថា៖ «ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ»។
មនុស្សជាច្រើនចាត់ទុកចិត្តរាបទាបជាប់ទាក់ទងនឹងភាពអាម៉ាស់មុខ។ អ្នកគ្រប់គ្រងក្នុងពិភពលោកហាក់ដូចជាមានអារម្មណ៍ដូច្នេះ។ ទោះជាប្រជារាស្ត្រចុះចូលនឹងការគ្រប់គ្រងរបស់គេក្ដី តែអ្នកដឹកនាំខាងនយោបាយមិនហ៊ានសារភាពកំហុសរបស់គេទេ។ នៅពេលដែលឮអ្នកគ្រប់គ្រងម្នាក់និយាយថា៖ «ខ្ញុំសុំទោស» គឺគួរឲ្យអស្ចារ្យណាស់។ នៅពេលថ្មីៗនេះដែលអតីតរដ្ឋមន្ត្រីម្នាក់បានសុំទោសចំពោះបរាជ័យរបស់គាត់ក្នុងមហន្តរាយដែលនាំឲ្យមនុស្សស្លាប់ នោះពាក្យរបស់គាត់បានចុះផ្សាយក្នុងកាសែត។
ចូរកត់សម្គាល់នូវរបៀបដែលវចនានុក្រមមួយបកស្រាយភាពរាបទាបថា៖ «ជាគុណសម្បត្ដិនៃចិត្តរាបទាបឬមិនចាត់ទុកខ្លួនថាជាខ្ពស់ . . . ផ្ទុយនឹងអំនួតឬឫកធំ»។ ដូច្នេះ ដែលបុគ្គលម្នាក់មានចិត្តរាបទាបនោះ គឺសំដៅទៅលើទស្សនៈដែលគាត់មានចំពោះខ្លួន មិនមែនជាមតិរបស់អ្នកដទៃចំពោះគាត់នោះទេ។ ការសារភាពកំហុសរបស់គាត់ដោយចិត្តរាបទាប និងសូមអត់ឱនទោសដោយចិត្តស្មោះ មិនធ្វើឲ្យបុគ្គលនោះអាម៉ាស់មុខទេ ផ្ទុយទៅវិញ ធ្វើឲ្យគាត់មានកិត្ដិយសល្អវិញ។ ព្រះគម្ពីរចែងថា៖ «មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា នោះរមែងតែនាំមុខកិត្ដិយសវិញ»។—សុភាសិត ១៨:១២
ស្តីអំពីអ្នកនយោបាយដែលមិននិយាយសុំទោសចំពោះកំហុសខ្លួន នោះអ្នកសង្កេតម្នាក់បានពោលថា៖ «គួរឲ្យស្ដាយមែន ដែលពួកគេគិតថានិយាយសារភាពពីកំហុសរបស់ខ្លួនគឺជាសញ្ញានៃភាពទន់ខ្សោយទៅវិញ។ មនុស្សដែលមានភាពទន់ខ្សោយហើយមានអារម្មណ៍ថាគ្មានទំនុកចិត្ត ទើបមិននិយាយថា៖ ‹សុំទោស›។ តែមនុស្សដែលមានចិត្តល្អនិងក្លាហានមិនបាត់បង់នូវកិត្ដិយសខ្លួនទេ ដោយនិយាយថា៖ ‹ខ្ញុំបានធ្វើខុស›»នោះ។ ចំពោះយើងជាមនុស្សធម្មតាដែលមិនមែនជាអ្នកនយោបាយក៏ដូច្នេះដែរ។ ប្រសិនបើអ្នកខំប្រឹងយកឈ្នះអំនួតហើយជាមនុស្សរាបទាបទៅវិញ នោះពេលមានការទំនាស់នឹងគេ ការស្រុះស្រួលនឹងគ្នាអាចធ្វើបានយ៉ាងងាយស្រួលវិញ។ ចូរកត់សម្គាល់នូវរបៀបដែលក្រុមគ្រួសារមួយបានយល់ចំណុចនេះ។
ជូលីនិងប្អូនប្រុសគាត់វីល្លាមមានការយល់ច្រឡំគ្នា ហើយបាននាំឲ្យមានអារម្មណ៍មិនស្រួលនឹងគ្នា។ វីល្លាមខឹងជូលីនិងប្ដីគាត់ឈ្មោះយ៉ូសែបដល់ម្ល៉េះ ដែលគាត់មិនរាប់រកពួកគេសោះឡើយ។ វីល្លាមបានបញ្ជូនអំណោយទាំងប៉ុន្មានដែលជូលីនិងយ៉ូសែបឲ្យគាត់យូរឆ្នាំមកហើយទៅពួកគេវិញ។ ច្រើនខែកន្លងមក ភាពជិតស្និទ្ធដែលបងប្អូននេះធ្លាប់មាន បានត្រឡប់ជាមានភាពជូរចត់ទៅវិញ។
ក៏ប៉ុន្តែ យ៉ូសែបសម្រេចចិត្តអនុវត្តតាមម៉ាថាយ ៥:២៣, ២៤។ គាត់ខំទៅជួបប្អូនថ្លៃដោយចិត្តសុភាព និងផ្ញើសំបុត្រដែលប្រាប់ថាសុំទោសដែលបានធ្វើឲ្យប្អូនអាក់អន់ចិត្ត។ យ៉ូសែបបានលើកទឹកចិត្តភរិយាគាត់ឲ្យអត់ឱនទោសប្អូនប្រុសគាត់ដែរ។ ក្រោយមក វីល្លាមឃើញថាជូលីនិងយ៉ូសែបចង់ស្រុះស្រួលដោយស្មោះ ហើយគាត់ក៏បានបន្ទន់ចិត្ត។ វីល្លាមនិងភរិយារបស់គាត់បានជួបយ៉ូសែបនិងជូលី ពួកគេនិយាយសុំទោសគ្នាទៅវិញទៅមក ឱបនិងធ្វើឲ្យមានមិត្តភាពឡើងវិញ។
ប្រសិនបើអ្នកមានចិត្តប្រាថ្នាចង់ដោះស្រាយជម្លោះជាមួយនឹងអ្នកណាម្នាក់ ចូរអនុវត្តតាមការបង្រៀនក្នុងព្រះគម្ពីរដោយចិត្តអត់ធ្មត់ និងខំស្រុះស្រួលជាមួយនឹងបុគ្គលនោះចុះ។ ព្រះយេហូវ៉ានឹងជួយអ្នកជាពុំខាន។ អ្វីដែលព្រះបានមានបន្ទូលទៅកាន់អ៊ីស្រាអែលពីសម័យបុរាណ ក៏ត្រឹមត្រូវចំពោះអ្នកដែរ ដែលថា៖ «ឱបើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ»។—អេសាយ ៤៨:១៨
[កំណត់សម្គាល់]
a មានមូលដ្ឋានលើសៀវភៅ The Murrow Boys—Pioneers on the Front Lines of Broadcast Journalism, by Stanley Cloud and Lynne Olson.
b ឈ្មោះត្រូវបានប្ដូរ។
[រូបភាពនៅទំព័រ៧]
ការនិយាយសុំទោស ច្រើនតែនាំឲ្យមានទំនាក់ទំនងល្អឡើងវិញ