បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៦ ទំ. ២៤-២៨
  • «ព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នា»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នា»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ!»
  • ​«យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ»
  • កុំ​«ងាក​បែរ​ទៅ​មើល​ក្រោយ»
  • ​«អ្នក​រាល់​គ្នា​បាន​ផល»
  • «ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការគេចផុតពីភាពជាទាសករ ពីមុននិងឥឡូវនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៦ ទំ. ២៤-២៨

​«ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា»

​«ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ។ ដូច្នេះ ចូរ​ដំកើង​ព្រះ[ចុះ]!»។—កូរិនថូសទី១ ៦:២០

១, ២​. (ក) ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ តើ​ម្ចាស់​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​លើ​បាវ​បំរើ​ជនជាតិ​អ៊ីស្រាអែល? (ខ) បើ​បាវ​បំរើ​ស្រឡាញ់​ម្ចាស់​ខ្លួន តើ​គាត់​អាច​សម្រេច​ធ្វើ​អ្វី?

វចនានុក្រម​មួយ​ខាង​ព្រះ​គម្ពីរ​ចែង​ថា​៖ «នៅ​សម័យ​បុរាណ ការ​ប្រើ​ទាសាទាសី​ជា​ការ​ធម្មតា​ដែល​មាន​ជា​ទូទៅ»។ (Holman Illustrated Bible Dictionary) វចនានុក្រម​នោះ​ចែង​ទៀត​ថា​៖ «សេដ្ឋកិច្ច​របស់​ពួក​សាសន៍​អេស៊ីប ក្រិច​និង​រ៉ូម​មាន​មូលដ្ឋាន​លើ​ការ​ប្រើ​ប្រាស់​ទាសករ។ នៅ​សតវត្សរ៍​ទី​មួយ​គ្រីស្ទ​សករាជ មនុស្ស​មួយ​ភាគ​បី​នៅ​ប្រទេស​អ៊ីតាលី និង​មនុស្ស​មួយ​ភាគ​ប្រាំ​នៅ​ប្រទេស​ឯ​ទៀត​ជា​ទាសករ»។

២ ទោះ​បើ​មាន​ទាសាទាសី​នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ក្ដី ក្រិត្យ​វិន័យ​ម៉ូសេ​មាន​មាត្រា​ដែល​ការពារ​ពួក​ខ្ញុំ​បំរើ​សាសន៍​ហេព្រើរ។ ជា​ឧទាហរណ៍ ច្បាប់​វិន័យ​បាន​កំណត់​ថា មនុស្ស​ជនជាតិ​អ៊ីស្រាអែល​អាច​ធ្វើ​ជា​ខ្ញុំ​បំរើ​តែ​ប្រាំ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ បាវ​បំរើ​នោះ​មាន​សិទ្ធិ​«ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ»។ ប៉ុន្តែ ច្បាប់​ដែល​ទាក់​ទិន​នឹង​របៀប​ប្រព្រឹត្ត​លើ​បាវ​បំរើ​នោះ ប្រកប​ដោយ​ភាព​យុត្ដិធម៌​និង​មេត្ដាករុណា​ដល់​ម្ល៉េះ បាន​ជា​ក្រិត្យ​វិន័យ​ម៉ូសេ​បើក​ឱកាស​ឲ្យ​បាវ​ធ្វើ​ដូច​ត​ទៅ​ថា​៖ «បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ នឹង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចង់​ចេញ​ទៅ​ទេ នោះ​ចៅហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្ដី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ​បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅហ្វាយ​ជា​ដរាប​ទៅ»។—និក្ខមនំ ២១:២​-​៦; លេវីវិន័យ ២៥:៤២, ៤៣; ចោទិយកថា ១៥:១២​-​១៨

៣​. (ក) តើ​ពួក​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​បាន​សុខ​ចិត្ត​ធ្វើ​ជា​បាវ​បំរើ​បែប​ណា? (ខ) តើ​អ្វី​ជំរុញ​ឲ្យ​យើង​បំរើ​ព្រះ?

៣ មាត្រា​ច្បាប់​ដែល​បើក​ឱកាស​ឲ្យ​មនុស្ស​ធ្វើ​ជា​ខ្ញុំ​បំរើ​ស្ម័គ្រ​ពី​ចិត្ត​នោះ បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​អំពី​ទាសភាព​របស់​គ្រីស្ទាន​ពិត។ ជា​ឧទាហរណ៍ ប៉ុល យ៉ាកុប ពេត្រុស​និង​យូដាស​ដែល​បាន​រួម​ចំណែក​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ បាន​សម្គាល់​ខ្លួន​ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ។ (ទីតុស ១:១; យ៉ាកុប ១:១; ពេត្រុសទី២ ១:១; យូដាស ១) ប៉ុល​បាន​រំឭក​បងប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ថា​ពួក​គេ​បាន​«លះបង់​ព្រះ​ក្លែង​ក្លាយ បែរ​មក​រក​ព្រះ​ជា​ម្ចាស់ ដើម្បី​គោរព​បំរើ​ព្រះ​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់ និង ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ (ថេស្សាឡូនិក​ទី១ [ថែស្សាឡូនីចទី១] ១:៩, ខ.ស.) តើ​អ្វី​បាន​ជំរុញ​ឲ្យ​គ្រីស្ទាន​ទាំង​នោះ​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត? សូម​គិត​ទៅ​មើល ក្នុង​ករណី​បាវ​ជនជាតិ​អ៊ីស្រាអែល​ដែល​បាន​លះបង់​សេរីភាព​ដោយ​ខ្លួន​ឯង​នោះ តើ​អ្វី​បាន​ជំរុញ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ? គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ម្ចាស់​ខ្លួន មែន​ទេ? ការ​ធ្វើ​ជា​បាវ​បំរើ​គ្រីស្ទាន​ក៏​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដែរ។ ពេល​ដែល​យើង​ចាប់​ផ្ដើម​ស្គាល់​និង​ស្រឡាញ់​ព្រះ​ដែល​ជា​ព្រះ​ពិត​និង​មាន​ព្រះ​ជន្ម​រស់ នោះ​ចិត្ត​យើង​ជំរុញ​ឲ្យ​បំរើ​ទ្រង់​«អស់​ពី​ចិត្ត អស់​ពី​ព្រលឹង»។ (ចោទិយកថា ១០:១២, ១៣) ក៏​ប៉ុន្តែ តើ​ការ​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​នេះ​មាន​ឥទ្ធិពល​អ្វី​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង?

​«ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ!»

៤​. តើ​យើង​ក្លាយ​ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​ដោយ​របៀប​ណា?

៤ ពាក្យ​ទាសាទាសី​ឬ​បាវ​បំរើ​បាន​ត្រូវ​បកស្រាយ​ថា «ជា​មនុស្ស​ដែល​ជា​កម្មសិទ្ធិ​តាម​ច្បាប់​របស់​អ្នក​ឯ​ទៀត ហើយ​ត្រូវ​ស្ដាប់​បង្គាប់​អ្នក​នោះ​ទាំង​ស្រុង»។ យើង​ក្លាយ​ជា​កម្មសិទ្ធិ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​យើង​ឧទ្ទិស​ថ្វាយ​ជីវិត​ខ្លួន​ចំពោះ​ទ្រង់​ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ សាវ័ក​ប៉ុល​ពន្យល់​ថា​៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ»។ (កូរិនថូសទី១ ៦:១៩, ២០) ថ្លៃ​លោះ​នោះ​ជា​យញ្ញបូជា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ព្រះ​យេហូវ៉ា​ទទួល​យើង​ជា​អ្នក​បំរើ​ទ្រង់​ដោយ​ផ្អែក​លើ​យញ្ញបូជា​នោះ មិន​ថា​យើង​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ឬ​គូកន​របស់​ពួក​គាត់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ក្ដី។ (អេភេសូរ ១:៧; ២:១៣; វិវរណៈ ៥:៩) បើ​ដូច្នេះ «យើង​ក៏​ជា​របស់​ផង​ព្រះ»​តាំង​ពី​ពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (រ៉ូម ១៤:៨) ដោយសារ​យើង​បាន​ត្រូវ​លោះ​ឬ​ទិញ​ដោយ​លោហិត​ដ៏​វិសេស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​យើង​ក៏​ក្លាយ​ជា​បាវ​បំរើ​របស់​ទ្រង់​ដែរ ហើយ​មាន​ភារកិច្ច​ធ្វើ​តាម​បង្គាប់​ទ្រង់។—ពេត្រុសទី១ ១:១៨, ១៩

៥​. ក្នុង​នាម​ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា តើ​យើង​មាន​កាតព្វកិច្ច​សំខាន់​ចំ​បង​អ្វី? ហើយ​តើ​យើង​អាច​បំពេញ​កាតព្វកិច្ច​នោះ​ដោយ​របៀប​ណា?

៥ ទាសាទាសី​ឬ​បាវ​បំរើ​ត្រូវ​ស្ដាប់​បង្គាប់​ម្ចាស់​ខ្លួន។ យើង​សុខ​ចិត្ត​ធ្វើ​ជា​បាវ​បំរើ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ម្ចាស់​យើង​បាន​ជំរុញ​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ យ៉ូហានទី១ ៥:៣ ចែង​ថា​៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។ បើ​ដូច្នេះ ពេល​ដែល​យើង​ស្ដាប់​បង្គាប់​ព្រះ នេះ​ជា​ទី​សំអាង​ថា យើង​ស្រឡាញ់​ទ្រង់ ហើយ​ចង់​ចុះ​ចូល​ចំពោះ​ទ្រង់។ ទង្វើ​ទាំង​ឡាយ​របស់​យើង​ត្រូវ​ស​បញ្ជាក់​នូវ​ទស្សនៈ​នេះ។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ «ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ!»។ (កូរិនថូសទី១ ១០:៣១) របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង សូម្បី​តែ​ក្នុង​ការ​ដ៏​តូចតាច​ក៏​ដោយ ត្រូវ​បង្ហាញ​ថា​យើង​«ខំ​ប្រឹង​បំរើ​ព្រះ»។—រ៉ូម ១២:១១

៦​. ដោយ​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ តើ​នេះ​មាន​អានុភាព​អ្វី​លើ​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​យើង? សូម​ពន្យល់​ដោយ​លើក​ឧទាហរណ៍​មួយ។

៦ ជា​ឧទាហរណ៍ ពេល​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដែល​ជា​ម្ចាស់​របស់​យើង​នៅ​ស្ថានសួគ៌។ (ម៉ាឡាគី ១:៦) ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ប្រហែល​ជា​ល្បងល​ថា តើ​យើង​នឹង​ស្ដាប់​បង្គាប់​ព្រះ​ឬ​យ៉ាង​ណា? តើ​យើង​នឹង​ធ្វើ​តាម​ដំបូន្មាន​ពី​ព្រះ​ជាជាង​ធ្វើ​តាម​ចិត្ត​ខ្លួន ដែល​ងាយ​«បញ្ឆោត»​យើង ហើយ​«អាក្រក់​ហួស​ល្បត់»​ឬ​ទេ? (យេរេមា ១៧:៩) បង​ស្រី​មីលិសា ជា​ជន​គ្រីស្ទាន​នៅ​លីវ​ដែល​ទើប​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ស្រាប់​តែ​បុរស​ម្នាក់​ចាប់​ផ្ដើម​ស្រឡាញ់​គាត់។ បុរស​នោះ​មើល​ទៅ​ដូច​ជា​មនុស្ស​ល្អ​ម្នាក់ ហើយ​កំពុង​តែ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែរ។ ក៏​ប៉ុន្តែ អ្នក​ចាស់​ទុំ​ម្នាក់​បាន​និយាយ​ជា​មួយ​មីលិសា​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​រៀប​ការ​«ឲ្យ​តែ​យក​ក្នុង​ព្រះ​អម្ចាស់»។ (កូរិនថូសទី១ ៧:៣៩; កូរិនថូសទី២ ៦:១៤) បង​ស្រី​មីលិសា សារភាព​ថា​៖ «គឺ​មិន​ស្រួល​ទេ ឲ្យ​ខ្ញុំ​ធ្វើ​តាម​យោបល់​នោះ។ ប៉ុន្តែ ដោយសារ​ខ្ញុំ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​រួច​ហើយ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​តាម​បង្គាប់​ដ៏​ជាក់​ច្បាស់​របស់​ទ្រង់»។ ដោយ​គិត​អំពី​លទ្ធផល​ពី​ការ​សម្រេច​នោះ មីលិសា​ប្រាប់​ថា​៖ «ខ្ញុំ​មាន​អំណរ​ណាស់​ដោយ​បាន​ធ្វើ​តាម​យោបល់​នោះ ដ្បិត​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក បុរស​នោះ​បាន​ឈប់​សិក្សា​ព្រះ​គម្ពីរ។ បើ​ខ្ញុំ​បាន​យក​គាត់​ជា​គូ​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​នឹង​មាន​ស្វាមី​ដែល​មិន​មាន​ជំនឿ​ដូច​ខ្ញុំ​ទេ»។

៧, ៨​. (ក) ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ចង់​បំពេញ​ចិត្ត​មនុស្ស​ហួស​ហេតុ​ពេក? (ខ) សូម​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​នូវ​របៀប​យក​ឈ្នះ​ការ​ខ្លាច​ចំពោះ​មនុស្ស។

៧ ក្នុង​នាម​ជា​បាវ​បំរើ​របស់​ព្រះ យើង​មិន​ត្រូវ​ក្លាយ​ជា​បាវ​បំរើ​របស់​មនុស្ស​ឡើយ។ (កូរិនថូសទី១ ៧:២៣) ពិត​មែន យើង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ស្អប់​យើង​ទេ តែ​យើង​គួរ​ចង​ចាំ​ថា បណ្ដា​គ្រីស្ទាន​ធ្វើ​តាម​ខ្នាត​តម្រា​ដែល​ខុស​ឆ្ងាយ​ពី​ខ្នាត​តម្រា​របស់​លោកីយ៍។ ប៉ុល​បាន​សួរ​ថា​៖ ‹តើ​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី?›។ គាត់​បាន​សន្និដ្ឋាន​ថា​៖ «បើសិន​ជា​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បំរើ​របស់​ព្រះ​គ្រីស្ទ​ទេ»។ (កាឡាទី ១:១០) យើង​មិន​ត្រូវ​ចុះ​ចាញ់​ភ្លាម​ពេល​មាន​ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក ហើយ​ក្លាយ​ជា​អ្នក​ដែល​ចង់​តែ​បំពេញ​ចិត្ត​មនុស្ស​ទេ។ បើ​ដូច្នេះ ពេល​ទទួល​ការ​បង្ខិត​បង្ខំ​ឲ្យ​ចុះ​ចូល​តាម​គំនិត​អ្នក​ដទៃ តើ​យើង​អាច​ធ្វើ​អ្វី?

៨ សូម​ពិចារណា​គំរូ​របស់​ប្អូន​ស្រី​អេលេណា ជា​យុវតី​គ្រីស្ទាន​នៅ​ប្រទេស​អេស្ប៉ាញ។ នាង​មាន​មិត្ត​រួម​ថ្នាក់​ប៉ុន្មាន​នាក់​ដែល​ជា​អ្នក​បរិច្ចាគ​ឈាម។ មិត្តភក្ដិ​ទាំង​នោះ​ក៏​ដឹង​ថា​អេលេណា​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​មិន​ព្រម​បរិច្ចាគ​ឈាម​ឬ​ក៏​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ឡើយ។ ពេល​អេលេណា​មាន​ឱកាស​ពន្យល់​អំពី​ទស្សនៈ​របស់​ខ្លួន​ដល់​សិស្ស​ទាំង​ឡាយ​ក្នុង​ថ្នាក់​នោះ នាង​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ អេលេណា​ប្រាប់​ថា​៖ «តាម​ពិត ខ្ញុំ​ភ័យ​ណាស់! ប៉ុន្តែ​ខ្ញុំ​បាន​រៀបចំ​យ៉ាង​ល្អ ហើយ​ខ្ញុំ​នឹក​មិន​ដល់​ទេ ថា​អាច​មាន​លទ្ធផល​ល្អ​ប៉ុន​នោះ។ សិស្ស​រួម​ថ្នាក់​ជា​ច្រើន​ចាប់​ផ្ដើម​គោរព​សិទ្ធិ​ខ្ញុំ ហើយ​លោក​គ្រូ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ក៏​ពេញ​ចិត្ត​នឹង​កិច្ចការ​របស់​យើង​ដែរ។ សំខាន់​បំផុត ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​បាន​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ពន្យល់​យ៉ាង​ច្បាស់​នូវ​មូលហេតុ​ដែល​ខ្ញុំ​មាន​ជំនឿ​នេះ​តាម​ព្រះ​គម្ពីរ»។ (លោកុប្បត្តិ ៩:៣, ៤; កិច្ចការ ១៥:២៨, ២៩) ពិត​មែន​ហើយ ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ យើង​មាន​ភាព​ខុស​ប្លែក​ពី​លោកីយ៍។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​នឹង​គោរព​សិទ្ធិ​យើង​បើ​យើង​ហ៊ាន​តប​ឆ្លើយ​ដើម្បី​ពន្យល់​អំពី​ជំនឿ​របស់​យើង​ដោយ​ចិត្ត​សុភាព។—ពេត្រុសទី១ ៣:១៥

៩​. តើ​យើង​រៀន​អ្វី​ពី​ទេវតា​ដែល​បាន​ចុះ​មក​ជួប​សាវ័ក​យ៉ូហាន?

៩ ការ​ចង​ចាំ​ជានិច្ច​ថា​យើង​ជា​បាវ​បំរើ​របស់​ព្រះ ក៏​អាច​ជួយ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប។ មាន​ពេល​មួយ​ដែល​សាវ័ក​យ៉ូហាន​ឃើញ​ចក្ខុនិមិត្ត​អស្ចារ្យ​អំពី​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌ ហើយ​មាន​ចិត្ត​ស្ងើច​ដល់​ម្ល៉េះ​បាន​ជា​គាត់​បាន​ទំលាក់​ខ្លួន​ហៀប​នឹង​ថ្វាយ​បង្គំ​នៅ​ទៀប​ជើង​នៃ​ទេវតា​ដែល​ជា​អ្នក​នាំ​បន្ទូល​របស់​ព្រះ។ ទេវតា​បាន​ប្រាប់​យ៉ូហាន​ថា​៖ «កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ! ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បងប្អូន​អ្នក នឹង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​នេះ​ផង។ ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ​ចុះ!»។ (វិវរណៈ ២២:៨, ៩) ទេវតា​មួយ​រូប​នោះ​បាន​តាំង​គំរូ​ដ៏​ល្អ​សំរាប់​បាវ​បំរើ​ទាំង​ឡាយ​របស់​ព្រះ! ទោះ​ជា​បងប្អូន​គ្រីស្ទាន​ខ្លះ​មាន​ភារកិច្ច​ពិសេស​ក្នុង​ក្រុមជំនុំ​ក្ដី ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ»។ (ម៉ាថាយ ២០:២៦, ២៧) ក្នុង​នាម​ជា​អ្នក​ធ្វើ​តាម​ព្រះ​យេស៊ូ យើង​រាល់​គ្នា​សុទ្ធតែ​ជា​បាវ​បំរើ។

​«យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ»

១០​. សូម​លើក​ឧទាហរណ៍​ខ្លះៗ​ពី​ព្រះ​គម្ពីរ ដែល​បង្ហាញ​ថា​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ព្រះ​មិន​តែង​តែ​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។

១០ ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​មិន​តែង​តែ​ស្រួល​ទេ សំរាប់​មនុស្ស​ជាតិ​ដែល​មិន​គ្រប់​ល័ក្ខណ៍។ ព្យាការី​ម៉ូសេ​មាន​ចិត្ត​ស្ទាក់ស្ទើរ​ហើយ​មិន​ចង់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ពេល​ដែល​ទ្រង់​សូម​ឲ្យ​គាត់​ទៅ​នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។ (និក្ខមនំ ៣:១០, ១១; ៤:១, ១០) ពេល​ដែល​លោក​យ៉ូណាស​បាន​ទទួល​បេសកកម្ម​ប្រកាស​សារ​ពី​សេចក្ដី​ជំនុំជំរះ​ទៅ​កាន់​ពួក​អ្នក​នៅ​ទី​ក្រុង​នីនីវេ នោះ​គាត់​«ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ​ភក្ដ្រ​នៃ​ព្រះ​យេហូវ៉ា»។ (យ៉ូណាស ១:២, ៣) លោក​បារូក​ដែល​ធ្វើ​ជា​លេខា​របស់​ព្យាការី​យេរេមា​បាន​ត្អូញត្អែរ​ថា ខ្លួន​ល្វើយ​និង​នឿយ​ហត់​ហើយ។ (យេរេមា ៤៥:២, ៣) តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា ពេល​ដែល​ចំណង​ចំណូល​ចិត្ត​របស់​យើង​មិន​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ? ព្រះ​យេស៊ូ​បាន​រៀប​រាប់​រឿង​ប្រៀបប្រដូច​មួយ​ដែល​អាច​ជួយ​ឆ្លើយ​សំនួរ​នេះ​បាន។

១១, ១២​. (ក) សូម​រៀប​រាប់​ដោយ​សង្ខេប​នូវ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​នៅ​លូកា ១៧:៧​-​១០។ (ខ) តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​រឿង​ប្រៀប​ប្រដូច​នោះ​របស់​ព្រះ​យេស៊ូ?

១១ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​បាវ​បំរើ​ម្នាក់​ដែល​មើល​ថែរក្សា​ហ្វូង​ចៀម​របស់​ម្ចាស់​នៅ​ឯ​វាល​អស់​មួយ​ថ្ងៃ​ហើយ។ ពេល​ដែល​បាវ​នោះ​ត្រឡប់​មក​ផ្ទះ​យ៉ាង​អស់​កម្លាំង​ដោយ​បាន​ធ្វើ​ការ​នឿយ​ហត់​អស់​១២​ម៉ោង​រួច​ហើយ នោះ​ម្ចាស់​មិន​បាន​អញ្ជើញ​បាវ​ឲ្យ​មក​អង្គុយ​បរិភោគ​អាហារ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​នោះ​និយាយ​ថា​៖ «ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ!»។ បាវ​បំរើ​នោះ​អាច​ធ្វើ​អ្វីៗ​សំរាប់​ប្រយោជន៍​ខ្លួន​ឯង​បាន លុះ​តែ​បាន​បំរើ​ម្ចាស់​ជា​មុន​សិន។ ព្រះ​យេស៊ូ​បាន​បញ្ចប់​រឿង​ប្រៀបប្រដូច​នោះ​ដោយ​ពន្យល់​ថា​៖ «ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា​៖ ‹យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ›»។—លូកា ១៧:៧​-​១០

១២ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​រឿង​ប្រៀបប្រដូច​នេះ មិន​មែន​ចង់​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ចាត់​ទុក​កិច្ចការ​របស់​យើង​ក្នុង​ការ​បំរើ​ទ្រង់​ជា​អ្វី​ដែល​គ្មាន​តម្លៃ​ទេ ដ្បិត​ព្រះ​គម្ពីរ​ចែង​យ៉ាង​ជាក់​ច្បាស់​ថា​៖ «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»។ (ហេព្រើរ ៦:១០) ផ្ទុយ​ទៅ​វិញ ចំណុច​សំខាន់​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​គឺ​ថា បាវ​បំរើ​មិន​អាច​បំពេញ​ចិត្ត​ខ្លួន​ឯង​ឬ​ផ្ដោត​អារម្មណ៍​លើ​ភាព​សុខ​ស្រួល​របស់​ខ្លួន​បាន​ឡើយ។ ពេល​ដែល​យើង​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ហើយ​សម្រេច​ចិត្ត​ធ្វើ​ជា​បាវ​បំរើ​របស់​ទ្រង់ នោះ​យើង​ក៏​យល់​ព្រម​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ជាជាង​រក​បំពេញ​ឆន្ទៈ​ខ្លួន​ឯង។ យើង​ត្រូវ​តែ​ចាត់​ទុក​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​ជាង​ឆន្ទៈ​របស់​យើង។

១៣, ១៤​. (ក) តើ​មាន​កាលៈទេសៈ​អ្វី​ខ្លះ​ដែល​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​យក​ឈ្នះ​ទំនោរ​ចិត្ត​ខ្លួន​យើង? (ខ) ហេតុ​អ្វី​បាន​ជា​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​គួរ​មាន​អាទិ​ភាព?

១៣ ការ​សិក្សា​យ៉ាង​ទៀងទាត់​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​និង​ប្រកាសនវត្ថុ​របស់‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹងប្រែង​ដែរ។ (ម៉ាថាយ ២៤:៤៥) គឺ​អាច​មាន​ដូច្នេះ​មែន ជា​ពិសេស​បើ​យើង​មិន​សូវ​ចេះ​មើល​អក្សរ​ស្ទាត់ ឬ​អាន​ប្រកាសនវត្ថុ​ដែល​ពិគ្រោះ​នូវ​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»។ (កូរិនថូសទី១ ២:​១០) យ៉ាង​ណា​ក្ដី យើង​គួរ​តែ​គ្រោង​ទុក​ពេល​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន មែន​ទេ? យើង​ក៏​ប្រហែល​ជា​ត្រូវ​លត់​ដុំ​ខ្លួន​យើង​ដើម្បី​អង្គុយ​ហើយ​ចំណាយ​ពេល​មើល​ពត៌មាន​ដែល​យើង​គួរ​សិក្សា ដ្បិត​បើ​មិន​ធ្វើ​ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​បាន​នូវ​«អាហារ​រឹង [ដែល]​សំរាប់​តែ​មនុស្ស​ធំ»?—ហេព្រើរ ៥:១៤

១៤ ចុះ​យ៉ាង​ណា​ពេល​ដែល​យើង​ចេញ​ពី​ធ្វើ​ការ​អស់​មួយ​ថ្ងៃ ហើយ​ត្រឡប់​មក​ផ្ទះ​យ៉ាង​នឿយ​ហត់? យើង​ប្រហែល​ជា​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន។ ឬ​ចុះ​យ៉ាង​ណា​បើ​យើង​មិន​ចូល​ចិត្ត​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​យើង​អត់​ស្គាល់​នោះ? ប៉ុល​បាន​ទទួល​ស្គាល់​ថា ជួន​កាល​យើង​ប្រកាស​ដំណឹង​ល្អ​ដោយ​«ទើស​ទ័ល»​ដែរ។ (កូរិនថូសទី១ ៩:​១៧) យ៉ាង​ណា​ក៏​ដោយ យើង​ធ្វើ​ការ​ទាំង​នេះ​ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​របស់​យើង​នៅ​ស្ថានសួគ៌​ដែល​យើង​ស្រឡាញ់​នោះ ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ ហើយ​តាម​ធម្មតា ពេល​ដែល​យើង​ខិតខំ​សិក្សា ចូល​រួម​ប្រជុំ​និង​ទៅ​ផ្សព្វផ្សាយ​នោះ យើង​មាន​អារម្មណ៍​ស្កប់​ចិត្ត​ហើយ​បាន​កម្លាំង​ឡើង​វិញ មែន​ទេ?—ទំនុកដំកើង ១:១, ២; ១២២:១; ១៤៥:១០​-​១៣

កុំ​«ងាក​បែរ​ទៅ​មើល​ក្រោយ»

១៥​. តើ​ព្រះ​យេស៊ូ​តាំង​គំរូ​បែប​ណា ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ?

១៥ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្ហាញ​នូវ​ព្រះទ័យ​ចុះ​ចូល​យ៉ាង​អស្ចារ្យ ចំពោះ​ព្រះ​វរបិតា​ទ្រង់​នៅ​ស្ថានសួគ៌។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា​៖ «ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក»។ (យ៉ូហាន ៦:៣៨) ពេល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​កើត​ទុក្ខ​ក្នុង​សួន​គែតសេម៉ានី នោះ​ទ្រង់​បាន​អធិស្ឋាន​ថា​៖ «ឱ​ព្រះ​វរបិតា​នៃ​ទូល​បង្គំ​អើយ! បើសិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូល​បង្គំ​ទៅ។ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។—ម៉ាថាយ ២៦:៣៩

១៦, ១៧​. (ក) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​យើង​បាន​លះបង់​ចោល? (ខ) សូម​ពន្យល់​នូវ​មូលហេតុ​ដែល​ទស្សនៈ​របស់​ប៉ុល ថា​ឱកាស​ឡើង​ឋានៈ​ក្នុង​លោកីយ៍​នេះ​ជា​«សំរាម»​នោះ ជា​ទស្សនៈ​សម​ហេតុ​សម​ផល។

១៦ ព្រះ​យេស៊ូ​គ្រីស្ទ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​ចិត្ត​ស្មោះ​ភក្ដី​នឹង​ការ​សម្រេច​ចិត្ត​របស់​យើង​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ»។ (លូកា ៩:៦២) ពេល​ដែល​យើង​បំរើ​ព្រះ គឺ​មិន​ល្អ​ទេ​បើ​យើង​គិត​ជានិច្ច​ជា​កាល​អំពី​អ្វី​ដែល​យើង​បាន​លះបង់។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ចាត់​ទុក​ប្រយោជន៍​ដែល​យើង​បាន​ទទួល​ដោយ​ក្លាយ​ជា​បាវ​បំរើ​របស់​ព្រះ ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត។ ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​បងប្អូន​នៅ​ទី​ក្រុង​ភីលីព​ថា​៖ «ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ​គ្រីស្ទ​វិញ»។—ភីលីព ៣:៨

១៧ សូម​គិត​អំពី​អ្វី​ដែល​ប៉ុល​បាន​ចាត់​ទុក​ជា​សំរាម​និង​បាន​លះ​ចោល​ដើម្បី​ទទួល​ប្រយោជន៍​ខាង​វិញ្ញាណ​ដោយ​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ។ ប៉ុល​មិន​គ្រាន់​តែ​លះ​ចោល​ជីវិត​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​លះបង់​លទ្ធភាព​ក្លាយ​ជា​អ្នក​ដឹក​នាំ​សាសនា​យូដា​នា​ពេល​អនាគត។ ប្រសិន​បើ​ប៉ុល​បាន​បន្ត​កាន់​តាម​សាសនា​យូដា​នោះ គាត់​ទំនង​ជា​អាច​ឡើង​អំណាច​រហូត​ដល់​មាន​ឋានៈ​ស្មើ​នឹង​លោក​ស៊ីម្មាន​ដែល​ជា​កូន​របស់​កាម៉ាលាល ដែល​ជា​គ្រូ​បង្រៀន​របស់​ប៉ុល​ពីដើម។ (កិច្ចការ ២២:៣; កាឡាទី ១:១៤) ស៊ីម្មាន​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ពួក​ផារិស៊ី ហើយ​បាន​មាន​មុខ​តំណែង​ធំ​ក្នុង​ការ​នាំ​ឲ្យ​ពួក​សាសន៍​យូដា​បះបោរ​នឹង​អំណាច​រ៉ូម​នៅ​ឆ្នាំ​៦៦​-​៧០ គ.ស. ទោះ​ជា​គាត់​មិន​យល់​ស្រប​ទាំង​ស្រុង​ក៏​ពិត​មែន។ ស៊ីម្មាន​បាន​ស្លាប់​ក្នុង​ចំបាំង​នោះ មិន​ដឹង​ថា​ទាហាន​រ៉ូម​ជា​អ្នក​សម្លាប់ ឬ​ត្រូវ​សម្លាប់​ដោយ​អ្នក​ជ្រុល​និយម​ខាង​សាសនា​យូដា។

១៨​. សូម​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា សមិទ្ធ​ផល​ផ្សេងៗ​ខាង​វិញ្ញាណ​តែង​តែ​ប្រសិទ្ធ​ពរ​ឲ្យ។

១៨ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​ធ្វើ​តាម​គំរូ​របស់​ប៉ុល​ដែរ។ បង​ស្រី​ជីន​មាន​ប្រសាសន៍​ថា​៖ «មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​រៀន​ចប់​នៅ​សាលា ខ្ញុំ​បាន​រក​ការងារ​ជា​លេខាធិការ​សំរាប់​មេធាវី​ដ៏​ល្បី​ម្នាក់​នៅ​ទី​ក្រុង​ឡុងដ៍។ ខ្ញុំ​ចូល​ចិត្ត​កិច្ចការ​របស់​ខ្ញុំ​ណាស់ ហើយ​ក៏​ទទួល​ប្រាក់​ខែ​ច្រើន​ដែរ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំៗ​ក៏​ដឹង​ថា​ខ្ញុំ​គួរ​បំរើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង។ នៅ​ទីបំផុត​ខ្ញុំ​ប្រគល់​លិខិត​សុំ​លា​ឈប់​ពី​ការងារ​នោះ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ។ ខ្ញុំ​មាន​អំណរគុណ​ណាស់ ដែល​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​ជិត​២០​ឆ្នាំ​មុន​នេះ! កិច្ចបំរើ​ពេញ​ពេល​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹមសារ​ជ្រាល​ជ្រៅ​ជាង​អ្វីៗ​ដែល​ការងារ​ជា​លេខាធិការ​អាច​ធ្វើ​បាន។ គ្មាន​អ្វី​សោះ​អាច​ធ្វើ​ឲ្យ​ស្កប់​ចិត្ត​ជាង​ការ​មើល​ឃើញ​បន្ទូល​របស់​ព្រះ​ជួយ​កែ​ប្រែ​ជីវិត​របស់​មនុស្ស។ ការ​រួម​ចំណែក​ក្នុង​កិច្ចការ​ជួយ​ឲ្យ​មនុស្ស​កែ​ប្រែ​ជីវិត​នោះ​គឺ​អស្ចារ្យ​ណាស់! អ្វី​ដែល​យើង​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​តិច​ណាស់ បើ​ប្រៀប​នឹង​អ្វី​ដែល​យើង​ទទួល​ពី​ទ្រង់​វិញ»។

១៩​. តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

១៩ យូរៗ​ទៅ កាលៈទេសៈ​ក្នុង​ជីវិត​របស់​យើង​ប្រហែល​ជា​ប្រែប្រួល។ ប៉ុន្តែ ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​មាន​ដដែល​ជានិច្ច។ យើង​នៅ​តែ​ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ត​ប្រើ​ពេល កំឡាំង បំនិន​និង​ធនធាន​របស់​យើង​តាម​របៀប​ដែល​យើង​គិត​ថា​មាន​ប្រសិទ្ធភាព​ប្រសើរ​បំផុត។ ដូច្នេះ ការ​សម្រេច​ចិត្ត​អំពី​របៀប​ប្រើ​របស់​ទាំង​នេះ​អាច​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ។ នេះ​ក៏​នឹង​បង្ហាញ​ថា​យើង​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុន​ណា​ដែរ។ (ម៉ាថាយ ៦:៣៣) មិន​ថា​យើង​មាន​កាលៈទេសៈ​ណា​ក៏​ដោយ យើង​គួរ​ប្ដេជ្ញា​ថ្វាយ​អ្វី​ដែល​ល្អ​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា មែន​ទេ? ប៉ុល​បាន​សរសេរ​ថា​៖ «បើសិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ​ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ»។—កូរិនថូសទី២ ៨:១២

​«អ្នក​រាល់​គ្នា​បាន​ផល»

២០, ២១​. (ក) តើ​បាវ​បំរើ​របស់​ព្រះ​អាច​បង្កើត​ផល​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​អ្វី​ដល់​ពួក​អ្នក​ដែល​បំរើ​ទ្រង់​អស់​ពី​សមត្ថភាព?

២០ ការ​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ​មិន​ជា​ការ​សង្កត់​សង្កិន​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​ជួយ​ឲ្យ​យើង​រួច​ខ្លួន​ពី​ទាសភាព​ដ៏​អាក្រក់​ដែល​ស៊ី​បង្ហិន​សុភមង្គល។ ប៉ុល​បាន​សរសេរ​ថា​៖ «ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទីបំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់កល្ប​ជានិច្ច​ផង»។ (រ៉ូម ៦:២២) ការ​បំរើ​ព្រះ​តែង​នាំ​ឲ្យ​មាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​ក្នុង​ន័យ​ថា យើង​ទទួល​ប្រយោជន៍​ពី​កិរិយា​បរិសុទ្ធ​ឬ​សីលធម៌​ដ៏​ស្អាត​ស្អំ។ ម្យ៉ាង​ទៀត នេះ​ក៏​នឹង​នាំ​ឲ្យ​យើង​ទទួល​បាន​នូវ​ជីវិត​ជា​រៀង​រហូត​នៅ​ពេល​អនាគត​ដែរ។

២១ ព្រះ​យេហូវ៉ា​ប្រទាន​អ្វីៗ​ជា​ច្រើន​ដល់​បាវ​បំរើ​របស់​ទ្រង់។ ពេល​ដែល​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​កិច្ចបំរើ​ទ្រង់ៗ​ក៏​«បើក​ទ្វារ​ស្ថានសួគ៌»​ឲ្យ ហើយ​«ចាក់​ព្រះ​ពរ​មក​លើ[យើង] ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ»។ (ម៉ាឡាគី ៣:១០) ការ​ធ្វើ​ជា​បាវ​បំរើ​របស់​ព្រះ​យេហូវ៉ា​ជា​និរន្តរ៍​នឹង​នាំ​ឲ្យ​មាន​អំណរអរ​ជានិច្ច!

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​បាន​ជា​យើង​ក្លាយ​ជា​បាវ​បំរើ​របស់​ព្រះ?

• តើ​យើង​បង្ហាញ​យ៉ាង​ណា ថា​យើង​ចុះ​ចូល​ចំពោះ​ព្រះ​ហឫទ័យ​របស់​ព្រះ?

• ហេតុ​អ្វី​ក៏​យើង​គួរ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាជាង​បំពេញ​ឆន្ទៈ​របស់​ខ្លួន?

• ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​«ងាក​បែរ​ទៅ​មើល​ក្រោយ»?

[រូបភាព​នៅ​ទំព័រ​២៥]

ពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ក្លាយ​ជា​បាវ​បំរើ​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​២៥]

ជន​គ្រីស្ទាន​តែង​តែ​ចាត់​ទុក ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អាទិ​ភាព

[រូបភាព​នៅ​ទំព័រ​២៦]

ម៉ូសេ​មាន​ចិត្ត​ស្ទាក់ស្ទើរ​មិន​ចង់​ទទួល​កិច្ចការ​ដែល​ព្រះ​ប្រគល់​ឲ្យ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក