បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១០ ទំ. ១២-១៦
  • «ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ​»​
  • មាន​សេរីភាព ប៉ុន្តែ​ជា​ខ្ញុំ​បម្រើ
  • អាជីព​មួយ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត
  • ការ​អប់រំ​ខ្ពស់​ជាង ឬ​ការ​អប់រំ​ខ្ពស់​បំផុត?
  • ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ខ្ពស់​បំផុត
  • ពរ​ដែល​ខ្ញុំ​បម្រើ​ទទួល
  • «ព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ការអប់រំ—ប្រើសំរាប់សរសើរព្រះយេហូវ៉ា
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការថ្វាយខ្លួននិងសេរីភាពក្នុងការជ្រើសរើស
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១០ ទំ. ១២-១៦

​«​ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា​»​

​«​កុំ​ខ្ជិល​ក្នុង​កិច្ច​ការ​របស់​អ្នក​ឡើយ។ . . . ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា​»។—រ៉ូម ១២:១១

តើ​អ្នក​គិត​យ៉ាង​ណា?

  • តើ​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដូច​បាន​រៀប​រាប់​នៅ​រ៉ូម ១២:១១​ជាប់​ទាក់​ទង​នឹង​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​សាថាន​និង​ពិភព​លោក​របស់​វា?

  • តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​អ្វី​ខ្លះ​ដល់​ខ្ញុំ​បម្រើ​របស់​លោក?

១​. សូម​រៀប​រាប់​អំពី​ភាព​ផ្ទុយ​គ្នា​នៃ​ទស្សនៈ​របស់​មនុស្ស​ទូទៅ​អំពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​និង​អ្វី​ដែល​បាន​ចែង​នៅ​រ៉ូម ១២:១១។

ខ្ញុំ​បម្រើ​ជា​គ្រិស្ត​សាសនិក​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​គិត​អំពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្នុង​គំនិត​របស់​ពួក​គេ ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នាំ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ដល់​ការ​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ឃោរ​ឃៅ ត្រូវ​គេ​សង្កត់​សង្កិន និង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌។ ប៉ុន្តែ​បណ្ដាំ​របស់​ព្រះ​រៀប​រាប់​អំពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដោយ​ស្ម័គ្រ​ចិត្ត។ តាម​ការ​ពិត ពេល​សាវ័ក​ប៉ូល​ដាស់​តឿន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ឲ្យ​«​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា​»​ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ។ (​រ៉ូម ១២:១១​) តើ​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​បែប​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​សាថាន​និង​ពិភព​លោក​របស់​វា? តើ​អ្នក​ដែល​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទទួល​ពរ​អ្វី​ខ្លះ?

​«​ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ​»​

២​. (​ក​) តើ​អ្វី​នឹង​ជំរុញ​ខ្ញុំ​បម្រើ​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បោះបង់​ចោល​ឱកាស​ដែល​គាត់​អាច​មាន​សេរីភាព? (​ខ​) តើ​ការ​ចោះ​ត្រចៀក​របស់​ខ្ញុំ​បម្រើ​ដែល​ចង់​បន្ត​បម្រើ​ម្ចាស់​គាត់ មាន​អត្ថន័យ​អ្វី?

២ តាម​រយៈ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល យើង​រៀន​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​បែប​ណា។ ខ្ញុំ​បម្រើ​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​សេរីភាព​ពេល​ដែល​គាត់​បម្រើ​អស់​រយៈ​ពេល​៧​ឆ្នាំ។ (​និក្ខ. ២១:២​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​របៀប​រៀបចំ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ខ្ញុំ​បម្រើ​ដែល​ស្រឡាញ់​ម្ចាស់​របស់​គាត់ ហើយ​ចង់​បន្ត​បម្រើ​ម្ចាស់​នោះ។ ម្ចាស់​របស់​គាត់​ត្រូវ​នាំ​ខ្ញុំ​បម្រើ​របស់​គាត់​ទៅ​ឯ​ទ្វារ​ឬ​បង្គោល​ទ្វារ​ណា​មួយ ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​ខ្ញុំ​បម្រើ​នោះ។ (​និក្ខ. ២១:៥, ៦​) គួរ​ឲ្យ​កត់​សម្គាល់​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជាប់​ទាក់​ទង​នឹង​ត្រចៀក។ ពាក្យ​ដែល​សំដៅ​ទៅ​ពាក្យ​ស្ដាប់​បង្គាប់​ជា​ភាសា​ហេប្រឺ បាន​ត្រូវ​រៀប​រាប់​ដោយ​ពាក្យ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ឮ ហើយ​ការ​ស្ដាប់។ ខ្ញុំ​បម្រើ​នោះ​ចង់​បន្ត​បម្រើ​និង​ស្ដាប់​បង្គាប់​ម្ចាស់​របស់​គាត់​ដោយ​ស្ម័គ្រ​ចិត្ត។ នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា ពោល​គឺ​យើង​ចង់​ស្ដាប់​បង្គាប់​លោក ដោយ​សារ​យើង​ស្រឡាញ់​លោក។

៣​. តើ​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​សារ​អ្វី?

៣ ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​ក្លាយ​ជា​គ្រិស្ត​សាសនិក យើង​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​យើង​បម្រើ​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​លោក។ ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​គឺ​ផុស​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ដែល​ចង់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ គ្មាន​នរណា​ម្នាក់​បង្ខំ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។ មែន​ហើយ សូម្បី​តែ​ប្អូន​ៗ​យុវវ័យ​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ក្ដី ពួក​គេ​ធ្វើ​ដូច្នេះ​ក្រោយ​ពី​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដោយ​ផ្ទាល់ មិន​មែន​គ្រាន់តែ​ចង់​ផ្គាប់​ចិត្ត​ឪពុក​ម្ដាយ​របស់​ពួក​គេ​ឡើយ។ គ្រិស្ត​សាសនិក​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​»។—១យ៉ូន. ៥:៣

មាន​សេរីភាព ប៉ុន្តែ​ជា​ខ្ញុំ​បម្រើ

៤​. តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​ក្លាយ​ជា​«​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត​»​?

៤ យើង​ពិត​ជា​អរគុណ​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​លោក! ជំនឿ​របស់​យើង​លើ​ថ្លៃ​លោះ​របស់​គ្រិស្ត​ធ្វើ​ឲ្យ​យើង​អាច​រួច​ផុត​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង ពោល​គឺ​យើង​មិន​នៅ​ក្រោម​អំណាច​របស់​វា​ទាំង​ស្រុង​ឡើយ។ ទោះ​ជា​យើង​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​ក្រោម​អំណាច​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ប៉ូល​បាន​ពន្យល់​អំពី​រឿង​នេះ​យ៉ាង​ច្បាស់​ក្នុង​សំបុត្រ​មួយ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​គាត់​សរសេរ ដែល​ចែង​ថា​៖ ​«​បើ​គិត​ពី​ភាព​ខុស​ឆ្គង ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់​ហើយ តែ​ចូរ​ចាត់​ទុក​ថា​ខ្លួន​កំពុង​រស់​នៅ​ដើម្បី​ព្រះ​តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ បន្ទាប់​មក​គាត់​បាន​ព្រមាន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ? ប្រសិនបើ​អ្នក​រាល់​គ្នា​បន្ត​ប្រគល់​ខ្លួន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដើម្បី​ស្ដាប់​បង្គាប់​អ្នក​ណា អ្នក​រាល់​គ្នា​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​នោះ ដោយ​សារ​អ្នក​ស្ដាប់​បង្គាប់​អ្នក​នោះ គឺ​ថា អ្នក​រាល់​គ្នា​ជា​ខ្ញុំ​បម្រើ​របស់​ភាព​ខុស​ឆ្គង ដែល​នាំ​ឲ្យ​ទទួល​សេចក្ដី​ស្លាប់ ឬ​មួយ​ក៏​ជា​ខ្ញុំ​បម្រើ​របស់​ការ​ស្ដាប់​បង្គាប់ ដែល​នាំ​ឲ្យ​សុចរិត។ ប៉ុន្តែ​ខ្ញុំ​អរគុណ​ព្រះ ដោយ​សារ​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង តែ​ឥឡូវ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​តាម​សេចក្ដី​បង្រៀន​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក​រាល់​គ្នា។ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង នោះ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត​»។ (​រ៉ូម ៦:១១, ១៦​-​១៨​) សូម​កត់​សម្គាល់​ថា​សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​ការ​«​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​»។ មែន​ហើយ ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​«​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត​»។

៥​. តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​ច្បាំង​នឹង​អ្វី​ខាង​ក្នុង​ខ្លួន​យើង ហើយ​ហេតុ​អ្វី?

៥ ប៉ុន្តែ មាន​ឧបសគ្គ​ផ្សេង​ៗ​ដែល​យើង​ត្រូវ​យក​ឈ្នះ​ដើម្បី​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​យើង​ជូន​ព្រះ។ យើង​មាន​ចម្បាំង​ពីរ​យ៉ាង។ មុន​ដំបូង មាន​ចម្បាំង​មួយ​ដែល​ប៉ូល​បាន​ប្រឈម​មុខ។ គាត់​បាន​សរសេរ​ថា​៖ ​«​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ពិត​ជា​ត្រេក​អរ​នឹង​ច្បាប់​របស់​ព្រះ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ច្បាប់​មួយ​ទៀត​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​ខ្ញុំ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ​»។ (​រ៉ូម ៧:២២, ២៣​) យើង​ក៏​នៅ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​បាន​ឆ្លង​ពី​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ដែរ។ ហេតុ​នេះ យើង​ត្រូវ​តយុទ្ធ​ជា​និច្ច​នឹង​ទំនោរ​ចិត្ត​ដែល​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​យើង។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​យើង​ថា​៖ ​«​ចូរ​រស់​នៅ​ជា​មនុស្ស​មាន​សេរីភាព តែ​កុំ​ប្រើ​សេរីភាព​របស់​អ្នក​រាល់​គ្នា​ជា​វិធី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ តែ​ចូរ​ប្រើ​សេរីភាព​នោះ​ឲ្យ​សម​នឹង​ឋានៈ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​»។—១ពេ. ២:១៦

៦, ៧​. តើ​តាម​របៀប​ណា​សាថាន​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​មើល​ទៅ​ទាក់​ទាញ​ចិត្ត​យើង?

៦ យើង​មាន​ចម្បាំង​មួយ​ទៀត​គឺ​ចម្បាំង​នឹង​ពិភព​លោក​ដែល​នៅ​ក្រោម​ឥទ្ធិពល​នៃ​ពួក​វិញ្ញាណ​កំណាច។ សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ តម្រង់​អាវុធ​របស់​វា​មក​យើង​ក្នុង​បំណង​បំផ្លាញ​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ វា​ចង់​ឲ្យ​យើង​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​វា​ដោយ​ល្បួង​យើង​ឲ្យ​ចុះ​ចាញ់​ក្រោម​ឥទ្ធិពល​អាក្រក់​របស់​វា។ (​សូម​អាន អេភេសូរ ៦:១១, ១២​) របៀប​មួយ​ដែល​សាថាន​ធ្វើ​ដូច្នេះ​គឺ​ដោយ​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​មើល​ទៅ​ទាក់​ទាញ​ចិត្ត។ សាវ័ក​យ៉ូហាន​បាន​ព្រមាន​យើង​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ពិភព​លោក​នេះ អ្នក​នោះ​មិន​ស្រឡាញ់​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ។ ពីព្រោះ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន នោះ​មិន​មែន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ តែ​មក​ពី​ពិភព​លោក​នេះ​វិញ​»។—១យ៉ូន. ២:១៥, ១៦

៧ បំណង​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​មាន មាន​ពាស​ពេញ​ពិភព​លោក​នេះ។ សាថាន​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​លុយ​នាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល។ មាន​ផ្សារ​ទំនើប​ធំ​ៗ​គ្រប់​កន្លែង។ ការ​ផ្សាយ​ពាណិជ្ជកម្ម​ជំរុញ​ឲ្យ​មនុស្ស​មាន​របៀប​រស់​នៅ​ដែល​ផ្ដោត​អារម្មណ៍​លើ​ទ្រព្យ​សម្បត្ដិ និង​ការ​កម្សាន្ត។ ក្រុម​ហ៊ុន​ទេសចរណ៍​ផ្សាយ​អំពី​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​ច្រើន​តែ​ធ្វើ​ដំណើរ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ។ នៅ​ជុំ​វិញ​ខ្លួន​យើង មាន​ការ​ផ្សាយ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​យើង ប៉ុន្តែ​តាម​របៀប​ដែល​ពិភព​លោក​នេះ​ចង់​ឲ្យ​យើង​ធ្វើ។

៨, ៩​. តើ​មាន​គ្រោះ​ថ្នាក់​អ្វី ហើយ​ហេតុ​អ្វី?

៨ ដោយ​សំដៅ​លើ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ដែល​បាន​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ ពេត្រុស​បាន​ព្រមាន​ថា​៖ ​«​ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​រស់​នៅ​យ៉ាង​សម្បូណ៌​សប្បាយ នៅ​ពេល​ថ្ងៃ។ ពួក​គេ​ប្រៀប​ដូច​ជា​ស្នាម​ប្រឡាក់ ហើយ​ត្រេក​ត្រអាល​នឹង​សេចក្ដី​បង្រៀន​បោក​បញ្ឆោត​របស់​ខ្លួន កាល​ដែល​ពួក​គេ​ជប់​លៀង​សំណេះសំណាល​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ពួក​គេ​និយាយ​អួត​ឥត​ប្រយោជន៍ ហើយ​តាម​រយៈ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​និង​សីលធម៌​ធូរ​រលុង ពួក​គេ​ទាក់​ទាញ​ចិត្ត​ពួក​អ្នក​ដែល​ទើប​តែ​គេច​រួច​ពី​មនុស្ស​ដែល​ធ្វើ​ខុស។ ពួក​គេ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព តែ​ពួក​គេ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​ខូច​អាក្រក់។ ព្រោះ​បុគ្គល​ណា​ម្នាក់​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន​»។—២ពេ. ២:១៣, ១៨, ១៩

៩ ការ​បំពេញ​«​ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក​»​ មិន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​សេរីភាព​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ក្លាយ​ជា​ខ្ញុំ​បម្រើ​នៃ​ម្ចាស់​ដែល​យើង​មើល​មិន​ឃើញ​របស់​ពិភព​លោក​នេះ ពោល​គឺ​មេកំណាច​សាថាន។ (​១យ៉ូន. ៥:១៩​) បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​អាច​ក្លាយ​ជា​ខ្ញុំ​បម្រើ​នៃ​ទ្រព្យ​សម្បត្ដិ ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​ពិបាក​នឹង​ដោះ​ខ្លួន​ឲ្យ​រួច។

អាជីព​មួយ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត

១០, ១១​. ជា​ពិសេស តើ​សាថាន​ចូល​ចិត្ត​វាយ​ប្រហារ​លើ​អ្នក​ណា ហើយ​តើ​តាម​របៀប​ណា​ការ​អប់រំ​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ពិបាក?

១០ ដូច​វា​បាន​ធ្វើ​នៅ​សួន​អេដែន សព្វ​ថ្ងៃ​នេះ​សាថាន​ក៏​មាន​គោល​ដៅ​វាយ​ប្រហារ​លើ​អ្នក​ដែល​មិន​សូវ​មាន​បទ​ពិសោធន៍​ដែរ។ វា​ចូល​ចិត្ត​វាយ​ប្រហារ​លើ​ប្អូន​ៗ​យុវវ័យ។ សាថាន​មិន​សប្បាយ​ចិត្ត​ឡើយ​ពេល​ប្អូន​ៗ​យុវវ័យ ឬ​នរណា​ម្នាក់​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា។ សាថាន​ដែល​ជា​សត្រូវ​របស់​ព្រះ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​បាន​ប្រគល់​ជីវិត​របស់​ពួក​គេ​ជូន​ព្រះ​យេហូវ៉ា បោះបង់​ចោល​ភាព​ស្មោះ​ត្រង់​និង​ភក្ដីភាព​របស់​ពួក​គេ​ចំពោះ​ព្រះ។

១១ សូម​យើង​ពិចារណា​ឡើង​វិញ​អំពី​គំរូ​របស់​ខ្ញុំ​បម្រើ​ដែល​យល់​ព្រម​ឲ្យ​គេ​ចោះ​ត្រចៀក​របស់​គាត់។ ខ្ញុំ​បម្រើ​នេះ​ច្បាស់​ជា​មាន​ការ​ឈឺ​ចាប់​មួយ​រយៈ​ពេល ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​គាត់​បាត់​ឈឺ ហើយ​គាត់​មាន​សញ្ញា​សម្គាល់​ជា​និច្ច​ថា​គាត់​ជា​ខ្ញុំ​បម្រើ។ ការ​ជ្រើស​រើស​គន្លង​ជីវិត​ដែល​ខុស​ពី​មនុស្ស​អាយុ​ស្រករ​គ្នា​អាច​ជា​ការ​ពិបាក ឬ​ជា​ការ​ឈឺ​ចាប់​សម្រាប់​ប្អូន​ៗ​យុវវ័យ។ សាថាន​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា អាជីព​ក្នុង​ពិភព​លោក​នេះ​នឹង​នាំ​ឲ្យ​ពួក​គេ​ស្កប់​ចិត្ត ប៉ុន្តែ​គ្រិស្ត​សាសនិក​គួរ​ពិចារណា​អំពី​សារៈសំខាន់​នៃការ​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​ពួក​គេ​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ លោក​យេស៊ូ​បាន​បង្រៀន​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ​»។ (​ម៉ាថ. ៥:៣​) គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​រស់​នៅ​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​ព្រះ មិន​មែន​បំណង​ប្រាថ្នា​របស់​សាថាន​ឡើយ។ ពួក​គេ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​ឬ​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​រំពឹង​គិត​អំពី​ច្បាប់​នោះ​ទាំង​យប់​ទាំង​ថ្ងៃ។ (​សូម​អាន ទំនុកតម្កើង ១:១​-​៣​) ប៉ុន្តែ ការ​អប់រំ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ធ្វើ​ឲ្យ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​ពេល​វេលា​តិច​ណាស់​ដើម្បី​រំពឹង​គិត ហើយ​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​គាត់​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។

១២​. តើ​ប្អូន​ៗ​យុវវ័យ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​មាន​ជម្រើស​អ្វី?

១២ ម្ចាស់​នៅ​ក្នុង​ពិភព​លោក​នេះ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​បម្រើ​ដែល​ជា​គ្រិស្ត​សាសនិក​មាន​ការ​ពិបាក។ ក្នុង​សំបុត្រ​ដំបូង​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បាន​សួរ​ថា​៖ ​«​តើ​អ្នក​បាន​ត្រូវ​ហៅ​ពេល​ដែល​នៅ​ជា​ខ្ញុំ​បម្រើ​ឬ?​»។ បន្ទាប់​មក​គាត់​បាន​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​ពី​រឿង​នោះ​ឡើយ តែ​បើ​អ្នក​អាច​មាន​សេរីភាព​បាន ចូរ​ឆក់​យក​ឱកាស​នោះ​»។ (​១កូ. ៧:២១​) ការ​មាន​សេរីភាព​គឺ​ល្អ​ជាង​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ នៅ​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ការ​រៀន​នៅ​សាលា​រហូត​ដល់​អាយុ​ដែល​ច្បាប់​បាន​កំណត់​គឺ​ជា​កាតព្វកិច្ច​មួយ។ ក្រោយ​មក​គេ​ឲ្យ​សិស្ស​មាន​ជម្រើស​មួយ។ បើ​ពួក​គេ​បន្ត​រៀន​ដើម្បី​មាន​អាជីព​មួយ​ក្នុង​ពិភព​លោក នេះ​អាច​កាត់​បន្ថយ​សេរីភាព​របស់​គាត់​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល។—សូម​អាន កូរិនថូសទី១ ៧:២៣

ការ​អប់រំ​ខ្ពស់​ជាង ឬ​ការ​អប់រំ​ខ្ពស់​បំផុត?

១៣​. តើ​ការ​អប់រំ​ប្រភេទ​ណា​ដែល​នឹង​មាន​ប្រយោជន៍​ច្រើន​បំផុត​សម្រាប់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា?

១៣ ប៉ូល​បាន​ព្រមាន​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស​ថា​៖ ​«​ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ មិន​មែន​មាន​មូលដ្ឋាន​លើ​គ្រិស្ត​ឡើយ​»។ (​កូឡ. ២:៨​) ​«​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស​»​មាន​ក្នុង​ចិត្ត​គំនិត​របស់​បញ្ញវន្ត​ជា​ច្រើន​នាក់​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ ការ​រៀន​នៅ​សកលវិទ្យាល័យ​ដែល​លើក​ស្ទួយ​ការ​សិក្សា​ខាង​ទ្រឹស្តី ច្រើន​តែ​ធ្វើ​ឲ្យ​បុគ្គល​ដែល​បញ្ចប់​ការ​សិក្សា​មិន​សូវ​មាន​ជំនាញ​ឬ​គ្មាន​ជំនាញ​ដែល​មាន​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​ក្នុង​ពិភព​លោក​នេះ។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជ្រើស​រើស​យក​ការ​អប់រំ​ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនាញ​សំខាន់​ចាំ​បាច់ ដើម្បី​ឲ្យ​ពួក​គេ​អាច​រក្សា​ជីវិត​សាមញ្ញ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ពួក​គេ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប៉ូល​បាន​ឲ្យ​ដល់​ធីម៉ូថេ ដែល​ថា​៖ ​«​តាម​ការ​ពិត ភក្ដីភាព​ចំពោះ​ព្រះ ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង​មែន។ ដូច្នេះ យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»។ (​១ធី. ៦:៦, ៨​) ជា​ជាង​ទទួល​សញ្ញាប័ត្រ ហើយបាន​ឋានៈ​ខ្ពង់​ខ្ពស់ គ្រិស្ត​សាសនិក​ពិត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ទទួល​«​សំបុត្រ​បញ្ជាក់​»​ ពោល​គឺ​ពួក​អ្នក​ដែល​ពួក​គេ​បាន​ជួយ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។—សូម​អាន កូរិនថូសទី២ ៣:១​-​៣

១៤​. យោង​ទៅ​តាម​ភីលីព ៣:៨ តើ​ប៉ូល​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​របស់​គាត់​ក្នុង​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​គ្រិស្ត?

១៤ សូម​ពិចារណា​អំពី​ករណី​របស់​សាវ័ក​ប៉ូល។ គាត់​បាន​ត្រូវ​បង្រៀន​ដោយ​កាម៉ាលាល​ដែល​ជា​គ្រូ​បង្រៀន​ខាង​ច្បាប់​របស់​ជន​ជាតិ​យូដា។ ការ​អប់រំ​ដែល​ប៉ូល​បាន​ទទួល​គឺ​ស្មើ​នឹង​ការ​អប់រំ​នៅ​សកលវិទ្យាល័យ​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​តើ​ប៉ូល​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​គាត់​ប្រៀប​ធៀប​ការ​អប់រំ​នេះ​ជា​មួយ​នឹង​ឯកសិទ្ធិ​របស់​គាត់​ក្នុង​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​គ្រិស្ត? គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​ថា​ខាត ដោយ​សារ​តម្លៃ​លើស​លប់​នៃ​ចំណេះ​អំពី​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​ខ្ញុំ​»។ បន្ទាប់​មក​គាត់​បាន​បន្ថែម​ថា​៖ ​«​ដោយ​សារ​លោក ខ្ញុំ​បាន​សុខ​ចិត្ត​ខាត​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​ចាត់​ទុក​ជា​សំរាម ដើម្បី​ខ្ញុំ​អាច​បាន​គ្រិស្ត​»។ (​ភី. ៣:៨​) ទស្សនៈ​នោះ​របស់​ប៉ូល​ជួយ​គ្រិស្ត​សាសនិក​វ័យ​ក្មេង និង​ឪពុក​ម្ដាយ​របស់​ពួក​គេ​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ ធ្វើ​ការ​ជ្រើស​រើស​ដ៏​ឈ្លាស​វៃ​មួយ​ស្តី​អំពី​ការ​អប់រំ (​សូម​មើល​រូបភាព​)។

ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ខ្ពស់​បំផុត

១៥, ១៦​. តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​ការ​អប់រំ​អ្វី ហើយ​តើ​ការ​អប់រំ​នេះ​ផ្ដោត​ទៅ​លើ​អ្វី?

១៥ តើ​នៅ​សកលវិទ្យាល័យ​ភាគ​ច្រើន​មាន​បរិយាកាស​បែប​ណា? ជួនកាល​នៅ​កន្លែង​ទាំង​នោះ គេ​បំផុស​បំផុល​ឲ្យ​និស្សិត​បះបោរ​ប្រឆាំង​នឹង​ស្ថាប័ន​នយោបាយ​និង​សង្គម​មែន​ទេ? (​អេភ. ២:២​) ផ្ទុយ​ទៅ​វិញ អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​ការ​អប់រំ​ខ្ពស់​បំផុត​នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ជា​កន្លែង​ដែល​មាន​សេចក្ដី​សុខសាន្ត។ យើង​ម្នាក់​ៗ​មាន​ឱកាស​ទទួល​ប្រយោជន៍​ជា​រៀង​រាល់​សប្ដាហ៍​ពី​សាលា​កិច្ច​បម្រើ​ផ្សាយ។ ម្យ៉ាង​ទៀត​មាន​សាលា​ពិសេស​សម្រាប់​បង​ប្រុស​នៅ​លីវ​ដែល​ជា​អ្នក​ត្រួស​ត្រាយ (​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ​) និង​សម្រាប់​ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ត្រួស​ត្រាយ (​សាលា​បង្ហាត់​បង្រៀន​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ​)។ ការ​អប់រំ​បែប​នេះ​ពី​ព្រះ​ជួយ​យើង​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដែល​ជា​ម្ចាស់​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។

១៦ យើង​អាច​រក​ឃើញ​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ដែល​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​ក្នុង​លិបិក្រម​សៀវភៅ​ផ្សេង​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា (​Watch Tower Publications Index​) ឬ​ក្នុង​បណ្ណាល័យ​ប៉មយាម​ជា​ស៊ីឌី (​Watchtower Library on CD-ROM​)។ ការ​អប់រំ​ទាំង​នេះ​ផ្ដោត​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នេះ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ។ (​២កូ. ៥:២០​) ជា​លទ្ធផល នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត។—២ធី. ២:២

ពរ​ដែល​ខ្ញុំ​បម្រើ​ទទួល

១៧​. តើ​ការ​ជ្រើស​រើស​យក​ការ​អប់រំ​ខ្ពស់​បំផុត​នាំ​ឲ្យ​ទទួល​ពរ​អ្វី​ខ្លះ?

១៧ នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ប្រាក់​ថាលិន ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ពីរ​នាក់​បាន​ទទួល​ការ​សរសើរ ហើយ​បាន​រួម​ចំណែក​ក្នុង​អំណរ​របស់​ម្ចាស់​ពួក​គេ ដោយ​បាន​ទទួល​កិច្ច​ការ​ថែម​ទៀត។ (​សូម​អាន ម៉ាថាយ ២៥:២១, ២៣​) ការ​ជ្រើស​រើស​យក​ការ​អប់រំ​ខ្ពស់​បំផុត​សព្វ​ថ្ងៃ​នេះ នាំ​ឲ្យ​មាន​អំណរ​និង​ពរ។ សូម​ពិចារណា​គំរូ​របស់​ម៉ៃឃឺល។ គាត់​បាន​រៀន​ពូកែ​នៅ​សាលា​ដល់​ម្ល៉េះ​បាន​ជា​គ្រូ​ៗ​របស់​គាត់​បាន​អញ្ជើញ​គាត់​ឲ្យ​មក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ចូល​រៀន​នៅ​សកលវិទ្យាល័យ។ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល គឺ​ម៉ៃឃឺល​បាន​ជ្រើស​រើស​យក​ការ​រៀន​ជំនាញ​មួយ​ក្នុង​រយៈ​ពេល​ខ្លី​ដែល​មិន​យូរ​ក្រោយ​មក បាន​ជួយ​គាត់​ផ្គត់​ផ្គង់​ខ្លួន ហើយ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ តើ​គាត់​មាន​អារម្មណ៍​ថា​គាត់​បាន​បាត់បង់​ឱកាស​ល្អ​ដែល​គាត់​អាច​មាន​ឬ? គាត់​រៀប​រាប់​ថា​៖ ​«​ការ​អប់រំ​ពី​ព្រះ​ដែល​ខ្ញុំ​បាន​ទទួល​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ឥឡូវ​នេះ ជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ មាន​តម្លៃ​យ៉ាង​ខ្លាំង​សម្រាប់​ខ្ញុំ។ ពរ​និង​ឯកសិទ្ធិ​ដែល​ខ្ញុំ​ទទួល គឺ​មាន​តម្លៃ​ជាង​លុយ​ដែល​ខ្ញុំ​ប្រហែលជា​រក​បាន​ឆ្ងាយ​ណាស់។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​មិន​បាន​ជ្រើស​រើស​យក​ការ​រៀន​នៅ​សកលវិទ្យាល័យ​»។

១៨​. តើ​អ្វី​ជំរុញ​អ្នក​ឲ្យ​ជ្រើស​រើស​ការ​អប់រំ​ខ្ពស់​បំផុត?

១៨ ការ​អប់រំ​ខ្ពស់​បំផុត​បង្រៀន​យើង​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា។ នេះ​បើក​ឱកាស​ឲ្យ​យើង​«​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ​»​ ហើយ​នៅ​ទី​បំផុត​យើង​នឹង​«​មាន​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:២១​) សំខាន់​បំផុត យើង​រៀន​អំពី​របៀប​ល្អ​បំផុត​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។—និក្ខ. ២១:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក