ជីវប្រវត្ដិ
ការពឹងផ្អែកលើព្រះយេហូវ៉ានាំឲ្យទទួលពរ
ជីវិតអាចលំបាក មិនទៀង ហើយជួនកាលយើងមិនដឹងថាអ្វីនឹងកើតឡើងទេ។ ប៉ុន្តែព្រះយេហូវ៉ាឲ្យពរដល់អ្នកដែលពឹងផ្អែកលើលោក មិនមែនលើយោបល់របស់ខ្លួនទេ។ នេះជាអ្វីដែលខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានពិសោធក្នុងជីវិតដ៏វែង ហើយដែលមានពរជាច្រើនរបស់យើង។ នេះជារឿងខ្លះក្នុងជីវិតយើង។
ឪពុកម្ដាយរបស់ខ្ញុំបានជួបគ្នានៅឆ្នាំ១៩១៩ នៅមហាសន្និបាតនៃនិស្សិតគម្ពីរអន្តរជាតិ នៅក្រុងស៊ីដឺផូញ រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ ក្រោយមកនៅឆ្នាំនោះពួកគាត់បានរៀបការជាមួយគ្នា។ ខ្ញុំបានកើតនៅឆ្នាំ១៩២២ ហើយប្អូនប្រុសរបស់ខ្ញុំឈ្មោះប៉ូលបានកើតពីរឆ្នាំក្រោយមក។ ប្រពន្ធខ្ញុំឈ្មោះក្រេសបានកើតនៅឆ្នាំ១៩៣០។ ឪពុកម្ដាយរបស់នាងឈ្មោះរ៉យនិងរូថ ហោវអែលបានត្រូវចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារដែលជានិស្សិតគម្ពីរ ហើយជីដូនជីតារបស់នាងក៏ជានិស្សិតគម្ពីរដែរ និងជាមិត្តភក្ដិរបស់បងឆាល ថេស រ៉ាសិល។
ខ្ញុំបានជួបក្រេសនៅឆ្នាំ១៩៤៧ ហើយយើងបានរៀបការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៩។ មុនយើងរៀបការ យើងបានពិភាក្សាយ៉ាងចំៗអំពីអនាគតរបស់យើង។ យើងបានសម្រេចចិត្តផ្សព្វផ្សាយពេញពេលជាមួយគ្នា ហើយមិនយកកូន។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៥០ យើងបានចាប់ផ្ដើមត្រួសត្រាយជាមួយគ្នា។ ក្រោយមកនៅឆ្នាំ១៩៥២ យើងបានត្រូវអញ្ជើញឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។
ការធ្វើដំណើរត្រួតពិនិត្យនិងការអប់រំនៅសាលាគីលាត
យើងទាំងពីរនាក់បានមានអារម្មណ៍ថាយើងត្រូវការជំនួយយ៉ាងច្រើនដើម្បីសម្រេចភារកិច្ចថ្មីនេះ។ ពេលខ្ញុំរៀនពីបងប្រុសដែលមានបទពិសោធន៍ ខ្ញុំក៏ស្វែងរកបងប្អូនដើម្បីជួយក្រេសដែរ។ ខ្ញុំបានទៅជួបបងម៉ាវ៉ឺន ហូលៀនដែលជាមិត្តភក្ដិម្នាក់របស់ក្រុមគ្រួសារខ្ញុំជាយូរយារមកហើយ គាត់មានបទពិសោធន៍ក្នុងការបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ហើយខ្ញុំបានសួរគាត់ថា៖ «ក្រេសនៅក្មេងហើយមិនសូវមានបទពិសោធន៍ទេ។ តើបងអាចប្រាប់ខ្ញុំនូវបងស្រីណាម្នាក់ដែលអាចផ្សព្វផ្សាយជាមួយនាងអស់មួយរយៈពេល ដើម្បីបង្រៀននាងទេ?»។ គាត់បានឆ្លើយថា៖ «បាន។ អេតណា វីញខិលគឺជាអ្នកត្រួសត្រាយម្នាក់ដែលមានបទពិសោធន៍ គាត់អាចជួយនាងបានច្រើន»។ ក្រោយមក ក្រេសបាននិយាយអំពីអេតណាថា៖ «គាត់ជួយខ្ញុំឲ្យមានអារម្មណ៍ស្រួលពេលផ្សព្វផ្សាយ។ គាត់ដឹងអំពីរបៀបឆ្លើយពេលគេនិយាយជំទាស់ ហើយគាត់បានបង្រៀនខ្ញុំឲ្យចេះស្ដាប់អ្វីដែលម្ចាស់ផ្ទះនិយាយ ដើម្បីខ្ញុំដឹងថាខ្ញុំគួរឆ្លើយយ៉ាងណា។ គាត់បានផ្ដល់ជំនួយដែលខ្ញុំពិតជាត្រូវការ!»។
ក្រេសនិងខ្ញុំបម្រើនៅមណ្ឌលពីរ នៅរដ្ឋអាយអូវ៉ា ដែលរួមបញ្ចូលផ្នែកខ្លះនៃរដ្ឋមីណេសូតានិងរដ្ឋសៅដាកូតា។ បន្ទាប់មកយើងបានត្រូវប្ដូរទៅមណ្ឌលទី១នៃក្រុងញូវយ៉ក ដែលរួមបញ្ចូលផ្នែកខ្លះនៃក្រុងនេះគឺក្រុងប៊្រុគ្លីននិងឃ្វីន។ យើងមិនដែលភ្លេចអំពីអារម្មណ៍របស់យើងនៅពេលនោះថា យើងមិនសូវមានបទពិសោធន៍អំពីភារកិច្ចនោះទេ។ មណ្ឌលនោះរួមបញ្ចូលក្រុមជំនុំប៊្រុគ្លីនហាយ ដែលប្រជុំគ្នានៅក្នុងសាលប្រជុំនៅបេតអែល ហើយមានសមាជិកជាច្រើននៃក្រុមគ្រួសារបេតអែលដែលមានបទពិសោធន៍។ ក្រោយពីខ្ញុំបានថ្លែងសុន្ទរកថាជាលើកទី១សម្រាប់ក្រុមជំនុំនោះ បងណេថិន ន័របានមកជិតខ្ញុំ ហើយនិយាយថា៖ «ម៉ាលខឹម ប្អូនបានផ្ដល់ឱវាទខ្លះដើម្បីឲ្យយើងរីកចម្រើន ហើយនេះជាអ្វីដែលសមរម្យ។ កុំភ្លេចថា ប្រសិនបើប្អូនមិនផ្ដល់ឱវាទដើម្បីជួយយើងដោយចិត្តសប្បុរស ប្អូនមានប្រយោជន៍តិចណាស់ចំពោះអង្គការយើង។ ប្អូនកំពុងធ្វើល្អហើយ សូមបន្តធ្វើដូច្នេះ»។ បន្ទាប់ពីកិច្ចប្រជុំនោះ ខ្ញុំបានប្រាប់រឿងនេះដល់ក្រេស។ ក្រោយមកយើងបានទៅបន្ទប់នៅបេតអែល នៅជាន់ខាងលើ។ ពួកយើងនឿយហត់ដោយសារតានតឹងចិត្ត ហើយយើងបានយំ។
«ប្រសិនបើប្អូនមិនផ្ដល់ឱវាទដើម្បីជួយយើងដោយចិត្តសប្បុរស ប្អូនមានប្រយោជន៍តិចណាស់ ចំពោះអង្គការយើង។ ប្អូនកំពុងធ្វើល្អហើយ សូមបន្តធ្វើដូច្នេះ»
ប៉ុន្មានខែក្រោយមក យើងបានទទួលលិខិតអញ្ជើញឲ្យចូលរួមសាលាគីលាតជំនាន់ទី២៤ ដែលនឹងបញ្ចប់វគ្គនៅខែកុម្ភៈ ឆ្នាំ១៩៥៥។ មុនយើងទៅសាសានោះយើងទទួលដំណឹងថា ការបង្ហាត់បង្រៀនដែលយើងនឹងទទួលមិនតែងតែសម្រាប់ឲ្យយើងត្រៀមខ្លួនធ្វើជាសាសនទូតនោះទេ។ ប៉ុន្តែ នេះគឺដើម្បីជួយយើងឲ្យមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យ។ ការចូលរួមសាលានោះគឺអស្ចារ្យណាស់ ប៉ុន្តែសាលានោះក៏ជួយយើងឲ្យមានចិត្តរាបទាបដែរ។
ពេលយើងបញ្ចប់វគ្គសិក្សា យើងបានត្រូវចាត់ឲ្យបម្រើក្នុងកិច្ចការត្រួតពិនិត្យតំបន់។ តំបន់របស់យើងរួមបញ្ចូលរដ្ឋអ៊ិនដ្យាណា រដ្ឋមីស៊ីហ្គិន និងរដ្ឋអូហៃយ៉ូ។ ក្រោយមក អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលគឺ នៅខែធ្នូ ឆ្នាំ១៩៥៥ យើងបានទទួលសំបុត្រមួយពីបងន័រថា៖ «សូមប្រាប់ខ្ញុំតាមត្រង់ ហើយកុំលាក់លៀម។ សូមប្រាប់ឲ្យខ្ញុំដឹង តើប្អូនចង់មកធ្វើការនៅបេតអែល ហើយបន្តនៅទីនេះ . . . ឬចង់បម្រើនៅបរទេសក្រោយពីប្អូនបម្រើនៅបេតអែលអស់មួយរយៈ? ឬប្រសិនបើប្អូនចង់ធ្វើកិច្ចការត្រួតពិនិត្យតំបន់និងមណ្ឌល ខ្ញុំចង់ដឹងអំពីរឿងនេះ»។ យើងបានតបទៅគាត់វិញថា យើងសប្បាយនឹងធ្វើអ្វីទាំងអស់ដែលអង្គការចាត់ឲ្យយើងធ្វើ។ ភ្លាមៗនោះ យើងបានត្រូវចាត់ឲ្យទៅបម្រើនៅបេតអែល!
ឆ្នាំដ៏រំភើបចិត្តនៅបេតអែល
ឆ្នាំដ៏រំភើបចិត្តរបស់ខ្ញុំនៅបេតអែលរួមបញ្ចូលការថ្លែងសុន្ទរកថានៅក្រុមជំនុំ មហាសន្និបាតនិងសន្និបាតទូទាំងសហរដ្ឋអាម៉េរិក។ ខ្ញុំបានចូលរួមក្នុងការបង្ហាត់បង្រៀន និងជួយប្អូនៗដែលជាយុវជនជាច្រើននាក់ដែលនៅពេលក្រោយមកបានទទួលភារកិច្ចធំជាងក្នុងអង្គការរបស់ព្រះយេហូវ៉ា។ ទីបំផុត ខ្ញុំបានធ្វើការជាលេខាធិការម្នាក់របស់បងន័រ នៅការិយាល័យដែលរៀបចំកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក។
សម្រាប់ខ្ញុំ ឆ្នាំដែលខ្ញុំធ្វើការនៅការិយាល័យខាងកិច្ចបម្រើគឺជាឆ្នាំដ៏សប្បាយរីករាយណាស់។ នៅទីនោះខ្ញុំអាចធ្វើការជាមួយបងថូម៉ាស់ ស៊ូលីវេន (ឈ្មោះហៅក្រៅថាប៊ឺដ)។ គាត់ធ្លាប់ធ្វើជាអ្នកត្រួតពិនិត្យនៅការិយាល័យនោះអស់ជាច្រើនឆ្នាំ។ ប៉ុន្តែខ្ញុំបានរៀនច្រើនពីបងប្រុសឯទៀត។ បងប្រុសម្នាក់ក្នុងចំណោមបងប្រុសទាំងនេះគឺបងហ្វ្រេដ រ៉ាស់ ដែលបានត្រូវចាត់ឲ្យបង្ហាត់បង្រៀនខ្ញុំ។ ខ្ញុំចាំថាខ្ញុំបានសួរគាត់ថា ហេតុអ្វីគាត់កែច្រើនម្ល៉េះក្នុងសំបុត្ររបស់ខ្ញុំ។ គាត់សើច ហើយនិយាយថា៖ «ម៉ាលខឹម ពេលប្អូននិយាយអ្វីមួយ ពាក្យក្រោយមកនឹងប្រាប់ថាពាក្យនោះចង់មានន័យយ៉ាងណា ប៉ុន្តែពេលប្អូនសរសេរអ្វីមួយ ជាពិសេសបើសំបុត្រនោះមកពីការិយាល័យនេះ សំបុត្រនោះត្រូវតែត្រឹមត្រូវ ហើយច្បាស់លាស់បំផុត»។ បន្ទាប់មកគាត់បាននិយាយដោយសប្បុរសថា៖ «ចូរមានចិត្តក្លាហានឡើង។ ប្អូនកំពុងធ្វើល្អហើយ។ មិនយូរទៀត ប្អូននឹងចេះ»។
អស់ជាច្រើនឆ្នាំនៅបេតអែល ក្រេសបានទទួលភារកិច្ចផ្សេងៗ រួមបញ្ចូលការបម្រើជាអ្នកសម្អាតបន្ទប់ ហើយរក្សាឲ្យបន្ទប់ទាំងនោះនៅស្អាត។ នាងចូលចិត្តកិច្ចការនោះ។ រហូតមកដល់សព្វថ្ងៃនេះ ជួនកាលពេលយើងជួបប្អូនប្រុសៗខ្លះដែលធ្លាប់បម្រើនៅបេតអែលពេលគាត់នៅក្មេងក្នុងអំឡុងឆ្នាំទាំងនោះ ពួកគាត់ប្រាប់ក្រេសដោយទឹកមុខញញឹមថា៖ «បងបានបង្រៀនខ្ញុំយ៉ាងល្អមែន អំពីរបៀបរៀបគ្រែ ហើយខ្ញុំចង់ប្រាប់បងថា ម្ដាយខ្ញុំចូលចិត្តអ្វីដែលបងបានបង្រៀនខ្ញុំ»។ ក្រេសក៏ចូលចិត្តធ្វើការនៅការិយាល័យទស្សនាវដ្ដី ការិយាល័យសំបុត្រ និងការិយាល័យថតចម្លងខ្សែអាត់សំឡេងដែរ។ ការបម្រើនៅការិយាល័យជាច្រើននោះជួយនាងចាត់ទុកកិច្ចការទាំងអស់ដែលយើងធ្វើ ឬកន្លែងណាក៏ដោយដែលយើងបម្រើក្នុងអង្គការរបស់ព្រះយេហូវ៉ា ជាឯកសិទ្ធិនិងជាពរមួយ។ រហូតមកដល់សព្វថ្ងៃនេះ នាងនៅតែមានអារម្មណ៍ដូច្នេះ។
ការផ្លាស់ប្ដូរដែលយើងបានធ្វើ
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ យើងចាប់ផ្ដើមដឹងថាម្ដាយខ្ញុំនិងឪពុកម្ដាយរបស់ក្រេសដែលមានវ័យចាស់ ត្រូវការការយកចិត្តទុកដាក់។ នៅទីបំផុត យើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកមួយ។ យើងមិនចង់ចាកចេញពីបេតអែល និងពីបងប្អូនរួមជំនឿជាទីស្រឡាញ់របស់យើង ដែលជាអ្នកបម្រើព្រះយេហូវ៉ាទេ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានភារកិច្ចថែរក្សាឪពុកម្ដាយរបស់យើង។ ដូច្នេះ ក្រោយមកយើងបានចេញពីបេតអែល ប៉ុន្តែយើងសង្ឃឹមថាពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ យើងប្រហែលជាអាចត្រឡប់មកវិញ។
ដើម្បីចិញ្ចឹមជីវិតរបស់យើង ខ្ញុំបានចាប់ផ្ដើមលក់ប័ណ្ណធានារ៉ាប់រង។ ខ្ញុំតែងតែចាំអំពីអ្វីដែលនាយកម្នាក់ប្រាប់ខ្ញុំ ពេលខ្ញុំទទួលការបង្ហាត់បង្រៀនថា៖ «ការមានជោគជ័យក្នុងកិច្ចការនេះ អាស្រ័យលើការទៅផ្ទះគេនៅពេលល្ងាច។ នេះជាពេលដែលអ្នកអាចជួបមនុស្ស។ គ្មានអ្វីសំខាន់ជាងការទៅជួបគេនៅផ្ទះរាល់ពេលល្ងាចនោះទេ»។ ខ្ញុំបានតបទៅវិញថា៖ «ខ្ញុំដឹងច្បាស់ថាបងប្រាប់ខ្ញុំពីបទពិសោធន៍របស់បង ហើយខ្ញុំឲ្យតម្លៃអំពីអ្វីដែលបងនិយាយ។ ប៉ុន្តែខ្ញុំក៏មានភារកិច្ចខាងកិច្ចបម្រើព្រះដែលខ្ញុំមិនដែលខានបំពេញឡើយ ហើយខ្ញុំនឹងមិនចាប់ផ្ដើមលះបង់ភារកិច្ចនេះពីឥឡូវនេះទេ។ ខ្ញុំនឹងទៅជួបគេនៅពេលល្ងាច ប៉ុន្តែនៅល្ងាចថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ ខ្ញុំត្រូវចូលរួមកិច្ចប្រជុំដ៏សំខាន់ចាំបាច់របស់ខ្ញុំ»។ ព្រះយេហូវ៉ាពិតជាបានឲ្យពរដល់ខ្ញុំ ដោយសារខ្ញុំមិនបានខកខានទៅប្រជុំដោយសារជាប់ធ្វើការទេ។
យើងបាននៅក្បែរគ្រែរបស់ម្ដាយខ្ញុំ ពេលគាត់ស្លាប់នៅមណ្ឌលថែទាំសុខភាពមួយ នៅខែកក្កដា ឆ្នាំ១៩៨៧។ ប្រធានគិលានុបដ្ឋាយិកាបានមកជួបក្រេស ហើយនិយាយថា៖ «អ្នកស្រីអាឡឹន សូមទៅផ្ទះ ហើយសម្រាកចុះ។ យើងទាំងអស់គ្នាដឹងថាអ្នកស្រីតែងតែនៅទីនេះដើម្បីជួយម្ដាយក្មេកអ្នកស្រី។ សូមមានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយមានមោទនភាពចំពោះអ្វីដែលអ្នកស្រីបានធ្វើ»។
នៅខែធ្នូ ឆ្នាំ១៩៨៧ យើងបានបំពេញលិខិតស្នើសុំទៅបម្រើនៅបេតអែលជាកន្លែងដែលយើងចូលចិត្ត ម្ដងទៀត។ ប៉ុន្តែ គ្រាន់តែប៉ុន្មានថ្ងៃក្រោយមក គ្រូពេទ្យបានវិភាគឃើញថាក្រេសមានជំងឺមហារីកពោះវៀនធំ។ ក្រោយពីបានទទួលការវះកាត់ ហើយបានជាសះស្បើយ គ្រូពេទ្យបានប្រាប់ថានាងគ្មានជំងឺមហារីកទៀតទេ។ ប៉ុន្តែក្នុងអំឡុងពេលនោះ យើងបានទទួលសំបុត្រមួយពីបេតអែលថា យើងគួរបន្តក្នុងកិច្ចបម្រើនៅក្រុមជំនុំរបស់យើង។ យើងបានតាំងចិត្តជឿនទៅមុខក្នុងសកម្មភាពខាងកិច្ចបម្រើរបស់យើង។
ក្រោយមក ខ្ញុំមានឱកាសទៅធ្វើការនៅរដ្ឋតិចសាស់។ យើងបានគិតថាអាកាសធាតុក្ដៅជាងនឹងល្អសម្រាប់យើង ហើយគឺដូច្នេះមែន។ នៅទីនេះ យើងមានបងប្អូនប្រុសស្រីជាទីស្រឡាញ់ដែលយកចិត្តទុកដាក់នឹងយើង ហើយយើងជិតស្និទ្ធនឹងគ្នាអស់រយៈពេលប្រហែលជា២៥ឆ្នាំហើយ។
មេរៀនដែលយើងបានរៀន
ក្រេសមានជំងឺមហារីកពោះវៀនធំ និងមហារីកក្រពេញមួយនៅបំពង់ក អស់មួយរយៈពេល ហើយនៅពេលថ្មីៗនេះនាងមានជំងឺមហារីកដោះ។ ប៉ុន្តែនាងមិនដែលរអ៊ូរទាំអំពីជីវិតរបស់នាង ឬប្រឆាំងនឹងគោលការណ៍គម្ពីរស្តីអំពីប្រមុខភាពទេ នាងតែងតែសហការជាមួយខ្ញុំ ដោយគាំទ្រការសម្រេចចិត្តរបស់ខ្ញុំ។ មនុស្សច្រើនតែសួរនាងថា៖ «តើអ្វីបានជួយបងឲ្យមានជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយមានសុភមង្គល?»។ នាងបានប្រាប់នូវមូលហេតុបួនយ៉ាងថា៖ «យើងជាមិត្តល្អបំផុតនឹងគ្នា។ យើងនិយាយគ្នាជាទៀងទាត់ជារៀងរាល់ថ្ងៃ។ យើងចំណាយពេលជាមួយគ្នារាល់ថ្ងៃ ហើយពេលយើងខឹងគ្នា យើងមិនដែលចូលគេងមុនពេលយើងដោះស្រាយបញ្ហារបស់យើងទេ»។ ម្ដងម្កាលយើងអាក់អន់ចិត្តនឹងគ្នា ប៉ុន្តែយើងអភ័យទោសឲ្យគ្នានិងបំភ្លេចរឿងនោះ ហើយការធ្វើដូច្នេះពិតជាមានប្រសិទ្ធភាព។
«ពឹងផ្អែកលើព្រះយេហូវ៉ាជានិច្ច ហើយព្រមទទួលអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង»
ក្នុងអំឡុងពេលទាំងអស់ដែលយើងមានទុក្ខលំបាក យើងបានទាញមេរៀនល្អខ្លះគឺ
ពឹងផ្អែកលើព្រះយេហូវ៉ាជានិច្ច ហើយព្រមទទួលអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង។ កុំពឹងផ្អែកលើយោបល់របស់ខ្លួនយើងឡើយ។—សុភ. ៣:៥, ៦; យេ. ១៧:៧
ពឹងផ្អែកលើបណ្ដាំរបស់ព្រះយេហូវ៉ាដើម្បីណែនាំយើង ទោះជាមានអ្វីកើតឡើងក៏ដោយ។ ការស្ដាប់បង្គាប់ព្រះយេហូវ៉ានិងច្បាប់របស់លោកគឺជាការសំខាន់ចាំបាច់។ យើងត្រូវជ្រើសរើសថាយើងស្ដាប់បង្គាប់ព្រះឬមិនស្ដាប់ យើងមិនអាចជ្រើសរើសទាំងពីរទេ។—រ៉ូម ៦:១៦; ហេ. ៤:១២
មានតែអ្វីមួយប៉ុណ្ណោះដែលសំខាន់បំផុតក្នុងជីវិត គឺការមានកេរ្ដិ៍ឈ្មោះល្អចំពោះព្រះយេហូវ៉ា។ យើងត្រូវស្វែងរកអ្វីដែលព្រះពេញចិត្តជាមុន មិនមែនទ្រព្យសម្បត្ដិនោះទេ។—សុភ. ២៨:២០; សាស្ដ. ៧:១; ម៉ាថ. ៦:៣៣, ៣៤
យើងត្រូវអធិដ្ឋានសុំព្រះជួយយើងឲ្យខំព្យាយាម ហើយទទួលជោគជ័យក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចធ្វើបាន មិនមែនលើអ្វីដែលយើងមិនអាចធ្វើបាននោះទេ។—ម៉ាថ. ២២:៣៧; ២ធី. ៤:២
យើងត្រូវដឹងថា គ្មានអង្គការណាទៀតដែលទទួលពរនិងការពេញចិត្តពីព្រះឡើយ។—យ៉ូន. ៦:៦៨
យើងម្នាក់ៗបានបម្រើព្រះយេហូវ៉ាអស់ជាង៧៥ឆ្នាំហើយ ហើយជាមួយគ្នាជាប្ដីប្រពន្ធ យើងបានបម្រើព្រះអស់ជិត៦៥ឆ្នាំ។ យើងពិតជាសប្បាយរីករាយក្នុងការបម្រើព្រះយេហូវ៉ាជាមួយគ្នាអស់ជាច្រើនទសវត្សរ៍នេះ។ យើងសង្ឃឹមហើយអធិដ្ឋានឲ្យបងប្អូនប្រុសស្រីទាំងអស់ពិសោធថា អ្នកនឹងទទួលពរជាច្រើនក្នុងជីវិត ពេលអ្នកពឹងផ្អែកលើព្រះយេហូវ៉ា ដូចយើងដែរ។