បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១០ ទំ. ២១-២៥
  • មេរៀនពីសេចក្ដីអធិដ្ឋានមួយដែលបានរៀបចំយ៉ាងល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មេរៀនពីសេចក្ដីអធិដ្ឋានមួយដែលបានរៀបចំយ៉ាងល្អ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ខែ​ពិសេស​មួយ
  • ថ្ងៃ​មួយ​នៃ​ការ​សារភាព​កំហុស
  • ការ​សរសើរ​នាម​ដ៏​រុងរឿង​របស់​ព្រះ
  • ការ​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច
  • សេចក្ដី​ត្រូវ​ការ​នូវ​ការ​ប្រដៅ
  • ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ក្រុងយេរូសាឡិមមួយដែលសមតាមឈ្មោះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១០ ទំ. ២១-២៥

មេរៀន​ពី​សេចក្ដី​អធិដ្ឋាន​មួយ​ដែល​បាន​រៀបចំ​យ៉ាង​ល្អ

​«​សូម​ឲ្យ​ព្រះ​នាម​របស់​ទ្រង់ ជា​ព្រះ​នាម​ដ៏​រុងរឿង បាន​ពរ​»។—នេហ. ៩:៥

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

  • តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​ល្អ ពេល​ពួក​លេវី​បាន​ប្រមូល ពួក​គេ​ឲ្យ​មក​ជួប​ជុំ​គ្នា?

  • តើ​គំរូ​អ្វី​ក្នុង​ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា​ព្រះ​ប្រព្រឹត្ត​ស្រប​តាម​អត្ថន័យ​នៃ​នាម​របស់​លោក?

  • តើ​យើង​ទាញ​មេរៀន​អ្វី​ពី​សេចក្ដី​អធិដ្ឋាន​របស់​ពួក​លេវី?

១​. តើ​ការ​ជួប​ជុំ​គ្នា​អ្វី របស់​រាស្ត្រ​ព្រះ​ដែល​យើង​នឹង​ពិចារណា ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

​«​ចូរ​ឈរ​ឡើង សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​អស់​កល្ប​រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច បាន​ប្រកប​ដោយ​ព្រះ​ពរ​»។ ដោយ​ឮ​ពាក្យ​គួរ​ឲ្យ​រំភើប​ចិត្ត​ទាំង​នេះ រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ​បាន​ជួប​ជុំ​គ្នា​ដើម្បី​ចូល​រួម​ក្នុង​ការ​អធិដ្ឋាន​មួយ​ក្នុង​ចំណោម​ការ​អធិដ្ឋាន​ដ៏​វែង​បំផុត​នៅ​ក្នុង​កំណត់​ហេតុ​គម្ពីរ។ (​នេហ. ៩:៤, ៥​) ការ​ជួប​ជុំ​គ្នា​នោះ​បាន​ធ្វើ​ឡើង​នា​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​ទី​២៤ ខែ​ធិសស៊្រី​ដែល​ជា​ខែ​ទី​៧​របស់​ជន​ជាតិ​យូដា ឆ្នាំ​៤៥៥ មុន​គ.ស.។ កាល​ដែល​យើង​ពិចារណា​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​នាំ​ទៅ​ដល់​ថ្ងៃ​ពិសេស​នោះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ទម្លាប់​ល្អ​អ្វី ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ការ​ជួប​ជុំ​គ្នា​នោះ​បាន​ជោគជ័យ? តើ​មេរៀន​ណា​ទៀត​ដែល​ខ្ញុំ​អាច​រៀន​ពី​សេចក្ដី​អធិដ្ឋាន​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​នេះ?›។—ទំនុក. ១៤១:២

ខែ​ពិសេស​មួយ

២​. តើ​គំរូ​ដ៏​ល្អ​អ្វី ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទុក​ឲ្យ​យើង​នៅ​ពេល​ពួក​គេ​ជួប​ជុំ​គ្នា​ក្រោយ​កំពែង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​ឡើង​វិញ?

២ មួយ​ខែ​មុន​ការ​ជួប​ជុំ​គ្នា​ខាង​លើ​នេះ ជន​ជាតិ​យូដា​បាន​បញ្ចប់​ការ​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (​នេហ. ៦:១៥​) រាស្ត្រ​របស់​ព្រះ​បាន​បង្ហើយ​កិច្ច​ការ​សង់​ឡើង​វិញ​នោះ​ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​ពួក​គេ​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ ដូច្នេះ នៅ​ថ្ងៃ​ទី​១​នៃ​ខែ​ធិសស៊្រី​ដែល​ជា​ខែ​ថ្មី ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ទី​លាន​សាធារណៈ​ដើម្បី​ស្ដាប់​អែសរ៉ា​និង​ពួក​លេវី​ឯ​ទៀត​អាន​ឮ​ៗ ហើយ​ពន្យល់​ច្បាប់​របស់​ព្រះ។ ក្រុម​គ្រួសារ​ទាំង​មូល រួម​ទាំង​«​អស់​អ្នក​ដែល​ល្មម​នឹង​ស្ដាប់​បាន​»​ បាន​ក្រោក​ឈរ ហើយ​ស្ដាប់​«​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់​»។ ចំពោះ​យើង​ដែល​ចូល​រួម​កិច្ច​ប្រជុំ​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​សាល​ប្រជុំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​មែន! ប៉ុន្តែ នៅ​ក្នុង​ឱកាស​បែប​នេះ តើ​ជួនកាល​អ្នក​ឃើញ​ថា​អ្នក​មាន​អារម្មណ៍​មិន​មូល ហើយ​អ្នក​ចាប់​ផ្ដើម​គិត​អំពី​រឿង​ដែល​មិន​សូវ​សំខាន់​ឬ​ទេ? បើ​ដូច្នេះ សូម​គិត​ម្ដង​ទៀត​អំពី​គំរូ​របស់​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​ដែល​មិន​ត្រឹម​តែ​បាន​ស្ដាប់ ប៉ុន្តែ​បាន​ពិចារណា​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឮ​រហូត​ដល់​ពួក​គេ​ចាប់​ផ្ដើម​យំ​ដោយ​សារ​ពួក​គេ​ជាប្រជាជាតិ​មួយ ដែល​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។—នេហ. ៨:១​-​៩

៣​. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ការ​ណែនាំ​អ្វី?

៣ ប៉ុន្តែ នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​សារភាព​កំហុស​ជា​សាធារណៈ​ទេ។ ដោយ​សារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ គឺ​ជា​ពេល​ដែល​គួរ​ឲ្យ​សប្បាយ​រីករាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​ជន. ២៩:១​) ដូច្នេះ នេហេមា​បាន​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់​នឹង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពីព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា​»។ គួរ​ឲ្យ​សរសើរ​មែន​ដែល​បណ្ដា​ជន​បាន​ស្ដាប់​បង្គាប់ ហើយ​ថ្ងៃ​នោះ​បាន​ទៅ​ជា​ថ្ងៃ​មួយ​ដែល​ពួក​គេ​«​អរ​សប្បាយ​ឡើង​ជា​ខ្លាំង​»។—នេហ. ៨:១០​-​១២

៤​. តើ​មេ​កុលសម្ព័ន្ធ​ទាំង​១២​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​ពួក​គាត់​បាន​រក​ឃើញ​អ្វី ដែល​ជា​លក្ខណៈ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៃ​បុណ្យ​ខ្ទម​នេះ?

៤ នៅ​ថ្ងៃ​បន្ទាប់​នោះ មេ​កុលសម្ព័ន្ធ​ទាំង​១២​បាន​ប្រជុំ​គ្នា​ដើម្បី​ដឹង​អំពី​របៀប​ដែល​ប្រជាជាតិ​នោះ​អាច​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ឲ្យ​កាន់​តែ​ដិត​ដល់។ ពេល​ពួក​គាត់​សិក្សា​បទ​គម្ពីរ ពួក​គាត់​បាន​ឃើញ​ថា ខែ​ទី​៧​គួរ​រួម​បញ្ចូល​បុណ្យ​ខ្ទម​ដែល​បញ្ចប់​ដោយ​បុណ្យ​ដ៏​ឱឡារិក​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២២ ខែ​ធិសស៊្រី ដូច្នេះ​ពួក​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​រៀបចំ។ បុណ្យ​ខ្ទម​នោះ​បាន​ទៅ​ជា​បុណ្យ​ខ្ទម​ដែល​បាន​ជោគជ័យ​បំផុត​តាំង​ពី​សម័យ​យ៉ូស្វេ ហើយ​បាន​នាំ​ឲ្យ​«​មាន​សេចក្ដី​រីករាយ​កើត​ឡើង​ជា​ខ្លាំង​»។ លក្ខណៈ​សំខាន់​មួយ​នៃ​បុណ្យ​នេះ​គឺ​ការ​អាន​ច្បាប់​របស់​ព្រះ​ជា​សាធារណៈ ​«​រាល់​ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត​»។—នេហ. ៨:១៣​-​១៨

ថ្ងៃ​មួយ​នៃ​ការ​សារភាព​កំហុស

៥​. តើ​រាស្ត្រ​របស់​ព្រះ​បាន​ធ្វើ​អ្វី មុន​ពួក​លេវី​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​តំណាង​ពួក​គេ?

៥ ពីរ​ថ្ងៃ​ក្រោយ​មក គឺ​ជា​ពេល​ត្រឹម​ត្រូវ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សារភាព​កំហុស​របស់​ពួក​គេ​ជា​សាធារណៈ​ដោយ​សារ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​សម្រាប់​ជប់​លៀង​សប្បាយ​ទេ។ ផ្ទុយ​ទៅ​វិញ រាស្ត្រ​របស់​ព្រះ​បាន​តម​អាហារ ហើយ​ស្លៀក​បាវ​ដែល​ជា​សញ្ញា​សម្គាល់​នៃ​ទុក្ខ​ព្រួយ។ លើក​នេះ​ទៀត ច្បាប់​របស់​ព្រះ​បាន​ត្រូវ​អាន​ឲ្យ​បណ្ដា​ជន​ស្ដាប់​អស់​រយៈ​ពេល​ប្រហែលជា​បី​ម៉ោង​នៅ​ពេល​ព្រឹក។ នៅ​ពេល​រសៀល ពួក​គេ​«​ក៏​លន់​តួ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​»។ បន្ទាប់​មក ពួក​លេវី​បាន​ធ្វើ​ការ​អធិដ្ឋាន​ដែល​ពួក​គាត់​បាន​រៀបចំ​យ៉ាង​ល្អ​ជា​តំណាង​បណ្ដា​ជន ។—នេហ. ៩:១​-​៤

៦​. តើ​អ្វី​បាន​ជួយ​ពួក​លេវី​ឲ្យ​អធិដ្ឋាន​យ៉ាង​មាន​ន័យ​ខ្លឹម​សារ ហើយ​តើ​នេះ​បង្រៀន​យើង​នូវ​មេរៀន​អ្វី?

៦ ដោយ​សារ​ពួក​លេវី​អាន​ច្បាប់​របស់​ព្រះ​ជា​ញឹក​ញាប់ នេះ​ពិត​ជា​បាន​ជួយ​ពួក​គាត់​ឲ្យ​រៀបចំ​សេចក្ដី​អធិដ្ឋាន​ដែល​មាន​ន័យ​ខ្លឹម​សារ​នេះ។ ដប់​ខ​ដំបូង​លើក​បញ្ជាក់​តែ​កិច្ច​ការ​និង​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ នៅ​ក្នុង​ផ្នែក​ឯ​ទៀត​នៃ​សេចក្ដី​អធិដ្ឋាន​នោះ ​«​សេចក្ដី​មេត្ដា​ករុណា​ដ៏​ក្រៃ​លែង​»​របស់​ព្រះ​បាន​ត្រូវ​លើក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ជា​មួយ​នឹង​ការ​សារភាព​យ៉ាង​ច្បាស់​ថា ជន​ជាតិ​អ៊ីស្រាអែល​មិន​សម​នឹង​ទទួល​សេចក្ដី​មេត្ដា​ករុណា​បែប​នេះ​ឡើយ។ (​នេហ. ៩:១៩, ២៧, ២៨, ៣១​) តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ពួក​លេវី? យើង​គួរ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ តាម​របៀប​នេះ យើង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យើង ហើយ​ក្រោយ​មក​ពេល​យើង​អធិដ្ឋាន យើង​នឹង​មាន​អ្វី​ថែម​ទៀត​ដើម្បី​ជម្រាប​ព្រះយេហូវ៉ា ហើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​នឹង​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ។—ទំនុក. ១:១, ២

៧​. តើ​ពួក​លេវី​មាន​សំណូម​ពរ​អ្វី​ទៅ​ព្រះ ហើយ​តើ​យើង​រៀន​អ្វី​ពី​សំណូម​ពរ​នេះ?

៧ សេចក្ដី​អធិដ្ឋាន​នោះ​មាន​តែ​សំណូម​ពរ​ដ៏​សមរម្យ​មួយ​ប៉ុណ្ណោះ។ សំណូម​ពរ​នោះ​គឺ​មាន​នៅខ​៣២ ដែល​ចែង​ថា​៖ ​«​ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ​ហើយ​មាន​ឥទ្ធានុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​អើយ ឯ​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​ព្ធ​យុកោ​យើង​ខ្ញុំ​នឹង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាស៊ើរ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា​ជា​ការ​តិច​តួច​ឡើយ​»។ ដូច្នេះ ពួក​លេវី​បាន​ទុក​គំរូ​ល្អ​ឲ្យ​យើង​សរសើរ និង​ឲ្យ​អរគុណ​ព្រះ​យេហូវ៉ា​សិន មុន​នឹង​លើក​សំណូម​ពរ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង។

ការ​សរសើរ​នាម​ដ៏​រុងរឿង​របស់​ព្រះ

៨, ៩​. (​ក​) តើ​តាម​របៀប​ណា​ពួក​លេវី​បាន​ចាប់​ផ្ដើម​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់​ដោយ​ចិត្ត​រាប​ទាប? (​ខ​) តើ​កង​ទ័ព​ពីរ​នៅ​ស្ថាន​សួគ៌​ដែល​ពួក​លេវី​រៀប​រាប់ គឺ​ជា​អ្វី?

៨ តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​នោះ ពួក​លេវី​ទាំង​នោះ​មាន​ចិត្ត​រាប​ទាប ហើយ​មាន​អារម្មណ៍​ថា ទោះ​ជា​ពួក​គាត់​ប្រើ​ពាក្យ​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ពាក្យ​ទាំង​នោះ​មិន​អាច​បង្ហាញ​ឲ្យ​បាន​ពេញ​លេញ​នូវ​ការ​សរសើរ​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​សម​នឹង​ទទួល​ឡើយ។ ហេតុ​នេះ ពួក​គាត់​ចាប់​ផ្ដើម​អធិដ្ឋាន​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដោយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​សូម​ឲ្យ​ព្រះ​នាម​របស់​ទ្រង់ ជា​ព្រះ​នាម​ដ៏​រុងរឿង បាន​ពរ​ដែរ ជា​ពរ​ដែល​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ នឹង​សេចក្ដី​សរសើរ​ផង​»។—នេហ. ៩:៥

៩ សេចក្ដី​អធិដ្ឋាន​នោះ​បន្ត​ថា​៖ ​«​គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះ​ឯកអង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​នោះ​នឹង​ផែនដី ហើយ​សមុទ្រ​នឹង​របស់​សព្វសារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់​ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ​ក៏​ថ្វាយ​បង្គំ​ដល់​ទ្រង់​»។ (​នេហ. ៩:៦​) មែន​ហើយ ព្រះ​យេហូវ៉ា​បាន​បង្កើត​សកលលោក​ទាំង​មូល ដែល​មាន​តារាវលី​ច្រើន​រាប់​មិន​អស់។ អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​ដែរ គឺ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​លើ​ភព​ផែនដី​ដ៏​ល្អ​របស់​យើង​ឲ្យ​មាន​សមត្ថភាព​ទ្រទ្រង់​ជីវិត​ច្រើន​បែប​យ៉ាង​ដែល​គួរ​ឲ្យ​អស្ចារ្យ ពោល​គឺ​ជីវិត​ទាំង​ឡាយ​ដែល​បន្ត​បង្ក​បង្កើត​តាម​ពូជ​របស់​វា។ បណ្ដា​ទេវតា​ដ៏​បរិសុទ្ធ​របស់​ព្រះ​ដែល​បាន​សង្កេត​មើល​អ្វី​ទាំង​អស់​នេះ ក៏​បាន​ត្រូវ​រៀប​រាប់​ដែរ​ថា​ជា​«​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​»។ (​១ព. ២២:១៩; យ៉ូប ៣៨:៤, ៧​) ម្យ៉ាង​ទៀត ដោយ​ចិត្ត​រាប​ទាប បណ្ដា​ទេវតា​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​បម្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​«​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មត៌ក​»។ (​ហេ. ១:១៤​) ទេវតា​ទាំង​នោះ​ពិត​ជា​ទុក​គំរូ​ដ៏​ល្អ​ណាស់​សម្រាប់​យើង កាល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គី​ភាព​ដូច​កង​ទ័ព​មួយ​ដែល​បាន​ទទួល​ការ​បង្វឹក​បង្វឺន​យ៉ាង​ល្អ!—១កូ. ១៤:៣៣, ៤០

១០​. តើ​យើង​ទាញ​មេរៀន​អ្វី​ពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​ចំពោះ​អាប្រាហាំ?

១០ បន្ទាប់​មក ពួក​លេវី​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​ចំពោះ​អាប់រ៉ាម ដែល​ទោះ​ជា​គាត់​មាន​អាយុ​៩៩​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​មិន​ទាន់​មាន​កូន​ម្នាក់​សោះ​ពី​សារ៉ាយ​ដែល​ជា​ប្រពន្ធ​របស់​គាត់។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​របស់​គាត់​ជា​អាប្រាហាំ​វិញ ដែល​មាន​ន័យ​ថា​«​ឪពុក​នៃ​សាសន៍​ជា​ច្រើន​»។ (​លោ. ១៧:១​-​៦, ១៥, ១៦​) ព្រះ​ក៏​បាន​សន្យា​នឹង​អាប្រាហាំ​ថា​ពូជ​របស់គាត់​នឹង​បាន​ស្រុក​កាណាន​ជា​មត៌ក។ មនុស្ស​ច្រើន​តែ​ភ្លេច​អ្វី​ដែល​ពួក​គេ​សន្យា ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​មែន​ដូច្នេះ​ទេ។ ដូច​ពួក​លេវី​បាន​រៀប​រាប់​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់ ដែល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ទ្រង់​ហើយ​ដែល​បាន​រើស​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​ឈ្មោះ​ជា​អ័ប្រាហាំវិញ ទ្រង់​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ​ត្រង់​នៅ​ចំពោះ​ទ្រង់ រួច​តាំង​សញ្ញា​នឹង​លោក​ថា​នឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន . . . ដល់​ពូជ​របស់​លោក ទ្រង់​ក៏​បាន​សំ​រេច​តាម​ព្រះ​បន្ទូល​ទ្រង់​ហើយ ដ្បិត​ទ្រង់​សុចរិត​»។ (​នេហ. ៩:៧, ៨​) សូម​ឲ្យ​យើង​យក​តម្រាប់​ព្រះ​ដ៏​សុចរិត​របស់​យើង​ដែរ ដោយ​ព្យាយាម​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​យើង​ជា​និច្ច។—ម៉ាថ. ៥:៣៧

ការ​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច

១១, ១២​. តើ​នាម​របស់​ព្រះ​យេហូវ៉ា​មាន​អត្ថន័យ​យ៉ាង​ណា? តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រាស្ត្រ​របស់​លោក ដែល​បង្ហាញ​ថា​លោក​សម​នឹង​នាម​របស់​លោក?

១១ នាម​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​«​លោក​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ ហើយ​មាន​ន័យ​ថា​លោក​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​បាន​សម្រេច តាម​រយៈ​ការ​ចាត់​វិធានការ​បន្ដិច​ម្ដង​ៗ។ ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​ស្តី​អំពី​រឿង​នេះ​គឺ​របៀប​ដែល​លោក​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​ចំពោះ​កូន​ចៅ​អាប្រាហាំ ពោល​គឺ​ប្រជាជាតិ​អ៊ីស្រាអែល។ ពេល​ដែល​ពួក​គេ​នៅ​ស្រុក​អេស៊ីប ព្រះ​បាន​សន្យា​ថា​ពួក​គេ​នឹង​មាន​សេរីភាព ហើយ​រស់​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា។ តាម​មើល​ទៅ នៅ​ពេល​នោះ​ប្រជាជាតិ​ទាំង​មូល​មិន​អាច​មាន​សេរីភាព ហើយ​តាំង​លំនៅ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ទេ។ ប៉ុន្តែ តាម​រយៈ​ការ​ចាត់​វិធានការ​បន្ដិច​ម្ដង​ៗ​ជា​បន្ត​បន្ទាប់ ព្រះ​បាន​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​បាន​សម្រេច ហើយ​បង្ហាញ​ថា លោក​សម​នឹង​នាម​ដ៏​ឧត្តម​របស់​លោក គឺ​យេហូវ៉ា។

១២ សេចក្ដី​អធិដ្ឋាន​ដែល​នេហេមា​បាន​កត់​ទុក ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​ព្ធ​យុកោ​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សំរែក​ដែល​គេ​ស្រែក​នៅ​ត្រង់​សមុទ្រក្រហម ក៏​សំ​ដែង​ទី​សំ​គាល់​នឹង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហាតលិក នឹង​បណ្ដា​ជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​ព្ធ​យុកោ​ទាំង​នោះ​ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ​នាម​ដូច​មាន​សព្វ​ថ្ងៃ​នេះ ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ​នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្ដាល​សមុទ្រ​ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម​ចោល​ទៅ​ក្នុង​ទី​ជំរៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កំឡាំង​»។ បន្ទាប់​មក សេចក្ដី​អធិដ្ឋាន​នោះ​បន្ត​រៀប​រាប់​អំពី​អ្វី​ផ្សេង​ទៀត​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​រាស្ត្រ​របស់​លោក​ថា​៖ ​«​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន​ជា​ពួក​អ្នក​ស្រុក​នេះ . . . គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នឹង​ស្រុក​មាន​ជី​ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ​នឹង​អណ្ដូង​ជីក​ស្រាប់ ចំ​ការ​ទំពាំង​បាយ​ជូរ ដំណាំ​អូលីវ​នឹង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីករាយ​ដោយ​សារ​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់​»។—នេហ. ៩:៩​-​១១, ២៤, ២៥

១៣​. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្វី​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ពួក​គេ​ត្រូវ​ការ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក ប៉ុន្តែ​តើ​បណ្ដា​ជន​ទាំង​នោះ​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៣ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​បន្ដិច​ម្ដង​ៗ​ជា​ច្រើន​ទៀត ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ជា​ឧទាហរណ៍ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ ពួក​លេវី​បាន​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់​ថា​៖ ​«​ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណាយ ហើយ​មាន​បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្ដិធម៌​ដ៏​ត្រឹម​ត្រូវ​នឹង​ក្រិត្យ​វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ដិ​នឹង​ក្រិត្យ​ក្រម​ដ៏​ល្អ​ដល់​គេ​»។ (​នេហ. ៩:១៣​) ព្រះ​យេហូវ៉ា​បាន​ព្យាយាម​បង្រៀន​រាស្ត្រ​របស់​លោក ដើម្បី​ឲ្យ​ពួក​គេ​អាច​សម​ជា​តំណាង​នាម​ដ៏​បរិសុទ្ធ​របស់​លោក ជា​អ្នក​ទទួល​ស្រុក​ដែល​លោក​បាន​សន្យា​ជា​មត៌ក ប៉ុន្តែ​ពួក​គេ​បាន​បោះបង់​ចោល​អ្វី​ៗ​ដ៏​ល្អ​ដែល​ពួក​គេ​បាន​រៀន។—សូម​អាន នេហេមា ៩:១៦​-​១៨

សេចក្ដី​ត្រូវ​ការ​នូវ​ការ​ប្រដៅ

១៤, ១៥​. (​ក​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​ដោយ​សេចក្ដី​មេត្ដា​ករុណា​នូវ​រាស្ត្រ​របស់​លោក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? (​ខ​) តើ​យើង​ទាញ​មេរៀន​អ្វី​ពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​ចំពោះ​ប្រជាជាតិ​ដែល​លោក​បាន​ជ្រើស​រើស?

១៤ សេចក្ដី​អធិដ្ឋាន​របស់​ពួក​លេវី​រៀប​រាប់​អំពី​អំពើ​ខុស​ឆ្គង​ជាក់​លាក់​ពីរ​យ៉ាង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត ក្រោយ​ពី​ពួក​គេ​បាន​សន្យា​ថា​នឹង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​នៅ​ភ្នំ​ស៊ីណាយ។ ដោយ​សារ​អំពើ​ខុស​ឆ្គង​ទាំង​នោះ ជន​ជាតិ​អ៊ីស្រាអែល​សម​នឹង​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ប៉ុន្តែ​សេចក្ដី​អធិដ្ឋាន​នោះ​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​មិន​បានបោះបង់​ចោល​គេ នៅ​ទី​រហោ​ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដ៏​ក្រៃ​លែង . . . ទ្រង់​បាន​ចិញ្ចឹម​គេ . . . អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សំលៀក​បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរ​ពង​ដែរ​»។ (​នេហ. ៩:១៩, ២១​) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​បម្រើ​លោក​ដោយ​ស្មោះ​ត្រង់។ សូម​កុំ​ឲ្យ​យើង​ធ្វើ​ដូច​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​ដែល​បាន​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​បង្គាប់ ហើយ​គ្មាន​ជំនឿ។ តាម​ការ​ពិត អ្វី​ទាំង​នោះ​«​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ​»។—១កូ. ១០:១​-​១១

១៥ គួរ​ឲ្យ​ស្ដាយ​ណាស់ ក្រោយ​ពី​បាន​ទទួល​ស្រុក​ដែល​ព្រះ​បាន​សន្យា​ជា​មត៌ក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​របស់​ជន​ជាតិ​កាណាន​ដែល​រួម​បញ្ចូល​អំពើ​ប្រាសចាក​សីលធម៌ និង​ការ​បង្ហូរ​ឈាម។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​ជិត​ខាង​សង្កត់​សង្កិន​ប្រជាជាតិ​ដែល​លោក​បាន​ជ្រើស​រើស។ ពេល​ពួក​គេ​បាន​ប្រែ​ចិត្ត ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​ពួក​គេ​ដោយ​សេចក្ដី​មេត្ដា​ករុណា ហើយ​បាន​សង្គ្រោះ​ពួក​គេ​ពី​សត្រូវ។ នេះ​បាន​កើត​ឡើង​«​ជា​ច្រើន​ដង​»។ (​សូម​អាន នេហេមា ៩:២៦​-​២៨, ៣១​) ពួក​លេវី​បាន​សារភាព​ថា​៖ ​«​ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​សារ​ព្រះ​វិញ្ញាណ​ទ្រង់​ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ​»។—នេហ. ៩:៣០

១៦, ១៧​. (​ក​) ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត តើ​មាន​លទ្ធផល​ខុស​គ្នា​យ៉ាង​ណា? (​ខ​) តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សារភាព​អំពី​អ្វី ហើយ​តើ​ពួក​គេ​បាន​សន្យា​ថា​ធ្វើ​អ្វី?

១៦ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រឡប់​មក​ពី​បាប៊ីឡូន​វិញ ពួក​គេ​បាន​ចាប់​ផ្ដើម​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ តើ​មាន​លទ្ធផល​ខុស​គ្នា​យ៉ាង​ណា? ពួក​លេវី​បាន​បន្ត​អធិដ្ឋាន​ថា​៖ ​«​មើល! យើង​ខ្ញុំ​រាល់​គ្នា​ជា​បាវ​បំរើ​របស់​គេ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​បាវ​បំរើ​នៅ​ក្នុង​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ព្ធ​យុកោ​យើង​ខ្ញុំ ឲ្យ​បាន​បរិភោគ​ផល​នឹង​សេចក្ដី​ល្អ​នោះ​ផង ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន​ដល់​ពួក​ស្តេច​ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់​គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ . . . ហើយ​យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​»។—នេហ. ៩:៣៦, ៣៧

១៧ តើ​ពួក​លេវី​ចង់​និយាយ​ថា ព្រះ​អយុត្ដិធម៌​ដោយ​សារ​លោក​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​វេទនា​នេះ​ឬ? ច្បាស់​ជា​មិន​មែន​ដូច្នេះ​ទេ! ពួក​គេ​បាន​សារភាព​ថា​៖ ​«​ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​លាមក​អាក្រក់​វិញ​»។ (​នេហ. ៩:៣៣​) ក្រោយ​មក សេចក្ដី​អធិដ្ឋាន​ដែល​មិន​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នេះ​បញ្ចប់​ដោយ​សេចក្ដី​សន្យា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​មួយ​ថា ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ ប្រជាជាតិ​នោះ​នឹង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ (​សូម​អាន នេហេមា ៩:៣៨; ១០:២៩​) ហេតុ​នេះ ពួក​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា​៨៤​នាក់​បាន​បោះត្រា​របស់​ពួក​គេ​លើ​ឯកសារ​មួយ​ជា​លាយ​លក្ខណ៍​អក្សរ។—នេហ. ១០:១​-​២៧

១៨, ១៩​. (​ក​) តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​រួច​ជីវិត ហើយ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ? (​ខ​) តើ​យើង​មិន​គួរ​ឈប់​អធិដ្ឋាន​សុំ​អ្វី ហើយ​ហេតុ​អ្វី?

១៨ យើង​ត្រូវ​ការ​ការ​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​យើង​អាច​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រួច​ជីវិត ហើយ​ចូល​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​លោក។ សាវ័ក​ប៉ូល​បាន​សួរ​ថា​៖ ​«​តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​ប្រដៅ​ឬ​ទេ?​»។ (​ហេ. ១២:៧​) យើង​បង្ហាញ​ថា យើង​ទទួល​យក​ការ​ណែនាំ​ពី​ព្រះ​ក្នុង​ជីវិត​របស់​យើង​ដោយ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ហើយ​ដោយ​ឲ្យ​សកម្មពល​របស់​លោក​សម្រិតសម្រាំង​យើង។ ប្រសិនបើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​នឹង​អភ័យទោស​ឲ្យ​យើង បើ​យើង​ពិត​ជា​ប្រែ​ចិត្ត ហើយ​ទទួល​យក​ការ​ប្រដៅ​ដោយ​ចិត្ត​រាប​ទាប។

១៩ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​ល្បីល្បាញ​ជាង​ពេល​ដែល​លោក​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប​ទៅ​ទៀត។ (​អេស. ៣៨:២៣​) ដូច​រាស្ត្រ​របស់​លោក​នៅ​សម័យ​បុរាណ​បាន​ទទួល​ស្រុក​ដែល​ព្រះ​បាន​សន្យា​ជា​មត៌ក នោះ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ស៊ូ​ទ្រាំ​ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។ (​២ពេ. ៣:១៣​) ដោយ​មាន​អ្វី​ដែល​ពិត​ជា​អស្ចារ្យ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ សូម​កុំ​ឲ្យ​យើង​ឈប់​អធិដ្ឋាន​សុំ​ឲ្យ​នាម​ដ៏​រុងរឿង​របស់​ព្រះ​បាន​បរិសុទ្ធ។ អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​អំពី​សេចក្ដី​អធិដ្ឋាន​មួយ​ទៀត​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ស្រប​តាម ដើម្បី​ទទួល​ពរ​ពី​ព្រះ​នៅ​ពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក