បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៤ ទំ. ១៣-១៦
  • កិច្ចបម្រើពេញពេល បាននាំឲ្យខ្ញុំមានជីវិតបែបនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កិច្ចបម្រើពេញពេល បាននាំឲ្យខ្ញុំមានជីវិតបែបនេះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អ្វី​ដែល​ជួយ​ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា
  • អ្វី​ដែល​ជួយ​ខ្ញុំ​សម្រេច​ចិត្ត​អំពី​គោល​បំណង​ក្នុង​ជីវិត
  • តើ​ខ្ញុំ​មក​បេតអែល​យ៉ាង​ដូច​ម្ដេច?
  • ភារកិច្ច​នៅ​បេតអែល
  • ចិត្ត​ប្រាថ្នា​ចង់​រៀប​ការ
  • ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ
  • ជីវិត​ដែល​មាន​គោល​បំណង​និង​មាន​ពរ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៤ ទំ. ១៣-១៦

ជីវប្រវត្ដិ

កិច្ច​បម្រើ​ពេញ​ពេល បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​បែប​នេះ

រៀប​រាប់​ដោយ​បង​រ៉ូបឺត វ៉លលិន

កាល​ដែល​ខ្ញុំ​រំពឹង​គិត​អំពី​កិច្ច​បម្រើ​ពេញ​ពេល​អស់​៦៥​ឆ្នាំ ខ្ញុំ​ពិត​ជា​អាច​និយាយ​ថា​ជីវិត​របស់​ខ្ញុំ​បាន​ពោរ​ពេញ​ទៅ​ដោយ​ថ្ងៃ​ដ៏​សប្បាយ​រីក​រាយ។ នេះ​មិន​មាន​ន័យ​ថា​ជីវិត​ខ្ញុំ​គ្មាន​ថ្ងៃ​ដែល​ពិបាក​ឬ​ពេល​ធ្លាក់​ទឹក​ចិត្ត​ទេ។ (​ទំនុក. ៣៤:១២; ៩៤:១៩​) ប៉ុន្តែ​ជា​ទូទៅ ជីវិត​របស់​ខ្ញុំ​មាន​គោល​បំណង​និង​មាន​ពរ!

នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​១៩៥០ ខ្ញុំ​បាន​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន។ នៅ​ពេល​នោះ​ក្រុម​គ្រួសារ​បេតអែល​មាន​បង​ប្អូន​៣៥៥​នាក់​ពី​ប្រទេស​ផ្សេង​ៗ ដែល​មាន​អាយុ​ចាប់​ពី​១៩​ទៅ​៨០​ឆ្នាំ។ ក្នុង​ចំណោម​ពួក​គាត់​មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង។

អ្វី​ដែល​ជួយ​ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា

ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​បម្រើ​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ពី​ម្ដាយ​របស់​ខ្ញុំ។ (​១ធី. ១:១១​) គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​កាល​ដែល​ខ្ញុំ​ជា​កុមារ។ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៣៩ កាល​ដែល​ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ នៅ​សន្និបាត​តាម​ភូមិ​ភាគ(​ដែល​ឥឡូវ​ហៅ​ថា​សន្និបាត​ប្រចាំ​មណ្ឌល​) នា​ក្រុង​កូឡាំបឺស រដ្ឋ​ណេប្រាស្កា សហរដ្ឋអាម៉េរិក។ យើង​មាន​គ្នា​ប្រហែល​ជា​១០០​នាក់​ដែល​ជួប​ជុំ​គ្នា​ដើម្បី​ស្ដាប់​សុន្ទរកថា​ថ្លែង​ដោយ​បង​ចូសេហ្វ រ៉ូធើហ្វឺត​ដែល​បាន​ត្រូវ​ថត​ចម្លង ដែល​មាន​ចំណង​ជើង​ថា​«​របប​ហ្វាស៊ីស ឬ​សេរីភាព​»។ នៅ​ពាក់​កណ្ដាល​សុន្ទរកថា​របស់​គាត់ មនុស្ស​មួយ​ក្រុម​បាន​ចាប់​ផ្ដើម​ប្រមូល​គ្នា​ខាង​ក្រៅ​សាល​តូច ដែល​យើង​កំពុង​ប្រជុំ​គ្នា​នៅ​ខាង​ក្នុង​នោះ។ ពួក​គេ​បាន​សម្រុក​ចូល​ក្នុង​សាល បញ្ឈប់​កិច្ច​ប្រជុំ​របស់​យើង ហើយ​បង្ខំ​យើង​ឲ្យ​ចេញ​ពី​ក្រុង។ យើង​បាន​ជួប​ជុំ​គ្នា​នៅ​កសិដ្ឋាន​របស់​បង​ប្រុស​ម្នាក់ ដែល​មិន​នៅ​ឆ្ងាយ​ពី​ក្រុង​នោះ ហើយ​បាន​ស្ដាប់​កម្ម​វិធី​ដែល​នៅ​សល់។ ដូច​អ្នក​អាច​គិត​ស្មាន ខ្ញុំ​មិន​ដែល​ភ្លេច​ថ្ងៃ​ខែ​ដែល​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ទេ!

ម្ដាយ​របស់​ខ្ញុំ​បាន​ខំ​ប្រឹង​អប់រំ​ខ្ញុំ​ឲ្យ​កាន់​តាម​សេចក្ដី​ពិត។ ទោះ​ជា​ឪពុក​របស់​ខ្ញុំ​ជា​មនុស្ស​ល្អ​និង​ជា​ឪពុក​ដ៏​ល្អ​ក៏​ដោយ គាត់​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​រឿង​សាសនា ឬ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ទេ។ ម្ដាយ​របស់​ខ្ញុំ ជា​មួយ​នឹង​សាក្សី​ឯ​ទៀត​នៅ​ក្រុម​ជំនុំ​អូម៉ាហា បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដែល​ខ្ញុំ​ត្រូវ​ការ។

អ្វី​ដែល​ជួយ​ខ្ញុំ​សម្រេច​ចិត្ត​អំពី​គោល​បំណង​ក្នុង​ជីវិត

ពេល​ដែល​ខ្ញុំ​ជិត​រៀន​ចប់​វិទ្យាល័យ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​ខ្ញុំ​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​ខ្ញុំ? នៅ​ពេល​វិស្សមកាល​នា​រដូវ​ក្ដៅ ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេល​វិស្សមកាល(​ឥឡូវ​យើង​ហៅ​ថា​អ្នក​ត្រួស​ត្រាយ​ជំនួយ​) ជា​មួយ​បង​ប្អូន​ឯ​ទៀត​ដែល​មាន​អាយុ​ស្រករ​គ្នា។

បង​ប្រុស​វ័យ​ក្មេង​នៅ​លីវ​ពីរ​នាក់ ដែល​ទើប​តែ​បាន​រៀន​ចប់​សាលា​គី​លាត​ជំនាន់​ទី​៧ បាន​ទទួល​ភារកិច្ច​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៅ​តំបន់​របស់​យើង។ ពួក​គាត់​ឈ្មោះ ចន ឈិមិកលិស និង​ថេត ចារ៉ាស។ ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​ពួក​គាត់​មាន​អាយុ​តែ​២០​ឆ្នាំ​ជាង​ប៉ុណ្ណោះ។ កាល​នោះ​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ត្រូវ​រៀន​ចប់​វិទ្យាល័យ។ ខ្ញុំ​នៅ​តែ​ចាំ​ពេល​ដែល​បងឈិមិកលិស​បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​ខ្ញុំ? ពេល​ខ្ញុំ​ប្រាប់​គាត់ គាត់​បាន​ដាស់​តឿន​ខ្ញុំ​ថា​៖​«​មែន ចូរ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ភ្លាម។ អ្នក​មិន​អាច​ដឹង​ថា​នេះ​នឹង​នាំ​ឲ្យ​អ្នក​មាន​ជីវិត​បែប​ណា​ទេ​»។ ឱវាទ​នោះ និង​គំរូ​របស់​បង​ប្រុស​ទាំង​ពីរ​នាក់​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ។ ដូច្នេះ​ក្រោយ​ពី​ខ្ញុំ​រៀន​ចប់ ខ្ញុំ​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​នៅ​ឆ្នាំ​១៩៤៨។

តើ​ខ្ញុំ​មក​បេតអែល​យ៉ាង​ដូច​ម្ដេច?

នៅ​ខែ​កក្កដា​ឆ្នាំ​១៩៥០ ខ្ញុំ​និង​ឪពុក​ម្ដាយ​បាន​ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត​អន្តរជាតិ​នៅ​កីឡាដ្ឋាន​យ៉ាងគី​នៅ​ក្រុង​ញូវ​យ៉ក។ នៅ​មហា​សន្និបាត​នោះ ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​សម្រាប់​អ្នក​ដែល​ចង់​បម្រើ​នៅ​បេតអែល។ ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​មួយ​ដែល​ថា​ខ្ញុំ​សប្បាយ​ចិត្ត​បម្រើ​នៅ​ទី​នោះ។

ទោះ​បី​ជា​ឪពុក​ខ្ញុំ​មិន​ប្រឆាំង​កិច្ច​បម្រើ​ត្រួស​ត្រាយ​របស់​ខ្ញុំ​និង​ការ​រស់​នៅ​ផ្ទះ​គាត់​ក្ដី គាត់​ចង់​ឲ្យ​ខ្ញុំ​ជួយ​ផ្ដល់​លុយ​កាក់​ឲ្យ​បាន​សមរម្យ​ចំពោះ​បន្ទប់​និង​ម្ហូប​អាហារ។ ដូច្នេះ​នៅ​ថ្ងៃ​មួយ​នៅ​ដើម​ខែ​សីហា កាល​ដែល​ខ្ញុំ​កំពុង​ចេញ​ទៅ​រក​ការ​ងារ ខ្ញុំ​បាន​ឈប់​នៅ​ប្រអប់​សំបុត្រ​របស់​យើង​ជា​មុន​សិន។ នៅ​ទី​នោះ​ខ្ញុំ​បាន​ឃើញ​សំបុត្រ​មួយ​សម្រាប់​ខ្ញុំ​មក​ពី​ក្រុង​ប៊្រុគ្លីន។ សំបុត្រ​នោះ​មាន​ហត្ថលេខា​របស់​បង​ណេថិន ន័រ ដែល​បាន​សរសេរ​ថា​៖ ​«​យើង​បាន​ទទួល​ពាក្យ​ស្នើ​សុំ​របស់​អ្នក​មក​បម្រើ​នៅ​បេតអែល។ ខ្ញុំ​យល់​ថា​អ្នក​នឹង​ព្រម​បន្ត​នៅ​បេតអែល​អស់​មួយ​ជីវិត​របស់​អ្នក។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​មក​បេតអែល​នៅ​អគារ​លេខ​១២៤ ផ្លូវ​កូឡាំបៀ​ហាយ​ក្រុង​ប៊្រុគ្លីន​រដ្ឋ​ញូវ​យ៉ក នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​១៩៥០​»។

ពេល​ឪពុក​ខ្ញុំ​បាន​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​រក​បាន​ការ​ងារ​ហើយ។ គាត់​បាន​និយាយ​ថា​៖ ​«​ល្អ តើ​កូន​នឹង​ធ្វើ​ការ​នៅ​កន្លែង​ណា?​»។ ខ្ញុំ​បាន​ឆ្លើយ​ថា​៖ ​«​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន ហើយ​ខ្ញុំ​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​មួយ​ខែ​១០​ដុល្លារ​»។ នោះ​បាន​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​បន្ដិច ប៉ុន្តែ​គាត់​បាន​និយាយ​ថា បើ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ហើយ ខ្ញុំ​គួរ​ខំ​ប្រឹង​ដើម្បី​មាន​ជោគជ័យ​ក្នុង​កិច្ច​ការ​នោះ។ មិន​យូរ​ក្រោយ​មក នៅ​ឆ្នាំ​១៩៥៣​នា​មហា​សន្និបាត​នៅ​កីឡាដ្ឋាន​យ៉ាងគី គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក!

គួរ​ឲ្យ​សប្បាយ​ណាស់​ថា ដៃ​គូ​របស់​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ត្រួស​ត្រាយ បង​អាលហ្វ្រេត ណាស្រាឡា បាន​ទទួល​សេចក្ដី​អញ្ជើញ​មក​បេតអែល​នៅ​ដំណាល​គ្នា​នោះ​ដែរ ហើយ​យើង​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ជា​មួយ​គ្នា។ នៅ​ពេល​ក្រោយ​មក គាត់​បាន​រៀប​ការ ហើយ​គាត់​និង​ប្រពន្ធ​គាត់​ឈ្មោះ​ចូន បាន​ទៅ​សាលា​គី​លាត ធ្វើ​កិច្ច​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​លីបង់ ហើយ​បន្ទាប់​មក​បាន​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៅ​សហរដ្ឋអាម៉េរិក។

ភារកិច្ច​នៅ​បេតអែល

ភារកិច្ច​ដំបូង​របស់​ខ្ញុំ​នៅ​បេតអែល​គឺ​ដេរ​សៀវភៅ​នៅ​កន្លែង​ចង​ក្រង​សៀវភៅ។ សៀវភៅ​ដំបូង​ដែល​ខ្ញុំ​បាន​ដេរ គឺ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា តើ​សាសនា​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​មនុស្សជាតិ? ជា​ភាសា​អង់គ្លេស។ ក្រោយ​ពី​ខ្ញុំ​បាន​បម្រើ​អស់​ប្រហែល​ជា​៨​ខែ​ក្នុង​កន្លែង​ចង​ក្រង​សៀវភៅ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ ដែល​មាន​បង​ថូម៉ាស់ ស៊ូលីវេន​ជា​អ្នក​ត្រួត​ពិនិត្យ។ ខ្ញុំ​សប្បាយ​ចិត្ត​ធ្វើ​ការ​ជា​មួយ​គាត់ ហើយ​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​និង​ការ​យល់​ធ្លុះ​ជ្រៅ​របស់​គាត់​ខាង​គម្ពីរ​ដែល​គាត់​បាន​ទទួល​ក្នុង​កិច្ច​បម្រើ​អស់​ជា​យូរ​ឆ្នាំ​ក្នុង​អង្គការ​របស់​ព្រះ។

ក្រោយ​ពី​ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​បី​ឆ្នាំ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ បង​ម៉ាក់ស៍ ឡាសុន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​កន្លែង​បោះពុម្ព បាន​ប្រាប់​ថា​បង​ន័រ​ចង់​ជួប​ខ្ញុំ។ ខ្ញុំ​បាន​ឆ្ងល់​ថា​តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឬ? ខ្ញុំ​បាន​ធូរ​ចិត្ត​ពេល​ដែល​បង​ន័រ​និយាយ​ថា​គាត់​ចង់​ដឹង​ថា​តើ​ខ្ញុំ​មាន​គម្រោង​ចេញ​ពី​បេតអែល​នៅ​ពេល​អនាគត​ឬ​ទេ? គាត់​ត្រូវ​ការ​បុគ្គល​ម្នាក់​ដើម្បី​ធ្វើ​ការ​ក្នុង​ការិយាល័យ​របស់​គាត់​ជា​បណ្ដោះ​អាសន្ន ហើយ​ចង់​ដឹង​ថា​តើ​ខ្ញុំ​អាច​ធ្វើ​កិច្ច​ការ​នោះ​បាន​ឬ​ទេ? ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​គ្មាន​គម្រោង​ចេញ​ពី​បេតអែល​ទេ។ នៅ​ទី​បំផុត ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ការ​ក្នុង​ការិយាល័យ​របស់​គាត់​អស់​២០​ឆ្នាំ​ក្រោយ​មក។

ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ថា ខ្ញុំ​មិន​អាច​បង់​ថ្លៃ​នៃ​ការ​អប់រំ​ដែល​ខ្ញុំ​បាន​ទទួល​ដោយ​ធ្វើ​ការ​ជា​មួយ​បង​ស៊ូលីវេន និង​បង​ន័រ ហើយ​អ្នក​ឯ​ទៀត​នៅ​បេតអែល​ដូច​ជា​បង​មីលថុន ហេនសូល បង​ខ្លោស ចិនសិន បង​ម៉ាក់ស៍ ឡាសុន បង​ហ៊ូហ្គោ រី​មើ និង​បង​គ្រែន ស៊ូថឺ​ឡើយ។a

បង​ប្រុស​ៗ​ដែល​ខ្ញុំ​បាន​បម្រើ​ជា​មួយ មាន​របៀប​រៀប​រយ​ល្អ​ណាស់​ចំពោះ​កិច្ច​ការ​ដែល​ពួក​គាត់​បាន​ធ្វើ​ដើម្បី​អង្គការ​របស់​ព្រះ។ បង​ន័រ​ជា​អ្នក​ធ្វើ​ការ​យ៉ាង​ខ្នះ​ខ្នែង ដែល​ចង់​ឃើញ​កិច្ច​ការ​រាជាណាចក្រ​ចម្រើន​ឡើង​យ៉ាង​ច្រើន​បំផុត។ អ្នក​ដែល​បម្រើ​ក្នុង​ការិយាល័យ​របស់​គាត់ បាន​ឃើញ​ថា​គាត់​ជា​បុគ្គល​ដែល​ស្រួល​និយាយ​ជា​មួយ។ ទោះ​ជា​យើង​មាន​ទស្សនៈ​ខុស​គ្នា​ពី​គាត់​ចំពោះ​រឿង​ណា​មួយ​ក្ដី យើង​អាច​និយាយ​អំពី​មតិ​របស់​យើង​ដោយ​ឥត​លាក់​លៀម ហើយ​យើង​នៅ​តែ​ទទួល​ការ​ទុក​ចិត្ត​ពី​គាត់។

មាន​ពេល​មួយ បង​ន័រ​បាន​និយាយ​ជា​មួយ​ខ្ញុំ​អំពី​សេចក្ដី​ត្រូវ​ការ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​ដែល​មនុស្ស​ច្រើន​តែ​គិត​ថា​ជា​រឿង​តូច​តាច។ ជា​ឧទាហរណ៍ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពេល​គាត់​ជា​អ្នក​ត្រួត​ពិនិត្យ​កន្លែង​បោះពុម្ព បង​រ៉ូធើហ្វឺត​បាន​ទូរស័ព្ទ​ទៅ​គាត់ ហើយ​និយាយ​ថា​៖ ​«​បង​ន័រ ពេល​បង​ចេញ​ពី​កន្លែង​បោះពុម្ព​ដើម្បី​ញ៉ាំ​បាយ​នៅ​ពេល​ថ្ងៃ​ត្រង់ សូម​យក​ជ័រ​លុប​ខ្លះ​មក​ឲ្យ​ខ្ញុំ​ផង។ ខ្ញុំ​ត្រូវ​ការ​វា​នៅ​តុ​ខ្ញុំ​»។ បង​ន័រ​បាន​និយាយ​ថា អ្វី​ដែល​គាត់​ធ្វើ​មុន​គេ​បង្អស់​គឺ​ទៅ​បន្ទប់​សម្ភារ យក​ជ័រ​លុប ហើយ​ដាក់​ក្នុង​ហោប៉ៅ​របស់​គាត់។ រួច​មក​នៅ​ពេល​ថ្ងៃ​ត្រង់​គាត់​យក​វា​ទៅ​ការិយាល័យ​របស់​បង​រ៉ូធើហ្វឺត។ នេះ​ជា​រឿង​តិច​តួច ប៉ុន្តែ​ជា​កិច្ច​ការ​មួយ​ដែល​បាន​ជួយ​បង​រ៉ូធើហ្វឺត។ បន្ទាប់​មក​បង​ន័រ​ប្រាប់​ខ្ញុំ​ថា​៖ ​«​ខ្ញុំ​ចង់​មាន​ខ្មៅ​ដៃ​ស្រួច​នៅ​លើ​តុ​ខ្ញុំ។ ដូច្នេះ​សូម​សម្រួច​វា ហើយ​ដាក់​វា​នៅ​ទី​នោះ​រាល់​ព្រឹក​»។ អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្មៅ​ដៃ​របស់​គាត់​បាន​ត្រូវ​សម្រួច។

បង​ន័រ​បាន​និយាយ​ច្រើន​ដង​អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​គេ​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​មួយ។ មាន​ពេល​មួយ គាត់​បាន​ឲ្យ​ខ្ញុំ​នូវ​ការ​ណែនាំ​ជាក់​លាក់​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​មួយ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ទេ។ ជា​លទ្ធផល ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត ដូច្នេះ​ខ្ញុំ​បាន​សរសេរ​សំបុត្រ​ខ្លី​មួយ​ដែល​ថា​ខ្ញុំ​ស្ដាយ​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​មាន​អារម្មណ៍​ថា​ជា​ការ​ល្អ​ឲ្យ​គាត់​ផ្លាស់​ខ្ញុំ​ចេញ​ពី​ការិយាល័យ​របស់​គាត់​ទៅ​កន្លែង​ផ្សេង។ ក្រោយ​មក​នៅ​ព្រឹក​នោះ បង​ន័រ​បាន​មក​តុ​ខ្ញុំ។ គាត់​បាន​និយាយ​ថា​៖ ​«​រ៉ូបឺត ខ្ញុំ​បាន​ទទួល​សំបុត្រ​របស់​ប្អូន។ ប្អូន​បាន​ធ្វើ​ខុស។ ខ្ញុំ​បាន​និយាយ​ជា​មួយ​ប្អូន​អំពី​រឿង​នេះ ហើយ​ខ្ញុំ​ដឹង​ប្រាកដ​ថា​លើក​ក្រោយ​ប្អូន​នឹង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ជាង។ ឥឡូវ​ចូរ​យើង​ទាំង​ពីរ​នាក់​បន្ត​ធ្វើ​ការ​»។ ខ្ញុំ​ដឹង​គុណ​ខ្លាំង​ណាស់​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​សប្បុរស​របស់​គាត់។

ចិត្ត​ប្រាថ្នា​ចង់​រៀប​ការ

ខ្ញុំ​បាន​បម្រើ​នៅ​បេតអែល​អស់​៨​ឆ្នាំ​ហើយ ហើយ​គ្មាន​គម្រោង​ក្រៅ​ពី​បន្ត​បម្រើ​នៅ​បេតអែល​ទេ។ ប៉ុន្តែ គំនិត​នេះ​បាន​ផ្លាស់​ប្ដូរ។ នៅ​គ្រា​មាន​មហា​សន្និបាត​អន្តរជាតិ​នៅ​កីឡាដ្ឋាន​យ៉ាងគី​និង​កីឡាដ្ឋាន​ប៉ូឡូ​នា​ឆ្នាំ​១៩៥៨ ខ្ញុំ​បាន​ជួប​ឡារ៉ែន ប៊្រុក ដែល​ខ្ញុំ​ធ្លាប់​ជួប​នៅ​ឆ្នាំ​១៩៥៥​ពេល​គាត់​ត្រួស​ត្រាយ​នៅ​ក្រុង​ម៉ុងរ៉េអា​ល​ប្រទេស​កាណាដា។ ខ្ញុំ​ស្ងើចសរសើរ​ចំពោះ​ចិត្ត​គំនិត​របស់​គាត់​អំពី​កិច្ច​បម្រើ​ពេញ​ពេល និង​ចិត្ត​គំនិត​របស់​គាត់​ដែល​ព្រម​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​អង្គការ​ព្រះ​យេហូវ៉ា​ចាត់​ឲ្យ​គាត់​ទៅ។ ឡារ៉ែន​បាន​មាន​គោល​ដៅ​ទៅ​សាលា​គី​លាត។ កាល​ដែល​គាត់​មាន​អាយុ​២២​ឆ្នាំ គាត់​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​មក​សាលា​គី​លាត​ជំនាន់​ទី​២៧ នៅ​ឆ្នាំ​១៩៥៦។ បន្ទាប់​ពី​រៀន​ចប់ គាត់​បាន​ទទួល​ភារកិច្ច​ធ្វើ​ជា​សាសនទូត​នៅ​ប្រទេស​ប្រេស៊ីល។ ឡារ៉ែន​និង​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​នៅ​ឆ្នាំ​១៩៥៨ ហើយ​គាត់​បាន​ព្រម​រៀប​ការ​ជា​មួយ​ខ្ញុំ។ យើង​មាន​គម្រោង​រៀប​ការ​នៅ​ឆ្នាំ​បន្ទាប់ ហើយ​បាន​សង្ឃឹម​ថា​អាច​ចូល​បម្រើ​ជា​សាសនទូត​ជា​មួយ​គ្នា។

កាល​ដែល​ខ្ញុំ​ប្រាប់​បង​ន័រ​អំពី​គម្រោង​នេះ គាត់​បាន​ផ្ដល់​យោបល់​ឲ្យ​យើង​ចាំ​បី​ឆ្នាំ ក្រោយ​មក​រៀប​ការ​ហើយ​បម្រើ​នៅ​បេតអែល​ក្រុង​ប៊្រុគ្លីន។ នៅ​ពេល​នោះ ដើម្បី​ឲ្យ​គូ​ស្វាមីភរិយា​បន្ត​នៅ​បេតអែល​ក្រោយ​ពី​រៀប​ការ គូ​ម្នាក់​ត្រូវ​បម្រើ​នៅ​បេតអែល​អស់​១០​ឆ្នាំ​ឬ​ច្រើន​ជាង ហើយ​ម្នាក់​ទៀត​ត្រូវ​បម្រើ​យ៉ាង​ហោច​ណាស់​អស់​បី​ឆ្នាំ។ ដូច្នេះ ឡារ៉ែន​ព្រម​បម្រើ​ពីរ​ឆ្នាំ​នៅ​បេតអែល​ប្រទេស​ប្រេស៊ីល រួច​មួយ​ឆ្នាំ​នៅ​បេតអែល​ក្រុង​ប៊្រុគ្លីន មុន​យើង​រៀប​ការ។

វិធី​ទាក់​ទង​គ្នា​ក្នុង​អំឡុង​ពីរ​ឆ្នាំ​ដំបូង​នៃ​ការ​ភ្ជាប់​ពាក្យ​របស់​យើង គឺ​តាម​រយៈ​សំបុត្រ​ប៉ុណ្ណោះ។ ប្រើ​ទូរស័ព្ទ​គឺ​ថ្លៃ​ពេក ហើយ​គ្មាន​អ៊ីមែល​នៅ​ពេល​នោះ​ទេ! កាល​ដែល​យើង​រៀប​ការ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​១៩៦១ យើង​មាន​ឯកសិទ្ធិ​មាន​បង​ន័រ​ថ្លែង​សុន្ទរកថា​អាពាហ៍ពិពាហ៍​របស់​យើង។ ពិត​មែន យើង​មាន​អារម្មណ៍​ថា​ប៉ុន្មាន​ឆ្នាំ​ដែល​យើង​ត្រូវ​រង់​ចាំ​នោះ ហាក់​ដូច​ជា​ពេល​យូរ។ ប៉ុន្តែ​ឥឡូវ​នេះ កាល​ដែល​យើង​រំពឹង​គិត​ដោយ​ស្កប់​ចិត្ត​និង​អំណរ​អំពី​អាពាហ៍ពិពាហ៍​របស់​យើង​អស់​ជាង​៥០​ឆ្នាំ យើង​យល់​ស្រប​គ្នា​ថា​ការ​រង់​ចាំ​របស់​យើង​គឺ​មាន​ប្រយោជន៍​មែន!

ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ

នៅ​ឆ្នាំ​១៩៦៤ ខ្ញុំ​បាន​ទទួល​ឯកសិទ្ធិ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឯ​ទៀត​ជា​អ្នក​ត្រួត​ពិនិត្យ​តាម​ការិយាល័យ​សាខា។ នៅ​ពេល​នោះ​ប្រពន្ធ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ជា​មួយ​ប្ដី​របស់​ពួក​គាត់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទាំង​នោះ​ទេ។ ការ​រៀបចំ​នេះ​បាន​កែ​ប្រែ​នៅ​ឆ្នាំ​១៩៧៧ ហើយ​ប្រពន្ធ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ប្ដី​របស់​ពួក​គាត់។ នៅ​ឆ្នាំ​នោះ​ឡារ៉ែន​និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​បង​គ្រែន​និង​អេឌីត ស៊ូថឺ ពេល​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​សាខា​នៅ​ប្រទេស​អាឡឺម៉ង់ អូទ្រីស ក្រិច កោះ​ស៊ីប ទួរគី និង​អ៊ីស្រាអែល។ សរុប​ទៅ ខ្ញុំ​បាន​ទៅ​ប្រហែល​ជា​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភព​លោក។

ក្នុង​ទស្សនកិច្ច​មួយ​នៅ​ប្រទេស​ប្រេស៊ីល​នៅ​ឆ្នាំ​១៩៨០ យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេឡេម ជា​ក្រុង​មួយ​ដែល​នៅ​លើ​ខ្សែ​អេក្វាទ័រ ហើយ​ជា​កន្លែង​ដែល​ឡារ៉ែន​បាន​បម្រើ​ជា​សាសនទូត។ យើង​ក៏​បាន​ទៅ​ជួប​បង​ប្អូន​នៅ​ក្រុង​ម៉ាណោ​ដែរ។ ពេល​មាន​សុន្ទរកថា​ដែល​បាន​ត្រូវ​ថ្លែង​នៅ​ពហុ​កីឡាដ្ឋាន​មួយ យើង​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​អង្គុយ​ជា​មួយ​គ្នា​ដែល​មិន​ធ្វើ​តាម​ទម្លាប់​របស់​ជន​ជាតិ​ប្រេស៊ីល​ដែល​ស្ត្រី​ថើប​ថ្ពាល់​គ្នា ហើយ​បុរស​ចាប់​ដៃ​គ្នា​ឡើយ។ ហេតុ​អ្វី?

ពួក​គេ​ជា​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​មក​ពី​សហគមន៍​មនុស្ស​កើត​រោគ​ឃ្លង់​នៅ​ជ្រៅ​ក្នុង​ព្រៃ​ស្តុក​អាម៉ាហ្សូន។ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ ពួក​គេ​បាន​ជៀស​វាង​មិន​ប៉ះពាល់​អ្នក​ឯ​ទៀត​ដែល​នៅ​ទី​នោះ។ ប៉ុន្តែ​ពួក​គេ​ពិត​ជា​បាន​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង ហើយ​យើង​នឹង​មិន​ភ្លេច​អំណរ​ដែល​នៅ​លើ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ! ពាក្យ​របស់​អេសាយ​គឺ​ជា​ពាក្យ​ពិត​ដែល​ថា​៖ ​«​ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ​»។—អេ. ៦៥:១៤

ជីវិត​ដែល​មាន​គោល​បំណង​និង​មាន​ពរ

ឡារ៉ែន​និង​ខ្ញុំ​រំពឹង​គិត​ជា​រឿយ​ៗ​អំពី​រយៈ​ពេល​ជាង​៦​ទសវត្សរ៍​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ យើង​សប្បាយ​យ៉ាង​ខ្លាំង​ចំពោះ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​យើង​ដោយ​សារ​យើង​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ដឹក​នាំ​យើង​តាម​រយៈ​អង្គការ​របស់​លោក។ ទោះ​បី​ជា​ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ទូ​ទាំង​ពិភព​លោក​ដូច​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​ក្ដី ខ្ញុំ​នៅ​តែ​អាច​ធ្វើ​ការ​រាល់​ថ្ងៃ​ជា​ជំនួយ​ការ​របស់​គណៈ​អភិបាល ដោយ​បម្រើ​ជា​មួយ​នឹង​គណៈ​កម្មាធិការ​ខាង​ការ​ចាត់​ចែង និង​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ។ ខ្ញុំ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ឯកសិទ្ធិ​រួម​ចំណែក​តិច​តួច​ក្នុង​ការ​គាំ​ទ្រ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក។ យើង​តែង​តែ​កោត​ស្ងើច​ចំពោះ​ប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​ជា​ច្រើន​នាក់​ដែល​ជ្រើស​រើស​យក​កិច្ច​បម្រើ​ពេញ​ពេល​ដោយ​មាន​ចិត្ត​គំនិត​ដូច​អេសាយ ដែល​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ! សូម​ចាត់​ទូល​បង្គំ​ចុះ!​»។ (​អេ. ៦:៨​) បុគ្គល​មួយ​ក្រុម​ធំ​នេះ លើក​បញ្ជាក់​នូវ​ការ​ពិត​នៃ​ពាក្យ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែល​បាន​និយាយ​ប្រាប់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មុន​ថា​៖ ​«​ចូរ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ភ្លាម។ អ្នក​មិន​អាច​ដឹង​ថា​នេះ​នឹង​នាំ​ឲ្យ​អ្នក​មាន​ជីវិត​បែប​ណា​ទេ​»។

a ដើម្បី​អាន​ជីវប្រវត្ដិ​របស់​បង​ប្រុស​ខ្លះ​ទាំង​នេះ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស: បង​ថូម៉ាស ស៊ូលីវេន (​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៦៥​) បង​ខ្លោស ចិនសិន (​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៦៩​) បង​ម៉ាក់ស៍ ឡាសុន (​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៩៨៩​) បង​ហ៊ូហ្គោ រី​មើ (​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៦៤​) និង​បង​គ្រែន ស៊ូថឺ (​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៩៨៣​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក