គ្មានអ្នកណាអាចបម្រើម្ចាស់ពីរបានឡើយ
«គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ . . . អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។—ម៉ាថ. ៦:២៤
១-៣. (ក) តើក្រុមគ្រួសារជាច្រើនមានបញ្ហាអ្វីខ្លះខាងលុយកាក់ ហើយតើអ្នកខ្លះខំដោះស្រាយបញ្ហានោះយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) តើពួកគេមានការព្រួយបារម្ភអ្វីខ្លះស្តីអំពីការចិញ្ចឹមអប់រំកូន?
រាល់ថ្ងៃជេមដែលជាប្ដីរបស់ម៉ារីលីនបានត្រឡប់ពីធ្វើការដោយអស់កម្លាំងយ៉ាងខ្លាំង។a ប្រាក់ដែលគាត់រកបានស្ទើរតែមិនគ្រប់គ្រាន់ដើម្បីបង់អ្វីដែលពួកគេត្រូវការប្រចាំថ្ងៃ។ ម៉ារីលីនចង់ឲ្យប្ដីរបស់នាងមានជីវិតស្រួលជាង ហើយចង់ឲ្យជីម្មីដែលជាកូនប្រុសរបស់ពួកគេមានរបស់ល្អៗខ្លះដែលសិស្សរួមថ្នាក់របស់គាត់មាន។ ម៉ារីលីនក៏ចង់ជួយញាតិសន្ដានរបស់ពួកគេ ហើយចង់សន្សំលុយសម្រាប់ពេលអនាគតដែរ។ មិត្តភក្ដិជាច្រើនរបស់នាងបានរើទៅប្រទេសឯទៀតដើម្បីរកលុយបានច្រើនជាង។ ប៉ុន្តែ ពេលម៉ារីលីនបានគិតអំពីការទៅរស់នៅឆ្ងាយពីក្រុមគ្រួសាររបស់នាង នាងមិនដឹងប្រាកដថានាងគួរធ្វើអ្វីទេ។ ហេតុអ្វី?
២ ពេលគិតអំពីអ្វីដែលអាចកើតឡើងបើនាងចាកចេញពីក្រុមគ្រួសារជាទីស្រឡាញ់របស់នាង នោះបានធ្វើឲ្យម៉ារីលីនព្រួយបារម្ភ។ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា គឺជាសកម្មភាពមួយដែលក្រុមគ្រួសាររបស់ពួកគេធ្វើជាទៀងទាត់។ បើនាងនៅឆ្ងាយ តើពួកគេនឹងបន្តធ្វើនេះយ៉ាងដូចម្ដេច? ទោះជាយ៉ាងនេះក្ដី នាងបានរិះគិតថា អ្នកឯទៀតបានចេញទៅប្រទេសក្រៅអស់មួយរយៈពេល ហើយក្រុមគ្រួសាររបស់ពួកគេហាក់ដូចជានៅតែបម្រើព្រះយេហូវ៉ានៅឡើយ។ ប៉ុន្តែ នាងបានឆ្ងល់អំពីរបៀបដែលនាងអាចចិញ្ចឹមអប់រំជីម្មីពីចម្ងាយ។ តើនាងអាចជួយអប់រំកូនប្រុសរបស់នាង«ទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»តាមអ៊ីនធឺណិតបានឬទេ?—អេភ. ៦:៤
៣ ម៉ារីលីនបានស្វែងរកការណែនាំ។ ប្ដីរបស់នាងមិនចង់ឲ្យនាងចាកចេញទេ ទោះជាយ៉ាងនេះក្ដី គាត់បាននិយាយថាគាត់មិនខំឃាត់នាងទេ។ ពួកអ្នកចាស់ទុំនិងអ្នកខ្លះទៀតក្នុងក្រុមជំនុំបានឲ្យយោបល់មិនឲ្យនាងទៅនៅក្រៅប្រទេសទេ ប៉ុន្តែបងប្អូនស្រីរួមជំនឿមួយចំនួនបានដាស់តឿននាងឲ្យទៅ។ ពួកគេបានប្រាប់នាងថា៖ «បើបងស្រឡាញ់ក្រុមគ្រួសាររបស់បង បងនឹងទៅ។ បងនៅតែអាចបម្រើព្រះយេហូវ៉ាបាន»។ ទោះជានាងមានការសង្ស័យក៏ដោយ ម៉ារីលីនបានលាជេមនិងជីម្មី ហើយបានចាកចេញទៅរកការងារនៅប្រទេសមួយទៀត។ នាងបានសន្យាថា៖ «ខ្ញុំនឹងមិនទៅយូរទេ»។
កាតព្វកិច្ចចំពោះក្រុមគ្រួសារនិងគោលការណ៍គម្ពីរ
៤. ហេតុអ្វីមនុស្សជាច្រើននាក់ចាកចេញឆ្ងាយពីក្រុមគ្រួសាររបស់ខ្លួន? តើអ្នកណាច្រើនតែមើលថែរក្សាកូនរបស់ពួកគេ?
៤ ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកបម្រើរបស់លោកអត់អាហារឡើយ។ ក្នុងប្រវត្ដិសាស្ត្រ រាស្ត្ររបស់ព្រះយេហូវ៉ាបានរើទៅនៅតំបន់ផ្សេងដើម្បីឲ្យរួចផុតពីភាពក្រីក្រ។ (ទំនុក. ៣៧:២៥; សុភ. ៣០:៨) ដើម្បីជៀសផុតពីការអត់អាហារ យ៉ាកុបបានចាត់កូនប្រុសៗរបស់គាត់ទៅស្រុកអេស៊ីបដើម្បីទិញអាហារ។b (លោ. ៤២:១, ២) សព្វថ្ងៃនេះ មនុស្សភាគច្រើនដែលសម្រេចចិត្តធ្វើចំណាកស្រុក មិនចាកចេញពីប្រទេសរបស់ខ្លួនដោយសារពួកគេអត់អាហារទេ។ ប៉ុន្តែ ពួកគេប្រហែលជាពិបាក ដោយសារពួកគេជំពាក់បំណុលធ្ងន់ធ្ងរ។ អ្នកខ្លះទៀតប្រហែលជារស់នៅតំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយ។ ដោយសារពួកគេចង់មានរបស់ល្អជាង ហើយចង់មានជីវភាពសុខស្រួលជាង ពួកគេប្រហែលជាចាកចេញពីក្រុមគ្រួសាររបស់ខ្លួនទៅរស់នៅតំបន់ដែលស្រួលរកលុយជាង។ ពួកគេច្រើនតែទុកកូនដែលមិនទាន់គ្រប់អាយុឲ្យប្ដីឬប្រពន្ធរបស់ខ្លួន កូនធំ ជីដូនជីតា ញាតិសន្ដានឯទៀត ឬឲ្យមិត្តភក្ដិ មើលថែរក្សា។ ទោះជាការចាកចេញពីគូអាពាហ៍ពិពាហ៍ ឬពីកូនធ្វើឲ្យព្រួយចិត្តក៏ដោយ មនុស្សជាច្រើននាក់ដែលចាកចេញពីស្រុកទៅនៅក្រៅប្រទេសមានអារម្មណ៍ថាពួកគេគ្មានជម្រើសទេ។
៥, ៦. (ក) តើលោកយេស៊ូបានបង្រៀនអ្វីស្តីអំពីសុភមង្គលនិងសុវត្ថិភាព? (ខ) តើលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំទ្រព្យសម្បត្ដិអ្វី? (គ) តើតាមរបៀបណាព្រះយេហូវ៉ាឲ្យពរយើង?
៥ នៅសម័យលោកយេស៊ូ មនុស្សជាច្រើននាក់ជាអ្នកក្រ។ ពួកគេប្រហែលជាមានអារម្មណ៍ថា បើពួកគេមានលុយច្រើនជាង នោះពួកគេនឹងសប្បាយជាង ហើយមិនសូវព្រួយបារម្ភ។ (ម៉ាក. ១៤:៧) ប៉ុន្តែ លោកយេស៊ូមិនចង់ឲ្យពួកគេទុកចិត្តលើរបស់ដែលនៅតែមួយរយៈពេលប៉ុណ្ណោះនោះទេ។ លោកចង់ឲ្យពួកគេទុកចិត្តលើព្រះយេហូវ៉ា ដែលឲ្យពរដែលស្ថិតស្ថេរជារៀងរហូត។ នៅក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបានពន្យល់ថាសុភមង្គលនិងសុវត្ថិភាពពិតប្រាកដមិនអាស្រ័យទៅលើវត្ថុទ្រព្យ ឬការខំព្យាយាមរបស់យើងឡើយ ប៉ុន្តែអាស្រ័យទៅលើចំណងមិត្តភាពរវាងយើងនិងបិតារបស់យើងដែលនៅស្ថានសួគ៌វិញ។
៦ ក្នុងសេចក្ដីអធិដ្ឋានគំរូរបស់លោកយេស៊ូ លោកមិនបានបង្រៀនយើងឲ្យអធិដ្ឋានសុំឲ្យមានលុយកាក់ច្រើនទេ ប៉ុន្តែសុំឲ្យលោកបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់យើង ពោលគឺ«អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ»។ លោកបានបង្រៀនអ្នកស្ដាប់លោកយ៉ាងច្បាស់ថា៖ «ឈប់ប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅផែនដី . . . ចូរប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ»។ (ម៉ាថ. ៦:៩, ១១, ១៩, ២០) យើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរដល់យើងដូចលោកសន្យា។ ពររបស់ព្រះមិនគ្រាន់តែរួមបញ្ចូលការពេញចិត្តពីលោកប៉ុណ្ណោះទេ។ គឺជាការធានាថាលោកនឹងឲ្យអ្វីទាំងអស់ដែលយើងពិតជាត្រូវការ។ ពិតមែន របៀបតែមួយគត់ដើម្បីមានសុភមង្គលនិងសុវត្ថិភាពពិតប្រាកដ គឺទុកចិត្តលើបិតារបស់យើងដែលថែរក្សាយើងជាជាងទុកចិត្តលើលុយ។—សូមអាន ម៉ាថាយ ៦:២៤, ២៥, ៣១-៣៤
៧. (ក) តើព្រះយេហូវ៉ាបានប្រគល់ភារកិច្ចចិញ្ចឹមអប់រំកូនឲ្យអ្នកណា? (ខ) ហេតុអ្វីទាំងឪពុកទាំងម្ដាយត្រូវជួយចិញ្ចឹមអប់រំកូនរបស់ខ្លួន?
៧ ការ‹ស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុន›រួមបញ្ចូលការមានទស្សនៈដូចព្រះយេហូវ៉ាអំពីកាតព្វកិច្ចចំពោះក្រុមគ្រួសារ។ ច្បាប់ម៉ូសេមានគោលការណ៍នេះដែលជាប់ទាក់ទងនឹងគ្រិស្តសាសនិក គឺឪពុកម្ដាយត្រូវបង្ហាត់បង្រៀនកូនរបស់ខ្លួនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (សូមអាន ចោទិយកថា ៦:៦, ៧) ព្រះបានប្រគល់ភារកិច្ចនេះឲ្យឪពុកម្ដាយ មិនមែនជីដូនជីតា ឬអ្នកណាឯទៀតឡើយ។ ស្តេចសាឡូម៉ូនបាននិយាយថា៖ «កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។ (សុភ. ១:៨) ព្រះយេហូវ៉ាចង់ឲ្យក្រុមគ្រួសាររស់នៅជាមួយគ្នាដើម្បីទាំងឪពុកទាំងម្ដាយអាចបង្រៀននិងណែនាំកូនរបស់ពួកគេ។ (សុភ. ៣១:១០, ២៧, ២៨) ពេលកូនឮឪពុកម្ដាយនិយាយអំពីព្រះយេហូវ៉ា ហើយឃើញរបៀបដែលពួកគេបម្រើលោករាល់ថ្ងៃ ពួកគេអាចរៀនធ្វើដូច្នេះដែរ។
ផលវិបាកដែលមិនបានរំពឹងទុក
៨, ៩. (ក) តើការផ្លាស់ប្ដូរអ្វី ច្រើនតែកើតមានឡើងពេលឪពុកឬម្ដាយរស់នៅបែកពីក្រុមគ្រួសារ? (ខ) ពេលឪពុកម្ដាយនិងកូនមិនរស់នៅជាមួយគ្នា តើក្រុមគ្រួសារបែបនេះមានបញ្ហាអ្វីខ្លះខាងសីលធម៌និងខាងផ្លូវចិត្ត?
៨ បុគ្គលជាច្រើននាក់ដែលគិតចាកចេញពីក្រុមគ្រួសាររបស់ខ្លួនទទួលស្គាល់ថាការសម្រេចចិត្តរបស់ពួកគេប្រហែលជាបង្កើតឲ្យមានបញ្ហាខ្លះ។ ប៉ុន្តែអ្នកមិនអាចដឹងថាការសម្រេចចិត្តនេះនឹងប៉ះពាល់ក្រុមគ្រួសាររបស់អ្នកយ៉ាងណាទេ។ (សុភ. ២២:៣)c ពេលម៉ារីលីនបានចាកចេញ ភ្លាមៗនោះនាងចាប់ផ្ដើមមានការឈឺចាប់យ៉ាងខ្លាំងក្នុងចិត្តដោយសារនាងបែកពីក្រុមគ្រួសាររបស់នាង។ ប្ដីនិងកូនប្រុសរបស់នាងក៏ឈឺចាប់ដូចនាងដែរ។ កុមារជីម្មីចេះតែសួរនាងថា៖ «ហេតុអីម៉ាកទៅចោលខ្ញុំ?»។ ម៉ារីលីនបានគ្រោងទៅតែប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែកាលដែលច្រើនឆ្នាំកន្លងទៅ នាងបានកត់សម្គាល់ថាក្រុមគ្រួសាររបស់នាងបានផ្លាស់ប្ដូរ នេះបានធ្វើឲ្យនាងព្រួយបារម្ភ។ ជីម្មីមិនមែនជាក្មេងប្រុសដូចនាងធ្លាប់ស្គាល់នោះឡើយ។ គាត់និយាយទៅនាងកាន់តែតិចទៅៗ ហើយមិនចង់ប្រាប់អំពីអារម្មណ៍របស់គាត់ទៀតទេ។ ម៉ារីលីននិយាយថា៖ «សេចក្ដីស្រឡាញ់របស់គាត់ចំពោះខ្ញុំបានបាត់អស់ហើយ»។
៩ ពេលឪពុកម្ដាយនិងកូនមិនរស់នៅជាមួយគ្នាជាក្រុមគ្រួសារ ពួកគេអាចមានបញ្ហាខាងផ្លូវចិត្តនិងខាងសីលធម៌។d កាលណាកូនមានអាយុកាន់តែតិច ហើយការបែកគ្នាកាន់តែយូរ នោះបញ្ហាគឺកាន់តែធ្ងន់ធ្ងរ។ ម៉ារីលីនបានពន្យល់ជីម្មីថានាងធ្វើការលះបង់គឺដើម្បីជាប្រយោជន៍ដល់គាត់។ ប៉ុន្តែចំពោះជីម្មីវិញ គាត់បានមានអារម្មណ៍ថាម្ដាយរបស់គាត់បានបោះបង់គាត់ចោល។ នៅដើមដំបូង គាត់ខឹងដោយសារនាងមិននៅផ្ទះ។ ប៉ុន្តែក្រោយមក ពេលនាងបានត្រឡប់មកលេង គាត់ខឹងដោយសារនាងនៅផ្ទះ។ ដូចក្មេងឯទៀតដែលបានបែកពីឪពុកម្ដាយរបស់ខ្លួន ជីម្មីបានគិតថាម្ដាយរបស់គាត់លែងមានសិទ្ធិតម្រូវឲ្យគាត់ស្រឡាញ់និងស្ដាប់បង្គាប់នាងទៀតហើយ។—សូមអាន សុភាសិត ២៩:១៥
១០. (ក) ពេលឪពុកម្ដាយឲ្យអំណោយជាជាងយកចិត្តទុកដាក់ឬចំណាយពេលជាមួយកូន តើអ្វីនឹងកើតឡើងដល់កូន? (ខ) ពេលឪពុកឬម្ដាយព្យាយាមចិញ្ចឹមអប់រំកូនរបស់ខ្លួនពីចម្ងាយ តើពួកគេមិនអាចធ្វើអ្វី?
១០ ដោយសារម៉ារីលីននៅឆ្ងាយពីជីម្មី នាងបានព្យាយាមធ្វើឲ្យជីវិតកូនបានល្អជាង ដោយផ្ញើលុយនិងអំណោយផ្សេងៗ។ ប៉ុន្តែនាងបានទទួលស្គាល់ថានាងកំពុងធ្វើឲ្យកូននាងឃ្លាតឆ្ងាយពីនាង។ នាងកំពុងបង្រៀនគាត់ឲ្យស្រឡាញ់លុយជាងក្រុមគ្រួសាររបស់គាត់ ឬព្រះយេហូវ៉ាទៀតផង។ (សុភ. ២២:៦) ជីម្មីធ្លាប់ប្រាប់នាងថា៖ «កុំត្រឡប់មកវិញ។ ផ្ញើតែអំណោយមកទៀតបានហើយ»។ ម៉ារីលីនបានចាប់ផ្ដើមទទួលស្គាល់ថានាងមិនអាចចិញ្ចឹមអប់រំកូនគាត់ពីចម្ងាយតាមរយ:សំបុត្រ ការហៅទូរស័ព្ទ ឬនិយាយគ្នាតាមកុំព្យូទ័រឬតាមទូរស័ព្ទដោយមើលមុខគ្នាឃើញឡើយ។ នាងពន្យល់ថា៖ «តាមអ៊ីនធឺណិត យើងមិនអាចឱបកូនឬថើបគាត់ពេលចូលគេងបានទេ»។
១១. (ក) តើការរស់នៅបែកគ្នារបស់ប្ដីប្រពន្ធមួយគូដើម្បីការងារប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាបងស្រីម្នាក់បានទទួលស្គាល់ថាគាត់គួរតែត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់គាត់វិញ?
១១ ចំណងមិត្តភាពរវាងម៉ារីលីននឹងព្រះយេហូវ៉ាក៏បានចុះខ្សោយដែរ។ នាងបានចំណាយពេលជាមួយក្រុមជំនុំរបស់នាងតែមួយថ្ងៃឬតិចជាង ក្នុងមួយសប្ដាហ៍។ ទំនាក់ទំនងរវាងនាងនឹងប្ដីរបស់នាងក៏ចុះខ្សោយដែរ។ នាងត្រូវទប់ទល់នឹងចៅហ្វាយរបស់នាងដែលចង់រួមដំណេកជាមួយនាង។ ដោយសារជេមនិងម៉ារីលីនមិនអាចនិយាយគ្នាអំពីបញ្ហារបស់ពួកគេ ពួកគេប្រាប់អ្នកឯទៀតអំពីអារម្មណ៍របស់ពួកគេ ហើយជិតនឹងប្រព្រឹត្តអំពើផិតក្បត់។ ម៉ារីលីនបានទទួលស្គាល់ថា ទោះជានាងនិងប្ដីរបស់នាងមិនបានប្រព្រឹត្តអំពើផិតក្បត់ក៏ដោយ ពេលដែលពួកគេរស់នៅបែកគ្នា ពួកគេមិនអាចធ្វើតាមការណែនាំក្នុងគម្ពីរដែលឲ្យបំពេញសេចក្ដីត្រូវការខាងផ្លូវចិត្តនិងខាងផ្លូវភេទដល់គ្នាទៅវិញទៅមកបានទេ។ ដោយសារម៉ារីលីននិងជេមរស់នៅឆ្ងាយពីគ្នា ពួកគេមិនអាចចំណាយពេលជាមួយគ្នា ហើយយកចិត្តទុកដាក់ចំពោះគ្នាដែលគូស្វាមីភរិយាគួរតែធ្វើឡើយ។ (បទ. ១:២; ១កូ. ៧:៣, ៥) ពួកគេមិនអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយកូនរបស់ពួកគេបានឡើយ។ ម៉ារីលីននឹកចាំថា៖ «ពេលខ្ញុំបានរៀននៅមហាសន្និបាតមួយថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងទៀងទាត់គឺសំខាន់ចាំបាច់ដើម្បីឲ្យយើងរួចជីវិតនៅថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា នោះខ្ញុំបានយល់ថាខ្ញុំត្រូវត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារខ្ញុំវិញ។ ខ្ញុំត្រូវចាប់ផ្ដើមពង្រឹងក្រុមគ្រួសាររបស់ខ្ញុំនិងចំណងមិត្តភាពរវាងខ្ញុំនិងព្រះយេហូវ៉ាឡើងវិញ»។
ឱវាទល្អនិងឱវាទមិនល្អ
១២. តើឱវាទអ្វីពីគម្ពីរដែលអាចជួយពួកអ្នកដែលកំពុងរស់នៅបែកពីក្រុមគ្រួសាររបស់ខ្លួន?
១២ ពេលម៉ារីលីនបានសម្រេចចិត្តត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់នាងវិញ អ្នកខ្លះបានឲ្យឱវាទល្អ ហើយអ្នកខ្លះទៀតបានឲ្យឱវាទមិនល្អដល់នាង។ អ្នកចាស់ទុំនៅក្នុងក្រុមជំនុំរបស់នាងនៅប្រទេសក្រៅបានសរសើរនាងចំពោះជំនឿនិងចិត្តក្លាហានរបស់នាង។ ប៉ុន្តែអ្នកខ្លះទៀតដែលកំពុងរស់នៅឆ្ងាយពីគូអាពាហ៍ពិពាហ៍និងក្រុមគ្រួសាររបស់ពួកគេមិនបានធ្វើដូច្នេះទេ។ ជាជាងធ្វើតាមគំរូល្អរបស់នាង ពួកគេបានព្យាយាមឃាត់នាង។ ពួកគេបាននិយាយថា៖ «បន្ដិចទៀតបងនឹងត្រឡប់មកទីនេះវិញ។ បើបងត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញ តើបងនឹងដោះស្រាយបញ្ហាជីវភាពយ៉ាងដូចម្ដេច?»។ ជាជាងនិយាយអ្វីដែលធ្វើឲ្យធ្លាក់ទឹកចិត្ត គ្រិស្តសាសនិករួមជំនឿគួរតែ«ធ្វើឲ្យស្ត្រីវ័យក្មេង . . . ស្រឡាញ់ប្ដី ស្រឡាញ់កូន . . . ឧស្សាហ៍ធ្វើកិច្ចការផ្ទះ»ពោលគឺធ្វើកិច្ចការផ្ទះរបស់ខ្លួន «ដើម្បីកុំឲ្យអ្នកណានិយាយប្រមាថបណ្ដាំរបស់ព្រះ»។—សូមអាន ទីតុស ២:៣-៥
១៣, ១៤. ហេតុអ្វីយើងត្រូវមានជំនឿដើម្បីធ្វើខុសពីបំណងប្រាថ្នារបស់ក្រុមគ្រួសារ? សូមលើកឧទាហរណ៍។
១៣ មនុស្សជាច្រើននាក់ដែលចាកចេញពីក្រុមគ្រួសារដើម្បីទៅធ្វើការនៅក្រៅប្រទេសបានធំឡើងនៅប្រទេសដែលចាត់ទុកប្រពៃណីនិងភារកិច្ចចំពោះក្រុមគ្រួសារ ជាពិសេសចំពោះឪពុកម្ដាយថាសំខាន់ជាងអ្វីៗទៀតទាំងអស់។ គ្រិស្តសាសនិកត្រូវមានជំនឿខ្លាំងដើម្បីធ្វើខុសពីបំណងប្រាថ្នារបស់ក្រុមគ្រួសារខ្លួន ពេលដែលបំណងប្រាថ្នាទាំងនោះមិនធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តទេ។
១៤ សូមពិចារណាអំពីរឿងរបស់ខារ៉ិន។ គាត់និយាយថា៖ «ពេលដនដែលជាកូនប្រុសរបស់ខ្ញុំបានកើតមក ប្ដីរបស់ខ្ញុំនិងខ្ញុំកំពុងធ្វើការនៅក្រៅប្រទេស ហើយខ្ញុំទើបតែបានចាប់ផ្ដើមសិក្សាគម្ពីរ។ គ្រប់គ្នាក្នុងក្រុមគ្រួសាររបស់ខ្ញុំបានសង្ឃឹមថាខ្ញុំនឹងបញ្ជូនដនត្រឡប់ទៅផ្ទះវិញដើម្បីឲ្យឪពុកម្ដាយរបស់ខ្ញុំចិញ្ចឹមអប់រំគាត់រហូតដល់យើងមានលុយគ្រប់គ្រាន់»។ ពេលខារ៉ិនបានទាមទារចិញ្ចឹមអប់រំដនដោយខ្លួននាង សាច់ញាតិរបស់នាង រួមទាំងប្ដីនាងបានហៅនាងថាជាមនុស្សខ្ជិល ហើយសើចចំអកឲ្យនាង។ ខារ៉ិននិយាយថា៖ «និយាយតាមត្រង់ទៅ នៅពេលនោះខ្ញុំមិនយល់ច្បាស់ថាការទុកដនឲ្យនៅជាមួយឪពុកម្ដាយខ្ញុំប៉ុន្មានឆ្នាំជាអ្វីដែលខុសនោះទេ។ ប៉ុន្តែខ្ញុំបានដឹងថាព្រះយេហូវ៉ាបានប្រគល់ឲ្យយើងជាឪពុកម្ដាយរបស់គាត់នូវភារកិច្ចចិញ្ចឹមអប់រំកូនរបស់យើង»។ ពេលខារ៉ិនមានផ្ទៃពោះម្ដងទៀត ប្ដីរបស់នាងដែលមិនមែនជាអ្នកជឿបានទាមទារឲ្យនាងពន្លូតកូន។ ការសម្រេចចិត្តដ៏ល្អដែលខារ៉ិនបានធ្វើពីមុនបានពង្រឹងជំនឿរបស់នាង ហើយនាងបានកាន់ជំហរមាំមួនខាងព្រះយេហូវ៉ាម្ដងទៀត។ ឥឡូវនេះ នាង ប្ដីរបស់នាងនិងកូនៗរបស់ពួកគេសប្បាយរីករាយដោយសារពួកគេទាំងអស់គ្នាបានរស់នៅជុំគ្នា។ បើខារ៉ិនបញ្ជូនកូនម្នាក់ឬទាំងពីរនាក់របស់នាងឲ្យអ្នកឯទៀតចិញ្ចឹមអប់រំ នោះអាចមានលទ្ធផលខុសគ្នា។
១៥, ១៦. (ក) សូមរៀបរាប់អំពីរបៀបដែលបងវីកគីបានត្រូវចិញ្ចឹមអប់រំកាលដែលគាត់នៅជាកុមារ។ (ខ) ហេតុអ្វីគាត់បានសម្រេចចិត្តមិនចិញ្ចឹមអប់រំកូនស្រីរបស់គាត់តាមរបៀបដូចគ្នានេះ?
១៥ សាក្សីម្នាក់ឈ្មោះវីកគីរៀបរាប់ថា៖ «ខ្ញុំបានត្រូវជីដូនខ្ញុំចិញ្ចឹមអប់រំអស់ប៉ុន្មានឆ្នាំ កាលដែលឪពុកម្ដាយខ្ញុំបានទុកប្អូនស្រីខ្ញុំឲ្យនៅជាមួយនឹងពួកគាត់។ ពេលដែលខ្ញុំត្រឡប់មករស់នៅជាមួយនឹងឪពុកម្ដាយខ្ញុំវិញ អារម្មណ៍របស់ខ្ញុំចំពោះពួកគាត់បានផ្លាស់ប្ដូរ។ ប្អូនស្រីខ្ញុំមានអារម្មណ៍ស្រួលប្រាប់ពួកគាត់អំពីអ្វីដែលនៅក្នុងចិត្តនាង ឱបពួកគាត់ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងពួកគាត់។ ខ្ញុំមានអារម្មណ៍ថាមិនសូវជិតស្និទ្ធជាមួយនឹងឪពុកម្ដាយខ្ញុំទេ រហូតដល់ខ្ញុំពេញវ័យ ខ្ញុំពិបាកបង្ហាញពួកគាត់អំពីអារម្មណ៍ពិតរបស់ខ្ញុំ។ ប្អូនស្រីខ្ញុំនិងខ្ញុំបានពង្រឹងទំនុកចិត្តឪពុកម្ដាយខ្ញុំថាយើងនឹងមើលថែរក្សាពួកគាត់ពេលពួកគាត់មានវ័យចាស់។ ប៉ុន្តែខ្ញុំនឹងធ្វើដូច្នោះដោយសារជាភារកិច្ចរបស់ខ្ញុំ កាលដែលប្អូនស្រីខ្ញុំនឹងមើលថែរក្សាពួកគាត់ដោយសារនាងស្រឡាញ់ពួកគាត់»។
១៦ បងវីកគីនិយាយថា៖ «ឥឡូវនេះម្ដាយខ្ញុំចង់ឲ្យខ្ញុំបញ្ជូនកូនស្រីខ្ញុំទៅឲ្យគាត់ចិញ្ចឹមអប់រំ ដូចកាលដែលគាត់បានបញ្ជូនខ្ញុំទៅម្ដាយរបស់គាត់។ ខ្ញុំបានបដិសេធដោយស្លូតបូត។ ប្ដីខ្ញុំនិងខ្ញុំចង់ចិញ្ចឹមអប់រំកូនរបស់យើងតាមរបៀបរបស់ព្រះយេហូវ៉ា។ ខ្ញុំមិនចង់បង្ខូចទំនាក់ទំនងរបស់ខ្ញុំនៅពេលអនាគតជាមួយនឹងកូនស្រីខ្ញុំទេ»។ បងវីកគីបានរៀនថារបៀបតែមួយគត់ដើម្បីបានជោគជ័យ គឺស្រឡាញ់ព្រះយេហូវ៉ានិងគោលការណ៍របស់លោកជាងវត្ថុទ្រព្យនិងជាងក្រុមគ្រួសារ។ លោកយេស៊ូបានមានប្រសាសន៍យ៉ាងច្បាស់ថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរ» ពោលគឺខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ។—ម៉ាថ. ៦:២៤; និក្ខ. ២៣:២
ព្រះយេហូវ៉ាធ្វើឲ្យការខំព្យាយាមរបស់យើង«ចំរើនឡើង»
១៧, ១៨. (ក) តើគ្រិស្តសាសនិកពិតតែងតែមានជម្រើសអ្វី? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះនៅអត្ថបទបន្ទាប់?
១៧ ព្រះយេហូវ៉ាដែលជាបិតារបស់យើងបានសន្យាថាលោកនឹងផ្ដល់ឲ្យយើងនូវអ្វីទាំងអស់ដែលយើងពិតជាត្រូវការ បើយើងចាត់ទុករាជាណាចក្រនិងសេចក្ដីសុចរិតរបស់លោកជាអ្វីសំខាន់បំផុតក្នុងជីវិតរបស់យើង។ (ម៉ាថ. ៦:៣៣) ហេតុនេះ គ្រិស្តសាសនិកពិតតែងតែមានជម្រើស។ ព្រះយេហូវ៉ាសន្យាថាលោកនឹងរៀបចំ«ផ្លូវចេញ»ឲ្យយើងដែលមិនតម្រូវឲ្យយើងបោះបង់ចោលគោលការណ៍គម្ពីរ ទោះជាយើងប្រឈមមុខនឹងការពិបាកយ៉ាងណាក៏ដោយ។ (សូមអាន កូរិនថូសទី១ ១០:១៣) កាលដែលយើង«រង់ចាំ»ព្រះយេហូវ៉ា កាលដែលយើង«ទុកចិត្តដល់ទ្រង់» ដោយអធិដ្ឋានសុំប្រាជ្ញានិងការណែនាំពីលោក និងដោយធ្វើតាមបញ្ញត្ដិនិងគោលការណ៍របស់លោក នោះ«ទ្រង់នឹងប្រោសឲ្យបានសំរេច»ឬនឹងចាត់វិធានការដើម្បីជួយយើង។ (ទំនុក. ៣៧:៥, ៧) ព្រះយេហូវ៉ានឹងឃើញការខំព្យាយាមរបស់យើង ហើយផ្ដល់ឲ្យយើងនូវអ្វីទាំងអស់ដែលយើងត្រូវការ។ បើយើងចាត់ទុកលោកថាសំខាន់បំផុត លោកនឹងធ្វើឲ្យជីវិតរបស់យើង«ចំរើនឡើង»។—សូមពិនិត្យបន្ថែម លោកុប្បត្តិ ៣៩:២៣
១៨ តើយើងអាចធ្វើអ្វីដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារការបែកគ្នានោះ? តើតាមរបៀបណាយើងអាចបំពេញសេចក្ដីត្រូវការខាងសម្ភាររបស់ក្រុមគ្រួសារយើងដោយមិនរស់នៅឆ្ងាយពីពួកគេ? ហើយដោយសេចក្ដីស្រឡាញ់ តើយើងអាចលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវអំពីរឿងនេះយ៉ាងដូចម្ដេច? អត្ថបទបន្ទាប់នឹងពិចារណាសំណួរទាំងនេះ។
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ
b ពេលធ្វើដំណើរម្ដងៗទៅស្រុកអេស៊ីប កូនប្រុសៗរបស់យ៉ាកុបប្រហែលជាបានចំណាយពេលមិនច្រើនជាងបីសប្ដាហ៍ ឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ។ ពេលយ៉ាកុបនិងកូនប្រុសៗរបស់គាត់បានរើទៅនៅស្រុកអេស៊ីបក្រោយមក ពួកគេបាននាំប្រពន្ធកូនរបស់ពួកគេទៅជាមួយ។—លោ. ៤៦:៦, ៧
c សូមមើលអត្ថបទដែលមានចំណងជើងថា«អន្ដោប្រវេសន៍ សេចក្ដីសង្ឃឹមនិងការពិត»នៅក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ខែកុម្ភៈ ឆ្នាំ២០១៣ ជាភាសាអង់គ្លេស។
d របាយការណ៍ពីប្រទេសផ្សេងៗបង្ហាញថាការរស់នៅបែកពីគូអាពាហ៍ពិពាហ៍ ឬកូន ដើម្បីទៅធ្វើការនៅក្រៅប្រទេស គឺជាកត្ដាមួយដែលបានធ្វើឲ្យអ្នកខ្លះមានបញ្ហាធ្ងន់ធ្ងរ។ បញ្ហាទាំងនេះរួមមានការផិតក្បត់ ការស្រឡាញ់មនុស្សភេទដូចគ្នា ឬការរួមភេទជាមួយសមាជិកគ្រួសារឬសាច់ញាតិរបស់ខ្លួន។ កូនក្មេងអាចមានបញ្ហានៅសាលារៀន។ ពួកគេប្រហែលជាខឹង តានតឹងចិត្ត ធ្លាក់ទឹកចិត្ត ឬថែមទាំងចង់ធ្វើអត្តឃាតទៀតផង។