មេរៀនទី៨
ជីវភាពគ្រួសារដែលផ្គាប់ព្រះហឫទ័យព្រះ
តើអ្វីជាឋានៈរបស់ប្ដីនៅក្នុងគ្រួសារ? (១)
តើប្ដីគួរតែប្រព្រឹត្តនឹងប្រពន្ធខ្លួនយ៉ាងដូចម្ដេច? (២)
តើឪពុកមានភារៈកិច្ចអ្វី? (៣)
តើអ្វីជាមុខនាទីរបស់ប្រពន្ធនៅក្នុងគ្រួសារ? (៤)
តើព្រះទ្រង់តម្រូវអ្វីពីឪពុកម្ដាយនិងពីកូន? (៥)
តើព្រះគម្ពីរមានទស្សនៈយ៉ាងណាអំពីការរស់នៅដាច់ពីគ្នានិងការលែងលះគ្នា? (៦, ៧)
១. ព្រះគម្ពីរប្រាប់ថាប្ដីជាមេនៃគ្រួសាររបស់គាត់។ (កូរិនថូសទី១ ១១:៣) ប្ដីត្រូវមានប្រពន្ធតែម្នាក់គត់។ ប្ដីប្រពន្ធគួរតែរៀបអាពាហ៍ពិពាហ៍ឲ្យសមត្រឹមត្រូវតាមច្បាប់។—ធីម៉ូថេទី១ ៣:២; ទីតុស ៣:១
២. ប្ដីគួរតែស្រឡាញ់ប្រពន្ធខ្លួនដូចស្រឡាញ់ខ្លួនឯងដែរ។ គាត់គួរតែប្រព្រឹត្តនឹងនាងដូចរបៀបដែលព្រះយេស៊ូប្រព្រឹត្តនឹងពួកអ្នកកាន់តាមទ្រង់។ (អេភេសូរ ៥:២៥, ២៨, ២៩) គាត់មិនគួរវាយប្រពន្ធគាត់ឬប្រព្រឹត្តនឹងនាងដោយរបៀបណាដ៏មិនត្រឹមត្រូវសោះឡើយ។ ផ្ទុយទៅវិញ គាត់គួរបង្ហាញដល់នាងនូវកិត្ដិយសនិងសេចក្ដីគោរព។—កូល៉ុស ៣:១៩; ពេត្រុសទី១ ៣:៧
៣. ឪពុកគួរតែខិតខំធ្វើការដើម្បីចិញ្ចឹមគ្រួសារ។ គាត់ត្រូវតែផ្ដល់ចំណីអាហារ សំលៀកបំពាក់ និងផ្ទះសម្បែងដល់ប្រពន្ធកូនរបស់គាត់។ ឪពុកក៏ត្រូវតែផ្ដល់របស់ដែលគ្រួសារគាត់ត្រូវការខាងវិញ្ញាណដែរ។ (ធីម៉ូថេទី១ ៥:៨) គាត់ធ្វើមេដឹកនាំក្នុងការជួយគ្រួសារគាត់រៀនអំពីព្រះនិងគោលបំណងរបស់ទ្រង់។—ចោទិយកថា ៦:៤-៩; អេភេសូរ ៦:៤
៤. ប្រពន្ធគួរតែធ្វើជាអ្នកជំនួយដ៏ល្អដល់ប្ដីរបស់នាង។ (លោកុប្បត្តិ ២:១៨) នាងគួរតែជួយប្ដីនាងក្នុងការបង្ហាត់បង្រៀនដល់កូន។ (សុភាសិត ១:៨) ព្រះយេហូវ៉ាតម្រូវប្រពន្ធឲ្យថែរក្សាគ្រួសារដោយសេចក្ដីស្រឡាញ់។ (សុភាសិត ៣១:១០, ១៥, ២៦, ២៧; ទីតុស ២:៤, ៥) នាងគួរតែមានសេចក្ដីគោរពយ៉ាងជ្រាលជ្រៅដល់ប្ដីនាង។—អេភេសូរ ៥:២២, ២៣, ៣៣
៥. ព្រះតម្រូវឲ្យពួកកូនៗស្ដាប់បង្គាប់ឪពុកម្ដាយរបស់គេ។ (អេភេសូរ ៦:១-៣) ទ្រង់តម្រូវឲ្យឪពុកម្ដាយបង្គាប់និងកែតម្រង់កូនរបស់គេ។ ឪពុកម្ដាយត្រូវតែចំណាយពេលវេលាជាមួយកូន ហើយសិក្សាព្រះគម្ពីរជាមួយពួកគេ និងត្រូវចេះគិតគូរដល់សេចក្ដីត្រូវការរបស់ពួកគេខាងវិញ្ញាណនិងខាងចិត្តផង។ (ចោទិយកថា ១១:១៨, ១៩; សុភាសិត ២២:៦, ១៥) ឪពុកម្ដាយមិនគួរអប់រំប្រដៅកូនដោយរបៀបដ៏ឃោរឃៅ ឬដ៏គ្មានចេះមេត្ដានោះឡើយ។—កូល៉ុស ៣:២១
៦. ពេលគូប្ដីប្រពន្ធមានការពិបាករកសម្រុះឲ្យត្រូវគ្នា ពួកគេគួរសាកអនុវត្តតាមដំបូន្មានព្រះគម្ពីរ។ ព្រះគម្ពីរដាស់តឿនយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ហើយឲ្យចេះអត់ឱនទោសគ្នាទៅវិញទៅមក។ (កូល៉ុស ៣:១២-១៤) បន្ទូលរបស់ព្រះឥតជំរុញឲ្យប្ដីប្រពន្ធរស់នៅដាច់ពីគ្នា ទុកជាវិធីដោះស្រាយបញ្ហាតូចតាចនោះឡើយ។ ប៉ុន្តែ ប្រពន្ធអាចសម្រេចចិត្តចាកចេញទៅនៅផ្សេងពីប្ដីបាន បើសិនជា (១) ប្ដីមានចិត្តរឹងរូសមិនព្រមគាំទ្រគ្រួសាររបស់ខ្លួន (២) ប្ដីសាហាវឃោរឃៅណាស់ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពនិងជីវិតរបស់នាង (៣) ការប្រឆាំងយ៉ាងខ្លាំងរបស់ប្ដីឃាត់ឃាំងមិនឲ្យនាងថ្វាយបង្គំព្រះយេហូវ៉ាបាន។—កូរិនថូសទី១ ៧:១២, ១៣
៧. គូប្ដីប្រពន្ធត្រូវតែមានចិត្តស្មោះនឹងគ្នា។ ការផិតគ្នាជាអំពើបាបប្រឆាំងនឹងព្រះហើយប្រឆាំងនឹងគូរបស់ខ្លួនផង។ (ហេព្រើរ ១៣:៤) ប្រសិនបើប្ដីឬប្រពន្ធរួមដំណេកជាមួយអ្នកផ្សេងដែលមិនមែនជាគូអាពាហ៍ពិពាហ៍ នោះជាករណីតែមួយគត់ដែលបទគម្ពីរឲ្យលែងលះគ្នា ហើយរៀបការយកគូថ្មីទៀតបាន។ (ម៉ាថាយ ១៩:៦-៩; រ៉ូម ៧:២, ៣) ព្រះយេហូវ៉ាទ្រង់ស្អប់ណាស់ពេលណាដែលមនុស្សលែងលះគ្នាដោយគ្មានមូលដ្ឋានតាមបទគម្ពីរ ហើយរៀបការយកគូថ្មីទៀតនោះ។—ម៉ាឡាគី ២:១៤-១៦
[រូបភាពនៅទំព័រ១៧]
ព្រះតម្រូវឲ្យឪពុកម្ដាយបង្គាប់ពួកកូនរបស់គេ ហើយកែតម្រង់ពួកគេផង
[រូបភាពនៅទំព័រ១៧]
ឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងផ្ដល់ឲ្យគ្រួសាររបស់ខ្លួននូវរបស់ត្រូវការខាងរូបកាយនិងខាងវិញ្ញាណ