ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅពង្សាវតារក្សត្រទី១
«កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង»។ (សុភាសិត ២៩:២) សៀវភៅពង្សាវតារក្សត្រទីមួយបង្ហាញយ៉ាងរស់រវើកនូវសច្ចភាពនៃសុភាសិតនេះ។ សៀវភៅនេះរៀបរាប់អំពីព្រះជន្មរបស់សាឡូម៉ូន ដែលក្នុងកំឡុងការសោយរាជ្យរបស់ទ្រង់ នោះអ៊ីស្រាអែលពីសម័យបុរាណមានការរីកចំរើននិងមានសន្ដិសុខជាងគេ។ ពង្សាវតារក្សត្រទីមួយក៏រួមបញ្ចូលនូវកំណត់ហេតុអំពីការបែកគ្នាជាសាសន៍ពីរក្រោយស្តេចសាឡូម៉ូនសោយទិវង្គត និងអំពីកំណត់ហេតុនៃស្តេច១៤អង្គបន្ទាប់ពីទ្រង់ដែល ស្តេចខ្លះមកពីសាសន៍អ៊ីស្រាអែលនិងខ្លះទៀតពីសាសន៍យូដា។ មានតែស្តេចពីរអង្គទេដែលមានចិត្តស្មោះនឹងព្រះយេហូវ៉ាជានិច្ចនោះ។ បន្ថែមទៅទៀត សៀវភៅនេះរៀបរាប់នូវសកម្មភាពនៃព្យាការីប្រាំមួយនាក់ រួមបញ្ចូលអេលីយ៉ាដែរ។
សៀវភៅនេះត្រូវបានសរសេរនៅក្រុងយេរូសាឡិមនិងស្រុកយូដាដោយព្យាការីយេរេមា ដែលបញ្ជាក់អំពីព្រឹត្ដិការណ៍ក្នុងរយៈពេលប្រហែលជា១២៩ឆ្នាំ ពោលគឺពីឆ្នាំ១០៤០មុនគ.ស.ដល់៩១១មុនគ.ស.។ កាលដែលយេរេមាប្រមូលព័ត៌មាន តាមមើលទៅគាត់បានពិនិត្យមើលឯកសារពីបុរាណ ដូចជា«សៀវភៅពីកិច្ចការរបស់សាឡូម៉ូន»។ ឯកសារនោះនិងឯកសារឯទៀតពីបុរាណគឺលែងមានទៀតហើយ។—ពង្សាវតារក្សត្រទី១ ១១:៤១; ១៤:១៩; ១៥:៧
ស្តេចដែលប្រកបដោយប្រាជ្ញា នាំឲ្យមានសន្ដិភាពនិងការរីកចំរើន
(ពង្សាវតារក្សត្រទី១ ១:១–១១:៤៣)
ពង្សាវតារក្សត្រទីមួយចាប់ផ្ដើមដោយរៀបរាប់អំពីកំណត់ហេតុដ៏ចាប់អារម្មណ៍ ពោលគឺអ័ដូនីយ៉ាបុត្ររបស់ដាវីឌប៉ុនប៉ងដណ្ដើមយករាជ្យរបស់បិតាខ្លួន។ ដោយការអន្តរាគមន៍យ៉ាងឆាប់រហ័សរបស់ព្យាការីណាថាន់ធ្វើឲ្យឧបាយកលនោះឥតបានសម្រេចទេ។ ហើយសាឡូម៉ូនដែលជាបុត្ររបស់ដាវីឌត្រូវបានឡើងសោយរាជ្យវិញ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសំណូមពរនៃស្តេចថ្មីនេះ ហើយប្រទានសាឡូម៉ូននូវ«ចិត្តប្រកបដោយប្រាជ្ញា នឹងយោបល់» រួមទាំង«ទ្រព្យសម្បត្ដិនឹងកេរ្ដិ៍ឈ្មោះ»។ (ពង្សាវតារក្សត្រទី១ ៣:១២, ១៣) ស្តេចនេះមានប្រាជ្ញាខ្ពង់ខ្ពស់និងទ្រព្យសម្បត្ដិលើសលប់គ្មានអ្នកណាប្រៀបផ្ទឹមបានឡើយ។ សាសន៍អ៊ីស្រាអែលមានសន្ដិភាពនិងការរីកចំរើនអស់មួយរយៈ។
ក្នុងចំណោមការសាងសង់អគារ នោះសាឡូម៉ូនបានសង់ព្រះវិហាររបស់ព្រះយេហូវ៉ាព្រមទាំងអគារផ្សេងៗរបស់រដ្ឋាភិបាល។ ព្រះយេហូវ៉ាធ្វើឲ្យសាឡូម៉ូនទុកចិត្តថា៖ «អញនឹងតាំងរាជ្យឯងលើសាសន៍អ៊ីស្រាអែល ឲ្យនៅជាប់ជារៀងរាបតទៅ» ឲ្យតែស្តេចនេះនៅស្មោះភក្ដីជានិច្ច។ (ពង្សាវតារក្សត្រទី១ ៩:៤, ៥) ព្រះដ៏ពិតក៏ព្រមានស្តេចសាឡូម៉ូនអំពីលទ្ធផលនៃការមិនស្ដាប់បង្គាប់ដែរ។ ប៉ុន្តែ នៅទីបំផុត សាឡូម៉ូនមានជាយាជាច្រើនពីប្រទេសក្រៅ។ ក្រោមអានុភាពនៃជាយាទាំងនោះ សាឡូម៉ូនក៏ថ្វាយបង្គំព្រះមិនពិតក្នុងកាលដែលមានព្រះជន្មាយុចាស់។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ថាព្រះរាជាណាចក្ររបស់សាឡូម៉ូននឹងត្រូវបែកជាពីរ។ ស្តេចសាឡូម៉ូនសោយទិវង្គតនៅឆ្នាំ៩៩៧មុនគ.ស. នេះគឺជាទីបញ្ចប់នូវ៤០ឆ្នាំនៃការសោយរាជ្យរបស់សាឡូម៉ូន។ រេហូបោមជាបុត្រត្រូវឡើងសោយរាជ្យជាបន្ទាប់។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១:៥—ហេតុអ្វីបានជាអ័ដូនីយ៉ាខំដណ្ដើមយករាជ្យក្នុងកាលដែលដាវីឌនៅរស់ដូច្នេះ? ព្រះគម្ពីរឥតចែងប្រាប់ទេ។ យ៉ាងណាក៏ដោយ យើងអាចសន្និដ្ឋានដោយសមហេតុសមផលថា ចាប់តាំងពីបងប្រុសរបស់គាត់ ពោលគឺអាំណូននិងអាប់សាឡំមបានសោយទិវង្គត គីលាបក៏ប្រហែលជាសោយទិវង្គតដែរ នោះអ័ដូនីយ៉ាគិតថាជាបុត្រច្បងដែលនៅរស់ នោះគាត់មានសិទ្ធិគ្រប់គ្រងជាស្តេច។ (សាំយូអែលទី២ ៣:២-៤; ១៣:២៨, ២៩; ១៨:១៤-១៧) អ័ដូនីយ៉ាប្រហែលជាមានទំនុកចិត្តថា ការដណ្ដើមយករាជ្យនឹងប្រកបដោយជោគជ័យ ពីព្រោះគាត់មានការគាំទ្រពីបុគ្គលដែលមានអំណាចពីរនាក់គឺឧត្តមសេនីយ៍យ៉ូអាប់និងសម្ដេចសង្ឃអ័បៀថើរ។ ព្រះគម្ពីរមិនបានចែង ថាតើគាត់បានដឹងនូវបំណងព្រះហឫទ័យរបស់ដាវីឌអំពីការឲ្យសាឡូម៉ូនសោយរាជ្យនោះទេ។ យ៉ាងណាក៏ដោយ អ័ដូនីយ៉ាមិនបានអញ្ជើញសាឡូម៉ូននិងអ្នកឯទៀតដែលមានចិត្តភក្ដីចំពោះដាវីឌមកធ្វើ‹យញ្ញបូជា›ទេ។ (ពង្សាវតារក្សត្រទី១ ១:៩, ១០) នេះបង្ហើបថា គាត់ចាត់ទុកសាឡូម៉ូនជាគូប្រជែង។
១:៤៩-៥៣; ២:១៣-២៥—ហេតុអ្វីបានជាសាឡូម៉ូនសម្លាប់អ័ដូនីយ៉ា ក្រោយពីលើកលែងទោសឲ្យអ័ដូនីយ៉ាហើយនោះ? ទោះជាបាតសេបាមិនបានដឹងក៏ដោយ តែសាឡូម៉ូនយល់ធ្លុះនូវបំណងពិតនៃសំណូមពររបស់អ័ដូនីយ៉ាចំពោះការចង់បានអ័ប៊ីសាកជាជាយានោះ។ ទោះជាដាវីឌមិនបានរួមដំណេកជាមួយនឹងនាងក្ដី តែអ័ប៊ីសាកដ៏ស្រស់ស្អាតនេះត្រូវចាត់ទុកជាអ្នកម្នាងរបស់ដាវីឌ។ បើផ្អែកលើទំនៀមទំលាប់នៅសម័យនោះ នាងអ័ប៊ីសាកជាអ្នកម្នាងនៃអ្នកដែលមានសិទ្ធិគ្រងមត៌ករបស់ដាវីឌតែប៉ុណ្ណោះ។ អ័ដូនីយ៉ាប្រហែលជាគិតថា បើយកអ័ប៊ីសាកជាជាយា នោះគាត់អាចប្រកួតប្រជែងយករាជ្យម្ដងទៀត។ ពីព្រោះសាឡូម៉ូនយល់ថាសំណូមពររបស់អ័ដូនីយ៉ា គឺជាការសម្ដែងនូវការចង់បានរាជ្យទៅវិញ នោះសាឡូម៉ូនបានលុបចោលនូវការលើកលែងទោសវិញ។
៦:៣៧–៨:២—តើព្រះវិហាររបស់ព្រះត្រូវបានសម្ពោធនៅពេលណា? ព្រះវិហារត្រូវបានសង់ចប់នៅខែទីប្រាំបីនៃឆ្នាំ១០២៧មុនគ.ស. គឺនៅឆ្នាំទី១១នៃការសោយរាជ្យរបស់ស្តេចសាឡូម៉ូន។ ការរៀបចំតុទូនិងរៀបចំអ្វីផ្សេងៗទៀតស៊ីពេលវេលាអស់១១ខែ។ ការធ្វើពិធីសម្ពោធច្បាស់ជាប្រារព្ធឡើងនៅខែទីប្រាំពីរនៃឆ្នាំ១០២៦មុនគ.ស.។ ក្រោយពីការសង់ព្រះវិហារបានចប់ កំណត់ហេតុនេះក៏រៀបរាប់អំពីការសាងសង់អគារឯទៀតមុននឹងរៀបរាប់អំពីការធ្វើពិធីសម្ពោធ។ តាមមើលទៅគឺដើម្បីរៀបរាប់ឲ្យអស់អំពីដំណើរការនៃការសាងសង់អគារក្នុងកំឡុងពេលនោះ។—របាក្សត្រទី២ ៥:១-៣
៩:១០-១៣—ស្តេចសាឡូម៉ូនប្រទានទីក្រុង២០ពីស្រុកកាលីឡេថ្វាយមហាក្សត្រហ៊ីរ៉ាមនៃក្រុងទីរ៉ុស តើទង្វើនោះសមស្របនឹងក្រិត្យវិន័យម៉ូសេឬទេ? ក្រិត្យវិន័យនោះដូចបានចែងនៅលេវីវិន័យ ២៥:២៣, ២៤ គឺទាក់ទងតែដែនដីដែលកាន់កាប់ដោយពួកអ៊ីស្រាអែលប៉ុណ្ណោះ។ ហើយប្រហែលជាក្រុងទាំងប៉ុន្មានដែលសាឡូម៉ូនថ្វាយស្តេចហ៊ីរ៉ាម មានសាសន៍ដទៃរស់នៅ ថ្វីបើក្រុងទាំងនោះស្ថិតនៅដែនដីនៃស្រុកសន្យាក៏ដោយ។ (និក្ខមនំ ២៣:៣១) ការប្រព្រឹត្តរបស់ស្តេចសាឡូម៉ូន ក៏ប្រហែលជាបង្ហាញនូវការមិនស្ដាប់បង្គាប់តាមក្រិត្យវិន័យទាំងស្រុងដែរ ដូចនៅពេលដែលទ្រង់‹ចំរើនសេះជាច្រើនចំពោះខ្លួន› និងយកជាយាជាច្រើននាក់នោះ។ (ចោទិយកថា ១៧:១៦, ១៧) ទោះជាយ៉ាងណាក៏ដោយ ស្តេចហ៊ីរ៉ាមមិនសព្វព្រះហឫទ័យនឹងអំណោយនោះទេ។ ប្រហែលជាសាសន៍ដទៃមិនបានមើលថែរក្សាទីក្រុងទាំងនោះ ឬក៏ប្រហែលជាទីក្រុងនោះមិនស្ថិតនៅកន្លែងល្អ។
១១:៤—តើជម្ងឺភ្លេចភ្លាំងធ្វើឲ្យស្តេចសាឡូម៉ូនក្លាយទៅជាមិនស្មោះត្រង់ក្នុងកាលមានអាយុចាស់ជរាឬទេ? តាមមើលទៅទំនងជាមិនដូច្នេះឡើយ។ ពេលដែលសាឡូម៉ូនចាប់ផ្ដើមសោយរាជ្យ ទ្រង់នៅក្មេង ហើយទោះជាសោយរាជ្យអស់៤០ឆ្នាំក៏ដោយ ទ្រង់មិនទាន់ចាស់ជរានោះទេ។ ម្យ៉ាងវិញទៀត សាឡូម៉ូនមិនបានឈប់បំរើព្រះយេហូវ៉ាទាំងស្រុងទេ។ តាមមើលទៅ ទ្រង់បានព្យាយាមថ្វាយបង្គំព្រះយេហូវ៉ាផងនិងថ្វាយបង្គំព្រះមិនពិតផង។
មេរៀនសំរាប់យើង:
២:២៦, ២៧, ៣៥: ព្រះយេហូវ៉ាបានទាយយ៉ាងណានោះតែងតែបានសម្រេចជានិច្ច។ ការដកចេញអ័បៀថើរ ដែលជាកូនចៅរបស់អេលី ក៏បាន«សំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលពីដំណើរវង្សាអេលី»។ ដោយដកអ័បៀថើរចេញហើយដោយដាក់សាដុកដែលមកពីពូជពង្សរបស់ភីនេហាសជំនួសវិញនោះក៏សម្រេចពាក្យនៅជនគណនា ២៥:១០-១៣ដែរ។—និក្ខមនំ ៦:២៥; សាំយូអែលទី១ ២:៣១; ៣:១២; របាក្សត្រទី១ ២៤:៣
២:៣៧, ៤១-៤៦: គឺមានគ្រោះថ្នាក់មែនដោយគិតថា យើងមិនបាច់ស្ដាប់បង្គាប់ក្រិត្យវិន័យព្រះ ហើយគេចរួចផុតពីពិន័យនោះ! អស់អ្នកដែលចាកចេញដោយចេតនាពីការកាន់តាម‹ផ្លូវចង្អៀតដែលនាំទៅដល់ជីវិតជារៀងរហូត›នឹងរងលទ្ធផលនៃការសម្រេចចិត្តដែលមិនប្រកបដោយប្រាជ្ញា។—ម៉ាថាយ ៧:១៤
៣:៩, ១២-១៤: ព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិស្ឋានរបស់អ្នកបំរើទ្រង់ដែលអធិស្ឋានសុំដោយស្មោះនូវប្រាជ្ញា ការយល់ដឹង និងការណែនាំដើម្បីសម្រេចកិច្ចការរបស់ទ្រង់។—យ៉ាកុប ១:៥
៨:២២-៥៣: សាឡូម៉ូនបានសម្ដែងនូវអំណរគុណអស់ពីដួងចិត្តចំពោះព្រះយេហូវ៉ា ជាព្រះដែលប្រកបដោយសេចក្ដីសប្បុរសដ៏ស្មោះ ជាព្រះសម្រេចនៃសេចក្ដីសន្យា និងជាព្រះដែលស្ដាប់សេចក្ដីអធិស្ឋានដែរ! ដោយរំពឹងគិតពាក្យអធិស្ឋានដែលសាឡូម៉ូនបានថ្លែងក្នុងកាលដែលធ្វើពិធីសម្ពោធ ធ្វើឲ្យយើងចេះដឹងគុណចំពោះគុណសម្បត្ដិទាំងនេះ និងទិដ្ឋភាពផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់ព្រះ។
១១:៩-១៤, ២៣, ២៦: នៅពេលដែលសាឡូម៉ូនមិនស្ដាប់បង្គាប់ព្រះក្នុងកាលចាស់ទៅ ព្រះយេហូវ៉ាបាននាំឲ្យកើតមានអ្នកប្រឆាំង។ សាវ័កពេត្រុសពោលថា៖ «ព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ»។—ពេត្រុសទី១ ៥:៥
១១:៣០-៤០: ស្តេចសាឡូម៉ូនរកសម្លាប់យេរ៉ូបោមពីព្រោះអ្វីដែលអ័ហ៊ីយ៉ាបានទាយអំពីគាត់។ សែសិបឆ្នាំមុននោះ ស្តេចសាឡូម៉ូនមានប្រតិកម្មខុសគ្នាមែន នៅពេលដែលទ្រង់បដិសេធសងសឹកអ័ដូនីយ៉ានិងពួកអ្នកឯទៀតដែលរួមគំនិតក្បត់! (ពង្សាវតារក្សត្រទី១ ១:៥០-៥៣) ការប្រែចិត្តនេះគឺដោយសារការដកខ្លួនចេញពីព្រះយេហូវ៉ា។
ព្រះរាជាណាចក្រដែលធ្លាប់ឯកភាព ត្រូវបែកគ្នាជាពីរ
(ពង្សាវតារក្សត្រទី១ ១២:១–២២:៥៣)
យេរ៉ូបោមនិងប្រជាជនមកគាល់ស្តេចរេហូបោមទូលសុំទ្រង់ឲ្យបន្ធូរបន្ទុក ដែលសាឡូម៉ូនជាបិតាបានដាក់មកលើប្រជាជន។ ជាជាងធ្វើតាមសំណូមពរនោះ ស្តេចរេហូបោមគំរាមកំហែងដាក់បន្ទុកកាន់តែធ្ងន់ឡើងទៀត។ កុលសម្ព័ន្ធដប់បានបះបោរហើយតាំងយេរ៉ូបោមជាស្តេច។ ព្រះរាជាណាចក្រត្រូវបែកគ្នាជាពីរ។ រេហូបោមគ្រប់គ្រងលើព្រះរាជាណាចក្រខាងត្បូង ដែលមានកុលសម្ព័ន្ធយូដានិងបេនយ៉ាមីន។ យេរ៉ូបោមគ្រប់គ្រងលើរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នៅតំបន់ខាងជើង។
ដើម្បីកុំប្រជាជនទៅថ្វាយបង្គំព្រះនៅក្រុងយេរូសាឡិម យេរ៉ូបោមបានតាំងកូនគោមាសពីរ មួយនៅដាន់ មួយទៀតនៅបេតអែល។ ក្នុងចំណោមអស់ទាំងស្តេចដែលគ្រប់គ្រងសាសន៍អ៊ីស្រាអែលក្រោយពីយេរ៉ូបោម គឺមានណាដាប ប្អាសា អេឡា ស៊ីមរី ធីបនី អំរី អ័ហាប់និងអ័ហាស៊ីយ៉ា។ ស្តេចដែលគ្រប់គ្រងសាសន៍យូដាក្រោយរេហូបោមគឺអ័ប៊ីយ៉ា អេសា យ៉ូសាផាត និងយ៉ូរ៉ាម។ ព្យាការីដែលមានសកម្មភាពក្នុងសម័យនៃស្តេចទាំងនេះគឺអ័ហ៊ីយ៉ា សេម៉ាយ៉ា និងបុរសសំណប់របស់ព្រះដែលមិនស្គាល់ឈ្មោះ ព្រមទាំងយេហ៊ូវ អេលីយ៉ានិងមីកាយ៉ា។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១៨:២១—ហេតុអ្វីក៏មនុស្សនៅស្ងៀម ពេលដែលអេលីយ៉ាបានសួរគេថាតើកាន់តាមព្រះយេហូវ៉ាឬក៏ព្រះបាល? នេះគឺប្រហែលជាពួកគេបានទទួលស្គាល់ថាពួកគេពុំបានផ្ដល់ភក្ដីភាពផ្ដាច់មុខថ្វាយព្រះយេហូវ៉ា ហើយដឹងថាខ្លួនមានកំហុស។ ឬប្រហែលជាមនសិការរបស់គេត្រូវបានស្ពឹកដល់ម្ល៉េះ ដែលពួកគេឃើញថាគ្មានអ្វីខុសចំពោះការថ្វាយបង្គំព្រះបាល ទោះជាពួកគេពោលអះអាងថាថ្វាយបង្គំព្រះយេហូវ៉ាដែរ។ ក្រោយពីព្រះយេហូវ៉ាសម្ដែងនូវព្រះចេស្ដារបស់ទ្រង់ទើបពួកគេបានលាន់មាត់ថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ»។—ពង្សាវតារក្សត្រទី១ ១៨:៣៩
២០:៣៤—ក្រោយពីព្រះយេហូវ៉ាអនុញ្ញាតឲ្យអ័ហាប់ឈ្នះលើពួកសាសន៍ស៊ីរី ហេតុអ្វីបានជាអ័ហាប់ទុកស្តេចបេនហាដាឌ់នៅរស់? ជាជាងសម្លាប់បេនហាដាឌ់ នោះអ័ហាប់ធ្វើកិច្ចព្រមព្រៀងឬសេចក្ដីសញ្ញាជាមួយនឹងបេនហាដាឌ់ ដែលត្រូវប្រគល់ថ្នល់ទាំងប៉ុន្មាននៅក្រុងដាម៉ាសថ្វាយអ័ហាប់ ហើយតាមមើលទៅដើម្បីបង្កើតផ្សារ។ មុននោះ បិតារបស់បេនហាដាឌ់ក៏បានប្រគល់ថ្នល់នៅក្រុងសាម៉ារីសំរាប់ធ្វើផ្សារដែរ។ ហេតុដូច្នេះហើយបេនហាដាឌ់ត្រូវបានដោះលែងដើម្បីឲ្យអ័ហាប់អាចបង្កើតការវិនិយោគនៅក្រុងដាម៉ាស។
មេរៀនសំរាប់យើង:
១២:១៣, ១៤: នៅពេលធ្វើការសម្រេចចិត្តដ៏សំខាន់ យើងគួរស្វែងរកឱវាទពីបុគ្គលដែលមានប្រាជ្ញានិងមានគំនិតចាស់ទុំ ដែលមានចំណេះច្រើនពីបទគម្ពីរ ហើយគោរពយ៉ាងខ្លាំងគោលការណ៍របស់ព្រះ។
១៣:១១-២៤: ឱវាទឬយោបល់ដែលហាក់ដូចជាសង្ស័យ ទោះជានោះមកពីអ្នកជឿគ្នីគ្នាដែលមានចិត្តស្មោះក៏ដោយ គួរយកមកប្រៀបធៀបនឹងការដឹកនាំដ៏ល្អពីព្រះបន្ទូលរបស់ព្រះ។—យ៉ូហានទី១ ៤:១
១៤:១៣: ព្រះយេហូវ៉ាពិនិត្យមើលយើងយ៉ាងហ្មត់ចត់ដើម្បីរកចំណុចល្អ។ ទោះជារកឃើញចំណុចល្អតែបន្ដិចបន្តួចក៏ដោយ ទ្រង់អាចធ្វើការល្អនោះឲ្យរីកចំរើន កាលដែលយើងខំប្រឹងបំរើទ្រង់។
១៥:១០-១៣: ដោយចិត្តក្លាហាន យើងត្រូវតែបដិសេធការក្បត់ជំនឿ និងលើកតម្កើងការថ្វាយបង្គំពិតវិញ។
១៧:១០-១៦: ភូមិសារិបតាមានស្ត្រីមេម៉ាយបានទទួលស្គាល់លោកអេលីយ៉ាជាព្យាការី ស្ត្រីនោះបានប្រព្រឹត្តចំពោះអេលីយ៉ាសមជាព្យាការីមែន ហើយព្រះយេហូវ៉ាប្រទានពរដល់នាងពីព្រោះនាងបានប្រព្រឹត្តដោយជំនឿ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏កត់សម្គាល់ការប្រព្រឹត្តដោយជំនឿរបស់យើង ហើយទ្រង់នឹងប្រទានរង្វាន់ដល់អស់អ្នកដែលគាំទ្រកិច្ចការខាងព្រះរាជាណាចក្រតាមរបៀបផ្សេងៗដែរ។—ម៉ាថាយ ៦:៣៣; ១០:៤១, ៤២; ហេព្រើរ ៦:១០
១៩:១-៨: នៅពេលដែលប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង យើងអាចទុកចិត្តលើការគាំទ្រពីព្រះយេហូវ៉ា។—កូរិនថូសទី២ ៤:៧-៩
១៩:១០, ១៤, ១៨: អ្នកថ្វាយបង្គំពិត មិនដែលនៅតែឯងទេ។ ពួកគាត់មានព្រះយេហូវ៉ានិងមានភាតរភាពអន្តរជាតិ។
១៩:១១-១៣: ព្រះយេហូវ៉ាមិនមែនជាព្រះធម្មជាតិទេ។
២០:១១: នៅពេលដែលបេនហាដាឌ់បានអួតអំពីការកំទេចចោលក្រុងសាម៉ារី នោះស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា៖ «កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញ»ក្រោយពីឈ្នះសង្គ្រាមនោះឡើយ។ នៅពេលដែលប្រឈមមុខនឹងកិច្ចការថ្មី យើងត្រូវតែចៀសវាងការទុកចិត្តលើខ្លួនឯងហួសហេតុពេក ដូចជាមនុស្សអួតនោះ។—សុភាសិត ២៧:១; យ៉ាកុប ៤:១៣-១៦
មានតម្លៃច្រើនចំពោះយើង
នៅពេលដែលម៉ូសេរៀបរាប់អំពីការប្រទានក្រិត្យវិន័យនៅភ្នំស៊ីណាយ នោះម៉ូសេបានប្រាប់ពួកអ៊ីស្រាអែលថា៖ «មើល នៅថ្ងៃនេះ អញដាក់ព្រះពរ ហើយនឹងសេចក្ដីបណ្ដាសា សំញែងនៅមុខឯងរាល់គ្នា បើឯងស្ដាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះនឹងបានពរ តែបើមិនស្ដាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ . . . នោះឯងនឹងត្រូវបណ្ដាសាហើយ»។—ចោទិយកថា ១១:២៦-២៨
សៀវភៅពង្សាវតារក្សត្រទីមួយបានបង្ហាញឲ្យយើងយល់យ៉ាងច្បាស់នូវសេចក្ដីពិតដ៏សំខាន់នេះ! ដូចជាយើងបានឃើញ សៀវភៅនេះក៏បង្រៀនយើងនូវមេរៀនផ្សេងៗដែលមានប្រយោជន៍ដែរ។ សារក្នុងសៀវភៅនេះច្បាស់ជារស់នៅ ហើយពូកែផង។—ហេព្រើរ ៤:១២
[រូបភាពនៅទំព័រ៣០]
ព្រះវិហារនិងអគារឯទៀតត្រូវបានសាងសង់ ដោយស្តេចសាឡូម៉ូន
[រូបភាពនៅទំព័រ៣១]
ក្រោយពីព្រះយេហូវ៉ាសម្ដែងនូវព្រះចេស្ដា នោះប្រជាជនលាន់មាត់ថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ»