«សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ»
ចូរស្រមៃគិតថាអ្នកកំពុងតែអានកាសែតដែលមានចំណងជើងដូចខាងលើនេះ ជាជាងអានអំពីក្មេងស្រីដែលធ្វើអត្តឃាត។ ពិតមែន គ្មានកាសែតណាដែលអាចចែងយ៉ាងនេះបានឡើយ។ ប៉ុន្តែ ពាក្យខាងលើនេះមានចែងទុកក្នុងសៀវភៅដែលមានចំណាស់រាប់ពាន់ឆ្នាំ ពោលគឺព្រះគម្ពីរ។
ព្រះគម្ពីរពន្យល់យ៉ាងច្បាស់អំពីសេចក្ដីស្លាប់។ ម្យ៉ាងវិញទៀត ព្រះគម្ពីរមិនគ្រាន់តែបើកសម្ដែងនូវមូលហេតុដែលយើងស្លាប់ ក៏ពន្យល់អំពីស្ថានភាពនៃមនុស្សស្លាប់ និងផ្ដល់នូវសេចក្ដីសង្ឃឹមចំពោះមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅនោះដែរ។ នៅទីបំផុត ព្រះគម្ពីរចែងអំពីពេលវេលាដ៏សំខាន់មួយ ដែលអាចរាយការណ៍បានថា៖ «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ»។—កូរិនថូសទី១ ១៥:៥៤
ព្រះគម្ពីរពន្យល់អំពីសេចក្ដីស្លាប់ដោយប្រើពាក្យដែលស្រួលយល់ មិនមែនប្រើពាក្យដែលពិបាកយល់នោះទេ។ ជាឧទាហរណ៍ ព្រះគម្ពីរចែងម្ដងហើយម្ដងទៀតដោយប្រដូចសេចក្ដីស្លាប់ទៅនឹង‹ការដេកលក់› ហើយចែងអំពីមនុស្សស្លាប់ថា «ដេកលក់ទៅ ក្នុងសេចក្ដីស្លាប់»។ (ទំនុកដំកើង ១៣:៣; ថែស្សាឡូនីចទី១ ៤:១៣; យ៉ូហាន ១១:១១-១៤) ព្រះគម្ពីរក៏ចែងថាសេចក្ដីស្លាប់គឺជា«ខ្មាំងសត្រូវ»។ (កូរិនថូសទី១ ១៥:២៦) អ្វីដែលសំខាន់ជាងនោះ ព្រះគម្ពីរជួយយើងឲ្យយល់ហេតុដែលសេចក្ដីស្លាប់ប្រៀបដូចនឹងការដេកលក់ ហេតុដែលមនុស្សជាតិទទួលសេចក្ដីស្លាប់ និងរបៀបដែលត្រូវឈ្នះខ្មាំងសត្រូវនេះនៅទីបំផុត។
ហេតុអ្វីក៏យើងស្លាប់?
សៀវភៅទីមួយនៃព្រះគម្ពីរពន្យល់នូវរបៀបដែលព្រះបង្កើតមនុស្សទីមួយ អ័ដាម ហើយទ្រង់បានដាក់គាត់ក្នុងសួនមនោរម្យជាលំនៅស្ថាន។ (លោកុប្បត្តិ ២:៧, ១៥) ពេលដែលអ័ដាមត្រូវបង្កើតមក គាត់បានទទួលភារកិច្ច រួមទាំងការហាមឃាត់ដ៏ម៉ឺងម៉ាត់មួយ។ ស្តីអំពីដើមឈើមួយក្នុងសួនច្បារអេដែន ព្រះបានបង្គាប់ថា៖ «មិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។a (លោកុប្បត្តិ ២:១៧) ហេតុដូច្នេះហើយ អ័ដាមបានដឹងថា មិនអាចចៀសផុតពីសេចក្ដីស្លាប់បាន។ ជាលទ្ធផលការបំពានច្បាប់របស់ព្រះនោះនឹងត្រូវស្លាប់។
គួរឲ្យសោកស្ដាយ ដែលអ័ដាមនិងអេវ៉ាភរិយារបស់គាត់មិនបានស្ដាប់បង្គាប់។ ពួកគេបានសម្រេចចិត្តមិនអើពើនឹងព្រះហឫទ័យរបស់ព្រះដែលជាអ្នកបង្កើត ហើយពួកគេទទួលលទ្ធផលចំពោះទង្វើរបស់ពួកគេ។ នៅពេលដែលព្រះរៀបរាប់នូវលទ្ធផលនៃអំពើបាបរបស់ពួកគេ នោះទ្រង់មានបន្ទូលប្រាប់ពួកគេថា៖ «ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) ពួកគេក្លាយទៅជាមានខ្ចោះ ពោលគឺឥតគ្រប់ល័ក្ខណ៍។ អំពើបាបឬភាពឥតគ្រប់ល័ក្ខណ៍របស់ពួកគេនឹងនាំឲ្យពួកគេទៅដល់សេចក្ដីស្លាប់។
ខ្ចោះនេះដែលជាបាបត្រូវបានឆ្លងដល់កូនចៅរបស់អ័ដាមនិងអេវ៉ា ពោលគឺមនុស្សជាតិទាំងមូល។ បើនិយាយឲ្យចំ គឺប្រៀបដូចជារោគដែលឆ្លងតាមពូជ។ អ័ដាមមិនគ្រាន់តែបានបាត់បង់នូវសេចក្ដីសង្ឃឹមនឹងជីវិតដែលគ្មានទុក្ខព្រួយដោយសេចក្ដីស្លាប់ប៉ុណ្ណោះ តែភាពឥតគ្រប់ល័ក្ខណ៍នេះក៏ឆ្លងដល់កូនចៅរបស់គាត់ដែរ។ ក្រុមគ្រួសារមនុស្សជាតិទៅជាប់ក្រោមអំណាចនៃអំពើបាប។ ព្រះគម្ពីរចែងថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។—រ៉ូម ៥:១២
«បាបបានចូលមកក្នុងលោកីយ»
អំពើបាបដែលជាមត៌កយើងមិនអាចមើលឃើញដោយប្រើមីក្រូទស្សន៍អុបទិចនោះទេ។ «បាប»សំដៅទៅភាពខ្វះខាងសីលធម៌និងខាងវិញ្ញាណដែលត្រូវឆ្លងរាលដាលមកយើងពីឪពុកម្ដាយដំបូង ហើយនេះមានលទ្ធផលដល់រូបកាយរបស់យើង។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបើកសម្ដែងថាព្រះប្រទានដំណោះស្រាយចំពោះបញ្ហានេះ។ សាវ័កប៉ុលពន្យល់ថា៖ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ (រ៉ូម ៦:២៣) នៅក្នុងសំបុត្រដំបូងរបស់ប៉ុលជូនបងប្អូននៅក្រុងកូរិនថូស គាត់បាននិយាយធានាបន្ថែមដែលពិតជាមានខ្លឹមសារណាស់ចំពោះគាត់ ពោលគឺ៖ «ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ»។—កូរិនថូសទី១ ១៥:២២
យ៉ាងច្បាស់ណាស់ ព្រះយេស៊ូគ្រីស្ទមានតួនាទីដ៏សំខាន់ក្នុងការលុបបំបាត់ចោលបាបនិងសេចក្ដីស្លាប់។ ទ្រង់បានមានបន្ទូលថាទ្រង់បានយាងមកផែនដីដើម្បី«ឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) នេះគឺអាចប្រៀបដូចទៅនឹងចំណាប់មនុស្ស ហើយដើម្បីរំដោះបុគ្គលនោះមកវិញគឺតាមតម្លៃដែលបានកំណត់ប៉ុណ្ណោះ។ ក្នុងករណីនេះ តម្លៃលោះដែលអាចរំដោះយើងចេញពីបាបនិងសេចក្ដីស្លាប់ គឺជីវិតដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ។b—កិច្ចការ ១០:៣៩-៤៣
ដើម្បីប្រទានតម្លៃលោះ នោះព្រះបានបញ្ជូនព្រះយេស៊ូមកផែនដីដើម្បីបូជាព្រះជន្មទ្រង់។ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ . . . មានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) មុននឹងព្រះគ្រីស្ទសោយទិវង្គតជាយញ្ញបូជា នោះទ្រង់«បានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧) ហើយក្នុងកំឡុងកិច្ចបំរើផ្សាយរបស់ទ្រង់ ទ្រង់បានឆ្លៀតយកប្រយោជន៍ពីព្រឹត្ដិការណ៍ខ្លះដើម្បីបង្ហាញសេចក្ដីពិតស្តីពីសេចក្ដីស្លាប់។
«នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»
ព្រះយេស៊ូបានជ្រាបអំពីសេចក្ដីស្លាប់កាលដែលទ្រង់គង់នៅផែនដី។ ទ្រង់បានមានសេចក្ដីទុក្ខសោកពេលមនុស្សជុំវិញទ្រង់ស្លាប់ ហើយទ្រង់ក៏ជ្រាបយ៉ាងច្បាស់ថា ទ្រង់ក៏នឹងត្រូវគេធ្វើគុតដែរ។ (ម៉ាថាយ ១៧:២២, ២៣) តាមមើលទៅ ប៉ុន្មានខែមុននឹងព្រះយេស៊ូត្រូវគេធ្វើគុត នោះឡាសារមិត្តជិតស្និទ្ធរបស់ទ្រង់បានស្លាប់។ ព្រឹត្ដិការណ៍នោះនាំឲ្យយើងយល់ច្បាស់នូវទស្សនៈរបស់ព្រះយេស៊ូចំពោះសេចក្ដីស្លាប់។
បន្ដិចក្រោយពីទ្រង់ទទួលដំណឹងថាឡាសារបានស្លាប់ នោះទ្រង់មានបន្ទូលថា៖ «ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង»។ ពួកសិស្សគិតថា បើឡាសារគ្រាន់តែដេក នោះគាត់នឹងបានជាវិញ។ ដូច្នេះ ព្រះយេស៊ូបានមានបន្ទូលយ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ហើយ»។ (យ៉ូហាន ១១:១១-១៤) យ៉ាងច្បាស់ណាស់ ព្រះយេស៊ូយល់ថាសេចក្ដីស្លាប់គឺប្រៀបដូចនឹងការដេកលក់។ យើងប្រហែលជាពិបាកយល់អំពីសេចក្ដីស្លាប់ តែយើងយល់អំពីការដេកលក់។ ក្នុងរយៈដេកលក់ស៊ប់នោះ យើងឥតដឹងអំពីពេលវេលាដែលបានកន្លងទៅនិងអ្វីដែលបានកើតឡើងនៅជុំវិញយើង ពីព្រោះយើងស្ថិតក្នុងភាពឥតដឹងខ្លួនអស់មួយរយៈ។ នេះជាអ្វីដែលព្រះគម្ពីរពន្យល់អំពីស្ថានភាពនៃមនុស្សស្លាប់។ សាស្ដា ៩:៥ ចែងថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។
ព្រះយេស៊ូក៏ប្រៀបធៀបសេចក្ដីស្លាប់ទៅនឹងការដេកលក់ ពីព្រោះមនុស្សអាចក្រោកឡើងពីស្លាប់ ដោយសារព្រះចេស្ដារបស់ព្រះ។ នៅពេលមួយ ព្រះយេស៊ូបានទៅលេងក្រុមគ្រួសារដែលមានការខ្លោចផ្សា ដោយកូនស្រីរបស់គាត់ទើបតែស្លាប់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ រួចមក ទ្រង់យាងចូលទៅកាន់ដៃក្មេងស្រីនោះ ហើយនាង«ក៏ក្រោកឡើង»។ បើនិយាយឲ្យចំ នាងបានរស់ឡើងវិញ។—ម៉ាថាយ ៩:២៤, ២៥
ព្រះយេស៊ូក៏បានប្រោសមិត្តសំឡាញ់ឈ្មោះឡាសារឲ្យរស់ឡើងវិញដែរ។ ប៉ុន្តែ មុននឹងធ្វើអព្ភូតហេតុនោះ ទ្រង់បានលួងម៉ាថាបងស្រីឡាសារ ដោយមានបន្ទូលថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ម៉ាថាឆ្លើយដោយមានទំនុកចិត្តថា៖ «ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ»។ (យ៉ូហាន ១១:២៣, ២៤) តាមមើលទៅ ម៉ាថាសង្ឃឹមថាអ្នកបំរើទាំងអស់របស់ព្រះនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅពេលណាមួយនៅថ្ងៃមុខ។
តើដំណើររស់ឡើងវិញពិតជាមានន័យអ្វី? ពាក្យភាសាក្រិច«ដំណើររស់ឡើងវិញ» (a·naʹsta·sis) មានន័យយ៉ាងចំថា«ការក្រោកឈរ»។ នេះគឺបង្កប់អត្ថន័យអំពីការងើបពីស្លាប់។ អ្នកខ្លះប្រហែលជាពិបាកជឿនឹងគំនិតនេះ។ ប៉ុន្តែ ពេលព្រះយេស៊ូមានបន្ទូលអំពីមនុស្សស្លាប់នឹងឮសម្លេងទ្រង់ នោះទ្រង់បានមានបន្ទូលថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ»។ (យ៉ូហាន ៥:២៨) ដោយសារព្រះយេស៊ូធ្លាប់បានប្រោសមនុស្សឲ្យរស់ឡើងកាលទ្រង់គង់នៅផែនដី នោះធ្វើឲ្យយើងទុកចិត្តនឹងសេចក្ដីសន្យានៃព្រះគម្ពីរ ដែលថាមនុស្សស្លាប់ស្ថិតក្នុងសេចក្ដីនឹកចាំរបស់ព្រះនឹងហាក់ដូចជាដាស់គេពីការ«ដេកលក់»ស៊ប់។ វិវរណៈ ២០:១៣ ទាយថា៖ «ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ»។
តើមនុស្សស្លាប់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ គ្រាន់តែដើម្បីស្លាប់ម្ដងទៀតដូចលោកឡាសារឬទេ? នោះគឺមិនមែនជាគោលបំណងរបស់ព្រះទេ។ ព្រះគម្ពីរធានាយើងថា នឹងមានពេលវេលាមកដែល«នឹងគ្មានសេចក្ដីស្លាប់» ដូច្នេះនឹងគ្មានអ្នកណាចាស់ជរាហើយស្លាប់នោះឡើយ។—វិវរណៈ ២១:៤
សេចក្ដីស្លាប់គឺជាខ្មាំងសត្រូវ។ មនុស្សជាតិមានខ្មាំងសត្រូវច្រើនទៀត ដូចជាជំងឺ ជរាភាព ដែលបណ្ដាលឲ្យមានការរងទុក្ខវេទនាជាច្រើន។ ព្រះសន្យាថានឹងលុបបំបាត់ខ្មាំងសត្រូវទាំងនោះឲ្យអស់ ហើយចំពោះខ្មាំងសត្រូវដែលមនុស្សជាតិស្អប់ខ្ពើមបំផុតដោយពាក្យថា៖ «ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៦
ពេលដែលព្រះសម្រេចបានសេចក្ដីសន្យានោះ មនុស្សជាតិនឹងមានជីវិតគ្រប់ល័ក្ខណ៍ដោយឥតមានបាបនិងសេចក្ដីស្លាប់មកពាធាទៀតឡើយ។ ក្នុងកំឡុងពេលនេះ យើងទទួលការសម្រាលទុក្ខដោយដឹងថាមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅកំពុងតែដេក ហើយបើពួកគេស្ថិតនៅក្នុងសេចក្ដីនឹកចាំរបស់ព្រះ នោះពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញតាមពេលកំណត់របស់ទ្រង់។
ការយល់អំពីសេចក្ដីស្លាប់ជួយធ្វើឲ្យជីវិតយើងមានន័យ
ការយល់ច្បាស់អំពីសេចក្ដីស្លាប់និងសេចក្ដីសង្ឃឹមនៃមនុស្សស្លាប់បានកែប្រែទស្សនៈរបស់យើងអំពីការរស់នៅ។ អ៊ានដែលបានរៀបរាប់នៅអត្ថបទមុននោះ បានរៀនអំពីការពន្យល់នៃព្រះគម្ពីរស្តីពីសេចក្ដីស្លាប់ ក្នុងកាលដែលគាត់មានអាយុជាង២០ឆ្នាំ។ គាត់ពោលថា៖ «ខ្ញុំតែងមានសេចក្ដីសង្ឃឹមបន្ដិចបន្តួចថាឪពុកខ្ញុំស្ថិតនៅកន្លែងណាមួយ។ ដូច្នេះ ពេលដែលខ្ញុំបានរៀនដឹងថា គាត់ដេកនៅក្នុងផ្នូរ មុនដំបូងខ្ញុំដូចជាខកចិត្ត»។ ប៉ុន្តែ នៅពេលដែលអ៊ានបានអានអំពីសេចក្ដីសន្យារបស់ព្រះដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ គាត់សប្បាយចិត្តណាស់ដោយដឹងថា គាត់អាចជួបឪពុករបស់គាត់ម្ដងទៀត។ គាត់នឹកចាំថា៖ «នោះជាលើកទីមួយហើយក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំមានអារម្មណ៍ស្ងប់»។ ការយល់យ៉ាងត្រឹមត្រូវចំពោះសេចក្ដីស្លាប់ ជួយគាត់ឲ្យមានចិត្តស្ងប់រំងាប់។
កូនរបស់ក្លាយនិងប្រិនដាឈ្មោះស្ទីវិនអាយុ២១ឆ្នាំបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបានរៀបរាប់ក្នុងអត្ថបទមុននោះ។ ទោះជាពួកគេបានដឹងអ្វីដែលព្រះគម្ពីរចែងអំពីសេចក្ដីស្លាប់ក៏ដោយ ពួកគេក៏នៅតែមានការឈឺចាប់យ៉ាងខ្លាំងដោយការបាត់បង់កូនរបស់គេក្នុងមួយរំពេច។ ដ្បិតសេចក្ដីស្លាប់ជាខ្មាំងសត្រូវ ព្រមទាំងធ្វើឲ្យឈឺចាប់ណាស់។ ចំណេះដឹងពីព្រះគម្ពីរស្តីអំពីស្ថានភាពនៃមនុស្សស្លាប់ នោះជួយសម្រាលទុក្ខគេបន្ដិចម្ដងៗ។ ប្រិនដាពោលថា៖ «ការយល់ដឹងអំពីសេចក្ដីស្លាប់បានជួយយើងឲ្យកសាងជីវិតយើងឡើងវិញនិងបន្តរស់តទៅទៀត។ ពិតមែន រៀងរាល់ថ្ងៃយើងតែងគិតអំពីពេលវេលាដែលស្ទីវិននឹងក្រោកឡើងពីការដេកលក់ស៊ប់នោះ»។
«ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា?»
យ៉ាងច្បាស់ហើយ ការយល់អំពីស្ថានភាពនៃមនុស្សស្លាប់ អាចជួយយើងឲ្យមានទស្សនៈដែលប្រកបដោយតុល្យភាពចំពោះជីវិត។ សេចក្ដីស្លាប់អាចលែងជារឿងអាថ៌កំបាំងទៀតហើយ។ យើងអាចសប្បាយចិត្តនឹងជីវិត ដោយឥតភ័យតក់ស្លុតនឹងខ្មាំងសត្រូវដែលតែងតែគំរាមកំហែងយើង។ ដោយដឹងថាយើងមិនស្លាប់រហូតទេ នោះនឹងជួយយើងកុំឲ្យគិតតែពីការសប្បាយ ដោយជឿថា «ជីវិតនោះខ្លីណាស់»។ ដោយដឹងថាមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅហើយនោះ ស្ថិតនៅក្នុងសេចក្ដីនឹកចាំរបស់ព្រះ ដែលប្រៀបដូចជាដេកហើយកំពុងតែរង់ចាំដំណើររស់ឡើងវិញ នេះជួយសម្រាលទុក្ខយើង និងជំរុញយើងឲ្យបន្តរស់នៅ។
មែនហើយ យើងអាចមានទំនុកចិត្តចំពោះអនាគត នៅពេលព្រះយេហូវ៉ា ជាព្រះដែលប្រទានជីវិតនឹងកប់ចោលសេចក្ដីស្លាប់ជារៀងរហូត។ នេះជាពេលដែលមានពរយ៉ាងណាទៅហ្ន៎ កាលណាយើងអាចសួរយ៉ាងសមរម្យថា៖ «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា?»។—កូរិនថូសទី១ ១៥:៥៥
[កំណត់សម្គាល់]
a នេះជាលើកដំបូងដែលព្រះគម្ពីរសំដៅទៅសេចក្ដីស្លាប់។
b តម្លៃលោះគឺជាជីវិតដ៏គ្រប់ល័ក្ខណ៍របស់មនុស្សម្នាក់ ពីព្រោះនោះជាអ្វីដែលអ័ដាមបានបាត់បង់។ បាបបានឆ្លងរាលដាលដល់មនុស្សជាតិ ដូច្នេះគ្មានមនុស្សឥតគ្រប់ល័ក្ខណ៍ណាម្នាក់អាចបំពេញតម្លៃលោះបានឡើយ។ ហេតុដូច្នេះហើយ ព្រះបានបញ្ជូនបុត្រាទ្រង់ពីស្ថានសួគ៌ដើម្បីបំពេញគោលបំណងនោះ។ (ទំនុកដំកើង ៤៩:៧-៩) ដើម្បីបានព័ត៌មានថែមទៀតអំពីប្រធាននេះ សូមមើលសៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជំពូកទី៧ ដែលត្រូវបានបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៥]
ដោយសារអ័ដាមនិងអេវ៉ាមិនស្ដាប់បង្គាប់នាំឲ្យមានសេចក្ដីស្លាប់
[រូបភាពនៅទំព័រ៦]
ព្រះយេស៊ូកាន់ដៃក្មេងស្រីដែលស្លាប់ នោះនាងក៏ក្រោកឡើង
[រូបភាពនៅទំព័រ៧]
មនុស្សជាច្រើនរង់ចាំ ពេលមនុស្សជាទីស្រឡាញ់របស់គេដែលបានស្លាប់ទៅ និងក្រោកពីដេកដូចលោកឡាសារដែរ