បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១២ ទំ. ៨-១២
  • ចូរដើរជាមួយនឹងព្រះនៅគ្រាច្របូកច្របល់នេះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរដើរជាមួយនឹងព្រះនៅគ្រាច្របូកច្របល់នេះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ មិនមែន​ជា​មួយ​នឹង​សាសន៍​ដទៃ​ទេ
  • តើ​យើង​គួរ​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​របៀប​ណា? ហើយ​ហេតុ​អ្វី?
  • ហេណុក​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​នៅ​គ្រា​ច្របូកច្របល់
  • តើ​អ្វី​បាន​ពង្រឹង​កម្លាំង​ហេណុក​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ?
  • ចូរ​ត្រាប់តាម​គំរូ​របស់​ហេណុក​ចុះ!
  • «គាត់បានធ្វើឲ្យព្រះពេញចិត្ត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • បុរសដ៏ក្លាហានម្នាក់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ចិត្ដក្លាហានផុសចេញពីជំនឿនិងការកោតខ្លាចព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • គោលសំខាន់ៗពីសៀវភៅលោកុប្បត្ដិ—ផ្នែកទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១២ ទំ. ៨-១២

ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​នៅ​គ្រា​ច្របូកច្របល់​នេះ!

«ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ។ នោះ​គាត់​មិន​នៅ​ទៀត​ទេ ពីព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​គាត់​ទៅ»។—លោកុប្បត្តិ ៥:២៤

១​. តើ​ស្ថានភាព​ណា​កំពុង​តែ​ធ្វើ​ឲ្យ​គ្រា​យើង​នេះ​មាន​ទុក្ខ​លំបាក?

គ្រា​ច្របូកច្របល់! ពាក្យ​នេះ​ត្រូវ​បាន​ពណ៌នា​យ៉ាង​ត្រឹមត្រូវ​នូវ​សម័យ​យើង​ដែល​ពោរពេញ​ទៅ​ដោយ​សភាព​ចលាចល​និង​អំពើ​ឃោរឃៅ​ចាប់តាំង​ពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​បាន​តាំង​ឡើង​នៅ​ឆ្នាំ​១៩១៤។ ក្នុង​កំឡុង​ច្រើន​ឆ្នាំ​ចាប់តាំង​ពី​នោះ​មក មនុស្ស​បាន​រស់​នៅ«ជាន់ក្រោយបង្អស់»។ ទុក្ខវេទនា​ដូច​ជា​ទុរភិក្ស រោគ​រាតត្បាត រញ្ជួយដី​និង​សង្គ្រាម​បាន​ញាំញី​មនុស្ស​ជាតិ​ដល់​ម្ល៉េះ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​ទេ។ (ធីម៉ូថេទី២ ៣:១; វិវរណៈ ៦:១​-​៨) ពួក​អ្នក​ដែល​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា​មិន​បាន​រួច​ខ្លួន​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ទេ។ មិន​ថា​ច្រើន​ឬ​តិច​ក្ដី យើង​រាល់​គ្នា​ត្រូវ​ស៊ូទ្រាំ​ទុក្ខ​លំបាក​និង​ភាព​មិន​នឹងនរ​នៃ​គ្រា​នេះ។ បញ្ហា​ខាង​សេដ្ឋកិច្ច ភាព​ចលាចល​ខាង​រឿង​នយោបាយ ឧក្រិដ្ឋកម្ម​និង​ជំងឺ​ជា​ដើម ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​ការ​ពិបាក​ក្រៃលែង។

២​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជួប​ប្រទះ​នូវ​ការ​ពិបាក​អ្វីខ្លះ?

២ បន្ថែម​ទៅ​ទៀត រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​បាន​ស៊ូទ្រាំ​ការ​បៀតបៀន​ជា​ខ្លាំង​ម្ដងហើយ​ម្ដងទៀត កាល​ដែល​សាតាំង​ច្បាំង​ទាស់​នឹង​ពួក​អ្នក«ដែល​កាន់​តាម​បញ្ញត្ត​ព្រះ​ហើយ​មាន[កិច្ចការ​ធ្វើ]បន្ទាល់​ពី​ព្រះ​យេស៊ូវ»។ (វិវរណៈ ១២:១៧) ទោះបី​ជា​យើង​ភាគ​ច្រើន​មិន​ធ្លាប់​រង​ការ​បៀតបៀន​ផ្ទាល់​ក៏​ដោយ គ្រីស្ទាន​ពិត​ទាំង​ឡាយ​ត្រូវ​ពុះពារ​ទប់ទល់​នឹង​អារក្ស​សាតាំង​និង​វិញ្ញាណ​ឬ​ចិត្ត​គំនិត​ដែល​វា​បណ្ដុះ​បណ្ដាល​ឲ្យ​មនុស្ស​មាន​ក្នុង​លោកីយ៍​នេះ។ (អេភេសូរ ២:២; ៦:១២) យើង​ត្រូវ​ប្រុងប្រៀប​ខ្លួន​ជានិច្ច​កុំ​ឲ្យ​វិញ្ញាណ​របស់​លោកីយ៍​នេះ​មាន​ឥទ្ធិពល​លើ​យើង ដ្បិត​យើង​អាច​ប្រទះ​ចិត្ត​គំនិត​បែប​នោះ​នៅ​ឯ​កន្លែង​ធ្វើការ សាលារៀន​និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​យើង​សេពគប់​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ថ្វាយបង្គំ​ពិត។

ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ មិនមែន​ជា​មួយ​នឹង​សាសន៍​ដទៃ​ទេ

៣, ៤​. តើ​ពួក​គ្រីស្ទាន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​លោកីយ៍​នេះ​យ៉ាង​ណា​ខ្លះ?

៣ នៅ​សតវត្សរ៍​ទី​មួយ​នោះ បណ្ដា​គ្រីស្ទាន​ក៏​ត្រូវ​ទប់ទល់​យ៉ាង​ខ្លាំង​នឹង​វិញ្ញាណ​ឬ​ចិត្ត​គំនិត​នៃ​លោកីយ៍​នោះ​ដែរ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​លក្ខណៈ​ខុសប្លែក​ពី​មនុស្ស​ដែល​មិន​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។ ប៉ុល​បាន​ពណ៌នា​អំពី​ភាព​ខុសគ្នា​នោះ​ពេល​ដែល​គាត់​សរសេរ​ថា៖ «ខ្ញុំ​និយាយ​សេចក្ដី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះ​អម្ចាស់​ថា កុំបី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃ​ឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ គំនិត​គេ​ត្រូវ​បង្អាប់​ហើយ​គេ​ដាច់​ចេញ​ពី​ព្រះជន្ម​ព្រះ​ដោយសារ​សេចក្ដី​ខ្លៅល្ងង់​ក្នុង​ខ្លួន​គេ​ព្រោះ​ចិត្ត​គេ​រឹងទទឹង។ គេ​លែង​ខ្លាច​បាប​បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្ដី​អាសអាភាស​ដើម្បី​នឹងប្រព្រឹត្ត​សេចក្ដី​ស្មោកគ្រោក​គ្រប់​យ៉ាង​ដោយ​ចិត្ត​វក់​វិញ»។—អេភេសូរ ៤:១៧​-​១៩

៤ ពាក្យ​ទាំង​នោះ​ពណ៌នា​យ៉ាង​ច្បាស់​អំពី​ភាព​ងងឹត​ងងល់​ខាង​វិញ្ញាណ​និង​ខាង​សីលធម៌​នៃ​លោកីយ៍​នេះ មិន​ថា​នៅ​សម័យ​សាវ័ក​ប៉ុល​ឬ​នា​បច្ចុប្បន្ន​កាល​ក្ដី! ដូច​នៅ​សតវត្សរ៍​ទីមួយ​នោះ ពួក​គ្រីស្ទាន​សព្វថ្ងៃ​នេះ​មិន«ដើរ​ដូច​ជា​សាសន៍​ដទៃ»ឡើយ។ ផ្ទុយ​ទៅ​វិញ បណ្ដា​គ្រីស្ទាន​ពិត​មាន​ឯកសិទ្ធិ​អស្ចារ្យ​ក្នុង​ការ​ដើរ​ជា​មួយ​នឹង​ព្រះ។ ប៉ុន្តែ មនុស្ស​ខ្លះ​ប្រហែល​ជា​សង្ស័យ​ថា យើង​ជា​មនុស្ស​ដែល​ខ្សោយ​និង​មិន​គ្រប់​ល័ក្ខណ៍​នោះ គ្មាន​លទ្ធភាព​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បង្ហាញ​ថា មនុស្ស​យើង​អាច​ដើរ​ជា​មួយ​នឹង​ព្រះ​បាន។ ម្យ៉ាងទៀត ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ នៅ​សតវត្សរ៍​ទី​ប្រាំបី​មុន​គ្រីស្ទ​សករាជ ព្យាការី​មីកា​បាន​សរសេរ​ពាក្យ​ដូច​តទៅ​នេះ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់​សរសេរ​ថា៖ «តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប​ប៉ុណ្ណោះ?»។—មីកា ៦:៨, កំណែ​ជា​អក្សរ​ទ្រេត

តើ​យើង​គួរ​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​របៀប​ណា? ហើយ​ហេតុ​អ្វី?

៥​. តើ​មនុស្ស​ដែល​មិន​គ្រប់ល័ក្ខណ៍​អាច​ដើរ​ជា​មួយ​នឹង​ព្រះ​បាន​យ៉ាង​ណា?

៥ តើ​យើង​អាច​ដើរ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​ដែល​យើង​មើល​មិន​ឃើញ​បាន​យ៉ាង​ណា? គឺ​ច្បាស់​ហើយ​ដែល​យើង​មិន​អាច​ដើរ​ជា​មួយ​នឹង​ទ្រង់​ដូច​ជា​ដើរ​ជា​មួយ​នឹង​មនុស្ស​ដទៃ​បាន​ឡើយ។ ពាក្យ«ដើរ» ក្នុង​ព្រះ​គម្ពីរ​អាច​សំដៅ​ទៅ​លើ«ការ​ប្រព្រឹត្ត​តាម​មាគ៌ា​ណា​មួយ»។a យ៉ាង​នេះ​យើង​យល់​ថា មនុស្ស​ដែល​ដើរ​ជា​មួយ​នឹង​ព្រះ​ត្រូវ​មាន​មាគ៌ា​ស្រប​ទៅ​តាម​អ្វី​ដែល​ព្រះ​កំណត់​ឲ្យ ហើយ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ការ​ដើរ​ជា​មួយ​នឹង​ព្រះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុសប្លែក​ពី​មនុស្ស​ភាគ​ច្រើន​ជុំវិញ​យើង តែ​នេះ​ជា​មាគ៌ា​ត្រឹមត្រូវ​សំរាប់​ជន​គ្រីស្ទាន។ ហេតុអ្វី? មាន​មូលហេតុ​ជា​ច្រើន។

៦, ៧​. ហេតុ​អ្វី​ក៏​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ជា​មាគ៌ា​ល្អ​បំផុត?

៦ មូលហេតុ​ទីមួយ​គឺ​ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង ទ្រង់​ក៏​ជា​ប្រភព​នៃ​ជីវិត​យើង ហើយ​ក៏​ជា​អ្នក​ប្រទាន​អ្វីៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​រស់​នៅ។ (វិវរណៈ ៤:១១) ដូច្នេះ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ដឹក​នាំ​ផ្លូវ​ដែល​យើង​គួរ​ដើរ។ បន្ថែម​ទៅ​ទៀត ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ជា​ផ្លូវ​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត។ ចំពោះ​អស់​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ទ្រង់​បាន​រៀបចំ​សំវិធានការ​មួយ​ដើម្បី​ទទួល​ការ​អត់ទោស​បាប ហើយ​ទ្រង់​ក៏​ប្រទាន​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ឲ្យ​យើង​រស់​ជា​រៀងរហូត។ ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​ប្រទាន​ឱវាទ​ដែល​បង្ហាញ​ពី​ប្រាជ្ញា​របស់​ទ្រង់ ដើម្បី​ជួយ​អស់​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​ទ្រង់​អាច​មាន​ជោគជ័យ​ក្នុង​ជីវិត​ពេល​ឥឡូវ​នេះ ទោះ​ជា​អ្នក​ទាំង​នោះ​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍ ហើយ​រស់នៅ​ក្នុង​លោកីយ៍​ដែល​ក្រោម​អំណាច​របស់​សាតាំង​ក្ដី។ (យ៉ូហាន ៣:១៦; ធីម៉ូថេទី២ ៣:១៥, ១៦; យ៉ូហានទី១ ១:៨; ២:២៥; ៥:១៩) មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​ដើរ​ជា​មួយ​នឹង​ព្រះ​គឺ​ពីព្រោះ​ការ​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​អាច​ជួយ​បណ្ដុះ​ឲ្យ​មាន​សន្ដិភាព​និង​សាមគ្គីភាព​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។—កូល៉ុស ៣:១៥, ១៦

៧ មូលហេតុ​ចុង​បង្អស់​ដែល​ប្រហែល​ជា​មូលហេតុ​សំខាន់​បំផុត​នោះ​គឺ​ថា ពេល​ដែល​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​យើង​បង្ហាញ​ថា​យើង​គាំទ្រ​ទ្រង់​ស្តី​អំពី​រឿង​ចំណោទ​ដែល​បាន​ចោទ​ឡើង​នៅ​ក្នុង​សួនច្បារ​អេដែន ពោល​គឺ តើ​អ្នក​ណា​ជា​អធិបតី​សកលលោក? (លោកុប្បត្តិ ៣:១​-​៦) មាគ៌ា​ជីវិត​យើង​បង្ហាញ​ថា​យើង​គាំទ្រ​យ៉ាង​ដាច់ខាត​ខាង​ព្រះ​យេហូវ៉ា ហើយ​យើង​ប្រកាស​ប្រាប់​យ៉ាង​អង់អាច​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ធ្វើ​ជា​អធិបតី​សកលលោក។ (ទំនុកដំកើង ៨៣:១៨) គឺ​យ៉ាង​នេះ​ហើយ​ដែល​យើង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​អធិស្ឋាន​ពេល​សូម​ឲ្យ​ព្រះ​នាម​ព្រះ​បាន​បរិសុទ្ធ ហើយ​សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច។ (ម៉ាថាយ ៦:៩, ១០) មនុស្ស​ដែល​សម្រេច​ចិត្ត​ដើរ​ជា​មួយ​នឹង​ព្រះ ពិត​ជា​មាន​ប្រាជ្ញា​មែន! ពួក​អ្នក​នោះ​អាច​ដឹង​ច្បាស់​ថា ខ្លួន​កំពុង​តែ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ​ពីព្រោះ​មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»។ ទ្រង់​មិន​ចេះ​ធ្វើ​ខុស​ឡើយ។—រ៉ូម ១៦:២៧

៨​. តើ​សម័យ​របស់​ហេណុក​និង​ណូអេ​មាន​សភាព​ស្រដៀង​នឹង​សម័យ​យើង​នេះ​យ៉ាង​ណា​ខ្លះ?

៨ ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​រស់​នៅ​ស្រប​ទៅ​តាម​មាគ៌ា​គ្រីស្ទាន​នៅ​គ្រា​ច្របូកច្របល់​នេះ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​ចាប់​អារម្មណ៍​នឹង​ការ​បំរើ​ព្រះ​យេហូវ៉ា​ទេ? យើង​អាច​ឆ្លើយ​សំណួរ​នេះ​ដោយ​គិត​អំពី​មនុស្ស​ស្មោះភក្ដី​ពី​បុរាណ​ដែល​បាន​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ក្នុង​កំឡុង​គ្រា​ដ៏​ពិបាក​ដែរ។ លោក​ហេណុក​និង​ណូអេ​ជា​បុរស​ពីរ​នាក់​ដែល​បាន​ធ្វើ​ដូច្នេះ។ បុរស​ពីរ​នាក់​នោះ​បាន​រស់នៅ​គ្រា​ដែល​មាន​សភាព​ស្រដៀង​នឹង​សម័យ​យើង​នេះ។ សម័យ​ទាំងពីរ​នោះ​មាន​អំពើ​ឃោរឃៅ​ជា​ទូទៅ។ នៅ​ជំនាន់​លោក​ណូអេ ផែនដី​បាន​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​និង​អំពើ​អនាចារ។ ប៉ុន្តែ ហេណុក​និង​ណូអេ​បាន​ទប់ទល់​នឹង​វិញ្ញាណ​ឬ​ចិត្ត​គំនិត​របស់​លោកីយ៍​នោះ ហើយ​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ តើ​ពួក​គាត់​អាច​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ណា? ដើម្បី​ឆ្លើយ​សំណួរ​នេះ អត្ថបទ​នេះ​នឹង​ពិគ្រោះ​អំពី​គំរូ​របស់​លោក​ហេណុក។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​លោក​ណូអេ​វិញ។

ហេណុក​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​នៅ​គ្រា​ច្របូកច្របល់

៩​. តើ​យើង​មាន​ព័ត៌មាន​អ្វី​ខ្លះ​អំពី​ហេណុក?

៩ ហេណុក​ជា​មនុស្ស​ទីមួយ​ដែល​បទ​គម្ពីរ​ពណ៌នា​ថា​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ចែង​ថា៖ «ក្រោយ​គ្រា​ដែល​បង្កើត​មធូសាឡា​មក នោះ​គាត់[ហេណុក]ក៏​ដើរ​ជា​មួយ​នឹង​ព្រះ»។ (លោកុប្បត្តិ ៥:២២) ខ​នោះ​ក៏​ប្រាប់​អំពី​អាយុ​ជីវិត​ហេណុក​ដែល​មើល​ទៅ​ដូច​ជា​អាយុ​វែង​បើ​ប្រៀបធៀប​នឹង​អាយុ​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ តែ​តាម​ពិត​គឺ​ខ្លី​ណាស់​សំរាប់​មនុស្ស​នៅ​សម័យ​នោះ។ បន្ទាប់​មក​កំណត់​ហេតុ​ចែង​ទៀត​ថា៖ «ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ។ នោះ​គាត់​មិន​នៅ​ទៀត​ទេ ពីព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​គាត់​ទៅ»។ (លោកុប្បត្តិ ៥:២៤) តាម​មើល​ទៅ ព្រះ​យេហូវ៉ា​បាន​ដក​លោក​ពី​ចំណោម​មនុស្ស​រស់​ឲ្យ​លក់​ទៅ​ក្នុង​សេចក្ដី​ស្លាប់ មុន​សត្រូវ​អាច​ចាប់​ធ្វើ​ទុក្ខ​ដល់​គាត់។ (ហេព្រើរ ១១:៥, ១៣) ក្រៅ​ពី​ខ​គម្ពីរ​ខ្លីៗ​ទាំង​ប៉ុន្មាន​នេះ ព្រះ​គម្ពីរ​មិន​សូវ​រៀបរាប់​ច្រើន​ប៉ុន្មាន​អំពី​ហេណុក​ទេ។ យ៉ាង​ណា​ក្ដី ព័ត៌មាន​នេះ​រួម​ទាំង​ព័ត៌មាន​សម្គាល់​ឯ​ទៀត​ផ្ដល់​ហេតុ​ឲ្យ​យើង​អះអាង​ថា ហេណុក​បាន​រស់​នៅ​គ្រា​ច្របូកច្របល់​ណាស់!

១០, ១១​. (ក) ក្រោយ​អ័ដាម​និង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ តើ​ភាព​ខូចខាត​បាន​រីក​រាលដាល​បាន​យ៉ាង​ណា? (ខ) តើ​ហេណុក​បាន​ផ្សព្វផ្សាយ​សារ​ទំនាយ​អ្វី? តើ​គាត់​ច្បាស់​ជា​បាន​ជួប​ប្រទះ​ប្រតិកម្ម​បែប​ណា?

១០ ជា​ឧទាហរណ៍ សូម​គិត​អំពី​ការ​រីក​រាលដាល​នៃ​អំពើ​អាក្រក់​ក្នុង​ចំណោម​មនុស្ស​លោក​ក្រោយ​អ័ដាម​បាន​ធ្វើ​បាប។ ព្រះ​គម្ពីរ​ប្រាប់​ថា កូន​ប្រុស​ទី​មួយ​របស់​អ័ដាម ឈ្មោះ​កាអ៊ីន បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ពេល​ដែល​គាត់​សម្លាប់​ប្អូន​ឈ្មោះ​អេបិល។ (លោកុប្បត្តិ ៤:៨​-​១០) ក្រោយ​ពី​អេបិល​បាន​ត្រូវ​សម្លាប់​យ៉ាង​សាហាវ​នោះ អ័ដាម​និង​អេវ៉ា​បាន​បង្កើត​កូន​ប្រុស​មួយ​ទៀត​ដែល​ពួក​គាត់​ដាក់​ឈ្មោះ​សេត។ យើង​អាន​អំពី​សេត​ថា៖ «សេត​គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ ដាក់​ឈ្មោះ​ថា អេណុស។ ហើយ​នៅ​ជាន់​នោះ គេ​ចាប់​តាំង​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា»។ (លោកុប្បត្តិ ៤:២៥, ២៦) តែ​គួរ​ឲ្យ​ស្ដាយ ការ«អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា»នោះ ជា​ការ​ក្បត់​ជំនឿ​ទៅ​វិញ។b ច្រើន​ឆ្នាំ​ក្រោយ​កំណើត​អេណុស​នោះ កូន​ចៅ​ម្នាក់​របស់​កាអ៊ីន ឈ្មោះ​ឡាមេក បាន​តែង​បទ​ចំរៀង​មួយ​សំរាប់​ភរិយា​ពីរ​នាក់​របស់​ខ្លួន ហើយ​ពាក្យ​ក្នុង​បទ​នោះ​ប្រកាស​ថា​ឡាមេក​បាន​សម្លាប់​យុវ​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​របួស។ ឡាមេក​ក៏​បាន​ព្រមាន​ថា៖ «បើសិន​ជា​ត្រូវ​សងសឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សងសឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ»។—លោកុប្បត្តិ ៤:១០, ១៩, ២៣, ២៤

១១ ហេតុ​ការណ៍​សង្ខេប​ទាំង​ប៉ុន្មាន​នេះ​បង្ហាញ​ថា​ការ​ខូចខាត​ដែល​សាតាំង​បណ្ដាល​ឲ្យ​មាន​ក្នុង​សួនច្បារ​អេដែន​នោះ បាន​ប្រែក្លាយ​យ៉ាង​លឿន​រហូត​ដល់​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​ពេញ​ទូទៅ​ក្នុង​ចំណោម​ពួក​កូន​ចៅ​របស់​អ័ដាម។ ហេណុក​បាន​ធ្វើ​ជា​ព្យាការី​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ក្នុង​លោកីយ៍​បែប​នោះ ហើយ​លោក​បាន​បញ្ចេញ​ពាក្យ​យ៉ាង​ខ្លាំង​ដែល​នៅ​មាន​ឥទ្ធិពល​រហូត​មក​ដល់​យុគសម័យ​នេះ​ដែរ។ លោក​យូដាស​រាយការណ៍​ថា ហេណុក​បាន​ទាយ​ថា​៖ «មើល! ព្រះ​អម្ចាស់​ទ្រង់​យាង​មក​នៅ​កណ្ដាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់សែន​ដើម្បី​នឹង​កាត់ទោស​ដល់​គ្រប់​មនុស្ស​ទាំង​ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិលល្មើស​ទាំង​អម្បាលម៉ាន​ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិលល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ​ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹងទទឹង​ទាំង​ប៉ុន្មាន​ដែល​អស់​ពួក​ទមិលល្មើស​ដ៏​មាន​បាប​ទាំង​នោះ​បាន​ពោល​ទាស់​នឹង​ទ្រង់»។ (យូដាស ១៤, ១៥) ពាក្យ​ទាំង​នោះ​ត្រូវ​សម្រេច​ជា​ទីបំផុត​នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦) យ៉ាង​ណា​ក៏​ដោយ យើង​អាច​ជឿជាក់​ថា សូម្បី​តែ​នៅ​សម័យ​លោក​ហេណុក​នោះ​ក៏​មាន«ពួក​ទមិលល្មើស​ដ៏​មាន​បាប»ដែល​មាន​ចិត្ត​មួម៉ៅ​ពេល​បាន​ឮ​ទំនាយ​របស់​ហេណុក។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដោយ​យក​ព្យាការី​នោះ​ចេញ កុំ​ឲ្យ​គេ​ធ្វើ​បាប​ដល់​គាត់!

តើ​អ្វី​បាន​ពង្រឹង​កម្លាំង​ហេណុក​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ?

១២​. តើ​ហេណុក​និង​មនុស្ស​ឯ​ទៀត​នៅ​សម័យ​គាត់​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា?

១២ នៅ​ក្នុង​សួនច្បារ​អេដែន​នោះ អ័ដាម​និង​អេវ៉ា​បាន​ស្ដាប់​តាម​សាតាំង ហើយ​អ័ដាម​បាន​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ៣:១​-​៦) កូន​របស់​ពួក​គាត់ ឈ្មោះ​អេបិល បាន​ជ្រើសរើស​មាគ៌ា​ខុសប្លែក​ពី​នោះ ហើយ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អេបិល។ (លោកុប្បត្តិ ៤:៣, ៤) គួរ​ឲ្យ​ស្ដាយ​ដែល​កូន​ចៅ​ភាគ​ច្រើន​របស់​អ័ដាម​មិន​បាន​ធ្វើ​ដូច​អេបិល​ទេ។ យ៉ាង​ណា​ក្ដី ហេណុក​ដែល​បាន​កើត​មក​រាប់រយ​ឆ្នាំ​ក្រោយ​អេបិល​នោះ បាន​ធ្វើ​ដូច​គាត់​វិញ។ តើ​ហេណុក​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ពី​កូន​ចៅ​ឯ​ទៀត​របស់​អ័ដាម? សាវ័ក​ប៉ុល​បាន​ឆ្លើយ​សំណួរ​នេះ​ពេល​ដែល​គាត់​សរសេរ​ថា៖ «ដោយសារ​សេចក្ដី​ជំនឿ​នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ពីព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ​ទ្រង់​សព្វព្រះហឫទ័យ​នឹង​គាត់​ណាស់»។ (ហេព្រើរ ១១:៥) ហេណុក​បាន​រួមចំណែក​ក្នុង​ចំណោម«ស្មរបន្ទាល់​១​ហ្វូង​ធំ»ដែល​បាន​រស់​មុន​សម័យ​ពួក​គ្រីស្ទាន ហើយ​ជា​ពួក​អ្នក​ដែល​តាំង​គំរូ​អស្ចារ្យ​ក្នុង​ការ​បង្ហាញ​ជំនឿ​យ៉ាង​រឹងមាំ។ (ហេព្រើរ ១២:១) ជំនឿ​នោះ​ហើយ​ជា​អ្វី​ដែល​បាន​ជួយ​ហេណុក​ឲ្យ​ស៊ូទ្រាំ​ទាំង​ប្រព្រឹត្ត​យ៉ាង​ល្អ​អស់​មួយ​ជីវិត​ប្រមាណ​ជាង​៣០០​ឆ្នាំ ដែល​វែង​ជាង​ជីវិត​យើង​ភាគ​ច្រើន​សព្វថ្ងៃ​នេះ​ជាង​បីដង​ទៅ​ទៀត!

១៣​. តើ​ហេណុក​មាន​ជំនឿ​បែប​ណា?

១៣ ប៉ុល​បាន​ពិពណ៌នា​អំពី​ជំនឿ​របស់​ហេណុក​និង​ស្មរបន្ទាល់​ឯ​ទៀត​ពេល​ដែល​គាត់​សរសេរ​ថា៖ «សេចក្ដី​ជំនឿ​នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:១) ពិត​មែន​ហើយ ជំនឿ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ដោយ​ផ្អែក​លើ​សេចក្ដី​សន្យា​ផ្សេងៗ ថា​អ្វី​ដែល​យើង​សង្ឃឹម​ទទួល​នោះ នឹង​សម្រេច​ជា​មិន​ខាន។ ជំនឿ​នោះ​ជា​ចិត្ត​ដែល​ដឹង​ច្បាស់​ដល់​ម្ល៉េះ​បាន​ជា​មាន​អានុភាព​លើ​ការ​សម្រេចចិត្ត​របស់​យើង​ស្តី​អំពី​អ្វី​ជា​រឿង​សំខាន់​ចំបង​ក្នុង​ជីវិត។ ជំនឿ​បែប​នេះ​បាន​ជួយ​ហេណុក​ដើរ​ជា​មួយ​នឹង​ព្រះ​ទោះ​ជា​លោកីយ៍​ជុំវិញ​គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ក៏​ដោយ។

១៤​. តើ​ជំនឿ​របស់​ហេណុក​ប្រហែល​ជា​មាន​មូលដ្ឋាន​លើ​ចំណេះ​ពិត​អ្វី​ខ្លះ?

១៤ ជំនឿ​ពិត​តែងតែ​មាន​មូលដ្ឋាន​លើ​ចំណេះ​ពិត។ តើ​ហេណុក​មាន​ចំណេះ​អំពី​អ្វីខ្លះ? (រ៉ូម ១០:១៤, ១៧; ធីម៉ូថេទី១ ២:៤) ហេណុក​ពិត​ជា​ដឹង​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​សួនច្បារ​អេដែន។ គាត់​ក៏​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ស្ថានភាព​នៅ​ក្នុង​សួនច្បារ​ដែល​នៅ​ស្រុក​អេដែន ដែល​ប្រហែល​ជា​នៅ​មាន​នៅ​ឡើយ​នា​សម័យ​ហេណុក ទោះ​ជា​គ្មាន​មនុស្ស​ណា​អាច​ចូល​ទី​នោះ​បាន​ទេ។ (លោកុប្បត្តិ ៣:២៣, ២៤) ហើយ​ហេណុក​ក៏​ដឹង​អំពី​បំណង​ព្រះ​ហឫទ័យ​របស់ព្រះ ថា​កូនចៅ​របស់​អ័ដាម​នឹង​រីក​ចំរើន​រហូត​ដល់​ពេញ​ផែនដី ហើយ​ត្រូវ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ក្លាយ​ទៅ​ជា​សួន​មនោរម្យ​ដូច​មាន​ពីដើម​នោះ។ (លោកុប្បត្តិ ១:២៨) បន្ថែម​ទៅ​ទៀត ហេណុក​ច្បាស់​ជា​ស្រឡាញ់​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា ទ្រង់​នឹង​បង្កើត​ពូជ​មួយ​ដែល​នឹង​កិន​ក្បាល​សាតាំង​និង​កែប្រែ​នូវ​លទ្ធផល​អាក្រក់​ដែល​កើត​មក​ពី​ការ​បោកបញ្ឆោត​របស់​វា។ (លោកុប្បត្តិ ៣:១៥) ប្រាកដ​ហើយ ទំនាយ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​ហេណុក​សរសេរ​នោះ ដែល​ត្រូវ​កត់ទុក​ក្នុង​សៀវភៅ​យូដាស ក៏​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​ពូជ​របស់​សាតាំង​ដែរ។ ដោយសារ​ហេណុក​មាន​ជំនឿ យើង​ដឹង​ថា​គាត់​បាន​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មួយ​អង្គ​ដែល​«ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់»។ (ហេព្រើរ ១១:៦) ដូច្នេះ ទោះ​ជា​ហេណុក​មិន​មាន​ចំណេះ​ច្រើន​ស្មើ​នឹង​ចំណេះ​ដែល​យើង​មាន​សព្វថ្ងៃ​នេះ​ក្ដី គាត់​ពិត​ជា​មាន​ចំណេះ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ល្អ​សំរាប់​ជំនឿ​ដ៏​រឹងមាំ។ ដោយ​មាន​ជំនឿ​រឹងមាំ​នោះ ហេណុក​អាច​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ក្នុង​កំឡុង​គ្រា​ច្របូកច្របល់​បាន។

ចូរ​ត្រាប់តាម​គំរូ​របស់​ហេណុក​ចុះ!

១៥, ១៦​. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ហេណុក​បាន​យ៉ាង​ណា?

១៥ ដោយសារ​យើង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ក្នុង​កំឡុង​គ្រា​ច្របូកច្របល់​នា​យុគសម័យ​នេះ​ដូច​ហេណុក​បាន​ធ្វើ​នោះ យក​ល្អ​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​គាត់។ យើង​ត្រូវ​ទទួល​និង​រក្សា​ឲ្យ​មាន​ជា​ដរាប​នូវ​ចំណេះ​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គោលបំណង​របស់​ទ្រង់។ ប៉ុន្តែ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ទៀត។ យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ចំណេះ​ពិត​នោះ​នាំ​ផ្លូវ​របស់​យើង។ (ទំនុកដំកើង ១១៩:១០១; ពេត្រុសទី២ ១:១៩) យើង​ត្រូវ​អនុញ្ញាត​ឲ្យ​គំនិត​របស់​ព្រះ​ដឹកនាំ​មាគ៌ា​ជីវិត​យើង ព្រម​ទាំង​ខិតខំ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​ទាំង​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង​កំពុង​តែ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។

១៦ គ្មាន​សេចក្ដី​រាយការណ៍​ណា​បង្ហាញ​ថា​មនុស្ស​ឯ​ទៀត​បាន​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​លោក​ហេណុក​ទេ ដូច្នេះ​យើង​ដឹង​ថា​គាត់​បាន​បំរើ​ព្រះ​ម្នាក់​ឯង​ឬ​ក្នុង​ចំណោម​មនុស្ស​តិច​ណាស់។ យើង​ក៏​មាន​គ្នា​តិច​ដែរ​ក្នុង​លោកីយ៍​នេះ តែ​នេះ​មិន​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹកចិត្ត​ទេ។ ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​យើង ថ្វី​បើ​មនុស្ស​ណា​ប្រឆាំង​យើង​ក៏​ដោយ។ (រ៉ូម ៨:៣១) ហេណុក​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ព្រមាន​អំពី​សេចក្ដី​ហិនវិនាស​នៃ​មនុស្ស​ទមិលល្មើស។ យើង​ក៏​មាន​ចិត្ត​ក្លាហាន​ដែរ​ពេល​ផ្សព្វផ្សាយ«ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ»ព្រះ មិន​ថា​យើង​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង ការ​ចំអក​មើលងាយ​ឬ​ការ​បៀតបៀន​ក៏​ដោយ។ (ម៉ាថាយ ២៤:១៤) ហេណុក​មិន​បាន​រស់​នៅ​យូរ​អង្វែង​ដូច​មនុស្ស​ជា​ច្រើន​នៅ​សម័យ​គាត់​ទេ។ យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​សង្ឃឹម​លើ​លោកីយ៍​នា​សម័យ​នោះ​ឡើយ តែ​បាន​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត។ (ហេព្រើរ ១១:១០, ៣៥) យើង​ក៏​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សម្រេច​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដែរ។ ដូច្នេះ យើង​មិន​ប្រើប្រាស់​លោកីយ៍​នេះ​ឲ្យ​ហួស​ប្រមាណ​ទេ។ (កូរិនថូសទី១ ៧:៣១) ផ្ទុយ​ទៅ​វិញ យើង​ប្រើ​កម្លាំង​និង​ធនធាន​របស់​យើង​ជា​ចំបង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។

១៧​. តើ​យើង​មាន​ចំណេះ​អ្វី​ខ្លះ​ដែល​ហេណុក​មិន​មាន​នោះ? ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វី?

១៧ ហេណុក​មាន​ជំនឿ​ថា​ពូជ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ប្រទាន​មក​នោះ នឹង​យាង​មក​តាម​កំណត់​ពេល​របស់​ទ្រង់។ ឥឡូវ ជិត​២.០០០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់​តាំង​ពី​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ពូជ​នោះ​បាន​លេច​មក ទាំង​ផ្ដល់​នូវ​តម្លៃ​លោះ​និង​បើក​ផ្លូវ​ឲ្យ​យើង​និង​ស្មរបន្ទាល់​ស្មោះភក្ដី​ទាំង​ឡាយ​ពី​បុរាណ​ដូច​ហេណុក​នោះ អាច​ទទួល​បាន​នូវ​ជីវិត​ជា​រៀង​រហូត។ ពូជ​នោះ​កំពុង​តែ​គ្រប់គ្រង​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​បាន​ទំលាក់​សាតាំង​ចេញ​ពី​ស្ថានសួគ៌​មក​ឯ​ផែនដី​នេះ ហើយ​យើង​កំពុង​តែ​ឃើញ​នូវ​ទុក្ខ​វេទនា​នៅ​ជុំវិញ​យើង​ជា​លទ្ធផល​នោះ។ (វិវរណៈ ១២:១២) ពិត​មែន​ហើយ យើង​មាន​ចំណេះ​ច្រើន​ជាង​ហេណុក​ពី​បុរាណ​នោះ​ឆ្ងាយ​ណាស់! ដូច្នេះ ចូរ​ឲ្យ​យើង​មាន​ជំនឿ​រឹងមាំ​ដូច​ហេណុក។ ចូរ​ឲ្យ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ។ ចូរ​ឲ្យ​យើង​ដើរ​ដូច​ហេណុក​ដែរ គឺ​ដើរ​ជា​មួយ​នឹង​ព្រះ​ទោះ​ជា​កំពុង​តែ​រស់​នៅ​គ្រា​ច្របូកច្របល់​ក៏​ដោយ។

[កំណត់​សម្គាល់]

a សូម​មើល​វគ្គ​៦ នៅ​ទំព័រ​ទី​២២០ ក្នុង​ក្បាល​ទី១​នៃ​សៀវភៅ​ការ​យល់ធ្លុះជ្រៅ​នឹង​បទគម្ពីរ (ជា​ភាសា​អង់គ្លេស) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

b មុន​សម័យ​លោក​អេណុស ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​អ័ដាម។ អេបិល​បាន​ថ្វាយដង្វាយ​មួយ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ ព្រះ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​កាអ៊ីន​ដែរ មុន​ដែល​ចិត្ត​ច្រណែន​បាន​បណ្ដាល​ឲ្យ​គាត់​មាន​កំហឹង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​ឃាតកម្ម។ អាស្រ័យ​ហេតុ​នេះ ការ​ចាប់​ផ្ដើម«អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា»នោះ ជា​ការ​អំពាវនាវ​បែប​ផ្សេង​ពី​មុន​ដែល​មិន​មែន​ជា​ការ​ថ្វាយបង្គំ​បរិសុទ្ធ​ទេ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​មាន​ន័យ​អ្វី?

• ហេតុ​អ្វី​ក៏​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ជា​មាគ៌ា​ដ៏​ប្រសើរ​បំផុត?

• ទោះ​ជា​ហេណុក​បាន​រស់នៅ​គ្រា​ច្របូកច្របល់​ក៏​ដោយ តើ​អ្វី​បាន​ជួយ​ឲ្យ​គាត់​ដើរ​ជា​មួយ​នឹង​ព្រះ​បាន?

• តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ហេណុក​បាន​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​១០]

‹ហេណុក​បាន​ដើរ​ជា​មួយ​នឹង​ព្រះ›ដោយ​ជំនឿ​រឹងមាំ

[រូបភាព​នៅ​ទំព័រ​១២]

យើង​ជឿជាក់​ថា សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ជាក់​ជា​មិន​ខាន

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៨]

Woman, far right: FAO photo/B. Imevbore; collapsing building: San Hong R-C Picture Company

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក