៧
បុរសដ៏ក្លាហានម្នាក់
នៅពេលដែលមនុស្សបានចាប់ផ្ដើមកើនចំនួនកាន់តែច្រើនឡើងនៅលើផែនដី ពួកគេភាគច្រើនបានប្រព្រឹត្តអំពើដ៏អាក្រក់ដូចកាអ៊ីនដែរ។ ប៉ុន្តែ មានបុរសម្នាក់ដែលខុសប្លែកពីពួកគេ។ បុរសម្នាក់នេះឈ្មោះ ហេណុក។ លោកហេណុកជាបុរសដ៏ក្លាហានម្នាក់។ មនុស្សនៅជុំវិញគាត់ទាំងអស់បានប្រព្រឹត្តអំពើដ៏អាក្រក់ណាស់ ប៉ុន្តែលោកហេណុកនៅតែខំបំរើព្រះជានិច្ច។
តើអ្នកដឹងហេតុអ្វីបានជាមនុស្សនៅជំនាន់នោះ បានប្រព្រឹត្តអំពើដ៏អាក្រក់ច្រើនម្ល៉េះទេ? សូមគិតមើល តើអ្នកណាដែលបានបណ្ដាលឲ្យអ័ដាមនិងនាងអេវ៉ាមិនគោរពតាមព្រះ ហើយឲ្យបរិភោគផ្លែឈើដែលព្រះបានហាមមិនឲ្យបរិភោគនោះ? ត្រូវហើយ គឺជាទេវតាដ៏អាក្រក់មួយ។ ព្រះគម្ពីរហៅវាថា សាតាំង។ ហើយវាចង់ឲ្យមនុស្សគ្រប់គ្នាប្រព្រឹត្តអាក្រក់ដែរ។
នៅថ្ងៃមួយ ព្រះយេហូវ៉ាឲ្យលោកហេណុកប្រាប់ប្រជាជននូវអ្វីមួយដែលគេមិនចង់ឮ។ ពាក្យនោះគឺដូចនេះ៖ ‹នៅថ្ងៃណាមួយ ព្រះនឹងកំទេចមនុស្សអាក្រក់ទាំងអស់ចោលហើយ›។ ប្រជាជនប្រហែលជាមានចិត្តខឹងណាស់ដោយឮពាក្យនេះ។
ពួកគេថែមទាំងរកវិធីសម្លាប់លោកហេណុកផង។ ដូច្នេះ លោកហេណុកត្រូវតែមានសេចក្ដីក្លាហាន ដើម្បីប្រាប់ប្រជាជនអំពីអ្វីដែលព្រះនឹងធ្វើ។
ព្រះទ្រង់មិនបានបណ្ដោយឲ្យលោកហេណុករស់នៅក្នុងចំណោមពួកមនុស្សអាក្រក់នោះជាយូរទេ។ លោកហេណុកបានរស់នៅបានអាយុតែ៣៦៥ឆ្នាំប៉ុណ្ណោះ។ ហេតុអ្វីបានជាយើងនិយាយថា«តែ៣៦៥ឆ្នាំប៉ុណ្ណោះ»? ពីព្រោះមនុស្សនៅជំនាន់នោះ ខ្លាំងជាងមនុស្សនៅជំនាន់នេះ ហើយអាចរស់នៅបានយូរជាង។ ហើយកូនប្រុសរបស់លោកហេណុកឈ្មោះមធូសាឡា បានរស់រហូតដល់អាយុ៩៦៩ឆ្នាំ!
ក្រោយពីលោកហេណុកបានស្លាប់ទៅ ពួកមនុស្សកាន់តែអាក្រក់ឡើងៗ។ ព្រះគម្ពីរបានចែងថា ‹អស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ច› ហើយថា‹ផែនដីបានពោរពេញទៅដោយសេចក្ដីឃោរឃៅ›។
តើអ្នកដឹងនូវមូលហេតុមួយដែលធ្វើឲ្យមានបញ្ហាជាច្រើន នៅលើផែនដីនៅជំនាន់នោះទេ? នេះគឺពីព្រោះសាតាំងមានកលល្បិចថ្មីក្នុងការនាំឲ្យប្រជាជនប្រព្រឹត្តអំពើដ៏អាក្រក់។ យើងនឹងរៀនអំពីរឿងនេះជាបន្ទាប់។
លោកុប្បត្តិ ៥:២១-២៤, ២៧; ៦:៥; ហេព្រើរ ១១:៥; យូដាស ១៤, ១៥